ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ត្រកូលក្បត់ជាតិ “អភ័យវង្ស” លួចខេត្តបាត់ដំបងពីខ្មែរធ្វើជាចំណុះសៀម

No comments



ក្នុងរយៈពេលជាងមួយ សតវត្សរ៍វង្សត្រកូល អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ដល់ទៅ ៦ជំនាន់ គឺចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ហើយខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម ។

ឆ្លៀតឳកាសដែលនគរកម្ពុជាកំពុងវឹងវរជម្លោះដណ្ដើមរាជ្យកាប់សម្លាប់គ្នា និងមានការលុកលុយពីបរទេសផង ជនក្បត់ចៅហ្វាបែនដែលត្រូវបានសៀមតែងតាំងជាស្ដេចត្រាញ់ខេត្តបាត់ដំបង បានលប​សរសេរ​សំបុត្រ​ទៅ​ទូល​ស្ដេច​សៀម សុំ​ឲ្យខេត្ត​បាត់ដំបង សៀមរាប ក្លាយជាចំណុះ​សៀម។

ដោយស្រប​តាម​គំនិត​សៀម ដែល​ប៉ង​លេប​ទឹក​ដី​ខ្មែរ​ឲ្យ​សូន្យ​ផង ស្ដេច​សៀម ក៏​ធ្វើ​សារ​ផ្ញើ​មក​ព្រះមហាក្សត្រខ្មែរ ដែលកាលណោះស្ថិតក្រោមរាជព្រះអង្គ​អេង។ ដំបូង​ព្រះអង្គ​អេង មិន​ព្រម​ប្រគល់​ឲ្យ​ទេ តែ​ដល់​ស្ដេច​សៀម គំរាម​ជាច្រើន​លើក ហើយ​ដាក់​ការ​គាប​សង្កត់​ផ្សេងៗ​ទៀត​ផង ព្រះអង្គ​អេង ក៏​ព្រម​ប្រគល់​ឲ្យ ប៉ុន្តែ​បាន​បញ្ជាក់​ថា សុំ​ថ្វាយ​តែ​មួយ​រាជ្យ​ព្រះចៅ​យ៉ត​ហ្វា(ឈ្មោះស្ដេចសៀម) ប៉ុណ្ណោះ ដែលមានន័យថាក្រោយពីព្រះចៅយ៉តហ្វាស្ដេចសៀមចូលទីវង្គតទៅ ខេត្តទាំងឡាយនោះ ត្រូវប្រគល់មកឱ្យខ្មែរវិញ ។

ប៉ុន្តែការសន្យារបស់សៀមមិនដូច្នេះឡើយ ។



ឯកសារ​មហា​បុរស​ខ្មែរ​បញ្ជាក់​ថា ឆ្នាំ​១៧៩៥ ព្រះអង្គ​អេង បាន​យាង​ទៅ​ប្រទេស​សៀម ហើយ​គង់​នៅ​ទីនោះ​អស់​រយៈពេល​ពីរ​ខែ ដើម្បី​សុំ​ទាមទារ​យក​ដី​ខ្មែរ​ខាង​លើ​មក​វិញ ប៉ុន្តែ​សៀម មិន​ព្រម​ប្រគល់​ឲ្យ។

ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​វិញ ហើយ​បាន​តែ​មួយ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​ក្នុង​ព្រះជន្ម ២៥​ព្រះ​វស្សា។ ព្រះ​អដ្ឋិធាតុ​ព្រះអង្គ​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​ខាង​កើត នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧត្តុង្គ​សព្វថ្ងៃ​នេះ ។

ចំណែកឯត្រកូលអភិវង្សនៅតែបន្តគ្រប់គ្រងខេត្តខ្មែរនៅភាគលិច តរហូតមកដល់ជំនាន់ ខួង អភ័យវង្ស ។ ខួង អភ័យវង្សនេះគឺជំនាន់ចុងក្រោយបង្អស់ នៃត្រកូលក្បត់ជាតិ។ ដោយមានឈ្មោះជាត្រកូលស្មោះស្ម័គ្រនឹងសៀម លោក ខួង អភ័យវង្ស ត្រូវបានរាស្ត្រសៀមបោះឆ្នោតគាំទ្រក្លាយជានាយករដ្ឋមន្ត្រីថៃនៅឆ្នាំ១៩៤៤ ។

ទោះបីមានសាច់លោហិតជាឈាមខ្មែរទាំងពូជក្ដី ខួង អភ័យវង្ស ពុំដែលជួយរាជការខ្មែរម្ដងណាឡើយ ផ្ទុយទៅវិញលោកបានជួយស្ថាបនាសេដ្ឋកិច្ចសៀមឱ្យរីកចម្រើនខ្លាំងក្លាទៅវិញ ។ ខួង អភ័យវង្ស ដែលជាជនក្បត់ជាតិក្នុងត្រកូល អភ័យវង្ស បានស្លាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៨ ។



សរុបជារួមមកគឺ​ដោយសារ​តែ​ខ្មែរ​បែក​បាក់​គ្នា ចៅ​ពញា​បែន ឬអភ័យវង្សបែន ដែលលោភលន់​ឥត​អៀន​ខ្មាស​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ទឹក​ដី​ខ្មែរ គឺ​ខេត្ត​បាត់ដំបង មហា​នគរ​សៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម នៅ​ឆ្នាំ​១៧៩៥ ហើយ​ទឹក​ដី​នេះ​ត្រូវ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ប្រគល់​ឲ្យ​ខ្មែរ​វិញ តាមរយៈសន្ធិសញ្ញាមួយដែលបារាំងបានធ្វើការទាមទារពីសៀមមកឱ្យកម្ពុជា ៕

No comments :