ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

កម្ពុជាគួររៀនសូត្រ ពីការបាត់បង់ទឹកដី របស់នគរចម្ប៉ា តំបន់គ្រីមៀរ និងកម្ពុជាក្រោម

No comments


ចម្ប៉ា ជាអាណាចក្រដ៍ចំណាស់ បង្កើតឡើងដោយជនជាតិចាម តាំងពី ស.វ ទី ២ នៃ គ.ស។ ប្រវិត្តិវិទូមួយចំនួនបានចាត់ទុកថា ចាម ជាអំម្បូរមានអរិយធម៌រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែចាប់ពី ស.វ ទី ៧ «នគរអណ្ណាម»ដែលក្រោយមកប្រែឈ្មោះទៅជា «ដាយវៀត» បានអនុវត្តន៍នូវនយោបាយឈ្លានពានឥតឈប់ឈរមកលើនគរចម្ប៉ា ដោយប្រើយុទ្ធសាស្ត្រពីសំខាន់៖ ទី​១ វាយទន្ទា្រនយកទឹកដីខេត្តដែលនៅជាប់ព្រំដែន ទី២ បញ្ជូនជនជាតិខ្លួនឲ្យទៅរស់នៅលើទឹកដីចម្ប៉ា។ ព្រោះតែយុទ្ធសាស្ត្រទាំងនេះហើយទើប ទឹកដីប្រទេសចម្ប៉ា ត្រូវបាត់បង់ចេញពីផែនទីនៅឆ្នាំ ​១៧៩៣។ រីឯជនជាតិចាមម្ចាស់ស្រុកដែលនៅសេសសល់ពីសង្គ្រាម ត្រូវបង្ខំចិត្តរត់ចោលមាតុភូមិ មកសុំសិទ្ធិជ្រកកោននៅ​នគរខ្មែរ រហូតដល់បច្ចុប្បន្ន។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា ឲ្យដឹងថាការបាត់បង់ទឹកដីរបស់នគរចម្ប៉ាគឺបណ្ដាលមកពីមេដឹកនាំនៅសម័យនោះគ្មានសមត្ថភាព ខ្វះឯកភាពជាតិ គិតតែផលប្រយោជន៍ខ្លួន។ ទោះបីយ៉ាងនេះក្ដីសម្រាប់បច្ចុប្បន្ន លោកយល់ថាកម្ពុជាគួរតែរៀនសូត្រពីខ្លួនឯងផង និងពីចម្ប៉ាផង ក្នុងកិច្ចការពារអធិបតេយ្យភាព។

លោក សូ ចន្ថា បញ្ជាក់ថា៖ «កាលណាខ្មែរ និងខ្មែរឈ្លោះគ្នាចាំបាច់គឺកុំហៅបរទេសឲ្យមកជួយ ​បើហៅបរទេសមកជួយពេលនោះហើយដែល យើងត្រូវកាត់ទឹកដី ឬផ្ដល់ប្រយោជន៍ទៅប្រទេសជិតខាង»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ បានផ្ដល់ដំណោះស្រាយថាដើម្បីការពារកម្ពុជា កុំឲ្យដើរជាន់ដានចាស់ដូចនគរចម្ប៉ា ខ្មែរចាំបាច់ត្រូវតែមានឯកភាពគ្នា លុបបំបាត់វប្បធម៌បរទេសនិយម កំណត់ការបោះបង្គោលព្រំដែននៅភាគខាងកើតប្រទេសឲ្យមានភាពច្បាស់លាស់ ពង្រឹងច្បាប់អន្តោប្រវេសន៍ ជាពិសេសគឺប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមតាមដានសកម្មភាពសង្គម។

ដើម្បីជាគំនិតពិចារណា អ្នកវិភាគលើកឡើងថា គេអាចសិក្សាទៅលើករណីមួយ ដោយកាលពីថ្ងៃ ៤ មិថុនា ១៩៤៩ ដែនដីកម្ពុជាក្រោម ត្រូវបានក្លាយជាទឹកដីស្របច្បាប់របស់វៀតណាម ក្រោមការចុះហត្ថលេខារបស់ប្រធានាធិបតីបារាំងលោក វាំងសង់ អូរីយូ​(Vincent Auriol)។ ការប្រគល់ទឹកដីកូសាំងស៊ីន ទៅឲ្យរដ្ឋអំណាចក្រុងហាណូយនៅពេលនោះ មួយផ្នែកត្រូវបានគេសង្ស័យថាអាចមកពី ទឹកដីនេះត្រូវជនជាតិវៀតណាម ចូលមករស់នៅតាំងពីដើម ស.វ ទី ១៧ មក ហើយមានចំនួនច្រើនជាងជនជាតិខ្មែរម្ចាស់ស្រុក។ បច្ចុប្បន្ន គេនៅតែបារម្ភអំពីជនជាតិវៀតណាម ដែលមានលំហូរឥតឈប់ឈរចូលមកក្នុងទឹកដីកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយព្រឹត្តិការណ៍ ៧ មករា ១៩៧៩ មក។

ពាក់ព័ន្ធនឹងបញ្ហានេះសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយអន្តរជាតិលោក រ៉ូ វណ្ណៈ ឲ្យដឹងថា បញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាបច្ចុប្បន្ន នៅតែជាបញ្ហាបារម្ភ ប្រសិនបើជនជាតិទាំងនោះមករស់នៅ ក្នុងគោលដៅនយោបាយ។តែរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងជនទាំងនោះបានដោយប្រើច្បាប់ជាគោល។

លោក រ៉ូ វណ្ណៈ បញ្ជាក់ថា៖ «ជាទូទៅលំហូរប្រជាសាស្ត្ររបស់ប្រទេសមួយទៅកាន់ប្រទេសមួយ ជាបាតុភូតធម្មជាតិ និងជាបាតុភូតសង្គមទៅហើយ ប៉ុន្តែយើងត្រូវគ្រប់គ្រងលំហូរហ្នឹងបានត្រឹមត្រូវវាអត់មានបញ្ហាប្រឈមអីធំទេ។ អ្វីដែលយើងត្រូវធ្វើគឺត្រូវចុះបញ្ជីជនអន្តោប្រវេសន៍ និងអនុវត្តន៍ច្បាប់ទៅ»។

សង្គមស៊ីវិលមួយចំនួនឲ្យដឹងថា កាលពីឆ្នាំ២០០៨ របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញអំពី ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជា មានចំនួន ៩ម៉ឺននាក់ ក្នុងឆ្នាំ២០០៩ និងមានចំនួនជាង ១០ម៉ឺននាក់ ក្នុងឆ្នាំ២០១០។ ចំនួននេះអាចនឹងកើតឡើងជាបន្តបន្ទាប់ បើគិតមកដល់ឆ្នាំ ២០១៧។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងហាក់មិនទាន់ជឿស្ថិតិនោះនៅឡើយទេ ដោយស្ថិតិខ្លះថាជនជាតិវៀតណាមនៅកម្ពុជាអាចមានចំនួនដល់ទៅ ១លាននាក់ ឬច្រើនជាងនេះ ។

ដើម្បីជាភស្ដុតាងមួយបន្ថែមទៀត គេអាចមើលអំពីការបាត់បង់ទឹកដីនៅតំបន់គ្រីមៀជាគំរូបាន ។ តំបន់គ្រីមៀនេះពីដំបូងឡើយ គឺជាទឹកដីស្របច្បាប់របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ។ ពីមួយឆ្នាំទៅមួយឆ្នាំលំហូរឥតឈប់ឈរនៃជនជាតិរុស្ស៊ីដែលចូលមករស់នៅតំបន់គ្រីមៀកើនកាន់តែច្រើនឡើងៗ ។ ដោយសារអ៊ុយក្រែនជាប្រទេសតូចទន់ខ្សោយ នៅដើមឆ្នាំ២០១៤ រុស្ស៊ីបានបញ្ជូនទ័ពរបស់ខ្លួន ចូលមកតាំងទីបោះមូលដ្ឋាននៅតំបន់គ្រីមៀ ដោយសំអាងថាដើម្បីការពារពលរដ្ឋរុស្ស៊ីកំពុងរស់នៅតំបន់នេះ ពេលនោះជនជាតិអ៊ុយក្រែនដែលរស់នៅតំបន់គ្រីមៀ បានក្លាយជាជនជាតិភាគតិចនៅក្នុងទឹកដីរបស់ខ្លួនទៅវិញ ។ នៅពេលនេះក្រុមបោះបោដែលភាគច្រើន គឺជាជនជាតិរុស្ស៊ី បានបោះឆ្នោតដោយឯកឯង ដោយគ្មានអន្តរជាតិទទួលស្គាល់ ហើយកាត់ផ្ដាច់ទឹកដីតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែនតែម្ដងទៅ ។

ពលរដ្ឋអ៊ុយក្រែនដែលជាម្ចាស់ស្រុកនិងរដ្ឋាភិបាល បានត្រឹមសោកស្ដាយប៉ុណ្ណោះ តែមិនអាចធ្វើអ្វីឈ្នះរុស្ស៊ីដែលជាមហាអំណាចនោះឡើយ ចំណែកឯការតវ៉ាតាមផ្លូវទូតក៏ពុំទទួលបានលទ្ធផលល្អដែរ ដោយអន្តរជាតិបានត្រឹមចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរុស្ស៊ីដែលឈ្លានពានលើអ៊ុយក្រែន និងទាមទារឱ្យរុស្ស៊ីប្រគល់ទឹកដីនោះវិញប៉ុណ្ណោះ ។ រហូតមកទល់ពេលនេះទឹកដីនោះបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់រុស្ស៊ី ហើយពិភពលោកក៏លែងរំឮកអំពីព្រឹត្តិការណ៍នេះទៀតដែរ ។

ទាំងនេះគឺសុទ្ធតែជាឧទាហរណ៍ជាក់ស្ដែងអំពីការបាត់បង់ទឹកដី ដែលកម្ពុជាអាចសិក្សារពិចារណាបាន ៕

No comments :