ពូ ពិសី - Pu Pisey

ស្វាគមន៍មកកាន់ទំព័រចំណេះដឹងច្បាប់ និងកំសាន្ត រៀបចំដោយខ្ញុំ ពូ ពិសី

Showing posts with label ប្រវត្តសាស្ត្រកម្ពុជា និងពិភពលោក. Show all posts
Showing posts with label ប្រវត្តសាស្ត្រកម្ពុជា និងពិភពលោក. Show all posts

រឿងបាក់បែកបន្ទាយលង្វែក ដោយសារប្រាក់ដួង- ភាគ ២

 តើរឿងបាក់បែកបន្ទាយលង្វែក


ដោយសារតែប្រជាជនកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ឬយ៉ាងណា?

(ដោយ៖ បណ្ឌិត ចិន្ត ច័ន្ទរតនា)


ដោយសារមានចម្ងល់ខ្លាំងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរនៅចុងស.វទី១៦ ដែលបានសរសេរថា ការបែកបាក់បន្ទាយលង្វែក (នៅក្នុងឆ្នាំ១៥៩៤) គឺដោយសារតែទ័ពសៀមបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីដែលជាកំពែងការពារដ៏រឹងមាំនោះ ខ្ញុំបានយកសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ មកផ្ទៀងផ្ទាត់។ ចាប់ពីទំព័រទី១៣៩ ដល់ ១៥៤ គេបានសរសេរអំពីចម្បាំងរបស់ព្រះចៅ នរេន្ទ្រសូរ (King Naresuan) បានធ្វើសង្គ្រាមជាមួយនឹងក្រុងកម្ពុជាធិបតី ក្រោយពីបានវាយបកទៅលើព្រះចៅនៃរាជវង្សតុងអ៊ូ (Tongoo) នៅរាជធានីហង្សាវតីរួចមក។


នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាងស្លាប់ជាច្រើនម៉ឺននាក់។ ព្រះរាជពង្សាវតាអយុធ្យា ក៏បានរៀបរាប់អំពីវីរៈភាពរបស់កងទ័ពខ្មែរដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀមជាដាច់ខាត់។ តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើអោយបន្ទាយការពារតាមតំបន់នីមួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះជាឈ្លើយសឹកទៀតផង។


លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេចនរេន្ទ្រសូរ បានចេញព្រះរាជបញ្ជាអោយកងទ័ពគ្រប់ផ្នែកទាំងអស់ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរថា៖


".....ព្រះចៅនរេន្ទ្រសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។....ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។...រីឯកងទ័ពស្រួចដ៏ក្លាហាន(សៀម) ក៏បានឈរនៅលើខ្នងដំរីនៅពីក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ Praya Maha Yotha។ Praya Maha Yotha, Praya Si Ratcha Decho, Praya Thai Nam និង Praya Ratcha Manu បានបញ្ជាដំរីរបស់ពួកគេសំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារនៅតាមច្រកទ្វារនីមួយៗបានបាញ់ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀមស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ Praya Maha Yotha នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វាររបស់រាជធានីអោយទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរទៅថ្វាយស្តេចសៀម។..."


ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីឡើត។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯងជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើអោយទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន?


សូមបញ្ជាក់ផងដែរថា បើយោងតាមឯកសារព្រះរាជពង្សាវតាខ្មែរគ្រប់ច្បាប់ទាំងអស់ ព្រះបាទសត្ថា(ទី១) បានយាងចេញទៅគង់នៅជើងព្រៃ រួចបន្តដំណើរទៅស្ទឹងត្រែង និងធ្វើដំណើរទៅគង់នៅវៀងច័ន្ទ រហូតសោយទីវង្គត់នៅទីនោះ។ អ្នកដែលសៀមចាប់យកទៅនោះគឺ ព្រះស្រីសុរិយោពណ៌ ដែលជាព្រះអនុជរបស់ព្រះរាជា ហើយដែលនៅចាំការពារបន្ទាយចុងក្រោយរហូតដល់សៀមវាយបែករាជធានី។ ប្រជាជនខ្មែរប្រមាណជាង១០ម៉ឺននាក់ (ឯកសារខ្លះថា ៤ម៉ឺនគ្រួសារ ខ្លះថា៨ម៉ឺនគ្រួសារ…) មានទាំងព្រះញាតិវង្សានុវង្ស មន្ត្រី មេទ័ព អ្នកចេះដឹង សិល្បករ តន្ត្រីករ និងប្រជាជនទាំងក្មេងទាំងចាស់ ត្រូវបានសៀមគៀរយកអៅស្រុកសៀមទាំងអស់។ សៀមបានដុតក្រុងលង្វែកទាំងមូល និងបានប្រមូលទ្រព្យសម្បត្តិ គម្ពីរ ក្បួនច្បាប់… ដែលធ្វើអោយខ្មែរបាត់បង់ខ្លាំងជាងពេលណាៗទាំងអស់។


(By Dr. Chen Chanratana / 17-05-2016 - reposted on Sep. 13, 2022)

ប្រវត្តិជនក្បត់ជាតិ Mac Cuu លួចទឹកដីខ្មែរចំណុះអាណ្ហាម


-ពាម គឺជាទីតាំងដីសណ្តនៅឈូងសមុទ្រ ព្រះសោទ័តរបស់ខ្មែរជាឈ្មោះស្រុកមួយ ដែលជាទីប្រជុំជនចំណុះឲ្យខេត្តក្រមួន-ស និងពេលខ្លះ ព្រះរាជាខ្មែរបានបង្កើតទៅជាអាណាខេត្ត”ពាមព្រះសោទ័ត” ហើយចៅ ហ្វាយខេត្តណាដែលមកកាន់កាប់ទីនេះ ត្រូវមាននាមថា “ឧកញ៉ារាជាសេដ្ឋី (....) ។   





នៅក្នុងកំណាព្យសាស្ត្រាស្លឹករឹតវត្តទ្រៀល ដែលនិពន្ធដោយ ព្រះមហាបទុមបារមី ពេជ្ញ រៀបរាប់ពីការលាតសន្ធឹងរបស់ព្រែកជីកវិញតេ ក្នុងល្បះទី២៩៦ ក៏មានឈ្មោះថា”ពាមព្រះសោទ័ត”ដែរ។ 

ឯលោក អាដេម៉ាដ ឡឺគ្លែរ ថាជាទីប្រជុំជនខម ឬមឿងខម និងក្រោយមកហៅថា ហាទៀន។ រីឯពួកអាណ្ណាមហៅថា “ភួនថាញ់” ហើយវៀតណាមសព្វថ្ងៃ ហៅថា ខេត្តហាទៀង។ 

-ជាទីតាំងស្ថានីយ៍និយាមការនៃការកំណត់នីវ៉ូទឹកសមុទ្រ សម្រាប់អ្នកសិក្សាផ្នែកផែនទី និងសឹកសង្គ្រាម តាំងពីសម័យបារាំងគ្រប់គ្រង ហើយបន្តរហូតដល់បច្ចុប្បន្ន។


ខាងក្រោមនេះ ខ្ញុំបាទនឹងរៀបរាប់អំពីជនចំណាកស្រុកមកសុំសិទ្ធិជ្រកកោន ទៅជាការព្យាយាមចង់បង្កើតជានគរថ្មីនៅក្នុងទឹកដីកម្ពុជា របស់សែស្រឡាយចិនដែលគ្រប់គ្រងខេត្តពាម និងវាសនាទីរួមខេត្តនេះ ដោយយោងតាមឯកសារប្រវត្តិសាស្ត្រជាច្រើនដែលប្រមូលបាន។


យោងព្រះរាជពង្សាវតារមហាបុរសខ្មែរ បានបញ្ជាក់ថា នៅគ.ស.១៧០៦ ព្រះរាជឱង្ការព្រះស្រីធម្មរាជារាមាធិបតី ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គឮជ័យ បន្តពីព្រះជ័យចេស្ដាអង្គស៊ូ ជាព្រះបិតា ដែលកាលណោះដាក់រាជ្យ ហើយទ្រង់គង់នៅជាឧបយោរាជវិញ។

ក្នុងរាជ្យទី២ របស់ព្រះអង្គនេះ ទ្រង់បញ្ជាឲ្យចៅហ្វាយស្រុកខេត្តពាម ឧកញ៉ារាជាសេដ្ឋី កៀរពួកលាវដែលនៅក្នុងស្រុកបាទី ឲ្យទៅនៅជ្រោយរាពណ៍(រាម) កំពង់សោម។ ប៉ុន្តែពួកលាវទាំងនោះដែលមានព្រះញាតិវង្សម្នាក់ឈ្មោះ សុគន្ធបទ បានសមគំនិតផង មិនព្រមទៅតាមបញ្ជា ក៏នាំគ្នាក្រោកបះបោរឡើង។ តែទីបំផុត ពួកលាវបះបោរទាំងនោះ ច្បាំងចាញ់ចៅហ្វាយស្រុកខេត្តពាម ដែលជាមេទ័ពរបស់ព្រះរាជា ហើយត្រូវបែកខ្ចាត់ខ្ចាយជាបីក្រុម។ គឺមួយក្រុមរត់ទៅរស់នៅព្រៃលើ មួយក្រុមទៀតរត់ទៅពឹងយួន និងមួយក្រុមទៀត រត់ទៅពឹងព្រះកែវហ្វាអង្គអឹម ដែលតាំងពីដាក់រាជ្យមកមិនសប្បាយព្រះទ័យ ដោយឃើញព្រះស្រីធម្មរាជារាមាធិបតី ជាប្អូនថ្លៃឡើងសោយរាជ្យជាលើកទី២ ហើយមានបំណងចង់វាយដណ្ដើមរាជ្យពីព្រះស្រីធម្មរាជារាមាធិបតី នោះផង។




ឆ្លៀតឱកាសដែលផ្ទៃក្នុងរបស់ខ្មែរនៅមានភាពច្របូកច្របល់ ចិនម្នាក់ឈ្មោះ “ម៉ាកគីវ” ឬ"ម៉ាកហ្គូ" ឯកសារខ្លះហៅថា"ម៉ាកហ្គូ" ដែលជាអតីតបក្សពួករបស់សន្ដតិវង្សមិញ/ម៉េង បានភៀសខ្លួនមកនៅប្រទេសខ្មែរភាគខាងក្រោម ហើយត្រូវបានព្រះរាជាខ្មែរតែងតាំងជាមន្ត្រី ឈរត្រួតត្រា និងទារថ្លៃភាស៊ីទូកសំពៅ ទុកថ្វាយព្រះរាជាខ្មែរ នៅតំបន់ឆ្នេរសមុទ្ររបស់ខ្មែរតាំងពីរាជ្យអងស៊ូ បានក្រឡាស់ចិត្តក្បត់ស្ដេចខ្មែរ ប្រែជាលើកដង្វាយទៅថ្វាយស្ដេចង្វៀន ប្រទេសយួន សុំចុះចូលខាងយួនវិញ។ ស្របបំណងស្ដេចយួន ដែលមានគំនិតទន្ទ្រានលេបទឹកដីខ្មែរផង ស្ដេចយួនក៏ឆ្លៀតជំរុញឲ្យប្រជារាស្ត្រយួន ចូលមកនៅទាំងបំពានក្នុងតំបន់ពាម ដែលស្ថិតក្រោមការត្រួតត្រារបស់ចិនឈ្មោះ ម៉ាកហ្គូ នោះជាច្រើន។ ចាប់ពីពេលនោះមក បើតាមឯកសារនោះបញ្ជាក់ថា ឆ្នាំ១៧០៧ នៃគ.ស ដីខ្មែរត្រង់ភូមិភាគពាម នោះបានក្លាយទៅជានគរចិនមួយ ដែលលែងចំណុះឲ្យព្រះរាជាខ្មែរទៀតហើយ។


បើយោងសៀវភៅប្រវត្តិសាស្ត្រកម្ពុជា របស់ អាដេម៉ា ឡឺក្លែរ បានសរសេរថា ម៉ាកហ្គូ កើតនៅក្នុងភូមិឡេក្វាត សង្កាត់ហៃគឿង ស្រុកឡយចៅ ខែត្រកង់​តុង។ នៅពេលក្លាយជាអ្នកមាន ចិននេះ កើតគំនិតចង់ធ្វើឱ្យជីវិតខ្លួនកាន់តែប្រសើរ និងថ្កុំថ្កើងឡើង ក៏ទៅតាំងទី លំនៅ​ឯពាម ប្រមែប្រមូលពួកចោរសមុទ្រ ជាតិចិន និងយួនជាច្រើននាក់ ព្រមទាំងពួកអាវាសែផេ្សងៗ ដែលរង់ចាំតែពេលបម្រើចៅហ្វាយខ្លាំងពូកែណាម្នាក់ ឱ្យមករស់នៅជាមួយខ្លួន។ 

ម៉ា​កហ្គូ បានដណ្ដើមយកទីប្រជុំជនធំៗ ចំនួន៧ ដាក់មកក្នុងអំណាចរបស់ខ្លួន គឺ៖

១-ពាម ដែលក្រោយមកមានឈ្មោះថា ហាទៀង

២-កោះត្រល់ ដែលក្រោយមកមានឈ្មោះថា ភូកុក 

៣-ស្រែអំបិល ហៅថា លួងកៃ 

៤-កំពង់សោម ហៅថា វឿងធំ 

៥-ក្រមួនស 

៦-កំពត ហៅថា កានវត និង

៧-ទឹកខ្មៅ ហៅថា កាម៉ៅ នៅភាគខាងត្បូង។


ការប្រមូលបានទីប្រជុំជនទាំង៧ ដាក់មកក្នុងអំណាចរបស់ខ្លួន មានន័យថា អតីតមេចោរសមុទ្រនេះ បានបង្កើត«ក្សត្រប្រទេសមួយ» នៅលើទឹកដីកម្ពុជាតែម្តង។ 

ដើម្បីធានាអនាគតរបស់ខ្លួន ម៉ាកហ្គូ បានបញ្ជូនទូត ទៅចូលគាល់សេ្ដចអាណ្ណាម ទូលថាទឹកដីអាណាខេត្តភាគអាគេ្នយ៍នេះ ខ្លួនសូមលើកថ្វាយសេ្ដចអាណ្ណាម ហើយសុំការអនុញ្ញាតគ្រប់គ្រងជំនួស។ 

នៅ គ.ស.១៧១៥ សេ្ដចយួន បានចាត់តាំងលើក ម៉ា​ហ្គូ ជាអភិបាល ហើយជាឧត្ដមសេនីយ៍ លើទឹកដីមាត់ឈូងសមុទ្រព្រះសោទ័តទាំងមូល បើទោះបីសេ្ដចយួនដឹងថា ម៉ា​កហ្គូ ម្នាក់នេះ គ្មានសិទ្ធិអ្វីបន្ដិចបន្ដួចសោះលើទឹកដីទាំងអស់នោះក៏ដោយ។ ព្រោះថា ទ័ពរបស់គេមិនដែលវាយដណ្ដើមបានម្ដងណាទេ ហើយក៏គ្មានការធ្វើសម្បទានឱ្យ ឬក៏មានការប្រទូសរ៉ាយអ្វីដែរ។ គឺដោយបែបនេះហើយដែល ម៉ាកហ្គូ បានក្លាយខ្លួនទៅជាមន្ដ្រីដ៏មហិមាម្នាក់។ តែ ក៏ជាមេចោរសមុទ្រដ៏សាហាវម្នាក់ សម្រាប់រាជវាំងក្រុងហ្វេ ក៏ដូចជារាជវាំងកម្ពុជា ផងដែរ។


នៅពេលដែលពួកសៀមចង់ដឹកនាំទ័ពមកចុះនៅខេត្តពាម ដើម្បីបន្ដដំណើរឡើងទៅវាយអ្នក អង្គអឹម ពួកសៀម បានមកជួប ឧបសគ្គមួយ គឺ ម៉ាកហ្គូ នេះឯង ដែលគាំទ្រសេ្ដចកំពុងសោយ​រាជ្យ (គឺអ្នក អង្គឯម) ហើយបានកេណ្ឌទ័ព ចេញពីពួកមនុស្សយង់ឃ្នង ចម្រុះជាតិសាសន៍ ត្រៀមប្រយុទ្ធរួចជាសេ្រច។ ម៉ា​កហ្គូ បានវាយទ័ពជើងទឹកសៀម ដែលដឹកនាំដោយ ពញាកាសា និងតេជោ ឱ្យបរាជ័យ រត់បែកខ្ចាត់ខ្ចាយ ទាំងស្រុង។

រហូតមកដល់ គ.ស.១៧៣៦ ម៉ាកហ្គូ បានស្លាប់ក្នុងអាយុ ៧៨ឆ្នាំ  នៅខេត្តពាម(ឯកសារយួនថាស្លាប់នៅកោះត្រល់ តែយកមកបញ្ចុះនៅខេត្តពាម)។ 


កូនប្រុសគាត់ឈ្មោះ ម៉ាកតុង បានឡើងកាន់អំណាចបន្តពីគាត់ មានឋានៈជាបេសកជនរបស់ព្រះចៅ​អធិ​រាជ​​ចិន ហើយមានសិទ្ធិបោះពុម្ពកាក់ស័ង្កសី។ គេនិយាយថា ម៉ាកតុង នេះបានកសាងផ្លូវជាច្រើន ហើយក៏បានជីកព្រែក ជីកប្រឡាយ ជាច្រើនផងដែរ តែអ្នកក្រោយៗ មិនបានថែរក្សាឱ្យល្អទេ។ គាត់បានឱ្យគេសាងសង់ផ្សារមួយ ហើយបានចាត់ឱ្យពង្រឹងប្រព័ន្ធការពារទីក្រុង ដែលឪពុករបស់គាត់បានសាងសង់ឡើងនៅត្រង់ច្រកចូលកំពង់ផែពាម។ ម៉ាកតុង ល្បីល្បាញពូកែ ខាងការការពារទីក្រុង ប្រឆាំងនឹងមេចោរសមុទ្រ ជាតិចិនឈ្មោះ ហួកញាន នៅក្នុងគ.ស.១៧៧០ និងប្រឆាំងអ្នកផ្សងពេ្រងចិនម្នាក់ទៀតឈ្មោះ ត្រាន់ថាយ ដែលត្រូវរ៉ូវគ្នា ជាមួយបងប្អូនជីដូនមួយគាត់២នាក់​​ ចង់ផ្តួលរំលំគាត់ ហើយក៏ធ្លាប់ប្រឆាំងនឹង ឧកញ៉ាខែ នៅខេត្តក្រមួន-ស ដោយសហការជាមួយជនជាតិម៉ាឡេម្នាក់ឈ្មោះ លីម៉ាលូ ដែលបានដឹកនាំកម្លាំង ១ពាន់នាក់ មកវាយប្រហារលើគាត់។ 


មានតែពួកសៀមទេ ដែលអាចដណ្ដើមយកខេត្តពាម បាននៅក្នុងឆ្នាំ១៧៧២ ក្រោយពីឡោមព័ទ្ធអស់ពេល៣ថ្ងៃ។ ប៉ុន្ដែ ម៉ាកតុង បានទទួលអំណាចគ្រប់គ្រងលើខេត្តពាម វិញនៅឆ្នាំ​១៧៧៥ ក្រោយពីបានចុះសន្ធិសញ្ញាមួយ ជា​មួយព្រះចៅ តាក់ ស៊ីន ស្តេចសៀម(១៧៦៩-៨២)។ 

នៅចុងឆ្នាំ១៧៧៩ ពេលដែលគាត់ធ្វើដំណើរទៅកាន់រាជធានីធនបុរីរបស់ព្រះចៅតាកស៊ីន  ដើម្បីចូលគាល់សេ្ដចសៀម ម៉ាក​តុង បានត្រូវសេ្ដចសៀមឃាត់មិនឱ្យវិលត្រលប់មកពាមវិញទេ។ សេ្ដចសៀមបានឱ្យគេកាត់ក កូនច្បងរបស់គាត់ ជាមួយនឹងរាជវង្សយួនម្នាក់ ដែលបានធ្វើដំណើរទៅជាមួយគ្នា និងបរិពារហែហម ៥០នាក់ទៀតផង។ ម៉ាកតុង ត្រូវគេធ្វើទារុណ​កម្មយ៉ាងខ្លាំង។ 

ដោយទ្រាំមើលទារុណកម្មនោះមិនបាន ជនជាតិសៀមម្នាក់ ក៏បានលួចប្រគល់ថ្នាំពុលឱ្យត្រកូលចិនបំបែករដ្ឋនេះ ផឹកសម្លាប់ខ្លួនតែម្តងទៅ នាឆ្នាំ១៧៨១ ដោយបានសន្យាថាជួយជីវិតកូនគេ ៣នាក់ និងចៅ ៤នាក់។ 


ក្នុងពេលដែល ម៉ាកតុង ជាប់ឃុំឃាំងនៅឯស្រុកសៀម កូនគាត់ឈ្មោះ ម៉ាក់ទឺសាញ បានឡើងកាន់អំណាចបន្តពីគាត់ នៅឯខេត្តពាម ហើយបានក្លាយខ្លួនជាអ្នកគាំទ្រសេ្ដច ង្វៀន ផាក់ អាញ់(Nguyễn Phúc Ánh) (ជារឿយៗហៅថា ង្វៀន អាញ់ = Nguyễn Ánh ) (ក្រោយមកហៅថា យ៉ាឡុង) យ៉ាងដាច់ខាតម្នាក់ ដែលកំពុងតស៊ូដណ្ដើមអំណាច ពីពួកតៃសឺននៅយួនកណ្តាល ឲ្យជ្រកកោនគេចខ្លួន នៅលើកោះត្រល់ រយៈពេលជិត៣០ឆ្នាំ។ 

ស្តេច យ៉ាឡុង នេះហើយ ដែលដែលក្រោយមកទៀត បញ្ជាឲ្យមានការជីកព្រែកវិញតេ ពីខេត្តមាត់ជ្រូកទៅខេត្តពាម បង្កសោកនាដកម្មដល់រាស្ត្រខ្មែរដែលមិនអាចបំភ្លេចបាន នាគ្រានោះ។


គ.ស. ១៧៩០ ក្រោយពី ម៉ាកទឺសាញ បានស្លាប់ទៅ ប្អូនប្រុសរបស់គាត់ឈ្មោះ ម៉ាក់កុងប៊ិញ បានឡើងកាន់អំណាចបន្ដ។ គឺ ម៉ាកកុងប៊ិញ នេះឯង ដែលបានទទួលសព ម៉ាក់តុង ពីសេ្ដចសៀម(ព្រះពុទ្ធយ៉តហ្វា ចូឡាលោក ហៅរាមាទី១) ដែលបានផ្ញើមកឱ្យ នៅក្នុងឆ្នាំដដែលនោះ។ ម៉ាក់កុងប៊ិញ បានរៀបចំបញ្ចុះសពជីតានៅលើភ្នំ ប៊ិញសឺន ក្បែរផ្នូររបស់ ម៉ាកហ្គូ ជាឪពុក។

 បច្ចុប្បន្នសែស្រឡាយចិនបន្តក្រោយៗមក(អំឡុងទសវត្ស៨០) គេបាន សាងរូបសំ​ណាក ម៉ាកហ្គូ មួយយ៉ាងធំ ប៉ែកខាង​កើតស្ពានថ្ម ដែលមានភ្ជាប់រូបនៅខាងក្រោមអត្ថបទនេះ។  


នៅក្នុង គ.ស.១៨០៩ ម៉ាក់កុងប៊ិញ ក៏បានស្លាប់ ដោយបន្សល់ទុកតែកូនតូចៗ មិនអាចកាន់អំណាចបន្ដពីគាត់បាន។ ក៏ប៉ុន្ដែ មកដល់ ឆ្នាំ១៨១៦ មានកូនប្រុសគាត់ម្នាក់ឈ្មោះ ម៉ាក់ឌិន បានឡើងធ្វើជាអ្នកគ្រប់គ្រងខេត្តពាម រួចជាចៅហ្វាយក្រុង នៅក្នុង គ.ស.១៨១៨។ 

នៅក្នុងរាជរបស់អធិរាជ យ៉ាឡុង (១៨០២-១៨២០) ស្តេចនេះមិនបានពង្វាតទឹកដីវៀតណាមមកដល់ពាមទេ ព្រោះដោយសារសាគុណដ៏ធំរបស់ ម៉ាតុង ដែលបានផ្តល់ទីតាំងលាក់ខ្លួនពីការកាប់សម្លាប់របស់ពួកតៃសឺន និងបានជួយច្បាំងយកទឹកដីវិញផងដែរ ទើបនៅគ.ស.១៨១៥ នៅពេលដែលស្តេច យ៉ាឡុង គូសព្រំដែន ដោយជីក”ព្រែកជីកវិញតេ”នោះ គេបានទុកពីកំពង់ផែពាមប្រហែលជាង ១០គីឡូម៉ែត្រ នៅប៉ែកខាងកើតផងដែរ។ 


បើតាមសៀវភៅប្រវត្តិសាស្ត្រមហាបុសខ្មែរ បណ្តាទំព័រចុងភាគទី៦ បានរៀបរាប់ថា៖ ខេត្តពាម ត្រូវបានខ្មែរដណ្តើមបានវិញនៅគ.ស.១៨៤០ គឺក្នុងអំឡុងឆ្នាំ ដែលយួនចាប់អ្នកអង្គម្ចាស់”ប៉ែន” យកទៅជ្រមុជទឹកនៅខេត្ត លង់ហោរ និងចាប់ក្សត្រអង្គ ម៉ី យកទៅក្រុងវ៉េបាត់ទៅហើយនោះ (អំឡុងឆ្នាំ១៨៤០ដល់៤១) ដែលប្រជារាស្ត្រខ្មែរនាំគ្នាធ្វើការបះបោរ ដេញកាប់យួន ស្ទើររាបពេញផ្ទៃប្រទេស ហើយដណ្តើមបានអាណាខេត្តនានាស្ទើរគ្រប់ទាំងអស់ ដោយនៅសល់តែបន្ទាយធំៗប៉ុណ្ណោះដែលមិនទាន់បំបែកបាន។ ពេលនោះកងទ័ពខ្មែរបានគ្រប់់គ្រងខេត្តពាមវិញ ហើយក្រោមក ព្រះអង្គដួង ទ្រង់បានចាត់តាំងឲ្យ“ឧកញ៉ារាជាសេដ្ឋី កែប” ធ្វើជាចៅហ្វាយខេត្តនៅទីនោះ។


បើយោងលើនិក្ខេបបទថ្នាក់បណ្ដិតរបស់លោក សារិន ឆាក នៅម្តុំទំព័រ១៨០ ដែលរៀបរាប់យ៉ាងពិស្តា នូវការរៀបចំអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ បានបញ្ជាក់ថា មានព្រះរាជប្រកាសមួយចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩០៤ របស់ព្រះបាទនរោត្តម ថា «នឹង”សង”ទៅកូសាំងស៊ីនវិញ នូវចម្រៀកដីដែលលាតសន្ធឹងចន្លោះពីខេត្តកំពតដល់ហាទៀន(ពាម) នូវឃុំសាគី(ឃុំទីរួមខេត្តពាម) និងភូមិកោះចន្លុះ ជាថ្នូរទៅនឹងចម្រៀកដីនៅមាត់ទន្លេកាកៃ រវាងខេត្តតៃនីញ និងខេត្តព្រៃវែង»។ វាគឺជាចម្រៀងដីដ៏តូចនៅប្របមាត់ទន្លកាកៃ បើប្រៀបធៀបជាមួយឃុំទាំងពីរនៅពាម វាមិនបានពាក់កណ្តាលឃុំមួយផង ហើយបារាំងយកមកធ្វើជាលេសឲ្យ"សង" ថាបានធ្វើអនុប្បទានមកឲ្យកម្ពុជាកន្លងមក។ 

ទឡ្ហីករណ៍នេះហើយ ដែលយើងឃើញព្រំប្រទល់ប្រទេសកម្ពុជាសព្វថ្ងៃ ឃ្វាងមកទិសខាងលិច ឆៀងចូលដីខ្មែរ ដោយព័ទ្ធយក ២ឃុំនេះឯង។

ដូច្នេះ ទីប្រជុំជននៅឈូងព្រះសោទ័ត ឬហៅថាអាណាខេត្តពាម របស់ខ្មែរ ដែលខ្មែរបានមកគ្រប់គ្រងវិញចំនួន ៧៤ឆ្នាំ(១៨៤០-១៩១៤) ក៏ត្រូវធ្លាក់ចូលដៃបារាំង បន្តទៅទៀត។ ក្រោយពីបារាំងប្រគល់ឲ្យស្តេច បាវដាយ នៅឆ្នាំ១៩៤៩ ដីនេះក៏ក្លាយជាដីរបស់វៀតណាមរហូតមក។ 

នៅឆ្នាំ២០០០ វៀតណាមបានរៀបចំប្តូរតំបន់នេះ ពីទីប្រជុំជនស្រុក មកជាទីប្រជុំជនខេត្ត ហាទៀង រហូតដល់បច្ចុប្បន្ន៕



-----------------------------------------

ដោយ៖ Ny Watthanak

បើមានសង្គ្រាមចិន និងអាមេរិក តើកម្ពុជាជួបគ្រោះ ឬមានលាភ?

 តើកម្ពុជា កំពុងជួបគ្រោះ ឬមានលាភ ?





----------
ខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើនឆ្នាំអំពីឥទ្ធិពលនៃនយោបាយអន្តរជាតិ លើនយោបាយការបរទេសកម្ពុជា ចន្លោះពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១៥ ដោយមានរឿងខ្លះ ខ្ញុំគួរតែនិយាយដើម្បីរំលឹកជាតិ កុំអោយដើរជាន់ដានចាស់របស់ខ្លួន។
------
ទី១. ថ្វីត្បិតតែចិន រុស្ស៊ី និងអាមេរិកាំង មិនចង់បានសង្គ្រាម ប៉ុន្តែសង្គ្រាមនៅឧបទ្វីបកូរ៉េអាចកើតឡើងគ្រប់ពេល។ ឥទ្ធិពលនៃការប្រជែងអំណាចរបស់ប្រទេសធំៗពេលអតីតកាល ក៏ដូចពេលនេះ អាចធ្វើឲ្យនយោបាយផ្ទៃក្នុងនៃប្រទេសតូចៗ នៅតំបន់អាស៊ីជាច្រើន ប្រែប្រួលជួបលាភ ឬជួបគ្រោះស្លាប់គ្រប់ពេល។
---
ទី២. ស្ថិតក្នុងស្ថានភាពបែបនេះ នគរយើងគួរមូលគ្នា កុំឲ្យបង្កើតជាចំណុចខ្សោយ ហើយផ្តោតកម្លាំង ប្រាជ្ញាស្មារតី តាមពិនិត្យមើល និងក្តាប់ស្ថានការណ៍នយោបាយក្នុងតំបន់ និងអន្តរជាតិ ឲ្យទាន់ប្រសើរជាង វាយចាន វាយឆ្នាំងក្នុងផ្ទះខ្លួនឯង។
ជាក់ស្ដែង មេដឹកនាំយើងកាលពីឆ្នាំ៦០ និង៧០ បានបង្កើតកំហុសនេះរួចហើយ។ គឺនៅពេលនយោបាយជាតិគ្រប់ដណ្តប់ដោយការប្រជែងអំណាចផ្ទៃក្នុង យើងភ្លេចភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅនៅជិតរបងផ្ទះ រវល់តែធ្វើស៊ីគ្នាឯង ទីបំផុតឆេះស្លាប់ជាតិទាល់តែបាន។
----
ទី៣. មូលហេតុ ដែលផ្ទះយើងមានភ្លើងសង្គ្រាមនៅឆ្នាំ៧០ និង៧៥ គឺព្រោះតែយើងក្តាប់នយោបាយអន្តរជាតិមិនជុំ មើលមិនវែង ហើយរវល់តែទាត់ធាក់វាយតប់ឈាមឯងក្នុងនគរ ទីបំផុតអ្នកជិតខាង គេគេចផុតពីសង្គ្រាម ហើយគេជះភ្លើងសង្គ្រាមត្រជាក់ ចុងក្រោយនៅអាស៊ីអាគ្នេយ៍មកលើដីកម្ពុជា។
រហូតដល់ពេលនេះ ឈាមខ្មែរជិត២លាននាក់ ដែលស្លាប់នៅឆ្នាំ៧០ ព្រលឹងគេនៅមិនទាន់ដឹងថា ហេតុអ្វីបានគេស្លាប់?
តើអ្នកណាសម្លាប់គេ?
ហើយហេតុអីគេលីកាំភ្លើងចូលព្រៃសម្លាប់ឈាមឯង?
---
ទី៤. ជំពាក់លុយគេ ឬជំពាក់គុណគេច្រើនយ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវយកវាសនាជាតិខ្លួនឯង ទៅដាក់លើជ្រុញនយោបាយអន្តរជាតិ និងក្តារអុករបស់មហាអំណាចណាមួយឡើយ។ ទោះជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក៏ដោយ។ រកស៊ីជាមួយនគរធំ បើស្ថានភាពល្អ បានត្រឹមរួចខ្លួនប៉ុណ្ណោះ។
***បើចង់ឲ្យជាតិរួចផុតគ្រោះលើកនេះ ដាច់ខាត គ្មានទេករណី ឲ្យគេខ្ចីដី ខ្ចីផ្លូវ ដឹកទ័ព ដឹកស្បៀង ដូចករណីផ្លូវលំហូជីមិញ (Ho Chi Minh Trail) កាលពីឆ្នាំ៥៩ដល់៧០។ ព្រោះបញ្ហានៅតំបន់កូរ៉េ និងសមុទ្រចិនជៀសមិនរួចពីសង្គ្រាមឡើយ។
---
ទី៥. ទោះបីស្ថានការណ៍តានតឹងយ៉ាងណាក៏ដោយ គួរធ្វើការឆ្លើយតប ដោយការប្រុងប្រយ័ត្នខ្ពស់ និងឆ្លើយតបជាយុទ្ធសាស្ត្រ (cautious respond and strategic ambiguity) ជាជាងការតបតនឹងអន្តរជាតិ ឬប្រទេសធំៗ ដោយវិធីក្តៅ ពីព្រោះពួកប្រទេសធំទាំងនេះ អាចមានលទ្ធភាពដុតកម្ពុជាឲ្យខ្ទេចជាផេះដូចអតីតកាលបានគ្រប់ពេល មិនថាអាខៀវ ឬអាក្រហមឡើយ។
---
ទី៦. មេដឹកនាំខ្មែរយើងពីអតីតកាល កាលពីឆ្នាំ៦០ និង៧០ និយាយរកគ្នាតិចពេក ហើយម្នាក់ៗចេះតែកើតការភ័យសង្ស័យគ្នា រួចធ្វើការសន្និដ្ឋានអត្តនោម័ត ដោយប្រើវិធីក្តៅដាក់គ្នា ប្រជែងយកស្លាប់រស់ ទីបំផុត ម្នាក់ៗគ្រប់ភាគី សុទ្ធតែបានចូលរួមចំណែកដុតកម្ពុជាស្ទើរលាយពីផែនដី ដោយមិនដឹងខ្លួន ដូចមាន់ជល់ ដែលគេគូសធ្យូងខ្មៅលើមុខ បង្ខំអោយវាយគ្នាទាល់តែស្លាប់ ដោយមិនដឹងមូលហេតុ ថាសម្លាប់គ្នាដើម្បីអ្វី?
--
ទី៧. ដូច្នេះបើយើងពិនិត្យស្ថានការណ៍ប្រទេសទូទៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅអាស៊ី-អាគ្នេយ៍ ត្រឹមម៉ោងនេះ ពួកគេកំពុងផ្អាករឿងវាយតបក្នុងនគរគេ ហើយគិតត្រៀមបញ្ចៀសភ្លើងសង្គ្រាមចេញពីទឹកដីគេ លើកលែងតែនគរខ្មែរ ដែលឈាមជាតិហាក់កំពុងហូរក្នុងប្រឡាយទិសពីរផ្សេងគ្នា។
+
ផ្អែកលើការវាយតម្លៃហានិភ័យនយោបាយតំបន់នេះ បើពិតជាផ្ទុះសង្គ្រាមរវាងចិន និងអាមេរិកមែន នោះកម្ពុជា អាចប្រឈមនឹងគ្រោះធំ ជាងសមាជិកអាស៊ានដទៃទៀត ដោយហេតុតែប្រការដែលបានរៀបរាប់នេះឯង។
ភ្នែករាស្ត្រតូចតាច មើលពីក្រៅ ទៅក្នុងវិមានសន្តិភាព ឃើញហាក់ដូចជាធម្មតា តែយើងភ្លេចមើលស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិហើយ។
ចិត្តបារម្ភជាតិ ចិត្តចង់ឃើញជាតិពិសារបាយខ្ចប់ចេក ជួបជុំគ្នាជាមហាគ្រួសារខ្មែរ ទើបខំសរសេរអត្ថបទនេះឡើង។ ឲ្យតែយើងនិយាយរកគ្នា គ្មានរឿងលំបាកអី ដែលថាមិនអាចដោះស្រាយបានទេ៕
_____
ខ្ទមអុក©

រំលឹករឿងចាស់៖ ជីវប្រវត្តិអតីតមេមន្ទីឃុំឃាំង ស២១

 


ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ កាំង ហ្កេចអ៊ាវ ជា​កូន​កាត់​ចិន មាន​បង​ប្អូន​បង្កើត ៥នាក់ នៅ​ក្នុង​ត្រកូល​​ជា​កសិករ​ក្រីក្រ។


ការសិក្សា និង​អាជីព​ជា​គ្រូ​បង្រៀន

ក្រោយ​ពី​ប្រឡង​ជាប់​បាក់អង នៅ​កំពង់ធំ កាំង ហ្កេចអ៊ាវ បាន​មក​រៀន​នៅ​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ ក្នុង​ក្រុង​ភ្នំពេញ គឺ​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ ហើយ​​បាន​ស្នាក់នៅ​វត្ត​ឧណ្ណាឡោម។

នៅ​ឆ្នាំ​១៩៦៤ កាំង ហ្កេចអ៊ាវ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដោយ​​ជាប់​ជា​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា។ បន្ទាប់​មក កាំង ហ្កេចអ៊ាវ បាន​ទៅ​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។

នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បាន​ចេញ​ទៅ​ធ្វើ​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​គ្រូ​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត រាក់ទាក់ មិន​ចេះ​វាយឫក និង​ស្និទ្ធស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ ចូលចិត្ត​គ្រប់ៗ​គ្នា។

 

ការចូល​បក្ស​កុម្មុយនិស្ត

ពេល​​ស្នាក់នៅ​​រៀន​​ក្នុង​ក្រុង​​​ភ្នំពេញ កាំង ហ្កេចអ៊ាវ ដែល​ជា​កូន​ចៅ​កសិករ​ក្រីក្រ បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​​អ្នកក្រ និង​អ្នកមាន​។ ពេល​នោះ​ហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនិស្ត។

ម្យ៉ាងទៀត កាលពីពេល​​កំពុង​រៀន​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ កាំង ហ្កេចអ៊ាវ បាន​ស្គាល់​ជនកុម្មុយនិស្ត​ដ៏​សំខាន់​ម្នាក់ គឺ សុន សេន ដែល​ពេល​នោះ​ជា​នាយក​វិទ្យាស្ថាន ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​របប​​ខ្មែរក្រហម​។

នៅឆ្នាំ១៩៦៧ នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កំពង់​ធំ កាំង ហ្កេចអ៊ាវ ក៏បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​បាន​ស្គាល់​ ទង់ សេងហឿន ដែល​​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជា​ជំនួយការ​របស់​ ឌុច នៅ​​គុក​ទួល​ស្លែង។

នៅ​ឆ្នាំ​ដដែល​នោះ កាំង ហ្កេចអ៊ាវ ត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅ​​ក្នុង​គុក កាំង ហ្កេចអ៊ាវ បាន​ជួប​ជាមួយ ម៉ម ណៃ ហៅ ចាន់ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​របស់​ ឌុច នៅ​គុក​ទួលស្លែង។

នៅឆ្នាំ​​១៩៧០ ក្រោយ​ពី​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ កាំង ហ្កេចអ៊ាវ ​បាន​រត់​ទៅ​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា ឌុច ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក ឌុច បាន​បង្កើត​គុក​មួយ​ទៀត ដែល​មាន​លេខ​សម្ងាត់​ថា ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។

បើទោះជាពេលនោះ ពួក​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ឡើង​កាន់​អំណាច​ក៏​ដោយ តែ​គុក​ដែល ឌុច កាន់កាប់ មានទីតាំង​​ស្ថិត​នៅ​ក្នុង​តំបន់​រំដោះ ដូច​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​ខ្មែរ​ក្រហម​ពេញ​ទី។ មាន​អ្នក​ទោស​រាប់​ម៉ឺន​នាក់​បាន​ជាប់​នៅ​គុក​ទាំង​ពីរ​ខាង​លើ​នេះ។ គឺ​ចាប់​ពេល​នោះ​ហើយ​ដែល ឌុច បាន​ចាប់​ផ្តើម​ដក​ពិសោធន៍​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​អ្នក​ទោស។

ក្នុងពេលនៅតស៊ូ​ក្នុង​ព្រៃ ឌុច បាន​រៀបការ​ជាមួយ​នឹង ឈឹម សុផល ហៅ រ៉ុម ដែល​រស់​នៅ​ក្នុង​ភូមិ​​មួយ ក្បែរ​កន្លែង ឌុច ធ្វើការ។

 

នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ

ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។

យោងតាមឯកសារ​នៅ​គុក​ទួល​ស្លែង ដែល​បច្ចុប្បន្ន​រក្សា​ទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្នាក់​លើ​របស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីត​គ្រូ​បង្រៀន​របស់ ឌុច ​នៅ​វិទ្យាស្ថាន​គរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ នៅ​ក្នុង​ឯកសារ​ទាំង​នេះ គេ​ឃើញ​មាន​ហត្ថលេខា​របស់ ឌុច លើ​កំណត់​ហេតុ​បញ្ជូន​ទៅ​ថ្នាក់​លើ និង​ចំណារ​របស់ ឌុច បញ្ជា​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​ជា​ដើម។

នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​ បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។ ឌុច បាន​​រៀប​ចំ​​ចង​ក្រង​ឯកសារ​ជា​ច្រើន​ស្តីពី​ប្រវត្តិរូប និង​ចម្លើយ​សារភាព​របស់​អ្នក​ទោស។ គឺ​ឯកសារ​ទាំង​នេះ​ហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភស្តុតាង​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ខ្មែរ​ក្រហម។

 

ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិត​ក្នុង​ចំណោម​មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​រត់​ចេញ​ពី​ភ្នំពេញ។ ឌុច បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧៩។ នៅ​ក្នុង​អំឡុង​ពេល​នោះ មិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ខ្លះ ដូចជា សៀវភៅ​របស់​លោក Nic Danlop ដែល​មាន​ចំណងជើង​ថា “The Lost Executioner” ឬ ពេជ្ឈឃាត​បាត់​ខ្លួន បាន​សរសេរ​ថា ឌុច បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​សំឡូត។ ឌុច ត្រូវ​បាន បង​ទីពីរ នួន ជា ដក​តំណែង​ក្នុង​ហេតុផល​​ថា ឌុច មិន​បាន​កម្ទេច​ឯកសារ​នៅ​គុក​ទួល​ស្លែង​ឲ្យ​អស់​មុន​នឹង​រត់​ចេញ​ពី​​ភ្នំពេញ។ ក្រោយ​មក ឌុច បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិតវិទ្យា​ នៅ​សាលា​រៀន​មួយ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ទឹក​ដី​ថៃ។

នៅឆ្នាំ១៩៨៦ ឌុច ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសាខ្មែរ ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្រុង​ប៉េកាំង ប្រទេស​ចិន។ មួយ​ឆ្នាំ​ក្រោយ​មក ឌុច បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​បាន​ដូរ​ឈ្មោះ​ទៅ​ជា ហង្ស ពិន វិញ។ ឌុច បាន​ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​របស់ ប៉ុល ពត ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​៥០៥។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ឌុច បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឌុច បាន​វិល​ត្រឡប់​ទៅ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​វិញ។ នៅ​ឆ្នាំ​១៩៩៥ ក្រោយ​ពី រ៉ុម ជា​ប្រពន្ធ​បាន​ស្លាប់​ដោយ​សង្រ្គាម ឌុច បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​ចេក​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល ឌុច បាន​ថ្វាយ​ខ្លួន​ជឿ​ព្រះ​យេស៊ូវ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ បន្ទាប់​មក ឌុច បាន​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​ជំនួយ នៅ​ក្នុង​​ព្រះវិហារ​មួយ​ឈ្មោះ Golden Western Cambodian Christian Church។

នៅឆ្នាំ១៩៩៧ ក្រោយ​ពី​មាន​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ឌុច បាន​រត់​ចេញ​ពី​ស្វាយ​ចេក ទៅ​កាន់​ប្រទេស​ថៃ។ ឌុច បាន​បម្រើ​ការ​ក្នុង​អង្គការ​មនុស្សធម៌​ផ្នែក​សុខាភិបាល​មួយ នៅ​ក្នុង​ជំរំ Ban Ma Muang។ រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប ឌុច ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ ដោយ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជាអតីត​មេ​គុក​ទួល​ស្លែង ឌុច មិន​បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ចេក​វិញ​ទេ។ ឌុច បាន​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រីស្ទាន​មួយ ឈ្មោះ World Vision នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំបង។

 

ការ​ចាប់​ខ្លួន

នៅឆ្នាំ១៩៩៩ អ្នកកាសែត​បរទេស​ពីរ​រូប គឺ Nate Thayer និង Nic Dunlop បាន​ទៅ​ជួប​សម្ភាស​ជាមួយ ឌុច។ ក្រោយ​ពី​បទសម្ភាសន៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ទស្សនាវដ្តី​ សេដ្ឋកិច្ច​ចុង​បូព៌ា (ឬ​តាម​ភាសា​អង់គ្លេស​ថា Far Eastern Economic Review) ឌុច​ ក៏​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់​ពី​ពេល​នោះ​មក ឌុច ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។

នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ថ្វី​ដ្បិត​តែ ឌុច មិន​មែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ ឌុច ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​ចំណោម​ “អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​របប​ខ្មែរ​ក្រហម“ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ។

 

ឌុច សារភាពកំហុស តុលាការ​សម្រាល​ទោស​​ត្រឹម​ជាប់​គុក ៣៥​ឆ្នាំ

នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រកាស​សាលក្រម សម្រេច​ឲ្យ​ កាំង ហ្កេចអាវ ហៅ ឌុច ជាប់​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ ដោយ​ ឌុច បាន​សារភាព​កំហុស និង​បាន​សហការ​ជាមួយ​តុលាការ ចៅក្រម​​បាន​សម្រេច​ផ្តន្ទាទោស ឌុច ឲ្យ​ជាប់​ពន្ធនាគារ​តែ ៣៥​ឆ្នាំ​ប៉ុណ្ណោះ។

ពី​រយៈពេល ៣៥​ឆ្នាំ​នេះ ត្រូវ​កាត់​បន្ថយ ៥​ឆ្នាំ បន្ថែម​ទៀត ដោយ​តុលាការ​យល់​ឃើញ​ថា ការ​ឃុំខ្លួន​ឌុច នៅ​ក្នុង​តុលាការ​យោធា​កម្ពុជា ពី​ឆ្នាំ​១៩៩៩ គឺ​ជា​ការ​ឃុំខ្លួន​ខុស​នីតិវិធី។ ទី​បញ្ចប់ ទោសរបស់ ឌុច នៅ​សល់​តែ ៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ពោល​គឺ​ពី​ឆ្នាំ​១៩៩៩មក។

បើ​រាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម ឌុច នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​តែ​ជាង ១៨​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ដល់​ពេល​ផុត​​ទោស ឌុច នឹង​មាន​អាយុ​ ៨៦​ឆ្នាំ។ ប្រសិន​បើ​ ឌុច អាច​នៅ​រស់​លើស​ពី ៨៦​ឆ្នាំ ឌុច​ នឹង​អាច​ដើរចេញ​ពី​គុក​​ ហើយ​អាច​រស់នៅ​ដោយ​មានសេរីភាព​វិញ​បាន។

ហេតុ​នេះ​ហើយ​បាន​ជា​ជនរងគ្រោះ​បាន​នាំគ្នា​សម្តែងការ​មិនពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ទោស​នេះ។ នៅ​ក្រោយ​ពេល​ប្រកាស​សាលក្រម​ ឌុច ភ្លាម លោក​ ជុំ ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង​​បាន​ផ្ទុះកំហឹង​យ៉ាងខ្លាំង​ចំពោះ​​ការសម្រេច​ទោស​លើ​ ឌុច។ លោក ជុំ ម៉ី ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ឲ្យ ឌុច ជាប់គុក​អស់មួយជីវិត​គាត់​សុខចិត្ត។

ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​ទោស​​លើ ឌុច ដោយ​សាលាដំបូង សហព្រះរាជអាជ្ញា ព្រមទាំង​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏​បាន​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល​ជា​បន្តទៀត។ ក្រោយ​ពី​បាន​បើក​សវនាការ​ជំនុំជម្រះ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១១ តុលាការ​កំពូល​​គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹងសាទុក្ខ​​លើ​សំណុំរឿង ឌុច នៅ​មុន​ដំណាច់​ឆ្នាំ។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ជា​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា។

ក៏ប៉ុន្តែ លោក វ៉ាន់ ណាត អតីត​អ្នកទោស​មួយរូប ដែល​ធ្លាប់​ជាប់ឃុំ​​ក្នុង​គុក​ទួលស្លែង ប្រាកដ​ជា​មិន​បាន​ស្តាប់​​ការ​​សម្រេច​ចុងក្រោយ​នេះ​ទេ ដោយលោក​បាន​ទទួលមរណភាព​ដោយ​ជំងឺ កាលពីថ្ងៃ៥ កញ្ញា ២០១១។ ទោះជាយ៉ាងណា លោក វ៉ាន់ ណាត ធ្លាប់បាន​​​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ចំនួន​ឆ្នាំ​ដែល ឌុច ជាប់គុកមិនសំខាន់ទេ សម្រាប់​រូបលោក។ អ្វី​ដែល​សំខាន់ គឺ​នៅត្រង់ថា តើ​ ឌុច ខ្លួនឯង​ដឹង​ខ្លួនខុស​ ឬ​អត់?

 


ប្រភព៖ RFI

យប់មួយក្រោយសង្គ្រាម






[...]នាព្រលប់យប់ថ្ងៃ២៨ ធ្នូ ឆ្នាំ៩៣ ខណៈគ្រួសារអ្នកភូមិផងកំពុងជួបជុំបងប្អូន ឪពុកម្ដាយ ជីដូន ជីតា ដែលបាននារាសគ្នាកាលក្នុងភ្លើងសង្គ្រាម លោកពុកខ្ញុំឯណេះវិញកំពុងចោលភ្នែកសម្លឹងទៅរកកូនប្រុសកំពុងដេកក្នុងអង្រឹងហាក់ចង់និយាយអ្វីមួយ។


 លោកឪពុកបានរៀបចំយោធបរិក្ខារួចជាស្រេច ត្រៀមចេញទៅពន្លត់ផ្សែងនៃសង្គ្រាមដែលពុំទាន់រលត់ទាំងស្រុងនៅតំបន់ពាយព្យ  ។ 


សម្លេងស៊ីហ្លេបានបន្លឺឡើង ហាក់បញ្ជាក់ថាការចាកចេញបានមកដល់ហើយ ។ ឡានដំរីទឹកដឹកសហសេវិកទាហានមួយកងពល សំចតនៅខាងមុខផ្ទះរួចជាស្រេច ។


 លោកពុកឈ្ងោកថើបកូនតូចដែលកំពុងលង់លក់ និងអមដោយពាក្យផ្ដាំផ្ញើទៅភរិយាជាទីស្រលាញ់ និងកូនតូចៗ ៤នាក់ផ្សេងទៀត ដោយមិនរំពឹងថាការវិលចូលសមរភូមិលើកនេះ អាចនឹងមានឳកាសបានត្រលប់មកហូបបាយជុំគ្នាម្ដងទៀតដូចសមរភូមិមុននោះទេ ។ 


 សន្ធឹកកង់រថយន្តផ្ដើមវិលឆ្ពោះតម្រង់ទៅមុខ  ជាមួយរថពាសដែកជាច្រើនគ្រឿងអមជាក្បួនការពារ ។ 


(ច្រើនម៉ោងក្រោយមក)


"នៅមិនយូរទៀតយើងទៅដល់ជំរុំហើយ" ជាសម្លេងតៃកុងឡានខាងមុខស្រែកប្រាប់ ។ ខណៈពលទោគ្រប់រូបកំពុងដេកកើយស្មើគ្នា ទំនងជាគិតដល់សាច់ញាតិនៅឯផ្ទះ សម្លេងផ្ទុះយ៉ាងរន្ធឹកជាប់គ្នាផ្ទួនៗ ប្រៀបដូចជារញ្ជួញផែនដីបានបំប៉ើងរថយន្តដែលខ្ញុំកំពុងជិះនោះឡើងទៅលើអាកាស ។ ក្នុងខួរក្បាលខ្ញុំហាក់ដូចជាងងឹតសូន្យសុង ។ 


"បន្តិចក្រោយមក ខ្ញុំបើកភ្នែកឡើងបានឮសម្រែកពោពេញដោយការឈឺចាប់ ឈាមក្រាលគ្រប់លើធរណី សម្លេងគ្រាប់ផ្ទុះស្នូរកងរំពងពេញព្រៃ។ ដោយការឈឺចាប់ខ្ញុំបានក្រឡេកភ្នែកមកដៃស្ដាំខ្លួនឯង ស្រាប់តែឃើញឆ្អឹងសរស្ញែងទម្លុះសាច់ចេញមកក្រៅ នោះមានន័យថាដៃខ្ញុំបានបាក់ហើយ" ។


លោកពុកយល់ភ្លាមថាកងទ័ព គឺត្រូវបានពួកខ្មែរក្រហមលបវាយឆ្មក់ដោយបង្កៃមីនតោននៅលើផ្លូវ ។ 

ស្របពេលជាមួយគ្នានោះ គ្រាប់កាំភ្លើងរាប់រយបានហោះ ចេញលឿនដូចរន្ទះឆ្ពោះពីជ្រុងម្ខាងនៃផ្លូវ ស្រោចដូចភ្លៀងមកលើក្បួនរថពាសដែកនៅខាងមុខ និងខាងក្រោយ ខណ:ក្បួនរថយន្តលោកពុកកំពុងក្រឡាប់នៅចំចំណុចកណ្ដាលនៃការប្រយុទ្ធ។  


"ឪ... កូនសម្លាញ់ពិសីមាសឪពុក និងម៉ែវា ខ្ញុំប្រហែលជាទុកឆ្អឹងត្រង់នេះហើយ" ។ 


ទោះបីរបួសដៃស្ដាំ តែដៃឆ្វេងលោកពុកនៅកាន់កាំភ្លើង K 47 មិនរបូតសោះឡើយ ។ ភ្លាមនោះសម្លេងផ្ទុះដ៏ធំមួយទៀតបានរន្ទឺឡើង ............

សឺន សាន និងការបង្កើតរណៈសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ















ខាងក្រោមនេះជាជីវប្រវត្តិរបស់សម្តេចបវរសេដ្ឋាធិបតី សឺន សាន៖

 សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។


នៅ​ពេល​សម្ដេច​ក្រុម​ហ្លួង ស៊ីសុវត្ថិ សុផានវង្ស និង​សម្ដេច​ក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះ​រាជ​បុត្រា ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ យាង​ទៅ​កម្ពុជា​ក្រោម បាន​ទទួល​ដំណឹង​អំពី​ការ​បូជា​ជីវិត​របស់​ឧកញ៉ា សឺន គុយ ក៏​បានឱ្យ​លោក សឺន​ សាច់ ជា​បិតា​របស់​សម្ដេច​បវរសេដ្ឋា សឺន សាន និង​ឪពុក​មា​របស់​លោក​ម្នាក់​ មក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​បន្ត​ការ​សិក្សា​បន្ថែម​ទៀត។ លោក សឺន សាច់ ក៏​បាន​រៀន​សូត្រ​រហូត​ឡើង​ឋានៈ​ជា​ឧបការី​របស់​ព្រះ​ករុណា​ព្រះ​បាទ​ព្រះ ព្រះ​នរោត្ដម សុរាម្រឹត ដែល​កាល​ណោះ ព្រះ​អង្គ​មាន​ព្រះ​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម។


នៅ​ឆ្នាំ​១៩១៧ លោក សឺន សាច់ បាន​បញ្ជូន​កុមារា សឺន សាន ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​មីស្ស​ក្នុង​​រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩២៧ យុវជន សឺន សាន បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង រហូត​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ទីក្រុង​ប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅ​ឆ្នាំ​១៩៣៣ ហើយ​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។


ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ​ខេត្តបាត់ដំបង។ ក្នុងរយៈ​ពេល​នៃ​ការ​បំពេញ​ការងារ​ប្រហែល​ជា​ពីរ​ឆ្នាំ កង្វល់​របស់​លោក​ភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និង​ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ​ទៅ​លើ​ប្រជារាស្រ្ត​ខ្មែរក្រីក្រ។

ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន​ទទួលតំណែងជាភូឈួយខេត្តព្រៃវែង។


ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។

ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និង​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មណ្ឌល​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៤៧ ដល់ ១៩៤៩។


ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​១៩៥១ ដល់ ១៩៥២។

មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធនាគាប្រទេសបារាំង ដែលជារូបិយវត្ថុ​ជាតិបារាំងនោះ ឯកឧត្តម​ត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ​មានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេល​នោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។


ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ​ឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយ​ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការ​នោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺ​សាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។


ឯកឧត្តម សឺន សាន បានបំពេញ​មុខតំណែងជាទេសាភិបាលធានាគាជាតិ​នៃកម្ពុជា ចាប់ពីពេល​បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនា​ឆ្នាំ​១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និង​ចាប់ផ្តើម​កាន់​សីល​ប្រាំ​រហូត​ចាប់​ពីពេលនោះមក ។


នៅ​ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។

ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទ​វ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ​១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ​១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រម​ទាំង​ការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។


សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។


នៅ​ក្នុង​ឆ្នាំ​១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់​សម្តេច នរោត្តម សីហនុ លោក​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។


នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតី​សេរីនិយម​បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយ​រដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។​​


នៅ​ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់​សង្គ្រាម​ទាំង​មូល​នៅ​ប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណង​របស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។


ក្នុងនាមជាប្រធាន​សមាគមខ្មែរនៅ​បរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការ​ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។

សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន​ចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និង​ព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។


ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ​១៩៧៨ បាន​អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូន​ជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។


ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។


ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុង​ចលនា​តស៊ូ​របស់​សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម។


នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។


ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។


សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។


នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។


សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។


នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។

មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។

មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។

មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។

មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។

មេដាយមាសខេមរៈកីឡាឫទ្ធិ ។

មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។

មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។

មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។

មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។

មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។

មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។


សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេច​បាន​ប្រសាសន៍​មួយៗ​ទន់​ភ្លន់​ តែ​មិន​ចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ​ស្តី សម្តេចតែងតែរំលឹក​អំពី​គុណ​ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាង​លើព្រះ ឬទេវតាជា​ប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត​គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់​បាត់​បង់​ជីវិត។


សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់​ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះ​ត្រង់​យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរព​ព្រះ​ពុទ្ធ​សាសនា​យ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់​ប្រជារាស្រខ្មែរ។


នៅថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

ខេត្តកណ្តាល៖TN TV

វិភាគ៖ សៀមមិនមែននៅពីក្រោយការបែកបាក់បន្ទាយលង្វែកទេ




នៅក្នុងទស្សនៈទូទៅគេតែងនាំគ្នាយល់ថា ការបែកក្រុងលង្វែក គឺបណ្ដាលមកពីការលោភលន់របស់ប្រជារាស្ត្រខ្មែរនាំគ្នាទៅកាប់ឆ្កាគុម្ភឬស្សី ដើម្បីយកប្រាក់ឌួងធ្វើឱ្យបាត់បង់ឬស្សីដែលជាជញ្ចាំងការពារក្រុងដ៏រឹងមាំ ។

ចំពោះបញ្ហានេះទំនងជាអ្នកសរសេរប្រវត្តិសាស្ត្របានមើលឃើញស្លាកស្នាមគុម្ភឬស្សីជាច្រើនដែលដុះជុំវិញតំបន់នោះ ទើបសន្និដ្ឋានទាំងងងឿល តាមរយៈការសរសេរអត្ថបទឱ្យសមទៅនឹងទីកន្លែងជាក់ស្ដែង ដូចដែលគេធ្លាប់និពន្ធរឿងព្រេងនិទានភ្នំនាងកង្រីជាដើម  ដែលគេនិពន្ធឱ្យសមដូចទៅនឹងទិដ្ឋភាពធម្មជាតិជាក់ស្ដែង ។

ចំពោះរឿងក្រុងលង្វែកវិញទំនងក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ គេអាចវិភាគចំណុចមួយចំនួនដូចខាងក្រោម៖

ទី១. ឯកសារខ្លះបានបរិយាយថាសៀមបានបាចប្រាក់ឌួងចូលទៅក្នុងគុម្ភឬស្សី ។ ត្រង់ចំណុចនេះយើងគួរឆ្ងល់ថាតើសៀមធ្វើម្ដេចទើបបញ្ជូនប្រាក់ឌួងចូលទៅក្នុងគុម្ភឬស្សីដ៏ក្រាស់ឃ្មឹកបាន ? តើបាចដោយដៃ ឬឬដាក់ប្រាក់ឌួងចូលក្នុងកាណុងកាំភ្លើងបាញ់ ? ហើយបើដាក់ចូលក្នុងកាំភ្លើង តើកាំភ្លើងធំប្រភេទណាដែលអាចបាញ់ប្រាក់ឌួងបាន ?តាំងពីសម័យបុរាណមកដល់ពេលនេះ តើមានប្រទេសណាផលិតកាំភ្លើងដើម្បីបាញ់ប្រាក់ឌួងបានហើយឬនៅ ?

ទី២. គេតែងអះអាងថាទ័ពសៀមចូលមកក្នុងបន្ទាយលង្វែកមិនរួចដោយសារជាប់គុម្ភឬស្សីក្រាស់ៗ ចុះព្រះមហាក្សត្រ-កងទ័ព-ប្រជារាស្ត្រខ្មែរដែលរស់នៅទីនោះ តើពួកគាត់ចេញចូលបន្ទាយលង្វែកបានដោយរបៀបណា ? ចុះនៅខេត្តផ្សេងៗទៀតរបស់កម្ពុជា ពុំមានកងទ័ពឬប្រជារាស្ត្ររស់នៅទេឬ?

ទី៣. រឿងព្រេងពាក់ព័ន្ធនឹង “ព្រះគោព្រះកែវ” ។ មានគេតំណាលថាមានស្ត្រីម្នាក់ពរពោះកូនក្នុងផ្ទៃ ស្រាប់តែឃ្លានផ្លែស្វាយ រួចក៏ឡើងបេះ ។ មិនប្រយ័ត្នស្រាប់តែរអិលជើងធ្លាក់ចុះមក ប្រសូតបាន “ព្រះគោមួយអង្គ និងព្រះកែវមួយអង្គ” រួចក៏មរណៈភាពទៅ ។ រឿងនេះបើយើងវិភាគទៅ គឺថាមានភាពអឆ្ឆារិយៈហួសហេតុពេក ព្រោះមានកូនគោឯណាទៅកើតក្នុងពោះមនុស្ស ?តើនៅដោយរបៀបណា បើមានទាំងកូនគោផង មានទាំងកូនមនុស្សផងនោះ ?

តើធ្លាប់មានរឿងទេដែលរាប់ពាន់ឆ្នាំមកនេះមនុស្សធ្លាប់កើតបានកូនគោ ? ជាងនេះទៅទៀតរឿងនេះក៏បានលើកឡើងថា ព្រះគោ បានទៅជល់នឹងគោយន្តរបស់សៀមចាញ់ ហើយក៏ហោះទៅប៉ះនឹងខ្សែសីមារបស់សៀមរួចក៏ធ្លាក់ចុះមកដី ពេលនោះសៀមក៏ចាប់បានព្រះគោ រួចក៏នាំយកទៅស្រុកសៀមបាត់ ។

វិភាគ៖ តើក្នុងសម័យនោះសៀមពិតជាមានគោយន្តមែនឬ ? ហើយបើសៀមមានមែន តើព្រះគោពិតជាល្ងង់ទៅជល់នឹងគោយន្តនោះមែនឬ ? រឿងព្រេងនិទាននេះត្រូវបានពលរដ្ឋខ្មែរមានជំនឿយ៉ាងប់ងល់ ព្រមទាំងកសាងរូបចម្លាក់ដើម្បីគោរពបូជាទៀតផង ។
បើរឿងទាំងនេះមិនមែនជាការពិតទេ តើការបែកបាក់ក្រុងលង្វែកកើតឡើងដោយរបៀបណា?

ដើម្បីចង់ដឹងច្បាស់ថាក្រុងលង្វែកបែកបាក់ដោយរបៀបណានោះ គេមិនអាចសិក្សាតែប្រវត្តិសាស្ត្រខ្មែរមួយបាននោះទេ តែគេត្រូវសិក្សាទៅលើប្រវត្តថៃផងដែរ ដើម្បីយកមកបំពេញចន្លោះប្រហោងឱ្យគ្នា ។ ហើយគេត្រូវពិនិត្យទៀតថារវាងកំណត់ត្រាពង្សាវតាខ្មែរ និងពង្សាវតាសៀម មានភាពដូច ឬខុសគ្នាត្រង់ចំណុចណាខ្លះ ។

ឆ្លងកាត់ការសិក្សាយ៉ាងស៊ីជម្រៅរួចមកបានបញ្ជាក់យ៉ាងច្បាស់ថា ការបែកបាក់ក្រុងលង្វែកពុំមានកើតឡើងដោយសាររាស្ត្រខ្មែរចូលទៅកាប់ឆ្កាគុម្ភឬស្សីយកប្រាក់ឌួងនោះទេ មូលហេតុពិតប្រាកដនៃការបែកក្រុងលង្វែក គឺកើតឡើងដោយសារមូលហេតុពីរ៖
ទី១ ដោយសារភាពភ័យខ្លាចបាត់បង់អំណាចរាជបល្ល័ងរបស់ព្រះបរមឥន្ទ្ររាជាទី២ ។
ទី២ ដោយសារការផ្ចាញ់ផ្ចាល់គ្នារវាងមន្ត្រីធំៗក្នុងព្រះរាជវាំង ។
ទី៣ កើតឡើងដោយសារព្រះរាជាបានផ្ទេររាជសម្បត្តិទៅឱ្យព្រះរាជបុត្រដែលមានព្រះជន្មត្រឹមតែ១២ វស្សា ដោយពុំបានឆ្លងកាត់ក្រុមប្រឹក្សាមន្ត្រី។

មូលហេតុខាងលើបានធ្វើឱ្យមន្ត្រីក្នុងវាំងផ្ដើមមិនសប្បាយចិត្តនឹងការសម្រេចព្រះទ័យរបស់ព្រះអង្គ ដោយពួកមន្ត្រីទាំងនោះផ្ដើមបោះបង់ចោលរាជកិច្ចលែងរវល់ទៅនឹងកិច្ចការប្រទេសជាតិ ។
បើយោងទៅលើឯកសារប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ថា៖ ព្រះជ័យជេដ្ឋាទី១ ដែលជាបុត្ររបស់ព្រះបរមឥន្ទ្ររាជាទី២ មានព្រះជន្មទើប១២ វស្សា ត្រូវព្រះបិតាផ្ទេររាជបល្ល័ងថ្វាយ ដោយកិច្ចការជាតិទាំងអស់ស្ថិតក្នុងការសម្រេចរបស់ព្រះបរមឥន្ទ្ររាជាទី២ ដដែល ។

 ការផ្ទេររាជបល្ល័ងទៅឱ្យបុត្រទាំងវ័យក្មេងបែបនេះ ក៏ព្រោះតែខ្លាចអំណាចត្រូវធ្លាក់ទៅលើអនុជរបស់ទ្រង់ ការនេះធ្វើឱ្យមន្ត្រីៗមិនសប្បាយចិត្ត តែមិនហ៊ានប្រឆាំង ដូច្នេះពួកគេក៏នាំគ្នាធ្វើព្រងើយនឹងកិច្ចការជាតិជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យមានភាពអនាធិបតេយ្យទូទាំងប្រទេស ចុងក្រោយបរមឥន្ទ្ររាជាទី២ ដែលជាស្ដេចដាក់រាជ្យបានសម្រេចបោះបង់ខេត្តមួយចំនួនចោលដែលនៅជាប់ព្រំដែនភាគខាងលិចជាមួយសៀម ។

ត្រង់ចំណុចនេះចំពោះអ្នកសរសេរប្រវត្តិសាស្ត្រមួយចំនួនហាក់ដូចជាដាក់កំហុសស្ទើទាំងស្រុងទៅលើរាស្ត្រខ្មែរនាសម័យនោះ ថាមានភាពលោភលន់នាំគ្នាទៅកាប់ឆ្កាព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ធ្វើឱ្យសៀមវាយបែកក្រុងលង្វែក។

ការលើកឡើងទាំងនេះផ្ទុយពីការពិតទាំងស្រុង ត្បិតថាប្រាក់ឌួងត្រូវការផលិតឱ្យប្រើប្រាស់ក្នុងទីផ្សារសៀមក្នុងរាជកាលព្រះរាមាទី១ នៅឆ្នាំ១៧៨២ នៃគ.ស  ចំណែកឯទ័ពសៀមបានវាយក្រុងលង្វែកតាំងពីឆ្នាំ១៥៩៣ នៃ គ.ស ដូច្នេះបើយើងឃើញថាប្រាក់ឌួងត្រូវគេប្រើប្រាស់ក្រោយការវៃក្រុងលង្វែកជាងមួយរយឆ្នាំ ។
.....................សូមតាមដានបន្តនៅអត្ថបទទី២ ដែលជាភាគបញ្ជប់ ។


ត្រកូលក្បត់ជាតិ “អភ័យវង្ស” លួចខេត្តបាត់ដំបងពីខ្មែរធ្វើជាចំណុះសៀម




ក្នុងរយៈពេលជាងមួយ សតវត្សរ៍វង្សត្រកូល អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ដល់ទៅ ៦ជំនាន់ គឺចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ហើយខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម ។

ឆ្លៀតឳកាសដែលនគរកម្ពុជាកំពុងវឹងវរជម្លោះដណ្ដើមរាជ្យកាប់សម្លាប់គ្នា និងមានការលុកលុយពីបរទេសផង ជនក្បត់ចៅហ្វាបែនដែលត្រូវបានសៀមតែងតាំងជាស្ដេចត្រាញ់ខេត្តបាត់ដំបង បានលប​សរសេរ​សំបុត្រ​ទៅ​ទូល​ស្ដេច​សៀម សុំ​ឲ្យខេត្ត​បាត់ដំបង សៀមរាប ក្លាយជាចំណុះ​សៀម។

ដោយស្រប​តាម​គំនិត​សៀម ដែល​ប៉ង​លេប​ទឹក​ដី​ខ្មែរ​ឲ្យ​សូន្យ​ផង ស្ដេច​សៀម ក៏​ធ្វើ​សារ​ផ្ញើ​មក​ព្រះមហាក្សត្រខ្មែរ ដែលកាលណោះស្ថិតក្រោមរាជព្រះអង្គ​អេង។ ដំបូង​ព្រះអង្គ​អេង មិន​ព្រម​ប្រគល់​ឲ្យ​ទេ តែ​ដល់​ស្ដេច​សៀម គំរាម​ជាច្រើន​លើក ហើយ​ដាក់​ការ​គាប​សង្កត់​ផ្សេងៗ​ទៀត​ផង ព្រះអង្គ​អេង ក៏​ព្រម​ប្រគល់​ឲ្យ ប៉ុន្តែ​បាន​បញ្ជាក់​ថា សុំ​ថ្វាយ​តែ​មួយ​រាជ្យ​ព្រះចៅ​យ៉ត​ហ្វា(ឈ្មោះស្ដេចសៀម) ប៉ុណ្ណោះ ដែលមានន័យថាក្រោយពីព្រះចៅយ៉តហ្វាស្ដេចសៀមចូលទីវង្គតទៅ ខេត្តទាំងឡាយនោះ ត្រូវប្រគល់មកឱ្យខ្មែរវិញ ។

ប៉ុន្តែការសន្យារបស់សៀមមិនដូច្នេះឡើយ ។



ឯកសារ​មហា​បុរស​ខ្មែរ​បញ្ជាក់​ថា ឆ្នាំ​១៧៩៥ ព្រះអង្គ​អេង បាន​យាង​ទៅ​ប្រទេស​សៀម ហើយ​គង់​នៅ​ទីនោះ​អស់​រយៈពេល​ពីរ​ខែ ដើម្បី​សុំ​ទាមទារ​យក​ដី​ខ្មែរ​ខាង​លើ​មក​វិញ ប៉ុន្តែ​សៀម មិន​ព្រម​ប្រគល់​ឲ្យ។

ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​វិញ ហើយ​បាន​តែ​មួយ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​ក្នុង​ព្រះជន្ម ២៥​ព្រះ​វស្សា។ ព្រះ​អដ្ឋិធាតុ​ព្រះអង្គ​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​ខាង​កើត នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧត្តុង្គ​សព្វថ្ងៃ​នេះ ។

ចំណែកឯត្រកូលអភិវង្សនៅតែបន្តគ្រប់គ្រងខេត្តខ្មែរនៅភាគលិច តរហូតមកដល់ជំនាន់ ខួង អភ័យវង្ស ។ ខួង អភ័យវង្សនេះគឺជំនាន់ចុងក្រោយបង្អស់ នៃត្រកូលក្បត់ជាតិ។ ដោយមានឈ្មោះជាត្រកូលស្មោះស្ម័គ្រនឹងសៀម លោក ខួង អភ័យវង្ស ត្រូវបានរាស្ត្រសៀមបោះឆ្នោតគាំទ្រក្លាយជានាយករដ្ឋមន្ត្រីថៃនៅឆ្នាំ១៩៤៤ ។

ទោះបីមានសាច់លោហិតជាឈាមខ្មែរទាំងពូជក្ដី ខួង អភ័យវង្ស ពុំដែលជួយរាជការខ្មែរម្ដងណាឡើយ ផ្ទុយទៅវិញលោកបានជួយស្ថាបនាសេដ្ឋកិច្ចសៀមឱ្យរីកចម្រើនខ្លាំងក្លាទៅវិញ ។ ខួង អភ័យវង្ស ដែលជាជនក្បត់ជាតិក្នុងត្រកូល អភ័យវង្ស បានស្លាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៨ ។



សរុបជារួមមកគឺ​ដោយសារ​តែ​ខ្មែរ​បែក​បាក់​គ្នា ចៅ​ពញា​បែន ឬអភ័យវង្សបែន ដែលលោភលន់​ឥត​អៀន​ខ្មាស​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ទឹក​ដី​ខ្មែរ គឺ​ខេត្ត​បាត់ដំបង មហា​នគរ​សៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម នៅ​ឆ្នាំ​១៧៩៥ ហើយ​ទឹក​ដី​នេះ​ត្រូវ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ប្រគល់​ឲ្យ​ខ្មែរ​វិញ តាមរយៈសន្ធិសញ្ញាមួយដែលបារាំងបានធ្វើការទាមទារពីសៀមមកឱ្យកម្ពុជា ៕

ឯកសារស្រាវជ្រាវ៖ ប្រវត្តិខេត្តបាត់ដំបង


បើ​​តាម​​សិលា​​ចារឹក​​ថ្ម​ប្រាសាទ​​ដែល​​យើង​​មាន និង​​បាន​​រក​​ឃើញ​​រហូត​​សព្វ​ថ្ងៃ​​នៅ​​មុន​​និងក្រោយ​​សម័យ​​អង្គរ​​គេ​ពុំ​​បាន​​​ឃើញ​​ចែង​​ឱ្យ​យើង​​ដឹង​ថា តើ​​សម័យ​​នោះ​មាន​ភូមិ​​ស្រុក​​ណា​​មួយ​​ដែល​​មាន​​ឈ្មោះ​បាត់​ដំបង​​នោះ​​ទេ​។ ប៉ុន្តែ​​យើង​​​​ក៏​​មិន​ហ៊ាន​​សន្និដ្ឋាន​​ថា ឈ្មោះ​​បាត់​ដំបង នេះ​​មាន​​ប្រើ​ ឬ​​មិ​ន​​ប្រើ​​ក្នុង​​សម័យ​​នោះ​​​ដែរ​។​ ប៉ុន្តែ​​ក្នុង​​សម័យ​​អង្គរ​ និង​​ក្រោយ​​អង្គរ​​ តាម​​ឯកសារ​​មហា​ជន​​ខ្មែរ​ មាន​​​ប្រើ​​ឈ្មោះ​​ស្រុកបាត់ដំបង​។ ​ 
នៅ​​ក្នុង​សម័យ​​​អង្គរ​​ដែន​ដី​ ឬ​ភូមិ​ភាគ​អមោឃ​បុរី(តំបន់បាត់ដំបង)​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​អាច​ដាំ​ដំណាំ​ស្រូវ​ និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ច្រើន​ជា​ភស្តុតាងបង្ហាញគឺ ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ។
នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចម្បាំង​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស១៥​-​១៦​-​១៧​-​១៨ បាន​​ធ្វើ​ឱ្យជីវភាពរស់​នៅ​​​របស់​​ប្រជាជន​​បាត់ដំបង​​​​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​​និរាស​​គ្រួសារ​​ទ្រព្យ​សម្បត្តិ​​ផ្ទះ​​សម្បែង​​គួរ​​ឱ្យ​​ខ្លោច​​ផ្សារ​​​។ 
នៅទីបំផុុតនា​ចុង​សត​វត្ស​ទី១​៨​ដល់​ដើម​សតវត្ស​ទី​២០​ ខេត្ត​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍(១០០ឆ្នាំ)ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា ” ត្រ​កូល​អភ័យ​វង្ស​ “​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧។
តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ(ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្តគឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​ ​និងខេត្ត​សិរី​សោ​ភ័ណ។ នៅ​ឆ្នាំ​​១៩២៥​ ទឹក​ដី​​ខេត្ត​បាត់​ដំបង​ត្រូវ​​បាន​​បែង​​ចែក​​សារ​​ជា​​ថ្មី​​ឱ្យ​ទៅ​ជា​​ខេត្ត​បាត់ដំបង និង​ខេត្តសៀមរាប ក្នុង​នោះ​​ខេត្ត​បាត់ដំបង​​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និងស្រុកសិរីសោភ័ណ​​។
នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឬ​ស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។ នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ។ ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ស្រុក​ព្រះនេត​ព្រះ​និង​ស្រុក​ភ្នំ​ស្រុក។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺស្រុក​សិរីសោ​ភ័ណ និង​ស្រុក​បន្ទាយ​ឆ្មា។​ ​ខែមីនា​ ឆ្នាំ១៩៦៥ តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ស្រុក​អូរជ្រៅ។ ​

ខែកក្កដា ឆ្នាំ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ។ ខែ​មីនា ​ឆ្នាំ១៩៦៦ ស្រុក​ថ្មី​​មួយ​​ទៀត​​ត្រូវ​បាន​​បង្កើត​​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង​នៅ​​ថ្ម​ពួក។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឱ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។
នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន០​២​បាន​បង្កើត​ឡើង​គឺ​ស្រុកបា​ណន់ និង​ស្រុក​គាស់ក្រ​ឡ។ សរុប​មក​ដល់​ត្រឹម​នេះខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡនិង​តំបន់រដ្ឋបាល​ចំនួន០​២គឺ​តំបន់​រដ្ឋ​បាល​បាក់​ព្រា​និង​តំបន់​រដ្ឋ​បាល​ល្វា។ នៅក្នុងរបបខ្មែរក្រហម ខេត្តបា​ត់​ដំបង​ដែលធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤និង​តំបន់​៥។

ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ស្រុក​៤១​-​ស្រុក​៤២។ល។ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៨៣។

ពី​ឆ្នាំ​១៩៨៩ដល់ឆ្នាំ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១។ នៅ​ឆ្នាំ​១៩៨៦ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ស្រុក​បវេល​ និង​ស្រុកឯ​ក​ភ្នំ​។ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន១២​ស្រុក ​និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ស្រុកបវេល​។ ​

ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​សិរី​សោ​ភ័ណ​-ស្រុក​ព្រះ​នេតព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០។ ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។

ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​៤៧។ តែបច្ចុប្បន្នខេត្តបាត់ដំបង ស្ថិតនៅភាគ​ពាយ័ព្យនៃ​ប្រទេស​មាន​ចំងាយ ២៩១​គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញដែលមានព្រំប្រទល់ខាងកើតជា​ប់​ខេត្តពោធិសាត់​និងបឹង​ទន្លេសាប ខាង​លិច​ជាប់ខេត្តប៉ៃលិននិង​ប្រទេ​ស​ថៃ ខាងជើង​ជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​​​​ខេត្តពោធិ៍​សាត់​។ ទិសភាគ​ខាងលិច​មានព្រំប្រ​ទ​ល់ប្រវែង១៤៤,៨គីឡូម៉ែត្រ ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះ​កែវ​របស់​ប្រទេសថៃ។ ខេត្តមាន​ផ្ទៃ​ដី​សរុប ១១.៧៤៨គម២ ស្រុកមាន១៣ និងក្រុង១ ឃុំចំនួន​៩២ សង្កាត់​១០ ​​និងភូមិចំនួន៨០៩។

ខេត្ត​មានច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​១​គឺ​ច្រកដូង​​(ស្រុកកំរៀង)​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤​ទៀត​គឺ​ច្រកទ្វារ​​គីឡូ​១៣​(ភ្នំដី)​ក្នុងស្រុក​សំពៅលូន ច្រកទ្វារ​អូររំដួល​ក្នុងស្រុកភ្នំព្រឹក ច្រកទ្វារ​អូរអន្លក់​(សួនស៊ុំ)ក្នុង​ស្រុក​កំរៀង និង​ច្រកទ្វារ​​ឆករកា​(៤០០)​ក្នុង​ស្រុក​សំឡូត។ ស្ថានភាព​​នៅ​តាម​​ច្រក​ព្រំដែន​​កម្ពុជា​​-​ថៃ គឺ​​មាន​​កិច្ច​សហការ​គ្នា​ល្អ​ប្រសើរ និង​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រួល​ចរាចរ​នាំ​ចេញ-​នាំ​ចូល ពិសេស​កសិផល​ប្រជា​នៅ​ស្រុក​ជាប់​ព្រំ​ដែន​។ លទ្ធ​ផល​GDP​ឆ្នាំ​២០១៦ សេដ្ឋកិច្ច​ខេត្ត​បាត់ដំបង មាន​ប្រមាណ​ ៦,២៧៤,០៨៣.៨​លានរៀល គិតជា​ដុល្លារ​ប្រហែល ១,៥៥៧.៦​លានដុល្លារ (​អត្រាប្តូរប្រាក់​១$=៤០២៨៛​) បើ​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​នៅ​ឆ្នាំ២០១៥​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ សេដ្ឋកិច្ច​ខេត្ត​មាន ៥,៨៨៧,៤០២.៥​លានរៀល ស្មើនឹង ១,៤៦០.៩​លានដុល្លារ​អាមេរិច​។ សេដ្ឋកិច្ច​មាន​កំណើន ៤.១% នៅ​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤ ចំណូល សម្រាប់​ម្នាក់​ ១,៣២៤.៥$ នៅ​ឆ្នាំ​២០១៥ និង ១,២៥៨.០$ នៅ​ឆ្នាំ​២០១៤​។ 


២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តបាត់ដំបងក្រោយ១៩០៧
បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​លោក​ម្ចាស់​ កថាថន ឈំ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ រួម​មាន ៖
១. ឧកញ៉ា​អភិបតីសេនា​អែមអរុណឆ្នាំ១៩០៨ ដល់ឆ្នាំ​១៩២២
២. លោកជាឆ្នាំ​១៩២២ ដល់ឆ្នាំ​១៩២៧
៣. លោកនួនឆ្នាំ​១៩២៧ ដល់ឆ្នាំ​១៩៣៤
៤. ឧកញ៉ាចុងទួនឆ្នាំ​១៩៣៤ ដល់ឆ្នាំ១៩៣៩
៥. លោកមាសណាល់ឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤១ (​ឆ្នាំ​១៩៤១-​១៩៤៦ សៀម​គ្រប់គ្រង​ម្តងទៀត​)
៦. លោកសេនាប្រមុខលន់នល់ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៧
៧. លោកស៊ីនឈយឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៨
៨. លោក​សេនា​ប្រមុខលន់នល់​ឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៤៩
៩. ឯកឧត្តមទេពផនឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥១
១០. ឯកឧត្តមផូព្រឿងឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤
១១. លោកចាយធុលឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦
១២. ឯកឧត្តមទេពផនឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៩
១៣. ឯកឧត្តមទឹមងួនឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦៦
១៤. លោកយ៉ែមមុនីរ័ត្នឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧
១៥. លោកអ៊ិនតាំឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨
១៦. ឯកឧត្តមទឹមងួនខែមេសា ដល់ខែ​តុលា ឆ្នាំ១៩៦៨
១៧. ឧត្តមសេនីយ៍សេកសំអៀតឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៤
១៨. ឧត្តមសេនីយ៍ទោសារហោខែវិច្ចិកា ឆ្នាំ១៩៧៤ ដល់​​ខែមករា ឆ្នាំ១៩៧៥
១៩. ឧត្តមសេនីយ៍សេកសំអៀតខែមករា ដល់ខែ​មេសា ឆ្នាំ១៩៧៥
២០. សមមិត្តរស់ញឹម ហៅតាកៅឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៨
២១. សមមិត្តឈិតជឿន ហៅតាម៉ុក ឬ​តា​១៥ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩
២២. សមមិត្តកែវធីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០
២៣. សមមិត្តឡាយសាម៉ុនឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២
២៤. សមមិត្តស៊ុំសាតឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤
២៥. សមមិត្តកែគឹមយ៉ានឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៦
២៦. សមមិត្តសុកសារ៉ាន់ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១
២៧. សមមិត្តអ៊ុងសាមីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣
២៨. ឯកឧត្តមអ៊ុងសាមីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩
២៩. ឯកឧត្តមនៅសំឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១
៣០. ឯកឧត្តមប្រាជ្ញចន្ទឆ្នាំ២០០១ ដល់ឆ្នាំ២០១៤
៣១. ឯកឧត្តមច័ន្ទសុផលឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧
៣២. ឯកឧត្តមងួនរតនៈថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៧ ដល់​បច្ចុប្បន្ន ។

ប្រវត្តិសង្ខេប៖ អតីតឥស្សរជននយោបាយកំណាចៗ នៅកម្ពុជា




 ១. លោក សម សារី កំណើតកើតជាក្នុងវង្សត្រកូលអភិជនមួយ ដែលមានឪពុកឈ្មោះ សម ញាណ ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប គាត់មានកូន ៥នាក់ ដែលមានលោក សម រង្ស៊ី ជាកូនទី ៥ ។ លោក សម សារី ជាបញ្ញវន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលមកបម្រើ​ការងារក្នុងជួររាជរដ្ឋាភិបាល ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រមុខ ក្នុងទសវត្សរ៍ ១៩៥០ ។


នៅក្នុងជួររាជរដ្ឋាភិបាល គាត់ធ្លាប់ជាជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកហិរញ្ញវត្ថុ សេដ្ឋកិច្ច ផែនការ និងអប់រំជាតិ ។ មានលេចលឺដំណឹងថាក្រោយមកគាត់មានរឿងអាស្រូវពុករលួយមួយដ៏ខ្ទរខ្ទារ គឺរឿងគ្រាប់ម្រេច និងគ្រាប់គរ។ គាត់ក៏មានទំនាស់គ្នាយ៉ាងស្រួចស្រាវជាមួយ លោក សឺន សាន ទេសាភិបាលធនាគារជាតិកម្ពុជា អំពីរឿងដូរក្រដាសប្រាក់រៀលនៃជំនាន់នោះ ។


ក្រោយពីរដ្ឋាភិបាលបានកោះហៅលោក សម សារី មកធ្វើទូតនៅអង់គ្លេសឲ្យចូលស្រុកវិញ ឯកសារខ្លះបានបញ្ជាក់ថា ពេលនោះលោកក៏ចាប់ផ្តើមសរសេរលិខិតរិះគន់ សម្តេចព្រះនរោត្តម សីហនុ ដោយបានប្រមែប្រមូលបក្សពួកនៅក្នុងរាជរដ្ឋាភិបាល ព្រមទាំងបង្កើតកាសែតប្រឆាំងមួយ ដើម្បីរិះគន់របបដឹកនាំសង្គមរាស្រ្តនិយម និងបង្កើតគណបក្សនយោបាយមួយតទល់នឹងគណបក្សសង្គមរាស្រ្តនិយមរបស់ សម្តេចព្រះនរោត្តម សីហនុ ។ សកម្មភាពនេះត្រូវបានប្រជាជន និងរដ្ឋាភិបាលចាត់ទុកជាមេក្បត់ជាតិដ៏ធំនៅក្នុងប្រទេស ។


២. ​​ប៉ុលពត កើតក្នុងឆ្នាំ ១៩២៥ នៅខេត្តកំពុងធំ ។ នៅភ្នំពេញប៉ុល ពត បានសិក្សានៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បាន​ទទួលអាហារូបកណ៏ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែរមិនបានមិនបានទទួលសញ្ញាបត្រទេ ។ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានខ្លាយទៅជាសមាជិកបក្សមុម្មុនីស្តបារាំង បាន​ទទួល​អាហារូប​ករណ៍​ទៅ​​​បន្តការ​សិក្សា​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំងនៅ​ឆ្នាំ​១៩៤៩ ។

៣. អៀង សារី នៅអាយុ ២០​ឆ្នាំ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ ​អៀង សារី បាន​ទទួល​អាហារូបករណ៍​ទៅ​​​បន្តការ​សិក្សា​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំងនៅ​ឆ្នាំ​១៩៥០។ នៅ​ឆ្នាំ​១៩៥១ អៀង សារី បាន​រៀបការ​ជាមួយ​អៀង ធីរិទ្ធិ ដែល​កំពុង​រៀន​នៅ​ទីក្រុង​ប៉ារីស​ដែរ។ នៅប៉ារីស ក្រៅពី​ប៉ុល ពត និង​អៀង ធីរិទ្ធិ អៀង សារី បាន​ជួប​ជាមួយ​នឹង​និស្សិត​ខ្មែរ​ផ្សេងទៀត ដូចជា ហ៊ូ យន់, សុន សេន, ខៀវ សំផន, រ័ត្ន សាមឿន, ជួន ម៉ុម និង​តូច ភឿន ជាដើម ដែល​ក្រោយ​មក​​សុទ្ធតែ​បាន​ក្លាយជា​មន្រ្តី​សំខាន់ៗ​របស់​ខ្មែរក្រហម ។

អៀង សារី បាន​វិលត្រឡប់​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៧ ។ នៅ​ឆ្នាំ​១៩៦៣ នៅ​ពេល​ ប៉ុល ពត ជាប់​ឆ្នោត​ជា​លេខា​បក្ស អៀង សារី បាន​ក្លាយ​ជា​មេដឹកនាំ​លំដាប់​ទីប ៣ ក្នុង​បក្ស បន្ទាប់​ពី ប៉ុល ពត និង​នួន ជា។ អៀង សារី ស្លាប់នៅថ្ងៃទី ១៤ ខែមីនា ២០១៣ ។

៤. ខៀវ សំផន មាន​ដើម​កំណើត​​ នៅខេត្ត​ស្វាយរៀង។ គាត់បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៣ ហើយ​បាន​ទទួល​​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​ឆ្នាំ​១៩៥៨ ពី​សកលវិទ្យាល័យ Panthéon-Sorbonne ទីក្រុង​ប៉ារីស។ ក្រោយ​វិលត្រឡប់​ពី​ប្រទេស​បារាំងវិញ ខៀវ សំផន បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​មហា​វិទ្យាល័យ​ច្បាប់ នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​ប្រមុខរដ្ឋ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ។

៥. លោកស្រី អៀង ធីរិទ្ធិ មានឈ្មោះដើម​ ខៀវ ធីរិទ្ធិ ​ជា​ប្អុនស្រីបង្កើតភរិយា​របស់​ប៉ុល ពត។ ក្រោយ​ពី​​បាន​បញ្ចប់​ការ​សិក្សា នៅ​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ខៀវ ធីរិទ្ធិ បាន​ចេញ​ទៅ​បន្តការ​សិក្សា​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេស នៅ​សកលវិទ្យា​ល័យ Sorbonne ក្រុង​ប៉ារីស ប្រទេសបារាំង ។ អៀង ធីរិទ្ធិ គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​បំផុត ដែល​បាន​ទទួល​សញ្ញាបត្រ​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេស ។

ក្រោយ​ពី​បាន​វិលត្រឡប់​ពី​ក្រុងប៉ារីស​ នៅ​ឆ្នាំ​១៩៥៧ អៀង ធីរិទ្ធិ​​បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​អង់គ្លេស នៅ​​វិទ្យាល័យ​ឯកជន​ក្នុង​​ក្រុង​ភ្នំពេញ ហើយ​បាន​ទៅរស់​នៅ​ផ្ទះ​ជាមួយ​​ ប៉ុល ពត និង​ខៀវ ប៉ុណ្ណារី ជា​បងស្រី។ នៅ​ពេល​ខ្មែរក្រហម​ឡើង​កាន់អំណាច អៀង ធីរិទ្ធិ​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។ គាត់ត្រូវតុលាការខ្មែរក្រហមកាត់ទោសជាប់ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍ និងទទួលមរណភាពថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៥ ៕

អត្ថបទ Bong Rith Kh

ប្រវត្តិសាស្ត្រ: កម្ពុជា ក្នុងភ្លើងសង្គ្រាមវៀតណាម



ចាប់តាំងពីក្រោយ​សង្រ្គាម​ឥណ្ឌូចិន​ លើកទី១ (សង្រ្គាម​រវាង​វៀតណាម និង​បារាំង) កម្ពុជា​បាន​ប្រកាស​ខ្លួន ​ជា​ប្រទេស​អព្យាក្រឹត្យ នាសន្និសីទក្រុងហ្សឺណេវ ក្នុងឆ្នាំ​១៩៥៤។ ក៏ប៉ុន្តែ នៅពេលដែល​សង្រ្គាម​វៀត​ណាម​ កាន់តែ​រីករាលដាល អព្យាក្រឹត្យ​ភាព​របស់​កម្ពុជា ​ក៏​កាន់តែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់បន្តិចម្ដងៗ រហូត​ត្រូវ​បាត់បង់​តម្លៃ​ទាំងស្រុង​ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែងលើឆាកអន្តរជាតិ បញ្ហា​ដ៏ធំបំផុត ដែលបណ្ដាលឲ្យខ្មែរបាត់តម្លៃនេះ គឺជម្លោះដណ្ដើមទឹកដី​នៅវៀតណាម​។ 

ចំណែកឯពួកវៀតកុង ដែលបានបង្កើតឡើងដោយ ហូ ជីមិញ ​​បានជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​អ្វី​ទាំងអស់ ពោលគឺជា​ការ​រំលោភ​ទាំងស្រុង​ទៅលើ​បូរណភាព​ទឹកដី​របស់​កម្ពុជាដែលផ្ទុយទាំងស្រុងទៅនឹងគោលការណ៍គ្រឹះ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើនិយាយតាមការពិត តាំងពីដើម​រៀងមក មេដឹកនាំ​វៀតណាមចាប់តាំងពី ហូ ជីមិញ ​តែងតែ​មាន​មហិច្ឆតា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន​ទាំងមូល​នោះ មិនដែល​ទុក​ប្រទេស​កម្ពុជា និង​ឡាវ​ជា​ប្រទេស​ឯករាជ្យនិងដោយស្មើរភាពនោះទេ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​វៀតណាម​កុម្មុយនិស្ត​បាន​ជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ក៏ដូចជា​ទឹកដីឡាវ​ ដោយគ្មានក្រែងរអារ។ 

កម្ពុជា​វិញ ដែលទើបតែទទួលឯករាជ្យពីបារាំងឆ្នាំ១៩៥៣ ​​មាន​កម្លាំង​ទ័ព​ទន់ខ្សោយ​ ក៏គ្មាន​សមត្ថភាព​អ្វី​ទៅ​ពង្រឹង​កងកម្លាំងទាហានតាម​ព្រំដែន ឬ​បណ្តេញ​ពួក​វៀតកុង ​ចេញ​ពី​ទឹកដី​របស់​ខ្លួន​នោះដែរ។ 

ក្នុងពេល​ជាមួយគ្នា​នេះ កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹងការគំរាមកំហែង​ដ៏ធំមួយ​ទៀត គឺ​ពី​​អាមេរិក ព្រោះតែពួក​​វៀតកុង បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ ធ្វើ​ជា​ទីជម្រក ដើម្បី​រត់គេច​ពី​ការវាយប្រហារដោយយន្តហោះ B52 រួចហើយ ​​ប្រមូលផ្តុំគ្នាឡើងវិញ ដើម្បី​​លបទៅ​វាយឆ្មក់​លើ​កងទ័ព​វៀតណាម​ខាង​ត្បូង និង​កងទ័ព​អាមេរិក វា​គឺ​ជា​បញ្ហា​ចោទ​ដ៏ធំ​ សម្រាប់​អាមេរិក ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វៀតណាម​កុម្មុយនិស្ត។ 

ហេតុដូច្នេះ ​បាន​ជា​អាមេរិក​តែងតែ​ដាក់សម្ពាធ​បន្ទុកមកលើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើការ​បណ្តេញ​ពួកវៀ​តកុ​ង ​ចេញ​ពី​តំបន់​ព្រំដែន​របស់ខ្លួន តែមិនបានលទ្ធផលនោះទេ ទើបកងទ័ព​អាមេរិក​បាន​បើក​ប្រតិបត្តិការ​យោធា​ឆ្លងព្រំដែន​វាយប្រហារ​ទៅលើ​ភូមិខ្មែរ ដើម្បី​តាម​ប្រមាញ់​ពួកវៀតកុង ក៏ប៉ុន្តែ​ការវាយប្រហារ​ទាំងនេះ​ តែងតែ​បង្ក​ការខូចខាត​ដល់​ជនស៊ីវិល​ខ្មែរ ច្រើន​ជាង​ដល់​ពួក​វៀតកុងទៅទៀត ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាមានការខឹងសម្បាអាមេរិកយ៉ាងខ្លាំង។


បន្តិចម្តងៗ កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​​សម្តេច​ព្រះនរោត្តម​សីហនុ ​ក៏​បាន​ងាកចេញ​ពី​នយោបាយ​អព្យាក្រឹត្យ​ បែរ​ទៅ​ជា​ងាកចាប់​នយោបាយ​ស្និទ្ធ​នឹង​ចិន​កុម្មុយនិស្ត ហើយ​​ប្រឆាំង​អាមេរិកទៅវិញ។ នៅពេលនោះ​ហើយ ដែល​កម្ពុជា ​ត្រូវ​ផុងខ្លួន​កាន់តែ​ជ្រៅ នៅ​ក្នុង​សង្រ្គាម​វៀតណាម នាឆ្នាំ​១៩៦៥។ 

ដោយ​មើល​ឃើញ​ថា ចលនា​កុម្មុយនិស្ត​ កំពុងតែ​មាន​ប្រៀបលើពួកសេរី​ ហើយ​អាច​នឹង​ទទួល​ជ័យជម្នះ​​ត្រួតត្រា​តំបន់​អាស៊ីអាគ្នេយ៍ហើយ សម្តេច​ព្រះនរោត្តម​ សីហនុ ក៏​បាន​សម្រេច​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​គាំទ្រ​ប្លុក​កុម្មុយនិស្ត​វិញ ដោយ​នៅ​ឆ្នាំ​​​១៩៦៦ ព្រះអង្គ​​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​ចិន ឲ្យវៀតណាម​ខាងជើង និង​ពួក​វៀតកុង​​ប្រើប្រាស់​ទឹកដី​កម្ពុជា ​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​​សង្រ្គាម​ទល់​នឹង​អាមេរិក។ លើសពីនេះ​ទៅទៀត កម្ពុជា​បាន​បើក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ថ្មីមួយ ឲ្យ​ចិន​ប្រើ ដើម្បី​ដឹកជញ្ជូន​ជំនួយ​ទៅ​ឲ្យ​ពួក​វៀតកុងប្រើប្រាស់ថែមទៀតផង។ 

នៅ​សហរដ្ឋ​អាមេរិកឯណោះ ​​លោក​ Richard Nixon ដែលទើប​ជាប់ឆ្នោត ​ឡើងមកធ្វើ​​ជា​ប្រធានាធិបតី នៅ​ឆ្នាំ​១៩៦៩ ក៏​បាន​ដាក់ចេញ​នូវ​នយោបាយ​ដ៏ខ្លាំងក្លា​មួយ គឺ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​បញ្ចប់​សង្រ្គាម​វៀតណាម ​ឲ្យ​បាន​ឆាប់ ហើយយុទ្ធសាស្រ្ត​ចម្បង​របស់​លោក Richard Nixon ដើម្បី​​បញ្ចប់​សង្រ្គាម​វៀតណាមនេះ គឺ​មុនដំបូង​ ត្រូវ​តែ​ពង្រីក​សង្រ្គាម ហើយដើម្បី​ពង្រីកសង្គ្រាម គឺត្រូវពង្រីក​​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ដើម្បី​កម្ទេច​ជម្រក​របស់​ពួក​វៀតកុង នៅ​ក្នុង​ទឹកដី​កម្ពុជា ដើម្បីឲ្យសម្ដេច សីហនុ ឈប់គាំទ្រពួកនេះបន្តទៅទៀត។ 

បើមើលតាមធាតុពិត យន្តហោះ​អាមេរិក​បាន​ធ្វើ​ការទម្លាក់​គ្រាប់បែក​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា តាំង​ពីឆ្នាំ​១៩៦៥ មកម្លេះ គ្រាន់តែ​ថា នៅ​ពេលនោះ ប្រតិបត្តិការ​ទម្លាក់​​គ្រាប់បែក​នៅ​កម្ពុជា ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មានការលាក់លៀម និង​កម្រិត​នៅ​ត្រឹម​តែ​តំបន់​​ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយ​វៀតណាម​ប៉ុណ្ណោះ ប៉ុន្តែនៅ​ក្រោម​អាណត្តិដឹកនាំរបស់​លោក Richard Nixon ការ​ទម្លាក់គ្រាប់បែក​លើ​ទឹកដីកម្ពុជា ​ត្រូវ​បាន​​ធ្វើ​​ដោយ​ចំហ​ ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយធំ ដោយ​គ្មាន​បែងចែក​ ថា​ជា​តំបន់​នៅ​ជាប់ ឬ​មិន​ជាប់ព្រំដែន​នោះទេ។ នៅយប់ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៦៩ ​ប្រតិបត្តិការ​នេះ ​បានចាប់ផ្ដើមឡើងជាផ្លូវការ ហើយជាហេតុធ្វើឲ្យភ្លើងសង្គ្រាមចលនាកាន់តែឆេះសន្ធោរសន្ធៅខ្លាំងទៅៗ។ 

ឆ្លៀតពេល​ដែល​សម្តេចព្រះ​ នរោត្តម សីហនុ ​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត នាព្រលប់ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៧០ ក្រុម​អ្នក​នយោបាយ​ខ្មែរ ​​ស្និទ្ធិ​នឹង​អាមេរិក ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ និងទ្រង់ សេរី មតៈ បានធ្វើរដ្ឋហារ ប្ដូរបបមួយ នៅកណ្ដាលទីក្រុងភ្នំពេញ​។ 

ចាប់តាំង​ពីពេលនោះមក កម្ពុជាក្រោម​របបសាធារណៈរដ្ឋ​ខ្មែរ ក៏​បាន​ក្លាយ​ទៅជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​ប្រឆាំង​នឹង​កុម្មុយនិស្ត​វៀតណាម កងទ័ព​សាធារណរដ្ឋ​ខ្មែរ ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​ទល់​នឹង​ចលនា​កុម្មុយនិស្ត​ក្នុង​ស្រុក​ខ្លួនឯង​ផងដែរ គឺ​​ក្រុមឧទ្ទាម​ខ្មែរក្រហម ដែល​ចូលរួមដៃគ្នា​ជាមួយ​នឹង​ចលនា​តស៊ូ​ដឹកនាំ​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ និង​ដែល​មាន​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​សំណាក់​សាធារណរដ្ឋ​​ប្រជាមានិត​ចិន។ 

និយាយ​សរុប​ជារួមមក សង្រ្គាម ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាមវៀតណាម” មាន​ជាប់ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​នឹង​កម្ពុជា គិតជាសរុប នៅក្នុង​អំឡុង​សង្រ្គាម​វៀតណាម គ្រាប់បែក​ប្រមាណ​ជា ៥សែន​​តោន ត្រូវ​បាន​អាមេរិក​ទម្លាក់​លើ​កម្ពុជា ហើយ​​ប្រជាជន​កម្ពុជា ​ប្រមាណ​ពី ៥ម៉ឺន ទៅ ១៥ម៉ឺននាក់ (ក្នុងចំណោមប្រជាជនសរុបប្រហែល ៦ លាននាក់) ត្រូវ​បាត់បង់​ជីវិត ​ដោយ​ការ​ទម្លាក់គ្រាប់បែក​នេះ។ 

ការប្រទាញប្រទង់គ្នា ​ក្នុង​សង្រ្គាម​វៀតណាម​នេះ ​ក៏​ជា​ដើមហេតុ​ដ៏សំខាន់​មួយ ​ដែរ​ដែល​បាន​រុញច្រាន​កម្ពុជា​ ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​នៃ​​សង្រ្គាម​ស៊ីវិល​ ដែល​អូសបន្លាយពេល​ជាច្រើន​ឆ្នាំ​ក្រោយៗ​មក​ទៀត ពោលគឺចាប់ពីឆ្នាំ១៩៧០ រហូត​​ដល់​ឆ្នាំ១៩៩៨ (២៣ឆ្នាំ)៕


អាប្រាហាម លិនខន៖ មិនបានចូលសាលាច្បាប់ តែប្រឡងជាប់ជាមេធាវី រហូតក្លាយជាតំណាងរាស្ត្រ





កាលពីអត្ថបទមុនលោកអ្នកនាងបានជ្រាបខ្លះហើយពីជីវិតលោក លិនខន(Abraham Lincoln) ពេលនៅកុមារភាព លុះដល់ធំពេញវ័យ។ លោកបានក្លាយជានាយកប្រៃសណីយ៍ ដោយមានប្រាក់បៀវត្ស៍មួយឆ្នាំ២៥-៣៥ ដុល្លារ។ តំណែងជានាយកប្រៃសណីយ៍ បានជំរុញចិត្តលិនខន ឱ្យចាប់ផ្ដើមអានសៀវភៅច្បាប់ រហូតប្រឡងជាប់ក្លាយជាមេធាវី ដោយមិនដែលបានចូលរៀនសាលាច្បាប់។​


លិនខន អានសៀវភៅក្បួនតម្រាច្បាប់យ៉ាងយកចិត្តទុកដាក់បំផុត កម្រលួសពេលឡើយ។ លោកទន្ទេញគ្រប់ពេលដែលអាចធ្វើទៅបាន។ ពេលដើរទៅធ្វើការ ឆ្លងពីតំបន់មួយទៅតំបន់មួយ លិនខន អាន និងទន្ទេញ សៀវភៅច្បាប់ជាប់ជានិច្ច។ អ្នកដែលស្គាល់លិនខន គ្មាននរណាដែលមិនដឹងថា គេកំពុងរៀនច្បាប់នោះទេ។ ទន្ទឹមនឹងនេះ ទោះបីធ្វើការធ្ងន់យ៉ាងណាក៏ដោយ ក៏លោកនៅតែអានសៀវភៅដែរ។ ការខិតខំនេះធ្វើឲ្យ លិន ខន ធ្លាក់ខ្លួនស្គមស្គាំង ថ្ពាល់ខូង និងភ្នែកប្រែជាក្រហម។


ពេលកំពុងរៀនសៀវច្បាប់ដោយគ្មានគ្រូ លិនខន បានជួយរៀបចំឯកសារបទដ្ឋានផ្សេងៗ ជូនមនុស្សទូទៅ ដោយមិនរើសអើងនោះទេ។ ព្រោះតែចិត្តសម្បុរសតាំងពីតូច និងម្យ៉ាង លិនខន យល់ថា នេះគឺជាឳកាសដែលអាចកសាងប្រជាប្រិយភាព ទៅថ្ងៃខាងមុខ។ ក្រៅពីចង់ធ្វើជាមេធាវី លិនខន នៅមានបំណងមួយទៀត គឺចូល «ធ្វើនយោបាយ»។ អ្នកក្នុងតំបន់មានសេចក្ដីស្រលាញ់ចូលចិត្តលិនខន ដោយពួកគេនាំគ្នាកំណត់ថា លិនខន គឺជាមនុស្សទៀងត្រង់។ ដូច្នេះឲ្យតែមានរឿងអ្វីប្រកែកគ្នា ឬជម្លោះគេតែងហៅ លិនខន ឲ្យទៅកាត់សេចក្ដីជានិច្ច។ ហើយអ្វីដែលលិនខន សម្រេចភាគីទាំងអស់សុទ្ធតែទទួលយកដោយសុទ្ធចិត្ត គ្មានតវ៉ាឡើយ។


នៅឆ្នាំ ១៨៣៤ ខណៈដែលអាយុបាន ២៥ឆ្នាំ ការបោះឆ្នោតតំណាងរាស្ត្របានចូលមកដល់ លិនខន បានចូលជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតសាជាថ្មីក្នុងរដ្ឋញូវសេលៀម តំបន់ដែលគេរស់នៅ។ ពេលនោះប្រជាជនអាមេរិកបានបោះឆ្នោតឲ្យ លិនខន ជាប់តាមសេចក្ដីប្រាថ្នាមែន។ គេនៅចាំបានថាកាលពី លិនខន ចូលហ៊ុនរកស៊ីជាមួយពាណិជ្ជករម្នាក់ ដែលក្រោយមកពាណិជ្ជករនោះក៍ស្លាប់ទៅ លោកត្រូវរ៉ាប់រងសងជំនួសពាណិជ្ជករនោះរហូតដល់ទៅ១៥ឆ្នាំ។

តែបំណុលលើកនេះ គឺកើតក្រោយពេលគេជាប់ឆ្នោតជាតំណាងរាស្រ្ត ដោយលិនខន បានខ្ចីប្រាក់ពីមនុស្សម្នាក់ឈ្មោះ ខូលមែន ស៊្មូត (Colman Smoot) ចំនួន ២០០ ដុល្លារ។ លុយនោះលោកយកទៅកាត់ឯកសណ្ឋានថ្មី ៦០ដុល្លារ ដើម្បីស្លៀកទៅរួមប្រជុំ កុំឲ្យអន់ជាងគេពេក។ សល់ពីនោះលោកត្រូវចេញថ្លៃធ្វើដំណើរតាមរទះសេះ។ ការចាយវាយ លិនខន បានប្រយ័ត្នប្រយែងបំផុត។

ការចូលជាសមាជិករដ្ឋសភាសម័យដំបូងនាសម័យនោះ លិនខន មិនបានបញ្ចេញមុខមាត់អ្វីឡើយ ដោយខំប្រឹងសិក្សារៀនសូត្រសៀវភៅច្បាប់ប៉ុណ្ណោះ។ ហើយលោកត្រូវបានគេជ្រើសរើសជាគណៈកម្មការមួយរបស់រដ្ឋសភា។

ស្ថិតអំឡុងពេលដែលកាន់មុខងារនោះលិនខន ស្ទើតែមិននិយាយអ្វីសោះ លុះត្រាតែប្រាកដចិត្តថា គេដឹងច្បាស់អំពីហេតុការណ៍នោះ ទើបនិយាយ។​ អាណត្តិរដ្ឋសភានាសម័យលិនខនមានរយៈកាល ៨ឆ្នាំ ដោយលិនខនត្រូវបានតែងតាំងពីឆ្នាំ ១៨៣៤ ដល់ ១៨៤២ ក្នុងរវាងអាយុ ២៥-៣៣។ ហើយលិនខន បានរៀបការ ហើយមានផ្ទះសម្បែងផ្ទាល់ខ្លួនធ្វើពីឈើ សមល្មម អាចរស់នៅបាន។ មកដល់ត្រង់នេះបំណុលដែលលិនខន ជំពាក់គេទាំងប៉ុន្មាន មិនទាន់សងអស់នោះទេ៕

សូមលោកអ្នកតាមដានអាន ភាគបន្ត...

កម្ពុជាគួររៀនសូត្រ ពីការបាត់បង់ទឹកដី របស់នគរចម្ប៉ា តំបន់គ្រីមៀរ និងកម្ពុជាក្រោម



ចម្ប៉ា ជាអាណាចក្រដ៍ចំណាស់ បង្កើតឡើងដោយជនជាតិចាម តាំងពី ស.វ ទី ២ នៃ គ.ស។ ប្រវិត្តិវិទូមួយចំនួនបានចាត់ទុកថា ចាម ជាអំម្បូរមានអរិយធម៌រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែចាប់ពី ស.វ ទី ៧ «នគរអណ្ណាម»ដែលក្រោយមកប្រែឈ្មោះទៅជា «ដាយវៀត» បានអនុវត្តន៍នូវនយោបាយឈ្លានពានឥតឈប់ឈរមកលើនគរចម្ប៉ា ដោយប្រើយុទ្ធសាស្ត្រពីសំខាន់៖ ទី​១ វាយទន្ទា្រនយកទឹកដីខេត្តដែលនៅជាប់ព្រំដែន ទី២ បញ្ជូនជនជាតិខ្លួនឲ្យទៅរស់នៅលើទឹកដីចម្ប៉ា។ ព្រោះតែយុទ្ធសាស្ត្រទាំងនេះហើយទើប ទឹកដីប្រទេសចម្ប៉ា ត្រូវបាត់បង់ចេញពីផែនទីនៅឆ្នាំ ​១៧៩៣។ រីឯជនជាតិចាមម្ចាស់ស្រុកដែលនៅសេសសល់ពីសង្គ្រាម ត្រូវបង្ខំចិត្តរត់ចោលមាតុភូមិ មកសុំសិទ្ធិជ្រកកោននៅ​នគរខ្មែរ រហូតដល់បច្ចុប្បន្ន។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា ឲ្យដឹងថាការបាត់បង់ទឹកដីរបស់នគរចម្ប៉ាគឺបណ្ដាលមកពីមេដឹកនាំនៅសម័យនោះគ្មានសមត្ថភាព ខ្វះឯកភាពជាតិ គិតតែផលប្រយោជន៍ខ្លួន។ ទោះបីយ៉ាងនេះក្ដីសម្រាប់បច្ចុប្បន្ន លោកយល់ថាកម្ពុជាគួរតែរៀនសូត្រពីខ្លួនឯងផង និងពីចម្ប៉ាផង ក្នុងកិច្ចការពារអធិបតេយ្យភាព។

លោក សូ ចន្ថា បញ្ជាក់ថា៖ «កាលណាខ្មែរ និងខ្មែរឈ្លោះគ្នាចាំបាច់គឺកុំហៅបរទេសឲ្យមកជួយ ​បើហៅបរទេសមកជួយពេលនោះហើយដែល យើងត្រូវកាត់ទឹកដី ឬផ្ដល់ប្រយោជន៍ទៅប្រទេសជិតខាង»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ បានផ្ដល់ដំណោះស្រាយថាដើម្បីការពារកម្ពុជា កុំឲ្យដើរជាន់ដានចាស់ដូចនគរចម្ប៉ា ខ្មែរចាំបាច់ត្រូវតែមានឯកភាពគ្នា លុបបំបាត់វប្បធម៌បរទេសនិយម កំណត់ការបោះបង្គោលព្រំដែននៅភាគខាងកើតប្រទេសឲ្យមានភាពច្បាស់លាស់ ពង្រឹងច្បាប់អន្តោប្រវេសន៍ ជាពិសេសគឺប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមតាមដានសកម្មភាពសង្គម។

ដើម្បីជាគំនិតពិចារណា អ្នកវិភាគលើកឡើងថា គេអាចសិក្សាទៅលើករណីមួយ ដោយកាលពីថ្ងៃ ៤ មិថុនា ១៩៤៩ ដែនដីកម្ពុជាក្រោម ត្រូវបានក្លាយជាទឹកដីស្របច្បាប់របស់វៀតណាម ក្រោមការចុះហត្ថលេខារបស់ប្រធានាធិបតីបារាំងលោក វាំងសង់ អូរីយូ​(Vincent Auriol)។ ការប្រគល់ទឹកដីកូសាំងស៊ីន ទៅឲ្យរដ្ឋអំណាចក្រុងហាណូយនៅពេលនោះ មួយផ្នែកត្រូវបានគេសង្ស័យថាអាចមកពី ទឹកដីនេះត្រូវជនជាតិវៀតណាម ចូលមករស់នៅតាំងពីដើម ស.វ ទី ១៧ មក ហើយមានចំនួនច្រើនជាងជនជាតិខ្មែរម្ចាស់ស្រុក។ បច្ចុប្បន្ន គេនៅតែបារម្ភអំពីជនជាតិវៀតណាម ដែលមានលំហូរឥតឈប់ឈរចូលមកក្នុងទឹកដីកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយព្រឹត្តិការណ៍ ៧ មករា ១៩៧៩ មក។

ពាក់ព័ន្ធនឹងបញ្ហានេះសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយអន្តរជាតិលោក រ៉ូ វណ្ណៈ ឲ្យដឹងថា បញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាបច្ចុប្បន្ន នៅតែជាបញ្ហាបារម្ភ ប្រសិនបើជនជាតិទាំងនោះមករស់នៅ ក្នុងគោលដៅនយោបាយ។តែរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងជនទាំងនោះបានដោយប្រើច្បាប់ជាគោល។

លោក រ៉ូ វណ្ណៈ បញ្ជាក់ថា៖ «ជាទូទៅលំហូរប្រជាសាស្ត្ររបស់ប្រទេសមួយទៅកាន់ប្រទេសមួយ ជាបាតុភូតធម្មជាតិ និងជាបាតុភូតសង្គមទៅហើយ ប៉ុន្តែយើងត្រូវគ្រប់គ្រងលំហូរហ្នឹងបានត្រឹមត្រូវវាអត់មានបញ្ហាប្រឈមអីធំទេ។ អ្វីដែលយើងត្រូវធ្វើគឺត្រូវចុះបញ្ជីជនអន្តោប្រវេសន៍ និងអនុវត្តន៍ច្បាប់ទៅ»។

សង្គមស៊ីវិលមួយចំនួនឲ្យដឹងថា កាលពីឆ្នាំ២០០៨ របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញអំពី ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជា មានចំនួន ៩ម៉ឺននាក់ ក្នុងឆ្នាំ២០០៩ និងមានចំនួនជាង ១០ម៉ឺននាក់ ក្នុងឆ្នាំ២០១០។ ចំនួននេះអាចនឹងកើតឡើងជាបន្តបន្ទាប់ បើគិតមកដល់ឆ្នាំ ២០១៧។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងហាក់មិនទាន់ជឿស្ថិតិនោះនៅឡើយទេ ដោយស្ថិតិខ្លះថាជនជាតិវៀតណាមនៅកម្ពុជាអាចមានចំនួនដល់ទៅ ១លាននាក់ ឬច្រើនជាងនេះ ។

ដើម្បីជាភស្ដុតាងមួយបន្ថែមទៀត គេអាចមើលអំពីការបាត់បង់ទឹកដីនៅតំបន់គ្រីមៀជាគំរូបាន ។ តំបន់គ្រីមៀនេះពីដំបូងឡើយ គឺជាទឹកដីស្របច្បាប់របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ។ ពីមួយឆ្នាំទៅមួយឆ្នាំលំហូរឥតឈប់ឈរនៃជនជាតិរុស្ស៊ីដែលចូលមករស់នៅតំបន់គ្រីមៀកើនកាន់តែច្រើនឡើងៗ ។ ដោយសារអ៊ុយក្រែនជាប្រទេសតូចទន់ខ្សោយ នៅដើមឆ្នាំ២០១៤ រុស្ស៊ីបានបញ្ជូនទ័ពរបស់ខ្លួន ចូលមកតាំងទីបោះមូលដ្ឋាននៅតំបន់គ្រីមៀ ដោយសំអាងថាដើម្បីការពារពលរដ្ឋរុស្ស៊ីកំពុងរស់នៅតំបន់នេះ ពេលនោះជនជាតិអ៊ុយក្រែនដែលរស់នៅតំបន់គ្រីមៀ បានក្លាយជាជនជាតិភាគតិចនៅក្នុងទឹកដីរបស់ខ្លួនទៅវិញ ។ នៅពេលនេះក្រុមបោះបោដែលភាគច្រើន គឺជាជនជាតិរុស្ស៊ី បានបោះឆ្នោតដោយឯកឯង ដោយគ្មានអន្តរជាតិទទួលស្គាល់ ហើយកាត់ផ្ដាច់ទឹកដីតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែនតែម្ដងទៅ ។

ពលរដ្ឋអ៊ុយក្រែនដែលជាម្ចាស់ស្រុកនិងរដ្ឋាភិបាល បានត្រឹមសោកស្ដាយប៉ុណ្ណោះ តែមិនអាចធ្វើអ្វីឈ្នះរុស្ស៊ីដែលជាមហាអំណាចនោះឡើយ ចំណែកឯការតវ៉ាតាមផ្លូវទូតក៏ពុំទទួលបានលទ្ធផលល្អដែរ ដោយអន្តរជាតិបានត្រឹមចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរុស្ស៊ីដែលឈ្លានពានលើអ៊ុយក្រែន និងទាមទារឱ្យរុស្ស៊ីប្រគល់ទឹកដីនោះវិញប៉ុណ្ណោះ ។ រហូតមកទល់ពេលនេះទឹកដីនោះបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់រុស្ស៊ី ហើយពិភពលោកក៏លែងរំឮកអំពីព្រឹត្តិការណ៍នេះទៀតដែរ ។

ទាំងនេះគឺសុទ្ធតែជាឧទាហរណ៍ជាក់ស្ដែងអំពីការបាត់បង់ទឹកដី ដែលកម្ពុជាអាចសិក្សារពិចារណាបាន ៕