ចំណុចខ្លាំង និងចំណុចខ្សោយរបស់សហភាពអឺរ៉ុប នៅលើពិភពលោក
ឆ្នាំ២០០៣
ជាឆ្នាំដែលសហភាពអឺរ៉ុប ចាប់ផ្តើមជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរ។
សង្គ្រាមអាមេរិកាំងនៅIrak ធ្វើឲ្យអឺរ៉ុបរួមប្រេះឆា។ អង់គ្លេស
អេស្ប៉ាញ និងអ៊ីតាលី គាំទ្រអន្តរាគមន៍យោធារបស់អាមេរិក។ រីឯបារាំង
និងអាល្លឺម៉ង់វិញប្រឆាំង។ ម្យ៉ាងវិញទៀត គឺនៅឆ្នាំ ២០០៣នោះហើយ
ដែលសហភាពអឺរ៉ុបចាប់ផ្តើមទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត
ជាហេតុធ្វើឲ្យចំនួនសមាជិកកើនពី ១៥ ទៅ២៥ប្រទេស នៅឆ្នាំ២០០៤
និងក្រោយមកទៀតពី ២៥ទៅ ២៧ប្រទេស។
វត្តមាននៃសមាជិកថ្មីទាំង អស់នេះ
ធ្វើឲ្យសហភាពអឺរ៉ុបបែកបាក់គ្នា កាន់តែខ្លាំង នៅចំពោះមុខសង្គ្រាមIrak ពីព្រោះបណ្តាសមាជិកថ្មីចេញពីអឺរ៉ុបខាងកើតទាំងនេះ ដែលបានឋិត
នៅក្នុងក្រញាំរបស់សហភាពសូវៀតជាច្រើនទសវត្សរ៍
បែរភ្លាមភ្លែតទៅស្និទ្ធស្នាលជាមួយអាមេរិក ដោយហេតុតែពួកគេនៅខ្លាចរុស្ស៊ី
និងនៅមិនទុកចិត្តអាល្លឺម៉ង់។
អ៊ីចឹង ហើយ បានជាចាប់ពីឆ្នាំ២០០៣នោះមក
សហភាពអឺរ៉ុបចោទសួរខ្លួនឯងខ្លាំងឡើងៗ ថា
តើអ្វីទៅតួនាទីរបស់ខ្លួននៅក្នុងពិភពលោក។
មែនទែនទៅ សហភាពអឺរ៉ុបជាមហាអំណាចពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
មានប្រជាជនប្រមាណតែ ៥០០លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែ សហភាពអឺរ៉ុបបង្កើតបាន២៥%នៃផលិតផលក្នុងដុលរបស់ពិភពលោកទាំងមូល
និងតំណាង២០%នៃពាណិជ្ជកម្មពិភពលោក។ មិនតែប៉ុណ្ណោះ តាំងពីឆ្នាំ២០០២មក
ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបថ្លៃជាងប្រាក់ដុល្លាររបស់អាមេរិក។ ម្ល៉ោះហើយ
ក៏ដូចសហរដ្ឋអាមរិកដែរ សហភាពអឺរ៉ុបមានមធ្យោបាយគ្រប់គ្រាន់ក្នុងការអនុវត្តមហិច្ឆតានយោបាយ
ធំធេងនៅក្នុងពិភពលោក ឬយ៉ាងហោចណាស់ ក៏នៅក្នុងតំបន់Balkan និងនៅក្នុងតំបន់ជុំវិញសមុទ្រMéditerranéeដែរ។
ប្រសើរជាងនេះ ទៅទៀត
មតិអន្តរជាតិចង់ឃើញសហភាពអឺរ៉ុបដើរតួនាទីកាន់តែសំខាន់ នៅក្នុងពិភពលោក
ពីព្រោះសហភាពអឺរ៉ុបមានរូបភាពល្អ ត្រូវគេចាត់ទុកជាមហាអំណាចត្រជាក់ Soft power
ដែលការពារពហុភាគីនិយម នៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ
និងដែលឲ្យតម្លៃទៅលើសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌
និងសាមគ្គីធម៌ ព្រមទាំងអភិក្រមនៃការចរចា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
សហភាពអឺរ៉ុបមិនខ្វះទេ សមត្ថភាព និងមធ្យោបាយ
តែខ្វះឆន្ទៈនយោបាយ។ បានន័យថា បណ្តាសមាជិក
នៅតែគិតពីប្រយោជន៍របស់ប្រទេសគេរៀងៗខ្លួន
ខ្លាំងជាងប្រយោជន៍របស់អឺរ៉ុបរួម។ ម្ល៉ោះហើយ នៅក្នុងសហភាពអឺរ៉ុប
មិនទាន់អាចមានទៅកើតទេ ទីបញ្ជាការរួមតែមួយ។ ប្រទេសសមាជិកនីមួយៗ
ជាអ្នកសម្រេចកិច្ចការនយោបាយរៀងៗខ្លួន ហើយរដ្ឋធានីបី
មានទឹកមាត់ប្រៃជាងគេ និងទម្ងន់ខ្លាំងជាងគេ គឺទីក្រុងParisនៃប្រទេសបារាំង ទីក្រុងLondresនៃប្រទេសអង់គ្លេសនិងទីក្រុងBerlinនៃប្រទេស អាល្លឺម៉ង់។
កង្វះឆន្ទៈនយោបាយរួម
បណ្តាលឲ្យសហភាពអឺរ៉ុបខ្វះយុទ្ធសាស្ត្ររួម។ ជាច្រើនទសវត្សរ៍កន្លងមកហើយ
ដែលគេបាន
និងកំពុងបន្តនិយាយពីការបង្កើតកងទ័ពអឺរ៉ុបរួមមួយដែលអាចខ្លាំង
ស្មើនឹងទ័ពអាមេរិកាំង។ ក៏ប៉ុន្តែ ដរាបណា បណ្តាប្រទេសសមាជិកទាំងអស់
នៅតែមិនទាន់ដាច់ចិត្តបោះបង់ចោលអធិបតេយ្យរៀងៗខ្លួនរបស់គេទេ
ដរាបនោះនឹងនៅតែមិនអាចមានទៅកើតទេកងទ័ពអឺរ៉ុបរួម។ មិនតែប៉ុណ្ណោះ
ប្រទេសសមាជិកអឺរ៉ុបនីមួយៗ ចាយប្រាក់តិចជាងសហរដ្ឋអាមេរិក នៅក្នុងវិស័យការពារជាតិ
គឺប្រមាណ២,៥%
នៃផលិតផលដុលក្នុងស្រុកសម្រាប់ប្រទេសបារាំង ក៏ដូចសម្រាប់ប្រទេសអង់គ្លេស
និង១,៥%នៃផលិតផលដុលក្នុងស្រុកសម្រាប់ប្រទេសអាល្លឺម៉ង់
ទល់នឹង៤%នៃផលិតផលដុលក្នុងស្រុកសម្រាប់សហរដ្ឋអាមេរិក។
គ្មាន កងទ័ពរួម សហភាពអឺរ៉ុបគ្មានអំណាចនៅលើឆាកអន្តរជាតិ។
ម្ល៉ោះហើយ ដើម្បីមានទឹកមាត់ប្រៃនៅក្នុងពិភពលោក
សហភាពអឺរ៉ុបក៏សម្រេចបង្កើតមុខតំណែងពីរសែនសំខាន់
តាមរយៈសន្ធិសញ្ញាទីក្រុង Lisbonne ឆ្នាំ២០០៧
នោះគឺតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប
និងតំណែងឧត្តមតំណាងអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ។
ក៏ ប៉ុន្តែសម្រេចសម្រួចទៅ
ស្រាប់តែបណ្តាប្រទេសសមាជិកអឺរ៉ុបទាំង២៧
ត្រូវរ៉ូវគ្នាតែងតាំងជាប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប ជនជាតិBelgiqueម្នាក់ គឺលោកVan Rompuy។
គាត់មិនគ្រាន់តែជាមនុស្សម្នាក់ដែលគ្មានបុគ្គលិកលក្ខណៈប៉ុណ្ណោះ ទេ
ដើម្បីអាចអង្គុយចរចាបានជាមួយលោកប្រធានាធិបតីអាមេរិកាំង
ឬលោកប្រមុខរដ្ឋចិន ជាងនេះទៅទៀត
គាត់ជាមនុស្សម្នាក់ដែលគ្មានអ្នកណាស្គាល់ឈ្មោះទៅទៀត នៅលើឆាកអន្តរជាតិ។
បានន័យថា នៅទីបំផុត បណ្តាប្រមុខរដ្ឋ
និងប្រមុខរដ្ឋាភិបាលអឺរ៉ុបនៅតែមិនព្រមប្រគល់អំណាចទៅឲ្យអ្នកណា
ម្នាក់ដើម្បីនិយាយជំនួស ឬចរចាជំនួសពួកគេទេ នៅលើឆាកអន្តរជាតិ។
ចំណុច ខ្សោយមួយទៀតរបស់សហភាពអឺរ៉ុប
គឺសន្ទុះសេដ្ឋកិច្ចមិនខ្លាំងនិងមិនលឿនរហ័សតាំងពីទសវត្សរ៍ទី៩០
មកម៉្លេះ បើប្រៀបធៀបទៅនឹងសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងរបស់ចិន។
សេដ្ឋកិច្ចរបស់អឺរ៉ុបរឹងរឹតតែខ្សោយ
តាំងពីមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០០៨មក។
បើនិយាយ ពីប្រជាសាស្រ្តវិញ ប្រជាជនអឺរ៉ុបដែលមានវ័យកាន់តែចាស់
ចោទជាបញ្ហាជុំវិញការរកប្រាក់មកចិញ្ចឹមអ្នកចូលនិវត្តន៍
ចោទជាបញ្ហាជុំវិញតុល្យភាពនៅក្នុងសង្គម
និងអាចធ្វើឲ្យគ្រឹះនៃភាពចំរុងចំរើន
ព្រមទាំងគ្រឹះនៃអារ្យធម៌អឺរ៉ុបរង្គោះរង្គើ។
និយាយសរុបមកវិញ ដើម្បីពង្រឹងពង្រីកសមត្ថភាព
និងសកម្មភាពរួមរបស់ខ្លួន នៅលើឆាកអន្តរជាតិទៅបាន
អឺរ៉ុបត្រូវកំណត់ឲ្យច្បាស់លាស់ជាមុនសិនមហិច្ឆតារួមរបស់ខ្លួន។
តើបណ្តាប្រទេសអឺរ៉ុបចង់ក្លាយជាសហព័ន្ធន៍
ក្នុងគោលដៅដើរតួនាទីជាមហាអំណាចនយោបាយ និងយោធាដូចសហរដ្ឋអាមេរិកដែរឬទេ
ឬមួយក៏គ្រាន់តែចង់រួបរួមគ្នាជាសមាគមប្រជាជាតិមួយដើម្បីបង្កើន
ប្រយោជន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ?
នៅសប្តាហ៍ក្រោយ ខ្ញុំនឹងចាប់ផ្តើមវិភាគមើលថា
តើនៅក្នុងពិភពលោកសព្វថ្ងៃ ផលប្រយោជន៍របស់ សហភាពអឺរ៉ុបឋិតនៅឯណា និងថា
តើសហភាពអឺរ៉ុបត្រូវប្រកាន់យកឥរិយាបថបែបណា នៅចំពោះមុខ អាមេរិក អាស៊ី
ឬអាហ្វ្រិក?
ដោយ តាន់ ហ្វ្រង់ស័រ
សម្រួលអត្ថបទដោយ
ឃី ពិសី
សូមចុចទីនេះដើម្បីចែករំលែកបន្ត....
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment