ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

កំហុសទាំង ៦ ដែលគួរតែជៀសវាងក្នុងកន្លែងការងារ

No comments

កំហុសទី១៖ បញ្ចេញពន្លឺខ្លាំងពេក
បើអ្នកជាផ្កាយ កុំភ្លឺខ្លាំងជាងព្រះអាទិត្យ អ្នកគួរតែបាំងពន្លឺរបស់ខ្លួនហើយចុះចូលទៅនិងព្រះអាទិត្យ។ វាមានន័យថា អ្នកមិនគួរអួតអំពីសមត្ថភាពរបស់អ្នកខ្លាំងពេកនោះទេ ក្នុងកន្លែងការងារ ហើយក៏មិនគួរសម្ដែងអោយគេឃើញថា អ្នកឆ្លាតជាងគេដែរ ព្រោះវាមិនសំខាន់លើការសម្ដែងនោះទេ ប៉ុន្តែវាសំខាន់លើលទ្ធផលការងាររបស់អ្នក។ អ្នកគួរបន្ទាបខ្លួន ព្រោះមនុស្សដែលបន្ទាបខ្លួន នឹងត្រូវបានតម្កើងឡើង។
កំហុសទី ២៖ លេសច្រើន
នៅពេលដែលអ្នកមានលេសច្រើននៅក្នុងកន្លែងការងារ វាបង្ហាញអំពីភាពទន់ខ្សោយបំផុតរបស់អ្នក ហើយបង្ហាញថាអ្នកជាមនុស្សដែលពុំបានទទួលខុសត្រូវពេញលេញនោះទេ។ នៅលើលោកនេះគ្មានមេគ្រប់គ្រងណា ស្រលាញ់ចូលចិត្តនរណាដែលធ្វើការមានលេសច្រើននោះទេ។
កំហុសទី ៣៖ និយាយដើមគ្នា
ការនិយាយដើមគ្នា ជាជាងការកែតម្រូវគ្នាដោយសេចក្ដីស្រលាញ់ និងសេចក្ដីពិត ជាការបំផ្លាញការរួបរួមគ្នាក្នុងកន្លែងការងារ។ តើអ្នកពិតជាចង់ឃើញក្រុមការងាររបស់អ្នកបាក់បែកសាមគ្គីគ្នាដែរឬទេ? បើទេ កុំនិយាយដើមគ្នា។
កំហុសទី ៤៖ ខ្លាចការលំបាក
បើយើងមិនអត់ធ្មត់ក្នុងពេលដែលយើងមានទុក្ខលំបាក យើងមិនអាចសម្រេចលទ្ធផលជាក្រុមនោះទេ។ កុំធ្វើការដើម្បីអោយបានតែលុយ ព្រោះអ្នកជាមនុស្សដែលមានតម្លៃ ជាងលុយ មានន័យថា ប្រឹងប្រែងអត់ធ្មត់ ជម្នះការលំបាកដើម្បីបានអ្វីដែលផ្ដល់តម្លៃ ហើយសំខាន់។
កំហុសទី ៥៖ ធ្វើកំហុសដដែលៗ
ត្រូវជៀសវាងអោយបានល្អបំផុត ដើម្បីកុំអោយមានកំហុសច្រំដែល ព្រោះកំហុសច្រើនដងដដែលៗ អាចធ្វើអោយក្រុមការងាររបស់អ្នកលែងទុកចិត្តអ្នកក្នុងការងារ។ បើធ្វើកំហុស ត្រូវព្យាយាមកែអោយលឿនបំផុត ហើយជៀសវាងក្នុងការធ្វើម្ដងទៀត។
កំហុសទី ៦៖ គិតពីខ្លួនឯង ជាជាងលទ្ធផលរបស់ក្រុម
នៅក្នុងកន្លែងការងារ មិនមែននិយាយអំពីអាត្មាខ្ញុំ ប៉ុន្តែនិយាយអំពីក្រុមរបស់ខ្ញុំ។ បើយើងគិតអំពីប្រយោជន៍ខ្លួនឯង ជាងប្រយោជន៍រួមក្នុងក្រុម នោះក្រុមរបស់យើងប្រាកដជាបែកបាកសាមគ្គីគ្នា ជាមិនខាន។ យើងត្រូវផ្ដោតលើគោលដៅរួម គោលបំណងរួម ហើយសម្រេចលទ្ធផលរួម។

No comments :