ពូ ពិសី - Pu Pisey

ស្វាគមន៍មកកាន់ទំព័រចំណេះដឹងច្បាប់ និងកំសាន្ត រៀបចំដោយខ្ញុំ ពូ ពិសី

Showing posts with label ភូមិសាស្ត្រនយោបាយអន្តរជាតិ. Show all posts
Showing posts with label ភូមិសាស្ត្រនយោបាយអន្តរជាតិ. Show all posts

រឿងបាក់បែកបន្ទាយលង្វែក ដោយសារប្រាក់ដួង- ភាគ ២

 តើរឿងបាក់បែកបន្ទាយលង្វែក


ដោយសារតែប្រជាជនកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ឬយ៉ាងណា?

(ដោយ៖ បណ្ឌិត ចិន្ត ច័ន្ទរតនា)


ដោយសារមានចម្ងល់ខ្លាំងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរនៅចុងស.វទី១៦ ដែលបានសរសេរថា ការបែកបាក់បន្ទាយលង្វែក (នៅក្នុងឆ្នាំ១៥៩៤) គឺដោយសារតែទ័ពសៀមបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីដែលជាកំពែងការពារដ៏រឹងមាំនោះ ខ្ញុំបានយកសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ មកផ្ទៀងផ្ទាត់។ ចាប់ពីទំព័រទី១៣៩ ដល់ ១៥៤ គេបានសរសេរអំពីចម្បាំងរបស់ព្រះចៅ នរេន្ទ្រសូរ (King Naresuan) បានធ្វើសង្គ្រាមជាមួយនឹងក្រុងកម្ពុជាធិបតី ក្រោយពីបានវាយបកទៅលើព្រះចៅនៃរាជវង្សតុងអ៊ូ (Tongoo) នៅរាជធានីហង្សាវតីរួចមក។


នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាងស្លាប់ជាច្រើនម៉ឺននាក់។ ព្រះរាជពង្សាវតាអយុធ្យា ក៏បានរៀបរាប់អំពីវីរៈភាពរបស់កងទ័ពខ្មែរដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀមជាដាច់ខាត់។ តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើអោយបន្ទាយការពារតាមតំបន់នីមួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះជាឈ្លើយសឹកទៀតផង។


លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេចនរេន្ទ្រសូរ បានចេញព្រះរាជបញ្ជាអោយកងទ័ពគ្រប់ផ្នែកទាំងអស់ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរថា៖


".....ព្រះចៅនរេន្ទ្រសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។....ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។...រីឯកងទ័ពស្រួចដ៏ក្លាហាន(សៀម) ក៏បានឈរនៅលើខ្នងដំរីនៅពីក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ Praya Maha Yotha។ Praya Maha Yotha, Praya Si Ratcha Decho, Praya Thai Nam និង Praya Ratcha Manu បានបញ្ជាដំរីរបស់ពួកគេសំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារនៅតាមច្រកទ្វារនីមួយៗបានបាញ់ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀមស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ Praya Maha Yotha នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វាររបស់រាជធានីអោយទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរទៅថ្វាយស្តេចសៀម។..."


ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីឡើត។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯងជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើអោយទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន?


សូមបញ្ជាក់ផងដែរថា បើយោងតាមឯកសារព្រះរាជពង្សាវតាខ្មែរគ្រប់ច្បាប់ទាំងអស់ ព្រះបាទសត្ថា(ទី១) បានយាងចេញទៅគង់នៅជើងព្រៃ រួចបន្តដំណើរទៅស្ទឹងត្រែង និងធ្វើដំណើរទៅគង់នៅវៀងច័ន្ទ រហូតសោយទីវង្គត់នៅទីនោះ។ អ្នកដែលសៀមចាប់យកទៅនោះគឺ ព្រះស្រីសុរិយោពណ៌ ដែលជាព្រះអនុជរបស់ព្រះរាជា ហើយដែលនៅចាំការពារបន្ទាយចុងក្រោយរហូតដល់សៀមវាយបែករាជធានី។ ប្រជាជនខ្មែរប្រមាណជាង១០ម៉ឺននាក់ (ឯកសារខ្លះថា ៤ម៉ឺនគ្រួសារ ខ្លះថា៨ម៉ឺនគ្រួសារ…) មានទាំងព្រះញាតិវង្សានុវង្ស មន្ត្រី មេទ័ព អ្នកចេះដឹង សិល្បករ តន្ត្រីករ និងប្រជាជនទាំងក្មេងទាំងចាស់ ត្រូវបានសៀមគៀរយកអៅស្រុកសៀមទាំងអស់។ សៀមបានដុតក្រុងលង្វែកទាំងមូល និងបានប្រមូលទ្រព្យសម្បត្តិ គម្ពីរ ក្បួនច្បាប់… ដែលធ្វើអោយខ្មែរបាត់បង់ខ្លាំងជាងពេលណាៗទាំងអស់។


(By Dr. Chen Chanratana / 17-05-2016 - reposted on Sep. 13, 2022)

វិភាគសង្គ្រាមអ៊ុយក្រែន៖ តើចិនឈរនៅខាងណា អាមេរិក ឬរុស្ស៊ី?




ប៉េកាំង)៖ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានថ្កោលទោស និងកំពុងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោក ពូទីន ហៅថាជា «ប្រតិបត្តិការយោធាពិសេស»។ អាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបក៏បានអំពាវនាវឱ្យចិនថ្កោលទោស សកម្មភាពរបស់រុស្ស៊ី ដែលពួកគេចាត់ទុកថាជាទង្វើឈ្លានពានផងដែរ។ ប៉ុន្តែ ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិននៅតែប្រកាន់ជំហរមិនច្បាស់លាស់។

តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយជាបន្តបន្ទាប់ដោយក្រសួងការបរទេសចិន, ទីក្រុងប៉េកាំង មិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ តែ ក៏មិនបានថ្កោលទោសរុស្ស៊ីនោះដែរ។ ម្លោះហើយថាតើចិនកំពុងគិតអ្វី ហើយចិនឈរនៅខាងណាឱ្យប្រាកដ?
* តើលោក ពូទីន ប្រាប់លោក ស៊ី ជិនពីង ជាមុនពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ឬ?
កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីដើមខែមីនា កន្លងទៅថាចិនបានដឹង ជាមុនទៅហើយពីប្រតិបត្តិការយោធារបស់លោក ពូទីន ដោយក្រុមមន្ត្រីជាន់ខ្ពស់ចិនបានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ ឱ្យពន្យារពេលបើកការវាយប្រហារលើអ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប្រចាំទីក្រុងប៉េកាំងបិទបញ្ចប់សិន។ ប៉ុន្តែ ចិនបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។

បើគេមើលទៅលើសកម្មភាពរបស់មន្ត្រីទូតចិន ប្រចាំ UN, វាហាក់ដូចជាទីក្រុងប៉េកាំងពិតជាមិនបានដឹងជាមុនឡើយ និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឭដំណឹងថាលោក ពូទីន ប្រើកម្លាំងយោធាលើអ៊ុយក្រែន រហូតដល់មិនបានត្រៀមខ្លួនជម្លៀសពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ទៀតផង។ យ៉ាងណាក៏ដោយ អ្វីដែលគេអាចនិយាយបាន នោះគឺថាសង្រ្គាមនៅអ៊ុយក្រែន កើតមានឡើងនៅចំពេលទំនាក់ទំនងរវាងលោក ស៊ី ជិនពីង និងលោក ពូទីន កាន់តែជិតស្និទ្ធនឹងគ្នាខ្លាំងជាងពេលណាៗទាំងអស់។ ម្លោះហើយចម្លើយជាក់លាក់មួយនៃសំណួរខាងលើ ប្រហែលជាគ្មាននរណាផ្សេង អាចឆ្លើយបានឡើយក្រៅតែពីលោក ស៊ី ជិនពីង ដែលជាអ្នកមានសិទ្ធិសម្រេចរឿងគ្រប់យ៉ាង នៅក្នុងប្រទេសចិន។
* តើចិនឈរនៅខាងណាឱ្យប្រាកដ?

តាមរយៈសេចក្ដីថ្លែងការណ៍ជាច្រើនរបស់ក្រសួងការបរទេសចិន, ទីក្រុងប៉េកាំងបានបង្ហាញ «ជំហរអព្យាក្រឹត» ដិ្បតមូលដ្ឋានគ្រឹះមួយនៃនយោបាយ ការបរទេសចិន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពបូរណភាពទឹកដីនៃបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ។

តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីចិនបានអះអាងថាទំនាក់ទំនងរវាងចិន និងរុស្ស៊ី បានឈានដល់ដំណាក់កាល «គ្មានព្រំដែនកំណត់» ហើយក៏បានឆ្លៀត រិះគន់ផងដែរថាសង្រ្គាមនៅអ៊ុយក្រែន កើតឡើងដោយសារតែកំហុសរបស់សហរដ្ឋអាមេរិក និង NATO ដែលជាអ្នកយកសាំងទៅចាក់លើភ្លើងកំពុងឆេះ តាមរយៈការបង្កើនការដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនរុស្ស៊ី។ សម្រាប់ចិន, អាមេរិក និង NATO គួរតែយកចិត្តទុកដាក់ចំពោះការស្នើពីការធានា សន្តិសុខរបស់រុស្ស៊ី ហើយថាការដាក់ទណ្ឌកម្មមិនមែនជាមធ្យោបាយល្អក្នុងការដោះស្រាយជម្លោះនោះទេ ដោយភាគីពាក់ព័ន្ធគួរតែរក្សាការអត់ធ្មត់ និងត្រឡប់មករកកិច្ចសន្ទនា។

* តើចិនអាចចំណេញពីសង្រ្គាមនៅអ៊ុយក្រែន ឬទេ?
បើតាមក្រុមអ្នកជំនាញ, ចិនមិនចង់ឃើញសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងឡើយ ព្រោះថារុស្ស៊ីជាមិត្តដ៏ជិតស្និទ្ធ រីឯអ៊ុយក្រែនជាដៃគូរកស៊ីដែលបានចូលរួម ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់លោក ស៊ី ជិនពីង តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ មួយវិញទៀត ចិនក៏មិនចូលចិត្តភាពចលាចលដែរ ដ្បិត សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកលមានទំនាក់ទំនងនឹងគ្នា ហើយអ្វីដែលចិនចង់បាន នោះគឺស្ថិរភាពពាណិជ្ជកម្មសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ដូច្នេះថាតើចិនអាចចំណេញពីសង្រ្គាមនេះដែរឬទេ? បើតាមក្រុមបញ្ញ វន្ត និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, នៅក្នុងសង្រ្គាមអ៊ុយក្រែន យ៉ាងហោចណាស់វាធ្វើឱ្យ អាមេរិក និងអឺរ៉ុបជាប់ដៃជាមួយរុស្ស៊ី ជាពិសេសគឺវាអាចទាញចំណាប់អារម្មណ៍របស់អាមេរិកចេញពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឬការតាមឃ្លាំមើល សកម្មភាពរបស់ចិនក្នុងតំបន់អាស៊ី បានមួយគ្រាដែរ ហើយកាន់តែប្រសើរទៅទៀត សង្រ្គាមនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ីពឹងផ្អែកលើចិនរឹតតែខ្លាំង។
* តើចិនអាចជួយឱ្យរុស្ស៊ីឈ្នះ ឬ?

ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានការប្រុងប្រយ័ត្នបំផុត និងជាកំពូលមហាអំណាចថ្មីមួយដែលកំពុងលេចមុខមាត់នៅលើឆាកអន្តរជាតិ រហូតដល់សហរដ្ឋអាមេរិក ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួន ក្នុងស.វទី២១នេះ។ ទំនាក់ទំនងរវាងរុស្ស៊ី និងចិនបាន រីកចម្រើនធំធាត់ពីឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែ ចិននឹងមិនផ្ដល់ជំនួយយោធា ឬដំណោះស្រាយតាមមធ្យោបាយយោធាណាមួយដល់រុស្ស៊ីឡើយ។
ខណៈកំពុងជាប់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច អ្វីដែលរុស្ស៊ីអាចសង្ឃឹមបាននោះគឺមិត្តចិននេះឯង ដែលអាចជួយ បង្កើនការទិញប្រេង, ឧស្ម័ន និងថាមពលពីទីក្រុងម៉ូស្គូ។ តែទោះជាយ៉ាងនេះក្ដី, ប្រសិនបើរុស្ស៊ីគិតថាចិនអាចនឹងដើររំលងទណ្ឌកម្មលោកខាងលិចដើម្បី ខ្លួននោះ វាប្រហែលជារឿងមួយធ្វើឱ្យម៉ូស្គូខកចិត្តទៅវិញ ដោយហេតុថានៅចុងបញ្ចប់ ចិននឹងនៅតែ «ឈរនៅខាងខ្លួនឯង»។ បានន័យថាចិននឹងមិន ឈរពាំងទណ្ឌកម្មជំនួសរុស្ស៊ីទេ ហើយក៏មិនអាចឱ្យធនាគារ ឬក្រុមហ៊ុនចិនត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបដែលទីផ្សារធំបំផុតសម្រាប់ទំនិញ របស់ខ្លួនដែរ។

* តើចិននឹងធ្វើដូចម្ដេច, បើសង្រ្គាមអ៊ុយក្រែនផ្ទុះជាជម្លោះរវាង NATO និងរុស្ស៊ី?
សហរដ្ឋអាមេរិក និង NATO, មកទល់នឹងម៉ោងនេះនៅតែប្រកាន់ជំហរថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នោះទេ តែបានព្រមានថាពួកគេត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបភ្លាមៗ បើរុស្ស៊ីបង្កការគំរាមកំហែង ឬបើកការវាយប្រហារណាមួយ លើបណ្ដាប្រទេសជាសមាជិក NATO។
ជាការពិតណាស់, សង្រ្គាម ឬជម្លោះណាមួយដែលបង្កឱ្យសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបរង្គោះរង្គើរ ចង់ឬមិនចង់វាក៏ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនដែរ ពីព្រោះថាអាមេរិក និងអឺរ៉ុប គឺជាទីផ្សារដ៏ធំសម្រាប់ទំនិញចិន។ ដូច្នេះនៅក្នុងករណីដែលសង្រ្គាមអ៊ុយក្រែនផ្ទុះទៅជាជម្លោះរវាង NATO និងរុស្ស៊ី រឿងមុន គេដែលចិនអាចនឹងធ្វើ នោះគឺនៅឱ្យឆ្ងាយពីជម្លោះ ហើយឡើងទៅឈរនៅលើកំពូលភ្នំ ដើម្បីសម្លឹងរកផលប្រយោជន៍ដែលចិនអាចប្រមូលបានពីជម្លោះ រវាង NATO និងរុស្ស៊ី។
* តើទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺជាប្រព័ន្ធសម្ពន្ធមិត្ត ឬ?

ចិនបានបញ្ជាក់ច្បាស់ៗថាទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី គឺ «គ្មានព្រំដែនកំណត់» ហើយប្រទេសជាមិត្តទាំង២នេះមានប្រព័ន្ធដឹកនាំរដ្ឋដោយអំណាច ស្ថិតនៅលើមនុស្សម្នាក់ដូចគ្នា និងមានសត្រូវរួម គឺអាមេរិក និងលោកខាងលិច។ មើលពីសំបកក្រៅទំនាក់ទំនងរវាងចិន និងរុស្ស៊ី ពិតជាស្អិតល្មួតនឹងគ្នា ពិតមែន ប៉ុន្តែពួកគេមិនចង់បានប្រព័ន្ធសម្ពន្ធមិត្តឡើយ។ តើមកពីហេតុអ្វី? ហេតុផលគឺនៅត្រង់ថាប្រព័ន្ធសម្ពន្ធមិត្ត គឺត្រូវបានចងភ្ជាប់ដោយពាក្យសន្យា។ មានន័យថា នៅពេលដែលនរណាម្នាក់ វាយប្រហារលើសម្ពន្ធមិត្តរបស់អ្នក អ្នកត្រូវតែចេញមុខការពារ និងលូកដៃចូលជួយពួកគេ។

សម្រាប់ចិន, សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនអាចបង្ហាញយ៉ាងច្បាស់ថាចិនគិតត្រូវ ព្រោះថាបើទំនាក់ទំនងរវាងចិន និងរុស្ស៊ីសព្វថៃជាសម្ពន្ធមិត្ត ម្ល៉េះចិនត្រូវចេញមុខការពារ ឬចូលរួមក្នុងសង្រ្គាមជាមួយរុស្ស៊ីបាត់ទៅហើយ។ ការមិនចូលបក្សសម្ពន្ធ គឺជានយោបាយមួយរបស់ចិនជាយូរមកហើយ ដោយក្រុមបញ្ញវន្តចិនយល់ស្របដូចគ្នាថានៅក្រៅបក្សសម្ពន្ធ ធ្វើឱ្យចិនមានសេរីភាពក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន៕

វិភាគ៖ មហិច្ចតានយោបាយយក្សរុស្ស៊ីជាមួយខ្លាអាស៊ីជប៉ុន




តាំងពីដើមរហូតមកជប៉ុន និងរុស្ស៊ីមិនសូវជាមានទំនាក់ទំនងការទូតល្អប៉ុន្មានឡើយមិនថាសម័យ សង្ត្រាមលោក ឬក៍សង្គ្រាមត្រជាក់ទេ បូកទាំងមានជម្លោះនៅកម្រងកោះ គូរ៉ីល បានកើតឡើងទៀតហាក់ដូច ជាបន្ថែមប្រេងលើភ្លើងឲ្យឆេះថែម ។ រហូតមកដល់ពេលនេះគឺជាងមួយ ស.វ មកហើយដែលជប៉ុន និងរុស្ស៊ីបន្តឈ្លោះគ្នា ជម្លោះនេះបានធ្វើឲ្យប្រទេសទាំងពីរមិនដែលមើលមុខគ្នាចំនោះឡើយមិនថានៅទីណានោះទេ សូម្បីតែនៅក្នុងកិច្ច ប្រជុំធំៗក៍ដោយ ពេលខ្លះប្រទេសទាំងពីរធ្លាប់ខិតជិតចូលគ្នាដែរ តែចុងក្រោយត្រូវបរាជ័យដោយចិនជាអ្នកផ្លុំត្រចៀកទៅវិញ។ ជម្លោះនេះចាប់ផ្ដើមម្ដងទៀត បន្ទាប់ពីរុស្ស៊ីឈ្នះសង្គ្រាមលោកលើកទី២ ចាប់ផ្ដើមកាត់ទីប្រជុំកោះគូរ៉ិល មកភ្ចាប់នឹងដែនដីរបស់ខ្លួន ពេលនោះហើយដែលភាពតានតានតឹងរវាងជប៉ុន និងរុស្ស៊ីកើនឡើងជាបន្តបន្ទាប់មកដល់សព្វថ្ងៃ​ហើយកាន់តែក្ដៅថែមទៀតនោះនៅពេល ពូទិន បានដណ្ដើមយកឧបទ្វិប គ្រីមា មកដាក់ជាដែនដីស្វ័យភាពរបស់ខ្លួន នាខែមិនាឆ្នាំ ២០១៤ វាក៍ជាគ្រោះថ្នាក់មួយសម្រាប់ជប៉ុនផងដែរ។

វិបត្តនៅទីប្រជុំកោះ គូរ៉ិល បានសរបញ្ជាក់ឲ្យឃើញ ពីយុទ្ធសាស្ត្រ និងតាក់ទិករបស់មេដឹកនាំរុស្ស៊ីតាំងពីដើមដំបូងរហូតមកដល់ពេលបច្ចុប្បន្ន ក្នុងការកាន់កាប់ទឹកដីកោះមួយនេះ និងការបង្ករហេតុ ផ្សេងៗ រួមទាំងមានវិបត្តិនៅទឹកដីអ៊ុយក្រែន ក្រោមហេតុផលសន្តិសុខជាតិ (ភូមិសាស្ត្រនយោបាយ) និងការទាក់ទាញអំណាចពិភពលោកឲ្យស្ថិតក្នុងកណ្ដាប់ដៃ ដោយសារគំនិតជាតិនិយមរបស់ខ្លួនមិនគិតពីជាតិសាសន៍ដទៃ ក្នុងបែបផែននយោបាយប្រាកដនិយ​ម។ វិបត្តិនៅទីប្រជុំកោះគូរ៉ិល ត្បិតតែពេលនេះមិនសូវជាក្ដៅគគុកសម្រាប់មជ្ឈដ្ឋានអន្តរជាតិក៍ដោយ ប៉ុន្តែជប៉ុនមិនដែលភ្លេចសោះ ក្នុងការចិញ្ចឹមចិត្តហ៊ាទឹកមាត់ដើម្បីលេបត្របាក់ទីប្រជុំកោះគូរ៉ិលមកវិញ។ 

ក្រោមការដឹកនាំរបស់លោក អាបេ ដែលជាអ្នកជាតិនិយម ពិតជាមិនឲ្យទឹកដី ត្រូវបាត់បង់ ទៅជាដាច់ខាត ទោះបីជាសព្វថ្ងៃនេះជប៉ុនកំពុងតែមានជម្លោះជាមួយយក្សចិនក្នុងសំណុំរឿងសមុទ្រចិនខាងកើតក៍ដោយ ក៍ជប៉ុនមិនដែលខ្លាចញញឹតសូម្បីតែបន្តិច។ រុស្ស៊ីនឹងចិនគឺជាសម្ព័ន្ធមិត្តនឹងគ្នាយូណាស់ មកហើយ គឺតាំងពីសម័យសង្ត្រាមត្រជាក់មកម្លេះដែលក្រោយមកបែរមិនត្រូវគ្នាជាមួយសហភាពសូវៀតដោយសារតែការ ប្រជែងឥទ្ធិពលកុម្មុនីស្តគ្នាខ្លាំងពេក ប៉ុន្តែយើងកុំភ្លេចថាបន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២ដោយសារការទម្លាក់ គ្រាប់បែក នុយក្លេអែរ ២ គ្រាប់របស់អាមេរិកមក ជប៉ុនត្រូវរលាយ ខ្ទិចខ្ទី ហើយមានតែអាមេរិក មួយគត់ដែលជាសម្ព័ន្ធនិងបានជួយកសាងប្រទេសជប៉ុនឡើងវិញ ដូច្នេះជប៉ុនមិនបានញញើតសោះឡើយនឹងសម្ពន័្ធមិត្តចិនរុស្ស៊ី ។សព្វថ្ងៃថ្នាក់ដឹកនាំជប៉ុនកំពុងព្យាយាមកែសម្រួលរដ្ឋធម្មនុញ្ញដែលអាចអនុញ្ញាតឲ្យប្រទេសនេះ មាននូវកងយោធា និង សព្វាវុធឡើងវិញ ។ 

ពិតណាស់ថាទាំងចិន និងរុស្ស៊ីសុទ្ធតែមិនចង់ឃើញជប៉ុនមានអាវុធនុយក្លេអ៊ែរទេ មិនថាពេលនេះឬ តទៅមុខ រុស្ស៊ីនិង​ ចិនប្រាកដជាប្រើសិទ្ធ វេតូ ក្នុង UN មិនឲ្យជប៉ុនមានអាវុធនេះជាដាច់ខាត ។ មិនថាសូម្បីតែ សមាជិកអចិន្ត្រៃយ៍ក្រុមព្រឹក្សាសន្តិសុខ អ.ស.ប ទាំង ៣ ទៀតក៍មិនចង់ឃើញជប៉ុនធ្វើបែបនេះដែរ។ ត្បិតអាមេរិកជាសម្ព័ន្ធចាក់ទឹកមិនលេចរបស់ជប៉ុនមែន តែបើសិនជាជប៉ុនអាចធ្វើបាននោះប្រទេសនៅអាស៊ីមួយចំនួននឹងធ្វើតាមដែរ ដូចជា វៀតណាម ហ្វិលីពិន.... ដែលសុទ្ធតែគូរសត្រូវរបស់ចិនក្នុងសំណុំរឿង សមុទ្រចិនខាងត្បូង ហើយពិភពលោកទាំងមូលនឹង ពើបប្រទះ សង្រ្គាមនុយក្លេអ៊ែ(War nuclear) ចុងក្រោយផែនដី នឹងគ្មាន សល់អ្វីនោះទេ គឺមានតែគំនរផេះតែប៉ុណ្ណោះ។ បើជប៉ុន ផលិតបានមែន ជប៉ុននឹងខ្លាំងជាងចិន កូរ៉េខាងជើង។ ចំពោះរុស្ស៊ីហាក់មិនសូវជាភ័យខ្លាចប៉ុន្មាននោះទេ ប៉ុន្តែចិនឯណោះទេ ដែលត្រូវភ័យ ដោយមានមូលហេតុពីរ៖ 

ព្រោះជប៉ុនស្ថិតនៅភូមិភាគអាស៊ីដូចគ្នា មិនយូឆាប់នឹងនាំឲ្យចិនខ្សោយឥទ្ធិពលមិនខាននៅអាស៊ី ហើយជប៉ុន ក៍ស្ថិតនៅជិតដែនដីរបស់ខ្លួនទៀត ហើយក៍ជាការគំរាមកំហែងមួយធ្ងន់ធ្ងរបំផុតសម្រាប់ សន្តិសុខ ជាតិរបស់ចិន ក្នុងខណៈពេលខ្លី រីឯមូលហេតុមួយទៀតព្រោះ។ 

ចិនជាប្រទេសដែលមានសព្វាវុធមិនទំនើបដូចរុស្ស៊ីទេ ទោះបីចិនមាននុយក្លេអ៊ែរក៍ដោយបូកផ្សំទាំងសមត្ថភាពកងទ័ព ហើយជប៉ុនមានអាមេរិកជាខ្នងបង្អែកទៀត នៅក្រោយអាមេរិកក៍មាន NATO​.. ដូចច្នេះហើយមកទល់ពេលនេះថ្នាក់ដឹកនាំចិនតែងតែប្រុងប្រយ័តជានិច្ចចំពោះសកម្មភាពជប៉ុន។ 

យុទ្ធសាស្ត្រប្រមើលស្ថានការសឹក អនុវត្តន៍បានទាំងអាជីវកម្ម និងនយោបាយ









តម្រាពិជ័យសង្គ្រាមស៊ុនជឺ គឺជាក្បួនយុទ្ធសាស្ត្រសង្គ្រាមចំណាស់មួយ ត្រូវបានបណ្ដាអ្នកនយោបាយ វិនិយោគិន ទទួលស្គាល់ព្រមទាំងយកទ្រឹស្ដីទាំងនោះ មកអនុវត្តន៍ប្រើប្រាស់ ​ប្រកបដោយជោគជ័យជាច្រើនដំណាក់កាលមកហើយ។ គម្ពីនេះត្រូវបានចងក្រងជាបន្ទះឬស្សី ដោយអ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ស៊ុនជឺ កើតឆ្នាំ ៥៥១-៤៩៧ មុន គ.ស សម័យខុងជឺនៅមានជីវិតរស់។ ផ្អែកតាមឯកសាររបស់លោក គឹម ចាន់ណា ដែលប្រែសម្រួលជាភាសារខ្មែរ។

ស៊ុនជឺ ពោលថា៖

ការធ្វើសឹកសង្គ្រាម គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសជាតិ ជារឿងស្លាប់រស់ អាចធ្វើឲ្យប្រទេសគង់វង្ស ឬរលាយ ដែលគេចាំបាច់ត្រូវយកមកពិគ្រោះពិចារណាឲ្យបានល្អិតល្អត់បំផុត។ ងាកមកអាជីវកម្មវិញ ការប្រើយុទ្ធសាស្ត្រដណ្ដើមយកទីផ្សារប្រកួតប្រជែង ផ្ដួលគូប្រកួត គឺជារឿងធ្វើឲ្យក្រុមហ៊ុន រីកចម្រើនមានឈ្មោះបោះសំឡេង តែក៏អាចធ្វើឲ្យក្រុមហ៊ុននោះធ្លាក់ខ្លួនបរាជ័យក្ស័យធនបានដែរ ព្រោះតែការប្រកួតជ្រុលហួសហេតុ លែងគិតពីផលប្រយោជន៍ធ្វើយ៉ាងណាឲ្យតែភាគីម្ខាងដួល។

ហេតុនេះហើយ គេត្រូវពិចារណាទៅលើគោលការណ៍គ្រឹះទាំង ៥ប្រការមានជាអាទិ៍៖

ប្រការ១៖ គុណធម៌ មានន័យថា ត្រូវតាំងខ្លួនឲ្យមានភាពជាអ្នកដឹកនាំ សមហេតុសមផល ទើបអាចធ្វើអ្នកក្រោមបង្គាប់ រួមចិត្តរួមគំនិតដើរតាមមាគ៌ា មិនរួញរាចំពោះឧបសគ្គបាន។

ប្រការ២៖ អាកាស មានន័យថា ធ្វើអ្វីត្រូវពឹងផ្អែកទៅលើការប្រែប្រួលរបស់ពេលវេលា យប់ឬថ្ងៃ ភាពក្ដៅ ឬរងា ថាតើពេលណាគួរវាយលុក ពេលណាមិនគួរវាយលុក។

ប្រការ៣៖ ភូមិសាស្ត្រ មានន័យថាទីតាំង ខ្ពស់ ឬទាប ជិតឬឆ្ងាយ តូចចង្អៀត ឬធំទូលាយ សម្បូណ៍ដោយគ្រោះថ្នាក់ឬមានសុវត្ថិភាព។

ប្រការ៤៖ មេទ័ព គឺជាបុគ្គលដឹកនាំដែលប្រកបដោយបញ្ញាញាណ មានសច្ចធម៌ ក្លាហាន និងភាពម៉ឹងម៉ាត់។ បើងាកមកអាជីវកម្មគឺសំដៅដល់ បុគ្គលដែលមានសិទ្ធិក្ដោបក្ដាប់នូវបទបញ្ជាទូទៅបន្ទាប់ពីថ្នាក់លើបំផុត ដោយបុគ្គលម្នាក់នេះត្រូវតែមានស្មារតីល្អ មោះមុត និយាយហើយគឺធ្វើ។

ប្រការ៥៖ ច្បាប់វិន័យ គឺជារបៀបចាត់ចែងកម្លាំងទ័ព ចាត់ចែងមុខតំណែង វិន័យទ័ព និងការចំណាយ។ ចំពោះអាជីវកម្ម គឺជាកម្រិតបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ដោយកំណត់អំពីរបៀបដែលបុគ្គលិកត្រូវធ្វើការ ចាត់ចែងមុខតំណែងទៅតាមសមត្ថភាព ចំណែកឯការចំណាយគឺត្រូវប្រើដោយពេលចាំបាច់ និងមានខ្ទង់ច្បាស់លាស់។

ដោយហេតុនេះ គេត្រូវប្រៀបធៀបប្រការទាំង៥ ដើម្បីរកឲ្យឃើញថា៖

តើភាគីណា មានអ្នកដឹកនាំប្រកបដោយគុណធម៌ដែលអាចធ្វើឲ្យគេរួមចិត្ត រួមគំនិតជួយដោយស្មោះអស់ពីចិត្ត?

តើពេលវេលានេះនឹងអំណោយផលដល់ភាគីណាមានអាទិភាពជាង ដើម្បីវាយលុក?

តើទីតាំង ឬភូមិសាស្ត្រតំបន់នេះនឹងឲ្យយើងវាយលុកភាគីម្ខាងទៀតបានដែរឬទេ?

តើមេទ័ព ឬនាយកប្រតិបត្តិរបស់ភាគីណាមានសមត្ថភាពជាង ក្នុងការគ្រប់គ្រងទ័ព ឬបុគ្គលិកបានល្អជាង?

តើកងទ័ព ឬបុគ្គលិក របស់ភាគីណាគោរពបទវិន័យបានល្អជាង?

ក្រោយប្រៀបធៀបកម្លាំងទាំងសងខាងបានហើយ ជំហានបន្ត គេត្រូវបង្កើតស្ថានការណ៍ផ្សេងៗ ដោយមិនអាចអនុវត្តវិធីទាំងនេះងាប់ក្រឡាបានឡើយ បើដល់កាលៈទេសៈត្រូវបត់បែន ត្រូវតែបត់បែនធ្វើយ៉ាងណា ឲ្យតែមានប្រយោជន៍។

យុទ្ធសាស្ត្រសង្គ្រាមនេះ គឺជាវិធីឧបាយកល ហេតុនេះទោះជាអាចវាយឈ្នះ គេត្រូវសម្ដែងថាវាយមិនឈ្នះ បើមានបំណងវាយលុក ត្រូវសម្ដែងថាខ្លួនគ្មានបំណងវាយលុក ជិតដល់ពេលវាយ ត្រូវសម្ដែងថាមិនទាន់ដល់ពេល។

ត្រូវបោកបន្លំសត្រូវ ក្នុងពេលកំពុងចលាចល ត្រូវវាយសង្គ្រុប។ ពេលសត្រូវកំពុងខ្លាំងចូលត្រៀមកម្លាំង និងពង្រឹងអំណាចខ្លួនឯង។ ពេលខ្មាំងកំពុងស្រែកហ៊ោរ ត្រូវគេចចេញសិន។ ពេលសត្រូវកំពុងខឹង ត្រូវពន្យុះឲ្យវិលក្បុង។ បើសត្រូវមានអំណួតត្រូវដាក់ខ្លួនឲ្យទាប ទុកឲ្យគេក្អេងក្អាង។ បើសត្រូវមានសាមគ្គី ត្រូវបំបែកបំបាក់។ ពេលខ្មាំងសម្រាក ត្រូវរំខាន ពេលគេភ្លេចខ្លួនត្រូវវាយប្រហារ នៅកន្លែងដែលគេមិននឹកស្មានដល់។

ល្បិចទាំងនេះត្រូវតែលាក់ការណ៍សម្ងាត់ទើបមានប្រសិទ្ធិភាព។​ បើមិនចាំបាច់កុំប្រយុទ្ធ ហើយបើសិនឈ្នះដោយមិនចាំបាច់ប្រយុទ្ធ នោះគឺជាការល្អបំផុតហើយ។

ស៊ុនជឺ បានឲ្យយើងប្រមើលពីស្ថានការណ៍ការសំខាន់ៗ មុននឹងបើកឆាកធ្វើសង្គ្រាម មិនថាទាំងស្ថានការណ៍នយោបាយ ឬអាជីវកម្មនោះទេ។ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ពីភាគីសង្គ្រាម ឬភាគីនៃគូប្រជែង និងកំណត់ផែនការ បែបពិចារណាប្រៀបធៀប ដើម្បីដឹងពីចំណុចខ្លាំង ឬខ្សោយ កត្តាដែលអាចចាញ់ ឬកត្តាដែលអាចនាំឲ្យឈ្នះ ដោយយកប្រការទាំង ៥មកពិនិត្យ។ ស៊ុនជឺបានពោលថា «ស្គាល់ពីខ្លួនឯង ស្គាល់ពីសត្រូវ ច្បាំង១០០ដង ឈ្នះទាំង ១០០ដង»។

គុណធម៌ គឺជាអ្វីដែលស៊ុនជឺ លើកមកប្រៀបធៀបមុនគេក្នុងបណ្ដាប្រការទាំង ៥។ ដោយឆ្លុះបញ្ចាំងឲ្យឃើញថាក្រុមអ្នកនយោបាយ ឬមេដឹកនាំក្នុងអាជីវកម្មដែលអាចមានជ័យជំនះក្នុងសមរភូមិបាន គឺត្រូវតែធ្វើ​​​​កំណែទម្រង់ដើម្បីឲ្យឲ្យ គេគោរពស្រលាញ់ គឺរាប់ទាំងជនទូទៅ ត្រូវតែធ្វើយ៉ាងណាឲ្យបុគ្គលិករបស់ខ្លួនចេះ គោរពគ្នា មានគំនិតចុះសម្រុងជាមួយថ្នាក់ដឹកនាំ នោះទើបគេអាចបោះជំហានទៅមុខរកភាពរីកចម្រើនឃើញ៕​

អ្នកវិភាគ៖ កម្ពុជានៅតែអាចលុបសន្ធិសញ្ញាចុះជាមួយវៀតណាមបាន




គេនៅចាំបានថា បន្ទាប់ពីបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ ១៩៧៩ រួចមក កងទ័ពកុម្មុយនីស្តវៀតណាម នៅតែបន្តតាំងទីក្នុងទឹកដីកម្ពុជា មិនបានដកទៅវិញឡើយ។ ផ្អែកតាមឯកសារ «គណៈកម្មាធិកាព្រំដែនកម្ពុជានៅប្រទេសបារាំងឆ្នាំ ២០០០» បានបញ្ជាក់ថា ក្នុងកំឡុងពេលតាំងទីត្រួតត្រារបស់វៀតណាមមកលើកម្ពុជានេះ មានសន្ធិសញ្ញាសំខាន់ៗ ៤ ត្រូវបានគេរៀបចំបង្កើតឡើង៖

១. សន្ធិសញ្ញាស្ដីអំពី «សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» ចុះថ្ងៃទី ១២ កុម្ភៈ ១៩៧៩ មានរយៈពេល ២៥ឆ្នាំ និងបន្តជាស្វ័យប្រវត្តិ ១០ឆ្នាំម្ដង។ ​

២.កិច្ចព្រមព្រៀងស្ដីអំពី «ទឹកសមុទ្រ និងសមុទ្រប្រវត្តិសាស្ត្រ» ចុះថ្ងៃទី ៧ កក្កដា ឆ្នាំ ១៩៨២។

៣.សន្ធិសញ្ញាអំពីគោលការណ៍ដើម្បី«ដំណោះស្រាយព្រំដែន និងកិច្ចព្រមព្រៀង ស្ដីអំពីលក្ខន្តិកៈព្រំដែន» ចុះថ្ងៃទី ២០ កក្កដា ១៩៨៣។

៤.សន្ធិសញ្ញាអំពី«ការកម្រិតព្រំដែនដីគោក» ចុះថ្ងៃទី ២៨ ធ្នូ ១៩៨៥។

ជាអតីតរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ​ ដែលសព្វថ្ងៃកំពុងរស់នៅបរទេស តាមរយៈឯកសារដដែលបានអះអាងថា សន្ធិសញ្ញាទាំងនេះ គឺពិតជាបានធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ដូច្នេះតាមរយៈ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មានប្រទេសហត្ថលេខី ១៨ប្រទេជាសាក្សី គេនៅតែអាចលុបចោលសន្ធិសញ្ញាទាំងនោះបាន។ ប៉ុន្តែគណៈកម្មាការចម្រុះកម្ពុជា វៀតណាម នៅក្នុងសម័យប្រជុំក្នុងក្រុង ហូជីមិញ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ មិនា ១៩៩៩ នៅតែសម្រេចយកគោលការណ៍ខ្លះក្នុងកិច្ចចរចារកដំណោះស្រាយពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្អែកលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលបានចុះរួច។​ ដែលប្រកានេះគឺផ្ទុយទាំងស្រុងលើអនុសញ្ញាអន្តរជាតិក្រុងវិយែនឆ្នាំ ១៩៦៩។ 

ហាក់ផ្ទុយពីការលើកឡើងរបស់ឯកសារលោក ស៊ាន ប៉េងសែ មន្ត្រីរដ្ឋាភិបាលដែលមានតំណែងជាប្រធានរាជបណ្ឌិតសភាលោក សុខ ទូច ​ បានចាត់ទុកថា អ្វីដែលគណៈកម្មាធិការព្រំដែនកម្ពុជា បង្ហាញ គឺជាចេតនាបង្កប់ក្នុងន័យនយោបាយ គ្មានលក្ខណៈបច្ចេកទេសនោះទេ។ ​លោកបន្ថែមថាសន្ធិសញ្ញាដែលកម្ពុជាចុះជាមួយវៀតណាមនៅពេលនោះ គឺមិនមានទាក់ទងនឹងការដោះដូរដីគ្នា ឬប៉ះពាល់អធិបតេយ្យភាពឡើយ។ 

លោក សុខ ទូច មានប្រសាសន៍យ៉ាងដូច្នេះថា៖«គឺមិនបាននិយាយ​អំពីរឿងដោះដូរដីអីទេ ចឹងវាអត់មានទាក់ទងអីរឿងហ្នឹង ហើយទី២ យើងនៅតែប្រកាន់យកផែនទីដែលបន្សល់ពីអាណានិគមននិយមបារាំង..ចឹងដូចមិនមានអីប៉ះពាល់ដល់អធិបតេយ្យភាពទេ»។

ចំណែកឯ អ្នកវិភាគនយោបាយ និងអភិបាលកិច្ចលោកបណ្ឌិត ចាន់ វិបុល ឲ្យដឹងថាដើម្បីជៀសវាងការយល់ច្រឡំ រដ្ឋាភិបាលកម្ពុជាគួរបង្កើតយន្តការមួយច្បាស់លាស់ ក្នុងការពិនិត្យអនុស្សារណនោះឡើងវិញ ប្រសិនបើគេយល់ថា វាជាដើមហេតុនាំឲ្យប៉ះពាល់អធិបតេយ្យភាពជាតិ។ ហើយក្នុងករណីបើសិក្សាឡើងវិញទៅ រកឃើញផលប៉ះពាល់ដូច្នេះមែន លោកបញ្ជាក់ថា រដ្ឋាភិបាលនៅអាចលុបចោលនៅសន្ធិសញ្ញាទាំងនោះបាន។ 

លោក ចាន់ វិបុល មានប្រសាសន៍ថា៖«រាល់ការធ្វើសម្រេចចិត្តរបស់សភាក្ដី ​របស់គណៈកម្មការពិសេសក្ដី គឺមានអំណាចផ្លូវច្បាប់ ចឹងអំណាចផ្លូវច្បាប់នោះអាចធ្វើមោឃភាពបាន នៅពេលមានបណ្ដឹងតវ៉ាសារជាថ្មី ហើយត្រូវបានពិនិត្យឡើងវិញដោយអង្គណាដែលមានអំណាចខ្ពស់ជាង»។

លោកបានសង្កត់ធ្ងន់ទៀតថាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងសម័យមួយ គឺមិនអាចបិទផ្លូវតវ៉ាជារៀងរហូតបានទេ សូម្បីតែប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមបរទេសក៏ដោយចុះ។

ជាការឆ្លើយតប លោក សុខ ទូច ឯណោះវិញហាក់មិនយល់ស្របចំពោះអះអាងរបស់អ្នកវិភាគដែលថាកម្ពុជានៅតែអាចលុបសន្ធិសញ្ជាបានឡើយ។ផ្ទុយមកវិញលោកចាត់ទុកថា ការចុះសន្ធិសញ្ញាគឺជាបញ្ហាបច្ចេកទេស មិនអាចយកការសម្ដីអ្នកវិភាគគ្មានវិជ្ជាជីវៈមកប្រើបាននោះទេ។ 


បើគេពិនិត្យរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិត្រង់មាត្រា ៥៥ បានកំណត់យ៉ាងច្បាស់ទៀតថា រាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល៕

ជប៉ុនប្រជែងឥទ្ធិពលចិន ក្នុងសមរភូមិនយោបាយកម្ពុជា



កម្ពុជានិងជប៉ុនត្បិតតែបានរាប់អានគ្នាជាង ៦០ឆ្នាំកន្លងមកហើយក្ដី​ តែទើបស្និទ្ធស្នាលគ្នាចាប់ពីដើមទសវត្សរី៍ទី៩០ មកប៉ុណ្ណោះ។ ការឃ្លាតឆ្ងាយពីគ្នានេះដោយសារមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបានកើតឡើង នោះគឺ«សង្គ្រាមត្រជាក់»។ គេត្រូវរង់ចាំរហូតមានកិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១ចុះរួច ទើបឃើញជប៉ុនចេញមុខដើរនាទីក្នុងកិច្ចកសាងស្ថាបនាកម្ពុជាឡើងវិញ ដោយរហូតមកដល់សព្វថ្ងៃនេះជាមធ្យមជប៉ុនបានផ្ដល់ជំនួយឲ្យកម្ពុជាប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលភាគច្រើនប្រើដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ គេត្រូវយល់ថាបើកុំតែបានជំនួយមុនគេបង្អស់ពីជប៉ុនតាមរយៈUNTAC នាដើមឆ្នាំ ១៩៩១ នោះកម្ពុជានឹងពិបាករៀបចំការបោះឆ្នោតនាឆ្នាំ ១៩៩៣ណាស់។


យ៉ាងណាក៏ដោយជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់រដ្ឋាភិបាលក្រុងតូក្យូ មកកាន់រដ្ឋាភិបាលក្រុងភ្នំពេញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បង្ហាញថាជប៉ុនចង់វិលមកពង្រីកយុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ីឡើងវិញ។ បើគេព្យាយាមស្វះស្វែងយល់បន្តិច ជប៉ុនហាក់ចង់«ខ្ទប់​ឥទ្ធិពល​កើន​ឡើង​ជា​លំដាប់​របស់​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និងជាពិសេសគឺទាញនយោបាយការបរទេសកម្ពុជាកុំឲ្យស្ថិតនៅជាមួយចិនខ្លាំងពេក»។

និយាយជាទូទៅជំនួយសេដ្ឋកិច្ចទាំងអស់នេះអាចជាឧបករណ៍នយោបាយ ក្នុងភូមិសាស្ត្រប្រកួតប្រជែងឥទ្ធិពលជាមួយចិនក្នុងសមរភូមិកម្ពុជា។ ប្រាក់កម្ចីច្រើនរយលានដុល្លារ រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ ជប៉ុនតែងផ្ដល់ឲ្យកម្ពុជាស្ទើររាល់ឆ្នាំ ហើយការផ្ដល់នេះច្រើនមាននៅក្នុងជំនួបកំពូលរវាងមេដឹកនាំជប៉ុនជាមួយបណ្ដាប្រទេសតាមដងទន្លេមេគង្គ និងកិច្ចប្រជុំកំពូលអាស៊ាន។ 

ផ្អែកតាមទិន្នន័យរបស់ក្រសួងការបរទេសជប៉ុន ដោយគិតត្រឹមឆ្នាំ២០០៦ ជំនួយប្រមាណជាងមួយពាន់លានដុល្លារ(1,330.24US) ត្រូវបានជប៉ុនផ្ដល់មកកម្ពុជា ហើយជំនួយទាំងនោះទៀតសោតស្ទើរតែគ្មានលក្ខខណ្ឌអ្វីភ្ជាប់ទាំងអស់។ 

ជាក់ស្ដែង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលភ្ជាប់ពីភ្នំពេញទៅផ្លូវជាតិលេខ៦ គឺជាសញ្ញាបញ្ជាក់ថា ជប៉ុននឹងមិនទុកកម្ពុជា ឲ្យចិនស៊ីដាច់តែងឯងៗនោះទេ ហើយក៍មានទៀតដែរ ស្ពាន គីហ្ស៊ូណា ក្នុងខេត្តកំពង់ចាម និងស្ពាន ហ្សឺតបាសា (ស្ពានអ្នកលឿង) ភ្ចាប់ពីខេត្តកណ្ដាលទៅខេត្តព្រៃវែង។ 

ទោះបីទទួលជំនួយពីជប៉ុនច្រើន តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែស្ថិតក្នុងសភាពភ័យខ្លាចនៅឡើយ។ ភ័យខ្លាចព្រោះកម្ពុជាខ្លាចចិនដែលជាមហាមិត្តរបស់ខ្លួន។ មានន័យថាក្នុងទំនាក់ទំនងពណ៌ស៊ីជម្ពូនេះគឺ ម្ខាងចិនកុម្មុយនីស្ត(ក្រហម) និងម្ខាងជប៉ុនសេរីនិយម(ស) ដែលពណ៌ទាំងពីរនេះបូកបញ្ចូល គ្នាក្លាយជាពណ៌ស៊ីជម្ពូ។

គេនៅចាំបានថារថយន្តក្រុងដែលបានបើកដំណើរការលើមហាវិថីទីក្រុងភ្នំពេញដំបូងគេគឺជាជំនួយរបស់ជប៉ុនសុទ្ធសាធតែមិនបានប៉ុន្មានផង រថយន្តទាំងនេះត្រូវជំនួសមកវិញនូវឡានរបស់ចិន ១០០គ្រឿងផ្ដល់មកកម្ពុជាវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់មិនបានចាត់ទុកជំនួយរបស់ចិន គឺជាការដាក់គំនៀប ឬឥទ្ធិពលណាមួយមកលើរដ្ឋាភិបាលកម្ពុជានោះទេ ដោយលោកយល់ថាការធ្វើដូចនេះគឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅវិញទេ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា៖«យើងអត់មានស្ថិតនៅក្នុងទំនាក់ទំនងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ គឺយើងស្ថិតនៅក្នុងភូមិសាស្ត្រសេដ្ឋកិច្ច ហើយលុយទាំងអស់នោះ មិនមានឥទ្ធិពលអ្វីនោះទេ»។

ហាក់ផ្ទុយពីការលើកឡើងនេះ សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក រ៉ូ វណ្ណៈ ធ្លាប់ថ្លែងថាចិននៅតែមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយសេដ្ឋកិច្ច ទោះបីមានការអះអាងពីលោក ផៃ ស៊ីផាន ក្ដី៕

«តើកម្ពុជា អាចក្លាយជាមូលដ្ឋានទ័ពរបស់ចិនដែរឬទេ ?»


  1. Related image
  2. ផ្អែកតាមប្រភពពី​មន្ត្រី​យោធាឥណ្ឌា​ និងអ្នកវិភាគអន្តរជាតិ ​បាន​សន្និដ្ឋាន​ថា​ ភ្ញៀវ​ទេសចរ​ចិន​ ទំនងជា​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ឱ្យ​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ ពី ​រដ្ឋ ​ជាតិចិន​ (CNTA)​ ដើម្បី​ជា​ការ​បំប៉ោង​តួលេខ​ចំនួន​ភ្ញៀវ​ទេសចរ​របស់​ខ្លួន​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​សមស្រប​ទៅ​នឹង​គម្រោងការ​សាងសង់​ ​នៅ​តំបន់​រមណីយដ្ឋាន​តារា​សាគរ​ នាខេត្តកោះកុង​ ដែល​កំពុងតែ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ ​។ ព្រោះថាបើចំនួនភ្ញៀវទេសចរណ៍មានតិចពេកការអភិវឌ្ឍតំបន់ក្នុងគម្រោងយក្ស អាចនឹងទទួលការឃ្លាំមើលពីភ្នែកអន្តរជាតិ ។
  3.  
  4. ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រី​យោធា​ឥណ្ឌា​ចូលនិវត្តន៍ លោក វីណា​យ៉ា​ក់់​ ផាត​ (Vinayak​ Bhat​)  បាន​ផ្តល់​អំណះអំណាង​ថា​ ពលរដ្ឋខ្មែរ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​វិនិយោគិន​ចិន​ផាត់ចោល​ ​; ដោយសារតែ​សណ្ឋាគារ​ និង​កាស៊ីណូ​របស់​ចិន​ទាំងអស់​ ជ្រើសរើស​និយោជិត​ និង​កម្មករ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ និង​អ្នក​ដែល​ចេះនិយាយ​ភាសា​ចិន​ស្ទាត់ជំនាញ​ឱ្យ​ចូល​ធ្វើការ​ឱ្យ​ពួកគេ​តែប៉ុណ្ណោះ​។
  5. គម្រោង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​តារា​សាគរ ​ មាន​រួមបញ្ចូល៖ ​កំពង់ផែ​ទឹកជ្រៅ​ ,​ព្រលា​នយន្តហោះ​អន្តរជាតិ​ ,​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដទៃទៀត​ ព្រមទាំង​ទីក្រុង​រណប​ ឬហៅ​ថា​ «ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​» ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​វិនិយោគ​សរុប​ ៤ម៉ឺន៥ពាន់​ហិ​កតា​ លាតសន្ធឹងពី​ស្រុក​បុទុមសាគរ​ ទៅដល់​ស្រុក​ថ្មបាំង​ ខេត្តកោះកុង​។
  6. គម្រោង​នេះ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union​ Development​ Group​ (UDG​) ក្នុងទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ​ ឬ៤ប៊ី​លាន​ដុល្លារ​អាម៉េរិក​ (,៨ប៊ី​លាន​ដុល្លារ​អាម៉េរិក​ក្រោម​រូបភាព​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​រយៈពេល​វែង​ដល់ទៅ​ ៤០​ ឆ្នាំ​ ក្នុង​តម្លៃ​ជួល១ឆ្នាំ​ ១លាន​ដុល្លារ​អាម៉េរិក​។ តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នេះ​ ចិន​អាច​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ រហូតដល់​ទៅ​ ២០ភាគរយ​។
  7. សារព័ត៌មាន​តៃវ៉ាន់​ដដែល​នេះ​ បាន​ស្រង់​ប្រសាសន៍​មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ថា​ កំពង់ផែ​ទឹកជ្រៅ​ថ្មី​នោះ​ ទំនងជា​មាន​ស្ពាន​លយ​តភ្ជាប់​ទៅ​កំពង់ផែ​ប្រវែង៥០០ម៉ែត្រ​ ច្រកចូល​ផែ​ពី​សមុទ្រ​ប្រវែង​ប្រមាណ៩០០​ ម៉ែត្រ​ ដែល​លោក​ថា​ អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​គ្រប់​ប្រភេទ​ចូល​ចត​បាន​។ ដោយឡែក​សម្រាប់​ គម្រោ​ងព្រលា​នយន្តហោះ​អន្តរជាតិ​កោះកុង​ឯណោះ​វិញ​ មានផ្លូវ​យន្តហោះ​រត់​ប្រវែង​ជាង៣ពាន់​ម៉ែត្រ​ និង​ទំហំ​ទទឹង៥០ម៉ែត្រ​។ លោក​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​យោធា​ធន់​ធំ​ចុះ​បាន​។ មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ បាន​សន្និដ្ឋាន​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ១០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​តំបន់​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ដែល​លោក​ថា​ អាច​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ ឬទីបញ្ជាការ​ដ្ឋាន​យោធា​ ក្នុងករណី​ដែល​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ត្រូវ​បាន​គេ​បម្លែង​ឱ្យ​ក្លាយទៅជា​បរិវេណ​យោធា​។​
  8. អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់​នេះ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​យប់​ថ្ងៃទី០៣​ កក្កដា​។ ក៏ប៉ុន្តែ​កន្លងមក​ មន្ត្រី​ជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់​នៃ​របប​លោក​ ហ៊ុន​ សែន​ រួម​ទាំង​លោក​ ហ៊ុន​ សែន​ ខ្លួនឯង​ផង​ តែង​ចេញមុខ​បដិសេធ​ជា​ស្វ័យប្រវត្តិ​អំពី​ព័ត៌មាន​សង្ស័យ​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ ឬកងទ័ពជើងទឹក​នៅ​ខេត្តកោះកុង​នេះ​ ដោយ​ចាត់ទុកថា​ជា​ព័ត៌មាន​ក្លែងក្លាយ​ ជា​ពាក្យ​ចចាមអារ៉ាម​ និង​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោកខាងលិច​ ប្រឆាំង​នឹង​របប​របស់​លោក​ ក្រោយ​របប​នេះ​បាន​ងាក​ទៅ​ឱបក្រសោប​មហាយក្ស​ចិន​កាន់តែ​ច្បាស់​ ក្រោយ​រម្លាយ​បក្ស​ប្រឆាំង​ និង​រៀបចំ​ការបោះឆ្នោត​«ក្លែងក្លាយ​»រួចមក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ ហ៊ុន​ សែន​ ថែមទាំង​ថ្លែង​ការពារ​ចិន​ និង​ចិន​មិនបាន​មក​ដាក់​អាណានិគម​ ឬធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់ខ្លួន​ផុង​ចូល​ ក្នុង​អន្ទាក់​បំណុល​នោះ​ទេ​។
  9. «ខ្ញុំ​បញ្ជាក់​មុខ​អគ្គរដ្ឋទូត​ចិន​ បញ្ជាក់​ចំពោះ​មុខ​សាធារណៈ​ និង​ជា​សារ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស និង​ទៅ​កាន់​ពិភពលោក​ ថា​ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​ចិន​ត្រួត​ត្រា​ទេ​ ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន​ ក៏​មិន​ចង់​ត្រួត​ត្រា​អ្នកណា​ទាំង​អស់​ ត្រួតត្រា​អ្នកណា​ទាំង​អស់»
  10. បញ្ហា​នៃ​ការសង្ស័យ​ ឬការ​ប៉ាន់ស្មាន​កាន់តែ​ខ្លាំង​ឡើង​ៗអំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​នៅ​ខេត្តកោះកុង​ និង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​ចុងក្រោយ​នេះ​ សហរដ្ឋ​អាម៉េរិក​ទាមទារ​ឱ្យ​កម្ពុជា​បកស្រាយ​អំពី​មូលដ្ឋាន​ហេតុ​ដែល​ខ្លួន​លែង​ចង់​ឱ្យ​អាម៉េរិក​ជួយ​ជួសជុល​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្រោម​លេស​ថា​ ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ថ្មី​។ សហរដ្ឋ​អាម៉េរិក​ បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ រក្សា​ឱ្យ​បាន​ដូច​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ អំពី​ឯករាជ្យ​ភាព​នៃ​ គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ និង​ព្រមាន​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ខ្លួន​នៅ​កម្ពុជា​មែន​។​
  11. បណ្ឌិត​ ប៉ូល​ ឆែម​ប័រ​ (Paul​ Chambers​) សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​ នៃ​សាកល​វិទ្យាល័យ​ Naresuan​ University​ នៃ​ប្រទេស​ថៃ​ ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ កាលពី​ថ្ងៃទី០២​ កក្កដា​ ថា​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ងាយ​នឹង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន​ ហើយ​ក្លាយជា​កូនអុក​របស់​មហាយក្ស​ចិន​យ៉ាង​ពិតប្រាកដ​ ប្រសិនបើ​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​មែន​នោះ​។ លោក​ព្រមាន​ថា​ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ នឹង​ក្លាយជា​ឧបករណ៍​ ដែល​ចិន​ និង​សហរដ្ឋ​អាម៉េរិក​ កំពុង​ប្រជែង​គ្នា​ដើម្បី​អត្ថ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៕
RFA

ស្វែងយល់ពីនយោបាយឆ្វេងនិយម ? និងនយោបាយស្ដាំនិយម ?

Image result for នយោបាយកណ្ដាលនិយម


ឆ្វេងនិយម មានន័យថា​ជា និន្នាការ​ឬ​មនោគមវិជ្ជា​នយោបាយ​ដែលគេច្រើនធ្វើ​កំណែទម្រង់​ជ្រុល និងនិយម​ធ្វើ​ប​ដិ​វត្ដ​ន៍ ដើម្បី​ផ្លាស់ប្ដូរ​សណ្ដាប់ធ្នាប់​សង្គម ក្នុង​គោលបំណង​ពង្រីក​សេរីភាព​និង​សុខុមាលភាព​សង្គម​សម្រាប់​ប្រជាជន ដោយ​ប្រយុទ្ធ​តស៊ូ​ប្រឆាំងនឹង​វិសមភាព​សង្គម ហើយ​ប្រកាន់យក​គោលការណ៍​សមភាព ​។ នៅក្នុង​វិស័យសេដ្ឋកិច្ច និន្នាការ​ឆ្វេងនិយម​ប្រកាន់​គោលការណ៍​អន្តរាគមន៍​របស់​រដ្ឋ​តាមរយៈ​ការដាក់​បទបញ្ជា និង​ជាតូបនីយកម្ម​ជាដើម​។ គេ​អាច​កំណត់​ឆ្វេងនិយម​បាន តាមរយៈ​ការដឹកនាំ​សង្គម ការគ្រប់គ្រង​រដ្ឋ សេដ្ឋកិច្ច និង​នយោបាយ​។ជាទូទៅ គេច្រើនឃើញមេដឹកនាំប្រកាន់យករបបដឹកនាំបែបកុម្មុយនីស្ត ច្រើនប្រកាន់នយោបាយឆ្វេងនិយម ។ ទោះបីយ៉ាងណាក៏ដោយ នៅប្រទេសប្រជាធិបតេយ្យមួយចំនួនអ្នកនយោបាយ ឬគណបក្សខ្លះក៏នៅតែប្រកាន់ជំហរបែបឆ្វេងនិយមផងដែរ ។បើពិនិត្យឱ្យស៊ីជម្រៅទៅនយោបាយឆ្វេងនិយម ហាក់មានភាពរើសអើង និងប្រកាន់វណ្ណៈ ឬបែកចែកជាតិសាសន៍ពណ៌សម្បុរ ដែលជាហេតុនាំឱ្យគេមានកង្វល់ច្រើនពាក់ព័ន្ធនឹងរបៀបឡើងដឹកនាំប្រទេសរបស់ក្រុមមនុស្សឆ្វេងនិយម ។-----------------
​នយោបាយស្ដាំនិយម មានន័យថា​ជា និន្នាការ​ឬ​មនោគមវិជ្ជា​នយោបាយ​ដែល​រក្សាទុក​ឬ​អភិរក្ស ការបែងចែក​អំណាច​និង​ទ្រព្យសម្បត្តិ តាមរយៈ​ប្រព័ន្ធ​ដែលមាន​ស្រាប់​ឬ​ការ​បែរ​ទៅរក​ការគ្រប់គ្រង​តាមបែប​ប្រពៃណី(​របបគ្រប់គ្រងដែលយើងមនុស្សម្នាក់ ឬមួយក្រុមមកដឹកនាំ) ។ គេ​អាច​កំណត់ថា ស្ដាំនិយម​បាន តាមរយៈ​ការដឹកនាំ​សង្គម ការគ្រប់គ្រង​រដ្ឋ សេដ្ឋកិ្ច​ច​និង​នយោបាយ​តាមបែប​ខាងលើ​ ។ជាក់ស្ដែង ក្នុងអំឡុង​សតវត្សរ៍​ទី​១៩ ការបែងចែក​និន្នាការ​ឆ្វេងនិយម​និង​ស្ដាំនិយម គឺ​សំដៅលើ​ការបែងចែក​រវាង​អ្នកគាំទ្រ​របប​សាធារណរដ្ឋ​និយម​និង​អ្នកគាំទ្រ​របបរាជានិយម​ ។នយោបាយស្ដាំនិយម ហាក់មានភាពគាំទ្រច្រើនទៅដល់វណ្ណៈអភិជន ដែលផ្ទុយពីនយោបាយឆ្វេងនិយមដែលមានលក្ខណៈតឹងតែង ។

ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប នៅ​លើ​ពិភពលោក


Image result for Europe
ឆ្នាំ​២០០៣ ជា​ឆ្នាំ​ដែល​សហភាពអឺរ៉ុប ចាប់ផ្តើម​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។ សង្គ្រាម​អាមេរិកាំង​នៅ​Irak ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ប្រេះ​ឆា។ អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក។ រីឯ​បារាំង និង​អាល្លឺម៉ង់​វិញ​ប្រឆាំង។ ម្យ៉ាងវិញ​ទៀត គឺ​នៅ​ឆ្នាំ ២០០៣​នោះ​ហើយ ដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​សមាជិក​កើន​ពី ១៥ ទៅ​២៥​ប្រទេស នៅ​ឆ្នាំ​២០០៤ និង​ក្រោយ​មក​ទៀត​ពី ២៥​ទៅ ២៧​ប្រទេស។
វត្តមាន​នៃ​សមាជិក​ថ្មី​ទាំង​ អស់​នេះ ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​គ្នា កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​សង្គ្រាម​Irak ពីព្រោះ​បណ្តា​សមាជិក​ថ្មី​ចេញ​ពី​អឺរ៉ុប​ខាងកើត​ទាំងនេះ ដែល​បាន​ឋិត នៅ​ក្នុង​ក្រញាំ​របស់​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ បែរ​ភ្លាម​ភ្លែត​ទៅ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ដោយហេតុតែ​ពួក​គេ​នៅ​ខ្លាច​រុស្ស៊ី និង​នៅ​មិន​ទុក​ចិត្ត​អាល្លឺម៉ង់។
អ៊ីចឹង ​ហើយ បាន​ជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក សហភាព​អឺរ៉ុប​ចោទ​សួរ​ខ្លួនឯង​ខ្លាំង​ឡើងៗ ថា តើ​អ្វី​ទៅ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក។
មែន​ទែន​ទៅ សហភាព​អឺរ៉ុប​ជា​មហា​អំណាច​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។ មាន​ប្រជាជន​ប្រមាណ​តែ ៥០០​លាន​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​បង្កើត​បាន​២៥%​នៃ​ផលិតផល​ក្នុង​ដុល​របស់​ពិភពលោក​ទាំងមូល និង​តំណាង​២០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ឆ្នាំ​២០០២​មក ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​របស់​អាមេរិក។ ម្ល៉ោះ​ហើយ ក៏​ដូច​សហរដ្ឋអាមរិក​ដែរ សហភាពអឺរ៉ុប​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​មហិច្ឆតា​នយោបាយ​ ធំធេង​នៅ​ក្នុង​ពិភពលោក ឬ​យ៉ាង​ហោច​ណាស់ ក៏​នៅ​ក្នុង​តំបន់​Balkan និង​នៅ​ក្នុង​តំបន់​ជុំវិញ​សមុទ្រ​Méditerranée​ដែរ។
ប្រសើរ​ជាង​នេះ​ ទៅ​ទៀត មតិ​អន្តរជាតិ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដើរ​តួនាទី​កាន់​តែ​សំខាន់​ នៅ​ក្នុង​ពិភពលោក ពីព្រោះ​សហភាព​អឺរ៉ុប​មាន​រូបភាព​ល្អ ត្រូវ​គេ​ចាត់ទុក​ជា​មហា​អំណាច​ត្រជាក់ Soft power ដែល​ការពារ​ពហុភាគី​និយម នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​អន្តរជាតិ និង​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សន្តិភាព ស្ថិរភាព លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ និង​សាមគ្គីធម៌ ព្រម​ទាំង​អភិក្រម​នៃ​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។
សហភាព​អឺរ៉ុប​មិន​ខ្វះ​ទេ សមត្ថភាព និង​មធ្យោបាយ តែ​ខ្វះ​ឆន្ទៈ​នយោបាយ។ បាន​ន័យ​ថា បណ្តា​សមាជិក នៅ​តែ​គិត​ពី​ប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន ខ្លាំង​ជាង​ប្រយោជន៍​របស់​អឺរ៉ុប​រួម។ ម្ល៉ោះ​ហើយ នៅ​ក្នុង​សហភាពអឺរ៉ុប មិនទាន់​អាច​មាន​ទៅ​កើត​ទេ ទី​បញ្ជាការ​រួម​តែ​មួយ។ ប្រទេស​សមាជិក​នីមួយៗ ជា​អ្នកសម្រេច​កិច្ចការ​នយោបាយ​រៀងៗ​ខ្លួន ហើយ​រដ្ឋធានី​បី មាន​ទឹក​មាត់​ប្រៃ​ជាង​គេ និង​ទម្ងន់​ខ្លាំង​ជាង​គេ គឺ​ទីក្រុង​Paris​នៃ​ប្រទេស​បារាំង ទីក្រុង​Londres​នៃ​ប្រទេស​អង់គ្លេស​និង​ទីក្រុង​Berlin​នៃ​ប្រទេស​ អាល្លឺម៉ង់។
កង្វះ​ឆន្ទៈ​នយោបាយ​រួម បណ្តាល​ឲ្យ​សហភាពអឺរ៉ុប​ខ្វះ​យុទ្ធសាស្ត្រ​រួម។ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ដែល​គេ​បាន និង​កំពុង​បន្ត​និយាយ​ពី​ការបង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ​ដែល​អាច​ខ្លាំង ស្មើ​នឹង​ទ័ព​អាមេរិកាំង។ ក៏​ប៉ុន្តែ ដរាបណា បណ្តា​ប្រទេស​សមាជិក​ទាំង​អស់ នៅ​តែ​មិន​ទាន់​ដាច់ចិត្ត​បោះបង់​ចោល​អធិបតេយ្យ​រៀងៗ​ខ្លួន​របស់​គេ​ទេ ដរាប​នោះ​នឹង​នៅ​តែ​មិន​អាច​មាន​ទៅ​កើត​ទេ​កងទ័ព​អឺរ៉ុប​រួម។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​សមាជិក​អឺរ៉ុប​នីមួយៗ ចាយ​ប្រាក់​តិច​ជាង​សហរដ្ឋអាមេរិក នៅ​ក្នុង​វិស័យ​ការពារ​ជាតិ គឺ​ប្រមាណ​២,៥% នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​បារាំង ក៏​ដូច​សម្រាប់​ប្រទេស​អង់គ្លេស និង​១,៥%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​អាល្លឺម៉ង់ ទល់​នឹង​៤%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​សហរដ្ឋ​អាមេរិក។
គ្មាន ​កងទ័ព​រួម សហភាព​អឺរ៉ុប​គ្មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិ។ ម្ល៉ោះ​ហើយ ដើម្បី​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ពិភពលោក សហភាព​អឺរ៉ុប​ក៏​សម្រេច​បង្កើត​មុខ​តំណែង​ពីរ​សែន​សំខាន់ តាម​រយៈ​សន្ធិសញ្ញា​ទីក្រុង ​Lisbonne ឆ្នាំ​២០០៧ នោះ​គឺ​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​តំណែង​ឧត្តម​តំណាង​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ។
ក៏ ​ប៉ុន្តែ​សម្រេច​សម្រួច​ទៅ ស្រាប់​តែ​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៧ ត្រូវរ៉ូវ​គ្នា​តែងតាំង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប ជនជាតិ​Belgique​ម្នាក់ គឺ​លោក​Van Rompuy។ គាត់​មិន​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ប៉ុណ្ណោះ​ ទេ ដើម្បី​អាច​អង្គុយ​ចរចា​បាន​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិកាំង ឬ​លោក​ប្រមុខរដ្ឋ​ចិន ជាង​នេះ​ទៅ​ទៀត គាត់​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​អ្នកណា​ស្គាល់​ឈ្មោះ​ទៅ​ទៀត នៅ​លើ​ឆាក​អន្តរជាតិ។ បាន​ន័យ​ថា នៅ​ទី​បំផុត បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​នៅ​តែ​មិន​ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​អ្នកណា​ ម្នាក់​ដើម្បី​និយាយ​ជំនួស ឬ​ចរចា​ជំនួស​ពួកគេ​ទេ នៅ​លើ​ឆាក​អន្តរជាតិ។
ចំណុច ​ខ្សោយ​មួយ​ទៀត​របស់​សហភាពអឺរ៉ុប គឺ​សន្ទុះ​សេដ្ឋកិច្ច​មិន​ខ្លាំង​និង​មិន​លឿនរហ័ស​តាំង​ពី​ទសវត្សរ៍​ទី​៩០​ មក​ម៉្លេះ បើ​ប្រៀបធៀប​ទៅ​នឹង​សន្ទុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​របស់​ចិន។ សេដ្ឋកិច្ច​របស់​អឺរ៉ុប​រឹងរឹត​តែ​ខ្សោយ តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​២០០៨​មក។
បើ​និយាយ​ ពី​ប្រជាសាស្រ្ត​វិញ ប្រជាជន​អឺរ៉ុប​ដែល​មាន​វ័យ​កាន់​តែ​ចាស់ ចោទ​ជា​បញ្ហា​ជុំវិញ​ការរក​ប្រាក់​មក​ចិញ្ចឹម​អ្នកចូល​និវត្តន៍ ចោទ​ជា​បញ្ហា​ជុំវិញ​តុល្យភាព​នៅ​ក្នុង​សង្គម និង​អាច​ធ្វើ​ឲ្យ​គ្រឹះ​នៃ​ភាពចំរុង​ចំរើន ព្រម​ទាំង​គ្រឹះ​នៃ​អារ្យធម៌​អឺរ៉ុប​រង្គោះ​រង្គើ។
និយាយ​សរុប​មក​វិញ ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព និង​សកម្មភាព​រួម​របស់​ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​បាន អឺរ៉ុប​ត្រូវ​កំណត់​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន​មហិច្ឆតា​រួម​របស់​ខ្លួន។ តើ​បណ្តា​ប្រទេស​អឺរ៉ុប​ចង់​ក្លាយ​ជា​សហព័ន្ធន៍ ក្នុង​គោលដៅ​ដើរ​តួនាទី​ជា​មហា​អំណាច​នយោបាយ និង​យោធា​ដូច​សហរដ្ឋអាមេរិក​ដែរ​ឬ​ទេ ឬ​មួយ​ក៏​គ្រាន់​តែ​ចង់​រួបរួម​គ្នា​ជា​សមាគម​ប្រជាជាតិ​មួយ​ដើម្បី​បង្កើន​ ប្រយោជន៍​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ?
នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ចាប់ផ្តើម​វិភាគ​មើល​ថា តើ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ ផល​ប្រយោជន៍​របស់ សហភាព​អឺរ៉ុប​ឋិត​នៅ​ឯណា និង​ថា តើ​សហភាព​អឺរ៉ុប​ត្រូវ​ប្រកាន់​យក​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ អាមេរិក អាស៊ី ឬ​អាហ្វ្រិក?
ដោយ តាន់ ហ្វ្រង់ស័រ 
សម្រួលអត្ថបទដោយ ឃី ពិសី
សូមចុចទីនេះដើម្បីចែករំលែកបន្ត....