អ្នកវិភាគ៖ កម្ពុជានៅតែអាចលុបសន្ធិសញ្ញាចុះជាមួយវៀតណាមបាន
គេនៅចាំបានថា បន្ទាប់ពីបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ ១៩៧៩ រួចមក កងទ័ពកុម្មុយនីស្តវៀតណាម នៅតែបន្តតាំងទីក្នុងទឹកដីកម្ពុជា មិនបានដកទៅវិញឡើយ។ ផ្អែកតាមឯកសារ «គណៈកម្មាធិកាព្រំដែនកម្ពុជានៅប្រទេសបារាំងឆ្នាំ ២០០០» បានបញ្ជាក់ថា ក្នុងកំឡុងពេលតាំងទីត្រួតត្រារបស់វៀតណាមមកលើកម្ពុជានេះ មានសន្ធិសញ្ញាសំខាន់ៗ ៤ ត្រូវបានគេរៀបចំបង្កើតឡើង៖
១. សន្ធិសញ្ញាស្ដីអំពី «សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ» ចុះថ្ងៃទី ១២ កុម្ភៈ ១៩៧៩ មានរយៈពេល ២៥ឆ្នាំ និងបន្តជាស្វ័យប្រវត្តិ ១០ឆ្នាំម្ដង។
២.កិច្ចព្រមព្រៀងស្ដីអំពី «ទឹកសមុទ្រ និងសមុទ្រប្រវត្តិសាស្ត្រ» ចុះថ្ងៃទី ៧ កក្កដា ឆ្នាំ ១៩៨២។
៣.សន្ធិសញ្ញាអំពីគោលការណ៍ដើម្បី«ដំណោះស្រាយព្រំដែន និងកិច្ចព្រមព្រៀង ស្ដីអំពីលក្ខន្តិកៈព្រំដែន» ចុះថ្ងៃទី ២០ កក្កដា ១៩៨៣។
៤.សន្ធិសញ្ញាអំពី«ការកម្រិតព្រំដែនដីគោក» ចុះថ្ងៃទី ២៨ ធ្នូ ១៩៨៥។
ជាអតីតរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ ដែលសព្វថ្ងៃកំពុងរស់នៅបរទេស តាមរយៈឯកសារដដែលបានអះអាងថា សន្ធិសញ្ញាទាំងនេះ គឺពិតជាបានធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ដូច្នេះតាមរយៈ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មានប្រទេសហត្ថលេខី ១៨ប្រទេជាសាក្សី គេនៅតែអាចលុបចោលសន្ធិសញ្ញាទាំងនោះបាន។ ប៉ុន្តែគណៈកម្មាការចម្រុះកម្ពុជា វៀតណាម នៅក្នុងសម័យប្រជុំក្នុងក្រុង ហូជីមិញ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ មិនា ១៩៩៩ នៅតែសម្រេចយកគោលការណ៍ខ្លះក្នុងកិច្ចចរចារកដំណោះស្រាយពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្អែកលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលបានចុះរួច។ ដែលប្រកានេះគឺផ្ទុយទាំងស្រុងលើអនុសញ្ញាអន្តរជាតិក្រុងវិយែនឆ្នាំ ១៩៦៩។
ហាក់ផ្ទុយពីការលើកឡើងរបស់ឯកសារលោក ស៊ាន ប៉េងសែ មន្ត្រីរដ្ឋាភិបាលដែលមានតំណែងជាប្រធានរាជបណ្ឌិតសភាលោក សុខ ទូច បានចាត់ទុកថា អ្វីដែលគណៈកម្មាធិការព្រំដែនកម្ពុជា បង្ហាញ គឺជាចេតនាបង្កប់ក្នុងន័យនយោបាយ គ្មានលក្ខណៈបច្ចេកទេសនោះទេ។ លោកបន្ថែមថាសន្ធិសញ្ញាដែលកម្ពុជាចុះជាមួយវៀតណាមនៅពេលនោះ គឺមិនមានទាក់ទងនឹងការដោះដូរដីគ្នា ឬប៉ះពាល់អធិបតេយ្យភាពឡើយ។
លោក សុខ ទូច មានប្រសាសន៍យ៉ាងដូច្នេះថា៖«គឺមិនបាននិយាយអំពីរឿងដោះដូរដីអីទេ ចឹងវាអត់មានទាក់ទងអីរឿងហ្នឹង ហើយទី២ យើងនៅតែប្រកាន់យកផែនទីដែលបន្សល់ពីអាណានិគមននិយមបារាំង..ចឹងដូចមិនមានអីប៉ះពាល់ដល់អធិបតេយ្យភាពទេ»។
ចំណែកឯ អ្នកវិភាគនយោបាយ និងអភិបាលកិច្ចលោកបណ្ឌិត ចាន់ វិបុល ឲ្យដឹងថាដើម្បីជៀសវាងការយល់ច្រឡំ រដ្ឋាភិបាលកម្ពុជាគួរបង្កើតយន្តការមួយច្បាស់លាស់ ក្នុងការពិនិត្យអនុស្សារណនោះឡើងវិញ ប្រសិនបើគេយល់ថា វាជាដើមហេតុនាំឲ្យប៉ះពាល់អធិបតេយ្យភាពជាតិ។ ហើយក្នុងករណីបើសិក្សាឡើងវិញទៅ រកឃើញផលប៉ះពាល់ដូច្នេះមែន លោកបញ្ជាក់ថា រដ្ឋាភិបាលនៅអាចលុបចោលនៅសន្ធិសញ្ញាទាំងនោះបាន។
លោក ចាន់ វិបុល មានប្រសាសន៍ថា៖«រាល់ការធ្វើសម្រេចចិត្តរបស់សភាក្ដី របស់គណៈកម្មការពិសេសក្ដី គឺមានអំណាចផ្លូវច្បាប់ ចឹងអំណាចផ្លូវច្បាប់នោះអាចធ្វើមោឃភាពបាន នៅពេលមានបណ្ដឹងតវ៉ាសារជាថ្មី ហើយត្រូវបានពិនិត្យឡើងវិញដោយអង្គណាដែលមានអំណាចខ្ពស់ជាង»។
លោកបានសង្កត់ធ្ងន់ទៀតថាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងសម័យមួយ គឺមិនអាចបិទផ្លូវតវ៉ាជារៀងរហូតបានទេ សូម្បីតែប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមបរទេសក៏ដោយចុះ។
ជាការឆ្លើយតប លោក សុខ ទូច ឯណោះវិញហាក់មិនយល់ស្របចំពោះអះអាងរបស់អ្នកវិភាគដែលថាកម្ពុជានៅតែអាចលុបសន្ធិសញ្ជាបានឡើយ។ផ្ទុយមកវិញលោកចាត់ទុកថា ការចុះសន្ធិសញ្ញាគឺជាបញ្ហាបច្ចេកទេស មិនអាចយកការសម្ដីអ្នកវិភាគគ្មានវិជ្ជាជីវៈមកប្រើបាននោះទេ។
បើគេពិនិត្យរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិត្រង់មាត្រា ៥៥ បានកំណត់យ៉ាងច្បាស់ទៀតថា រាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment