ការពិត ទាំង ៥ នៃជីវិត ដែលជៀសមិនផុត
ការពិតទី ១៖ សេចក្ដីស្លាប់គឺមើលមិនឃើញ ហើយមិនអាចជៀសផុត
នៅពេលដែលមនុស្សចង់ចាំមិនភ្លេចថា សេចក្ដីស្លាប់ គឺមើលមិនឃើញ ហើយមិនអាចជៀសផុត មនុស្សប្រាកជាត្រៀមខ្លួន ហើយធ្វើអ្វីដែលធ្វើអោយជីវិតមានន័យ មិនខ្ជះខ្ជាយពេលវេលាទៅធ្វើអ្វីដែលគ្មានតម្លៃនោះឡើយ។ មនុស្សនឹងអោយតម្លៃសេចក្ដីស្រលាញ់ជាងប្រាក់កម្រៃ ហើយភាពស្មោះត្រង់ជាងការកុហកខ្លនឯងរាល់ថ្ងៃ។
មនុស្សដែលមិនខ្វល់អំពីសេចក្ដីស្លាប់ តែងតែភ្លេចខ្លួនដោយយកទ្រព្យទុកដូចជាព្រះ ហើយស្រលាញ់ប្រាក់ជាងស្រលាញ់គ្រួសារ ស្រលាញ់អំណាចជាងស្រលាញ់ប្រជារាស្រ្តជាមិនខាន ព្រោះគាត់គិតថាវាអាចស្ថិតស្ថេរនៅរហូត ប៉ុន្តែការពិតវានៅតែមួយរយៈប៉ុណ្ណោះ។ ដូច្នេះបានជាយើងមិនត្រូវភ្លេចអ្វីដែលសំខាន់បំផុត គឺសេចក្ដីស្រលាញ់។
ការពិតទី ២៖ មនុស្សមិនល្អឥតខ្ចោះនោះទេ
យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយការកាត់ទោស ដោយដាក់កំហុសអោយគ្នាទៅវិញទៅមក ជាជាងការលើកលែងទោស ហើយកែតម្រូវគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិត។ មនុស្សបានភ្លេចថា ខ្លួនក៏មិនល្អគ្រប់ ១០ ដែរ ប៉ុន្តែបែរជាព្យាយាមចង់តែកែប្រែអ្នកដទៃ ភ្លេចផ្លាស់ប្រែខ្លួនឯង។
យើងលើកទឹកចិត្តគ្នា ជំរុញគ្នាដើម្បីអោយមានការរីកចម្រើនជាមួយគ្នា ប៉ុន្តែអ្វីដែលយើងត្រូវដឹងនោះគឺ នៅក្នុងពេលដែលមនុស្សកំពុងរីកចម្រើន មនុស្សមិនអាចជៀសផុតពីការធ្វើកំហុសនោះទេ ទាស់តែកំហុសខ្លះតូច ខ្លះធំ។ អ្នកអាចសួរខ្លួនឯងមើលទៅថា ខ្លួនធ្លាប់ធ្វើខុសដែរឬទេ? ធ្លាប់ប្រព្រឹត្តអំពើបាបដែរឬទេ? ដូច្នេះយើងត្រូវអត់ទោសអោយគ្នា ហើយកែប្រែគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិតវិញ។
ការពិតទី ៣៖ មនុស្ស និងអ្វីដែលអ្នកស្រលាញ់ មិននៅស្ថិតស្ថេររហូតនោះទេ
យើងមិនហ៊ានគិតនោះទេ នៅពេលដែលមនុស្សដែលយើងស្រលាញ់ជាងគេត្រូវស្លាប់ ឬអ្វីដែលយើងស្រលាញ់ត្រូវបាត់បង់ ព្រោះគ្រាន់តែគិតក៏មានអារម្មណ៍ថាឈឺចាប់ទៅហើយ ប៉ុន្តែយើងត្រូវតែដឹងគ្មានអ្វីដែលនៅលើលោកីយ៍ដែលនៅស្ថិតស្ថេរនោះទេ។ ដូច្នេះយើងត្រូវត្រៀមខ្លួន ហើយបើចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់អោយបានច្រើន។
ការពិតទី ៤៖ អ្នកមិនអាចផ្គាប់ចិត្តមនុស្សបានទេ
គ្មានមនុស្សណាអាចផ្គាប់ចិត្តយើងបាន១០០% ហើយយើងក៏មិនអាចផ្គាប់ចិត្តមនុស្សបាន ១០០%នោះដែរ។ យើងគ្រាន់តែអាចជួយគាំទ្រគ្នា សហការគ្នា រួបរួមគ្នា ប៉ុន្តែនៅតែមានកន្លែងខ្លះដែលយើងមិនត្រូវភ្លេចថា យើងមិនអាចផ្គាប់ចិត្តគ្នារហូតនោះទេ ពេលខ្លះយើងខ្វែងគំនិតគ្នា។ ដូច្នេះហើយបានជាយើងមិនត្រូវប្រកាន់តែគំនិតខ្លួនឯង ហើយក៏មិនត្រូវរង់ចាំស្ដាប់តាមតែគេដែរ ។ យើងត្រូវគិតពិចារណា ហើយក៏ត្រូវយល់ពីគ្នាទៅវិញទៅមកផងដែរ។
ការពិតទី ៥៖ យើងសាបព្រោះពូជណា យើងច្រូតផលបានពូជនោះ
មនុស្សតែងតែភ្លេចខ្លួនដោយធ្វើអ្វីដោយមិនបានគិតពិចារណាច្បាស់លាស់ ដោយភ្លេចថា អ្វីដែលខ្លួនធ្វើ នឹងជះឥទ្ធិពលដល់លទ្ធផលដែលត្រូវទទួលបាន។ មនុស្សល្អតែងប្រព្រឹត្តល្អព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញតែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
កុំភ្លេចថា យ៉ាងសាបព្រោះគ្រាប់ពូជណា យើងនឹងច្រូតបានផលតាមពូជនោះ។ ដូច្នេះយើងត្រូវប្រយ័ត្នជាមួយពូជដែលយើងសាបព្រោះ។ យើងត្រូវប្រុងប្រយ័ត្នពីរបៀបដែលយើងបង្រៀនកូន ប្រុងប្រយ័ត្នពីរបៀបដែលយើងធ្វើអ្វីមួយមិនគាប់បី ហើយរក្សាភាពស្មោះត្រង់ជានិច្ច ព្រោះវាជាលទ្ធផលដែលយើងនឹងទទួលបានមកវិញ។
dooolife
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment