ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

យុទ្ធសាស្ត្រប្រមើលស្ថានការសឹក អនុវត្តន៍បានទាំងអាជីវកម្ម និងនយោបាយ

No comments








តម្រាពិជ័យសង្គ្រាមស៊ុនជឺ គឺជាក្បួនយុទ្ធសាស្ត្រសង្គ្រាមចំណាស់មួយ ត្រូវបានបណ្ដាអ្នកនយោបាយ វិនិយោគិន ទទួលស្គាល់ព្រមទាំងយកទ្រឹស្ដីទាំងនោះ មកអនុវត្តន៍ប្រើប្រាស់ ​ប្រកបដោយជោគជ័យជាច្រើនដំណាក់កាលមកហើយ។ គម្ពីនេះត្រូវបានចងក្រងជាបន្ទះឬស្សី ដោយអ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ស៊ុនជឺ កើតឆ្នាំ ៥៥១-៤៩៧ មុន គ.ស សម័យខុងជឺនៅមានជីវិតរស់។ ផ្អែកតាមឯកសាររបស់លោក គឹម ចាន់ណា ដែលប្រែសម្រួលជាភាសារខ្មែរ។

ស៊ុនជឺ ពោលថា៖

ការធ្វើសឹកសង្គ្រាម គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសជាតិ ជារឿងស្លាប់រស់ អាចធ្វើឲ្យប្រទេសគង់វង្ស ឬរលាយ ដែលគេចាំបាច់ត្រូវយកមកពិគ្រោះពិចារណាឲ្យបានល្អិតល្អត់បំផុត។ ងាកមកអាជីវកម្មវិញ ការប្រើយុទ្ធសាស្ត្រដណ្ដើមយកទីផ្សារប្រកួតប្រជែង ផ្ដួលគូប្រកួត គឺជារឿងធ្វើឲ្យក្រុមហ៊ុន រីកចម្រើនមានឈ្មោះបោះសំឡេង តែក៏អាចធ្វើឲ្យក្រុមហ៊ុននោះធ្លាក់ខ្លួនបរាជ័យក្ស័យធនបានដែរ ព្រោះតែការប្រកួតជ្រុលហួសហេតុ លែងគិតពីផលប្រយោជន៍ធ្វើយ៉ាងណាឲ្យតែភាគីម្ខាងដួល។

ហេតុនេះហើយ គេត្រូវពិចារណាទៅលើគោលការណ៍គ្រឹះទាំង ៥ប្រការមានជាអាទិ៍៖

ប្រការ១៖ គុណធម៌ មានន័យថា ត្រូវតាំងខ្លួនឲ្យមានភាពជាអ្នកដឹកនាំ សមហេតុសមផល ទើបអាចធ្វើអ្នកក្រោមបង្គាប់ រួមចិត្តរួមគំនិតដើរតាមមាគ៌ា មិនរួញរាចំពោះឧបសគ្គបាន។

ប្រការ២៖ អាកាស មានន័យថា ធ្វើអ្វីត្រូវពឹងផ្អែកទៅលើការប្រែប្រួលរបស់ពេលវេលា យប់ឬថ្ងៃ ភាពក្ដៅ ឬរងា ថាតើពេលណាគួរវាយលុក ពេលណាមិនគួរវាយលុក។

ប្រការ៣៖ ភូមិសាស្ត្រ មានន័យថាទីតាំង ខ្ពស់ ឬទាប ជិតឬឆ្ងាយ តូចចង្អៀត ឬធំទូលាយ សម្បូណ៍ដោយគ្រោះថ្នាក់ឬមានសុវត្ថិភាព។

ប្រការ៤៖ មេទ័ព គឺជាបុគ្គលដឹកនាំដែលប្រកបដោយបញ្ញាញាណ មានសច្ចធម៌ ក្លាហាន និងភាពម៉ឹងម៉ាត់។ បើងាកមកអាជីវកម្មគឺសំដៅដល់ បុគ្គលដែលមានសិទ្ធិក្ដោបក្ដាប់នូវបទបញ្ជាទូទៅបន្ទាប់ពីថ្នាក់លើបំផុត ដោយបុគ្គលម្នាក់នេះត្រូវតែមានស្មារតីល្អ មោះមុត និយាយហើយគឺធ្វើ។

ប្រការ៥៖ ច្បាប់វិន័យ គឺជារបៀបចាត់ចែងកម្លាំងទ័ព ចាត់ចែងមុខតំណែង វិន័យទ័ព និងការចំណាយ។ ចំពោះអាជីវកម្ម គឺជាកម្រិតបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ដោយកំណត់អំពីរបៀបដែលបុគ្គលិកត្រូវធ្វើការ ចាត់ចែងមុខតំណែងទៅតាមសមត្ថភាព ចំណែកឯការចំណាយគឺត្រូវប្រើដោយពេលចាំបាច់ និងមានខ្ទង់ច្បាស់លាស់។

ដោយហេតុនេះ គេត្រូវប្រៀបធៀបប្រការទាំង៥ ដើម្បីរកឲ្យឃើញថា៖

តើភាគីណា មានអ្នកដឹកនាំប្រកបដោយគុណធម៌ដែលអាចធ្វើឲ្យគេរួមចិត្ត រួមគំនិតជួយដោយស្មោះអស់ពីចិត្ត?

តើពេលវេលានេះនឹងអំណោយផលដល់ភាគីណាមានអាទិភាពជាង ដើម្បីវាយលុក?

តើទីតាំង ឬភូមិសាស្ត្រតំបន់នេះនឹងឲ្យយើងវាយលុកភាគីម្ខាងទៀតបានដែរឬទេ?

តើមេទ័ព ឬនាយកប្រតិបត្តិរបស់ភាគីណាមានសមត្ថភាពជាង ក្នុងការគ្រប់គ្រងទ័ព ឬបុគ្គលិកបានល្អជាង?

តើកងទ័ព ឬបុគ្គលិក របស់ភាគីណាគោរពបទវិន័យបានល្អជាង?

ក្រោយប្រៀបធៀបកម្លាំងទាំងសងខាងបានហើយ ជំហានបន្ត គេត្រូវបង្កើតស្ថានការណ៍ផ្សេងៗ ដោយមិនអាចអនុវត្តវិធីទាំងនេះងាប់ក្រឡាបានឡើយ បើដល់កាលៈទេសៈត្រូវបត់បែន ត្រូវតែបត់បែនធ្វើយ៉ាងណា ឲ្យតែមានប្រយោជន៍។

យុទ្ធសាស្ត្រសង្គ្រាមនេះ គឺជាវិធីឧបាយកល ហេតុនេះទោះជាអាចវាយឈ្នះ គេត្រូវសម្ដែងថាវាយមិនឈ្នះ បើមានបំណងវាយលុក ត្រូវសម្ដែងថាខ្លួនគ្មានបំណងវាយលុក ជិតដល់ពេលវាយ ត្រូវសម្ដែងថាមិនទាន់ដល់ពេល។

ត្រូវបោកបន្លំសត្រូវ ក្នុងពេលកំពុងចលាចល ត្រូវវាយសង្គ្រុប។ ពេលសត្រូវកំពុងខ្លាំងចូលត្រៀមកម្លាំង និងពង្រឹងអំណាចខ្លួនឯង។ ពេលខ្មាំងកំពុងស្រែកហ៊ោរ ត្រូវគេចចេញសិន។ ពេលសត្រូវកំពុងខឹង ត្រូវពន្យុះឲ្យវិលក្បុង។ បើសត្រូវមានអំណួតត្រូវដាក់ខ្លួនឲ្យទាប ទុកឲ្យគេក្អេងក្អាង។ បើសត្រូវមានសាមគ្គី ត្រូវបំបែកបំបាក់។ ពេលខ្មាំងសម្រាក ត្រូវរំខាន ពេលគេភ្លេចខ្លួនត្រូវវាយប្រហារ នៅកន្លែងដែលគេមិននឹកស្មានដល់។

ល្បិចទាំងនេះត្រូវតែលាក់ការណ៍សម្ងាត់ទើបមានប្រសិទ្ធិភាព។​ បើមិនចាំបាច់កុំប្រយុទ្ធ ហើយបើសិនឈ្នះដោយមិនចាំបាច់ប្រយុទ្ធ នោះគឺជាការល្អបំផុតហើយ។

ស៊ុនជឺ បានឲ្យយើងប្រមើលពីស្ថានការណ៍ការសំខាន់ៗ មុននឹងបើកឆាកធ្វើសង្គ្រាម មិនថាទាំងស្ថានការណ៍នយោបាយ ឬអាជីវកម្មនោះទេ។ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ពីភាគីសង្គ្រាម ឬភាគីនៃគូប្រជែង និងកំណត់ផែនការ បែបពិចារណាប្រៀបធៀប ដើម្បីដឹងពីចំណុចខ្លាំង ឬខ្សោយ កត្តាដែលអាចចាញ់ ឬកត្តាដែលអាចនាំឲ្យឈ្នះ ដោយយកប្រការទាំង ៥មកពិនិត្យ។ ស៊ុនជឺបានពោលថា «ស្គាល់ពីខ្លួនឯង ស្គាល់ពីសត្រូវ ច្បាំង១០០ដង ឈ្នះទាំង ១០០ដង»។

គុណធម៌ គឺជាអ្វីដែលស៊ុនជឺ លើកមកប្រៀបធៀបមុនគេក្នុងបណ្ដាប្រការទាំង ៥។ ដោយឆ្លុះបញ្ចាំងឲ្យឃើញថាក្រុមអ្នកនយោបាយ ឬមេដឹកនាំក្នុងអាជីវកម្មដែលអាចមានជ័យជំនះក្នុងសមរភូមិបាន គឺត្រូវតែធ្វើ​​​​កំណែទម្រង់ដើម្បីឲ្យឲ្យ គេគោរពស្រលាញ់ គឺរាប់ទាំងជនទូទៅ ត្រូវតែធ្វើយ៉ាងណាឲ្យបុគ្គលិករបស់ខ្លួនចេះ គោរពគ្នា មានគំនិតចុះសម្រុងជាមួយថ្នាក់ដឹកនាំ នោះទើបគេអាចបោះជំហានទៅមុខរកភាពរីកចម្រើនឃើញ៕​

No comments :