ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

តើត្រូវចាត់វិធានការផ្លូវច្បាប់បែបណា បើគេខ្ចីប្រាក់មិនសង?

No comments



លោកអ្នកនាងជាទីមេត្រី ក្នុងនាទីរត់ឱ្យទាន់ច្បាប់ថ្ងៃនេះ ឃី ពិសី សូមពន្យល់អំពីការចាត់វិធានការផ្លូវច្បាប់បែបណា បើគេខ្ចីប្រាក់មិនសង។

ការទំនាក់ទំនងក្នុងសង្គម មនុស្សតែងតែពឹងពាក់អាស្រ័យផលគ្នាទៅវិញទៅមក ដោយគេពិបាកជៀសផុត។ ការខ្ចីប្រាក់ក៍ស្ថិតក្នុងទំនាក់ទំនងដែរ។ ជាកិច្ចបន្ត នាទីរត់ឲ្យទាន់ច្បាប់នៃសារព័ត៌មាន តោះអាន នឹងលើកបង្ហាញចំណុចសំខាន់ៗ នៃការខ្ចីប្រាក់ដែលលោកអ្នកគួរយល់ដឹង។

«ការខ្ចីប្រាក់» ភាសាច្បាប់ហៅថា «ការខ្ចីបរិភោគ» គឺសំដៅលើកិច្ចសន្យាដែលភាគីម្ខាងហៅថា «អ្នកឲ្យខ្ចី» មានទ្រព្យផ្ទាល់ខ្លួន បានប្រគល់ទ្រព្យនោះទៅឲ្យភាគីម្ខាងទៀតហៅថា «អ្នកខ្ចី» ដោយមានការព្រមព្រៀងគ្នា(មាត្រា ៣១១នៃក្រមរដ្ឋប្បវេណី)។ អ្នកខ្ចីត្រូវសងទៅវិញ នៅពេលផុតអំឡុងពេលនៃកំណត់រវាងគូភាគី នូវវត្ថុដែលមានគុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឲ្យខ្ចី(មាត្រា ៥៧៨)។ សកម្មភាពនេះគេចាត់ទុកថាវាជាកិច្ចសន្យាទ្វេភាគី។

ឧ. ពូ ធី បានខ្ចីអង្ករពីមីង សាង ២ គីឡូ ដោយភាគីទាំងពីរបានកំណត់ថា១ ខែក្រោយ ពូ ធី ត្រូវយកអង្ករមកសង មីង សាង វិញ។ ដូច្នេះ អ្នកខ្ចី មានករណីកិច្ចសងទៅ អ្នកឲ្យខ្ចី នូវប្រភេទអង្ករដែលមានគុណភាព និងបរិមាណដូចគ្នា ក្រោយអំឡុងកំណត់សងបានកន្លងផុតទៅ។

ក្នុងន័យច្បាប់បានកំណត់នូវនិយមន័យទូលាយដោយមិនសំដៅទៅលើការខ្ចីប្រាក់តែមួយមុខ គឺរួមទាំងកិច្ចសន្យាខ្ចីវត្ថុ ដែលទាំងនេះបូកផ្សំគ្នាហៅថាការ «ខ្ចីបរិភោគ» ត្រូវចំណុចនេះដើម្បីកុំឲ្យមានការយល់ច្រឡំ ក្នុងសេចក្ដីពន្យល់ខ្ញុំសូមបែងចែកជាពីរប្រភេទ ៖ ១ កិច្ចសន្យាខ្ចីបរិភោគដោយមិនយកការប្រាក់។ ២ កិច្ចសន្យាខ្ចីបរិភោគដោយភ្ចាប់ជាមួយអត្រាការប្រាក់យកតម្លៃថ្នូរ.(ជាទូទៅកិច្ចសន្យាខ្ចី ដែលភ្ចាប់អត្រាការប្រាក់ មានចំនួន ៥% ក្នុងមួយឆ្នាំ តាមមាត្រា ៣១៨ លើកលែងតែមានការកំណត់អ្វីផ្សេងរបស់គូភាគី )។

ក្រោយមកនៅថ្ងៃទី ២១ ធ្នូ ២០១១ ក្រសួងយុត្តិធម៌បានចេញប្រកាសអត្រាការប្រាក់មិនលើស ១៨% ក្នុង ១ឆ្នាំវិញ ដោយគិតតាមស្ថានភាពជាក់ស្ដែងរបស់សង្គមវិវត្តន៍ទៅមុខ តែគូភាគីអាចកំណត់ទាបជាងនេះបានអាស្រ័យទៅលើការព្រមព្រៀង។ ចំពោះអ្នកដែលរកស៊ីចងការប្រាក់មួយចំនួនធ្លាប់ទាមទារច្រើនលើស ក្នុងករណីមានវិវាទឡើងប្ដឹងដល់តុលាការ ចៅក្រមនឹងចេញសេចក្ដីសម្រេចយោងទៅលើអត្រាការប្រាក់ដែលច្បាប់បានកំណត់ជាមុន។

តើគេចាំបាច់ត្រូវធ្វើលិខិតស្នាមទេ?

ក្នុងជីវិភាពរស់នៅប្រចាំថ្ងៃគេតែងតែសង្កេតឃើញការខ្ចីប្រាក់ ភាគច្រើនធ្វើឡើងដោយផ្ទាល់មាត់ ព្រោះយល់ថាជាមនុស្សស្គាល់គ្នា។ ចំពោះច្បាប់មិនតម្រូវឲ្យគូភាគី ចាំបាច់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេ មានន័យថាកិច្ចសន្យាអាចធ្វើឡើងដោយផ្ទាល់មាត់ឬ មានលិខិតស្នាមក៍បាន។ 

ប៉ុន្តែក្នុងករណីមានវិវាទ ដោយភាគីណាមួយបំពាន ឬរំលោភ មិនអនុវត្តន៍កាតព្វកិច្ចនោះ គេពិតជាពិបាករកសំអាងហេតុភស្តុតាងដើម្បីបញ្ជាក់ក្នុងការទាមទារនៅក្នុងសវនាការ ដូច្នេះដើម្បីធានាឲ្យមានទំនុកចិត្ត គូភាគីគួរតែធ្វើជាកិច្ចសន្យាមានទម្រង់ជាលាយលក្ខណ៍អក្សរ។

ចុះបើមានទាំងលិខិតស្នាមហើយ តែភាគីអ្នកខ្ចី នៅតែមិនព្រមប្រគល់ ឬសងវត្ថុត្រឡប់មកវិញ តើគួរធ្វើដូចមម្ដេង?

ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់មួយដ៍ល្បី លោកមេធាវី អ៊ន ហ៊ីង មានប្រសាសន៍ថាក្នុងករណីបើសិនជាដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់ត្រលប់ហើយ តែអ្នកខ្ចី ឬកូនបំណុល បដិសេធមិនព្រមសង ដោយសម្អាងមូលហេតុថាគ្មានសមត្ថភាព ហើយម្ចាស់បំណុលគេមិនអនុគ្រោះ តុលាការចាំបាច់ត្រូវដាក់បន្ទុកនឹងចេញសេចក្ដីសម្រេចឲ្យភាគី «អ្នកខ្ចី» សងត្រលប់មកវិញ មិនអាចបង្កសំណុំរឿងបានទេ។

លោកមេធាវី អ៊ន ហ៊ីង បញ្ជាក់ថា «នៅក្នុងរដ្ឋប្បវេណី (វិវាទឯកជន) អត់ខ្វល់ទេ ទោះបីអ្នកឯងអត់១រៀល ក៍ដោយ ជំពាក់គេ ក៍ចៅក្រមដឹងតែកាត់ឲ្យសង ចង់គ្មានអីសង ឬមិនសងជារឿងមួយទៀត ទោះបីអត់អីក៍ដោយ ក៍គេនៅតែគាត់ឲ្យសង នៅក្នុងរដ្ឋប្បវេណី បើមានអីរឹបអូសយកបាន តែបើអត់ចប់ គ្មានទណ្ឌកម្មផ្នែកព្រហ្មទណ្ឌទេ»។

តើមានដំណាក់កាលណាខ្លះនៃការតវ៉ាក្ដី?

មុនដំបូងគឺចៅក្រមហៅគូភាគីទាំងអស់មកត្រៀម ដើម្បីរកចំណុចវិវាទ បង្ហាញភស្តុតាង មុនឡើងសវនាការទាញហេតុផលផ្ទាល់មាត់ ក្នុងពេលនោះហើយដែលចៅក្រមបានឆ្លៀតយកពេល ដើម្បីសម្រុះសម្រួល។ បើសិនជាគូភាគីឯកភាពគ្នាត្រឹមដំណាក់កាលសម្រុះសម្រួលនេះហើយ ចៅក្រមនឹងចេញសេចក្ដីសម្រេចតែម្ដង។ រយៈពេលនៃការជួបគ្នាអាចត្រូវពន្យាបើសិនជាភាគីណាស្នើសុំ ដោយសារខ្វះភស្តុតាង សាក្សីជាដើម។ តែបើសិននៅតែមិនឯកភាពគ្នារួមទេ ចៅក្រមនឹងដាក់សំណុំរឿងដើម្បីជំនុំជម្រះតែម្ដង។

ត្រូវរង់ចាំរយៈពេលប៉ុន្មានទើបបញ្ជាប់សំណុំរឿង?

លោកមេធាវីបន្តថា ក្នុងនីតិវិធីនៃការដោះស្រាយ គឺគ្មានកំណត់រយៈពេលទេ។ ទោះបីជាមិនកំណត់ក្ដី ជាធម្មតាក្នុងសំណុំរឿងមួយតុលាការមិនអាចតំកល់ លើសពី ១ឆ្នាំ បានទេ ដូច្នេះមេធាវីដែលតំណាងឲ្យភាគីដើមបណ្ដឹងអាចប្ដឹងចៅក្រមនោះបាន។ ដូច្នេះចៅក្រមត្រូវធ្វើរបាយការណ៍អំពីមូលហេតុនៃការតម្កល់រឿងក្ដី បញ្ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីបញ្ជាក់មូលហេតុដែលខ្លួនទុករឿងក្ដីនោះហួសរយៈពេល។ 

តើការខ្ចីប្រាក់អាចក្លាយជាបទល្មើសព្រហ្មទណ្ឌរហូតជាប់គុកទេ ?

លោកមេធាវីបន្ថែមថា ទោះបីជាការខ្ចីប្រាក់មិនស្ថិតក្នុងក្រមព្រហ្មទណ្ឌយ៉ាងណាក្ដី តែមានករណីខ្លះអាចឈានដល់ការឃាត់ខ្លួននឹងចាប់ចងក៍មានដែរ ដោយសារតែក្នុងចំណោមភាគីទាំងពីរ មួយណាបានប្រើឧបាយកលទុច្ចរិត។ 

ឧ. ចិន្តា បានមកខ្ចីប្រាក់ពី វិបុល ៥០លានរៀល ក្នុងហេតុផលមានធុរៈបន្ទាន់ មិនអាចរង់ចាំបើកប្រាក់ពីធនាគារបាន ព្រោះជាថ្ងៃអាទិត្យ ខណៈនោះចិន្តា ថែមទាំងបានបង្ហាញនូវកាត ATM ដល់វិបុល ទៀត។ ប៉ុន្តែក្នុងធាតុពិត គឺចិន្តាមិនមានលុយ ឬធុរៈណាមួយនោះទេ។ ប្រការនេះ គេអាចចោទប្រកាន់ពីបទឆបោកតាម មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌបាន ដែលត្រូវជាប់ទោសពី ៦ ខែដល់ ៣ឆ្នាំ ពិន័យជាប្រាក់ចូលរដ្ឋពី ១លាន ទៅ ៦លានរៀល ចំនួននេះគឺមិនទាន់គិតសំណងជំងឺចិត្តជនរងគ្រោះនៅឡើយទេ។

តែបើសិនជាគ្រាន់តែខ្ចីហើយមិនសងគឺគ្មានបទល្មើសព្រហ្មទណ្ឌណាមួយដែលអាចបណ្ដាលឲ្យជាប់គុកនោះទេ។ ក្នុងសំណុំរឿងរដ្ឋប្បវេណី តុលាការអាចចេញសេចក្ដីសម្រេច ដើម្បីរឹបអូសយកទ្រព្យប៉ុណ្ណោះ ហើយបើរឹបអូសអស់ហើយនៅតែមិនអាចសងគ្រប់ទៀត តុលាការនឹងសម្រេចដាក់សម្ពាធឲ្យបុគ្គលនោះព្យាយាមរកលុយមកសងម្ចាស់បំណុលវិញដែលអាស្រ័យទៅលើសមត្ថភាពផ្ទាល់នៃកូនបំណុល។

ជាអនុសាសន៍ចុងក្រោយលោកមេធាវី ចង់ឲ្យគូភាគីមានអត់ឆ្មត់ខ្ពស់មុនឈានទៅដល់តុលាការ ដើម្បីជៀសវាងការចំណាយច្រើនទាំងពេលវេលា និងថវិកា។ សម្រាប់កូនបំណុល ឬអ្នកខ្ចី ត្រូវបន្ទន់ឥរិយាបថ ក្នុងការសងត្រលប់ទៅម្ចាស់បំណុលវិញក្នុងចំនួនទឹកប្រាក់ណាមួយសមរម្យ នៃសមត្ថភាពខ្លួន ហាមដាច់ខាតកុំប្រើអាកប្បកិរិយាជំរុញឲ្យម្ចាស់បំណុលប្ដឹង៕

No comments :