ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ជប៉ុនប្រជែងឥទ្ធិពលចិន ក្នុងសមរភូមិនយោបាយកម្ពុជា

No comments


កម្ពុជានិងជប៉ុនត្បិតតែបានរាប់អានគ្នាជាង ៦០ឆ្នាំកន្លងមកហើយក្ដី​ តែទើបស្និទ្ធស្នាលគ្នាចាប់ពីដើមទសវត្សរី៍ទី៩០ មកប៉ុណ្ណោះ។ ការឃ្លាតឆ្ងាយពីគ្នានេះដោយសារមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបានកើតឡើង នោះគឺ«សង្គ្រាមត្រជាក់»។ គេត្រូវរង់ចាំរហូតមានកិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១ចុះរួច ទើបឃើញជប៉ុនចេញមុខដើរនាទីក្នុងកិច្ចកសាងស្ថាបនាកម្ពុជាឡើងវិញ ដោយរហូតមកដល់សព្វថ្ងៃនេះជាមធ្យមជប៉ុនបានផ្ដល់ជំនួយឲ្យកម្ពុជាប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលភាគច្រើនប្រើដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ គេត្រូវយល់ថាបើកុំតែបានជំនួយមុនគេបង្អស់ពីជប៉ុនតាមរយៈUNTAC នាដើមឆ្នាំ ១៩៩១ នោះកម្ពុជានឹងពិបាករៀបចំការបោះឆ្នោតនាឆ្នាំ ១៩៩៣ណាស់។


យ៉ាងណាក៏ដោយជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់រដ្ឋាភិបាលក្រុងតូក្យូ មកកាន់រដ្ឋាភិបាលក្រុងភ្នំពេញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បង្ហាញថាជប៉ុនចង់វិលមកពង្រីកយុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ីឡើងវិញ។ បើគេព្យាយាមស្វះស្វែងយល់បន្តិច ជប៉ុនហាក់ចង់«ខ្ទប់​ឥទ្ធិពល​កើន​ឡើង​ជា​លំដាប់​របស់​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និងជាពិសេសគឺទាញនយោបាយការបរទេសកម្ពុជាកុំឲ្យស្ថិតនៅជាមួយចិនខ្លាំងពេក»។

និយាយជាទូទៅជំនួយសេដ្ឋកិច្ចទាំងអស់នេះអាចជាឧបករណ៍នយោបាយ ក្នុងភូមិសាស្ត្រប្រកួតប្រជែងឥទ្ធិពលជាមួយចិនក្នុងសមរភូមិកម្ពុជា។ ប្រាក់កម្ចីច្រើនរយលានដុល្លារ រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ ជប៉ុនតែងផ្ដល់ឲ្យកម្ពុជាស្ទើររាល់ឆ្នាំ ហើយការផ្ដល់នេះច្រើនមាននៅក្នុងជំនួបកំពូលរវាងមេដឹកនាំជប៉ុនជាមួយបណ្ដាប្រទេសតាមដងទន្លេមេគង្គ និងកិច្ចប្រជុំកំពូលអាស៊ាន។ 

ផ្អែកតាមទិន្នន័យរបស់ក្រសួងការបរទេសជប៉ុន ដោយគិតត្រឹមឆ្នាំ២០០៦ ជំនួយប្រមាណជាងមួយពាន់លានដុល្លារ(1,330.24US) ត្រូវបានជប៉ុនផ្ដល់មកកម្ពុជា ហើយជំនួយទាំងនោះទៀតសោតស្ទើរតែគ្មានលក្ខខណ្ឌអ្វីភ្ជាប់ទាំងអស់។ 

ជាក់ស្ដែង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលភ្ជាប់ពីភ្នំពេញទៅផ្លូវជាតិលេខ៦ គឺជាសញ្ញាបញ្ជាក់ថា ជប៉ុននឹងមិនទុកកម្ពុជា ឲ្យចិនស៊ីដាច់តែងឯងៗនោះទេ ហើយក៍មានទៀតដែរ ស្ពាន គីហ្ស៊ូណា ក្នុងខេត្តកំពង់ចាម និងស្ពាន ហ្សឺតបាសា (ស្ពានអ្នកលឿង) ភ្ចាប់ពីខេត្តកណ្ដាលទៅខេត្តព្រៃវែង។ 

ទោះបីទទួលជំនួយពីជប៉ុនច្រើន តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែស្ថិតក្នុងសភាពភ័យខ្លាចនៅឡើយ។ ភ័យខ្លាចព្រោះកម្ពុជាខ្លាចចិនដែលជាមហាមិត្តរបស់ខ្លួន។ មានន័យថាក្នុងទំនាក់ទំនងពណ៌ស៊ីជម្ពូនេះគឺ ម្ខាងចិនកុម្មុយនីស្ត(ក្រហម) និងម្ខាងជប៉ុនសេរីនិយម(ស) ដែលពណ៌ទាំងពីរនេះបូកបញ្ចូល គ្នាក្លាយជាពណ៌ស៊ីជម្ពូ។

គេនៅចាំបានថារថយន្តក្រុងដែលបានបើកដំណើរការលើមហាវិថីទីក្រុងភ្នំពេញដំបូងគេគឺជាជំនួយរបស់ជប៉ុនសុទ្ធសាធតែមិនបានប៉ុន្មានផង រថយន្តទាំងនេះត្រូវជំនួសមកវិញនូវឡានរបស់ចិន ១០០គ្រឿងផ្ដល់មកកម្ពុជាវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់មិនបានចាត់ទុកជំនួយរបស់ចិន គឺជាការដាក់គំនៀប ឬឥទ្ធិពលណាមួយមកលើរដ្ឋាភិបាលកម្ពុជានោះទេ ដោយលោកយល់ថាការធ្វើដូចនេះគឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅវិញទេ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា៖«យើងអត់មានស្ថិតនៅក្នុងទំនាក់ទំនងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ គឺយើងស្ថិតនៅក្នុងភូមិសាស្ត្រសេដ្ឋកិច្ច ហើយលុយទាំងអស់នោះ មិនមានឥទ្ធិពលអ្វីនោះទេ»។

ហាក់ផ្ទុយពីការលើកឡើងនេះ សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក រ៉ូ វណ្ណៈ ធ្លាប់ថ្លែងថាចិននៅតែមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយសេដ្ឋកិច្ច ទោះបីមានការអះអាងពីលោក ផៃ ស៊ីផាន ក្ដី៕

No comments :