សាលក្រមទឹកភ្នែក÷ ក្មេងប្រុសម្នាក់នៅអាមេរិក
រឿងនេះកើតឡើងនៅសហរដ្ឋអាមេរិក។
មានសាលក្រមចំឡែកមួយ ដែលចៅក្រមម្នាក់ផ្តល់ដល់ចោរក្មេងម្នាក់។
មានក្មេងប្រុសម្នាក់អាយុ ១៥ ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយចោទពីបទលួចក្នុងហាងមួយនៅសហរដ្ឋអាមេរិក។
ដើម្បីគេចខ្លួន ក្មេងប្រុសនោះបានទាញទូរដាក់ឥវ៉ាន់ឲ្យដូល ហើយខូចខ្ទេចខ្ទីរ។
បន្ទាប់ពីចៅក្រមស្តាប់ការចោទប្រកាន់ហើយ គាត់ក៏សួរទៅក្មេងប្រុសនោះថា៖
“តើឯងពិតជាបានលួចរបស់គេមែន? គឺឯងបានលួចនំប៉័ង និង ឈីស ហើយបានផ្តួលទូរដាក់ឥវ៉ាន់មួយខូចខ្ទេចខ្ទីរ?”
កេ្មងប្រុសរាងអៀនបន្តិច ឈ្ងោកមុខចុះក្រោម ហើយឆ្លើយថា “បាទ”។
ចៅក្រមក៏សួរតទៅទៀតថា៖ “ហេតុអីបានឯងលួចគេ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “មកពីចាំបាច់”
ចៅក្រមសួរថា៖ “ម៉េចក៏ឯងមិនទិញគេ បែរជាលួចគេទៅវិញ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំអត់មានលុយ!”
ចៅក្រមសួរថា៖ “ម៉េចក៏មិនសុំលុយប៉ាម៉ាក់?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំមានតែម្តាយ គាត់តស៊ូណាស់ តែកំពុងតែឈឺ ហើយក៏អត់ការងារទៀត ខ្ញុំលួយនំប៉័ង និង ឈីសនេះ គឺដើម្បីយកទៅឲ្យគាត់!”
ចៅក្រមក៏សួរថា៖ “ឯងអត់ធ្វើការអីទេ អត់មានការងារធ្វើទេ?”
ក្មេងប្រុសក៏ឆ្លើយថា៖ “ខ្ញុំធ្វើការនៅកន្លែងលាងឡាន តែពេលខ្ញុំឈប់មួយថ្ងៃដើម្បីមើលម្តាយខ្ញុំ ថៅកែក៏បញ្ឈប់ ការងាររបស់ខ្ញុំ”
ចៅក្រមក៏សួរថា៖”ចឹង ឯងមិនរកការងារអ្វីផ្សេងធ្វើទេ?”
បន្ទាប់ពីសាកសួរក្មេងប្រុសនោះចប់ ចៅក្រមនៅក៏ប្រកាសសាលក្រម។
“ការលួច ជាពិសេស ការលួចនំប៉័ង គឺជាបទល្មើសមួយគួរឲ្យអៀនខ្មាស់ណាស់ ហើយយើងទាំងអស់គ្នាននៅទីនេះគឺត្រូវតែទទួលខុសត្រូវលើបទល្មើសនេះ។ គ្រប់គ្នា ដែលនៅក្នុងបន្ទប់សវនាការថ្ងៃនេះ រួមទាំងខ្ញុំផងដែរ ត្រូវតែទទួលខុសត្រូវលើបទល្មើសមួយនេះ។ ដូច្នេះ គ្រប់គ្នាដែលមានវត្តមាននៅទីនេះ ត្រូវពិន័យម្នាក់ ១០ ដុល្លា ដោយមិនអាចចាកចេញពីទីនេះដោយមិនបានបង់ ១០ ដុល្លាម្នាក់នោះទេ។
ហើយចៅក្រម ក៏ដកលុយពីកាបូបរបស់គាត់ ១០ ដុល្លា ហើយចាប់ប៊ិច សសេរថា ខ្ញុំសូមពិន័យម្ចាស់ហាង ដែលបានចាប់ក្មេងលួចនំប៉័ងដោយការស្រេកឃ្លានប្រគល់ទៅឲ្យប៉ូលីស ហើយបើហាងនៅមិនព្រមបង់ការផាក ពិន័យនេះទេ ក្នុងរយៈពេល ១ ម៉ោង ហាងនោះត្រូវបិទ។
គ្រប់គ្នាក៏សំដែងការសូមទោសដល់ក្មេងប្រុសនោះ ហើយឲ្យលុយទៅក្មេងនោះម្នាក់ ១០ ដុល្លា។ ចៅក្រម ក៏ចាកចេញពីបន្ទប់សវនការដោយលាក់ទឹកភ្នែករបស់គាត់ដែលហូរចេញមក។
ក្រោយពីការប្រកាសសាលក្រមមួយនេះ មនុស្សក្នុងសវនការ សុទ្ធតែស្រក់ទឹកភ្នែក។
ចៅក្រមបានពោលថា “តើសង្គមយើង ប្រព័ន្ធគ្រប់គ្រងរដ្ឋយើង តុលាការយើង មើលរំលងលើរឿងបែបនេះ?
ចៅក្រមបានបន្ថែមថា៖ “ប្រសិនបើមនុស្សម្នាក់ត្រូវចាប់ដោយលួចនំប៉័ងដើម្បីបំពេញក្រពះ សមាជិកនៃសហគមន៍ សង្គម និង ប្រទេសយើង ត្រូវតែមានការខ្មាស់អៀន!”
មនុស្សគ្រប់រូបមានសិទ្ធិរស់រាន។ ពាក្យ “សិទ្ធិរស់រាន” គឺមានន័យថា បើនរណាម្នាក់ទីទាល់ក្រ គ្មានអ្វីហូប គឺរដ្ឋត្រូវមានកាតព្វកិច្ចជួយដល់ជននោះឲ្យមានអ្វីជ្រក ស្លៀកពាក់ និង ហូបចុក។ មនុស្សដែលទាល់ក្រ ហើយជំពាក់គេ តុលាការអាចប្រកាសថាជននោះក្ស័យធន ហើយមិនបាច់សងម្ចាស់បំណុលនោះទេ លុះត្រាតែជននោះ អាចរកស៊ីមានបានឡើងវិញ។ គេបន្ទោសទៅម្ចាស់បំណុលវិញ ថាមុននឹងឲ្យគេខ្ចី ម៉េចមិនមើលលទ្ធភាពរបស់ជននោះជាមុនសិន។
ស្រុកយើង អ្នកជំពាក់លុយគេ ហើយគ្មានលុយសង ត្រូវតុលាការចោទថា ឆបោក ឬ រំលោភសេចក្តីទុកចិត្ត ហើយយកទៅដាក់គុក។
នៅស្រុកគេ បទលួច មិនមានទោសអប្បបរមានោះទេ ដោយហេតុនេះហើយបានជាចៅក្រមខាងលើអាចកាត់ក្តីបែបខាងលើបាន។ ខុសពីយើង បទលួច មានទោសអប្បរមា ៦ ខែ ដូចនេះ បើរឿងខាងលើកើតឡើងនៅកម្ពុជា យ៉ាងហោចក៏ត្រូវជាប់គុក ៦ខែ ដែរ។
គួរតែមានការទម្រង់ហើយទេដឹង?
----
សុក សំអឿន
No comments :
Post a Comment