វិភាគសង្គ្រាមអ៊ុយក្រែន៖ តើចិនឈរនៅខាងណា អាមេរិក ឬរុស្ស៊ី?
ប៉េកាំង)៖ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានថ្កោលទោស និងកំពុងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោក ពូទីន ហៅថាជា «ប្រតិបត្តិការយោធាពិសេស»។ អាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបក៏បានអំពាវនាវឱ្យចិនថ្កោលទោស សកម្មភាពរបស់រុស្ស៊ី ដែលពួកគេចាត់ទុកថាជាទង្វើឈ្លានពានផងដែរ។ ប៉ុន្តែ ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិននៅតែប្រកាន់ជំហរមិនច្បាស់លាស់។
តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយជាបន្តបន្ទាប់ដោយក្រសួងការបរទេសចិន, ទីក្រុងប៉េកាំង មិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ តែ ក៏មិនបានថ្កោលទោសរុស្ស៊ីនោះដែរ។ ម្លោះហើយថាតើចិនកំពុងគិតអ្វី ហើយចិនឈរនៅខាងណាឱ្យប្រាកដ?
* តើលោក ពូទីន ប្រាប់លោក ស៊ី ជិនពីង ជាមុនពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ឬ?
កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីដើមខែមីនា កន្លងទៅថាចិនបានដឹង ជាមុនទៅហើយពីប្រតិបត្តិការយោធារបស់លោក ពូទីន ដោយក្រុមមន្ត្រីជាន់ខ្ពស់ចិនបានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ ឱ្យពន្យារពេលបើកការវាយប្រហារលើអ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប្រចាំទីក្រុងប៉េកាំងបិទបញ្ចប់សិន។ ប៉ុន្តែ ចិនបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។
បើគេមើលទៅលើសកម្មភាពរបស់មន្ត្រីទូតចិន ប្រចាំ UN, វាហាក់ដូចជាទីក្រុងប៉េកាំងពិតជាមិនបានដឹងជាមុនឡើយ និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឭដំណឹងថាលោក ពូទីន ប្រើកម្លាំងយោធាលើអ៊ុយក្រែន រហូតដល់មិនបានត្រៀមខ្លួនជម្លៀសពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ទៀតផង។ យ៉ាងណាក៏ដោយ អ្វីដែលគេអាចនិយាយបាន នោះគឺថាសង្រ្គាមនៅអ៊ុយក្រែន កើតមានឡើងនៅចំពេលទំនាក់ទំនងរវាងលោក ស៊ី ជិនពីង និងលោក ពូទីន កាន់តែជិតស្និទ្ធនឹងគ្នាខ្លាំងជាងពេលណាៗទាំងអស់។ ម្លោះហើយចម្លើយជាក់លាក់មួយនៃសំណួរខាងលើ ប្រហែលជាគ្មាននរណាផ្សេង អាចឆ្លើយបានឡើយក្រៅតែពីលោក ស៊ី ជិនពីង ដែលជាអ្នកមានសិទ្ធិសម្រេចរឿងគ្រប់យ៉ាង នៅក្នុងប្រទេសចិន។
* តើចិនឈរនៅខាងណាឱ្យប្រាកដ?
តាមរយៈសេចក្ដីថ្លែងការណ៍ជាច្រើនរបស់ក្រសួងការបរទេសចិន, ទីក្រុងប៉េកាំងបានបង្ហាញ «ជំហរអព្យាក្រឹត» ដិ្បតមូលដ្ឋានគ្រឹះមួយនៃនយោបាយ ការបរទេសចិន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពបូរណភាពទឹកដីនៃបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ។
តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីចិនបានអះអាងថាទំនាក់ទំនងរវាងចិន និងរុស្ស៊ី បានឈានដល់ដំណាក់កាល «គ្មានព្រំដែនកំណត់» ហើយក៏បានឆ្លៀត រិះគន់ផងដែរថាសង្រ្គាមនៅអ៊ុយក្រែន កើតឡើងដោយសារតែកំហុសរបស់សហរដ្ឋអាមេរិក និង NATO ដែលជាអ្នកយកសាំងទៅចាក់លើភ្លើងកំពុងឆេះ តាមរយៈការបង្កើនការដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនរុស្ស៊ី។ សម្រាប់ចិន, អាមេរិក និង NATO គួរតែយកចិត្តទុកដាក់ចំពោះការស្នើពីការធានា សន្តិសុខរបស់រុស្ស៊ី ហើយថាការដាក់ទណ្ឌកម្មមិនមែនជាមធ្យោបាយល្អក្នុងការដោះស្រាយជម្លោះនោះទេ ដោយភាគីពាក់ព័ន្ធគួរតែរក្សាការអត់ធ្មត់ និងត្រឡប់មករកកិច្ចសន្ទនា។
* តើចិនអាចចំណេញពីសង្រ្គាមនៅអ៊ុយក្រែន ឬទេ?
បើតាមក្រុមអ្នកជំនាញ, ចិនមិនចង់ឃើញសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងឡើយ ព្រោះថារុស្ស៊ីជាមិត្តដ៏ជិតស្និទ្ធ រីឯអ៊ុយក្រែនជាដៃគូរកស៊ីដែលបានចូលរួម ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់លោក ស៊ី ជិនពីង តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ មួយវិញទៀត ចិនក៏មិនចូលចិត្តភាពចលាចលដែរ ដ្បិត សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកលមានទំនាក់ទំនងនឹងគ្នា ហើយអ្វីដែលចិនចង់បាន នោះគឺស្ថិរភាពពាណិជ្ជកម្មសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ដូច្នេះថាតើចិនអាចចំណេញពីសង្រ្គាមនេះដែរឬទេ? បើតាមក្រុមបញ្ញ វន្ត និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, នៅក្នុងសង្រ្គាមអ៊ុយក្រែន យ៉ាងហោចណាស់វាធ្វើឱ្យ អាមេរិក និងអឺរ៉ុបជាប់ដៃជាមួយរុស្ស៊ី ជាពិសេសគឺវាអាចទាញចំណាប់អារម្មណ៍របស់អាមេរិកចេញពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឬការតាមឃ្លាំមើល សកម្មភាពរបស់ចិនក្នុងតំបន់អាស៊ី បានមួយគ្រាដែរ ហើយកាន់តែប្រសើរទៅទៀត សង្រ្គាមនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ីពឹងផ្អែកលើចិនរឹតតែខ្លាំង។
* តើចិនអាចជួយឱ្យរុស្ស៊ីឈ្នះ ឬ?
ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានការប្រុងប្រយ័ត្នបំផុត និងជាកំពូលមហាអំណាចថ្មីមួយដែលកំពុងលេចមុខមាត់នៅលើឆាកអន្តរជាតិ រហូតដល់សហរដ្ឋអាមេរិក ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួន ក្នុងស.វទី២១នេះ។ ទំនាក់ទំនងរវាងរុស្ស៊ី និងចិនបាន រីកចម្រើនធំធាត់ពីឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែ ចិននឹងមិនផ្ដល់ជំនួយយោធា ឬដំណោះស្រាយតាមមធ្យោបាយយោធាណាមួយដល់រុស្ស៊ីឡើយ។
ខណៈកំពុងជាប់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច អ្វីដែលរុស្ស៊ីអាចសង្ឃឹមបាននោះគឺមិត្តចិននេះឯង ដែលអាចជួយ បង្កើនការទិញប្រេង, ឧស្ម័ន និងថាមពលពីទីក្រុងម៉ូស្គូ។ តែទោះជាយ៉ាងនេះក្ដី, ប្រសិនបើរុស្ស៊ីគិតថាចិនអាចនឹងដើររំលងទណ្ឌកម្មលោកខាងលិចដើម្បី ខ្លួននោះ វាប្រហែលជារឿងមួយធ្វើឱ្យម៉ូស្គូខកចិត្តទៅវិញ ដោយហេតុថានៅចុងបញ្ចប់ ចិននឹងនៅតែ «ឈរនៅខាងខ្លួនឯង»។ បានន័យថាចិននឹងមិន ឈរពាំងទណ្ឌកម្មជំនួសរុស្ស៊ីទេ ហើយក៏មិនអាចឱ្យធនាគារ ឬក្រុមហ៊ុនចិនត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបដែលទីផ្សារធំបំផុតសម្រាប់ទំនិញ របស់ខ្លួនដែរ។
* តើចិននឹងធ្វើដូចម្ដេច, បើសង្រ្គាមអ៊ុយក្រែនផ្ទុះជាជម្លោះរវាង NATO និងរុស្ស៊ី?
សហរដ្ឋអាមេរិក និង NATO, មកទល់នឹងម៉ោងនេះនៅតែប្រកាន់ជំហរថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នោះទេ តែបានព្រមានថាពួកគេត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបភ្លាមៗ បើរុស្ស៊ីបង្កការគំរាមកំហែង ឬបើកការវាយប្រហារណាមួយ លើបណ្ដាប្រទេសជាសមាជិក NATO។
ជាការពិតណាស់, សង្រ្គាម ឬជម្លោះណាមួយដែលបង្កឱ្យសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបរង្គោះរង្គើរ ចង់ឬមិនចង់វាក៏ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនដែរ ពីព្រោះថាអាមេរិក និងអឺរ៉ុប គឺជាទីផ្សារដ៏ធំសម្រាប់ទំនិញចិន។ ដូច្នេះនៅក្នុងករណីដែលសង្រ្គាមអ៊ុយក្រែនផ្ទុះទៅជាជម្លោះរវាង NATO និងរុស្ស៊ី រឿងមុន គេដែលចិនអាចនឹងធ្វើ នោះគឺនៅឱ្យឆ្ងាយពីជម្លោះ ហើយឡើងទៅឈរនៅលើកំពូលភ្នំ ដើម្បីសម្លឹងរកផលប្រយោជន៍ដែលចិនអាចប្រមូលបានពីជម្លោះ រវាង NATO និងរុស្ស៊ី។
* តើទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺជាប្រព័ន្ធសម្ពន្ធមិត្ត ឬ?
ចិនបានបញ្ជាក់ច្បាស់ៗថាទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី គឺ «គ្មានព្រំដែនកំណត់» ហើយប្រទេសជាមិត្តទាំង២នេះមានប្រព័ន្ធដឹកនាំរដ្ឋដោយអំណាច ស្ថិតនៅលើមនុស្សម្នាក់ដូចគ្នា និងមានសត្រូវរួម គឺអាមេរិក និងលោកខាងលិច។ មើលពីសំបកក្រៅទំនាក់ទំនងរវាងចិន និងរុស្ស៊ី ពិតជាស្អិតល្មួតនឹងគ្នា ពិតមែន ប៉ុន្តែពួកគេមិនចង់បានប្រព័ន្ធសម្ពន្ធមិត្តឡើយ។ តើមកពីហេតុអ្វី? ហេតុផលគឺនៅត្រង់ថាប្រព័ន្ធសម្ពន្ធមិត្ត គឺត្រូវបានចងភ្ជាប់ដោយពាក្យសន្យា។ មានន័យថា នៅពេលដែលនរណាម្នាក់ វាយប្រហារលើសម្ពន្ធមិត្តរបស់អ្នក អ្នកត្រូវតែចេញមុខការពារ និងលូកដៃចូលជួយពួកគេ។
សម្រាប់ចិន, សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនអាចបង្ហាញយ៉ាងច្បាស់ថាចិនគិតត្រូវ ព្រោះថាបើទំនាក់ទំនងរវាងចិន និងរុស្ស៊ីសព្វថៃជាសម្ពន្ធមិត្ត ម្ល៉េះចិនត្រូវចេញមុខការពារ ឬចូលរួមក្នុងសង្រ្គាមជាមួយរុស្ស៊ីបាត់ទៅហើយ។ ការមិនចូលបក្សសម្ពន្ធ គឺជានយោបាយមួយរបស់ចិនជាយូរមកហើយ ដោយក្រុមបញ្ញវន្តចិនយល់ស្របដូចគ្នាថានៅក្រៅបក្សសម្ពន្ធ ធ្វើឱ្យចិនមានសេរីភាពក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment