តើកម្ពុជាពិតជាមានយុត្តិធម៌សង្គម ដែរឬទេ ?
យុត្តិធម៌
គឺជាពាក្យដែលគេតែងតែលឺនៅលើដងផ្លូវពីមួយអាណត្តិទៅមួយអាណត្តិ
ដែលពលរដ្ឋរងគ្រោះដីធ្លី ក្រុមអ្នករិះគន់ និងក្រុមអ្នកនយោបាយប្រឆាំង
អះអាងថា យុត្តិធម៌មិនមានទេ ។
យុត្តិធម៌ គឺជាបញ្ញត្តិនៅក្នុងច្បាប់ជាតិ-អន្តរជាតិ ដែលតុលាការជាអ្នកស្វែងរកការពិត ផ្ដល់សច្ចភាព
ជូនដល់ពលរដ្ឋគ្រប់រូប ដោយយកច្បាប់របស់ប្រទេស និងច្បាប់សង្គមជាគោល
ដើម្បីឱ្យគ្រប់ភាគីជម្លោះ ទទួលបានដោយស្មើភាពគ្នា និងស្ងប់ចិត្ត។
ប៉ុន្តែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលប្រមុខរដ្ឋាភិបាលថាជាប្រទេសដែលមាននីតិរដ្ឋនោះ
ទទួលរងការរិះគន់ថា ស្ថិតនៅក្រោមបបូរមាត់និងអារម្មណ៍របស់អ្នកកាន់អំណាច
ឬគេហៅថា ការអនុវត្តច្បាប់ តាមនីតិមាត់ជាដើម។
តើហេតុអ្វីបានកម្ពុជាក្លាយទៅជាប្រទេសនីតិមាត់បែបនេះ? សូមលោកអ្នកនាងស្ដាប់បទវិភាគរបស់លោក ទីន ហ្សាការីយ៉ា អំពីបញ្ហានេះ
ដូចតទៅ៖
ពាក្យថា យុត្តិធម៌ គឺជាពាក្យដែលងាយនិយាយ
ក៏ប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្ដែងវិញ
គឺលំបាកសម្រាប់មនុស្សរស់នៅក្នុងសង្គមមួយ ដែលគ្មានសណ្ដាប់ធ្នាប់
និងការប្រើប្រាស់អំណាចជាធំ ដើម្បីប្រើគាបសង្កត់ទៅលើមនុស្សទន់ខ្សោយ
គ្មានលទ្ធភាពតបត
ហើយតុលាការមិនមែនជាទីកន្លែងសម្រាប់កាត់សេចក្ដីឱ្យមនុស្សជាទូទៅប្រកបដោយយុត្តិធម៌
មិនរើសអើងវណ្ណៈ ឋានៈ និងក្រុមបក្ខពួកនោះ។
សម្រាប់កម្ពុជា អ្នកនយោបាយបក្សកាន់អំណាច អះអាងថា
គឺជាប្រទេសប្រជាធិបតេយ្យ នីតិរដ្ឋ និងយកច្បាប់ជាធំ ។
ក៏ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង គេឃើញរដ្ឋាភិបាលតែងប្រើប្រាស់ច្បាប់ជាឧបករណ៍
គាបសង្កត់អ្នកដែលខ្លួនមិនពេញចិត្តទៅវិញ។
ជាទូទៅបណ្ដឹងដែលមានប្រសិទ្ធភាពនោះ គឺបណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
បណ្ដឹងរបស់ក្រុមឈ្មួញដែលស្និទ្ធនឹងវណ្ណៈអ្នកកាន់អំណាច ។
មានករណីជាច្រើនដែលបង្ហាញថា
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្ថិតនៅក្រោម កណ្ដាប់ដៃអំណាចនីតិប្រតិបត្តិ។ ករណី
លោក កឹម សុខា នេះ
គឺជាឧទាហរណ៍មួយក្នុងចំណោមសំណុំរឿងជាច្រើនទៀតស្ទើរតែរាប់មិនអស់ ដែលលោក
ហ៊ុន សែន អាចបញ្ជាឱ្យតុលាការ ឬរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ចាត់ការបណ្ដឹងរបស់លោកនោះ។
អ្វីទៅជានីតិរដ្ឋ?
នីតិរដ្ឋ (Rule of Law) មានន័យថា “ រដ្ឋដែលប្រកាន់យកច្បាប់ជាធំ។
ន័យនីតិសាស្ត្រវិញ មានន័យថា ជាទម្រង់នៃការគ្រប់គ្រងរដ្ឋ ដែលទទួលស្គាល់
និងការពារសិទ្ធិសេរីភាព ធានានូវការប្រើប្រាស់សិទ្ធិសេរីភាព
មានតុលាការឯករាជ្យ ដែលជាស្ថាប័នស្វែងរក យុត្តិធម៌ ជូនពលរដ្ឋ
ការពារការអនុវត្តច្បាប់មិនឱ្យមានការរំលោភច្បាប់“។
រីឯ ពាក្យយុត្តិធម៌ វិញ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន
ណាត មានន័យថា ជាសេចក្ដីទៀងត្រង់ ការគួរតាមច្បាប់ធម៌ដែលគួរកាន់
ការប្រព្រឹត្តិត្រឹមត្រូវដូចជាការវិនិច្ឆ័យក្ដី ប្រកបដោយយុត្តិធម៌
កាត់ក្តីដោយសុចរិតធម៌។ ចំពោះនិយមន័យ យុត្តិធម៌ តាមទស្សនៈរបស់ប្លាតុង (Platon) គឺជាតម្លៃខ្ពស់បំផុត សម្រាប់ធ្វើឱ្យប្រទេស មានលំនឹង
និងសណ្ដាប់ធ្នាប់។ ទស្សនៈប្លាតុងនេះ បង្ហាញថា ដើម្បីឱ្យមានយុត្តិធម៌ទៅបាន
លុះណា ត្រូវរៀបចំមនុស្សម្នាក់ៗទៅតាមទីកន្លែង
និងទៅតាមអ្វីដែលមនុស្សទាំងនោះត្រូវធ្វើ ហើយមិនត្រូវរំលោភបំពាន
ទៅលើសកម្មភាពបំពេញការងាររបស់អ្នកទាំងនោះឡើយ។
នរណាក៏ដោយក៏ដឹងដែរថា លោក ហ៊ុន សែន
មានឥទ្ធិពលលើគ្រប់ស្ថាប័នរដ្ឋទាំងអស់។ ចំពោះស្ថាប័នតុលាការវិញ
ក៏រងរិះគន់ខ្លាំងក្លាពីសាធារណជន ដែលអ្នកខ្លះ ដាក់រហ័សនាមថា
តុលាការគឺជាអាយ៉ងរបស់បក្សកាន់អំណាច ឬការអនុវត្តច្បាប់នោះ
គឺអនុវត្តតាមនីតិមាត់ជាដើម។ នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន
ក៏តែងតែប្រើប្រព័ន្ធតុលាការ ដើម្បីចាត់ការអ្នករិះគន់ ឬបក្សប្រឆាំងដែរ។
លោក ហ៊ុន សែន តែងតែឈ្នះក្ដីជានិច្ច ដូចជាករណីប្ដឹងប្រឆាំងលោក សម រង្ស៊ី
ពីបទបណ្ដឹងបរិហារកេរ្តិ៍ និងបណ្ដឹងផ្សេងៗទៀត។ បញ្ហានេះ
តាមមើលទៅទំនងជាលោក ហ៊ុន សែន យល់ថា លោកឈ្នះ
ក្រុមគ្រួសារលោកនិងបក្ខពួកលោកឈ្នះនេះហើយ ដែលជាយុត្តិធម៌សម្រាប់សង្គម
និងនីតិរដ្ឋក៏ថាបាន។ ប៉ុន្តែពាក្យថាយុត្តិធម៌នេះ ជំនួសមកវិញ
គឺធ្វើឱ្យពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងឈឺចាប់ ដូចជាករណី ចាប់លោក កឹម
សុខា ដាក់ពន្ធនាគារ ការរំលាយគណបក្សសង្គ្រោះជាតិ
និងចាប់ចងអ្នករងគ្រោះដីធ្លីដាក់ពន្ធនាគារជាដើម។
ក្រៅពីនេះទៀត បញ្ហាសង្គមកើតមានជាហូរហែ
រដ្ឋបាលគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចដោះស្រាយបាន
ពិសេសទៅទៀតនោះ
ប្រជាពលរដ្ឋជាច្រើនខកចិត្តនឹងរដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍន៍តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច
ឱ្យទៅក្រុមហ៊ុនឯកជនវិនិយោគដាំដើមកៅស៊ូ ការរាវរុករករ៉ែ
ការកាប់បំផ្លាញព្រៃឈើ
ប្រព័ន្ធតុលាការមិនមែនជាកន្លែងកាត់សេចក្ដីឈរលើគោលការណ៍ឯករាជ្យ ឥតលម្អៀង
ឬយុត្តិធម៌នេះ។
ផ្ទុយទៅវិញ
ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសាររងទុក្ខទឹកភ្នែកដោយសារតែការអភិវឌ្ឍ
និងបង្កឱ្យមានជម្លោះដីធ្លីសឹងតែនៅពាសពេញប្រទេស។
ប្រព័ន្ធដោះស្រាយទំនាស់នៅក្នុងប្រទេសសព្វថ្ងៃ
មិនសូវមានប្រសិទ្ធភាពរាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ ពិសេសតុលាការដែលគេរកឃើញថា
តុលាការមិនឯករាជ្យ និងមិនមែនជាទីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ។ បញ្ហានេះ
ធ្វើឱ្យមានចលនាងើបតវ៉ាប្រឆាំងក្រុមឈ្មួញ
និងអាជ្ញាធររដ្ឋាភិបាលងើបឡើងផុលផុស ពិសេសនៅឆ្នាំ២០១៣
ដែលជាឆ្នាំបោះឆ្នោតអាណត្តិទី៥។ ការតវ៉ាធ្វើបាតុកម្ម
បានរីករាលដាលដល់កម្មកររោងចក្រ
រហូតដល់ប្រឈមមុខដាក់គ្នារវាងកម្មករប្រើដុំថ្ម
តតាំងនឹងសមត្ថកិច្ចប្រើអាវុធបាញ់ប្រហារទៅលើកម្មករ
ធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនៅផ្លូវវ៉េងស្រេង
កាលពីឆ្នាំ២០១៤។ ទាំងនេះក៏អាចជាការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដែរ
ដែលរបបឯកបក្សដោះស្រាយ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty
International) ធ្លាប់ចេញរបាយការណ៍
ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា
បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ដើម្បីគាបសង្កត់បក្សប្រឆាំង
និងអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល។ របាយការណ៍កម្រាស់
៤០ទំព័រមានចំណងជើងថា "តុលាការនៃភាពអយុត្តិធម៌" ការបង្ក្រាប
ភាពសកម្មតាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងប្រទេសកម្ពុជា។
របាយការណ៍នេះក៏រៀបរាប់ពីការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការដាក់គំនាបទៅលើសកម្មជនដីធ្លី
មន្ត្រីនិងសកម្មជនបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស ជាដើម។
ជាងនេះទៅទៀត បក្សកាន់អំណាច ក៏មិនពេញចិត្តចំពោះសកម្មភាព
តវ៉ាទាមទាររកយុត្តិធម៌នៅទីសាធារណៈឡើយ។ ប្រជាពលរដ្ឋទំនងជាងមិនភ្លេចឡើយ
ចំពោះអំពើហិង្សាកាលពី២២ ឆ្នាំមុននៅកណ្ដាលក្រុងភ្នំពេញ គឺព្រឹត្តិការណ៍
បោកគ្រាប់បែកដៃ ៤គ្រាប់ទៅលើក្រុមកម្មករធ្វើបាតុកម្មដឹកនាំដោយ លោក សម
រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧
ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ក្រុមកម្មករ ការរកយុត្តិធម៌សង្គម
និងទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនោះ
បានបណ្ដាលឱ្យស្លាប់មនុស្សចំនួន ១៦នាក់ និងជិត ២០០នាក់រងរបួស។
រហូតមកទល់ពេលនេះ ក្រុមគ្រួសារមិនទាន់ទទួលយុត្តិធម៌នៅឡើយ
ទោះបីសំណុំរឿងនេះ មិនទាន់បិទបញ្ចប់នៅឡើយក្ដី។
ដោយឡែកសម្រាប់ក្រុមគ្រួសារ ឬលោកនាយករដ្ឋមន្ត្រីផ្ទាល់វិញ
មិនអាចឱ្យអ្នកណាប៉ះមួយសរសៃសក់បានឡើយ។
ជាញញឹកញាប់តុលាការតែងតែចាប់ខ្លួនអ្នករិះគន់លោក ហ៊ុន សែន ធ្វើឡើងទាំង
ដោយផ្ទាល់ឬប្រយោល ទោះជាអតីតកូនចៅរបស់លោកផ្ទាល់ ក៏លោកមិនលើកលែងឱ្យដែរ។
លោកប្រើប្រាស់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ ដូចជាករណី
អតីតឧត្តមសេនីយ៍យោធាផ្កាយ១ លី ដាវីត បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួន
រិះគន់ លោក ហ៊ុន សែន ថា ធ្វើអ្វីៗ ដើម្បីការពារអំណាច
និងដឹកនាំកម្ពុជាទាំងល្ងង់ខ្លៅនោះ ត្រូវបានតុលាការចាប់ខ្លួនភ្លាម
មិនបង្អង់យូរឡើយ។ ករណី លោក ផែង វណ្ណៈវិញ នរណាក៏ដឹងដែរថា
លោកជាមនុស្សបម្រើគណបក្សកាន់អំណាចដែរនោះ នៅពេលនិយាយប៉ះពាល់លោក ហ៊ុន សែន
តុលាការក៏ចាប់ខ្លួនភ្លាមៗដែរ ក្រោយពីមានបណ្ដឹងពីមេធាវីលោក ហ៊ុន សែន ដើម្បីស្វែងរកយុត្តិធម៌។
ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ តែងយកច្បាប់ជាមូលដ្ឋាន
និងបែងចែកដាច់ពីគ្នារវាងអង្គការនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
គឺមានន័យថា អ្នកកាន់អំណាច មិនមានឥទ្ធិពល ទៅលើស្ថាប័នយុត្តិធម៌ឡើយ។
មកដល់ឆ្នាំទី៤០ នៃការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា
ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៃរបបផ្ដាច់ការ ដែលជាទូទៅ
ច្បាប់គឺស្ថិតលើបបូរមាត់របស់អ្នកកាន់អំណាច ឬនីតិមាត់នោះឯង៕
ដោយ ហ្សាការីយ៉ា
សម្រួលអត្ថបទដោយ
ឃី ពិសី
សូមចុចរូបសញ្ញាហ្វេសប៊ុកដើម្បីចែករំលែកបន្ត....
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment