ប្រវត្តិសាស្ត្រ: កម្ពុជា ក្នុងភ្លើងសង្គ្រាមវៀតណាម
ចាប់តាំងពីក្រោយសង្រ្គាមឥណ្ឌូចិន លើកទី១ (សង្រ្គាមរវាងវៀតណាម និងបារាំង) កម្ពុជាបានប្រកាសខ្លួន ជាប្រទេសអព្យាក្រឹត្យ នាសន្និសីទក្រុងហ្សឺណេវ ក្នុងឆ្នាំ១៩៥៤។ ក៏ប៉ុន្តែ នៅពេលដែលសង្រ្គាមវៀតណាម កាន់តែរីករាលដាល អព្យាក្រឹត្យភាពរបស់កម្ពុជា ក៏កាន់តែត្រូវប្រឈមមុខនឹងគ្រោះថ្នាក់បន្តិចម្ដងៗ រហូតត្រូវបាត់បង់តម្លៃទាំងស្រុង នៅក្នុងការអនុវត្តជាក់ស្តែងលើឆាកអន្តរជាតិ បញ្ហាដ៏ធំបំផុត ដែលបណ្ដាលឲ្យខ្មែរបាត់តម្លៃនេះ គឺជម្លោះដណ្ដើមទឹកដីនៅវៀតណាម។
ចំណែកឯពួកវៀតកុង ដែលបានបង្កើតឡើងដោយ ហូ ជីមិញ បានជ្រៀតចូលមកក្នុងទឹកដីកម្ពុជា ដោយមិនបានសុំការអនុញ្ញាតអ្វីទាំងអស់ ពោលគឺជាការរំលោភទាំងស្រុងទៅលើបូរណភាពទឹកដីរបស់កម្ពុជាដែលផ្ទុយទាំងស្រុងទៅនឹងគោលការណ៍គ្រឹះ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើនិយាយតាមការពិត តាំងពីដើមរៀងមក មេដឹកនាំវៀតណាមចាប់តាំងពី ហូ ជីមិញ តែងតែមានមហិច្ឆតាត្រួតត្រាតំបន់ឥណ្ឌូចិនទាំងមូលនោះ មិនដែលទុកប្រទេសកម្ពុជា និងឡាវជាប្រទេសឯករាជ្យនិងដោយស្មើរភាពនោះទេ។ ហេតុដូច្នេះហើយ បានជាវៀតណាមកុម្មុយនិស្តបានជ្រៀតចូលមកក្នុងទឹកដីកម្ពុជា ក៏ដូចជាទឹកដីឡាវ ដោយគ្មានក្រែងរអារ។
កម្ពុជាវិញ ដែលទើបតែទទួលឯករាជ្យពីបារាំងឆ្នាំ១៩៥៣ មានកម្លាំងទ័ពទន់ខ្សោយ ក៏គ្មានសមត្ថភាពអ្វីទៅពង្រឹងកងកម្លាំងទាហានតាមព្រំដែន ឬបណ្តេញពួកវៀតកុង ចេញពីទឹកដីរបស់ខ្លួននោះដែរ។
ក្នុងពេលជាមួយគ្នានេះ កម្ពុជាត្រូវប្រឈមមុខនឹងការគំរាមកំហែងដ៏ធំមួយទៀត គឺពីអាមេរិក ព្រោះតែពួកវៀតកុង បានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីជម្រក ដើម្បីរត់គេចពីការវាយប្រហារដោយយន្តហោះ B52 រួចហើយ ប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីលបទៅវាយឆ្មក់លើកងទ័ពវៀតណាមខាងត្បូង និងកងទ័ពអាមេរិក វាគឺជាបញ្ហាចោទដ៏ធំ សម្រាប់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត។
ហេតុដូច្នេះ បានជាអាមេរិកតែងតែដាក់សម្ពាធបន្ទុកមកលើរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការបណ្តេញពួកវៀតកុង ចេញពីតំបន់ព្រំដែនរបស់ខ្លួន តែមិនបានលទ្ធផលនោះទេ ទើបកងទ័ពអាមេរិកបានបើកប្រតិបត្តិការយោធាឆ្លងព្រំដែនវាយប្រហារទៅលើភូមិខ្មែរ ដើម្បីតាមប្រមាញ់ពួកវៀតកុង ក៏ប៉ុន្តែការវាយប្រហារទាំងនេះ តែងតែបង្កការខូចខាតដល់ជនស៊ីវិលខ្មែរ ច្រើនជាងដល់ពួកវៀតកុងទៅទៀត ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាមានការខឹងសម្បាអាមេរិកយ៉ាងខ្លាំង។
បន្តិចម្តងៗ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ ក៏បានងាកចេញពីនយោបាយអព្យាក្រឹត្យ បែរទៅជាងាកចាប់នយោបាយស្និទ្ធនឹងចិនកុម្មុយនិស្ត ហើយប្រឆាំងអាមេរិកទៅវិញ។ នៅពេលនោះហើយ ដែលកម្ពុជា ត្រូវផុងខ្លួនកាន់តែជ្រៅ នៅក្នុងសង្រ្គាមវៀតណាម នាឆ្នាំ១៩៦៥។
ដោយមើលឃើញថា ចលនាកុម្មុយនិស្ត កំពុងតែមានប្រៀបលើពួកសេរី ហើយអាចនឹងទទួលជ័យជម្នះត្រួតត្រាតំបន់អាស៊ីអាគ្នេយ៍ហើយ សម្តេចព្រះនរោត្តម សីហនុ ក៏បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក ហើយងាកទៅគាំទ្រប្លុកកុម្មុយនិស្តវិញ ដោយនៅឆ្នាំ១៩៦៦ ព្រះអង្គបានព្រមព្រៀងជាមួយមេដឹកនាំចិន ឲ្យវៀតណាមខាងជើង និងពួកវៀតកុងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការធ្វើសង្រ្គាមទល់នឹងអាមេរិក។ លើសពីនេះទៅទៀត កម្ពុជាបានបើកកំពង់ផែក្រុងព្រះសីហនុថ្មីមួយ ឲ្យចិនប្រើ ដើម្បីដឹកជញ្ជូនជំនួយទៅឲ្យពួកវៀតកុងប្រើប្រាស់ថែមទៀតផង។
នៅសហរដ្ឋអាមេរិកឯណោះ លោក Richard Nixon ដែលទើបជាប់ឆ្នោត ឡើងមកធ្វើជាប្រធានាធិបតី នៅឆ្នាំ១៩៦៩ ក៏បានដាក់ចេញនូវនយោបាយដ៏ខ្លាំងក្លាមួយ គឺត្រូវតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមវៀតណាម ឲ្យបានឆាប់ ហើយយុទ្ធសាស្រ្តចម្បងរបស់លោក Richard Nixon ដើម្បីបញ្ចប់សង្រ្គាមវៀតណាមនេះ គឺមុនដំបូង ត្រូវតែពង្រីកសង្រ្គាម ហើយដើម្បីពង្រីកសង្គ្រាម គឺត្រូវពង្រីកប្រតិបត្តិការទម្លាក់គ្រាប់បែក ដើម្បីកម្ទេចជម្រករបស់ពួកវៀតកុង នៅក្នុងទឹកដីកម្ពុជា ដើម្បីឲ្យសម្ដេច សីហនុ ឈប់គាំទ្រពួកនេះបន្តទៅទៀត។
បើមើលតាមធាតុពិត យន្តហោះអាមេរិកបានធ្វើការទម្លាក់គ្រាប់បែកចូលទៅក្នុងទឹកដីកម្ពុជា តាំងពីឆ្នាំ១៩៦៥ មកម្លេះ គ្រាន់តែថា នៅពេលនោះ ប្រតិបត្តិការទម្លាក់គ្រាប់បែកនៅកម្ពុជា ត្រូវបានធ្វើឡើងដោយមានការលាក់លៀម និងកម្រិតនៅត្រឹមតែតំបន់ ដែលនៅជាប់នឹងព្រំដែនជាមួយវៀតណាមប៉ុណ្ណោះ ប៉ុន្តែនៅក្រោមអាណត្តិដឹកនាំរបស់លោក Richard Nixon ការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ត្រូវបានធ្វើដោយចំហ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដោយគ្មានបែងចែក ថាជាតំបន់នៅជាប់ ឬមិនជាប់ព្រំដែននោះទេ។ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ប្រតិបត្តិការនេះ បានចាប់ផ្ដើមឡើងជាផ្លូវការ ហើយជាហេតុធ្វើឲ្យភ្លើងសង្គ្រាមចលនាកាន់តែឆេះសន្ធោរសន្ធៅខ្លាំងទៅៗ។
ឆ្លៀតពេលដែលសម្តេចព្រះ នរោត្តម សីហនុ កំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងម៉ូស្គូ សហភាពសូវៀត នាព្រលប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្រុមអ្នកនយោបាយខ្មែរ ស្និទ្ធិនឹងអាមេរិក ដឹកនាំដោយសេនាប្រមុខ លន់ នល់ និងទ្រង់ សេរី មតៈ បានធ្វើរដ្ឋហារ ប្ដូរបបមួយ នៅកណ្ដាលទីក្រុងភ្នំពេញ។
ចាប់តាំងពីពេលនោះមក កម្ពុជាក្រោមរបបសាធារណៈរដ្ឋខ្មែរ ក៏បានក្លាយទៅជាសម្ព័ន្ធមិត្តរបស់អាមេរិក ប្រឆាំងនឹងកុម្មុយនិស្តវៀតណាម កងទ័ពសាធារណរដ្ឋខ្មែរ ក៏ត្រូវប្រឈមមុខនឹងសង្រ្គាមទល់នឹងចលនាកុម្មុយនិស្តក្នុងស្រុកខ្លួនឯងផងដែរ គឺក្រុមឧទ្ទាមខ្មែរក្រហម ដែលចូលរួមដៃគ្នាជាមួយនឹងចលនាតស៊ូដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ និងដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន។
និយាយសរុបជារួមមក សង្រ្គាម ដែលគេឲ្យឈ្មោះថា “សង្រ្គាមវៀតណាម” មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយនឹងកម្ពុជា គិតជាសរុប នៅក្នុងអំឡុងសង្រ្គាមវៀតណាម គ្រាប់បែកប្រមាណជា ៥សែនតោន ត្រូវបានអាមេរិកទម្លាក់លើកម្ពុជា ហើយប្រជាជនកម្ពុជា ប្រមាណពី ៥ម៉ឺន ទៅ ១៥ម៉ឺននាក់ (ក្នុងចំណោមប្រជាជនសរុបប្រហែល ៦ លាននាក់) ត្រូវបាត់បង់ជីវិត ដោយការទម្លាក់គ្រាប់បែកនេះ។
ការប្រទាញប្រទង់គ្នា ក្នុងសង្រ្គាមវៀតណាមនេះ ក៏ជាដើមហេតុដ៏សំខាន់មួយ ដែរដែលបានរុញច្រានកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាមស៊ីវិល ដែលអូសបន្លាយពេលជាច្រើនឆ្នាំក្រោយៗមកទៀត ពោលគឺចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ (២៣ឆ្នាំ)៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment