ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

«សង្គ្រាមវណ្ណៈ» ច្រើនកើតចេញពីស្នាដៃអក្សរសិល្ប៍

No comments



ជាទូទៅអក្សរសិល្ប៍ គេតែងសំដៅដល់ កម្រងអត្ថបទ ប្រលោមលោក កំណាព្យ ចម្រៀងជាដើម ដែលអ្នកនិពន្ធបានរំលេចឡើងក្នុងសមរភូមិទឹកខ្មៅដើម្បីបម្រើឲ្យមនោគតិរបស់ខ្លួន។ វិស័យអក្សរសិល្ប៍ខ្មែរផ្ដើមរីកដុះដាលចាប់ពីទសវត្សរ៍ឆ្នាំ ១៩០០ ពោលគឺក្នុងកំឡុងពេលដែលកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បរទេស។ ដោយហេតុនេះទើបមានស្នាដៃអក្សរសិល្ប៍មួយរបស់លោក អ៊ឹម ថុក តែងក្នុងឆ្នាំ ១៩៥៦ តាមរយៈរឿង «គូលីកំណែន» ត្រូវបានពលរដ្ឋ និងបញ្ញាវន្តខ្មែរជាទូទៅ ចាត់ទុកថាជាមធ្យោបាយធ្វើឲ្យប្រែប្រួលសង្គម បែងចែកវណ្ណៈ រហូតទាមទារឯករាជ្យបានពីបារាំងពេលនោះ។

សង្គ្រាមខ្មែរក្នុងកំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥ ក៏បានកើតចេញពីស្នាដៃអក្សរសិល្ប៍របស់អ្នកនិពន្ធ ដែលមាននិន្នាការផ្ទុយគ្នាផងដែរ ដោយពួកគេព្យាយាមបញ្ជ្រៀបមនោគមន៍វិជ្ជារបស់ខ្លួនទៅក្នុងបទចម្រៀង កំណាព្យ រឿងប្រលោម រៀងៗខ្លួន ។

ផ្អែកតាមឯកសាររបស់វិទ្យាស្ថានមនុស្សាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានសរសេរថា ស្នាដៃរបស់កវី ញ៉ុក ថែម ក្នុងរឿង«កុលាបប៉ៃលិន» តែងក្នុងឆ្នាំ១៩៣៦ គឺអ្នកនិពន្ធចង់បង្ហាញពីការជិះជាន់របស់មន្ត្រីរាជកការ មកលើប្រជាជន រីឯពួកឈ្មួញ សេដ្ឋី ផ្ដើមមានឥទ្ធិពលដោយយកស្ថាប័នរដ្ឋធ្វើជាឧបករណ៍បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីកេងប្រវ័ញញើសឈាមពីជនក្រីក្រ។ ក្នុងន័យនេះអ្នកអានស្នាដៃរបស់លោក ញ៉ុក ថែម អាចយល់យ៉ាងច្បាស់ពី គម្លាតរវាងពួកអ្នកមាន និងអ្នកក្រ។ ដូច្នេះស្នាដៃក៏អាចជាការឆ្លុះបញ្ចាំងបង្ហាញពីសង្គមមួយផងដែរ។ 

ទន្ទឹមនឹងគ្នានេះ អ្នកសរសេរសៀវភៅដ៏ល្បីល្បាយនាសម័យសាធារណៈខ្មែរលោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានចាត់ទុកអក្សរសិល្ប៍គឺចរន្តមួយនាំឲ្យមានការតស៊ូវណ្ណៈក្នុងចំណោមពួកនាម៉ឺនមន្ត្រីពុករលួយ ជាពិសេសគឺស្នាដៃដែលបានផ្សាយក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយ សម្ដេច សីហនុ ។​ ​លោកបានសង្កត់ធ្ងន់ថា តាមរយៈស្នាដៃរបស់អ្នកនិពន្ធទាំងអស់នេះ គឺជាដើមហេតុនាំទៅរកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី ១៨ មិនា ១៩៧០។ 

អក្សរសីល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម យ៉ាងប្រាកដ ដោយពឹងផ្អែកទាំងស្រុងទៅលើការសរសេររបស់អ្នកនិពន្ធ 

ទោះបីជាមានការអះអាងថា អក្សរសិល្ប៍គឺជាឧបករណ៍បម្រើផលប្រយោជន៍របស់ក្រុមបក្ស នាំឲ្យមានការតស៊ូអំណាច វណ្ណៈ និងអាចជាមធ្យោបាយបំបែកបំបាក់បណ្ដុះចរិកឃោរឃៅ ឬអាចធ្វើឱ្យមានសង្គ្រាមយ៉ាងណាក្ដី តែការនៅតែចាត់ទុកថាការវិវឌ្ឍនៃអក្សរសិល្ប៍ក៏ជាការវិវឌ្ឍនៃសង្គមផងដែរ ៕




No comments :