ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ភាគ ១ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" " ព្រលឹមជួបភ័ក្រ្ត "

No comments


នាព្រឹកព្រលឹមចុងខែមីនា ឆ្នាំ១៩៦៩ ព្រះអាទិត្យផ្ដើមបញ្ចេញរស្មីបំភ្លឺលោកសន្និវាស ជន្នានុជនប្រុសស្រីក្មេងចាស់ ផ្តើមចាកចេញពីលំនៅឋានទៅប្រកបរបររៀងៗខ្លួន ។ នៅតាមដងវិថីសម្បូរទៅដោយម្លប់ឈើធំៗ អមដោយសម្លេងយានយន្តកងរំពងអ៊ូអរ ។

ខណៈដែលមនុស្សម្នាកំពុងធ្វើដំណើរខ្វែងខ្វាត់គេបានប្រទះភ្នែកក្រឡេកឃើញតាយាយមួយពីរនាក់កំពុងអង្គុយលក់ក្អម-ឆ្នាំង នៅក្បែររបងវីឡាដ៏ស្កឹម- ស្កៃដូចជាវិមានសួគ៌ាបើតាមអ្នកក្នុងក្រុងគេតែងនិយាយតៗគ្នា ថានោះគឺជាភូមិគ្រឹះរបស់លោកប្រធានតុលាការកំពូល ។
ច្រែត ច្រែត ច្រែត............ៗៗ

ស្នូរកញ្ចែរបស់ពួកតម្រួតលាន់ឮពេញផ្លូវ ផ្អើលអស់អ្នកផងនាំគ្នាចោលនេត្រាមើលមកតាយាយ ក្នុងសភាពងើយឆ្ងល់ !

- នែ ! តាយាយ មានដឹងថាការលក់ដូរនៅលើវិថីនេះខុសវិន័យខូចសណ្ដាប់ធ្នាប់ទេ ?
សម្ដីពួកតម្រួតខ័ណ្ឌក្នុងឯកសណ្ឋានបែបអ្នករាជការដៃកាន់ដំបងពណ៌ខ្មៅកំពុងចោទសួរទៅតាយាយទាំងពីរក្នុងទឹកមុខគួរឱ្យខ្លាច ហាក់ដូចជាកំពុងសួរឈ្លើយសឹកក្នុងសង្គ្រាម ។

- សូមលោកចៅ អភ័យទោសឱ្យតាយាយខ្ញុំពីរនាក់ផង ត្បិតអីរស់រាល់ថ្ងៃគ្មានទីពំនាក់អ្វីនោះទេ គឺមានតែរបរបន្តិចនេះឯងចញ្ចឹមក្រពេះទម្រាំលាចាកលោកនេះ។
- តាយាយទាំងពីរថ្លែងដោយលើកដៃសំពះអង្វរក្នុងទឹកមុខគួរឱ្យសង្វែគទៅក្រុមតម្រួតដែលកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកតាយាយទាំងពីរ ។

- ពួកយើងមកនេះគ្រាន់តែមកអនុវត្តច្បាប់ប៉ុណ្ណោះបើតាយាយឯងមិនព្រមរើរបស់ទាំងនេះទេ ទុកឱ្យពួកយើងធ្វើវិញ ហើយកុំថាពួកខ្ញុំមិនប្រាប់មុនឱ្យសោះ ។
- មោះ.....ពួកអាដែង (មេក្រុមតម្រួតស្រែកទៅកូនតម្រួតមានគ្នា ៤-៥នាក់ឱ្យមកជួយលើក ក្អម ឆ្នាំងដាក់លើរថយន្តកាពីតាស់)[1]

- កំពុងតែលើកឥវ៉ាន់ រំពេចនោះស្រាប់តែលេចមុខកម្លោះម្នាក់ ដៃឆ្វេងកាន់កាតាបទំនងជាមានឯកសារ បានហក់សំដៅយ៉ាងលឿនជ្រែកហ្វូងមហាជនមករកយាយតាទាំងពីរ ។
- នែ .... ពួកអស់លោកឱ្យល្មមៗ បានហើយ !
- គ្រាន់តែបានឮសម្លេងនេះភ្លាមពួកតម្រួតបង្អង់សកម្មភាព ហើយនាំគ្នាចោលភ្នែកទៅរកប្រភពនៃសម្លេងនោះ ។

- ក្រុមលោកឯងនេះ ពូកែណាស់អារឿងអនុវត្តច្បាប់លើប្រជាជនទន់ខ្សោយ ចំណែកឯអ្នកមាន វិញពួកលោកមិនដែលហ៊ានតតាំងឡើយ។ អ្នកលក់ផ្សេងទៀតដែលបង់លុយឱ្យវិញគឺក្រុមលោកឱ្យគេធ្វើយ៉ាងសប្បាយ ឬមួយដោយសារទីនេះគឺជារបងផ្ទះអ្នកមានអំណាចបាន ជាពួកអស់លោកមកតាំងខ្លួនត្រឹមត្រូវជាអ្នកអនុវត្តច្បាប់នៅចំពោះមុខមហាជនយ៉ាងនេះ ?
- កម្លោះចោទសួរដោយសម្ដីម៉ឹងម៉ាត់ទៅកាន់ក្រុមតម្រួត ។

- ហែងជាស្អី ? បានជាហ៊ានប្រើពាក្យសម្ដីបែបនេះដាក់អាញ់ផង?
- ក្រុមតម្រួតចោទសួរតបវិញក្នុងទឹកមុខកំហឹង ដោយលើកដំបងចង្អុលមុខកម្លោះផង។
- ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញដែលឆ្លងកាត់ទីនេះ ហើយឃើញក្រុមលោករាជការឯងកំពុងបំពានលើជនទន់ខ្សោយប៉ុណ្ណោះ ។ ច្បាប់គេបង្កើតមកដើម្បីការពារប្រជារាស្ត្រ ការពារអ្នកទន់ ខ្សោយ, ការពារអ្នកត្រឹមត្រូវ, តែអស់លោកបែជាយកច្បាប់នេះធ្វើជាឧបករណ៍គៀបស៊ីអ្នកក្រក្សត់ទៅវិញ តើអស់លោកមានមនសិការទេ?

- កម្លោះចោទសួរដោយកែវភ្នែកមុតស្រួចបាញ់ទៅរកពួកតម្រួត ។
- យី.....អាសម្ដីថ្លោះ ហែងអីក៏សម្បើមមេសហា ? មេតម្រួតម្នាក់ដែលគេហៅថាល្បងធា បានចេញមុខមកតបសម្ដីដោយមុខមាំ ។
- ខ្ញុំមិនមែនជាចេះដឹងកិច្ចការងារអស់លោកទេ តែមកពីខ្ញុំវាទើសភ្នែកពេក ។ ក្រុមលោកឯងទាំងអស់គ្នាស៊ីប្រាក់ខែរាជការ ហើយរាជការបានយកពន្ធពីរាស្ត្រមកបើកប្រាក់ខែឱ្យលោករាល់គ្នានេះ ។
- និយាយមិនទាន់បានប៉ុន្មានផង អាធាដែលជាមេក្រុមតម្រួតបានយាដំបងដែលកំពុងកាន់នៅនឹងដៃសំពងទៅលើមាត់កម្លោះ....
---------------------
- [1] រថយន្តកាពីតាស់៖ សំដៅដល់រថយន្តដែល បន្សល់ទុកពីពួកបារាំង ដើម្បីទុកឱ្យរាជការសម័យនោះប្រើប្រាស់ដឹកសម្ភារៈផ្សេងៗ ។  

No comments :