ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អាប្រាហាម លិនខន៖ មិនបានចូលសាលាច្បាប់ តែប្រឡងជាប់ជាមេធាវី រហូតក្លាយជាតំណាងរាស្ត្រ

No comments




កាលពីអត្ថបទមុនលោកអ្នកនាងបានជ្រាបខ្លះហើយពីជីវិតលោក លិនខន(Abraham Lincoln) ពេលនៅកុមារភាព លុះដល់ធំពេញវ័យ។ លោកបានក្លាយជានាយកប្រៃសណីយ៍ ដោយមានប្រាក់បៀវត្ស៍មួយឆ្នាំ២៥-៣៥ ដុល្លារ។ តំណែងជានាយកប្រៃសណីយ៍ បានជំរុញចិត្តលិនខន ឱ្យចាប់ផ្ដើមអានសៀវភៅច្បាប់ រហូតប្រឡងជាប់ក្លាយជាមេធាវី ដោយមិនដែលបានចូលរៀនសាលាច្បាប់។​


លិនខន អានសៀវភៅក្បួនតម្រាច្បាប់យ៉ាងយកចិត្តទុកដាក់បំផុត កម្រលួសពេលឡើយ។ លោកទន្ទេញគ្រប់ពេលដែលអាចធ្វើទៅបាន។ ពេលដើរទៅធ្វើការ ឆ្លងពីតំបន់មួយទៅតំបន់មួយ លិនខន អាន និងទន្ទេញ សៀវភៅច្បាប់ជាប់ជានិច្ច។ អ្នកដែលស្គាល់លិនខន គ្មាននរណាដែលមិនដឹងថា គេកំពុងរៀនច្បាប់នោះទេ។ ទន្ទឹមនឹងនេះ ទោះបីធ្វើការធ្ងន់យ៉ាងណាក៏ដោយ ក៏លោកនៅតែអានសៀវភៅដែរ។ ការខិតខំនេះធ្វើឲ្យ លិន ខន ធ្លាក់ខ្លួនស្គមស្គាំង ថ្ពាល់ខូង និងភ្នែកប្រែជាក្រហម។


ពេលកំពុងរៀនសៀវច្បាប់ដោយគ្មានគ្រូ លិនខន បានជួយរៀបចំឯកសារបទដ្ឋានផ្សេងៗ ជូនមនុស្សទូទៅ ដោយមិនរើសអើងនោះទេ។ ព្រោះតែចិត្តសម្បុរសតាំងពីតូច និងម្យ៉ាង លិនខន យល់ថា នេះគឺជាឳកាសដែលអាចកសាងប្រជាប្រិយភាព ទៅថ្ងៃខាងមុខ។ ក្រៅពីចង់ធ្វើជាមេធាវី លិនខន នៅមានបំណងមួយទៀត គឺចូល «ធ្វើនយោបាយ»។ អ្នកក្នុងតំបន់មានសេចក្ដីស្រលាញ់ចូលចិត្តលិនខន ដោយពួកគេនាំគ្នាកំណត់ថា លិនខន គឺជាមនុស្សទៀងត្រង់។ ដូច្នេះឲ្យតែមានរឿងអ្វីប្រកែកគ្នា ឬជម្លោះគេតែងហៅ លិនខន ឲ្យទៅកាត់សេចក្ដីជានិច្ច។ ហើយអ្វីដែលលិនខន សម្រេចភាគីទាំងអស់សុទ្ធតែទទួលយកដោយសុទ្ធចិត្ត គ្មានតវ៉ាឡើយ។


នៅឆ្នាំ ១៨៣៤ ខណៈដែលអាយុបាន ២៥ឆ្នាំ ការបោះឆ្នោតតំណាងរាស្ត្របានចូលមកដល់ លិនខន បានចូលជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតសាជាថ្មីក្នុងរដ្ឋញូវសេលៀម តំបន់ដែលគេរស់នៅ។ ពេលនោះប្រជាជនអាមេរិកបានបោះឆ្នោតឲ្យ លិនខន ជាប់តាមសេចក្ដីប្រាថ្នាមែន។ គេនៅចាំបានថាកាលពី លិនខន ចូលហ៊ុនរកស៊ីជាមួយពាណិជ្ជករម្នាក់ ដែលក្រោយមកពាណិជ្ជករនោះក៍ស្លាប់ទៅ លោកត្រូវរ៉ាប់រងសងជំនួសពាណិជ្ជករនោះរហូតដល់ទៅ១៥ឆ្នាំ។

តែបំណុលលើកនេះ គឺកើតក្រោយពេលគេជាប់ឆ្នោតជាតំណាងរាស្រ្ត ដោយលិនខន បានខ្ចីប្រាក់ពីមនុស្សម្នាក់ឈ្មោះ ខូលមែន ស៊្មូត (Colman Smoot) ចំនួន ២០០ ដុល្លារ។ លុយនោះលោកយកទៅកាត់ឯកសណ្ឋានថ្មី ៦០ដុល្លារ ដើម្បីស្លៀកទៅរួមប្រជុំ កុំឲ្យអន់ជាងគេពេក។ សល់ពីនោះលោកត្រូវចេញថ្លៃធ្វើដំណើរតាមរទះសេះ។ ការចាយវាយ លិនខន បានប្រយ័ត្នប្រយែងបំផុត។

ការចូលជាសមាជិករដ្ឋសភាសម័យដំបូងនាសម័យនោះ លិនខន មិនបានបញ្ចេញមុខមាត់អ្វីឡើយ ដោយខំប្រឹងសិក្សារៀនសូត្រសៀវភៅច្បាប់ប៉ុណ្ណោះ។ ហើយលោកត្រូវបានគេជ្រើសរើសជាគណៈកម្មការមួយរបស់រដ្ឋសភា។

ស្ថិតអំឡុងពេលដែលកាន់មុខងារនោះលិនខន ស្ទើតែមិននិយាយអ្វីសោះ លុះត្រាតែប្រាកដចិត្តថា គេដឹងច្បាស់អំពីហេតុការណ៍នោះ ទើបនិយាយ។​ អាណត្តិរដ្ឋសភានាសម័យលិនខនមានរយៈកាល ៨ឆ្នាំ ដោយលិនខនត្រូវបានតែងតាំងពីឆ្នាំ ១៨៣៤ ដល់ ១៨៤២ ក្នុងរវាងអាយុ ២៥-៣៣។ ហើយលិនខន បានរៀបការ ហើយមានផ្ទះសម្បែងផ្ទាល់ខ្លួនធ្វើពីឈើ សមល្មម អាចរស់នៅបាន។ មកដល់ត្រង់នេះបំណុលដែលលិនខន ជំពាក់គេទាំងប៉ុន្មាន មិនទាន់សងអស់នោះទេ៕

សូមលោកអ្នកតាមដានអាន ភាគបន្ត...

No comments :