មេដឹកនាំផ្តាច់ការ តែងតែត្រូវបានថ្កោលទោសដោយកំហឹងពលរដ្ឋ
ក្រោយការបិទបញ្ចប់ទៅនៃសង្គ្រាមត្រជាក់ឆ្នាំ ១៩៩១ ពិភពលោក នៅតែមិនទាន់បានស្គាល់សន្តិភាពបរិបូណ៍នៅឡើយទេ។ ដោយសារតែមានជនផ្ដាច់ការជាច្រើននាក់ នៅបន្តក្ដាប់អំណាចយ៉ាងពេញដៃ ទាំងនៅតំបន់មជ្ឈឹមបូព៌ា និងតំបន់អាស៊ី។ មេដឹកនាំផ្ដាច់ការទាំងនោះ តែងតែអះអាងប្រាប់ពលរដ្ឋថា មានតែខ្លួនទេ ដែលអាចកាន់ចង្កូតនាវានាំវាសនាប្រទេសជាតិឆ្ពោះទៅមុខបាន ហើយបើអត់ពីខ្លួនទៅ ប្រទេសមុខជា កើតសង្គ្រាម កើតការចលាចលនានា ឬកើតកលយុគ ពេញស្រុកជាក់ជាមិនខាន។
ដោយមានហេតុផលជាច្រើនបែបនេះហើយ បានជាមេដឹកនាំផ្តាច់ការ មិនងាយនឹងប្រគល់អំណាច ទៅឲ្យក្រុមបុគ្គលផ្សេងឡើយ។ ដើម្បីជាមធ្យោបាយការពាររបបដែលខ្លួនដឹកនាំ គេតែងតែសង្កេតឃើញថា ជនផ្ដាច់ការ ច្រើនប្រើវិធីបីយ៉ាង៖
១. គ្រប់គ្រងប្រព័ន្ធតុលាការ ដើម្បីកម្ចាត់ជនណាដែលមាននិន្នាការប្រឆាំង ទាមទារសិទ្ធិសេរីភាព ឬចង់ផ្លាស់ប្ដូរ សង្គម។
២. អូសទាញកងកម្លាំងប្រដាប់អាវុធ មកធ្វើជាខែលរក្សាអំណាច ដើម្បីបាញ់សម្លាប់ជនណា ដែលហ៊ានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។
៣. បង្កើតបក្សពួក និងរក្សាបក្សពួកនោះ ឱ្យស្តិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ហើយជារឿយៗ ការបង្កើតបក្សពួក បានពូនជាក្រុម ផ្តុំជាបណ្តាញ ជាហេតុបណ្តាលឱ្យមានអំពើពុករលួយកើនមានច្រើន។ ហើយមេដឹកនាំផ្តាច់ការខ្លះទៀត បង្កើតឱ្យការរើសអើងវណ្ណៈក្នុងសង្គមផងដែរ។
ដើម្បីធ្វើជាករណីសិក្សា ពីមេដឹកនាំផ្តាច់ការ គេអាចពិនិត្យមើលមេដឹកនាំទាំងពីររូប កាលពីអតីតកាល៖
មេដឹកនាំផ្តាច់ការ ទី១ គឺ លោក សាដដាម ហ៊ូសេន (Saddam Hussein) បានឡើងកាន់តំណែងជាប្រធានាធិបតីទី ៥ របស់ប្រទេសអ៊ីរ៉ាក់ ដោយរដ្ឋប្រហារបង្ហូរឈាមមួយ ក្នុងឆ្នាំ ១៩៦៨។ ក្នុងរយៈកាលនៃការក្ដាប់អំណាចជាង ២៤ឆ្នាំ(១៩៧៩-២០០៣) ប្រជាជនស្លូតត្រង់ជាច្រើន ត្រូវបានគេសម្លាប់ដោយឥតមូលហេតុ ដោយភាគច្រើនជនទាំងនោះគឺមាននិន្នាការប្រឆាំងរបបដឹកនាំរបស់លោក។ ក្រោយមកនៅឆ្នាំ ២០០៣ សាដដាម ហ៊ូនសេន ត្រូវបានចាប់ខ្លួន និងប្រហារជីវិតដោយព្យួរក។
ហើយមេដឹកនាំទី២ ដែឡគេឱ្យឈ្មោះថា ផ្តាច់ការដែរនោះ គឺ លោក ម៊ូអាម៉ារ កាដាហ្វី (Muammar Gaddafi) បានឡើងកាន់អំណាចដោយរដ្ឋប្រហារទម្លាក់ស្ដេចនៃប្រទេសលីបី ក្នុងឆ្នាំ ១៩៦៩។ កាដាហ្វី បានក្លាយជាមេដឹកនាំផ្ដាច់ការលំដាប់ទី ៤ លើពិភពលោកដោយបានក្ដាប់អំណាច ៤២ ឆ្នាំ ។ ក្នុងរយៈពេល នៃការបំពេញមុខងារនេះ អំពើពុករលួយ បានរីករាល ចាក់ឬសក្នុងសង្គមលីបី ដោយមានទាំងការជ្រែតជ្រែកកិច្ចការយោធា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានដុតកំដៅឲ្យមានការតវ៉ាប្រឆាំងកាន់តែខ្លាំង ក្នុងកំឡុងពេល«បដិវត្តពណ៌» (Arab Spring)។ ស្ថិតក្នុងស្ថានភាពបែបនេះ «បុរសខ្លាំងហ្កាដាហ្វី» បានបង្ខំចិត្តបោះបង់អំណាច រត់គេចខ្លួនបាត់ស្រមោល។ តែទោះបីគេចយ៉ាងណាក៏មិនរួចដែរ នៅទីបំផុត លោកត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើងប្រជាជនរបស់ខ្លួន នៅថ្ងៃទី ២០ តុលា ឆ្នាំ ២០១១។
បើពិនិត្យលើកករណីការដឹកនាំរបស់ជនផ្ដាច់ការទាំងពីរ គេអាចឃើញថា របៀបនៃការឈោងចាប់យកអំណាច គឺមិនបាន ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើយ គឺបានមកដោយសារការបង្ហូរឈាម។ ហើយចុងក្រោយពួកគេ ត្រូវបានមហាជនទាញទម្លាក់ចេញពីតំណែង ជាមួយការស្លាប់យ៉ាងអាណោចអាធម័។
ជារួមកវិញ មេដឹកនាំផ្ដាច់ការ តែងតែអះអាងប្រាប់ពលរដ្ឋថា មានតែខ្លួនទេ ដែលអាចកាន់ចង្កូតនាវានាំវាសនាប្រទេសជាតិឆ្ពោះទៅមុខបាន ហើយបើអត់ពីខ្លួនទៅ ប្រទេសមុខជា កើតសង្គ្រាម កើតការចលាចលនានា ឬកើតកលយុគ ពេញស្រុកជាក់ជាមិនខាន។ ទោះបីជាមេដឹកនាំផ្តាច់ការចូលចិត្តគំរាម និងសម្លុតយ៉ាងណាក៏ដោយ ក៏អ្នកវិភាគ យល់ឃើញថា មានតែបោះឆ្នោតតែមួយគត់ ដែលអាចនាំប្រទេសមួយឆ្ពោះទៅប្រជាធិបតេយ្យពិតប្រាកដ មិនមានរបៀបដឹកនាំបែបផ្តាច់ការ ហើយពលរដ្ឋតែងតែសាទរចំពោះការនាំដឹកនាំបែបប្រជាធិបតេយ្យ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment