បទវិភាគ៖ សុបិនប្រែធាតុរបស់និស្សិតច្បាប់មានឥទ្ធិពលដល់សង្គម
“និតីសាស្ត្រ” ដែលជាមុខវិជ្ជាសិក្សាអំពីក្បួនច្បាប់តម្រាផ្សេងៗ ហាក់កំពុងមានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗ នៅក្នុងសង្គមសម័យនេះ ។
យុវជនខ្លះរៀន “នីតិសាស្ត្រ” ព្រោះចង់ក្លាយជាមេធាវី ក្រឡាបញ្ជី ចៅក្រម ហើយយុវជនខ្លះទៀតរៀននីតិសាស្ត្រដើម្បីក្លាយខ្លួនជាមន្ត្រីរាជការជាដើម.... ។
ទោះបីយ៉ាងនេះក្ដីយុវជនកាន់តែច្រើនឡើងៗ ហាក់កំពុងចាត់ទុក “វិជ្ជាជីវៈ ច្បាប់” គឺជាការឈោងចាប់នូវឋានានុក្រមមួយហៅថា “ភាពស៊ីវិល័យនៃជីវិតិ” ការណ៍នេះធ្វើឱ្យវិស័យច្បាប់ក្នុងសង្គមបាត់បង់សារធាតុដើម ព្រោះថាអ្នករៀនច្បាប់សព្វថ្ងៃនេះលែងគិតអ្វីដែលជាភាពត្រឹមត្រូវនៃច្បាប់កាលពីមុន ដោយពួកគេទាំងនោះធ្វើយ៉ាងណាការពារតែផលប្រយោជន៍ខ្លួនឯង និងបង្កើនបក្សពួកដើម្បីបានឋានៈបុណ្យសក្កិប៉ុណ្ណោះ ។
ជាការសង្កេតក្នុងពេលបច្ចុប្បន្នក្រុមមនុស្សដែលបានរៀនចេះច្បាប់ទាំងនោះ នាំគ្នាបិទភ្នែក បិទត្រចៀក បិទមាត់ ធ្វើមិនដឹងមិនឮ មិននិយាយ ពីរឿងរ៉ាវកើតឡើងក្នុងសង្គមដែលកើតចេញពីការអនុវត្តច្បាប់របស់អ្នកមានអំណាចនោះទេ។ ដោយពួកគេបានយក “ទ្រឹស្ដីភាពស៊ីវិល័យនៃជីវិត” មកដាក់នៅក្នុងចក្ខុជាគោល នៃការកំណត់អនាគតរបស់ពួកគេ ។ ទិដ្ឋភាពនេះត្រូវបានគេសន្មតថា “ជាសុបិនប្រែធាតុរបស់និស្សិតច្បាប់” ។
តើហេតុអ្វីបានជាសុបិនរបស់អ្នកច្បាប់ប្រែធាតុដូច្នេះ ?
កាលដើមឡើយក្ដីសុបិនពិតប្រាកដរបស់អ្នកសិក្សាច្បាប់ គឺរៀនច្បាប់“ដើម្បីស្វែងរកយុត្តិធម៌សង្គម កែប្រែច្បាប់អាក្រក់មកជាច្បាប់ល្អ ធ្វើជាសរសេរគ្រឹះក្នុងការធានានូវសណ្ដាប់ធ្នាប់សាធារណ ការពារជនពលរដ្ឋអ្នកស្លូតត្រង់” ។
ប៉ុន្តែមកដល់បច្ចុប្បន្ន សុបិនរបស់និស្សិតច្បាប់បានប្រែធាតុ ។ ប្រែធាតុក៏ព្រោះតែអ្នកសិក្សាច្បាប់បច្ចុប្បន្ន គឺពុំមានសុបិនចង់ក្លាយជាអ្នកច្បាប់ដើម្បីការពារសង្គមនោះទេ គឺរៀនច្បាប់ដើម្បីការពារអ្នកមានអំណាច ឬការពារក្ដីឱ្យមនុស្សដែលផ្ដល់លាភសក្ការៈដល់ខ្លួន ហើយពេលខ្លះពួកគេថែមទាំងបំពានច្បាប់ទៀតផង ទោះបីពួកគេទាំងនោះជាអ្នកសិក្សាច្បាប់បានជ្រៅជ្រះជាងជនធម្មតាក៏ដោយ ។
ពីមួយជំនាន់ទៅមួយជំនាន់ភាពមានបានតាមរយៈការប្រកបវិជ្ជាវច្បាប់បានផ្ដល់ជាមេរៀនមិនល្អដល់យុវជនជំនាន់ក្រោយឱ្យយកគំរូតាមមនុស្សជំនាន់មុន ។ យុវជនទាំងនោះយល់ថា “ដើម្បីឱ្យមានជីវភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវតែរៀនច្បាប់ និងដើរតាមគន្លងអ្នកដែលមានទ្រព្យស្ដុកស្ដម្ភ តាមរយៈការប្រកបវិជ្ជាវច្បាប់ ” ។
ជាបឋមគេវិភាគឃើញថា “សុបិនប្រែធាតុ” នេះហាក់ពុំអ្វីមានចម្លែកឡើយ ត្បិតថាក្នុងប្រព័ន្ធអប់រំសព្វថ្ងៃ តាំងពីកម្រិតបឋម រហូតដល់មធ្យមសិក្សា គ្រូបង្រៀននៅតាមសាលារដ្ឋ ដែលសាធារណៈជនចាត់ទុកថាជាឳពុកម្ដាយទី២ របស់សិស្សហាក់ពុំបានតម្រង់ទិសផ្នែកផ្នត់គំនិតដល់សិស្សនោះទេ ។ ផ្ទុយទៅវិញគ្រូបង្រៀនខ្លះបានបង្រៀនឱ្យឃើញថា “លុយ និងអំណាចបុណ្យសក្កិ” បានដើរតួនាទីសំខាន់ជាងយុត្តិធម៌សង្គមទៅវិញ ។ ការនេះបានជះឥទ្ធិពលមកលើការគិតរបស់យុវជនដែលបានមកបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ។
បន្ថែមពីលើនេះទៅទៀតនៅមហាវិទ្យាល័យខ្លះ សាស្ត្រាចារ្យបង្ហាត់បង្រៀនច្បាប់មួយចំនួន ហាក់ពុំមានឆន្ទៈបណ្ដុះ “មនសិកាជាតិ” ឱ្យបានទូលំទូលាយដល់និស្សិតនោះទេ តែសាស្ត្រចារ្យទាំងនោះបានបង្រៀននិស្សិតរបស់ខ្លួនឱ្យចេះរបៀបក្នុងការយកចិត្តយកថ្លើម អ្នកមានអំណាច ឬការចេះប្រើប្រាស់លុយកាក់ដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋជាដើម ការណ៍នេះជាដើមហេតុធ្វើឱ្យយុវជនខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងប្រយោជន៍ជាតិ និងយុត្តិធម៌សង្គម។
លទ្ធផលកំពុងស្ដែងចេញបណ្ដើរៗ ដោយគេអាចសង្កេតឃើញ និស្សិតច្បាប់ ឬអ្នកអនុវត្តច្បាប់ក្នុងពេលបច្ចុប្បន្នមានដូចជា៖ មេធាវី ចៅក្រម ព្រះរាជអាជ្ញា ឬអ្នកប្រកបរបរក្នុងវិជ្ជាជីវច្បាប់ជាដើម គឺពួកគេទាំងនោះមិនហ៊ានបញ្ចេញមតិទស្សនៈ ឬកាត់ក្ដីដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ពិតប្រាកដ ពាក់ព័ន្ធនឹងដំណើរការនៃប្រព័ន្ធច្បាប់ក្នុងសង្គមនោះទេ ។ បើភាគីខាងណាមានអំណាច ឬផ្ដល់លុយកាក់ដល់ពួកគេច្រើនជាង នោះភាគីនោះនឹងឈ្នះក្ដី ។
និស្សិតច្បាប់ខ្លះដែលបានក្លាយខ្លួនមន្ត្រីនរាជការសាធារណៈផ្ដើមប្រព្រឹត្តអំពើពុករលួយ ក្រោយពេលដែលពួកគេទាំងនោះបានប្រើទឹកលុយឈានជើងចូលមកកាន់តំណែងដែលពួកគេប្រាថ្នាបានសម្រេច ។ ដើម្បីទូទាត់នូវអ្វីដែលពួកគេបានចំណាយ គេត្រូវតែបង្កើនចំណូលពីមុខតំណែងទាំងនោះជាដាច់ខាត ។
មានអ្នកច្បាប់ខ្លះបានមើលឃើញពីភាពមិនប្រក្រតីដែលកើតចេញពីសកម្មភាពរបស់អ្នកនយោបាយ ឬក៏កើតឡើងក្នុងប្រព័ន្ធតុលាការ និងក្នុងបណ្ដាស្ថាប័នក្រសួងរបស់រដ្ឋដែរ តែពួកគេទាំងនោះមិនហ៊ានបញ្ជេញទស្សនសម្ដីនិយាយអ្វីដែលបានឃើញនោះទេ ព្រោះតែមិនទុកចិត្តទៅលើប្រព័ន្ធយុត្តិមធ៌របស់ខ្លួន បើហ៊ានតែធ្លោយមាត់អាចនឹងត្រូវប្ដូរពីបន្ទប់ទៅជាគុកផងក៏មិនដឹង ។
ទោះបីជាដីសុបិនរបស់និស្សិតច្បាប់នៅកម្ពុជាមួយចំនួនបានប្រែធាតុក្ដី តែសុបិនរបស់និស្សិតច្បាប់នៅឯបរទេសឯណោះវិញពុំបានទោទន់ប្រែធាតុនោះទេ ។ គេមានព្រឹត្តិការណ៍ជាក់ស្ដែងជាឧទ្ធហរណ៍ កាលពីខែ មិថុនា ឆ្នាំ២០១៩ ក្រោយរដ្ឋាភិបាលនៃកោះហុងកុងបានធ្វើសេចក្ដីព្រាងច្បាប់បត្យាប័នជនសង្ស័យទៅចិនដីគោក ក្រុមមេធាវី និងអ្នកច្បាប់ជាច្រើនបានចាប់ផ្ដើមចុះថ្នល់ធ្វើកូដកម្មមុនគេ ដើម្បីប្រឆាំងនឹងច្បាប់នេះ។
ការធ្វើដូច្នេះ ក៏ព្រោះក្រុមអ្នកច្បាប់ទាំងនោះយល់ថា រដ្ឋាភិបាលធ្វើច្បាប់នេះឡើង គឺផ្ដល់ភាពអយុត្តិធម៌ដល់ពលរដ្ឋហុងកុង និងមានតែវិធីចុះថ្នល់ធ្វើបាតុកម្មទេ ទើបអាចការពារសង្គមរបស់ពួកគេបាន។ ក្រោយមកការតវ៉ាប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន បានរាលដាលធំឡើងៗ ក្លាយបាតុកម្មដោយមានមនុស្សរាប់លាននាក់ចូលរួម។
នៅទីបំផុតទៅរដ្ឋាភិបាលហុងកុងក៏ព្រមតាមការទាមទាររបស់ក្រុមបាតុករដោយយល់ព្រមលុបចោលគម្រោងធ្វើច្បាប់បត្យាប័នចេញពីរដ្ឋសភា ។ រដ្ឋាភិបាលហុងកុងបានចុះចាញ់ក្រុមបាតុករដែលភាគច្រើនជាយុវជន ដោយដំបូងឡើយកើតចេញពីក្រុមអ្នកច្បាប់មួយក្រុមតូចសោះ ។
គេមើលឃើញថាសុបិនពិតប្រាកដរបស់និស្សិតច្បាប់ហុងកុង គឺចង់ឃើញសង្គមមានការរីកចម្រើន តាមរយៈការធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងចង់ឃើញសង្គមមានយុត្តិធម៌ពិតប្រាកដប្រកបដោយនីតិរដ្ឋ ។
នៅទីបំផុតទៅរដ្ឋាភិបាលហុងកុងក៏ព្រមតាមការទាមទាររបស់ក្រុមបាតុករដោយយល់ព្រមលុបចោលគម្រោងធ្វើច្បាប់បត្យាប័នចេញពីរដ្ឋសភា ។ រដ្ឋាភិបាលហុងកុងបានចុះចាញ់ក្រុមបាតុករដែលភាគច្រើនជាយុវជន ដោយដំបូងឡើយកើតចេញពីក្រុមអ្នកច្បាប់មួយក្រុមតូចសោះ ។
គេមើលឃើញថាសុបិនពិតប្រាកដរបស់និស្សិតច្បាប់ហុងកុង គឺចង់ឃើញសង្គមមានការរីកចម្រើន តាមរយៈការធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងចង់ឃើញសង្គមមានយុត្តិធម៌ពិតប្រាកដប្រកបដោយនីតិរដ្ឋ ។
ជារួមគេអាចឆ្លុះបញ្ចាំងបានថា និស្សិតច្បាប់ក៏ដូច អ្នកប្រកបវិជ្ជាវច្បាប់ គឺពិតជាមានឥទ្ធិពលខ្លាំងទៅលើសង្គម ព្រោះសង្គមពុំអាចខ្វះបាននូវអ្នកច្បាប់នោះទេ បើកាលណាអ្នកច្បាប់មានក្ដីសុបិនខុស ពុំស្របនឹង “មនសិការ” នោះសង្គមនឹងរងគ្រោះតជំនាន់មិនខាន ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment