ពូ ពិសី - Pu Pisey

ស្វាគមន៍មកកាន់ទំព័រចំណេះដឹងច្បាប់ និងកំសាន្ត រៀបចំដោយខ្ញុំ ពូ ពិសី

Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

ពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ?


ផ្សាយឡើងវិញ៖ តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ? ហើយធ្វើដូចម្ដេចឱ្យចំណូលពន្ធដែលទទួលបានមានសារៈសំខាន់?



------------

ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍមាតុភូមិ។ នេះជាកិច្ចសន្យាសង្គមដ៏មានសមធម៌បំផុត។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃ ទំនិញ ឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ #ដោយផ្ទាល់ ឬ #តាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់សាច់ប្រាក់ ឬវត្ថុ ជូនរដ្ឋទៅតាមច្បាប់កំណត់ #ដោយប្រយោល តាមការប្រើប្រាស់ទំនិញឬសេវាកម្ម។ ម្ល៉ោះហើយ អាករក៏អាចត្រូវបានគេហៅថាជាពន្ធប្រយោល។

យោងតាមជំនួយស្មារតីនៃអត្ថបទបោះពុម្ពផ្សាយរបស់សមាគមច្បាប់សាលាត្រាជូនាឆ្នាំ២០១៧ បានសិក្សា និង រៀបរៀងឱ្យយើងអាចដឹងថាពន្ធនៅកម្ពុជាមាន១៨ប្រភេទដែលរួមមាន៖

១. ពន្ធលើប្រាក់ចំណេញ (Tax on Profit) ៖ ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជាលើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព កម្ពុជាប៉ុណ្ណោះ។ប្រាក់ចំណេញដែលជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយ សារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញ វត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ យើងអាចដឹងយ៉ាងពិស្ដារពីអត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំតាមមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ។

២. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (Prepayment of Profit Tax)៖ រាល់សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

៣. ពន្ធអប្បបរមា (Minimum Tax) ៖ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១% លើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេល ទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយក៏អាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

៤. ពន្ធកាត់ទុក (Withholding Tax)៖ ពន្ធកាត់ទុក សំដៅលើពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន។អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានពីសេវាកម្ម សួយសារពីទ្រព្យសកម្មអរូបី សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ ចំណូលពីការប្រាក់មិនមែនធនាគារ និង ធនាគារទាំងមានការកំណត់ និង មិនកំណត់ ត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។

៥. ពន្ធលើប្រាក់បៀវត្ស (Payroll Tax)៖ ពន្ធនេះជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀង រាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

៦. អាករលើតម្លៃបន្ថែម(Value added Tax/VAT)៖អាករលើតម្លៃបន្ថែម គឺជាអាករដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករហើយកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ចុងក្រោយ។ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។

រូបមន្ដនៃអាករលើតម្លៃបន្ថែដោយមិនគិតពន្ធនាំចូល = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) / = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)

៧. អាករលើតម្លៃពិសេស (Special Tax on Certain Merchandise and Services) ៖ សំដៅដល់អត្រាអាករលើផលិតផល និង សេវាកម្មពិសេសដូចខាងក្រោម

• ៣% ចំពោះ សេវាទូរស័ព្ទក្នុងនិងក្រៅស្រុក

• ៥% ចំពោះ ស៊ីម៉ង់

• ១០% ចំពោះ សំបុត្រយន្តហោះ សេវាកំសាន្ត ភេសជ្ជៈគ្មានជាតិអាល់កុល និង ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ព្រមទាំងវត្ថុធាតុដើមដើម្បីផលិតប្រេងម៉ាស៊ីន

• ២០% ចំពោះ បារី

• ៣០% ចំពោះ ស្រាបៀរ

• ៣៥% ចំពោះ ស្រា

មូលហេតុដែលបារី ស្រាបៀរ និង ស្រា ត្រូវជាប់អាករពិសេសក្នុងអត្រាខ្ពស់ជាងមុខទំនិញ និងសេវាផ្សេងៗ ដោយសារទំនិញទាំងបីមុខនេះ មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់។ អាករពិសេសត្រូវបានគណនាតាមរូបមន្ដ ផលបូកនៃតម្លៃគិតពន្ធគយនិងពន្ធនាំចូល ជាកន្សោមគុណនឹងអត្រាអាករពិសេសដូចសង្ខេបខាងលើ។

៨. អាករលើផលរបរ (Tax on Gross Sales)៖ ជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តន៍ ចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ។អាករប្រភេទនេះត្រូវបង់ជារៀងរាល់ខែតាមអត្រាកំណត់២% នៃផលរបរប្រចាំខែ និងត្រូវអនុវត្តន៍ លើអ្នកជាប់ពន្ធរបប ម៉ៅការ ។

៩. ពន្ធលើឈ្នួលផ្ទះ និង ដី (Tax on Property Rental)៖ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ។ អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។

១០. ពន្ធតែមប្រិ៍ (Stamp Duty)៖ គឺជាពន្ធដែល កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ និង ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។ ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស។ សន្លឹកតែមប្រិ៍នីមួយៗមានតម្លៃ ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ភសន្លឹកតែមប្រិ៍។

១១. ពន្ធប៉ាតង់(Patent Tax)៖ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃ ទី ១ មករាដល់ថ្ងៃទី ៣១ ខែមិនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស ឬ ក្រុមហ៊ុនដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬ បង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។ សហគ្រាស ឬ ក្រុមហ៊ុនដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត ឬ ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ។ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬ ស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់នៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់មានចែងក្នុងប្រការ៦ស្ដីពីប្រកាសកែសម្រួលវិធានគ្រប់គ្រងប្រមូលពន្ធប៉ាតង់ឆ្នាំ២០១៨។

១២. ពន្ធប្រថាប់ត្រា (Transfer Tax)៖ ពន្ធប្រថាប់ត្រាគឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ ការផ្ទេរចំណែកភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាកម្មប្រើថវិការដ្ឋ លិខិតគតិយុត្តិនៃនីតិបុគ្គល។ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។ ប៉ុន្ដែពន្ធប្រថាប់ត្រាត្រូវបានលើកលែងករណីសម្បទានអចលនទ្រព្យពីរដ្ឋាភិបាល ការទទួលសិទ្ធិរង្វង់ញាតិដូចជាប្រទានកម្ម ឬ សន្ដតិកម្ម ការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទក្រោមកម្លាំង១៥០សេះ។ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានក្នុងប្រការ៦នៃប្រកាសលេខ៥០៧ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា។

១៣. ពន្ធលើដីធ្លីមិនប្រើប្រាស់ (Unused Land Tax)៖ កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ។ពន្ធលើដីមិនបានប្រើប្រាស់ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដីដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

១៤. ពន្ធសត្តឃាត (Slaughter Tax)៖ ជាការគិតថ្លៃពន្ធលើការសំលាប់សត្វយកសាច់។ តែសូមបញ្ជាក់ថាពន្ធសត្តឃាតនេះពុំត្រូវបានយកមកអនុវត្តទៀតឡើយ ព្រោះពន្ធនេះមានភាពស្មុគស្មាញពេក ដោយរាជរដ្ឋាភិបាលបានសំរេចលុបចោលចាប់ពីឆ្នាំ២០១៨ ដោយសំរេចអោយសត្តឃាតដ្ឋានទាំងអស់មកធ្វើការបង់ពន្ធលើប្រាក់ចំណេញវិញ។

១៥. ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ (Tax on means of Transportation)៖ អត្រាពន្ធ និង រយៈពេលកំណត់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

១៦. អាករស្នាក់នៅ (Accommodation Tax)៖ អាករនេះគឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់គុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាព ដូចជាការប្រជុំឬសិក្ខាសាលា។យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធ ដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។សម្រាប់មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូលទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗ ប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាគារស្នាក់នៅខ្លួនឯង។

១៧. អាករបំភ្លឺសាធារណៈ (Public Light Tax)៖ អាករមួយប្រភេទត្រូវបានកំណត់អត្រា៣ភាគរយលើគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ និង បារី ក្នុងព្រះរាជាណាច្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ សម្រាប់បំភ្លឺសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។

១៨. ពន្ធលើអចលនទ្រព្យ (Tax on Real Property)៖ ការប្រមូលពន្ធត្រូវអនុវត្តចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។ ពន្ធនេះត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ប៉ុន្តែនៅក្នុងជំហានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង និងតំបន់រដ្ឋបាលថ្នាក់ខេត្តជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ គូសបញ្ជាក់ផងដែរថា អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀលឡើងទៅ។ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធគឺ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។

គួរសង្កត់ន័យធ្ងន់ថា ការបង់ពន្ធមានសារៈសំខាន់ណាស់អនុលោមតាមគោលការណ៍សាមគ្គីភាព និង សមធម៌។ ការបង់ពន្ធគឺជាមូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋ តាំងពីដំបូង គឺ រដ្ឋមានកាតព្វកិច្ចរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខរបស់ប្រជាជន ព្រមទាំងធានានូវសេវាសាធារណៈសម្រាប់សហគមន៍ ចំណែកពលរដ្ឋវិញមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ចំណូលដែលបានទទួលមកពីការបង់ពន្ធនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការដ៏ ចាំបាច់ដូចជា បើកប្រាក់ខែជូនមន្ត្រីរាជការ , បើកប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ, សាងសង់ស្ពាន, សាងសង់សាលារៀន, មន្ទីរពេទ្យ, ការពារព្រំដែនសីមា, សាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមជាអាទិ៍។

យើងអាចនិយាយតាមប្រត្យក្សបានថា ប្រភពចំណូលដ៏ធំបំផុតនៃថវិការបស់រដ្ឋ គឺបានមកពីការបង់ពន្ធ។ ដើម្បីឱ្យពលរដ្ឋមានទឹកចិត្ត និង កិច្ចខិតខំប្រឹងប្រែងក្នុងការបង់ពន្ធយ៉ាងមានស្ថេរភាព រាជរដ្ឋាភិបាលចាំបាច់ធ្វើការឆ្លុះបញ្ចាំង ឬ បំលែងចំណូលបានមកពីពន្ធទៅជា វឌ្ឍនភាព ឬ សមិទ្ធផលនៃកាតព្វកិច្ចការងាររបស់ខ្លួន ប្រកបដោយ សមភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង ស័ក្កសិទ្ធិភាព។ ទាំងនេះហើយជាតម្លៃស្នូលនៃការតបស្នងប្រកបដោយសាមគ្គីភាពដែលមិនអាចខ្វះបានរវាង ពលរដ្ឋ និង រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍរដ្ឋឱ្យមានភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ៕

អត្ថបទដោយ៖ និកា|Cambonomic Times

ពិធីលាងជើងកូនកម្លោះមិនមែនបន្ថោកកូនស្រីទេ

 


ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើង មានពិធីមួយដែលសព្វថ្ងៃគេនាំគ្នាកាត់ចោលមិនធ្វើ គឺពិធីលាងជើងកូនកម្លោះ ដោយហេតុថាគ្រួសារខាងស្រីមានទស្សនៈយល់ថាជាការបន្ថោកតម្លៃកូនស្រី ហើយអាចារ្យដែលមិនបានស្រាវជ្រាវនោះក៏ព្រមតាមដែរទៅ ។ 

តាមលោកម្តាយខ្ញុំគាត់និយាយប្រាប់ខ្ញុំកាលពីគាត់នៅមានព្រះជន្មនៅឡើយ គាត់ថាចាស់ពីដើមទំរាំបានគ្នាជាប្តីប្រពន្ធលំបាកណាស់ ។ ក្រោយភ្ជាប់ពាក្យគ្នាហើយ កូនកម្លោះត្រូវមកជួយការងារផ្ទះខាងស្រី ដើម្បីគ្រួសារខាងស្រីសង្កេតអត្តចារឹក បើផ្ទះកូនកម្លោះនៅក្បែរគ្នាត្រូវងើបពីយប់មកបោសសំអាតទីធ្លាផ្ទះខាងស្រី សំអាតក្រោលគោ រែកទឹកដាក់ពាង លុះមេឃភ្លឺដឹកគោអោយស៊ីស្មៅ ,,, ។ បើមនុស្សនោះនៅភូមិឆ្ងាយខាងស្រីគេសង់ខ្ទមមួយនៅក្នុងដីភូមិគេអោយស្នាក់នៅ ដើម្បីជួយធ្វើការងារគេ។ក្នុងអំឡុងពេលនៃការសាកល្បងនេះ កូនកម្លោះមិនអនុញ្ញាតអោយឡើងផ្ទះធំគេទេ លើកលេងឪពុកម្តាយខាងស្រីហៅរក ចង់រកបាយទឹកហូបគឺឡើងតាមជណ្តើរក្រោយល្វែងផ្ទះបាយ រហូតទាល់តែដល់ថ្ងៃមង្គលការ ។ គឺនៅថ្ងៃមង្គលនេះហើយដែលគេអញ្ជើញកូនកម្លោះបំពេញមុខជាកូនប្រសារគេ ឡើងជណ្តើរជ័យផ្ទះធំរបស់គេ ហេតុនេះហើយបានមុននិងឡើងលើផ្ទះធំ គេអោយកូនស្រីមកលាងជើងកូនកម្លោះជម្រះអព្វុទមង្គលចោល ។ ក្នុងពិធីលាងជើងនោះ កូនកម្លោះគេអោយឈរលើដុំថ្មមួយ(មើលរូបព្រួញពណ៌លឿង)មានទំហ៊ំប៉ុនថ្មសំលៀងកំបិត ។ ក្នុងពេលដែលកូនកម្លោះប្រឹងទប់ជំហរអោយមានលំនឹងនៅលើដុំថ្មមួយនោះ អាចារ្យគាត់ប្រាប់ទៅកូនកម្លោះហើយថា« នែក្មួយគេអោយឈរលើថ្មនេះ គឺមានន័យថាយើងក្លាយជាមេគ្រួសារគេហើយណា ត្រូវតាំងជំហរអោយនឹងធឹង ឈប់ឆ្វេចឆ្វាចដូចកាលកម្លោះទៀត ធ្វើជាមេគ្រួសារគឺវាលំបាកចឹង» ។

ដូច្នេះអត្ថន័យនៃពិធីលាងជើងក្នុងមង្គលការខ្មែរបង្កប់ន័យអប់រំ មិនមែនដូចអ្វីដែលមនុស្សខ្លះយល់ច្រឡំនោះទេ ។ 

ក្រៅពីពិធីលាងជើងនេះ នៅមានពិធីមួយទៀតគេហៅពិធីដេកអង្កររាប គឺគេចាក់អង្ករក្រាលលើកន្ទេលហើយវែកអោយស្មើ អោយកូនកម្លោះ កូនក្រមុំដេកលើនោះដោយធ្វើយ៉ាងណាកុំអោយខ្ទាតអង្ករចេញក្រៅកន្ទេល គាត់ថាបើអង្ករចេញក្រៅកន្ទេលស្មើនិងខ្ទាតទ្រព្យ តែតាមពិតគាត់ចង់អោយកូនកម្លោះ កូនក្រមុំចេះអត់ធ្មត់និងគ្នា បើមួយរើមួយទៀតនៅស្ងៀមសិនទៅ បើហ៊ានតែរើទាំងអស់គ្នាដឹងតែខ្ចាយអង្ករហើយ ដូចមនុស្សឆេវឆាវទាស់ទែងគ្នាវាខ្ចាយទ្រព្យអីចឹងដែរ តែពិធីនេះគេកាត់ចោលយូរមកហើយព្រោះធ្វើអោយកូនកម្លោះ កូនក្រមុំមិនបានដេកនាំប៉ះពាល់សុខភាព។

()

សម្រាប់អ្នកជិះរថភ្លើងលើកទី១ គួរអានអត្ថបទនេះ







ខណៈពេលប្រព័ន្ធដឹកជញ្ជូនទូរគមនាគមន៍នៅកម្ពុជាកំពុងត្រូវបានស្ថាបនា និងជួសជុលឡើងវិញ ការធ្វើដំណើរផ្លូវដែកត្រូវបានយុវវ័យចាប់អារម្មណ៍ជាច្រើន ។ ជាការគួរកត់សម្គាល់ការធ្វើដំណើរតាមរថភ្លើងខុសគ្នាទៅនឹងការធ្វើដំណើរតាមរថយន្តសឹងតែ ១៨០ដឺក្រេ ពោលប្រសិនបើអ្នកមិនធ្លាប់ជិះរថភ្លើងសោះ អ្នកអាចនឹងពិបាកមិនខាន បើមិនបានអានអត្ថបទនេះ។

ផ្អែកលើបទពិសោធន៍ ខ្ញុំសូមចែករំលែកទៅអ្នកទាំងអស់គ្នាដូចខាងក្រោម ៖

1-ការទិញសំបុត្រ៖ភ្នំពេញ-តាកែវ = ២ម៉ឺនរៀល។

ភ្នំពេញ-កំពត = ២៨,០០០ រៀល

ភ្នំពេញ-សីហនុ= ៣២,០០០ រៀល ។ អ្នកអាចរកទិញសំបុត្របាននៅស្ថានីយ៍រថភ្លើងភ្នំពេញ ទល់មុខអាគារវឌ្ឍនៈ ជិតសាលាពេទ្យ ។ ជាយោបល់គួរទិញសំបុត្រមុនយ៉ាងតិច ២ថ្ងៃមុនថ្ងៃធ្វើដំណើរ ដើម្បីធានាថាមានកន្លែងអង្គុយជៀសវាងការអស់សំបុត្រ ប្រសិនបើថ្ងៃធ្វើដំណើររបស់អ្នកចំថ្ងៃសម្រាក ឬបុណ្យជាតិសំខាន់ៗ ។ តែបើថ្ងៃធម្មតា អ្នកអាចទៅទិញផ្ទាល់នៅថ្ងៃធ្វើដំណើរក៏បាន ។

2-អ្វីដែលត្រូវត្រៀម៖

អ្នកដំណើរតាមរថភ្លើង ត្រូវត្រៀមទឹកដបធំ 1,5 L ក្នុងម្នាក់ ,អាហារពេលព្រឹក អាហារសម្រន់ ថ្នាំសង្គ្រោះបឋម(ប្រេងកូឡា-ថ្នាំរាគ ថ្នាំក្ដៅខ្លួនជាដើម ) ។ នៅតាមផ្លូវរថភ្លើងមិនដូចតាមផ្លូវរថយន្តដែលមានផ្ទះអ្នកលក់របស់របរទូទៅតាមផ្លូវជាហូរហែនោះទេ ហើយក៏គ្មានការ៉ាស់សាំងឈប់សំចតដើម្បីចូលបន្ទប់ទឹកដែរ ។​ ដូច្នេះរាល់សម្ភារៈណាដែលអ្នកយល់ថាតែងតែប្រើពេលធ្វើដំណើរ ឬចាំបាច់គួរទិញទុកមុនត្រៀមឱ្យហើយមុនឡើងរថភ្លើង ។

3-អំពីការធ្វើដំណើរ

រថភ្លើងពុំមានការឈប់តាមផ្លូវដើម្បីឱ្យអ្នកដំណើរចូលបន្ទប់ទឹកឡើយ ព្រោះបន្ទប់ទឹកមាននៅលើរថភ្លើងរួចជាស្រេច ។ ការឈប់មានតែ ៣ដងប៉ុណ្ណោះ គឺ៖ ស្ថានីយ៍តាកែវ, ស្ថានីយ៍កំពត, ស្ថានីយ៍ព្រះសហនុ ។ ការឈប់តាមស្ថានីយ៍ម្ដងៗ មិនលើសពី ១០នាទីឡើយ ដូច្នេះសូមអ្នកដំណើរទិញរបស់របរដោយប្រញាប់។

ជាធម្មតារថភ្លើងរត់ល្បឿនមិនលើស ៦០គីឡូ / ម៉ោង ឡើយ ដូច្នេះការធ្វើដំណើរមិនយឺតដូចរថភ្លើងកាលជំនាន់មុនឡើយ ។

3-ការទិញរបស់ហូបតាមផ្លូវ

សម្រាប់អាហារពេលព្រឹកត្រូវទិញទុកឱ្យហើយ ព្រោះតាមផ្លូវគ្មានហាងបាយ ហាងគុយទាវលក់ទេ ទោះបីមានក៏រថភ្លើងមិនឈប់ឱ្យហូបដែរ ។ សម្រាប់អាហារថ្ងៃត្រង់យើងចាំទិញនៅស្ថានីយ៍កំពតបាន តែមិនសំបូរបែបនោះទេ មានតែត្រីអាំង ជ្រក់ កង្កែបបោក និងសាច់មាន់ប៉ុណ្ណោះ ។



ចំណុចពិសេសចុងក្រោយនៃការធ្វើដំណើរតាមរថភ្លើងនោះគឺ “ទេសភាព” ។ ទេសភាពដងផ្លូវតាមរថភ្លើងពិតជាពិសេសណាស់ គ្មានសម្លេងស៊ីហ្លេឡាន ម៉ូតូរំខានទេ រថភ្លើងធ្វើដំណើរកាត់វាលស្រែ កាត់ភ្នំ កាត់ជ្រោះ កាត់ទឹក ទេសភាពអេមណាស់ .... ។​ ហើយមិនបារម្ភរឿងស្ទះចរាចរណ៍ ។

x

មកដឹងពី ភ្នំខ្នងផ្សារ ដែលកំពុងល្បី

[Trekking ភ្នំខ្នងផ្សារ ខ្នងក្រពើ]

អ្នកស្រលាញ់ការដើរព្រៃ ឬដើរលេងបែបផ្សងព្រេង បែបធម្មជាតិពិតជាមិនខកបំណងជាមួយកន្លែងនេះទេ! ទាំងការធ្វើដំណើរ ទាំងទេសភាព ទាំងទីតាំងភូមិសាស្រ្តសុទ្ធតែពិសេស អ្នកណាក៏លាន់មាត់ថា wow..😱 ពេលបានទៅដល់! តោះ Admin នឹងរៀបរាប់ខ្លីៗទាក់ទងនឹងដំណើរកំសាន្តលើកនេះ ឱ្យអ្នកទាំងអស់គ្នាបានដឹង:

- ទីតាំងនៅឯណា?
"ខ្នងផ្សា" ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្ត៖ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ស្ថិតនៅជួរភ្នំក្រវ៉ាញ ។ ខ្នងផ្សា ជាតំបន់ដែលសំបូរទៅដោយព្រៃ រុក្ខជាតិប្លែកៗកម្របានឃើញ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ តែកុំភ័យគ្មានខ្លា ឬដំរីទេ ។ 

 ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងត្រូវជិះគោយន្តសហគមន៍ ដែលចំណាយពេលជ ១ម៉ោង ។ 
ជិះគោយន្តគយគន់ទេសភាពក្នុងព្រៃខៀវខ្ចី មានទាំងព្រៃឬស្សី និងព្រៃរបោះ ដែលយើងកម្របានឃើញ អ្នកខ្លះធ្លាប់តែហិតផ្សែង ក្លិនម្ហូប តែមកដល់ទីនេះគឺបានហិតក្លិនដើមឈើផ្ទាល់តែម្ដង Admin និយាយមែននៅទីនោះ គឺមានក្លិនដើមឈើ ។

ក្រោយពីទៅដល់ជើងភ្នំយើងត្រូវយកអាហារ-ទឹក រួមនឹងសម្ភារៈតាមខ្លួន (សហគមន៍ជួយស្អាយ) ដោយត្រូវចុះពីគោយន្តដេីរដោយថ្មេីរជេីងឡេីងភ្នំ។ 

- យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក.... ។ សម្រាប់ទឹកញាំ នៅខែនេះជារដូវវស្សា ចឹងមិនចោទជាបញ្ហាទេ ដោយនៅលេីនោះមានទឹកថ្លក់ ឬទឹកអូតូចៗ ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញុាំ ។ 

យើងអាចនឹងមានបញ្ហាដោយផ្ដើម ឈឺសន្លាក់ជើងខ្លះ ប្រសិនបើអ្នកមិនធ្លាប់ Adventure ព្រោះផ្លូវឡើងភ្នំមានសភាពចោទខ្លះដែរ មានដុំថ្ម តែមិនចោទខ្លាំងបង្ករឲ្យមានគ្រោះថ្នាក់ទេ Admin ពេលឡើងភ្នំបានមែកឬស្សីមួយគ្រាន់តោង  ។

ក្នុងខែនេះអាចភ្លៀងនៅពាក់កណ្ដាលភ្នំ ។ ភ្លៀងអាចជួយយើងឲ្យមានកម្លាំង មិនឲ្យហប់ខ្យល់ តែយើងត្រូវមានថង់កៅស៊ូការពារសម្ភារ: និងខ្លួនផង កុំឲ្យផ្ដាស់សាយ។ Admin ពេលឡើងតាមផ្លូវសើមជោគគ្មានសល់កន្លែងទេ សូម្បី 😎លីអូ ហិហិ...។ 
យើងអាចចំណាយពេលដើរ ២ម៉ោង ឬលេីសពីនេះ អាស្រ័យលើស្ថានភាពកម្លាំង ដើរផង អង្កុយផង ស៊ីផង ជជែកគ្នាតាមផ្លូវទៀត ។ 

ក្រោយងូតទឹកហើយល្ងាច យើងអាចឡើងទៅមើលថ្ងៃលិចនៅកំពូលភ្នំដែលចម្ងាយ 200M ពីកន្លែងបោះតង់ ។ 

យប់ឡើងលេងហ្គេមជាក្រុម ញ៉ាំអាហារពេលល្ងាច បង្កាត់ភ្នក់ភ្លើង និង គេងមើលផ្កាយនិងស្ដាប់សំលេងសត្វយំជុំគ្នា! 

ការសម្រាកនៅលេីកំពូលភ្នំ
យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូលប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ ។ បើ Admin វិញរួញប្លោកតែម្ដង អាពេលជិតភ្លឺហ្នឹង ហិហិ ។
🤣អេមណាស់ ! ចប់មួយថ្ងៃបាត់! 

-----
- ថ្ងៃបន្ទាប់ងើបពីព្រឹក ដើរទៅកំពូលភ្នំខ្នងផ្សារដើម្បីចាំមើលថ្ងៃរះ ដែលទីនោះគឺអាចមើលឃើញទេសភាពជុំវិញ 360 ដឺក្រេ! ដើរកាត់ព្រៃ កាត់ភ្នំដើម្បីតែទៅមើលថ្ងៃរះ ទីនោះមិនត្រឹមតែបានមើលទេសភាព 360 ដឺក្រេទេ តែមានអ្វីជាច្រើនទៀតដែលយើងនឹងបានឃើញ ក៏ដូចជាទទួលបទពិសោធន៍ ស្ទឹងពពកនៅជុំវិញខ្លួនយើង (ប្រៀបដូចយើងនៅលើកោះដែលហ៊ុំព័ទ្ធដោយពពកអញ្ចឹង)។
ការដើរចេញពីព្រៃ ចូលវាលស្មៅ ឡើងភ្នំ កាត់អ័ព្ទ ដើរតាមជំរាលភ្នំ ។សាកបិទភ្នែកហើយស្រមៃមើលមើល ថាវាដូចក្នុងរឿង Hollywood ប៉ុណ្ណា?  គឺថាស្រស់ស្រូបអាហារពេលព្រឹក បែប អភិជន លើពពក មានទាំងអាហារ អឺរ៉ុប (នំប័ុង) និងបែបអាស៊ី (បាយ+មីកំប៉ុង) និងកាហ្វេ ! Wow...cool និយាយទៅក៏មិនអស់ដែរ ...😋 

- --------
ដំណើរកំសាន្ដនេះ បានផ្តល់ទាំងភាពសប្បាយរីករាយដល់អ្នកចូលរួម ទាំងការជួយដល់សហគមន៍ និងលើកស្ទួយទេសចរណ៍ក្នុងស្រុក ដោយភ្ជាប់ជាមួយការថែរក្សាបរិស្ថាន

Cr : Admin ឃី ពិសី - Khy Pisey

៦ ជំហានដើម្បីហ្វឹងហាត់ខ្លួនមុនពេលឡើងភ្នំ ឬAdventure ចូលព្រៃ




1-ត្រូវហាត់ប្រាណ ជាពិសេសដើរឱ្យបានច្រើនជំហ៊ាន ជារៀងរាល់ព្រឹក ឬល្ងាចតាមដែលអាចធ្វើទៅបាន ដោយហ្វឹកជើងឱ្យបានសមល្មម អាចសាំនឹងការដើរឆ្ងាយ ។

2-អនុវត្តការហាត់ដោយមិនខ្វល់ពីទីកន្លែង មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ ត្រូវរៀនធ្វើឱ្យខ្លួនសាំនឹងការដើរឡើងចុះ ។ អ្នកអាចធ្វើបានដោយការឡើងចុះជណ្ដើរឱ្យបានញឹកញាប់ ។ ព្យាយាមធ្វើពី១០-១៥នាទីជារៀងរាល់ថ្ងៃ ។

3-ធ្វើលំហាត់ និងម៉ាសានៅម្ដុំសាច់ដុំកំភួនជើង ក្រោយហាត់រួច ៥នាទី ដើម្បីឱ្យចរន្តឈាមរត់បានស្រួល ។

4-ស្ពាយកាបូបដែលមានដាក់វត្ថុធ្ងន់ៗ ដោយដើរទៅ ដើរមក ឱ្យបាន១៥នាទី ជារៀងរាល់ព្រឹក ។

5-ឈរជើងតែម្ខាងក្នុងរយៈពេល ៥-៦នាទី ទើបផ្លាស់ទៅជើងម្ខាងទៀត ។ ធ្វើបែបនេះ ៤-៥ដងក្នុងមួយព្រឹក ។

6-មុន ៣ថ្ងៃនៃដំណើរផ្សងព្រេងរបស់អ្នកចាប់ផ្ដើម អ្នកត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ហូបឱ្យបានឆ្អែត ឈប់ហាត់សម ឬហាត់ប្រាណអ្វីទាំងអស់ ជាពិសេសមិនត្រូវធ្វើឱ្យខ្លួនឯងហត់ឡើយ (គួរផ្អាកទទួលទានគ្រឿងស្រវឹងប្រសិនបើអាច) ។



--------

ជាចុងក្រោយសូមអ្នកកុំខ្លាច ហើយកុំសង្ស័យ វានឹងកើតឡើងចំពោះមនុស្សគ្រប់គ្នា អ្នកត្រូវដឹងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមដំណើរផ្សងព្រេងនេះ ? ដំណើរផ្សងព្រេងមិនមែនជាការទៅគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ តែវាជាការឆ្លុះបញ្ចាំងឱ្យអ្នកជំនះនូវឳបសក្គជីវិតខ្លួនឯង ។​ត្រូវចាំថាទោះបីជាមានឧបសក្គយ៉ាងណាក៏ដោយដាច់ខាតអ្នកមិនត្រូវបោះបង់ឡើយ ៕

វិធីសាស្រ្តទាំង ៨ ដើម្បីឈ្នះលើភាពភ័យខ្លាច

គ្រប់គ្នាមានភាពភ័យខ្លាច ប៉ុន្តែមិនមែនគ្រប់គ្នាចេះដោះស្រាយជាមួយវានោះទេ។ ខាងក្រោមជាវីធីសាស្រ្តជោគជ័យដែលត្រូវបានអនុវត្តន៍ដោយមនុស្សជោគជ័យលើលោក៖

១). ធ្វើហើយ ធ្វើទៀត

ភាពភ័យខ្លាចមានឥទ្ធិពលកាន់តែខ្លាំងនៅពេលដែលយើងព្យាយាមរត់គេចកាន់តែខ្លាំង។ យើងធ្វើអ្វីដែលយើងខ្លាចលើកទីមួយនៅតែខ្លាច ប៉ុន្តែនៅពេលដែលយើងធ្វើហើយ ធ្វើទៀត វានឹងធ្វើអោយខួរក្បាលរបស់យើងកត់ចំណាំ ដើម្បីកុំអោយភ័យខ្លាចលើកក្រោយទៀត។

២). តែងតែត្រៀមខ្លួនជានិច្ច

បើអ្នកមិនបានត្រៀមខ្លួន ដោយមិនដឹងជាមុនថាត្រូវធ្វើអ្វី ភាពភ័យខ្លាចនឹងចូលទៅក្នុងផ្ទះរបស់អ្នកដូចនៅពេលចោរចូលប្លន់។ ដូច្នេះត្រូវប្រាកដថាអ្នកបានត្រៀមខ្លួនមុនពេលចាប់ផ្ដើមអ្វីមួយ។

៣). សួរខ្លួនឯងថាហេតុអ្វីត្រូវខ្លាច

ពេលខ្លះយើងខ្លាចហាក់បីដូចជាគេយកទៅសម្លាប់អញ្ចឹង ប៉ុន្តែតាមពិត បើយើងធ្វើវាគ្មាននរណានឹងមកសម្លាប់យើងនោះទេ ប៉ុន្តែដោយសារយើងអត់បានសួរខ្លួនយើងថាតើហេតុអ្វីត្រូវខ្លាច ទើបបណ្ដាលអោយយើងកាន់តែខ្លាច។ ភាគច្រើននៃភាពភ័យខ្លាចគឺមិនសមហេតុផលនោះទេ ដូចជាសិស្សានុសិស្សភាគច្រើន ដែលសូម្បីតែលើកដៃសួរគ្រូក៏ខ្លាចដែរ។

៤). ហ៊ានឈានជំហានដំបូង

គ្រប់គ្នាខ្លាច ប៉ុន្តែបើយើងសាកល្បងដោយហ៊ានជំហានដំបូង ដោយមិនខ្វល់អំពីភាពភ័យខ្លាច ពេលនោះភាពខ្លាចនឹងរត់ចេញ។ ប៉ុន្តែបើយើងមិនហ៊ានប្រឈមមុខ យូរៗទៅខួរក្បាលរបស់យើងនឹងកត់ចំណាំ រហូតទាល់តែខួរក្បាលរបស់យើងជឿ ១០០% ថាយើងមិនអាចធ្វើបានទេព្រោះខ្លាច។ ដូច្នេះដើម្បីឈ្នះភាពភ័យខ្លាចអ្នកត្រូវហ៊ានឈានជំហានដំបូង។

៥). គិតវិជ្ជមាន

វាពិបាកក្នុងការដែលយើងក្លាហានបើយើងកំពុងតែស្រមើលស្រមៃអំពីការអាក្រក់ដែលនឹងត្រូវកើតឡើង។ ដូច្នេះយើងត្រូវដូរការស្រមើលស្រមៃរបស់យើងវាថា វានឹងមិនអីទេ ខ្ញុំអាចធ្វើបាន។

៦). យកអ្នកក្លាហានណាម្នាក់ដែលអ្នកស្គាល់ធ្វើជាគម្រូ

ពាក្យគម្រូគឺសំខាន់ ព្រោះវាជំរុញយើងអោយធ្វើនូវអ្វីដែលយើងខ្លាច ឬមិនហ៊ានធ្វើ ហើយវាធ្វើអោយយើងជឿថា យើងអាចធ្វើអ្វីមួយបាន។ ដូច្នេះបានជាយើងត្រូវការគម្រូ។

៧. អានសៀវភៅ

អានសៀវភៅច្រើនអំពីជម្នះភាពភ័យខ្លាច ជាពិសេសគឺសៀវភៅរឿងរបស់មនុស្សជោគជ័យ ព្រោះសៀវភៅទាំងនេះជាឧទាហរណ៏ និងគម្រូដល់យើងក្នុងការឈ្នះភាពភ័យខ្លាច។

៨). គិតអោយបានវែងឆ្ងាយ

ភាគច្រើននៅពេលដែលយើងខ្លាច គំនិតរបស់យើងគិតតែពីអ្វីដែលចំពោះមុខ ភ្លេចគិតអ្វីជាសេចក្ដីពិតប្រាកដ។តាមពិតទៅភាពខ្លាចមានរយៈកាលតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែបើយើងជម្នះបាន យើងជោគជ័យបានយូរអង្វែង។

dooolife

របៀបក្រោកឈរសាជាថ្មីបន្ទាប់ពីដួល

មនុស្សគ្រប់គ្នាធ្លាប់ដួល ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាក្រោកឡើងវិញម្ដងទៀតនោះទេ ព្រោះវាលំបាក ឬបាក់ស្បាត។ ខាងក្រោយនេះដើម្បីជួយលោកអ្នកបងប្អូន

១. ត្រូវទទួលស្គាល់កំហុសរបស់ខ្លួន ហើយទទួលខុសត្រូវ

វាជាការគ្រោះថា្នក់បំផុតបើអ្នកធ្វើខុស ហើយមិនហ៊ានសារភាពកំហុស។ ពិតជាត្រឹមត្រូវណាស់ ព្រោះកំហុសពិបាកក្នុងការទទួលខុសត្រូវ ប៉ុន្តែវានឹងធ្វើអោយស្ថានភាពកាន់តែលំបាកប្រសិនបើយើងមិនទទួលខុសត្រូវ ឬមិនសារភាពកំហុស។

២). ស្វែងរកឬសគុលនៃកំហុស

សួរខ្លួនឯង ថាតើហេតុអ្វីបានជាអ្នកដួល? នៅពេលដែលអ្នកដឹងថាតើហេតុអ្វីបានជាអ្នកដួល អ្នកត្រូវបន្តសួរខ្លួនឯង ថាតើធ្វើយ៉ាងណាកុំអោយដួលម្ដងទៀត? ជាធម្មតា បញ្ហាជីវិតមិនមែនមានតែមួយនោះទេ ដូច្នេះការដួលក៏អាចកើតឡើងច្រើនដងដែរ ប៉ុន្តែយើងត្រូវដឹងឬសគុលរបស់វា ដើម្បីងាយស្រួលក្នុងការស្ដារឡើងវិញ។

៣). ស្វែងរកជំនួយ

តាមបទពិសោធន៍របស់ខ្ញុំ វាពិបាកខ្លាំងណាស់ប្រសិនជាចង់ក្រោកឡើងវិញ បើគ្មានជំនួយខ្ញុំជឿថា មនុស្សម្នាក់ៗខុសៗគ្នា ជាហេតុដែលមនុស្សម្នាក់ៗត្រូវការគ្នា។ បើយើងខ្សោយ ចូរទៅរកអ្នកដែលខ្លាំងដើម្បីជួយយើង។

៤). ចាត់ទុកការបរាជ័យ ជាមេរៀនដ៏សំខាន់សម្រាប់ជីវិត

កុំគិតថា នៅពេលយើងដួល អ្វីៗនឹងត្រូវបានបញ្ចាប់នោះឡើយ។ ការបរាជ័យជាមេរៀនសម្រាប់យើង ហើយក៏អាចជាមេរៀនសម្រាប់អ្នកដទៃទៀតដែរ ដោយយើងចាប់ផ្ដើមចែកចាយបទពិសោធន៍ចំពោះគ្នាទៅវិញទៅមក។ សូមចងចាំថា វានឹងមិនហួសពេលនោះទេ សម្រាប់អ្នកដែលចង់ចាប់ផ្ដើមជីវិតសារជាថ្មី។

៥). អានសៀវភៅ និងស្ដាប់មេរៀនជីវិត

ការអានសៀវភៅច្រើនធ្វើអោយយើងមើលឃើញថា មិនមែនតែយើងម្នាក់ឯងនោះទេ ដែលដួល គឺមានមនុស្សជាច្រើនអ្នកទៀតដែលកំពុងតែជួបបញ្ហាដែលអ្នកកំពុងតែជួប។ ពិភពលោកសព្វថ្ងៃ គឺធ្វើអោយយើងរស់នៅកាន់តែងាយស្រួលដើម្បីភ្ជាប់ទំនាក់ទំនងទៅសង្គមខាងក្រៅ ជាហេតុដែលធ្វើអោយយើងងាយស្រួលក្នុងការស្វែងរកជំនួយ។
dooolife

កំហុសទាំង ៦ ដែលគួរតែជៀសវាងក្នុងកន្លែងការងារ


កំហុសទី១៖ បញ្ចេញពន្លឺខ្លាំងពេក
បើអ្នកជាផ្កាយ កុំភ្លឺខ្លាំងជាងព្រះអាទិត្យ អ្នកគួរតែបាំងពន្លឺរបស់ខ្លួនហើយចុះចូលទៅនិងព្រះអាទិត្យ។ វាមានន័យថា អ្នកមិនគួរអួតអំពីសមត្ថភាពរបស់អ្នកខ្លាំងពេកនោះទេ ក្នុងកន្លែងការងារ ហើយក៏មិនគួរសម្ដែងអោយគេឃើញថា អ្នកឆ្លាតជាងគេដែរ ព្រោះវាមិនសំខាន់លើការសម្ដែងនោះទេ ប៉ុន្តែវាសំខាន់លើលទ្ធផលការងាររបស់អ្នក។ អ្នកគួរបន្ទាបខ្លួន ព្រោះមនុស្សដែលបន្ទាបខ្លួន នឹងត្រូវបានតម្កើងឡើង។
កំហុសទី ២៖ លេសច្រើន
នៅពេលដែលអ្នកមានលេសច្រើននៅក្នុងកន្លែងការងារ វាបង្ហាញអំពីភាពទន់ខ្សោយបំផុតរបស់អ្នក ហើយបង្ហាញថាអ្នកជាមនុស្សដែលពុំបានទទួលខុសត្រូវពេញលេញនោះទេ។ នៅលើលោកនេះគ្មានមេគ្រប់គ្រងណា ស្រលាញ់ចូលចិត្តនរណាដែលធ្វើការមានលេសច្រើននោះទេ។
កំហុសទី ៣៖ និយាយដើមគ្នា
ការនិយាយដើមគ្នា ជាជាងការកែតម្រូវគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិត ជាការបំផ្លាញការរួបរួមគ្នាក្នុងកន្លែងការងារ។ តើអ្នកពិតជាចង់ឃើញក្រុមការងាររបស់អ្នកបាក់បែកសាមគ្គីគ្នាដែរឬទេ? បើទេ កុំនិយាយដើមគ្នា។
កំហុសទី ៤៖ ខ្លាចការលំបាក
បើយើងមិនអត់ធ្មត់ក្នុងពេលដែលយើងមានទុក្ខលំបាក យើងមិនអាចសម្រេចលទ្ធផលជាក្រុមនោះទេ។ កុំធ្វើការដើម្បីអោយបានតែលុយ ព្រោះអ្នកជាមនុស្សដែលមានតម្លៃ ជាងលុយ មានន័យថា ប្រឹងប្រែងអត់ធ្មត់ ជម្នះការលំបាកដើម្បីបានអ្វីដែលផ្ដល់តម្លៃ ហើយសំខាន់។
កំហុសទី ៥៖ ធ្វើកំហុសដដែលៗ
ត្រូវជៀសវាងអោយបានល្អបំផុត ដើម្បីកុំអោយមានកំហុសច្រំដែល ព្រោះកំហុសច្រើនដងដដែលៗ អាចធ្វើអោយក្រុមការងាររបស់អ្នកលែងទុកចិត្តអ្នកក្នុងការងារ។ បើធ្វើកំហុស ត្រូវព្យាយាមកែអោយលឿនបំផុត ហើយជៀសវាងក្នុងការធ្វើម្ដងទៀត។
កំហុសទី ៦៖ គិតពីខ្លួនឯង ជាជាងលទ្ធផលរបស់ក្រុម
នៅក្នុងកន្លែងការងារ មិនមែននិយាយអំពីអាត្មាខ្ញុំ ប៉ុន្តែនិយាយអំពីក្រុមរបស់ខ្ញុំ។ បើយើងគិតអំពីប្រយោជន៍ខ្លួនឯង ជាងប្រយោជន៍រួមក្នុងក្រុម នោះក្រុមរបស់យើងប្រាកដជាបែកបាកសាមគ្គីគ្នា ជាមិនខាន។ យើងត្រូវផ្ដោតលើគោលដៅរួម គោលបំណងរួម ហើយសម្រេចលទ្ធផលរួម។

ការពិត ទាំង ៥ នៃជីវិត ដែលជៀសមិនផុត



ការពិតទី ១៖ សេចក្ដីស្លាប់គឺមើលមិនឃើញ ហើយមិនអាចជៀសផុត

នៅពេលដែលមនុស្សចង់ចាំមិនភ្លេចថា សេចក្ដីស្លាប់ គឺមើលមិនឃើញ ហើយមិនអាចជៀសផុត មនុស្សប្រាកជាត្រៀមខ្លួន ហើយធ្វើអ្វីដែលធ្វើអោយជីវិតមានន័យ មិនខ្ជះខ្ជាយពេលវេលាទៅធ្វើអ្វីដែលគ្មានតម្លៃនោះឡើយ។ មនុស្សនឹងអោយតម្លៃសេចក្ដីស្រលាញ់ជាងប្រាក់កម្រៃ ហើយភាពស្មោះត្រង់ជាងការកុហកខ្លនឯងរាល់ថ្ងៃ។
មនុស្សដែលមិនខ្វល់អំពីសេចក្ដីស្លាប់ តែងតែភ្លេចខ្លួនដោយយកទ្រព្យទុកដូចជាព្រះ ហើយស្រលាញ់ប្រាក់ជាងស្រលាញ់គ្រួសារ ស្រលាញ់អំណាចជាងស្រលាញ់ប្រជារាស្រ្តជាមិនខាន ព្រោះគាត់គិតថាវាអាចស្ថិតស្ថេរនៅរហូត ប៉ុន្តែការពិតវានៅតែមួយរយៈប៉ុណ្ណោះ។ ដូច្នេះបានជាយើងមិនត្រូវភ្លេចអ្វីដែលសំខាន់បំផុត គឺសេចក្ដីស្រលាញ់។

ការពិតទី​ ២៖ មនុស្សមិនល្អឥតខ្ចោះនោះទេ

យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយការកាត់ទោស ដោយដាក់កំហុសអោយគ្នាទៅវិញទៅមក ជាជាងការលើកលែងទោស ហើយកែតម្រូវគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិត។​ មនុស្សបានភ្លេចថា ខ្លួនក៏មិនល្អគ្រប់ ១០ ដែរ ប៉ុន្តែបែរជាព្យាយាមចង់តែកែប្រែអ្នកដទៃ ភ្លេចផ្លាស់ប្រែខ្លួនឯង។
យើងលើកទឹកចិត្តគ្នា ជំរុញគ្នាដើម្បីអោយមានការរីកចម្រើនជាមួយគ្នា ប៉ុន្តែអ្វីដែលយើងត្រូវដឹងនោះគឺ នៅក្នុងពេលដែលមនុស្សកំពុងរីកចម្រើន មនុស្សមិនអាចជៀសផុតពីការធ្វើកំហុសនោះទេ ទាស់តែកំហុសខ្លះតូច ខ្លះធំ។ អ្នកអាចសួរខ្លួនឯងមើលទៅថា ខ្លួនធ្លាប់ធ្វើខុសដែរឬទេ? ធ្លាប់ប្រព្រឹត្តអំពើបាបដែរឬទេ? ដូច្នេះយើងត្រូវអត់ទោសអោយគ្នា ហើយកែប្រែគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិតវិញ។​

ការពិតទី ៣៖ មនុស្ស និងអ្វីដែលអ្នកស្រលាញ់ មិននៅស្ថិតស្ថេររហូតនោះទេ

យើងមិនហ៊ានគិតនោះទេ នៅពេលដែលមនុស្សដែលយើងស្រលាញ់ជាងគេត្រូវស្លាប់ ឬអ្វីដែលយើងស្រលាញ់ត្រូវបាត់បង់ ព្រោះគ្រាន់តែគិតក៏មានអារម្មណ៍ថាឈឺចាប់ទៅហើយ ប៉ុន្តែយើងត្រូវតែដឹងគ្មានអ្វីដែលនៅលើលោកីយ៍ដែលនៅស្ថិតស្ថេរនោះទេ។ ដូច្នេះយើងត្រូវត្រៀមខ្លួន ហើយបើចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់អោយបានច្រើន។

ការពិតទី ៤៖ អ្នកមិនអាចផ្គាប់ចិត្តមនុស្សបានទេ

គ្មានមនុស្សណាអាចផ្គាប់ចិត្តយើងបាន១០០% ហើយយើងក៏មិនអាចផ្គាប់ចិត្តមនុស្សបាន ១០០%នោះដែរ។ យើងគ្រាន់តែអាចជួយគាំទ្រគ្នា សហការគ្នា រួបរួមគ្នា ប៉ុន្តែនៅតែមានកន្លែងខ្លះដែលយើងមិនត្រូវភ្លេចថា យើងមិនអាចផ្គាប់ចិត្តគ្នារហូតនោះទេ ពេលខ្លះយើងខ្វែងគំនិតគ្នា។ ដូច្នេះហើយបានជាយើងមិនត្រូវប្រកាន់តែគំនិតខ្លួនឯង ហើយក៏មិនត្រូវរង់ចាំស្ដាប់តាមតែគេដែរ ។ យើងត្រូវគិតពិចារណា ហើយក៏ត្រូវយល់ពីគ្នាទៅវិញទៅមកផងដែរ។​

ការពិតទី ៥៖​ យើងសាបព្រោះពូជណា យើងច្រូតផលបានពូជនោះ

មនុស្សតែងតែភ្លេចខ្លួនដោយធ្វើអ្វីដោយមិនបានគិតពិចារណាច្បាស់លាស់ ដោយភ្លេចថា អ្វីដែលខ្លួនធ្វើ នឹងជះឥទ្ធិពលដល់លទ្ធផលដែលត្រូវទទួលបាន។  មនុស្សល្អតែងប្រព្រឹត្តល្អព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញតែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
កុំភ្លេចថា យ៉ាងសាបព្រោះគ្រាប់ពូជណា យើងនឹងច្រូតបានផលតាមពូជនោះ។ ដូច្នេះយើងត្រូវប្រយ័ត្នជាមួយពូជដែលយើងសាបព្រោះ។ យើងត្រូវប្រុងប្រយ័ត្នពីរបៀបដែលយើងបង្រៀនកូន ប្រុងប្រយ័ត្នពីរបៀបដែលយើងធ្វើអ្វីមួយមិនគាប់បី ហើយរក្សាភាពស្មោះត្រង់ជានិច្ច ព្រោះវាជាលទ្ធផលដែលយើងនឹងទទួលបានមកវិញ។

dooolife

តើគួរធ្វើយ៉ាងណា ពេលឈ្លោះគ្នាជាមួយមិត្តភ័ក្រ្ត ? ប្រឈមមុខ ឬគេចមុខ?

សឹងតែមនុស្សគ្រប់គ្នា ធ្លាប់មានបទពិសោធន៍ឈ្លោះគ្នាជាមួយមិត្តភ័ក្រ្ត ប៉ុន្តែសំខាន់មិនមែនឈ្លោះគ្នានោះទេ សំខាន់គឺ តើត្រូវធ្វើយ៉ាងណានៅពេលឈ្លោះគ្នា។ ខាងក្រោមនេះជាគន្លឺះមួយចំនួនដើម្បីជួយអ្នក៖

ជំហានទី ១៖ ស្វែងយល់អំពីបញ្ហា

យើងមិនអាចដោះស្រាយបញ្ហា ដោយមិនយល់អំពីបញ្ហាបាននោះទេ។ យើងត្រូវស្វែងយល់អោយឃើញថាតើអ្វីជាឬសគុលនៃបញ្ហា។ ភាគច្រើននៃជម្លោះជាមួយមិត្តភ័ក្រ្តកើតឡើងពីការយល់ច្រឡំគ្នាប៉ុណ្ណោះ។

ជំហានទី ២៖ និយាយពាក្យសុំទោស

បើអ្នកចង់បន្តមិត្តភាពនេះ អ្នកត្រូវហ៊ានក្នុងការនិយាយពាក្យសុំទោស បើទោះបីជាអ្នកមិនខុសក៏ដោយ។ និយាយពាក្យសុំទោស ដោយសម្ដីទន់ភ្លន់ នោះយើងនឹងអាចសម្លាប់ចិត្តរឹងរូស របស់មិត្តភ័ក្រ្តរបស់យើងបាន។

ជំហានទី ៣៖ ពន្យល់ហេតុផល

បើអ្នកពិតជាខុស អ្នកមិនគួរពន្យល់ហេតុផលច្រើននោះទេ ប៉ុន្តែបើអ្នកយល់ថាវាជាការយល់ច្រឡំ អ្នកគួរសុំទោស ហើយពន្យល់ហេតុផលដើម្បីកុំអោយមានរបួសផ្លូវចិត្តនៅថ្ងៃអនាគត។

ជំហានទី ៤៖ សម្រេចចិត្ត ថាគួរប្រឈមមុខ ឬគួរគេចមុខ

ការគេចមុខមិនមែនជាការល្អនោះទេ វាបង្កជាស្នាមរបួសទាំងយើង ទាំងមិត្តភ័ក្រ្តរបស់យើង លើកលែងតែវាជាករណីមួយដែលលំបាកសម្រាប់មិត្តភាពក្នុងពេលអនាគតតែប៉ុណ្ណោះ។ ការសម្រេចចិត្តដ៏ល្អបំផុត គឺការប្រឈមមុខ ហើយសម្រួលគ្នា។  

ជំហានទី ៥៖ បញ្ចូលមនោសញ្ចេតនា

មនោសញ្ចេតនា ធ្វើអោយទំនាក់ទំនងផ្សះផ្សា។ សូមចងចាំថា គ្មាននរណាល្អឥតខ្ចោះនោះទេ ដូច្នេះលើកលែងទោសអោយមិត្តភ័ក្រ្ត ហើយរកវិធីដើម្បីបង្ហាញមនោសញ្ចេតនារបស់អ្នក ។

ជំហានទី ៦៖ ចំណាយពេលវេលាកំសាន្តជាមួយគ្នា

ពេលវេលាសប្បាយជាមួយគ្នា ជាថ្នាំព្យាបាល ជម្ងឺអាក់អាន់ចិត្ត និងរបួលផ្លូវចិត្តជាមួយគ្នា។ ដូច្នេះបើឈ្លោះគ្នា  ហើយពិតជាចង់ត្រូវគ្នាវិញ យើងជៀសមិនផុតត្រូវចំណាយពេលវេលាសប្បាយជាមួយគ្នា។
dooolife

ការលំបាកទាំង ៨ដែលមនុស្សពិបាកធ្វើ

តើអ្វីជាភាពខុសគ្នារវាងមនុស្សរឹងមាំនិង មនុស្សធម្មតា? គឺដោយសាមនុស្សរឹងមាំជ្រើសរើសធ្វើអ្វីដែលលំបាកប៉ុន្តែផ្ដល់ផលផ្លែច្រើន។​ខាងក្រោមនេះជាការលំបាកដែលមនុស្សពិបាកធ្វើ៖

១).គ្រប់គ្រងកំហឹងរបស់ខ្លួន

ការគ្រប់គ្រងកំហឹងរបស់ខ្លួនមិនល្អ មិនមែនជាការងាយស្រួលនោះទេ។ នៅក្នុងសៀវភៅសុភាសិតបានអោយយើងដឹងថា មនុស្សមានប្រាជ្ញា គឺជាមនុស្សដែលមិនឆាប់ខឹង។ បើអ្នកអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបានល្អ គឺមានន័យថា អ្នកជាមនុស្សម្នាក់ដែលរឹងមាំ។ ការគ្រប់គ្រង់កំហឹងបានល្អ មិនមែនមានន័យថា យើងមិនចេះខឹងនោះទេ ប៉ុន្តែវាមានន័យថា យើងដឹងថាពេលណាត្រូវបញ្ចេញកំហឹង ហើយពេលណាត្រូវប្រើប្រាស់វាដើម្បីជាប្រយោជន៍ដល់យើង ឬក្រុមរបស់យើង។​

២). ក្រោកឡើងពីព្រលឹមរៀងរាល់ថ្ងៃ

ការក្រោកពីព្រលឹមមិនមែនជាការងាយស្រួលនោះទេ។ មនុស្សរឹងមាំ អាចក្រោកឡើងពីព្រលឹមបានដោយគ្មានភាពត្អួញត្អែរ តែឯមនុស្សទន់ខ្សោយបិទម៉ោងរោទ៍ ហើយដេកបន្ត។

៣).មិនខ្វល់នូវការគិត ឬការរិះគន់របស់អ្នកដទៃ

មនុស្សភាគច្រើនបាក់ទឹកចិត្ត ហើយខ្វល់ខ្វាយច្រើន នៅពេលគេមិនយល់ព្រម ឬគេរិះគន់អំពីខ្លួន ប៉ុន្តែមនុស្សដែលរឹងមាំមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ជឿលើអ្វីដែលខ្លួនមាន គឺមិនសូវខ្វល់អំពីការគិត ឬការរិះគន់របស់អ្នកដទៃនោះទេ ប្រសិនបើការរិះគន់នោះលើស ឬជ្រុលខ្លាំងពេក តែប្រសិនបើគេថ្លឹងថ្លែងមើលថាការរិះគន់នោះ សមហេតុផល គេនឹងយកមកពិចារណាបន្ថែម ។ អញ្ចឹងហើយបានជាវាជាការលំបាកមួយសម្រាប់មនុស្សដែលរៀនរស់នៅជាមួយវា។ ពេលខ្លះការគិត ឬការរិះគន់របស់អ្នកដទៃគឺត្រឹមត្រូវ ប៉ុន្តែមិនប្រាកដថាវាត្រឹមត្រូវទាំងអស់នោះទេ ។

៤).និយាយពាក្យថា "ទេ"

មានតែមនុស្សដែលរឹងមាំប៉ុណ្ណោះហ៊ាននិយាយពាក្យថាទេ ទៅកាន់មនុស្សណាម្នាក់ សូម្បីតែខ្លួនឯង មានន័យថាប្រសិនបើគេយល់ថាមិនចាំបាច់ ឬមិនសមរម្យគេនឹងបដិសេធរាល់ការអះអាងនោះភ្លាម សូម្បីតែការគិតដែលកើតចេញពីគំនិតខ្លួនឯងក៏មនុស្សរឹងមាំហ៊ានបដិសេធផងដែរ

៥). គ្រង់គ្រងពាក្យសម្ដីរបស់ខ្លួន

មានពាក្យស្លោកមួយបាននិយាយថា ពាក្យសម្ដី គឺនិយាយចេញពីអណ្ដាតដែលគ្មានឆ្អឹងប៉ុន្តែអាចសម្លាប់ដួងចិត្តរបស់មនុស្សបាន។ ការគ្រប់គ្រងពាក្យសម្ដី ត្រូវបានលើកឡើងដោយមនុស្សជាច្រើន ហើយវាពិតជាលំបាកក្នុងការណាស់ក្នុងការគ្រប់គ្រងថាតើត្រូវនិយាយយ៉ាងណាអោយត្រូវតាមកាលៈទេសៈ។ អញ្ចឹងហើយបានជាមនុស្សដែលនិយាយច្រើនរមែងខុសច្រើន រីឯអ្នកនិយាយតិច ខុសតិច។ ត្រង់ចំណុចនេះមិនមែនមានន័យថាឱ្យអ្នកសំងំមិននិយាយអ្វីនោះទេ តែត្រូវដឹងថាកាលៈទេសៈណាគួរនិយាយ ឬមិនគួរនិយាយ ជាពិសេសមុននិយាយត្រូវគិត ។

៦). សុំ នូវអ្វីដែលពួកគេចង់បានពីមនុស្សចម្លែក

ភាពភ័យខ្លាចបណ្ដាលអោយមនុស្សពិបាកក្នុងការសុំអ្វីដែលពួកគេចង់បាន ព្រោះខ្លាចគេបដិសេធ។ នេះជាមូលហេតុដែលធ្វើអោយសិស្សថ្មី ខ្លាចក្នុងការសួរគ្រូ ឬក៏មនុស្សម្នាក់ពិបាកក្នុងការនិយាយជាមួយអ្នកដទៃដែលពួកគេមិនទាន់ស្គាល់ច្បាស់។ ករណីកើតឡើងច្រើនជាមួយអ្នកលក់ អ្នកជំនួញ និងមនុស្សដែលចង់ស្វះស្វែងរកនូវចំណេះដឹងថ្មី ប៉ុន្តែភាពភ័យខ្លាចបានរាំងស្ទះពួកគេមិនអោយធ្វើវា។ ប៉ុន្តែមនុស្សរឹងមាំ ពុំដែលទុករឿងនេះជាឧបសក្គនោះទេ ពួកគេតែងតែហ៊ាននិយាយការពិត ហ៊ានសួរ ហ៊ានតស៊ូមតិ ដើម្បីអភិវឌ្ឍចំណេះដឹង ។

៧).និយាយភាសានៃសេចក្ដីស្រលាញ់

ដើម្បីអោយគ្រួសារមានសុភមង្គល ហើយបុគ្គលរីកចម្រើន យើងត្រូវចាប់ផ្ដើមដោយនិយាយភាសា ទាំង ៥យ៉ាងនៃសេចក្ដីស្រលាញ់ដែលនិពន្ធដោយ លោកលោក ហ្គារី ឆាបមែន (Gary Chapman) ។
 ភាសាទីមួយ៖ ពាក្យសម្ដីវិជ្ជមាន ជាពាក្យសរសើរគ្នា លើកទឹកចិត្តគ្នាជាដើម
ភាសាទីពីរ៖ ការបម្រើគ្នា៖ មនុស្សយើងមានភាពអាត្មានិយមដែលស្វែងរកចង់អោយតែគេបម្រើ ប៉ុន្តែមិនចូលចិត្តបម្រើគេនោះទេ។ វាជាការលំបាកណាស់ក្នុងការបម្រើគ្នា ព្រោះលក្ខណៈមនុស្សខុសគ្នា ដែលយើងមិនអាចផ្គាប់ចិត្តគ្នាបានទាំងអស់នោះទេ ប៉ុន្តែការបម្រើគ្នាទៅវិញទៅមក ជាអ្វីដែលមានតែមនុស្សរឹងមាំខ្លាំងអាចធ្វើបាន។ 
ភាសាទីបី៖ អោយការដូរទៅកាន់គ្នា៖ តាមពិតការជួនការដូរទៅកាន់គ្នាទៅវិញទៅមកមិនលំបាកនោះទេ ជាពិសេសសម្រាប់អ្នកមានលុយ ប៉ុន្តែការដូរដែលចេញពីចេញគឺត្រូវការការប្ដេជ្ញាចិត្ត។ ការអោយការដូទៅកាន់គ្នា ធ្វើអោយមនុស្សមានអារម្មណ៍ពិសេសនៃសេចក្ដីស្រលាញ់។
ភាសាទីបួន៖ ការចំណាយពេលជាមួយគ្នា៖ នៅក្នុងសង្គមដែលរវល់ ដូចសព្វពិបាកក្នុងការស្វែងរកពេលវេលាល្អៗជាមួយគ្នា។ ប៉ុន្តែមនុស្សដែលរឹងមាំ គេឈ្លៀតពេលវេលាដែលរវល់របស់គេដើម្បីចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់។
ភាសាទីប្រាំ៖ កាយវិការខ្វល់ខ្វាយពីគ្នា៖ ដូចជាការអោបគ្នា បង្រៀកស្មាគ្នា បង្ហាញពីដួងចិត្តខ្វល់ខ្វាយពីគ្នា គឺគ្រប់គ្នាអាចធ្វើបាន ប៉ុន្តែការធ្វើដែលចេញពីចិត្តមិនមែនងាយស្រួលនោះទេ។

៨).ហ៊ាននិយាយពាក្យថាសុំទោស ហើយសូមនឹងពាក្យជួយខ្ញុំ

យើងធ្វើការសិក្សាដោយយកមនុស្ស ១០ នាក់មកពិសោធន៍ បង្ហាញអោយឃើញថា នៅពេលជួបស្ថានការណ៍មួយដែលខ្លួនធ្វើខុស គឺពិបាកណាស់ក្នុងការនិយាយពាក្យសុំទោស ។ បើយោងតាមទស្សនៈវិទ្យាបានបង្ហាញពីមូលហេតុដែលធ្វើអោយយើងពិបាកនិយាយ នោះគឺដោយសាការនិយាយពាក្យសុំទោស ធ្វើអោយខ្លួនគាត់មានអារម្មណ៍ថាអន់ មានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានតម្លៃ ប៉ុន្តែសេចក្ដីពិតនោះគឺផ្ទុយទៅវិញ បើយើងនិយាយពាក្យទាំងនេះ មនុស្សគេនឹងកាន់តែស្រលាញ់យើង ហើយយកចិត្តទុកដាក់នឹងយើងខ្លាំងជាងមុនទៅទៀត។
dooolife

របៀបការពារចិត្តខ្លួនឯងរស់នៅដោយរីករាយ



បើយើងការពារចិត្តខ្លួនឯងបាន យើងនឹងរស់នៅដោយមានសន្តិភាពផ្លូវចិត្តហើយសប្បាយរីករាយក្នុងជីវិត។ ខាងក្រោមនេះវិធីសាស្រ្តមួយចំនួនដើម្បីការពារចិត្តរបស់យើង៖

១).ត្រូវប្រុងប្រយ័ត្នជាមួយភ្នែករបស់យើង ឬអ្វីដែលយើងឃើញ
សឹងតែគ្រប់សេចក្ដីល្បួងទាំងអស់កើតឡើងតាមរយៈភ្នែក។ នៅពេលដែលយើងឃើញថាអ្វីមួយស្អាត គួរអោយស្រលាញ់ វាអន្ទោងចិត្តរបស់យើងដើម្បីដេញចាប់វា ប៉ុន្តែនៅពេលដែលយើងចាប់បានវា ពេលខ្លះវាគ្រាន់តែជារបស់ឥតប្រយោជន៍មួយតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវការពារចិត្តរបស់យើង កុំបណ្ដោយតាមភាពលោភលន់ ឬភាពភ័យខ្លាចដឹកនាំយើងឡើយ។

២).ត្រូវប្រុងប្រយ័ត្ននឹងអ្វីដែលអ្នកកំពុងតែគិតជាពិសេសនៅពេលនៅម្នាក់ឯង
នៅពេលយើងនៅម្នាក់ឯង ហើយយកពេលសញ្ចឹងគិតគឺរឿងមួយដ៏ល្អបំផុតដើម្បីខ្លួនយើង ប៉ុន្តែបើយើងមិនប្រយ័ត្ន វានឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងមកដល់ជីវិតរបស់យើង ជាពិសេសនៅពេលដែលការគិតរបស់យើងរុំព័ទ្ធដោយគំនិតអវិជ្ជមាន។ នៅពេលដែលយើងគិតម្នាក់ឯង ព្យាយាមជៀសចេញនូវគំនិតទាំងអស់នេះ ព្រោះអាចធ្វើអោយចិត្តរបស់អ្នកតូច ហើយមិនហ៊ាន ឬមិនព្រមធ្វើអ្វីដែលត្រឹមត្រូវមួយ ហើយការអាក្រក់ផ្សេងៗអាចកើតឡើងចេញពីលទ្ធផលនៃគំនិតដែលយើងគិតនោះ។

៣). ត្រូវអាន ហើយសិក្សាអំពីប្រាជ្ញា
ការអានជួយយើង ដោយផ្ដល់នូវគំនិតនឹងប្រាជ្ញាដល់ខួរក្បាលរបស់យើង ដើម្បីគ្រប់គ្រងចិត្ត។ នៅពេលដែលការគិត ឬប្រាជ្ញាយើងខ្សោយ យើងប្រើចិត្តរបស់យើងសម្រេចចិត្តជាងប្រើប្រាស់ខួរក្បាលរបស់យើងដើម្បីវិនិច្ឆ័យ។ ការអាន និងសិក្សាអំពីប្រាជ្ញាជួយអោយយើងយល់អំពីខ្លួនឯងប្រសើរជាងមុន ហើយនៅពេលដែលយើងយល់អំពីខ្លួនឯងប្រសើរជាងមុន ធ្វើអោយយើងងាយស្រួលគ្រប់គ្រងខ្លួនបានច្រើនជាងមុន។

៤).ត្រូវប្រយ័ត្នជាមួយអ្វីដែលអ្នកមើលងាយ ឬអ្វីដែលចាត់ទុកថាតូចតាច មិនសំខាន់
មនុស្សខ្លះមើលងាយអ្វីដែលតូចតាច ឬអ្វីដែលខ្លួនចាត់ទុកថាមិនសំខាន់ ប៉ុន្តែចុងក្រោយការថប់បារម្ភកើតឡើង បន្ទាប់ពីរឿងតូចៗបូកបញ្ជូលគ្នាច្រើនទៅៗ។ យើងត្រូវរៀនដោះស្រាយបញ្ហាតូចៗ ដើម្បីកុំអោយបញ្ហាតូចៗទាំងនេះ ជះឥទ្ធិពលដល់ចិត្តរបស់យើងនាពេលអនាគត។

៥).ត្រូវប្រុងប្រយ័ត្នជាមួយអ្វីដែលអ្នកនិយាយចេញមក
នៅក្នុងសុភាសិត ១៨:២១ បាននិយាយថា ស្លាប់ ឬរស់ព្រោះសម្ដី អ្នកណាដែលចូលចិត្តនិយាយ អ្នកនោះតែទទួលផលពីពាក្យសម្ដីរបស់ខ្លួន។ ដូច្នេះហើយបានជាយើងត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់ចិត្តជាខ្លាំងនៅថ្ងៃអនាគត។
"នៅពេលដែលអ្នកកំពុងនិយាយអ្នកគឺជាម្ចាស់សំដី តែនៅពេលអ្នកឈប់សម្ដីទាំងនោះនឹងក្លាយជាម្ចាស់របស់អ្នកវិញ" ។
៦).កុំចំណាយពេលជាមួយសត្រូវនៃដួងចិត្តរបស់អ្នក
សត្រូវនៃដួងចិត្តរបស់យើង អាចជាពាក្យសម្ដីរបស់មារ ឬគំនិតអវិជ្ជមានផ្សេងៗដែលនាំអោយចិត្តរបស់យើងថប់បារម្ភ ហើយភ័យខ្លាច។ យើងត្រូវប្រុងប្រយ័ត្នជាមួយបរិស្ថានដែលយើងរស់នៅ ឬមនុស្សដែលនៅជុំវិញយើង ព្រោះពួកគាត់ចូលរួមមួយផ្នែកក្នុងផ្លូវចិត្តរបស់យើង។

៧). កុំថប់បារម្ភច្រើនពេក ពេលខ្លះត្រូវរៀនសម្រាក
បញ្ហាក្នុងជីវិតមនុស្សមិនចេះចប់ មិនចេះហើយនោះទេ រហូតដល់យើងស្លាប់។ ខ្ញុំនិយាយដូច្នេះមិនមែនអោយលោកអ្នកបងប្អូនក្លាយជាមនុស្សលែងមានទំនួលខុសត្រូវ ហើយឈប់ដោះស្រាយបញ្ហានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែលើកឡើងនៅសេចក្ដីពិតដើម្បីអោយលោកអ្នកបងប្អូនរៀនសម្រាក ហើយកុំថប់បារម្ភខ្លាំងពេក។ ពេលខ្លះយើងត្រូវរៀនសប្បាយ ដើរលេង ទោះបីជាជីវិតកំពុងមានបញ្ហាក៏ដោយ ព្រោះថាបញ្ហាជីវិតមិនចេះអស់នោះទេ រហូតចាស់ សក់ស្កូវក៏នៅតែមានរឿងដែលយើងពិបាកចិត្តដែរ។

៨).ត្រូវចេះលុតដុំខ្លួន
បើយើងមិនលុតដុំខ្លួនយើងទេ យើងនឹងពិតជាពិបាកក្នុងការគ្រប់គ្រងចិត្តគំនិត ព្រោះចិត្តរបស់យើងត្រូវការអ្នកការពារ ហើយអ្នកការពារដ៏ពូកែ ខ្លាំង ឬជាមេទ័ពដ៏ពូកែក្លាហានដែលត្រូវបានលុតដុំ បណ្ដុះបណ្ដាលអស់រយៈពេលជាច្រើនឆ្នាំ។ យើងត្រូវលុតដុំខ្លួន ដូចជានៅអោយឆ្ងាយអំពីអ្វីដែលធ្វើអោយអ្នកថប់បារម្ភ លុតដុំខ្លួនអោយអានសៀវភៅ ឬធ្វើអ្វីផ្សេងៗ…ដែលមានតម្លៃសម្រាប់ដួងចិត្តរបស់អ្នក។

៩).ស្វែងរកមនុស្សដើម្បីជួយអ្នក ប្រឹក្សាយោបល់ដល់អ្នក ហើយកុំព្យាយាមដោះស្រាយបញ្ហាតែម្នាក់ឯង។

១០).ស្វែងរកសន្តិភាព និងអ្វីដែលល្អដាក់ខ្លួនថ្ងៃនេះ
ដួងចិត្តរបស់យើងងាយនឹងប៉ះទង្គិចនឹងអ្វីៗដែលមិនល្អជាច្រើន។ ដូច្នេះដើម្បីប៉ះប៉ូវដួងចិត្តរបស់យើង យើងត្រូវព្យាយាមស្វែងរកអ្វីដែលវិជ្ជមាន ឬអ្វីដែលខ្លួនគិតថាល្អយកមកដាក់ខ្លួន។ ពេលខ្លះយើងក៏អានរៀនដាក់ទាន ឬធ្វើសប្បុរសធម៌ ឬជួយមនុស្សណាម្នាក់ដោយចិត្តបរិសុទ្ធដោយមិនទាមទារចង់បានអ្វីត្រលប់មកវិញ ពេលនោះវាអាចធ្វើអោយចិត្តរបស់យើងសប្បាយចិត្ត ហើយទទួលការព្យាបាលពីការប៉ះទង្គិចផ្សេងៗ។

dooolife

វាស់លក្ខណៈសម្បត្តិខ្លួនឯងតាមវិធីពីរប្រភេទ




ផ្អែកតាមការស្រាវជ្រាវ និងទ្រឹស្ដីចិត្តវិទ្យាអំពីលក្ខណៈអត្តចរិករបស់មនុស្សយើង គឺមានពីរប្រភេទគឺ (Introvert) និង  (Extrovert) ។ ដូច្នេះយើងត្រូវមើលទៅលើលក្ខណៈខុសគ្នាដូចខាងក្រោម ៖

១).មនុស្ស (Introvert) ជាប្រភេទមនុស្សដែលនៅស្ងាត់ស្ងៀម ហើយសប្បាយរីករាយនៅពេលនៅម្នាក់ឯង ឬមនុស្សពីរបីនាក់។ រីឯមនុស្ស (Extrovert)  ជាប្រភេទមនុស្សដែលចូលចិត្តចេញក្រៅ ហើយនិយាយជាមួយមនុស្ស ជាពិសេសគឺសប្បាយរីករាយនៅពេលមានមនុស្សច្រើន។

២).មនុស្ស (Introvert) តែងតែគិតមុននឹងនិយាយ ដែលផ្ទុយពីមនុស្ស (Extrovert)  ដែលនិយាយលឿនជាងគិត។

៣).មនុស្ស (Introvert) ចូលចិត្តចំណាយពេលជាមួយខ្លួនឯង រីឯមនុស្ស (Extrovert)  ចូលចិត្តចំណាយពេលជាមួយមិត្តភ័ក្រ្ត អ្នកដែលស្គាល់គ្នា ។

៤).មនុស្ស (Introvert) ទទួលកម្លាំងថ្មីនៅពេលចំណាយពេលម្នាក់ឯង រីឯមនុស្ស (Extrovert)  ទទួលកម្លាំងថ្មីនៅពេលចំណាយពេលជាមួយមនុស្ស ពោលគឺមានន័យថា បើមនុស្ស (Extrovert)  មិនបានចំណាយពេលនិយាយ ឬមានមនុស្សច្រើននៅជាមួយទេ គាត់នឹងចាប់ផ្ដើមអស់កម្លាំង និងធុញទ្រាន់ ខ្លាំងមែនទែន។

៥).មនុស្ស (Introvert) បើកចំហឬ និយាយរឿងសំងាត់របស់ខ្លួនទៅកាន់មនុស្សពីរ ឬបីនាក់ តិចតួចបំផុត រីឯមនុស្ស (Extrovert)  គឺជាមនុស្សដែលផ្សព្វផ្សាយព័ត៌មានលឿន ហើយមិនសូវលាក់រឿងសំងាត់របស់ខ្លួន។

៦). មនុស្ស (Introvert) ជាមនុស្សដែលមានពូកែផ្នែកការគិត បែបយុទ្ធសាស្រ្ត ហើយប្រមូលអារម្មណ៍បានមូលល្អដើម្បីផ្ដោត រីឯមនុស្ស (Extrovert)  មិនអាចផ្ដោតឬប្រមូលអារម្មណ៍អោយមូលបានយូរនោះទេ ពោលគឺមនុស្ស(Extrovert)  ឆាប់បែកអារម្មណ៍ ប្រសិនបើមានឧបសក្គ។

៧). មនុស្ស (Introvert) ភាគច្រើនមានបញ្ហាខ្សោយផ្នែកទំនាក់ទំនង រីឯមនុស្ស (Extrovert) ភាគច្រើនពូកែផ្នែកទំនាក់ទំនង ហើយស្គាល់មនុស្សច្រើន។

៨). នៅពេលឈ្លោះគ្នា មនុស្ស (Introvert) ត្រូវឺតចូលចិត្តស្ងៀមស្ងាត់ ហើយបើខឹងខ្លាំង ឈប់មាត់ហើយដើរចេញ រីឯមនុស្ស (Extrovert)  បញ្ចេញប្រតិកម្មខ្លាំង ហើយព្យាយាមចាក់ឬសគុលដើម្បីដឹងអំពីមូលហេតុ ហើយនៅពេលខឹងខ្លាំង អាចឈានទៅដល់ប្រព្រឹត្តអំពើហឹង្សាថែមទៀតផង។

៩). មនុស្ស (Introvert) ជាមនុស្សអៀនខ្មាស់ច្រើន ហើយមិនសូវក្លាហានក្នុងការនិយាយជាសាធារណៈ រីឯមនុស្ស (Extrovert) វិញមានភាពក្លាហានច្រើន ហើយមិនសូវអៀនខ្មាស់។

១០). មនុស្ស (Introvert) មិនងាយទទួលយកការផ្លាស់ប្ដូរនោះទេ លុះត្រាតែមានហេតុផល ឬក៏មានភស្តុតាងបញ្ជាក់អោយបានច្បាស់ រីឯមនុស្ស (Extrovert) គឺងាយស្រួលក្នុងការផ្លាស់ប្ដូរតាមស្ថានការណ៍។

dooolife