របៀបការពារចិត្តខ្លួនឯងរស់នៅដោយរីករាយ
បើយើងការពារចិត្តខ្លួនឯងបាន យើងនឹងរស់នៅដោយមានសន្តិភាពផ្លូវចិត្តហើយសប្បាយរីករាយក្នុងជីវិត។ ខាងក្រោមនេះវិធីសាស្រ្តមួយចំនួនដើម្បីការពារចិត្តរបស់យើង៖
១).ត្រូវប្រុងប្រយ័ត្នជាមួយភ្នែករបស់យើង ឬអ្វីដែលយើងឃើញ
សឹងតែគ្រប់សេចក្ដីល្បួងទាំងអស់កើតឡើងតាមរយៈភ្នែក។ នៅពេលដែលយើងឃើញថាអ្វីមួយស្អាត គួរអោយស្រលាញ់ វាអន្ទោងចិត្តរបស់យើងដើម្បីដេញចាប់វា ប៉ុន្តែនៅពេលដែលយើងចាប់បានវា ពេលខ្លះវាគ្រាន់តែជារបស់ឥតប្រយោជន៍មួយតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវការពារចិត្តរបស់យើង កុំបណ្ដោយតាមភាពលោភលន់ ឬភាពភ័យខ្លាចដឹកនាំយើងឡើយ។
២).ត្រូវប្រុងប្រយ័ត្ននឹងអ្វីដែលអ្នកកំពុងតែគិតជាពិសេសនៅពេលនៅម្នាក់ឯង
នៅពេលយើងនៅម្នាក់ឯង ហើយយកពេលសញ្ចឹងគិតគឺរឿងមួយដ៏ល្អបំផុតដើម្បីខ្លួនយើង ប៉ុន្តែបើយើងមិនប្រយ័ត្ន វានឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងមកដល់ជីវិតរបស់យើង ជាពិសេសនៅពេលដែលការគិតរបស់យើងរុំព័ទ្ធដោយគំនិតអវិជ្ជមាន។ នៅពេលដែលយើងគិតម្នាក់ឯង ព្យាយាមជៀសចេញនូវគំនិតទាំងអស់នេះ ព្រោះអាចធ្វើអោយចិត្តរបស់អ្នកតូច ហើយមិនហ៊ាន ឬមិនព្រមធ្វើអ្វីដែលត្រឹមត្រូវមួយ ហើយការអាក្រក់ផ្សេងៗអាចកើតឡើងចេញពីលទ្ធផលនៃគំនិតដែលយើងគិតនោះ។
៣). ត្រូវអាន ហើយសិក្សាអំពីប្រាជ្ញា
ការអានជួយយើង ដោយផ្ដល់នូវគំនិតនឹងប្រាជ្ញាដល់ខួរក្បាលរបស់យើង ដើម្បីគ្រប់គ្រងចិត្ត។ នៅពេលដែលការគិត ឬប្រាជ្ញាយើងខ្សោយ យើងប្រើចិត្តរបស់យើងសម្រេចចិត្តជាងប្រើប្រាស់ខួរក្បាលរបស់យើងដើម្បីវិនិច្ឆ័យ។ ការអាន និងសិក្សាអំពីប្រាជ្ញាជួយអោយយើងយល់អំពីខ្លួនឯងប្រសើរជាងមុន ហើយនៅពេលដែលយើងយល់អំពីខ្លួនឯងប្រសើរជាងមុន ធ្វើអោយយើងងាយស្រួលគ្រប់គ្រងខ្លួនបានច្រើនជាងមុន។
៤).ត្រូវប្រយ័ត្នជាមួយអ្វីដែលអ្នកមើលងាយ ឬអ្វីដែលចាត់ទុកថាតូចតាច មិនសំខាន់
មនុស្សខ្លះមើលងាយអ្វីដែលតូចតាច ឬអ្វីដែលខ្លួនចាត់ទុកថាមិនសំខាន់ ប៉ុន្តែចុងក្រោយការថប់បារម្ភកើតឡើង បន្ទាប់ពីរឿងតូចៗបូកបញ្ជូលគ្នាច្រើនទៅៗ។ យើងត្រូវរៀនដោះស្រាយបញ្ហាតូចៗ ដើម្បីកុំអោយបញ្ហាតូចៗទាំងនេះ ជះឥទ្ធិពលដល់ចិត្តរបស់យើងនាពេលអនាគត។
៥).ត្រូវប្រុងប្រយ័ត្នជាមួយអ្វីដែលអ្នកនិយាយចេញមក
នៅក្នុងសុភាសិត ១៨:២១ បាននិយាយថា ស្លាប់ ឬរស់ព្រោះសម្ដី អ្នកណាដែលចូលចិត្តនិយាយ អ្នកនោះតែទទួលផលពីពាក្យសម្ដីរបស់ខ្លួន។ ដូច្នេះហើយបានជាយើងត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់ចិត្តជាខ្លាំងនៅថ្ងៃអនាគត។
"នៅពេលដែលអ្នកកំពុងនិយាយអ្នកគឺជាម្ចាស់សំដី តែនៅពេលអ្នកឈប់សម្ដីទាំងនោះនឹងក្លាយជាម្ចាស់របស់អ្នកវិញ" ។
៦).កុំចំណាយពេលជាមួយសត្រូវនៃដួងចិត្តរបស់អ្នក
សត្រូវនៃដួងចិត្តរបស់យើង អាចជាពាក្យសម្ដីរបស់មារ ឬគំនិតអវិជ្ជមានផ្សេងៗដែលនាំអោយចិត្តរបស់យើងថប់បារម្ភ ហើយភ័យខ្លាច។ យើងត្រូវប្រុងប្រយ័ត្នជាមួយបរិស្ថានដែលយើងរស់នៅ ឬមនុស្សដែលនៅជុំវិញយើង ព្រោះពួកគាត់ចូលរួមមួយផ្នែកក្នុងផ្លូវចិត្តរបស់យើង។
៧). កុំថប់បារម្ភច្រើនពេក ពេលខ្លះត្រូវរៀនសម្រាក
បញ្ហាក្នុងជីវិតមនុស្សមិនចេះចប់ មិនចេះហើយនោះទេ រហូតដល់យើងស្លាប់។ ខ្ញុំនិយាយដូច្នេះមិនមែនអោយលោកអ្នកបងប្អូនក្លាយជាមនុស្សលែងមានទំនួលខុសត្រូវ ហើយឈប់ដោះស្រាយបញ្ហានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែលើកឡើងនៅសេចក្ដីពិតដើម្បីអោយលោកអ្នកបងប្អូនរៀនសម្រាក ហើយកុំថប់បារម្ភខ្លាំងពេក។ ពេលខ្លះយើងត្រូវរៀនសប្បាយ ដើរលេង ទោះបីជាជីវិតកំពុងមានបញ្ហាក៏ដោយ ព្រោះថាបញ្ហាជីវិតមិនចេះអស់នោះទេ រហូតចាស់ សក់ស្កូវក៏នៅតែមានរឿងដែលយើងពិបាកចិត្តដែរ។
៨).ត្រូវចេះលុតដុំខ្លួន
បើយើងមិនលុតដុំខ្លួនយើងទេ យើងនឹងពិតជាពិបាកក្នុងការគ្រប់គ្រងចិត្តគំនិត ព្រោះចិត្តរបស់យើងត្រូវការអ្នកការពារ ហើយអ្នកការពារដ៏ពូកែ ខ្លាំង ឬជាមេទ័ពដ៏ពូកែក្លាហានដែលត្រូវបានលុតដុំ បណ្ដុះបណ្ដាលអស់រយៈពេលជាច្រើនឆ្នាំ។ យើងត្រូវលុតដុំខ្លួន ដូចជានៅអោយឆ្ងាយអំពីអ្វីដែលធ្វើអោយអ្នកថប់បារម្ភ លុតដុំខ្លួនអោយអានសៀវភៅ ឬធ្វើអ្វីផ្សេងៗ…ដែលមានតម្លៃសម្រាប់ដួងចិត្តរបស់អ្នក។
៩).ស្វែងរកមនុស្សដើម្បីជួយអ្នក ប្រឹក្សាយោបល់ដល់អ្នក ហើយកុំព្យាយាមដោះស្រាយបញ្ហាតែម្នាក់ឯង។
១០).ស្វែងរកសន្តិភាព និងអ្វីដែលល្អដាក់ខ្លួនថ្ងៃនេះ
ដួងចិត្តរបស់យើងងាយនឹងប៉ះទង្គិចនឹងអ្វីៗដែលមិនល្អជាច្រើន។ ដូច្នេះដើម្បីប៉ះប៉ូវដួងចិត្តរបស់យើង យើងត្រូវព្យាយាមស្វែងរកអ្វីដែលវិជ្ជមាន ឬអ្វីដែលខ្លួនគិតថាល្អយកមកដាក់ខ្លួន។ ពេលខ្លះយើងក៏អានរៀនដាក់ទាន ឬធ្វើសប្បុរសធម៌ ឬជួយមនុស្សណាម្នាក់ដោយចិត្តបរិសុទ្ធដោយមិនទាមទារចង់បានអ្វីត្រលប់មកវិញ ពេលនោះវាអាចធ្វើអោយចិត្តរបស់យើងសប្បាយចិត្ត ហើយទទួលការព្យាបាលពីការប៉ះទង្គិចផ្សេងៗ។
dooolife
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment