ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

បើមានសង្គ្រាមចិន និងអាមេរិក តើកម្ពុជាជួបគ្រោះ ឬមានលាភ?

No comments

 តើកម្ពុជា កំពុងជួបគ្រោះ ឬមានលាភ ?





----------
ខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើនឆ្នាំអំពីឥទ្ធិពលនៃនយោបាយអន្តរជាតិ លើនយោបាយការបរទេសកម្ពុជា ចន្លោះពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១៥ ដោយមានរឿងខ្លះ ខ្ញុំគួរតែនិយាយដើម្បីរំលឹកជាតិ កុំអោយដើរជាន់ដានចាស់របស់ខ្លួន។
------
ទី១. ថ្វីត្បិតតែចិន រុស្ស៊ី និងអាមេរិកាំង មិនចង់បានសង្គ្រាម ប៉ុន្តែសង្គ្រាមនៅឧបទ្វីបកូរ៉េអាចកើតឡើងគ្រប់ពេល។ ឥទ្ធិពលនៃការប្រជែងអំណាចរបស់ប្រទេសធំៗពេលអតីតកាល ក៏ដូចពេលនេះ អាចធ្វើឲ្យនយោបាយផ្ទៃក្នុងនៃប្រទេសតូចៗ នៅតំបន់អាស៊ីជាច្រើន ប្រែប្រួលជួបលាភ ឬជួបគ្រោះស្លាប់គ្រប់ពេល។
---
ទី២. ស្ថិតក្នុងស្ថានភាពបែបនេះ នគរយើងគួរមូលគ្នា កុំឲ្យបង្កើតជាចំណុចខ្សោយ ហើយផ្តោតកម្លាំង ប្រាជ្ញាស្មារតី តាមពិនិត្យមើល និងក្តាប់ស្ថានការណ៍នយោបាយក្នុងតំបន់ និងអន្តរជាតិ ឲ្យទាន់ប្រសើរជាង វាយចាន វាយឆ្នាំងក្នុងផ្ទះខ្លួនឯង។
ជាក់ស្ដែង មេដឹកនាំយើងកាលពីឆ្នាំ៦០ និង៧០ បានបង្កើតកំហុសនេះរួចហើយ។ គឺនៅពេលនយោបាយជាតិគ្រប់ដណ្តប់ដោយការប្រជែងអំណាចផ្ទៃក្នុង យើងភ្លេចភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅនៅជិតរបងផ្ទះ រវល់តែធ្វើស៊ីគ្នាឯង ទីបំផុតឆេះស្លាប់ជាតិទាល់តែបាន។
----
ទី៣. មូលហេតុ ដែលផ្ទះយើងមានភ្លើងសង្គ្រាមនៅឆ្នាំ៧០ និង៧៥ គឺព្រោះតែយើងក្តាប់នយោបាយអន្តរជាតិមិនជុំ មើលមិនវែង ហើយរវល់តែទាត់ធាក់វាយតប់ឈាមឯងក្នុងនគរ ទីបំផុតអ្នកជិតខាង គេគេចផុតពីសង្គ្រាម ហើយគេជះភ្លើងសង្គ្រាមត្រជាក់ ចុងក្រោយនៅអាស៊ីអាគ្នេយ៍មកលើដីកម្ពុជា។
រហូតដល់ពេលនេះ ឈាមខ្មែរជិត២លាននាក់ ដែលស្លាប់នៅឆ្នាំ៧០ ព្រលឹងគេនៅមិនទាន់ដឹងថា ហេតុអ្វីបានគេស្លាប់?
តើអ្នកណាសម្លាប់គេ?
ហើយហេតុអីគេលីកាំភ្លើងចូលព្រៃសម្លាប់ឈាមឯង?
---
ទី៤. ជំពាក់លុយគេ ឬជំពាក់គុណគេច្រើនយ៉ាងណាក៏ដោយ ដាច់ខាតមិនត្រូវយកវាសនាជាតិខ្លួនឯង ទៅដាក់លើជ្រុញនយោបាយអន្តរជាតិ និងក្តារអុករបស់មហាអំណាចណាមួយឡើយ។ ទោះជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក៏ដោយ។ រកស៊ីជាមួយនគរធំ បើស្ថានភាពល្អ បានត្រឹមរួចខ្លួនប៉ុណ្ណោះ។
***បើចង់ឲ្យជាតិរួចផុតគ្រោះលើកនេះ ដាច់ខាត គ្មានទេករណី ឲ្យគេខ្ចីដី ខ្ចីផ្លូវ ដឹកទ័ព ដឹកស្បៀង ដូចករណីផ្លូវលំហូជីមិញ (Ho Chi Minh Trail) កាលពីឆ្នាំ៥៩ដល់៧០។ ព្រោះបញ្ហានៅតំបន់កូរ៉េ និងសមុទ្រចិនជៀសមិនរួចពីសង្គ្រាមឡើយ។
---
ទី៥. ទោះបីស្ថានការណ៍តានតឹងយ៉ាងណាក៏ដោយ គួរធ្វើការឆ្លើយតប ដោយការប្រុងប្រយ័ត្នខ្ពស់ និងឆ្លើយតបជាយុទ្ធសាស្ត្រ (cautious respond and strategic ambiguity) ជាជាងការតបតនឹងអន្តរជាតិ ឬប្រទេសធំៗ ដោយវិធីក្តៅ ពីព្រោះពួកប្រទេសធំទាំងនេះ អាចមានលទ្ធភាពដុតកម្ពុជាឲ្យខ្ទេចជាផេះដូចអតីតកាលបានគ្រប់ពេល មិនថាអាខៀវ ឬអាក្រហមឡើយ។
---
ទី៦. មេដឹកនាំខ្មែរយើងពីអតីតកាល កាលពីឆ្នាំ៦០ និង៧០ និយាយរកគ្នាតិចពេក ហើយម្នាក់ៗចេះតែកើតការភ័យសង្ស័យគ្នា រួចធ្វើការសន្និដ្ឋានអត្តនោម័ត ដោយប្រើវិធីក្តៅដាក់គ្នា ប្រជែងយកស្លាប់រស់ ទីបំផុត ម្នាក់ៗគ្រប់ភាគី សុទ្ធតែបានចូលរួមចំណែកដុតកម្ពុជាស្ទើរលាយពីផែនដី ដោយមិនដឹងខ្លួន ដូចមាន់ជល់ ដែលគេគូសធ្យូងខ្មៅលើមុខ បង្ខំអោយវាយគ្នាទាល់តែស្លាប់ ដោយមិនដឹងមូលហេតុ ថាសម្លាប់គ្នាដើម្បីអ្វី?
--
ទី៧. ដូច្នេះបើយើងពិនិត្យស្ថានការណ៍ប្រទេសទូទៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសប្រទេសនៅអាស៊ី-អាគ្នេយ៍ ត្រឹមម៉ោងនេះ ពួកគេកំពុងផ្អាករឿងវាយតបក្នុងនគរគេ ហើយគិតត្រៀមបញ្ចៀសភ្លើងសង្គ្រាមចេញពីទឹកដីគេ លើកលែងតែនគរខ្មែរ ដែលឈាមជាតិហាក់កំពុងហូរក្នុងប្រឡាយទិសពីរផ្សេងគ្នា។
+
ផ្អែកលើការវាយតម្លៃហានិភ័យនយោបាយតំបន់នេះ បើពិតជាផ្ទុះសង្គ្រាមរវាងចិន និងអាមេរិកមែន នោះកម្ពុជា អាចប្រឈមនឹងគ្រោះធំ ជាងសមាជិកអាស៊ានដទៃទៀត ដោយហេតុតែប្រការដែលបានរៀបរាប់នេះឯង។
ភ្នែករាស្ត្រតូចតាច មើលពីក្រៅ ទៅក្នុងវិមានសន្តិភាព ឃើញហាក់ដូចជាធម្មតា តែយើងភ្លេចមើលស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិហើយ។
ចិត្តបារម្ភជាតិ ចិត្តចង់ឃើញជាតិពិសារបាយខ្ចប់ចេក ជួបជុំគ្នាជាមហាគ្រួសារខ្មែរ ទើបខំសរសេរអត្ថបទនេះឡើង។ ឲ្យតែយើងនិយាយរកគ្នា គ្មានរឿងលំបាកអី ដែលថាមិនអាចដោះស្រាយបានទេ៕
_____
ខ្ទមអុក©

No comments :