រឿងបាក់បែកបន្ទាយលង្វែក ដោយសារប្រាក់ដួង- ភាគ ២
តើរឿងបាក់បែកបន្ទាយលង្វែក
ដោយសារតែប្រជាជនកាប់ឆ្ការព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ឬយ៉ាងណា?
(ដោយ៖ បណ្ឌិត ចិន្ត ច័ន្ទរតនា)
ដោយសារមានចម្ងល់ខ្លាំងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរនៅចុងស.វទី១៦ ដែលបានសរសេរថា ការបែកបាក់បន្ទាយលង្វែក (នៅក្នុងឆ្នាំ១៥៩៤) គឺដោយសារតែទ័ពសៀមបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីដែលជាកំពែងការពារដ៏រឹងមាំនោះ ខ្ញុំបានយកសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ មកផ្ទៀងផ្ទាត់។ ចាប់ពីទំព័រទី១៣៩ ដល់ ១៥៤ គេបានសរសេរអំពីចម្បាំងរបស់ព្រះចៅ នរេន្ទ្រសូរ (King Naresuan) បានធ្វើសង្គ្រាមជាមួយនឹងក្រុងកម្ពុជាធិបតី ក្រោយពីបានវាយបកទៅលើព្រះចៅនៃរាជវង្សតុងអ៊ូ (Tongoo) នៅរាជធានីហង្សាវតីរួចមក។
នៅក្នុងសង្គ្រាមជាមួយខ្មែរលើកនេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាងស្លាប់ជាច្រើនម៉ឺននាក់។ ព្រះរាជពង្សាវតាអយុធ្យា ក៏បានរៀបរាប់អំពីវីរៈភាពរបស់កងទ័ពខ្មែរដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្តពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀមជាដាច់ខាត់។ តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើអោយបន្ទាយការពារតាមតំបន់នីមួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះជាឈ្លើយសឹកទៀតផង។
លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេចនរេន្ទ្រសូរ បានចេញព្រះរាជបញ្ជាអោយកងទ័ពគ្រប់ផ្នែកទាំងអស់ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរថា៖
".....ព្រះចៅនរេន្ទ្រសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។....ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។...រីឯកងទ័ពស្រួចដ៏ក្លាហាន(សៀម) ក៏បានឈរនៅលើខ្នងដំរីនៅពីក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ Praya Maha Yotha។ Praya Maha Yotha, Praya Si Ratcha Decho, Praya Thai Nam និង Praya Ratcha Manu បានបញ្ជាដំរីរបស់ពួកគេសំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារនៅតាមច្រកទ្វារនីមួយៗបានបាញ់ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀមស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ Praya Maha Yotha នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វាររបស់រាជធានីអោយទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរទៅថ្វាយស្តេចសៀម។..."
ត្រង់ចំណុចនៃការរៀបរាប់អំពីចម្បាំងនេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួងចូលក្នុងគុម្ពឬស្សីឡើត។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯងជាអ្នកកាប់ឆ្ការព្រៃឬស្សីទាំងនោះ ទើបធ្វើអោយទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន?
សូមបញ្ជាក់ផងដែរថា បើយោងតាមឯកសារព្រះរាជពង្សាវតាខ្មែរគ្រប់ច្បាប់ទាំងអស់ ព្រះបាទសត្ថា(ទី១) បានយាងចេញទៅគង់នៅជើងព្រៃ រួចបន្តដំណើរទៅស្ទឹងត្រែង និងធ្វើដំណើរទៅគង់នៅវៀងច័ន្ទ រហូតសោយទីវង្គត់នៅទីនោះ។ អ្នកដែលសៀមចាប់យកទៅនោះគឺ ព្រះស្រីសុរិយោពណ៌ ដែលជាព្រះអនុជរបស់ព្រះរាជា ហើយដែលនៅចាំការពារបន្ទាយចុងក្រោយរហូតដល់សៀមវាយបែករាជធានី។ ប្រជាជនខ្មែរប្រមាណជាង១០ម៉ឺននាក់ (ឯកសារខ្លះថា ៤ម៉ឺនគ្រួសារ ខ្លះថា៨ម៉ឺនគ្រួសារ…) មានទាំងព្រះញាតិវង្សានុវង្ស មន្ត្រី មេទ័ព អ្នកចេះដឹង សិល្បករ តន្ត្រីករ និងប្រជាជនទាំងក្មេងទាំងចាស់ ត្រូវបានសៀមគៀរយកអៅស្រុកសៀមទាំងអស់។ សៀមបានដុតក្រុងលង្វែកទាំងមូល និងបានប្រមូលទ្រព្យសម្បត្តិ គម្ពីរ ក្បួនច្បាប់… ដែលធ្វើអោយខ្មែរបាត់បង់ខ្លាំងជាងពេលណាៗទាំងអស់។
(By Dr. Chen Chanratana / 17-05-2016 - reposted on Sep. 13, 2022)
No comments :
Post a Comment