ជំទប់ឃុំទី១: ផ្ទៃក្នុងបក្សសង្គ្រោះជាតិផ្ដាច់ការ ទើបចូលរួមជាមួយបក្សមូលដ្ឋាន
ជំទប់ឃុំទី១ គណបក្សសិទ្ធិមនុស្ស ក្នុងឃុំគោខ្ចក
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ពៅ ហ៊ន់ បានអះអាងថា លោកមិនបានស្ដាយស្រណោះក្នុងការចាកចេញពីគណបក្សសង្គ្រោះជាតិ
មកចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ ដោយមើលឃើញថាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិមានបញ្ហាបក្សពួកនិយម
និងការដឹកនាំផ្ដាច់ការក្នុងជួរគណបក្ស ។
ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងពិធីចាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោត
ឃុំ/សង្កាត់ ដែលរៀបចំដោយ គ.ជ.ប ថ្នាក់ស្រុក នៅភូមិអង្គ ឃុំគោខ្ចក ស្រុកកំពង់ត្របែក
ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
បុរសដែលមានវ័យ ៦៧ ឆ្នាំរូបនេះ បានថ្លែងដោយទឹកមុខមាំថា
មិនមែនមានតែលោកម្នាក់ទេ ដែលដើរចេញពីគណបក្សសង្គ្រោះជាតិ អ្នកឯទៀតដែលជាសកម្មជនផ្សេងទៀតសំខាន់ៗផ្សេងទៀត
ក៏បានដើរចេញពីគណបក្សសង្គ្រោះជាតិដែរ ។
លោកបានកត់សម្គាល់ថា ក្រោយពីមានការរួមបញ្ចូលគ្នារវាងលោកសមរង្ស៊ី
និងលោក កឹម សុខា មក ផ្ទៃក្នុងគណបក្សក្នុងឃុំ ចាប់ផ្ដើមមានការប្រែប្រួល
ដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ស្រុកកំពង់ត្របែក បានដកលោកចេញពីលេខរៀងទីមួយនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ/សង្កាត់
ដែលហេតុការណ៍នេះ បានកើតឡើងនៅកំឡុងដើមខែធ្នូ ឆ្នាំ២០១៦
ហើយទង្វើដែលថ្នាក់ដឹកនាំស្រុកនៃគណបក្សសង្គ្រោះជាតិធ្វើនេះ
គឺពុំមានការឯកភាពពីសមាជិកទាំងអស់ ក្នុងឃុំនៃគណបក្សសង្គ្រោះជាតិនោះឡើយ
ដែលប្រកានេះ ធ្វើឲ្យសមាជិកក្រុមប្រឹក្សាបក្សមួយចំនួនកូតាខាងគណបក្សសិទ្ធិមនុស្ស
ប្រមាណ ៩នាក់ មានការខឹងសម្បារហើយដកខ្លួនចេញពីគណបក្សសង្គ្រោះជាតិតែម្ដង
បើទោះបីជាលោក និងសកម្មជនផ្សេងទៀតធ្លាប់រួមរស់ជាមួយគណបក្សសិទ្ធិមនុស្ស
អស់រយៈពេល ១០ឆ្នាំទៅហើយក្ដី។
លោក ពៅ ហ៊ន់ បញ្ជាក់ថា “គាត់ផ្ដាច់ការច្រើនជាងប្រជាធិបតេយ្យ
បើនិយាយពីជំនាន់៩៣ គាត់ហ្នឹង គឺគេទិញក្បាលបាន ក្រុមប្រឹក្សាទី១ហ្នឹង”។
ទោះបីយ៉ាងណាលោកថាជីវិតនយោបាយរបស់លោកមិនបញ្ចប់ត្រឹមនេះនោះទេ
ដោយលោកបានងាកមកចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ។ ចំពោះសំនួរសួរថាតើហេតុអ្វីបានជាលោកមកចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
?
លោក ពៅ ហ៊ន់ បញ្ជាក់ថា ការចូលរួមរបស់លោកនេះ
គឺពុំមានការអូសទាញ ឬបង្ខិតបង្ខំណាមួយឡើយ ហើយហេតុផលសំខាន់ដែលជំរុញឱ្យលោកមកចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
នោះគឺគោលការណ៍ផ្ទៃក្នុងបក្សល្អជាងគណបក្សផ្សេងៗ ដោយបក្សដែលស្ថាបនិកដោយ លោកបណ្ឌិត
កែម ឡី នេះបានយកសម្លេងប្រជាធិបតេយ្យជាសំខាន់ ក្នុងការបោះឆ្នោតរើសតំណាង
រាប់ចាប់តាំងពីថ្នាក់ក្រោមជាតិ រហូតទៅដល់ការរើសតំណាងរាស្ត្រនៅថ្នាក់ជាតិ ។
ទន្ទឹមនឹងគ្នានេះដែរ ក្រុមការងារចុះពង្រឹងខេត្តព្រៃវែងនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោក រិទ្ធា មេត្តា ក៏បានគូសបញ្ជាក់ដែរថា លោកតែងតែសង្កេតឃើញមានភាពអសកម្មមួយចំនួន
ក្នុងការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមរយៈការប្រតិកម្មពីប្រជាជន
និងក្នុងបក្សនាពេលកន្លងមក។ ចំពោះបញ្ហាគ្រួសារនិយមដែលពលរដ្ឋមួយចំនួនអះអាងវិញ លោកយល់ថា
វាជាមូលហេតុមួយសំខាន់ ដែលអាចបណ្ដាលឲ្យសមាជិកបក្សអស់ជំនឿទុកចិត្តលើមេដឹកនាំបក្សរបស់ខ្លួន។
លោក រិទ្ធ មេត្តា បញ្ជាក់ថា “សម្រាប់ខ្ញុំ
គឺមិននៅក្នុងគណបក្សទេ តែតាមមើលឃើញជាក់ស្ដែង គឺច្រើនកន្លែង ដែលគេប្រតិកម្មរឿងការដឹកនាំតាមបក្សពួកនិយម
ផ្ដាច់ការហ្នឹង”។
លោកក៏បានបង្ហាញពីគោលនយោបាយ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ដែលអាចទាក់ទាញសកម្មជនបក្សផ្សេងមកចូលរួមជាមួយខ្លួនផងដែរ ដោយមិនប្រើលុយ
ឬល្បិចអូសទាញដូចបក្សមួយចំនួននោះដែរ ។ លោកបន្តថា បក្សមូលដ្ឋាន គឺជាបក្សដែលមានសហស្ថាបនិកភាគច្រើន
និងសំខាន់ៗ គឺជាបណ្ឌិត បញ្ញវន្ត និស្សិតជាដើម... ហើយជាពិសេសគឺមានគោលការណ៍រៀបចំឲ្យមានប្រជាធិបតេយ្យនៅមូលដ្ឋានតែម្ដង។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយ
លោកបណ្ឌិត សេង សារី បានឲ្យដឹងថា ចំពោះគណបក្សនយោបាយនៅកម្ពុជា គឺពុំមានគណបក្សណាមួយ
ដែលអាចមានប្រជាធិបតេយ្យផ្ទៃក្នុងពិតប្រាកដនោះទេ ។ លោកសង្កត់ធ្ងន់ថា
ចំណែកឯរឿងទាក់ទិននឹងការដឹកផ្ដាច់ការរបស់គណបក្សសង្គ្រោះជាតិវិញ គឺលោកហាក់មិនទាន់មើលឃើញជាលក្ខណៈទ្រង់ទ្រាញធំ
ដូចដែលការលើកឡើងរបស់ជំទប់ឃុំទី១ លោក ពៅ ហ៊ន់ នៅឡើយទេ។
លោកបណ្ឌិត សេង សារី បញ្ជាក់ថា “ប្រជាធិបតេយ្យផ្ទៃក្នុងបក្សហ្នឹង
បើយើងសង្កេតមើលទៅ គឺនៅមានកម្រិតនៅឡើយ តែអាភាពផ្ដាច់ការក្នុងបក្ស ដែលខ្ញុំសង្កេតឃើញ
គឺមិនដល់ម្លឹងនោះទេ ហើយយើងទើបចាប់ផ្ដើមឃើញពន្លកតិចៗ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ”។
លោកបានកត់សម្គាល់បន្ថែមថា ការចាកចេញរបស់សកម្មជនគណបក្សមួយទៅចូលរួមជាមួយនឹងគណបក្សមួយផ្សេងទៀត
គឺពុំមានអ្វីប្លែកនោះទេ ។
ជុំវិញការលើកឡើងទាំងជំទប់ទី១របស់គណបក្សសង្គ្រោះជាតិ
និងអ្នកវិភាគ យើងមិនអាចសុំការបំភ្លឺពីលោក យឹម សុវណ្ណ អ្នកនាំពាក្យបក្សសង្គ្រោះជាតិ
និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បាននៅឡើយទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
បញ្ហាគ្រួសារនិយម និងបក្សពួកនិយម ត្រូវបានអ្នកវិភាគ
និងពលរដ្ឋខ្មែរមួយចំនួន មើលឃើញថា មានស្ទើរគ្រប់កន្លែង គឺរាប់ទាំងក្នុងស្ថាប័នរដ្ឋ
ឬឯកជន រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ ជាពិសេសក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជា
សព្វថ្ងៃ។
គួររំលឹកឡើងវិញថា នៅថ្ងៃទី៦មីនា
កន្លងទៅនេះ លោក សួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រ និងប្រធានក្រុមការងារមណ្ឌលប៉ៃលិន
ក៏បានប្រកាសលាឈប់ពីគណបក្សសង្គ្រោះជាតិផងដែរ៕
អត្ថបទសរសេរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment