«តើកម្ពុជា អាចក្លាយជាមូលដ្ឋានទ័ពរបស់ចិនដែរឬទេ ?»
- ផ្អែកតាមប្រភពពីមន្ត្រីយោធាឥណ្ឌា
និងអ្នកវិភាគអន្តរជាតិ បានសន្និដ្ឋានថា ភ្ញៀវទេសចរចិន
ទំនងជាទទួលបានប្រាក់ឧបត្ថម្ភឱ្យមកធ្វើទេសចរណ៍នៅកម្ពុជា ពី រដ្ឋ
ជាតិចិន (CNTA) ដើម្បីជាការបំប៉ោងតួលេខចំនួនភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា
ក្នុងគោលដៅធ្វើឱ្យសមស្របទៅនឹងគម្រោងការសាងសង់ នៅតំបន់រមណីយដ្ឋានតារាសាគរ
នាខេត្តកោះកុង ដែលកំពុងតែអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន ។
ព្រោះថាបើចំនួនភ្ញៀវទេសចរណ៍មានតិចពេកការអភិវឌ្ឍតំបន់ក្នុងគម្រោងយក្ស
អាចនឹងទទួលការឃ្លាំមើលពីភ្នែកអន្តរជាតិ ។
- ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីយោធាឥណ្ឌាចូលនិវត្តន៍ លោក វីណាយ៉ាក់់ ផាត (Vinayak Bhat) បានផ្តល់អំណះអំណាងថា ពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន ត្រូវបានវិនិយោគិនចិនផាត់ចោល ; ដោយសារតែសណ្ឋាគារ និងកាស៊ីណូរបស់ចិនទាំងអស់ ជ្រើសរើសនិយោជិត និងកម្មករសុទ្ធតែជាជនជាតិចិន និងអ្នកដែលចេះនិយាយភាសាចិនស្ទាត់ជំនាញឱ្យចូលធ្វើការឱ្យពួកគេតែប៉ុណ្ណោះ។
- គម្រោងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានតារាសាគរ មានរួមបញ្ចូល៖ កំពង់ផែទឹកជ្រៅ ,ព្រលានយន្តហោះអន្តរជាតិ ,តំបន់ទេសចរណ៍បែបធម្មជាតិដទៃទៀត ព្រមទាំងទីក្រុងរណប ឬហៅថា «ទីក្រុងមិត្តភាពកម្ពុជា-ចិន» គ្របដណ្តប់លើផ្ទៃដីវិនិយោគសរុប ៤ម៉ឺន៥ពាន់ហិកតា លាតសន្ធឹងពីស្រុកបុទុមសាគរ ទៅដល់ស្រុកថ្មបាំង ខេត្តកោះកុង។
- គម្រោងនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) ក្នុងទឹកប្រាក់ជិត ៤ពាន់លានដុល្លារ ឬ៤ប៊ីលានដុល្លារអាម៉េរិក (៣,៨ប៊ីលានដុល្លារអាម៉េរិក) ក្រោមរូបភាពជាដីសម្បទានសេដ្ឋកិច្ច
ជួលពីរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលវែងដល់ទៅ ៤០ ឆ្នាំ
ក្នុងតម្លៃជួល១ឆ្នាំ ១លានដុល្លារអាម៉េរិក។ តាមរយៈគម្រោងអភិវឌ្ឍន៍នេះ ចិនអាចគ្រប់គ្រងតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា
រហូតដល់ទៅ ២០ភាគរយ។
- សារព័ត៌មានតៃវ៉ាន់ដដែលនេះ បានស្រង់ប្រសាសន៍មន្ត្រីយោធាឥណ្ឌារូបនោះថា កំពង់ផែទឹកជ្រៅថ្មីនោះ ទំនងជាមានស្ពានលយតភ្ជាប់ទៅកំពង់ផែប្រវែង៥០០ម៉ែត្រ ច្រកចូលផែពីសមុទ្រប្រវែងប្រមាណ៩០០ ម៉ែត្រ ដែលលោកថា អាចអនុញ្ញាតឱ្យកប៉ាល់គ្រប់ប្រភេទចូលចតបាន។ ដោយឡែកសម្រាប់ គម្រោងព្រលានយន្តហោះអន្តរជាតិកោះកុងឯណោះវិញ មានផ្លូវយន្តហោះរត់ប្រវែងជាង៣ពាន់ម៉ែត្រ និងទំហំទទឹង៥០ម៉ែត្រ។ លោកថា ផ្លូវយន្តហោះរត់នេះ អាចអនុញ្ញាតឱ្យយន្តហោះយោធាធន់ធំចុះបាន។ មន្ត្រីយោធាឥណ្ឌារូបនោះ បានសន្និដ្ឋានថា ផ្លូវយន្តហោះរត់នេះ ស្ថិតនៅចម្ងាយប្រមាណតែ១០ គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់រមណីយដ្ឋានតារាសាគរនេះ ដែលលោកថា អាចនឹងក្លាយជាមជ្ឈមណ្ឌល ឬទីបញ្ជាការដ្ឋានយោធា ក្នុងករណីដែលរមណីយដ្ឋានតារាសាគរនេះ ត្រូវបានគេបម្លែងឱ្យក្លាយទៅជាបរិវេណយោធា។
- អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីសុំប្រតិកម្មជុំវិញការផ្សាយរបស់សារព័ត៌មានតៃវ៉ាន់នេះបាននៅឡើយទេ
គិតត្រឹមយប់ថ្ងៃទី០៣ កក្កដា។ ក៏ប៉ុន្តែកន្លងមក
មន្ត្រីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់នៃរបបលោក ហ៊ុន សែន រួមទាំងលោក ហ៊ុន
សែន ខ្លួនឯងផង
តែងចេញមុខបដិសេធជាស្វ័យប្រវត្តិអំពីព័ត៌មានសង្ស័យថាកម្ពុជាអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធា
ឬកងទ័ពជើងទឹកនៅខេត្តកោះកុងនេះ ដោយចាត់ទុកថាជាព័ត៌មានក្លែងក្លាយ
ជាពាក្យចចាមអារ៉ាម និងយុទ្ធនាការរបស់ក្រុមប្រទេសលោកខាងលិច
ប្រឆាំងនឹងរបបរបស់លោក
ក្រោយរបបនេះបានងាកទៅឱបក្រសោបមហាយក្សចិនកាន់តែច្បាស់
ក្រោយរម្លាយបក្សប្រឆាំង និងរៀបចំការបោះឆ្នោត«ក្លែងក្លាយ»រួចមក។ មិនត្រឹមតែប៉ុណ្ណោះ
លោក ហ៊ុន សែន ថែមទាំងថ្លែងការពារចិន និងចិនមិនបានមកដាក់អាណានិគម
ឬធ្វើឱ្យកម្ពុជាធ្លាក់ខ្លួនផុងចូល ក្នុងអន្ទាក់បំណុលនោះទេ។
- «ខ្ញុំបញ្ជាក់មុខអគ្គរដ្ឋទូតចិន បញ្ជាក់ចំពោះមុខសាធារណៈ និងជាសារសម្រាប់ប្រជាជនទូទាំងប្រទេស និងទៅកាន់ពិភពលោក ថាខ្ញុំមិនយល់ព្រមឲ្យចិនត្រួតត្រាទេ ហើយខ្ញុំស្គាល់ច្បាស់នយោបាយរបស់ចិន ក៏មិនចង់ត្រួតត្រាអ្នកណាទាំងអស់ ត្រួតត្រាអ្នកណាទាំងអស់»។
- បញ្ហានៃការសង្ស័យ
ឬការប៉ាន់ស្មានកាន់តែខ្លាំងឡើងៗអំពីលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋាននៅខេត្តកោះកុង
និងនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កំពុងក្លាយជាប្រធានបទក្តៅនៅកម្ពុជា ស្របពេលដែលចុងក្រោយនេះ
សហរដ្ឋអាម៉េរិកទាមទារឱ្យកម្ពុជាបកស្រាយអំពីមូលដ្ឋានហេតុដែលខ្លួនលែងចង់ឱ្យអាម៉េរិកជួយជួសជុលតំបន់មូលដ្ឋានកងទ័ពជើងទឹករាម
ក្រោមលេសថា ផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី។ សហរដ្ឋអាម៉េរិក បានជំរុញឱ្យក្រុមមេដឹកនាំរបបក្រុងភ្នំពេញ
រក្សាឱ្យបានដូចតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
អំពីឯករាជ្យភាពនៃ គោលនយោបាយការបរទេសរបស់កម្ពុជា
និងព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
បើកម្ពុជាអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធាខ្លួននៅកម្ពុជាមែន។
- បណ្ឌិត ប៉ូល ឆែមប័រ (Paul Chambers) សាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Naresuan University នៃប្រទេសថៃ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី០២ កក្កដា ថា កម្ពុជាប្រឈមនឹងហានិភ័យនៃការងាយនឹងបាត់បង់អធិបតេយ្យរបស់ខ្លួន ហើយក្លាយជាកូនអុករបស់មហាយក្សចិនយ៉ាងពិតប្រាកដ ប្រសិនបើអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធារបស់ខ្លួននៅកម្ពុជាមែននោះ។ លោកព្រមានថា ជាថ្មីម្តងទៀត កម្ពុជា នឹងក្លាយជាឧបករណ៍ ដែលចិន និងសហរដ្ឋអាម៉េរិក កំពុងប្រជែងគ្នាដើម្បីអត្ថប្រយោជន៍ភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍៕
RFA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment