ស្វែងរកអ្នក"ចេះ" និង អ្នក"ដឹង"ក្នុងស្រុកខ្មែរ
តោះស្វែងរកអ្នក"ចេះ" និង អ្នក"ដឹង"ក្នុងស្រុកខ្មែរ
------------------
សំនួរសួរថាតើពលរដ្ឋយើងចេះដឹងហើយឬនៅ?
ពាក្យថា៖ "ចេះដឹង"គឺមកពីពាក្យថា= «ចេះ» បូកនិងពាក្យថា «ដឹង»
✓"ចេះ" មានន័យថាចំណេះដែលរៀនពីសាលា ឬ ពីគ្រូបាធ្យាយណាមួយ។ ចំណែកពាក្យថា"ដឹង"មានន័យថា ការទទួលព័ត៌មាន ឬដំណឹងណាមួុយ។
ជាដំបូងយើងសាកល្បងគណនារកចំនួន"អ្នកចេះ"សិន ថាតើមានប៉ុន្មានភាគរយ ឬប៉ុន្មាននាក់នៅស្រុកខ្មែរ?
ចាត់ទុកថាឆ្នាំ១៩៨០ជាឆ្នាំចាប់ផ្តើមនៃចំណេះពីសូន្យទៅចុះ ព្រោះបក្សកាន់អំណាចថា "យើងទើបងើបពីសង្គ្រាម"។
--------
បើតាមតួរលេខនៅក្រសួងអប់រំ ក្នុងសម័យនោះ អ្នករៀនចប់បាក់ឌុបមិនដល់១លាននាក់ទេ ហើយអ្នកចប់បរិញ្ញាប័ត្រក៏មិនដល់២០ម៉ឺននាក់ដែរ ចំណែកឯអ្នករៀនចប់បណ្ឌិតក៏មិនដល់៥ម៉ឺននាក់ដូចគ្នា។
បើដូចនេះ តើមានអ្នកចេះដឹងប៉ុន្មាននាក់មាននៅស្រុកខ្មែរ? គឺតិចណាស់មិនដល់ ១លាននាក់ផង #ដោយស្មើនឹង១០% នៃប្រជាជនសរុបប៉ុណ្ណោះ។
រីឯសម័យនេះវិញ គិតតាំងពីឆ្នាំ ២០១០មក យុវជនចប់បាក់ឌុបមានប្រមាណតែ ៨ម៉ឺននាក់ទេ ក្នុង១ឆ្នាំ។ ដូច្នេះ"អ្នកចេះ"គឺពិតជាមានតិចមែន បើយើងប្រៀបនឹងសមាមាត្រប្រជាជន ១៥លានក្នុងពេលបច្ចុប្បន្ន។
-------------
ឥឡូវយើងងាកមកនិយាយពីអ្នក"ដឹង" វិញ។ យើងគិតតែអ្នក"ដឹង" តាមប្រព័ន្ធផ្សព្វផ្សាយមួយបានហើយ កុំអោយពិបាក។
រហូតមកដល់ថ្ងៃនេះហ្វេសប៊ុកមានអ្នកប្រើប្រាស់ប្រហែល៦លាននាក់ (គិតតែស្រុកខ្មែរទេ) ហើយអ្នកប្រើហ្វេសប៊ុកទាំងនេះឯង គឺជាអ្នកដឹង។ ដូចបានបញ្ជាក់ខាងលើអ៊ីចឹងអ្នក"ចេះ"មានតែ១០% ប៉ុណ្ណោះ ក្នុងពេលដែលអ្នក"ដឹង" មានប្រមាណជិត៥០% នៃប្រជាជនសរុប ។
ដូច្នេះ"អ្នកដឹង" គឺផ្សេងគ្នាពី"អ្នកចេះ" ដោយ អ្នកដឹងគ្រាន់តែលឺគេនិយាយក៏អាចចាត់ទុកជាដំណឹងផ្សព្វផ្សាយតគ្នាបានដែរ ឬរហូតបង្ករជាចលាចលក្នុងនគរក៏មាន,ព្រោះតែអ្នកដឹងនេះឯង។ រីឯ"អ្នកចេះ" ហាក់មានភាពប្រាកដប្រជាជាង ព្រោះឆ្លងកាត់ការពិចារណាច្រើន។
គ្រូរបស់ខ្ញុំមានប្រសាសន៍ថា: ពេលដែលមនុស្សទទួលបាន"ចំណេះ" ច្រើនជាង"ដំណឹង" នោះពួកគេនឹងក្លាយទៅជាមនុស្សអភិរក្សនិយម (ដូចប៉ុលពតជាដើម ដែលរៀនទ្រឹស្តីកុម្មុយនីស្តហើយ បែរជាយកមកអនុវត្តក្នុងសង្គមខ្មែរទៅវិញ)ចុងក្រោយគឺរលាយខ្លួន។
ជាមួយគ្នានេះដែរ ពេលដែលមនុស្សទទួលបាន"ដំណឹង" ច្រើនជាង "ចំណេះ" នោះពួកគេនឹងក្លាយទៅជាជនជ្រុលនិយម។
ដូច្នេះហើយបានជាពលរដ្ឋយើងប្រមាណជា ៤០% ក្លាយទៅជាជនជ្រុលនិយម ព្រោះបើសិនជាគាំទ្រ បក្សនយោបាយណាហើយ គឺផ្គាប់មុខតែម្ដង (ព្រោះទទួល ចំណេះពីបក្សនយោបាយតែម្ខាង) ក៏ក្លាយទៅជាជនជ្រុលនិយម។
តែយ៉ាងណាចំនួនអ្នកជ្រុលនិយមនេះនឹងកាត់បន្ថយបន្តិចម្តងៗ ទៅវិញ នៅពេលដែលពួកគេ បានទទួលចំណេះ ឬដំណឹងពីច្រើនប្រភព៕
_______
ខ្ទមអុក©
សាលក្រមទឹកភ្នែក÷ ក្មេងប្រុសម្នាក់នៅអាមេរិក
រឿងនេះកើតឡើងនៅសហរដ្ឋអាមេរិក។
មានសាលក្រមចំឡែកមួយ ដែលចៅក្រមម្នាក់ផ្តល់ដល់ចោរក្មេងម្នាក់។
មានក្មេងប្រុសម្នាក់អាយុ ១៥ ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយចោទពីបទលួចក្នុងហាងមួយនៅសហរដ្ឋអាមេរិក។
ដើម្បីគេចខ្លួន ក្មេងប្រុសនោះបានទាញទូរដាក់ឥវ៉ាន់ឲ្យដូល ហើយខូចខ្ទេចខ្ទីរ។
បន្ទាប់ពីចៅក្រមស្តាប់ការចោទប្រកាន់ហើយ គាត់ក៏សួរទៅក្មេងប្រុសនោះថា៖
“តើឯងពិតជាបានលួចរបស់គេមែន? គឺឯងបានលួចនំប៉័ង និង ឈីស ហើយបានផ្តួលទូរដាក់ឥវ៉ាន់មួយខូចខ្ទេចខ្ទីរ?”
កេ្មងប្រុសរាងអៀនបន្តិច ឈ្ងោកមុខចុះក្រោម ហើយឆ្លើយថា “បាទ”។
ចៅក្រមក៏សួរតទៅទៀតថា៖ “ហេតុអីបានឯងលួចគេ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “មកពីចាំបាច់”
ចៅក្រមសួរថា៖ “ម៉េចក៏ឯងមិនទិញគេ បែរជាលួចគេទៅវិញ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំអត់មានលុយ!”
ចៅក្រមសួរថា៖ “ម៉េចក៏មិនសុំលុយប៉ាម៉ាក់?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំមានតែម្តាយ គាត់តស៊ូណាស់ តែកំពុងតែឈឺ ហើយក៏អត់ការងារទៀត ខ្ញុំលួយនំប៉័ង និង ឈីសនេះ គឺដើម្បីយកទៅឲ្យគាត់!”
ចៅក្រមក៏សួរថា៖ “ឯងអត់ធ្វើការអីទេ អត់មានការងារធ្វើទេ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំធ្វើការនៅកន្លែងលាងឡាន តែពេលខ្ញុំឈប់មួយថ្ងៃដើម្បីមើលម្តាយខ្ញុំ ថៅកែក៏បញ្ឈប់ ការងាររបស់ខ្ញុំ”
ចៅក្រមក៏សួរថា៖”ចឹង ឯងមិនរកការងារអ្វីផ្សេងធ្វើទេ?”
បន្ទាប់ពីសាកសួរក្មេងប្រុសនោះចប់ ចៅក្រមនៅក៏ប្រកាសសាលក្រម។
“ការលួច ជាពិសេស ការលួចនំប៉័ង គឺជាបទល្មើសមួយគួរឲ្យអៀនខ្មាស់ណាស់ ហើយយើងទាំងអស់គ្នាននៅទីនេះគឺត្រូវតែទទួលខុសត្រូវលើបទល្មើសនេះ។ គ្រប់គ្នា ដែលនៅក្នុងបន្ទប់សវនាការថ្ងៃនេះ រួមទាំងខ្ញុំផងដែរ ត្រូវតែទទួលខុសត្រូវលើបទល្មើសមួយនេះ។ ដូច្នេះ គ្រប់គ្នាដែលមានវត្តមាននៅទីនេះ ត្រូវពិន័យម្នាក់ ១០ ដុល្លា ដោយមិនអាចចាកចេញពីទីនេះដោយមិនបានបង់ ១០ ដុល្លាម្នាក់នោះទេ។
ហើយចៅក្រម ក៏ដកលុយពីកាបូបរបស់គាត់ ១០ ដុល្លា ហើយចាប់ប៊ិច សសេរថា ខ្ញុំសូមពិន័យម្ចាស់ហាង ដែលបានចាប់ក្មេងលួចនំប៉័ងដោយការស្រេកឃ្លានប្រគល់ទៅឲ្យប៉ូលីស ហើយបើហាងនៅមិនព្រមបង់ការផាក ពិន័យនេះទេ ក្នុងរយៈពេល ១ ម៉ោង ហាងនោះត្រូវបិទ។
គ្រប់គ្នាក៏សំដែងការសូមទោសដល់ក្មេងប្រុសនោះ ហើយឲ្យលុយទៅក្មេងនោះម្នាក់ ១០ ដុល្លា។ ចៅក្រម ក៏ចាកចេញពីបន្ទប់សវនការដោយលាក់ទឹកភ្នែករបស់គាត់ដែលហូរចេញមក។
ក្រោយពីការប្រកាសសាលក្រមមួយនេះ មនុស្សក្នុងសវនការ សុទ្ធតែស្រក់ទឹកភ្នែក។
ចៅក្រមបានពោលថា “តើសង្គមយើង ប្រព័ន្ធគ្រប់គ្រងរដ្ឋយើង តុលាការយើង មើលរំលងលើរឿងបែបនេះ?
ចៅក្រមបានបន្ថែមថា៖ “ប្រសិនបើមនុស្សម្នាក់ត្រូវចាប់ដោយលួចនំប៉័ងដើម្បីបំពេញក្រពះ សមាជិកនៃសហគមន៍ សង្គម និង ប្រទេសយើង ត្រូវតែមានការខ្មាស់អៀន!”
មនុស្សគ្រប់រូបមានសិទ្ធិរស់រាន។ ពាក្យ “សិទ្ធិរស់រាន” គឺមានន័យថា បើនរណាម្នាក់ទីទាល់ក្រ គ្មានអ្វីហូប គឺរដ្ឋត្រូវមានកាតព្វកិច្ចជួយដល់ជននោះឲ្យមានអ្វីជ្រក ស្លៀកពាក់ និង ហូបចុក។ មនុស្សដែលទាល់ក្រ ហើយជំពាក់គេ តុលាការអាចប្រកាសថាជននោះក្ស័យធន ហើយមិនបាច់សងម្ចាស់បំណុលនោះទេ លុះត្រាតែជននោះ អាចរកស៊ីមានបានឡើងវិញ។ គេបន្ទោសទៅម្ចាស់បំណុលវិញ ថាមុននឹងឲ្យគេខ្ចី ម៉េចមិនមើលលទ្ធភាពរបស់ជននោះជាមុនសិន។
ស្រុកយើង អ្នកជំពាក់លុយគេ ហើយគ្មានលុយសង ត្រូវតុលាការចោទថា ឆបោក ឬ រំលោភសេចក្តីទុកចិត្ត ហើយយកទៅដាក់គុក។
នៅស្រុកគេ បទលួច មិនមានទោសអប្បបរមានោះទេ ដោយហេតុនេះហើយបានជាចៅក្រមខាងលើអាចកាត់ក្តីបែបខាងលើបាន។ ខុសពីយើង បទលួច មានទោសអប្បរមា ៦ ខែ ដូចនេះ បើរឿងខាងលើកើតឡើងនៅកម្ពុជា យ៉ាងហោចក៏ត្រូវជាប់គុក ៦ខែ ដែរ។
គួរតែមានការទម្រង់ហើយទេដឹង?
----
សុក សំអឿន
បទវិភាគ៖ សុបិនប្រែធាតុរបស់និស្សិតច្បាប់មានឥទ្ធិពលដល់សង្គម

“និតីសាស្ត្រ” ដែលជាមុខវិជ្ជាសិក្សាអំពីក្បួនច្បាប់តម្រាផ្សេងៗ ហាក់កំពុងមានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ នៅក្នុងសង្គមសម័យនេះ ។
យុវជនខ្លះរៀន “នីតិសាស្ត្រ” ព្រោះចង់ក្លាយជាមេធាវី ក្រឡាបញ្ជី ចៅក្រម ហើយយុវជនខ្លះទៀតរៀននីតិសាស្ត្រដើម្បីក្លាយខ្លួនជាមន្ត្រីរាជការជាដើម.... ។
ទោះបីយ៉ាងនេះក្ដីយុវជនកាន់តែច្រើនឡើងៗ ហាក់កំពុងចាត់ទុក “វិជ្ជាជីវៈ ច្បាប់” គឺជាការឈោងចាប់នូវឋានានុក្រមមួយហៅថា “ភាពស៊ីវិល័យនៃជីវិតិ” ការណ៍នេះធ្វើឱ្យវិស័យច្បាប់ក្នុងសង្គមបាត់បង់សារធាតុដើម ព្រោះថាអ្នករៀនច្បាប់សព្វថ្ងៃនេះលែងគិតអ្វីដែលជាភាពត្រឹមត្រូវនៃច្បាប់កាលពីមុន ដោយពួកគេទាំងនោះធ្វើយ៉ាងណាការពារតែផលប្រយោជន៍ខ្លួនឯង និងបង្កើនបក្សពួកដើម្បីបានឋានៈបុណ្យសក្កិប៉ុណ្ណោះ ។
ជាការសង្កេតក្នុងពេលបច្ចុប្បន្នក្រុមមនុស្សដែលបានរៀនចេះច្បាប់ទាំងនោះ នាំគ្នាបិទភ្នែក បិទត្រចៀក បិទមាត់ ធ្វើមិនដឹងមិនឮ មិននិយាយ ពីរឿងរ៉ាវកើតឡើងក្នុងសង្គមដែលកើតចេញពីការអនុវត្តច្បាប់របស់អ្នកមានអំណាចនោះទេ។ ដោយពួកគេបានយក “ទ្រឹស្ដីភាពស៊ីវិល័យនៃជីវិត” មកដាក់នៅក្នុងចក្ខុជាគោល នៃការកំណត់អនាគតរបស់ពួកគេ ។ ទិដ្ឋភាពនេះត្រូវបានគេសន្មតថា “ជាសុបិនប្រែធាតុរបស់និស្សិតច្បាប់” ។
តើហេតុអ្វីបានជាសុបិនរបស់អ្នកច្បាប់ប្រែធាតុដូច្នេះ ?
កាលដើមឡើយក្ដីសុបិនពិតប្រាកដរបស់អ្នកសិក្សាច្បាប់ គឺរៀនច្បាប់“ដើម្បីស្វែងរកយុត្តិធម៌សង្គម កែប្រែច្បាប់អាក្រក់មកជាច្បាប់ល្អ ធ្វើជាសរសេរគ្រឹះក្នុងការធានានូវសណ្ដាប់ធ្នាប់សាធារណ ការពារជនពលរដ្ឋអ្នកស្លូតត្រង់” ។
ប៉ុន្តែមកដល់បច្ចុប្បន្ន សុបិនរបស់និស្សិតច្បាប់បានប្រែធាតុ ។ ប្រែធាតុក៏ព្រោះតែអ្នកសិក្សាច្បាប់បច្ចុប្បន្ន គឺពុំមានសុបិនចង់ក្លាយជាអ្នកច្បាប់ដើម្បីការពារសង្គមនោះទេ គឺរៀនច្បាប់ដើម្បីការពារអ្នកមានអំណាច ឬការពារក្ដីឱ្យមនុស្សដែលផ្ដល់លាភសក្ការៈដល់ខ្លួន ហើយពេលខ្លះពួកគេថែមទាំងបំពានច្បាប់ទៀតផង ទោះបីពួកគេទាំងនោះជាអ្នកសិក្សាច្បាប់បានជ្រៅជ្រះជាងជនធម្មតាក៏ដោយ ។
ពីមួយជំនាន់ទៅមួយជំនាន់ភាពមានបានតាមរយៈការប្រកបវិជ្ជាវច្បាប់បានផ្ដល់ជាមេរៀនមិនល្អដល់យុវជនជំនាន់ក្រោយឱ្យយកគំរូតាមមនុស្សជំនាន់មុន ។ យុវជនទាំងនោះយល់ថា “ដើម្បីឱ្យមានជីវភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវតែរៀនច្បាប់ និងដើរតាមគន្លងអ្នកដែលមានទ្រព្យស្ដុកស្ដម្ភ តាមរយៈការប្រកបវិជ្ជាវច្បាប់ ” ។
ជាបឋមគេវិភាគឃើញថា “សុបិនប្រែធាតុ” នេះហាក់ពុំអ្វីមានចម្លែកឡើយ ត្បិតថាក្នុងប្រព័ន្ធអប់រំសព្វថ្ងៃ តាំងពីកម្រិតបឋម រហូតដល់មធ្យមសិក្សា គ្រូបង្រៀននៅតាមសាលារដ្ឋ ដែលសាធារណៈជនចាត់ទុកថាជាឳពុកម្ដាយទី២ របស់សិស្សហាក់ពុំបានតម្រង់ទិសផ្នែកផ្នត់គំនិតដល់សិស្សនោះទេ ។ ផ្ទុយទៅវិញគ្រូបង្រៀនខ្លះបានបង្រៀនឱ្យឃើញថា “លុយ និងអំណាចបុណ្យសក្កិ” បានដើរតួនាទីសំខាន់ជាងយុត្តិធម៌សង្គមទៅវិញ ។ ការនេះបានជះឥទ្ធិពលមកលើការគិតរបស់យុវជនដែលបានមកបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ។
បន្ថែមពីលើនេះទៅទៀតនៅមហាវិទ្យាល័យខ្លះ សាស្ត្រាចារ្យបង្ហាត់បង្រៀនច្បាប់មួយចំនួន ហាក់ពុំមានឆន្ទៈបណ្ដុះ “មនសិកាជាតិ” ឱ្យបានទូលំទូលាយដល់និស្សិតនោះទេ តែសាស្ត្រចារ្យទាំងនោះបានបង្រៀននិស្សិតរបស់ខ្លួនឱ្យចេះរបៀបក្នុងការយកចិត្តយកថ្លើម អ្នកមានអំណាច ឬការចេះប្រើប្រាស់លុយកាក់ដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋជាដើម ការណ៍នេះជាដើមហេតុធ្វើឱ្យយុវជនខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងប្រយោជន៍ជាតិ និងយុត្តិធម៌សង្គម។
មានអ្នកច្បាប់ខ្លះបានមើលឃើញពីភាពមិនប្រក្រតីដែលកើតចេញពីសកម្មភាពរបស់អ្នកនយោបាយ ឬក៏កើតឡើងក្នុងប្រព័ន្ធតុលាការ និងក្នុងបណ្ដាស្ថាប័នក្រសួងរបស់រដ្ឋដែរ តែពួកគេទាំងនោះមិនហ៊ានបញ្ជេញទស្សនសម្ដីនិយាយអ្វីដែលបានឃើញនោះទេ ព្រោះតែមិនទុកចិត្តទៅលើប្រព័ន្ធយុត្តិមធ៌របស់ខ្លួន បើហ៊ានតែធ្លោយមាត់អាចនឹងត្រូវប្ដូរពីបន្ទប់ទៅជាគុកផងក៏មិនដឹង ។
ទោះបីជាដីសុបិនរបស់និស្សិតច្បាប់នៅកម្ពុជាមួយចំនួនបានប្រែធាតុក្ដី តែសុបិនរបស់និស្សិតច្បាប់នៅឯបរទេសឯណោះវិញពុំបានទោទន់ប្រែធាតុនោះទេ ។ គេមានព្រឹត្តិការណ៍ជាក់ស្ដែងជាឧទ្ធហរណ៍ កាលពីខែ មិថុនា ឆ្នាំ២០១៩ ក្រោយរដ្ឋាភិបាលនៃកោះហុងកុងបានធ្វើសេចក្ដីព្រាងច្បាប់បត្យាប័នជនសង្ស័យទៅចិនដីគោក ក្រុមមេធាវី និងអ្នកច្បាប់ជាច្រើនបានចាប់ផ្ដើមចុះថ្នល់ធ្វើកូដកម្មមុនគេ ដើម្បីប្រឆាំងនឹងច្បាប់នេះ។
នៅទីបំផុតទៅរដ្ឋាភិបាលហុងកុងក៏ព្រមតាមការទាមទាររបស់ក្រុមបាតុករដោយយល់ព្រមលុបចោលគម្រោងធ្វើច្បាប់បត្យាប័នចេញពីរដ្ឋសភា ។ រដ្ឋាភិបាលហុងកុងបានចុះចាញ់ក្រុមបាតុករដែលភាគច្រើនជាយុវជន ដោយដំបូងឡើយកើតចេញពីក្រុមអ្នកច្បាប់មួយក្រុមតូចសោះ ។
គេមើលឃើញថាសុបិនពិតប្រាកដរបស់និស្សិតច្បាប់ហុងកុង គឺចង់ឃើញសង្គមមានការរីកចម្រើន តាមរយៈការធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងចង់ឃើញសង្គមមានយុត្តិធម៌ពិតប្រាកដប្រកបដោយនីតិរដ្ឋ ។
ជារួមគេអាចឆ្លុះបញ្ចាំងបានថា និស្សិតច្បាប់ក៏ដូច អ្នកប្រកបវិជ្ជាវច្បាប់ គឺពិតជាមានឥទ្ធិពលខ្លាំងទៅលើសង្គម ព្រោះសង្គមពុំអាចខ្វះបាននូវអ្នកច្បាប់នោះទេ បើកាលណាអ្នកច្បាប់មានក្ដីសុបិនខុស ពុំស្របនឹង “មនសិការ” នោះសង្គមនឹងរងគ្រោះតជំនាន់មិនខាន ៕
មេដឹកនាំផ្តាច់ការ តែងតែត្រូវបានថ្កោលទោសដោយកំហឹងពលរដ្ឋ
ស្វែងយល់ពីដំណើរដើមទងនៃចលនាបដិវត្តពណ៌
បដិវត្តពណ៌ គឺជាចលនាមហាជនមួយ ហើយជាទូទៅតែងតែដឹកនាំដោយក្រុមយុវជន ដែលមាននិន្នាការថ្មី និងចង់ផ្លាស់ប្តូររបបដឹកនាំ ដោយសារពួកគេយល់ថារដ្ឋាភិបាលបច្ចុប្បន្នមានការកៀបសង្កត់ និងមានរបៀបដឹកនាំផ្តាច់ការ ឬអំពើពុករលួយ បង្ករឱ្យមានអយុត្តិធម៌សង្គម ជាដើម...។
នៅទីបំផុតទៅដោយអស់សង្ឃឹមក្នុងជីវិត ម្យ៉ាងព្រោះរៀនចប់ហើយ តែបែជាគ្មានការងារធ្វើ ឯជីវភាពក៏លំបាក សូម្បីតែការប្រកបរបររកស៊ីតាមចញ្ចើមក៏ជួបឧបសក្គទៀត ទើបចុងក្រោយយុវជនរូបនេះបានសម្រេចចិត្តដុតសម្លាប់ខ្លួនឯងនៅកណ្ដាលវ៉ូងមហាជនតែម្ដងទៅ។
ការសម្ដែងក្ដីអាណិតអាសូ និងក្ដីឈឺចាប់ព្រោះការស្លាប់មហាមេត បានដុតកំហឹងពលរដ្ឋទុយនេស៊ីជាបន្តបន្ទាប់ដែលភាគច្រើនជាយុវជន ។ មិនយូរប៉ុន្មានបាតុកម្មមួយបានកើតឡើងនៅទីកន្លែងដែលយុវជនរូបនេះបានស្លាប់ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនេះ ហៅចលនានេះថាជា “បដិវត្តន៍ផ្កាម្លិះ” (“Jasmine Revolution”) ។
ក្រោយបណ្ដេញមេដឹកនាំដែលក្រុមបាតុករយល់ថាជាជនផ្ដាច់ការរួចមក នៅខែតុលា ឆ្នាំ២០១១ ទុយនេស៊ី បានចូលរួមការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាថ្មីមួយ ដែលមានភារកិច្ចធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី ដោយសេរីនិងត្រឹមត្រូវជាងរបបដឹកនាំចាស់ ។
បន្ទាប់ពីបាតុកម្មជាច្រើនថ្ងៃការប៉ះទង្គិចទ្រង់ទ្រាយធំមួយរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ បានកើតឡើងនៅទូទាំងប្រទេស បណ្ដាលឱ្យមានស្លាប់ និងរបួសជាច្រើន។
របៀបនៃការធ្វើបដិវត្ត ក៏បានផ្ទុះឡើងក្នុងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសស៊ែប៊ី អ៊ុយក្រែន លីប៊ី និងស៊ីរី យ៉េមែន បារ៉ែនជាបន្តបន្ទាប់ទៀត។
ការទប់ស្កាត់លើព្រឹត្តិការណ៍ណាមួយក្នុងរូបភាពជាការសំដែងមតិ និងការសំដែងឆន្ទៈមិនមែនជាវិធីបង្ការ ដែលមានប្រសិទ្ធិភាពពិតប្រាកដ សម្រាប់ទប់ឥទ្ធិពលបដិវត្តពណ៌នោះទេ ។ បើរដ្ឋាភិបាលភ័យខ្លាច ព្រួយបារម្ភពីការផ្តួលរំលំការដឹកនាំដោយប្រើប្រាស់បដិវត្តពណ៌ រដ្ឋាភិបាលគួរតែស្វែងរកចម្លើយពិតប្រាកដ និងជាក់ច្បាស់ណាមួយ ថាហេតុអ្វីបានជាពួកគេចង់ប្រើបដិវត្តពណ៌ដើម្បីផ្លាស់ប្ដូរសង្គម? តើឬសគល់របស់ចលនានេះ ស៊ីសង្វាក់នឹងបរិបទក្នុងប្រទេសកម្ពុជាដែរ ឬទេ? រដ្ឋាភិបាលគួរតែព្យាបាលបញ្ហាស្នូលដែលអាចបង្ករជាហាន័យភ័យជាមុនសិន នោះភាពសះស្បើយនឹងមានលក្ខណៈប្រសើរឡើង ហើយមានស្ថិរភាព ។
«សង្គ្រាមវណ្ណៈ» ច្រើនកើតចេញពីស្នាដៃអក្សរសិល្ប៍
ការធ្លាក់ចុះនៃសីលធម៌សង្គមនាំឱ្យជាតិអន្តរាយ
ការជេប្រមាថ លាបពណ៌ , ការចោទប្រកាន់គ្នាដោយគ្មានបានពិចារពណា,ហិង្សាកាប់ចាក់ , ការរំលោភបំពាន...ព្រះសង្ឃធ្វើខុសធម្មវិន័យ, បានលេចឡើងលើទំព័រកាសែត និងលើបណ្ដាញទំនាក់ទំនងសង្គមជារឿយៗ និងកាន់តែច្រើនឡើងៗ។
មានមូលហេតុមួយចំនួន ដែលធ្វើឲ្យសីលធម៌របស់មនុស្សខ្មែរ ធ្លាក់ចុះដុនដាបគួរឲ្យបារម្ភយ៉ាងដូច្នេះ។
មូលហេតុទី១៖ គឺដោយសារតែពលរដ្ឋខ្មែរលែងយល់ពីតម្លៃរបស់សីលធម៌។ សីលធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីកសាងសង្គមមួយប្រកបដោយសុខមាលភាព និងសន្តិភាព។ ជាការពិត ដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា មនុស្សត្រូវតែមានសីលធម៌ ត្រូវចេះគោរពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងចាំបាច់ណាស់ គឺត្រូវតែពិភាក្សាដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។
មូលហេតុទី២៖ គឺការហូរចូលយ៉ាងគំហុកនៃវប្បធម៌បរទេស។ យុវជនខ្មែរ ជាពិសេសសិល្បៈករ និយមចូលចិត្តចម្លងវប្បធម៌បរទេសមកអនុវត្ត ទាំងការនិយាយស្ដី ការស្លៀកពាក់តុបតែងខ្លួន និងកាយវិការ ព្រមទាំងការប្រព្រឹត្តអបាយមុខផ្សេងៗ។ ការទទួលយកឥទ្ធិពលពីវប្បធម៌បរទេសជ្រុលហួសហេតុមកអនុវត្តដូច្នេះ គឺពិបាកនឹងទទួលយកខ្លាំងណាស់ នៅក្នុងសង្គមកម្ពុជា។ ពិបាកទទួលយកព្រោះវាបានធ្វើឲ្យសីលធម៌ដ៏ល្អផូរផង់របស់ខ្មែរ ធ្លាក់ចុះជាលំដាប់ គួរឲ្យព្រួយបារម្ភ។
មូលហេតុទី៣៖ គឺការយកចិត្តទុកដាក់របស់អ្នកដឹកនាំនៅមានកម្រិត។ អ្នកវិភាគសង្គមមួយចំនួនបន្ទោសថា ដោយសារតែការយកចិត្តទុកដាក់របស់អ្នកដឹកនាំ នៅមានចំណុចខ្វះខាត ទើបបណ្ដាលឲ្យសីលធម៌ខ្មែរ មានការធ្លាក់ចុះយ៉ាងដូច្នេះ។ នៅក្នុងសង្គមខ្មែរ ដែលអ្នកដឹកនាំមានឥទ្ធិពលយ៉ាងច្រើនទៅលើប្រជាពលរដ្ឋរបស់ខ្លួន គេអាចលើកកម្ពស់សីលធម៌ តាមរយៈឆន្ទៈរបស់អ្នកដឹកនាំ។ បើអ្នកដឹកនាំនៅកម្ពុជា បង្ហាញឆន្ទៈច្រើនជាងនេះទៅទៀត គេប្រាកដជាអាចធ្វើឲ្យសីលធម៌នៅក្នុងសង្គមកម្ពុជាប្រសើរឡើង ជាក់ជាពុំខាន។
ជាការពិត ការលើកកម្ពស់តម្លៃសីលធម៌សង្គម គឺជាការងារដ៏ចាំបាច់មួយ ដែលគេមិនអាចមើលរំលងបានទេ នៅក្នុងស្ថានភាពសង្គមកម្ពុជាសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ ការស្រោចស្រង់សីលធម៌សង្គមដែលកំពុងធ្លាក់ចុះ មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថា សង្គមដែលមានសីលធម៌ គឺត្រូវការពលរដ្ឋដែលមានសីលធម៌។ ដូច្នេះ បើចង់ឲ្យសីលធម៌នៅក្នុងសង្គមកម្ពុជាប្រសើរឡើង គេចាំបាច់ត្រូវការពេលវេលា និងការចូលរួមពីគ្រប់បុគ្គលទាំងអស់ ។
- ការប្រើប្រាស់សម្ភារៈទំនើបៗជ្រុល កាន់ទូរស័ព្ទច្រើនជាងកាន់សៀវភៅ
- បំភ្លេចជាតិសាសន៍វប្បធម៌ អរិយធម៌ខ្លូន ទទួលយកវប្បធម៌បរទេស
- មានចិត្តភ្លើតភ្លើន គ្មានការគោរពផ្ដល់តម្លៃ
- ឪពុកម្តាយ បងប្អូនខ្វះការអប់រំបន្ថែម
- ផ្តេកផ្តួលតាមសង្គម ចោទដាក់បន្ទុកលើអ្នកដទៃ
- កំរិតជីវភាពគ្រួសារ
- ជីវភាពខ្ពស់ហួសសីលធម៌៖ កូនមានលក្ខណៈអាង កាង ទំនើង..
- សំបូរកន្លែងអានាធិបតេយ្យ ការអនុវត្តច្បាប់ធូរលុង
- គ្មានការគ្រប់គ្រងត្រឹមត្រូវ ម៉ត់ចត់ ទៅលើទង្វើរបស់មនុស្ស
- សំបូរល្បែងស៊ីសង ស្រី ស្រា គ្រប់ប្រភេទ កាប់ ចាក់ បាញ់ ប្លន់...
- ប្រព័ន្ធផ្សព្វផ្សាយ បង្ហាញតែការកំសាន្ត ផ្សព្វផ្សាយតែស្រាពង្វង់ស្មារតី
- ការអប់រំមិនដិតដល់ គ្រូគ្មានឧត្តមគតិ និងមនសិកាជាតិ
- គ្រូគ្មានជំនាញឯកទេសត្រឹមត្រូវ គ្មានគរុកោសល្យ
- ក្រសួងខ្វះការយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំ
- មុខវិជ្ជាសីលធម៌ត្រូវបានគេផាត់ចេញ និងគិតថាមិនសំខាន់
- អ្នកដឹកនាំអសមត្ថភាព
- អំពើពុករលួយ
- អ្នកដឹកនាំសាបព្រោះពាក្យអសីលធម៌ចំពោះមុខបញ្ញាវន្តពេលថ្លែងសន្ទរកថា
- គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ
- គ្មានគុណធម៌ ប្រើអំណាចជ្រុល
- ការផ្សព្វផ្សាយ ចាក់ផ្សាយគ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការ អនុញ្ញាតិឱ្យនាំចូលរូបភាពអាសអាភាស ការសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីធ័រណែត...៕
គតិអប់រំអំពីជីវិត
៧មករា ជាការរំដោះ ឬជាការឈ្លានពាន ?
និក្ខេបបទអនុបណ្ឌិត លោក ហ៊ុន ម៉ាណែត ៖ ASSISTED LAND REFORM AN APPROPRIATE CHOICE FOR CAMBODIA AT THE PRESENT TIME?
នេះគឺជានិក្ខេបបទថ្នាក់អនុបណ្ឌិតដំបូងរបស់លោក ហ៊ុន ម៉ាណែត ដែលចេញផ្សាយដោយសាកលវិទ្យាល័យញ៉ូវយ៉ក នៅខែធ្នូ ឆ្នាំ២០០១ អំពីការកំណែទម្រង់ដីធ្លី នៅកម្ពុជា និងបញ្ហាផ្សេងៗ នៅកម្ពុជា ។
និក្ខេបបទនេះមានចំណងជើងថា ASSISTED LAND REFORM AN APPROPRIATE CHOICE FOR CAMBODIA AT THE PRESENT TIME?
ចុចទីនេះដើម្បីទាញយកឯកសារ
ផែនការ ហូ ជីមិញៈ ដើម្បីទប់ទល់នឹងការឈ្លានពាននិងឥទ្ធិពលរបស់ចិន វៀតណាមត្រូវគ្រប់គ្រងកម្ពុជានិងឡាវ
រាប់ពាន់ឆ្នាំមកហើយ វៀតណាមតែងទទួលរងការឈ្លានពាននិងកៀបសង្កត់ពីចិន។ អ្នកដឹកនាំវៀតណាមគ្រប់ជំនាន់តែងប្រឹងប្រែងដើម្បីរក្សាឯករាជ្យភាពនិងអធិបតេយ្យភាពពីចិន។ ហូ ជីមិញ អ្នកដឹកនាំវៀតណាមដែលមានទស្សនវិស័យវែងឆ្ងាយនិងមុតស្រួចដឹងច្បាស់ថា ដើម្បីទប់ទល់នឹងចិន វៀតណាមត្រូវពង្រឹងនិងពង្រីកខ្លួន គឺត្រូវគ្រប់គ្រងកម្ពុជានិងឡាវ។ គាត់បានបញ្ជ្រាបក្តីស្រមៃរបស់គាត់ទៅដល់កម្មាភិបាលនិងប្រជាជនវៀតណាម។
ដើម្បីសម្រេចក្តីក្តីស្រមៃនេះ អ៊ំ ហូ បានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ ១៩៣០។ ក្រោយមកនៅទសវត្ស ១៩៥០ គាត់បានបញ្ជូន សុឹង ង៉ុកមិញ ឱ្យមកដឹកនាំចលនាបដិវត្តន៍នៅកម្ពុជា ដើម្បីត្រៀមរៀបចំបង្កើតក្រុមនិងរចនាសម្ព័ន្ធសម្រាប់ដឹកនាំគ្រប់គ្រងនយោបាយកម្ពុជាទៅអនាគត។ នៅក្នុងការធ្វើដំណើរទៅរកក្តីស្រមៃនេះ វៀតណាមបានផ្លាស់ប្តូរការយល់ឃើញរបស់ប្រជាជនខ្មែរដែលធ្លាប់ចាត់ទុកវៀតណាមជាសត្រូវសួរពូជ ទៅជាអ្នកមានគុណតាមរយៈថ្ងៃរំដោះ ៧មករា ១៩៧៩។
សំណួរសំខាន់សម្រាប់អ្នកដឹកនាំខ្មែរនិងប្រជាជនខ្មែរគឺថា តើយើងចង់រក្សាការពារឯករាជ្យភាពនិងអធិបតេយ្យភាពជាតិខ្មែរដែរឬទេ?
យើងត្រូវដឹងថា បើយើងជាខ្មែរគ្មានសមត្ថភាពរៀបរចនាសម្ព័ន្ធសម្រាប់ដឹកនាំគ្រប់គ្រងនយោបាយខ្មែរទេ គេរៀបជំនួសយើងហើយ ហើយយើងនឹងរាបដូចខ្មែរនៅកម្ពុជាក្រោមអញ្ចឹង។
ហូ ជីមិញ ធ្វើបែបនេះពីព្រោះគាត់ស្រឡាញ់ជាតិវៀតណាម និងលះបង់គ្រប់យ៉ាងដើម្បីជាតិវៀតណាម។
តើយើងជាខ្មែរចេះស្រឡាញ់ជាតិដែរឬទេ?
បើស្រឡាញ់ជាតិខ្មែរត្រូវខំប្រឹងអភិវឌ្ឍខ្លួនឡើង ហើយជួយចូលរួមរៀបទាំងអស់គ្នា។
#វាសនាជាតិខ្មែរ #គបម
របាយការណ៍ស៊ើបអង្កេត "ការជួញដូរមនុស្សនៅកម្ពុជា"
កម្ពុជាគឺជាប្រទេសប្រភព ប្រទេសឆ្លងកាត់ និងជាប្រទេសគោលដៅសំរាប់បុរសស្រ្តី និងកុមារ ដែលរងគ្រោះដោយការជួញដូរ ដើម្បីបំណងកេងប្រវ័ញ្ជផ្លូវភេទ និងការចាប់បង្ខំអោយធ្វើពលកម្ម។ ស្ដ្រីនិង កុមារត្រូវបានគេជួញដូរ ទៅប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ដើម្បីអោយធ្វើពលកម្មតាមបែបរងការកេងប្រវ័ញ្ច និងអោយបំរើពេស្យាចារដោយបង្ខំ។ ចំណែកបុរសកម្ពុជាខ្លះ ដែលធ្វើចំណាកស្រុកដោយចិត្ដឯងទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំអោយធ្វើពលកម្មធ្ងន់ធ្ងរក្នុងទូកនេសាទ សំណង់ និងកសិឧស្សាហកម្ម ។ស្ដ្រី និងកុមារកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញបាននិយាយពីការត្រូវបានគេបង្ខំអោយធ្វើការធ្ងន់នៅទីនោះ បន្ទាប់ពីបានចេញទៅធ្វើការនៅទីនោះ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករកម្ពុជា។ កុមារកម្ពុជាត្រូវបានជួញដូរទៅប្រទេសថៃ និងប្រទេសវៀតណាមអោយដើរសុំទាន លក់ស្ករគ្រាប់ឬផ្កា ឬខាត់ស្បែកជើងអោយគេ ។ ឳពុកម្តាយពេលខ្លះលក់កូនរបស់គេអោយធ្វើខ្ញុំគេ ដោយដើរសុំទាន លក់អោយផ្ទះបនអោយគេកេងប្រវ័ញ្ចផ្លូវភេទ ឬអោយធ្វើខ្ញុំបំរើតាមផ្ទះ។ នៅប្រទេសកម្ពុជា កុមារត្រូវបានគេជួញដូរអោយដើរសុំទានគេ ដើររើសរបស់តាមគំនរសំរាម ធ្វើការនៅតាមស្រែអំបិល តាមកន្លែងផលិតឥដ្ឋ ក្បឿង និងកន្លែងយកថ្ម។
ការនាំខ្លួនយកមកកាត់ទោស
ការការពារ
ការបង្ការ
Youth participation in social development

On Friday 12nd April 2019, CCHR's radio program held a talk show on topic of “Youth participation in social development" Guest speaker were Ms. Yin KimChheang, Youth collecting the trash from Canal drainage and Mr. Khy Pisey, Senior Law Student and Ms. Lim Kimsor, Environment volunteers.
Click here for listen
ជំទប់ឃុំទី១: ផ្ទៃក្នុងបក្សសង្គ្រោះជាតិផ្ដាច់ការ ទើបចូលរួមជាមួយបក្សមូលដ្ឋាន
អត្ថបទសរសេរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧
របាយការណ៍ស៊ើបអង្កេត៖ ភាពមិនប្រក្រីតីផ្នែកនយោបាយ និងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ
នេះគឺជារបាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការខុមហ្វ្រែលដែលចេញផ្សាយកាលពីឆ្នាំ២០១៦
ដែលស៊ើបអង្កេតអំពីរឿងរ៉ាវរស៊ើបមួយចំនួនក្នុងរដ្ឋការរបស់បក្សប្រជាជន ។
ចុចទីនេះដើម្បីមើលឯកសារ






