ពូ ពិសី - Pu Pisey

ស្វាគមន៍មកកាន់ទំព័រចំណេះដឹងច្បាប់ និងកំសាន្ត រៀបចំដោយខ្ញុំ ពូ ពិសី

Showing posts with label កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ. Show all posts
Showing posts with label កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ. Show all posts

ភាគ ៣ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ធ្វើស្រែលើខ្នងរាស្ត្រ

 


ដែលជាឃាតកបំផ្លាញសុភមង្គលរបស់គ្រួសារយើង និងម្តាយរបស់ឯង...

សេណី កូនប្រុស កូនត្រូវតែសងសឹក បើពុកស្លាប់ទៅកូនត្រូវយកពុកទៅដាក់នៅជិតផ្នូររបស់ម្តាយឯងណាកូន ចាំឱ្យច្បាស់


ពុក...ពុក...!


គាត់ខំញញឹមបន្តិច :

- កុំ...ភ្លេចបងប្អូនឯងណា៎កូន...អឹក...ពុក...

- ពុក !


សេណី ស្រែកស្ទើរបែកបន្ទប់ក្រោមដី _ ទឹកភ្នែកកូនប្រុសរមៀលឥតដាច់

គេឱបសពបិតាក្នុងលង្វែកទ្រូងដើរចេញមកក្រៅដោយធីងធោង ។


ផ្នូរពីរបានផុសត្រដែតទន្ទឹមគ្នា ផ្សែងធូបនៅហុយទ្រលោម

បុរសសង្ហាតូចល្អិតក្រាបសំពះលាឪពុកម្តាយជាមួយសហការី

ដែលស្រឡាញ់អ្នកប្រមាណជា១០នាក់ មានចិត្តស្មោះស្ម័គ្រជាមួយគេ


- ពុកម៉ែ...កូនសូមក្រាបលាអ្នកមានគុណតាមបណ្ដាំរបស់ពុក

សូមពុកម៉ែជួយបំភ្លឺផ្លូវកូនឱ្យរកឃើញបងស្រី និងប្អូនស្រីផង ពិសេសគឺអាឃាតកលើគ្រួសារយើង សូមម៉ែពុកសម្រាន្តឱ្យបានសុខស្រួលចុះ


កូនជម្រាបលាសិនហើយពុកម៉ែ...!

ឧទ្ទិសចប់សេណីងាកមកយឺតៗ មករកកូនចៅរបស់គេ :

- តោះបងៗ យើងដល់ពេលចេញដំណើរហើយ !

- បាទអ្នកប្រុស !  តើយើងត្រូវទៅទីណាអ្នកប្រុស ?

កំលោះទេវបុត្រតូចអត់ស្ដី បោះជំហានយ៉ាងសង្ហា តែធ្ងន់ៗ

ស្ទើរនឹងស្រុតប្រឹថពី អតីតកូនចោរដើរតាមពីក្រោយទាំងមើលមុខគ្នា ដោយមិនអស់ចិត្តនឹងចៅហ្វាយតូច ។

---------------------------------

សន្លឹករុក្ខជាតិជម្រុះចោលស្លឹកចាស់ បញ្ចេញស្លឹកថ្មីពណ៌ខៀវ

ស្រងាត់ស្រស់បំព្រង ដែលពេលនេះនគឺជានិទាឃរដូវ ដែលត្រូវប្តូរថ្មីទាំងអស់ទៅតាមកាលវេលាដែលបាន

កំណត់មក នេះហើយប្រៀបដូចជាជាវាលវដ្ដសង្សារនៃអាយុកាលរបស់មនុស្សដែរ ។ 

ម៉ូតូហុងសស៊ីមាំងពីរ មួយរត់ត្រុយលើថ្នល់រដិបរដុប នៃជាយក្រុងភ្នំពេញដែលបញ្ជាយ៉ានដោយយុវបុរសម្នាក់

ក្នុងវ័យប្រមាណជាខ្ទង់២៨ ឆ្នាំមានរូបរាងសង្ហា ភ្នែកមុតចិញ្ចើមក្រាស់ដក់ជាប់នូវស្នាមញញឹមជានិច្ច ។ 

តាមផ្លូវដែលមានម្លប់ឈើត្រឈឹងត្រឈៃ ក្រឡេកភ្នែកទៅឃើញមនុស្សម្នាកំពុងក្រឡែកទាំងភ័យទៅក្រុម

តម្រួតដែលមានគ្នាប្រមាណជា ៥នាក់


- នែ ! តាយាយ មានដឹងថាការលក់ដូរនៅលើវិថីនេះខុសវិន័យខូចសណ្ដាប់ធ្នាប់ទេ ?
សម្ដីពួកតម្រួតខ័ណ្ឌក្នុងឯកសណ្ឋានបែបអ្នករាជការដៃកាន់ដំបងពណ៌ខ្មៅកំពុងចោទសួរទៅតាយាយទាំងពីរក្នុងទឹកមុខគួរឱ្យខ្លាច ហាក់ដូចជាកំពុងសួរឈ្លើយសឹកក្នុងសង្គ្រាម ។


- សូមលោកចៅ អភ័យទោសឱ្យតាយាយខ្ញុំពីរនាក់ផង ត្បិតអីរស់រាល់ថ្ងៃគ្មានទីពំនាក់អ្វីនោះទេ គឺមានតែរបរបន្តិចនេះឯងចញ្ចឹមក្រពេះទម្រាំលាចាកលោកនេះ។
- តាយាយទាំងពីរថ្លែងដោយលើកដៃសំពះអង្វរក្នុងទឹកមុខគួរឱ្យសង្វែគទៅក្រុមតម្រួតដែលកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកម្នាលតាយាយទាំងពីរ ។


- ពួកយើងមកនេះគ្រាន់តែមកអនុវត្តច្បាប់ប៉ុណ្ណោះបើតាយាយឯងមិនព្រមរើរបស់ទាំងនេះទេ ទុកឱ្យពួកយើងធ្វើវិញ ហើយកុំថាពួកខ្ញុំមិនប្រាប់មុនឱ្យសោះ ។
- មោះ.....ពួកអាដែង (មេក្រុមតម្រួតស្រែកទៅកូនតម្រួតមានគ្នា ៤-៥នាក់ឱ្យមកជួយលើក ក្អម ឆ្នាំងដាក់លើរថយន្តកាពីតាស់)

 

- កំពុងតែលើកឥវ៉ាន់ដាកលើឡាន រំពេចនោះស្រាប់តែលេចមុខកម្លោះម្នាក់ ដៃឆ្វេងកាន់កាតាបទំនងជាមានឯកសារ បានហក់សំដៅយ៉ាងលឿនជ្រែកហ្វូងមហាជនមករកយាយតាទាំងពីរ ។
- នែ .... ពួកអស់លោកឱ្យល្មមៗ បានហើយ !
- គ្រាន់តែបានឮសម្លេងនេះភ្លាមពួកតម្រួតបង្អង់សកម្មភាព ហើយនាំគ្នាចោលភ្នែកទៅរកប្រភពនៃសម្លេងនោះ ។


- ក្រុមលោកឯងនេះ ពូកែណាស់អារឿងអនុវត្តច្បាប់លើប្រជាជនទន់ខ្សោយ ចំណែកឯអ្នកមាន វិញពួកលោកមិនដែលហ៊ានតតាំងឡើយ។ អ្នកលក់ផ្សេងទៀតដែលបង់លុយឱ្យវិញគឺក្រុមលោកឱ្យគេធ្វើយ៉ាងសប្បាយ ឬមួយដោយសារទីនេះគឺជារបងផ្ទះអ្នកមានអំណាចបានជាពួកអស់លោកមកតាំងខ្លួនត្រឹមត្រូវជាអ្នកអនុវត្តច្បាប់នៅចំពោះមុខមហាជនយ៉ាងនេះ ?
- កម្លោះចោទសួរដោយសម្ដីម៉ឹងម៉ាត់ទៅកាន់ក្រុមតម្រួត ។


- ហែងជាស្អី ? បានជាហ៊ានប្រើពាក្យសម្ដីបែបនេះដាក់អាញ់ផង?

- ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញដែលឆ្លងកាត់ទីនេះ ហើយឃើញក្រុមលោករាជការឯងកំពុងបំពានលើជនទន់ខ្សោយប៉ុណ្ណោះ ។ ច្បាប់គេបង្កើតមកដើម្បីការពារប្រជារាស្ត្រ ការពារអ្នកទន់ ខ្សោយ, ការពារអ្នកត្រឹមត្រូវ, តែអស់លោកបែជាយកច្បាប់នេះធ្វើជាឧបករណ៍គៀបស៊ីអ្នកក្រក្សត់ទៅវិញ តើអស់លោកមានមនសិការទេ?


- កម្លោះចោទសួរដោយកែវភ្នែកមុតស្រួចបាញ់ទៅរកពួកតម្រួត ។
- យី.....អាសម្ដីថ្លោះ ហែងអីក៏សម្បើមមេសហា
- ខ្ញុំមិនមែនជាចេះដឹងកិច្ចការងារអស់លោកទេ តែមកពីខ្ញុំវាទើសភ្នែកពេក ។ ក្រុមលោកឯងទាំងអស់គ្នាស៊ីប្រាក់ខែរាជការ ហើយរាជការបានយកពន្ធពីរាស្ត្រមកបើកប្រាក់ខែឱ្យលោករាល់គ្នានេះ ។
- និយាយមិនទាន់បានប៉ុន្មានផង អាធាដែលជាមេក្រុមតម្រួតបានយាដំបងដែលកំពុងកាន់នៅនឹងដៃបម្រុងនឹងសំពងទៅលើមាត់កម្លោះទៅហើយ
តែត្រូវកម្លោះម្នាក់នោះចាប់ដៃគ្រវាសចេញ ដូចបោះមាន់ទៅក្នុងឆ្នាំង។

-អ៊ុំប្រុសអ៊ុំស្រី សូមក្រោកឡើងសិនមក 

កម្លោះចាប់គ្រាម្នាលយាយតាឡើង

- តាយាយសូមអរគុណជាពន់ពេកដល់លោកក្មួយណាស់

 

បុរសចិត្តបុណ្យញញឹមទាំងចាប់ដៃដោយមិនខ្ចីយកចិត្តទុកដាក់ទៅលើអាឃោរឃៅទាំងនោះឡើយ

ហើយនិយាយយ៉ាងខ្លី :

- ខ្ញុំជូនទៅអ៊ុំទៅផ្ទះ៖ !

- តែលោកក្មួយ !

- មិនអីទេអី.... មនុស្សយើងគ្រប់រូបត្រូវរស់នៅលើសិទ្ធិសេរី

ភាពនៃទឹកដីរបស់យើងគ្រប់គ្នា មិនមែនជារបស់ជនណាម្នាក់ឡើយយើងជាម្ចាស់របស់វាណាអ៊ុំ ព្រោះរាជការបានប្រាក់ខែពីយើង !

ចប់វាចាគេដឹកដៃតាយាយដើរចេញតម្រង់ម៉ូតូ តែពួកអាអន្ទ

ពាលប្រមាណ៥នាក់នោះមកព័ទ្ធជាប់ អាមួយទំនងជាមេគេគ្រហ៊ីមឡើង :

- អូហ៍...អាកំម្លោះហែងមកពីណាហា ? កុំចេះដឹងនៅក្នុងរឿងនេះអី

វាជារឿងរបស់លោកចៅហ្វាយខណ្ឌទេ_ គិតតែពីរឿងក្រពះហែងសិនទៅបានហើយ តាកញ្ចាស់នេះជំពាក់ប្រាក់លោកម្ចាស់យើងច្រើនណាស់ 

កម្លោះសង្ហាញញឹមបន្តិចទើបវាចាមួយៗ :

- ធ្វើជាម៉ែឪគេត្រូវផ្តល់ម្លប់ឱ្យកូនចៅណា ថ្នាក់លើតែង

តាំងមកឱ្យមកជួយមើលការខុសត្រូវលើប្រជាជន តែនេះគិតតែពីមកជិះជាន់បំពានធ្វើបាបរាស្ត្រទៅវិញ 

មិនចេះយល់ពីទុក្ខធុរៈរបស់អ្នកក្រីក្រទេ តើចៅហ្វាយខណ្ឌនោះនៅចង់បានលុយកាក់ដល់ណាទៀតឬក៏យកទៅស្រោចផ្នូរ ?

 

អាម្នាក់នោះគ្រហឹម :

សម្តីដូចលើសហើយអាកម្លោះ តិចថាស្លាប់ទាំងក្មេងវើយ

ទុកអាកញ្ចាស់នេះនៅទីនេះ ហើយទៅវិញចុះយើងបើកផ្លូវឱ្យ !

គេសើចដោយស្រួល :

- អូហ៍... ផ្លូវនេះមានម្ចាស់យាមផងឬ ? ខ្ញុំទៅមករាល់ថ្ងៃដូចជាចន្លោះភ្នែក 

តើបងប្រុសជាអ្នកបោសសំអាតថ្នល់នេះមែនទេ ? ល្អណាស់ នេះប្រាក់ឈ្នួលសម្រាប់បង ! ខ្ញុំលាសិនហើយ !

កម្លោះបោះប្រាក់មួយដុំ ចងរួចជាស្រេចឱ្យពួកតម្រួត ។

ចប់សម្តីភ្លាមកម្លោះចិត្តល្អក៏ហៅមនុស្ស៤-៥ នាក់ ទំនងជាអ្នកស្គាល់គ្នាឱ្យមកជួយប្រមូលក្អម ចាន ឆ្នាំង យាយតាដាក់លើរម៉កដឹកយកទៅបាត់  _

ផ្សែងនៃបំពង់ស៊ីមាំងម៉ូតូហាក់ដូចជាចំហាយអគ្គីដុតរោលដើមទ្រូងពូកដៃជើងចៅហ្វាយខណ្ឌ ឱ្យវាក្តៅក្រហាយ

មិនតិចឡើយ ! ពួកវាក្ដាប់ ដៃសង្រិតធ្មេញ :

- អាក្មេងនេះវាចេញមុខប្រឆាំងជាមួយនឹងលោកម្ចាស់យើងហើយ !

អាមួយពេបមាត់ !

- ត្រូវតែទៅជម្រាបលោកម្ចាស់ឱ្យបានដឹងផង !

-------------

ផ្ទាំង... កណ្ដាប់ដៃទះតុឆាំងគួរឱ្យសៀវ :

- ស្អី...អាមួយណាវាហ៊ានចេញមុខការពារកូនបំណុលរបស់អាញ់ ?

ពួកកូនចៅឱនមុខចុះហាក់ខ្លាចញញើតនឹងមុខយក្សដ៏អាក្រក់នៃចៅហ្វាយខណ្ឌដែលមានចិញ្ចើមក្រាស់ស្តើងចុង ភ្នែកធំៗមាំបំផុត កំពុងក្តៅក្រហាយនឹងសេចក្តីរាយការណ៍របស់សហការី ។

- វាក្លាហានណាស់ហើយបានបោះសម្តីមើលងាយលោកម្ចាស់ទៀតផងបាទ !

លោកអភិបាលស្រុកកំណាចតម្លើងបំពង់ក :

- ហឹស.... ប្រហែលជាវាធុញទ្រាន់នឹងជីវិតហើយ ឆាប់ទៅស៊ើបឱ្យអាញ់ថាវាជានរណា ?

ក្រោយពីពិភាក្សាគ្នារួចហើយពួកចៅហ្វាយខណ្ឌចិត្តកំណាចក៏បំបែកគ្នាចេញពីសាលាខណ្ឌជាបន្ទាន់ ។

----------------------------

កូនផ្ទះថ្មដ៏តូចច្រឡឹងមួយផុសឡើងនៅក្នុងឧទ្យានដ៏សែន

ត្រកាលគួរជាទីមនោរម្យណាស់ ជាទីប្រសព្វនៃទន្លេរចតុមុខ

- ប៉ា...ប៉ា...!

គេឱនត្រកងបុត្រីតូច :

- ល្អណាស់កូនស្រីប៉ា...ម៉ាក់កូនទៅណាហើយ ?

ស្រីតូចអាយុ៣ឆ្នាំនិយាយតតាក់តតុបបូតច្រមុះបិតាដោយ

ឱបកជាប់

- មកៗ ម៉ាក់នៅផ្ទះបាយឯណោរប៉ាប៉ា... !

ចាន់រ៉ាបានទុកឯកសណ្ឋានពេទ្យចុះ រួចដើរទៅក្នុងផ្ទះបាយ៖ ឃើញនារីដ៏ស្រស់សុភាពម្នាក់....

 


ភាគ ២ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ម្ចាស់អក្សរជានរណា?

 


វីឡាសែនសង្ហាលាតសន្ធឹងលាបពណ៌មាស ដូចជាវិមានសួគ៌បង្អួតរាងនៅតាមដងវិថីព្រះមុនីវង្ស ។ មនុស្សម្នាចោលភ្នែកទៅ ប៉ូលីសមួយក្រុម កំពុងអែអង់រេរាខាងមុខរបងទ្វាមិនហ៊ានចូលទៅទេ ហាក់ដូចជាខ្លាចនរណាម្នាក់នៅខាងក្នុង ។

-មិនកើតទេវើយ គ្មានអាចោរណាដែលល្ងង់រត់ចូលទៅក្នុង

គុកដោយខ្លួនឯងនោះទេ !

ពួកប៉ូលីសពីរនាក់នាំគ្នាខ្សឹបៗនិយាយដាក់គ្នា 

-បើតាមដឹងលោក ក្រៃយ៉ាង មិនដែលអនុគ្រោះដល់អ្នកណាទេ បើហ៊ានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គាត់នោះ ។

-អើ...បើដឹងហើយនៅដល់ណាទៀត?ឬក៏ពួកឯងចង់ទះមូសជំនួសអាល្អិតអំបាញ់មិញនេះ ?

មេប៉ូលីសម្នាក់ចេញមុខបន្ទរ

ចុះកាលបើពួកយើងធ្វើឱ្យចោររួចខ្លួននេះ តើយើងមានអីទៅបកស្រាយប្រាប់ថ្នាក់លើ? កូនចៅនាំគ្នាសួរទៅមេវិញ

- ស៊ីបាយក្រហម និងស៊ីបាយសរតើអាណាស្រួលជាងវើយ !

គេទាំង៥នាក់ពិភាក្សាហើយមូលមតិគ្នា ! អើយសម្រេចចឹងចុះ

-----------------------------

នៅក្នុងសួនច្បារបុផ្ផារីកចម្រុះពណ៌ចោលក្លិនក្រអូបសព្វសាយឈ្ងុយឈ្ងប់ឈួលដល់នាសា ធ្លាក់ខ្យល់រំភើយរដូវរំហើយ នាឆ្នាំ១៩៥៥  មេអំបៅហិចហើរឆាប់ចុះ ឆាបឡើងស្រង់លំអងផ្កានៅក្នុងសួនដែលមានរុក្ខជាតិតូចធំគ្រប់ពណ៌ ។

នារីតូចច្រឡឹងស្លៀកខាគូទខ្លីពាក់អាវយឺតពណ៌ស រត់ប្រឡែងដេញចាប់មេអំបៅនៅក្នុងសួនចោលសំណើចក្អាកក្លាយស្រួយស្រិប

 សត្វសេកស្ទុះហើរទ្រុយ ស្រីតូចស្រែកដោយអំណរ !

- ឯងរត់មិនរួចទេ ប្រគល់ខ្លួនឱ្យយើងមកបើមិនចង់ហត់ !

ស្ទើរតែចប់វាចាមិនទាន់_នាងរត់មកដល់កន្លែងសត្វស្លាបហើយជាស្រេច ស្រាប់តែនាងស្រែកដោយភ្ញាក់ :

-អ្នកឯងជានរណា ?

យុវជនជំទើសើចស្ញេញ បញ្ចេញធ្មេញសស្គុះដូចផ្កាម្លិះ

រង្វង់មុខសែនស្អាតសង្ហាវ័យប្រមាណជា១៨ឆ្នាំប៉ុណ្ណោះបានបន្លឺ

វាចាមួយៗ ហើយសម្លឹងឥតព្រិចភ្នែកពីគុម្ពផ្កាដែលលាក់ខ្លួន !

-ខ្ញុំមិនរត់ទេអ្នកនាងតូច តែសូមនាងតូចកុំចាប់ខ្ញុំអី  ខ្ញុំខ្លាចណាស់ !

ស្រីតូចដ៏សែនស្រស់បំព្រងបើកភ្នែកធំៗដែលខ្មៅក្រិប

ភក្ត្រាមូលក្រឡង់ក្របួចមាត់ទំនងមិនស្លូតប៉ុន្មានទេ

តែរស្មីនេត្រាភ្លឺល្អពន់ពេកណាស់នាងមានវ័យប្រមាណជា១៦ឆ្នាំ សម្លុតយកតែមែនទែន

- អ្នកឯងជាចោរឬ ?

កម្លោះតូចគ្រវីក្បាលទាំងលើកដៃរា

- ទេ...ខ្ញុំគ្រាន់តែយករបស់គេដែលដាក់ប្រហែសចោលទេតើ

មិនបានលួចគេទេ !

ស្រីតូចខិលធ្វើមុខមាំ

-មិនមែនចោរ តែលួចរបស់គេ ស្រួលហើយខ្ញុំចាប់យកទៅ

ឱ្យប៉ាដើម្បីយករង្វាន់សិន !

អ្នកប្រុសជំទើមានអាការៈស្លន់ស្លោ តែបើពិនិត្យក្រសែភ្នែក

គឺមុតស្រួច បបេមាត់ញញឹមលាក់គំនួចខិល លួចមើលស្រីដោយកន្ទុយភ្នែក !

- មិនបាច់យករង្វាន់ពីប៉ានាងទេ ខ្ញុំនឹងជូនរង្វាន់សម្រាប់ជីវិតណា

នាងតូចបោះជំហានថយក្រោយ ទាំងនិយាយធ្ងន់

- រង្វាន់ស្អី? ​​អ្នកឯងចង់ព្រហើនឬ ? ត្រូវដឹងថានេះជាវិមានរបស់លោកប្រធានតុលាការកំពូលក្រុងភ្នំពេញ ដែលពុំមានអនុគ្រោះដល់ជនខិលខូចឡើយ ជាសំណាងអ្នកឯងហើយដែគេចផុតពីទារុណកម្មរបស់ពួកតម្រួតខាងក្រៅ តែបែជាមកចូលគុកដោយខ្លួនឯងនៅទីនេះសោះ !

កំលោះតូចសើចយ៉ាងពិរោះ និយាយដោយពើងទ្រូងយ៉ាងក្លាហានណាស់ :

-អាយុ១៨ឆ្នាំទៅហើយ ក្នុងឋានៈជាកូនមហាចោរ ខ្ញុំមិនដែលចេះញញើតនឹងគុកឡើយ ព្រោះវាគ្រាន់តែបន្ទប់តូចមួយប៉ុណ្ណោះ ដែលខ្ញុំចេញចូលសឹងថាដូចជាបន្ទប់ទឹកទៅហើយ។ តាមពិតមកពីខ្ញុំធុញនឹងភាពអផ្សុកដោយមានអ្នកយាមខ្វាត់ខ្វែងដូចជាអធិរាជ ទៅណាមកណាមានគេហែហម សូម្បីតែទៅបត់ជើងក៏មានគេហែដែរណាអ្នកនាងតូច ! ទើបខ្ញុំមកលេងនៅទីនេះ ។

គេបន្ទាបសម្លេងតិចៗដោយក្រសែភ្នែកញញឹមយ៉ាងស្រស់ ឱ !បើពេញកំលោះវិញពិតជាទេវបុត្រកំពូលស្នេហ៍ហើយ

- លែងខ្ញុំទៅណាស្រីតូច... ចាំថ្ងៃក្រោយខ្ញុំទៅលួចយកកូនបក្សីដ៏ស្អាតមកជូននាងតូចណា !

នាងតូចបុត្រីតុលាការកំពូលច្រត់ចង្កេះនិយាយយ៉ាងមាំ :

- មួយម៉ាត់លួច ពីរម៉ាត់ឆក់ អ្នកឯងកំពុងតែភ្លេចខ្លួនថាបាន

សារភាពកំហុសនៅចំពោះមុខអនាគតព្រះរាជអាជ្ញាហើយ !

យើងស្អប់ណាស់ជនខិលខូចទុច្ចរិតលួចប្លន់ភាពសុខសាន្តរបស់ប្រជាជន !

កំលោះតូចលៀនអណ្តាតទៅឱ្យវិញ :

អនាគតព្រះរាជអាជ្ញាផងហ្ន៎ ឱ ! ស្រីតូចច្រមក់អើយ ព្រះរាជអាជ្ញាក្រមុំ វាត្រូវនឹងចោរកំលោះណា 

- បងលាសិនហើយ ...

- អូនរង់ចាំទទួលបងផង បងនឹងមកវិញ

- ចោរៗៗៗ ចោៗៗ ពូៗៗៗ ជួយ

នាងតូចស្រែកដូចជាកញ្ចែប្រាប់ទៅកងសន្តិសុខយាមកាមក្នុងវិឡា។

- បងនឹងឈរនៅចំពោះមុខឱ្យអូនកាត់ក្តីឱ្យបង បាយ...បាយ... !

- ឈប់សិន អាចោរព្រាន  ចាប់_ពូសែពចោរ... !

តែកំលោះតូចរហ័សដូចពានរ ហក់ភ្លែតតោងទ្វារដែក ទោះមានបន្លាមុតស្រួចក៏ធ្វើអ្វីគេពុំបានដែរ ។

ញាក់មុខដ៏ស្រស់ដាក់នាងតូចរួចលោតចេញទៅក្រៅបាត់លឿនស្លេវ។

សម្រិបជើងជាច្រើនរត់មកដល់  សម្លេងបុរសចាស់ម្នាក់លាន់ឡើង :

-ចោរនៅឯណានាងតូច??

ស្រីតូចដ៏ឆ្នើមខាំមាត់_ដើរចេញយឥតមានស្តីមួយម៉ាត់សោះឡើយ

ពួកតម្រួតគ្រវីក្បាលនឹងចរិតរបស់ស្រីតូចនេះ សន្តិសុខមួយដកដង្ហើមធំទំនងដូចជាហត់សម្បើមណាស់ ។

--------------

- ពុកអើយ ពុក...!

សម្លេងមនុស្សចាស់ ក្អកឃុងៗស្រែកពីខាងក្នុងផ្ទះមក ។

- អ្នកណាគេ សេណី មែនទេ_កូនមកវិញហើយឬ ?

កំលោះតូចនិយាយថ្នមៗ :

- បាទ...គឺកូនពុក កូនមកវិញហើយ !

បុរសចំណាស់បើកភ្នែកស្ទើរតែគ្មានរស្មីសម្លឹងមើលមកបុត្រា

ទាំងទឹកមុខស្ងប់ស្ងួត :

គេលើកកាបូបមួយបង្ហាញ !

- កូនធ្វើតាមបណ្តាំពុកឥតមានចន្លោះទេ កាបូបនេះជារបស់

ជំទាវម្នាក់ពាក់មាសពេជ្រជ្រែកខ្លួន អមដោយអង្គរក្ស ដែលដើរយ៉ាងព្រហើននៅចំពោះមុខ ឧត្តមសេណី

- តែនៅគេចមិនផុតពីដៃរហ័សរបស់កូនទេ

មហាចោរចំងក់ក្បាលសើចយ៉ាងស្ងួត :

- ល្អណាស់សេណី...ពុកមិនអស់សង្ឃឹមឡើយ

ចាក់ចេញមកមើលកូន តើមានរបស់ដែលពុកប្រាថ្នាដែរឬទេ ?

មាស ពេជ្រ ប្រាក់ធ្លាក់មករពុយៗ ពីក្នុងកាបូបយួរ

មេចោរធំខំសម្លឹង រួចធ្វើមុខស្ងួតគ្រវីក្បាលទាំងនិយាយទៀត :

ចាក់ឱ្យអស់មកសេណី !

- អស់ហើយពុក !

មេចោរដាក់ខ្លួនគេងទៅវិញដោយដកដង្ហើមធំ....

សេណីខំខ្វះកាបូបចេញក្រដាសមួយសន្លឹកមកទៀត

នោះគឺជាដីកាបញ្ជាឱ្យរឹបអូសភូមិមួយកន្លែងក្នុងទំហំដី១០០ហិកតា ។

- ពុក...នេះ នរិន គឺជាឈ្មោះចៅក្រមដែលស៊ីញ៉េលើដីកា រឹបអូសដីប្រជាជនទេតើ ហើយមានឈ្មោះ ចក្រី វុទ្ធ ជាដើមបណ្ដឹងផងពុក ។

-....ពុទ្ធោ គឺវានេះហើយកូន ! វាជានរណាពុក ?


-តើភូមិនោះនៅឯណា ? មេចោសួរទាំងទឹកមុខបារម្ភ ។ 

ដូចជានៅភូមិបុរីកីឡា អក្សរមើលមិនច្បាស់ទេពុក រាងរលុបៗ ។

សម្លេងក្អក កាន់តែខ្លាំង ធ្លាក់ឈាមទាំងដុំៗ

យុវបុរសក្មេងលើត្រកងបិតា 

- ពុក...ពុក...យ៉ាងម៉េចទៅហើយពុក ?

មេចោរបន្ធូរដង្ហើមបន្តិច :

- ណី...កូនត្រូវនាំពុកចូលទៅក្នុងបន្ទប់ក្រោមដីសម្ងាត់របស់យើងទៅ

ពុកពិបាកទ្រាំណាស់ !

កំលោះយើងស្ទាក់ស្ទើរ !

- តែពុក...

ឯងចង់ប្រឆាំងនឹងពុកឬ ?

- ទេ...តែកូនបារម្ភពីសុខភាពរបស់ពុក ខ្ញុំនឹងទៅរកពេទ្យ !

មេចោរចាប់ដៃកូនជាប់ ស្ដាប់ពុកទៅណាកូន ។

បុរសចំណាស់ខំប្រឹងងើប កំលោះតូចលើកត្រកងបិតា រួចចុចគន្លឹះសម្ងាត់ រំពេចនោះកញ្ចក់ទូរដាក់សម្លៀកបំពាក់ក៏ប្រែក្លាយទៅជាច្រកផ្លូវមួយមួយរំពេច ។

ពន្លឺ ច្រាល នៃលោហធាតុដ៏មានតម្លៃក្រាល មាស...ពេជ្រ គឺជាទ្រព្យសម្បត្តិដែលមហាចោរប្រមូលបានយ៉ាងច្រើនមហាសាល ។

-សេណី...ជាង១០ឆ្នាំហើយដែលពុកនិងកូនបានប្រព្រឹត្តិនូវអំពើថោកទាប ឆក់ប្លន់ពីពពួកអ្នកមានទុរយសគៀបស៊ីពីលើរាស្ដ្រ 

-បាទពុក កូនដឹងហើយ !

គាត់ចង្អុលទៅលើដុំថ្មមួយដុំ !

- ដាក់ពុកចុះទៅកូន !

កម្លោះតូចធ្វើតាមសម្ដីឪពុក

មេចោរឥតឈ្មោះសម្លឹងមើលទៅពិដាននៃបន្ទប់

ក្នុងអាកាសធាតុត្រជាក់ តែមានពន្លឺព្រះច័ន្ទច្រាលៗតិចៗ ជះចូលមកក្នុង !

-ហ៊ី...ពេលវេលាបានកន្លងហួសទៅហើយ តែភាពឈឺចាប់នៅតែដក់ជាប់ជានិច្ចក្នុងរាងកាយរបស់ពុកជានិច្ច កូនប្រុសមាសឪពុកពេលដែលអត់ពីពុកទៅ កូនត្រូវរស់នៅក្នុងភាពថ្លៃថ្នូរជាកុលបុត្រខ្មែរដ៏មានតម្លៃសម្រាប់ទ្រទ្រង់ប្រទេសជាតិ

សេណីខំលេបទឹកមាត់ទាំងទុក្ខព្រួយលុតជង្គង់ពីក្រោយឪពុក :

- ទេ...ពុកត្រូវតែរស់នៅជាមួយកូនណាពុក សេណីត្រូវការពុក !

មេចោរលូកដៃ ដែលពោរពេញទៅដោយស្នាមសាក់ប្រឡាក់ដោយឈាម មកអង្អែលក្បាលកូនខំញញឹម

-ពុកអរគុណកូនណាស់ដែលកូនមានសមានចិត្តលើពុក តែកូនត្រូវយល់អ្វីៗវាមានដំណើរមិនទៀងទាត់ទេកូន

ឯងត្រូវបន្តការតាមរកវត្ថុនោះឱ្យឃើញណាកូន ! បើរកមិនឃើញទេ គឺកូនអស់មានវាសនានឹងជួបបងប្អូនរបស់កូនហើយ ! អូយ...អឺក ....

មេចោរឱបដើមទ្រូង បាត់សម្ដីលែងតបត

សេណីស្ទុះមកត្រកង..

មេចោរបន្ត :

- .....ពុកចុកក្នុងទ្រូងណាស់ ត្រូវចាំបណ្តាំពុកកូន

ឯងត្រូវរើភូមិគ្រឹះនេះ ហើយទៅកសាងភូមិឋានតូចល្មមនៅឯក្រុងតាខ្មៅវិញទៅណាកូនណា...អូយ... !

- ពុកឈប់មានប្រសាសន៍ទៅពុកហត់ណាស់ហើយ !

គាត់រាដៃឃាត់កូនប្រុស :

- ទុកឱកាសឱ្យពុកនិយាយជាមួយកូនឱ្យបានច្រើន ណី !

មាសប្រាក់ទាំងអស់នេះកូនត្រូវបែងចែកឱ្យគ្នីគ្នាយើង ឱ្យគេទៅកសាងអនាគតថ្មីទៅចុះកូនព្រោះពួកគេដើរតាមពុកច្រើនឆ្នាំហើយ តែបើនរណាគេស្ម័គ្រចិត្តរស់នៅជាមួយកូនឯង

ណីត្រូវមានចិត្តសន្តោសដល់គេផងណាកូន ហើយត្រូវតាមរកបងប្អូនកូនឱ្យឃើញ រួចយកមកនៅជុំគ្នាកុំពឹងពាក់នឹងនរណាឱ្យសោះ ជាពិសេសកុំរវល់នឹងប្រព័ន្ធតុលាការ ជៀសឱ្យឆ្ងាយ ព្រោះតែពួកមន្ត្រីច្បាប់គ្មានបានការទាំងនោះ ទើបឯងនិងពុកត្រូវរស់វេទនាលាក់ខ្លួនបែបនេះ ។

ទ្រព្យសម្បត្តិរបស់ពុក អាចឱ្យកូនរស់នៅបានដោយសុខស្រួលហើយជាមួយនឹងបងប្អូន...អូយ....!

- ពុក !

កំលោះតូចស្រក់ទឹកភ្នែកអាណិតបិតា បុរសកម្សត់លើកហត្ថា

ញ័រទទ្រើកជូតទឹកភ្នែកឱ្យកូន !

- តាមរកឱ្យឃើញម្ចាស់នៃអក្សរនោះ៖ វាហ្នឹងហើយដែល...



(សូមរង់ចាំអានភាគ ៣ ចេញក្នុងពេលឆាប់ៗនេះ)


ភាគ ១ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" " ព្រលឹមជួបភ័ក្រ្ត "



នាព្រឹកព្រលឹមចុងខែមីនា ឆ្នាំ១៩៦៩ ព្រះអាទិត្យផ្ដើមបញ្ចេញរស្មីបំភ្លឺលោកសន្និវាស ជន្នានុជនប្រុសស្រីក្មេងចាស់ ផ្តើមចាកចេញពីលំនៅឋានទៅប្រកបរបររៀងៗខ្លួន ។ នៅតាមដងវិថីសម្បូរទៅដោយម្លប់ឈើធំៗ អមដោយសម្លេងយានយន្តកងរំពងអ៊ូអរ ។

ខណៈដែលមនុស្សម្នាកំពុងធ្វើដំណើរខ្វែងខ្វាត់គេបានប្រទះភ្នែកក្រឡេកឃើញតាយាយមួយពីរនាក់កំពុងអង្គុយលក់ក្អម-ឆ្នាំង នៅក្បែររបងវីឡាដ៏ស្កឹម- ស្កៃដូចជាវិមានសួគ៌ាបើតាមអ្នកក្នុងក្រុងគេតែងនិយាយតៗគ្នា ថានោះគឺជាភូមិគ្រឹះរបស់លោកប្រធានតុលាការកំពូល ។
ច្រែត ច្រែត ច្រែត............ៗៗ

ស្នូរកញ្ចែរបស់ពួកតម្រួតលាន់ឮពេញផ្លូវ ផ្អើលអស់អ្នកផងនាំគ្នាចោលនេត្រាមើលមកតាយាយ ក្នុងសភាពងើយឆ្ងល់ !

- នែ ! តាយាយ មានដឹងថាការលក់ដូរនៅលើវិថីនេះខុសវិន័យខូចសណ្ដាប់ធ្នាប់ទេ ?
សម្ដីពួកតម្រួតខ័ណ្ឌក្នុងឯកសណ្ឋានបែបអ្នករាជការដៃកាន់ដំបងពណ៌ខ្មៅកំពុងចោទសួរទៅតាយាយទាំងពីរក្នុងទឹកមុខគួរឱ្យខ្លាច ហាក់ដូចជាកំពុងសួរឈ្លើយសឹកក្នុងសង្គ្រាម ។

- សូមលោកចៅ អភ័យទោសឱ្យតាយាយខ្ញុំពីរនាក់ផង ត្បិតអីរស់រាល់ថ្ងៃគ្មានទីពំនាក់អ្វីនោះទេ គឺមានតែរបរបន្តិចនេះឯងចញ្ចឹមក្រពេះទម្រាំលាចាកលោកនេះ។
- តាយាយទាំងពីរថ្លែងដោយលើកដៃសំពះអង្វរក្នុងទឹកមុខគួរឱ្យសង្វែគទៅក្រុមតម្រួតដែលកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកតាយាយទាំងពីរ ។

- ពួកយើងមកនេះគ្រាន់តែមកអនុវត្តច្បាប់ប៉ុណ្ណោះបើតាយាយឯងមិនព្រមរើរបស់ទាំងនេះទេ ទុកឱ្យពួកយើងធ្វើវិញ ហើយកុំថាពួកខ្ញុំមិនប្រាប់មុនឱ្យសោះ ។
- មោះ.....ពួកអាដែង (មេក្រុមតម្រួតស្រែកទៅកូនតម្រួតមានគ្នា ៤-៥នាក់ឱ្យមកជួយលើក ក្អម ឆ្នាំងដាក់លើរថយន្តកាពីតាស់)[1]

- កំពុងតែលើកឥវ៉ាន់ រំពេចនោះស្រាប់តែលេចមុខកម្លោះម្នាក់ ដៃឆ្វេងកាន់កាតាបទំនងជាមានឯកសារ បានហក់សំដៅយ៉ាងលឿនជ្រែកហ្វូងមហាជនមករកយាយតាទាំងពីរ ។
- នែ .... ពួកអស់លោកឱ្យល្មមៗ បានហើយ !
- គ្រាន់តែបានឮសម្លេងនេះភ្លាមពួកតម្រួតបង្អង់សកម្មភាព ហើយនាំគ្នាចោលភ្នែកទៅរកប្រភពនៃសម្លេងនោះ ។

- ក្រុមលោកឯងនេះ ពូកែណាស់អារឿងអនុវត្តច្បាប់លើប្រជាជនទន់ខ្សោយ ចំណែកឯអ្នកមាន វិញពួកលោកមិនដែលហ៊ានតតាំងឡើយ។ អ្នកលក់ផ្សេងទៀតដែលបង់លុយឱ្យវិញគឺក្រុមលោកឱ្យគេធ្វើយ៉ាងសប្បាយ ឬមួយដោយសារទីនេះគឺជារបងផ្ទះអ្នកមានអំណាចបាន ជាពួកអស់លោកមកតាំងខ្លួនត្រឹមត្រូវជាអ្នកអនុវត្តច្បាប់នៅចំពោះមុខមហាជនយ៉ាងនេះ ?
- កម្លោះចោទសួរដោយសម្ដីម៉ឹងម៉ាត់ទៅកាន់ក្រុមតម្រួត ។

- ហែងជាស្អី ? បានជាហ៊ានប្រើពាក្យសម្ដីបែបនេះដាក់អាញ់ផង?
- ក្រុមតម្រួតចោទសួរតបវិញក្នុងទឹកមុខកំហឹង ដោយលើកដំបងចង្អុលមុខកម្លោះផង។
- ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញដែលឆ្លងកាត់ទីនេះ ហើយឃើញក្រុមលោករាជការឯងកំពុងបំពានលើជនទន់ខ្សោយប៉ុណ្ណោះ ។ ច្បាប់គេបង្កើតមកដើម្បីការពារប្រជារាស្ត្រ ការពារអ្នកទន់ ខ្សោយ, ការពារអ្នកត្រឹមត្រូវ, តែអស់លោកបែជាយកច្បាប់នេះធ្វើជាឧបករណ៍គៀបស៊ីអ្នកក្រក្សត់ទៅវិញ តើអស់លោកមានមនសិការទេ?

- កម្លោះចោទសួរដោយកែវភ្នែកមុតស្រួចបាញ់ទៅរកពួកតម្រួត ។
- យី.....អាសម្ដីថ្លោះ ហែងអីក៏សម្បើមមេសហា ? មេតម្រួតម្នាក់ដែលគេហៅថាល្បងធា បានចេញមុខមកតបសម្ដីដោយមុខមាំ ។
- ខ្ញុំមិនមែនជាចេះដឹងកិច្ចការងារអស់លោកទេ តែមកពីខ្ញុំវាទើសភ្នែកពេក ។ ក្រុមលោកឯងទាំងអស់គ្នាស៊ីប្រាក់ខែរាជការ ហើយរាជការបានយកពន្ធពីរាស្ត្រមកបើកប្រាក់ខែឱ្យលោករាល់គ្នានេះ ។
- និយាយមិនទាន់បានប៉ុន្មានផង អាធាដែលជាមេក្រុមតម្រួតបានយាដំបងដែលកំពុងកាន់នៅនឹងដៃសំពងទៅលើមាត់កម្លោះ....
---------------------
- [1] រថយន្តកាពីតាស់៖ សំដៅដល់រថយន្តដែល បន្សល់ទុកពីពួកបារាំង ដើម្បីទុកឱ្យរាជការសម័យនោះប្រើប្រាស់ដឹកសម្ភារៈផ្សេងៗ ។  

វាចាអ្នកនិពន្ធ “កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ”


កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ”





        បងពុំដែលនឹកថាស្នេហាមួយនេះ បានដុះពន្លកក្នុងវិថីនៃអារម្មណ៍របស់បងឡើយ អាចប្រហែល មកពីកែវភ្នែកដ៏មុតស្រួចរបស់អូនបានបាញ់ទម្លុះបេះដូងបងតាំងពីថ្មើរណាផងក៏មិនដឹង។ ទោះបីជាអាកាស ធាតុប្រែប្រួលយ៉ាងណាតែចិន្តាបងមិនដែលនឹងប្ដូរម្ដងណាឡើយហើយអូនគឺជាមនុស្សម្នាក់ដែលបានឆក់ យកអ៊ុកស៊ីសែនពីក្នុងដង្ហើមបងតាំងពីថ្ងៃដែលយើងទាំងពីរបានជួបគ្នា ជាពិសេសចង្វាក់បេះដូងបង ស្ទើតែឈប់លោតទៅហើយ នៅពេលនេត្រាទាំងគូរនេះបានឃើញស្នាមញញឹមដ៏ស្រទន់របស់អូនម្ដងៗ ។


    ភាពទុក្ខសោកតែងតាមលងបន្លាចបងជានិច្ច ព្រោះតែកែវភ្នែករបស់បងនៅតែដិតដាមវង់ភ័ក្រ្ត ពោរពេញដោយមន្តមេត្រីរបស់អូនជាប់ក្នុងឳរ៉ា សូម្បីតែនៅក្នុងអង្គសាវនាការចំពោះមុខលោកចៅក្រមក្ដី ក៏បងនៅតែស្រមៃឃើញរាងដ៏ស្រលូនរបស់ចរណៃឈរនឹងមុខបងដែរ ។ ការងារស្វែងរកយុត្តិធម៌ដែល បងកំពុងធ្វើនេះត្បិតថាមានគ្រោះថ្នាក់ តែអ្វីដែលបារម្ភបំផុតគឺមិនមែនជាសុវត្ថិភាពផ្ទាល់ខ្លួនប្រយុទ្ធនឹងកណ្ដាប់ដៃឧក្រិដ្ឋជននោះទេ តែវាគឺជាក្ដីសុខក្រឡាបញ្ជីអូនដែលនៅឆ្ងាយពីបង ។


ប្រសិនបើអូនបានយល់អក្ខរាចាដោយចិត្តស្មោះទាំងនេះ តើអូនអាចនឹងអនុគ្រោះដល់ដង្ហើមនៃបេះដូងបងដែរឬទេ? នេះហើយគឺជាឃាតករស្នេហាប្រសិនបើរៀមរ៉ាមិនប្រណីដល់ភក្ដីស្នេហាបងដូច្នេះ សូមនួនល្អងដោះខ្នោះបេះដូងនេះផងដើម្បីជាការបើកមាត្រាថ្មីនៃស្នេហាយើង ។


                                               ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
ឃី ពិសី
(ស្មេរ)



អារម្ភកថា

អត្ថបទនៅក្នុងសាច់រឿង គឺជាកម្រងព្រឹត្តិការណ៍ខ្លះៗ ដែលបានកើតឡើងនៅចន្លោះ ឆ្នាំ១៩៦៩-១៩៧៤ ក្នុងតំបន់ប៉ែកខាងកើតនៃក្រុងភ្នំពេញតាមបណ្ដោយដងទន្លេបាសាក់ បង្ករឡើងដោយពួកអភិជន និងឧក្រិដ្ឋជនបាតសង្គមមួយក្ដាប់តូច ធ្វើព្យុះធ្វើភ្លៀងលើពលរដ្ឋស្លូតត្រង់ ក្នុងចេតនាជិះជាន់ពួកគេដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ។ រឿងរ៉ាវដែលរំលេចលើសន្លឹកក្រដាស់នេះមួយចំនួន គឺកើតចេញពីការតំណាលប្រាប់ពីឳពុក និងម្ដាយរបស់ខ្ញុំ ហើយផ្នែកខ្លះទៀតគឺកើតចេញពីការសរសេររបស់ខ្ញុំផ្ទាល់ ។
មូលហេតុសំខាន់ដែលជម្រុញឱ្យខ្ញុំកើតគំនិតផ្ដើមសរសេរអត្ថបទនេះ គឺព្រោះតែចង់ឱ្យអស់លោកឧត្តមមន្ត្រីនាម៉ឺនមុខការ រាជការទាំងឡាយ ខ្លាចរកុំធ្វើស្រែលើខ្នងរាស្ត្រដូចជំនាន់មន្ត្រីកាលពីសម័យមុន ព្រោះភាពអយុត្តិធម៌រស់មិនបានយូរនោះទេ ។ សាច់រឿងនឹងបង្ហាញអ្នកអាននូវតថភាព៖ ស៊ើបអង្កេត, ការដេញដោលតទល់គ្នាក្នុងសាវនាវការទៅលើរឿងក្ដីដែលពួកឧក្រិដ្ឋជនបានប្រព្រឹត្ត ដើម្បីរំដោះយុត្តិធម៌សង្គមចេញពីកណ្ដាប់ដៃក្រុមអ្នកមានអំណាច, ហើយជាពិសេសគឺឈុតឆាកសាងសងស្នេហ៍របស់កម្លោះមេធាវីតែម្ដង សូម្បីតែកូនស្រីលោកប្រធានតុលាការកំពូលក៏អត់ទ្រាំនឹងសម្រស់កម្លោះយើងពុំបានដែរ ។
នាសម័យកាលនោះមិនត្រឹមតែអ្នកធំមានតណ្ហាស្រេកឃ្លានទ្រព្យពលរដ្ឋប៉ុណ្ណោះ​ទេ សូម្បីតែប្រពន្ធគេក៏ពួកជនអន្ទពាលទាំងនោះមិនលើកលែងដែរ ។ ទិដ្ឋភាពទាំងនេះអាចថាមិនមែនជារឿងប្រឌិតទាំងស្រុងនោះទេ តែវាបានចូលរួមឆ្លុះបញ្ចាំងនៃចលនាក្នុងសង្គមនៃរបបដឹកនាំបែបផ្ដាច់ការនិយម ។
ទោះបីយ៉ាងណានៅទីបំផុតទៅពួកគេទាំងនោះនៅតែចាញ់ គឺចាញ់ក្រោមអំពើអយុត្តិធម៌ដែលខ្លួនបានប្រព្រឹត្តតាមរយៈការងើបឡើងតទល់ពីនឹមអាណានិគមរបស់ពលរដ្ឋ ដូចពាក្យមួយពោលថា “ទីណាមានការគៀបសង្កត់ ទីនោះមានការរើបម្រាស់” ។
ក្នុងនាមខ្ញុំបាទជាអ្នកសរសេរ “ប្រលោមលោក កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ” ដែលតាមការពិតខ្ញុំមិនមែនជាអ្នកនិពន្ធ ឬធ្លាប់ចូលសាលានិពន្ធម្ដងណាឡើយ សូមមេត្តាខន្តីអភ័យទោសរាល់កំហុសឆ្គងទាំងឡាយណា ដែលបានកើតឡើងដោយអចេតនាក្នុងអត្ថបទនេះ ។