វាចាអ្នកនិពន្ធ “កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ”
“កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ”
បងពុំដែលនឹកថាស្នេហាមួយនេះ បានដុះពន្លកក្នុងវិថីនៃអារម្មណ៍របស់បងឡើយ
អាចប្រហែល មកពីកែវភ្នែកដ៏មុតស្រួចរបស់អូនបានបាញ់ទម្លុះបេះដូងបងតាំងពីថ្មើរណាផងក៏មិនដឹង។
ទោះបីជាអាកាស ធាតុប្រែប្រួលយ៉ាងណាតែចិន្តាបងមិនដែលនឹងប្ដូរម្ដងណាឡើយហើយអូនគឺជាមនុស្សម្នាក់ដែលបានឆក់
យកអ៊ុកស៊ីសែនពីក្នុងដង្ហើមបងតាំងពីថ្ងៃដែលយើងទាំងពីរបានជួបគ្នា ជាពិសេសចង្វាក់បេះដូងបង
ស្ទើតែឈប់លោតទៅហើយ នៅពេលនេត្រាទាំងគូរនេះបានឃើញស្នាមញញឹមដ៏ស្រទន់របស់អូនម្ដងៗ ។
ភាពទុក្ខសោកតែងតាមលងបន្លាចបងជានិច្ច ព្រោះតែកែវភ្នែករបស់បងនៅតែដិតដាមវង់ភ័ក្រ្ត
ពោរពេញដោយមន្តមេត្រីរបស់អូនជាប់ក្នុងឳរ៉ា សូម្បីតែនៅក្នុងអង្គសាវនាការចំពោះមុខលោកចៅក្រមក្ដី
ក៏បងនៅតែស្រមៃឃើញរាងដ៏ស្រលូនរបស់ចរណៃឈរនឹងមុខបងដែរ ។ ការងារស្វែងរកយុត្តិធម៌ដែល បងកំពុងធ្វើនេះត្បិតថាមានគ្រោះថ្នាក់
តែអ្វីដែលបារម្ភបំផុតគឺមិនមែនជាសុវត្ថិភាពផ្ទាល់ខ្លួនប្រយុទ្ធនឹងកណ្ដាប់ដៃឧក្រិដ្ឋជននោះទេ
តែវាគឺជាក្ដីសុខក្រឡាបញ្ជីអូនដែលនៅឆ្ងាយពីបង ។
ប្រសិនបើអូនបានយល់អក្ខរាចាដោយចិត្តស្មោះទាំងនេះ
តើអូនអាចនឹងអនុគ្រោះដល់ដង្ហើមនៃបេះដូងបងដែរឬទេ? នេះហើយគឺជាឃាតករស្នេហាប្រសិនបើរៀមរ៉ាមិនប្រណីដល់ភក្ដីស្នេហាបងដូច្នេះ
សូមនួនល្អងដោះខ្នោះបេះដូងនេះផងដើម្បីជាការបើកមាត្រាថ្មីនៃស្នេហាយើង ។
ថ្ងៃសុក្រ
៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ,
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
ឃី ពិសី
(ស្មេរ)
អារម្ភកថា
អត្ថបទនៅក្នុងសាច់រឿង
គឺជាកម្រងព្រឹត្តិការណ៍ខ្លះៗ ដែលបានកើតឡើងនៅចន្លោះ ឆ្នាំ១៩៦៩-១៩៧៤ ក្នុងតំបន់ប៉ែកខាងកើតនៃក្រុងភ្នំពេញតាមបណ្ដោយដងទន្លេបាសាក់
បង្ករឡើងដោយពួកអភិជន និងឧក្រិដ្ឋជនបាតសង្គមមួយក្ដាប់តូច ធ្វើព្យុះធ្វើភ្លៀងលើពលរដ្ឋស្លូតត្រង់
ក្នុងចេតនាជិះជាន់ពួកគេដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ។ រឿងរ៉ាវដែលរំលេចលើសន្លឹកក្រដាស់នេះមួយចំនួន
គឺកើតចេញពីការតំណាលប្រាប់ពីឳពុក និងម្ដាយរបស់ខ្ញុំ ហើយផ្នែកខ្លះទៀតគឺកើតចេញពីការសរសេររបស់ខ្ញុំផ្ទាល់
។
មូលហេតុសំខាន់ដែលជម្រុញឱ្យខ្ញុំកើតគំនិតផ្ដើមសរសេរអត្ថបទនេះ
គឺព្រោះតែចង់ឱ្យអស់លោកឧត្តមមន្ត្រីនាម៉ឺនមុខការ រាជការទាំងឡាយ ខ្លាចរកុំធ្វើស្រែលើខ្នងរាស្ត្រដូចជំនាន់មន្ត្រីកាលពីសម័យមុន
ព្រោះភាពអយុត្តិធម៌រស់មិនបានយូរនោះទេ ។ សាច់រឿងនឹងបង្ហាញអ្នកអាននូវតថភាព៖
ស៊ើបអង្កេត, ការដេញដោលតទល់គ្នាក្នុងសាវនាវការទៅលើរឿងក្ដីដែលពួកឧក្រិដ្ឋជនបានប្រព្រឹត្ត
ដើម្បីរំដោះយុត្តិធម៌សង្គមចេញពីកណ្ដាប់ដៃក្រុមអ្នកមានអំណាច, ហើយជាពិសេសគឺឈុតឆាកសាងសងស្នេហ៍របស់កម្លោះមេធាវីតែម្ដង
សូម្បីតែកូនស្រីលោកប្រធានតុលាការកំពូលក៏អត់ទ្រាំនឹងសម្រស់កម្លោះយើងពុំបានដែរ ។
នាសម័យកាលនោះមិនត្រឹមតែអ្នកធំមានតណ្ហាស្រេកឃ្លានទ្រព្យពលរដ្ឋប៉ុណ្ណោះទេ
សូម្បីតែប្រពន្ធគេក៏ពួកជនអន្ទពាលទាំងនោះមិនលើកលែងដែរ ។
ទិដ្ឋភាពទាំងនេះអាចថាមិនមែនជារឿងប្រឌិតទាំងស្រុងនោះទេ
តែវាបានចូលរួមឆ្លុះបញ្ចាំងនៃចលនាក្នុងសង្គមនៃរបបដឹកនាំបែបផ្ដាច់ការនិយម ។
ទោះបីយ៉ាងណានៅទីបំផុតទៅពួកគេទាំងនោះនៅតែចាញ់
គឺចាញ់ក្រោមអំពើអយុត្តិធម៌ដែលខ្លួនបានប្រព្រឹត្តតាមរយៈការងើបឡើងតទល់ពីនឹមអាណានិគមរបស់ពលរដ្ឋ
ដូចពាក្យមួយពោលថា “ទីណាមានការគៀបសង្កត់ ទីនោះមានការរើបម្រាស់” ។
ក្នុងនាមខ្ញុំបាទជាអ្នកសរសេរ
“ប្រលោមលោក “កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ”
ដែលតាមការពិតខ្ញុំមិនមែនជាអ្នកនិពន្ធ ឬធ្លាប់ចូលសាលានិពន្ធម្ដងណាឡើយ សូមមេត្តាខន្តីអភ័យទោសរាល់កំហុសឆ្គងទាំងឡាយណា
ដែលបានកើតឡើងដោយអចេតនាក្នុងអត្ថបទនេះ ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment