របាយការណ៍ស៊ើបអង្កេត "ការជួញដូរមនុស្សនៅកម្ពុជា"
កម្ពុជាគឺជាប្រទេសប្រភព ប្រទេសឆ្លងកាត់ និងជាប្រទេសគោលដៅសំរាប់បុរសស្រ្តី និងកុមារ ដែលរងគ្រោះដោយការជួញដូរ ដើម្បីបំណងកេងប្រវ័ញ្ជផ្លូវភេទ និងការចាប់បង្ខំអោយធ្វើពលកម្ម។ ស្ដ្រីនិង កុមារត្រូវបានគេជួញដូរ ទៅប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ដើម្បីអោយធ្វើពលកម្មតាមបែបរងការកេងប្រវ័ញ្ច និងអោយបំរើពេស្យាចារដោយបង្ខំ។ ចំណែកបុរសកម្ពុជាខ្លះ ដែលធ្វើចំណាកស្រុកដោយចិត្ដឯងទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំអោយធ្វើពលកម្មធ្ងន់ធ្ងរក្នុងទូកនេសាទ សំណង់ និងកសិឧស្សាហកម្ម ។ស្ដ្រី និងកុមារកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញបាននិយាយពីការត្រូវបានគេបង្ខំអោយធ្វើការធ្ងន់នៅទីនោះ បន្ទាប់ពីបានចេញទៅធ្វើការនៅទីនោះ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករកម្ពុជា។ កុមារកម្ពុជាត្រូវបានជួញដូរទៅប្រទេសថៃ និងប្រទេសវៀតណាមអោយដើរសុំទាន លក់ស្ករគ្រាប់ឬផ្កា ឬខាត់ស្បែកជើងអោយគេ ។ ឳពុកម្តាយពេលខ្លះលក់កូនរបស់គេអោយធ្វើខ្ញុំគេ ដោយដើរសុំទាន លក់អោយផ្ទះបនអោយគេកេងប្រវ័ញ្ចផ្លូវភេទ ឬអោយធ្វើខ្ញុំបំរើតាមផ្ទះ។ នៅប្រទេសកម្ពុជា កុមារត្រូវបានគេជួញដូរអោយដើរសុំទានគេ ដើររើសរបស់តាមគំនរសំរាម ធ្វើការនៅតាមស្រែអំបិល តាមកន្លែងផលិតឥដ្ឋ ក្បឿង និងកន្លែងយកថ្ម។
នៅប្រទេសកម្ពុជា មួយភាគធំនៃជនរងគ្រោះដោយការជួញដូរគឺជានារីភេទអោយធ្វើជាពេស្យាគឺជនជាតិវៀតណាម ដែលមានអ្នកខ្លះកើតនៅប្រទេសវៀតណាម។ ការជួញដូរកុមាររីនិងនារីកម្ពុជា និងវៀតណាម កើតមានក្នុងរង្វង់ព្រំដែនប្រទេសកម្ពុជាផងដែរ ពីតំបន់ជនបទមកទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដើម្បីបង្ខំអោយធ្វើជាស្រីពេស្យា តាមផ្ទះបននិងខារ៉ាអូខេ…។ អង្គការមិនមែនរដ្ឋាភិបាលនិងប្រព័ន្ធឃោសនាបានបង្ហាញអោយឃើញថា ការជួញដូរផ្លូវភេទនៅក្នុងប្រទេសលើស្រ្តីនិងកុមារីជាក្រុមជនជាតិភាគតិចនិងជនជាតិវៀតណាមគឺជាបញ្ហាមួយដែលមានកាន់តែច្រើនឡើង។ ការលក់កុមារីនៅព្រហ្មចារីនៅតែជាបញ្ហានៅក្នុងប្រទេស ដោយមានបុរសជាជនបរទេស (ភាគច្រើនជនជាតិអាស៊ី) និងបុរសកម្ពុជា ហ៊ានអោយថ្លៃពី ៨០០ ទី ៤ ០០០ ដុល្លាអាមេរិក សំរាប់ការរួមភេទជាមួយកុមារីព្រហ្មចារីទាំងនោះ។ កម្ពុជាគឺជាប្រទេសគោលសំរាប់ទេសចរផ្លូវភេទបរទេស ដែលចង់រួមភេទជាមួយកុមារ ដោយមានបុរសជនជាតិអាស៊ីកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីរួមភេទជាមួយកុមារីព្រហ្មចារីដែលមិនទាន់គ្រប់អាយុ ។ នារីខ្មែរខ្លះដែលបានធ្វើអន្ដោប្រវេសន៍ទៅកោះតៃវ៉ាន់ ដោយសារអាពាហ៍ពិពាហ៍តាមរយៈក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍អន្ដរជាតិ នៅទីបំផុត ត្រូវបានគេជួញដូរអោយធ្វើជាស្រីពេស្យា ឬបង្ខំអោយធ្វើពលកម្ម។
រដ្ឋាភិបាលកម្ពុជាមិនគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមា សំរាប់ការបំបាត់ការជួញដូរទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរអោយកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ ។ ទោះបីជារួម មានការខិតខំយ៉ាងនេះក្តី ក៏រដ្ឋាភិបាលមិនបានបង្ហាញអោយឃើញនូវភស្តុតាងនៃភាពជឿនលឿនក្នុងការកាត់ទោសនិងដាក់ទោស ហើយនិងដាក់ទណ្ឌកម្មលើជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស រួមទាំងមន្រ្តីសាធារណៈដែលឃុបឃិតជាមួយ ឬក្នុងការការពារជនរងគ្រោះដោយសារការជួញដូរឡើយ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានដាក់ក្នុងលំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីងតាមដាន។ ក្រោយការអនុម័តច្បាប់មួយដែលមានខប្រឆាំងនឹងការជួញដូរមនុស្ស កាលពីខែកុម្ភៈ ឆ្នាំ ២០០៨ រដ្ឋាភិបាលបានដាក់ទោសករណីប្រព្រឹត្តការជួញដូរចំនួន ១២ ហើយបាននាំយកមកកាត់ទោសនូវករណីជួញដូរចំនួន ៧១ ក្នុងឆ្នាំកន្លងទៅនេះ ។ នេះមានការថយចុះច្រើនក្នុងចំនួនករណីដាក់ទោសពីឆ្នាំទៅដែលមានចំនួន ៥២ ។ ក្រៅពីនេះ រដ្ឋាភិបាលមិនបានយកមកកាត់ទោសនិងដាក់ទោសមន្រ្តីដែលមានការពាក់ព័ន្ធក្នុងការជួញដូរ ទោះបីជាមានអំពើពុករលួយច្រើនទាក់ទងនឹងការជួញដូរ នៅកម្ពុជាក្តី។ ការខិតខំដើម្បីការពារនិងជួយជនរងគ្រោះមិនមានកំណើនទេ ក្នុងអំឡុងពេលក្រោមរបាយការណ៍នេះ ហើយជនរងគ្រោះនៅតែត្រូវបានគេធ្វើការជួញដូរនិងធ្វើទារុណកម្មចំពោះអំពើដែលជាលទ្ធផលដោយផ្ទាល់នៃការរងការជួញដូរ រួមទាំងការអោយធ្វើពេស្យា។ ក្នុងឆ្នាំ ២០០៨ មានសេចក្តីរាយការណ៍ពីនារីពេស្យាត្រូវបានឃុំនិងរំលោភធ្វើបាបរាងកាយដោយនគរបាល និងមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ។
អនុសាសន៍សំរាប់ប្រទេសកម្ពុជាៈ បង្រៀន មន្ដ្រីអនុវត្ដច្បាប់ និងមន្ដ្រីរដ្ឋាភិបាលផ្សេងទៀត អោយផ្តោតលើការអនុវត្តបញ្ញាតិស្តីពីការជួញដូរមនុស្ស ដែលមានចែងក្នុងច្បាប់ដែលត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ ២០០៨ ដោយបង្កើនអោយបានច្រើននូវការនាំខ្លួនមកកាត់ទោស ដាក់ទោសនិងទណ្ទកម្មដល់ជនប្រព្រឹត្ដការជួញដូរ ប្រឹងប្រែងច្រើនថែមទៀត ក្នុងការនាំយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើមន្ដ្រីពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ដាក់អោយទីភ្នាក់ងារជ្រើសរើសកម្មករទទួលខុសត្រូវតាមបទព្រហ្មទណ្ឌ ក្នុងការជ្រើសរើសកម្មករដោយបោកបញ្ឆោត បន្ដលើកកំពស់កិច្ចសហប្រតិបត្ដិការអន្ដរទីភ្នាក់ងារ និងកិច្ចសហការ ជាពិសេសរវាងមន្រ្តីរដ្ឋាភិបាល និងមន្រ្តីផ្នែកអនុវត្តច្បាប់ដែលធ្វើការលើផ្នែកជួញដូរ បង្កើនការខិតខំយ៉ាងសកម្មក្នុងការរកមើលជនរងគ្រោះ ក្នុងចំណោមក្រុមជនងាយរងគ្រោះ ដូចជាស្រ្តីនិងកុមារបរទេស ដែលត្រូវបានឃាត់ខ្លួនពីបទពេស្យាចារ ដាក់ចេញនូវនិតិវិធីដើម្បីធានាថា ជនរងគ្រោះមិនត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ ឬត្រូវបានធ្វើទារុណកម្មដោយប្រការណាមួយចំពោះអំពើដែលត្រូវបានប្រព្រឹត្តដោយសារមូលហេតុផ្ទាល់នៃការរងការជួញដូរ ធ្វើយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សាធារណៈ ក្នុងគោលបំណងកាត់បន្ថយតំរូវការរបស់មនុស្សក្នុងស្រុកនិងទេសចរអាស៊ីទៅលើរបររកស៊ីផ្លូវភេទ។
ការនាំខ្លួនយកមកកាត់ទោស
រដ្ឋាភិបាលកម្ពុជាបានអនុវត្ដច្បាប់ប្រឆាំងការជួញដូរមនុស្សមិនបានជាប់លាប់ល្អទេ ក្នុងឆ្នាំកន្លងទៅនេះ ។ ច្បាប់ដែលត្រូវបានដាក់ចេញនៅខែកុម្ភៈ ឆ្នាំ ២០០៨ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទមាននិយាយពីបទល្មើសជាច្រើន ដោយមាត្រាព្រហ្មទណ្ឌចំនួន ១២ ក្នុងចំណោមមាត្រាព្រហ្មទណ្ឌចំនួន ៣០ ក្នុងច្បាប់នេះ ចែងច្បាស់ពីបទល្មើសក្នុងការជួញដូរមនុស្ស។
ច្បាប់នៅកម្ពុជាហាមប្រាមគ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្ស ចែងពីការដាក់ទោសចំពោះបទល្មើស ដែលមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ និងស្របតាមទោសសំរាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូច ជាការរំលោភសេពសន្ទវៈ ។នៅក្រោមច្បាប់ថ្មី រដ្ឋាភិបាលបានលើជនល្មើសប្រព្រឹត្តការជួញដូរមនុស្សចំនួន ៧១ ករណី ក្នុងអំឡុងពេលក្រោមរបាយការណ៍នេះ។ ដោយសារច្បាប់ថ្មីចែងពីទោសច្រើនប្រភេទនិងកំរិត គេឃើញថា មិនមែនគ្រប់មន្រ្តីរដ្ឋាភិបាលទាំងអស់ទេដែលធ្វើការចែកអោយដាច់ស្រឡះពីគ្នារវាងមាត្រាស្តីពីបទល្មើសជួញដូរ និងបទល្មើសមិនទាក់ទងនឹងការជួញដូរ ដូចជាពេស្យាចារ រូបអាសអាភាស និងការរំលោភផ្លូវភេទលើកុមារ។ ដូច្នេះ សមត្ថកិច្ចផ្តោតតែទៅលើបទល្មើសទាក់ទងនឹងពេស្យាចារ ហើយមន្រ្តីនគរបាល តុលាការ និងមន្រ្តីរដ្ឋាភិបាលជាច្រើនជឿថា ការអនុវត្តមាត្រាទាំងអស់នៃច្បាប់ទាក់ទងនឹងពេស្យាចារ ជួយដល់ការងារប្រឆាំងនឹងការជួញដូរមនុស្ស។ បន្ទាប់ពីការអនុម័តច្បាប់ នគរបាលកម្ពុជាបានធ្វើការឆ្មក់ជាច្រើនលើផ្ទះបន ហើយបានឃាត់ខ្លួនស្រ្តីជាច្រើនដែលបំរើផ្លូវភេទ ដោយមិនបានចាប់ខ្លួន ស៊ើបអង្កេត ឬចោទប្រកាន់មនុស្សជាច្រើនពីបទជួញដូរមនុស្ស។ លើសពីនេះទៀត ស្រ្តីដែលត្រូវបានឃាត់ខ្លួនក្នុងពេស្យាកម្ម អាចមានខ្លះជាជនរងគ្រោះដោយការជួញដូរ ថ្វីបើនគរបាលមិនសូវចាត់ទុកពួកគេយ៉ាងដូច្នេះ ជួយឬការពារពួកគេទេ។ តុលាការក្រុងភ្នំពេញបានដាក់ទោសដល់ជនប្រព្រឹត្តការជួញដូរចំនួន ១១ នាក់ និងបានផ្តើមកាត់ទោសជនល្មើសចំនួន ២២ នាក់ នៅឆ្នាំ ២០០៨ ។ បើប្រៀបធៀបនឹងឆ្នាំ ២០០៧ មាន ៥២ នាក់។ ក្នុងរយៈពេលនៅក្រោមរបាការណ៍នេះ តុលាការខ្លះនៅកម្ពុជាបានចោទប្រកាន់ជនល្មើសក្នុងការជួញដូរក្នុងកំរិតស្រាល ដែលនាំដល់ការជាប់ពន្ធនាគាររយៈពេលខ្លី។
នគរបាលកម្ពុជាបាននិយាយថា គេបានចាប់ខ្លួនជនប្រព្រឹត្តការជួញដូរចំនួន ៤១ នាក់ ក្នុងអំឡុងពេលក្រោមរបាយការណ៍នេះ។ តែ ពេលខ្លះ នគរបាលមិនអនុវត្តតាមការស្រាវជ្រាវរបស់អង្គការមិនមែនរដ្ឋាភិបាលនៅតាមកន្លែងកំសាន្តនានាក្នុងក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដែលមានការចោទប្រកាន់ថា មានការជួញដូរមនុស្ស។ អ្នកសង្កេតការណ៍ខ្លះនៅតែនិយាយពីអសមត្ថភាពជាទូទៅរបស់សមត្ថកិច្ច និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ក្នុងការធ្វើសកម្មភាពតាមព័ត៌មានដែលត្រូវបានផ្តល់អោយ។ ក្រសួងមហាផ្ទៃបានផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលខ្លះស្តីពីច្បាប់ថ្មីក្នុងការបង្ក្រាបការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទ។ មានសេចក្តីរាយការណ៍ថា កម្មករចំណាកស្រុកកម្ពុជាបានក្លាយជាជនរងគ្រោះដោយការជួញដូរ ដោយសារស្ថានភាពរងការកេងប្រវ័ញ្ជនៅក្នុងប្រទេសដែលគេទៅ ដូចជាប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលមិនបាននិយាយពីការកាត់ទោសឬការដាក់ទោសដល់ក្រុមហ៊ុនជ្រើសរើសពលករ ដែលរងការចោទប្រកាន់ពីបទជួញដូរពលករ។ ពីខែមេសា ឆ្នាំ ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ ២០០៨ រដ្ឋាភិបាលបានហាមប្រាមលើអាពាហ៍ពិពាហ៍រវាងជនបរទេសនិងជនជាតិខ្មែរ ដោយសារមានកង្វល់ថា ស្រ្តីខ្មែរខ្លះអាចរងនឹងការជួញដូរ ហើយបន្ទាប់មក បានអនុវត្តច្បាប់ថ្មីក្នុងបំណងការពារកុំអោយមានការជួញដូរតាមរយៈការរៀបការជាមួយជនបរទេស។
អំពើពុករលួយមានជាទូទៅនៅប្រទេសកម្ពុជា ហើយជាទូទៅ គេជឿថា បុគ្គលជាច្រើន រួមទាំងមន្ដ្រីប៉ូលីស និងមន្ដ្រីតុលាការផង មានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ។ នគរបាលមូលដ្ឋាននិងមន្រ្តីរដ្ឋាភិបាលត្រូវបានគេដឹងថា បានជំរិតទារប្រាក់ ឬទទួលសំណូកពីម្ចាស់ផ្ទះបន ដោយខ្លះយកជារៀងរាល់ថ្ងៃ ទើបអនុញ្ញាតិអោយមានការបន្តរកស៊ីតទៅទៀតបាន។ ដោយលើកឡើងពីការខ្វះភស្តុតាង កាលពីខែកញ្ញា ឆ្នាំ ២០០៨ តុលាការក្រុងភ្នំពេញបានដំកល់ មិនព្រមចាត់ការលើករណីអតីតប្រធានសាលាឧទ្ទរណ៍ ដែលត្រូវបានដកចេញពីដំណែងនៅឆ្នាំ ២០០៧ ដោយសារតាមសេចក្តីរាយការណ៍មកថាបានទទួលលុយចំនួន ៣០ ០០០ ដុល្លា ជាថ្នូរនិងការដោះលែងម្ចាស់ផ្ទះបន ២ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ថាបានប្រព្រឹត្តការជួញដូរមនុស្ស។ ម្ចាស់ផ្ទះបននោះ នៅពេលបន្ទាប់មក ត្រូវបានចាប់ខ្លួនឡើងវិញ ហើយស្ថិតក្នុងពន្ធនាគារនៅឡើយ។ អតីតប្រធានសាលាឧទ្ទរណ៍នោះបន្ទាប់មក ត្រូវបានតែងតាំងអោយកាន់តំណែងជាមន្រ្តីម្នាក់ ក្នុងរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ នៅក្នុងអំឡុងពេលក្រោមរបាយការណ៍នេះ មន្រ្តីនគរបាលអន្តោប្រវេសន៍ពីរនាក់ត្រូវបានដកចេញពីដំណែង ដោយសារអំពើពុករលួយ ហើយនៅពេលនេះ នៅមិនទាន់ដឹងទេថា តើពួកគេត្រូវបានអនុញ្ញាតិអោយកាន់មុខដំណែងផ្សេងទៀតដែរឬអត់។មិនមានមន្រី្តណាម្នាក់ត្រូវបានកាត់ទោសឬដាក់ទោសពីបទផ្សំគំនិតទាក់ទងនឹងការជួញដូរមនុស្សទេ។
ការការពារ
រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើនការខិតខំរបស់ខ្លួន ដើម្បីផ្ដល់ការការពារដល់ជនរងគ្រោះដោយការជួញដូរមនុស្សទេ ក្នុងអំឡុងពេលក្រោមរបាយការណ៍នេះ។ រដ្ឋាភិបាលមិនបានរៀបចំអោយមានទីជំរកឬផ្តល់ជំនួយពិសេសណាមួយសំរាប់ជនរងគ្រោះដោយសារការជួញដូរទេ។ រដ្ឋាភិបាលបន្តបញ្ជូនជនរងគ្រោះទៅអោយកន្លែងទទួលរបស់អង្គការមិនមែនរដ្ឋាភិបាល តែខ្លួនឯងមិនមានជួយអ្វីលើសពីនេះទេ។ ជនរងគ្រោះជាជនបរទេសនៅកម្ពុជាមានតែជនជាតិវៀតណាមទេ ពួកគេត្រូវបានទទួលអោយស្នាក់នៅបណ្តោះអាសន្ននៅកន្លែងជំរករបស់អង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់សេវាប្រឹក្សា អប់រំ និងសេវាច្បាប់ ក្នុងពេលរង់ចាំមាតុភូមិនិវត្តន៍ ថ្វីបើមានកន្លែងទទួលរបស់អង្គការមិនច្រើន ដែលអាចផ្តល់ការថែទាំដល់ជនរងគ្រោះជាជនជាតិវៀតណាម ដោយសារខ្វះសមត្ថភាពផ្នែកភាសាបរទេស។ ថ្វីបើនារីខ្លះដែលបំរើក្នុងពេស្យាចារទទួលបានការជួយពីអង្គការមិនមែនរដ្ឋាភិបាលក្តី តែមានគេនិយាយថា មានខ្លះទៀតត្រូវនគរបាលនាំទៅអោយម្ចាស់ផ្ទះបន ឬឳពុកម្តាយរបស់គេ ហើយនៅទីបំផុត ត្រូវត្រឡប់មកផ្ទះបនវិញ។ មានគេនិយាយផងដែរថា មន្រ្តីនគរបាលនិងឆ្មាំខ្លះដែលធ្វើការនៅមជ្ឈមណ្ឌលស្តារឡើងវិញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ បានរំលោភផ្លូវភេទ វាយដំ និងជំរិតទារប្រាក់ពីនារីដែលត្រូវបានសង្គ្រោះ នៅក្នុងការឆ្មក់ចូល។ ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទមិនមានបញ្ញាតិស្តីពីការការពារជនរងគ្រោះដោយសារការជួញដូរទូទៅទេ។ ប៉ូលីសលើកទឹកចិត្ដអោយជនរងគ្រោះចូលរួមក្នុងការស៊ើបអង្កេត និងកាត់ទោសជនប្រព្រឹត្ដការជួញដូរ តែការប្រព្រឹត្តមកលើកន្លងមករបស់ម្ចាស់ផ្ទះបន និងអ្នកផ្តល់ស្រីអោយ ការភ័យខ្លាចការសងសឹកពីជនប្រព្រឹត្តការជួញដូរ និងអំពើពុករលួយរបស់នគរបាល ក្នុងករណីខ្លះ នៅតែជាឧបសគ្គ សំរាប់អោយពួកគេឡើងឆ្លើយបំភ្លឺ ។ នគរបាល មន្រ្តីតុលាការ និងចៅក្រមច្រើនតែមិនបានចែកជនរងគ្រោះដាច់ពីជនល្មើស ក្នុងការឆ្មក់ចូលចាប់ឃាត់ខ្លួន និងកាត់ទោស។ ជនប្រព្រឹត្តអាណាចារបរទេសពេលខ្លះបានរួចខ្លួនដោយបង់លុយអោយជនរងគ្រោះ ឬគ្រួសាររបស់គេអោយបញ្ឈប់ការធ្វើសហប្រតិបត្តិការជាមួយសមត្ថកិច្ច ឬអង្គការមិនមែនរដ្ឋាភិបាល។ រដ្ឋាភិបាលមិនបានផ្តល់ការការពារសាក្សីចំពោះជនរងគ្រោះទេ រួមទាំងអ្នកចូលរួមក្នុងការកាត់ទោសជនប្រព្រឹត្តការជួញដូរផងដែរ។ ក្នុងករណីជួញដូរមួយនៅក្រុងព្រះសីហនុ ជនសង្ស័យប្រព្រឹត្តអាណាចារលើកុមារ និងមិត្តស្រីរបស់គេ (ជនសង្ស័យថាបានប្រព្រឹត្តការជួញដូរ) ត្រូវបានដាក់អោយនៅក្រៅឃុំ ហើយក្រោយមកបានគំរាមកំហែងគ្រួសារជនរងគ្រោះ ហើយទាមទារអោយមានការបញ្ជូនជនរងគ្រោះទៅអោយពួកគេវិញ។ ថ្វីបើជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណី ហើយប្ដឹងទៅលើជនប្រព្រឹត្ដការជួញដូរមនុស្សក្តី តែពួកគេភាគច្រើនមិនមានធនធានសំរាប់ប្តឹងយ៉ាងដូច្នេះទេ។ ក្នុងឆ្នាំ ២០០៨ ក្រសួងសង្គមកិច្ចបានដាក់ជនរងគ្រោះកម្ពុជាដែលត្រូវបានជួញដូរទៅប្រទេសថៃចំនួន ១០១ នាក់នៅក្នុងមជ្ឈមណ្ឌលទទួលអោយស្នាក់នៅបណ្តោះអាសន្ន ដែលគ្រប់គ្រងរួមគ្នាដោយក្រសួងសង្គមកិច្ចនិងអង្គការអន្តោប្រវេសន៍អន្តរជាតិ IOM នៅប៉ោយប៉ែត។ ក្រសួងសង្គមកិច្ចបាននិយាយថា បានទទួលជនរងគ្រោះដោយការជួញដូរផ្លូវភេទសរុបចំនួន ៥០៥ នាក់ ពីនគរបាលមូលដ្ឋាន។ បើយោលទៅតាមអង្គការ UNIAP មួយចំនួនធំនៃជនទាំង ៥០៥ នេះគឺជានារីរងស៊ីផ្លូវភេទតាមការស្ម័គ្រចិត្ត មិនមែនជនរងគ្រោះដោយការជួញដូរទេ។
ការបង្ការ
រាជរដ្ឋាភិបាលកម្ពុជាបានសំដែងអោយឃើញនូវការខិតខំមិនសូវច្រើនទេក្នុងការការពារកុំអោយមានការជួញដូរមនុស្ស ក្នុងឆ្នាំកន្លងទៅនេះ ។ រដ្ឋាភិបាលបានធ្វើយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សាធារណជនខ្លះ ដើម្បីកាត់បន្ថយតំរូវការដ៏ច្រើនលើពេស្យាចារកុមារដោយជនប្រព្រឹត្តអាណាចារកម្ពុជានិងជនជាតិអាស៊ីផ្សេងទៀត។ នៅខែមិនា ឆ្នាំ ២០០៨ ក្រុមការងារពិសេសថ្នាក់ជាតិមួយ (NTF) ស្តីពីការជួញដូរមនុស្សបានធ្វើយុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងការជួញដូរ និងការពិភាក្សាថ្នាក់ជាតិមួយស្តីពីការជួញដូរ តាមរយៈវេទិការសាធារណៈ នៅតាមខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជា ដែលបានបន្តរហូតដល់ខែកក្កដា ឆ្នាំ ២០០៨។ វេទិការនេះធ្វើអោយសហគមន៍នានាយល់ដឹងពីច្បាប់ថ្មីស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ទំរង់នានានៃការជួញដូរ និងនិន្នាការថ្មីៗក្នុងការជួញដូរ។ ក្រសួងទេសចរណ៍បានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយ លើការឃោសនាពាណិជ្ជកម្មតាមកូនសៀវភៅសំរាប់អ្នកទេសចរ ដោយព្រមានពីទណ្ឌកម្មលើការធ្វើទេសចរណ៍ដោយមានការរួមភេទជាមួយកុមារ ហើយថែមទាំងបានបន្តធ្វើសិក្ខាសាលាសំរាប់បុគ្គលិកនិងថៅកែក្នុងឧស្សាហកម្មទេសចរណ៍ ស្តីពីវិធីរកមើលនិងធ្វើអន្តរាគមក្នុងករណីមានទេសចរកេងប្រវ័ញ្ចផ្លូវភេទ និងជួញដូរកុមារ។ រដ្ឋាភិបាលបានធ្វើអោយមានការដាក់ទោសដល់ជនបរទេស ៦ នាក់ ដែលបានប្រព្រឹត្តអាណាចារលើកុមារកម្ពុជា តែទោះបីក្នុងឆ្នាំនោះដែរ មានករណីផ្តន្ទាទោសដាក់ពន្ធនាគារលើជនបរទេស ២ ករណី ដែលត្រូវបានរាយការណ៍មកថា ត្រូវបានព្យួរ ក្នុងនោះជនប្រព្រឹត្តអាណាចារជាជនជាតិរុស្ស៊ីម្នាក់ផង ដែលបានរត់គេចចេញពីប្រទេស ក្នុងពេលត្រូវបានដាក់អោយនៅក្រៅឃុំ បន្ទាប់ពីរយៈពេល ៦ ខែ នៃការឃុំខ្លួនមុនសវនាការ។ កងកំលាំងកម្ពុជាដែលចូលរួមក្នុងការថែរក្សាសន្តិភាពនៅបរទេស បានទទួលការបណ្តុះបណ្តាលស្តីពីការជួញដូរមនុស្ស មុនពេលចាកចេញទៅបំពេញបេសកកម្ម។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment