ភាគ ២ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ម្ចាស់អក្សរជានរណា?
វីឡាសែនសង្ហាលាតសន្ធឹងលាបពណ៌មាស ដូចជាវិមានសួគ៌បង្អួតរាងនៅតាមដងវិថីព្រះមុនីវង្ស ។ មនុស្សម្នាចោលភ្នែកទៅ ប៉ូលីសមួយក្រុម កំពុងអែអង់រេរាខាងមុខរបងទ្វាមិនហ៊ានចូលទៅទេ ហាក់ដូចជាខ្លាចនរណាម្នាក់នៅខាងក្នុង ។
-មិនកើតទេវើយ គ្មានអាចោរណាដែលល្ងង់រត់ចូលទៅក្នុង
គុកដោយខ្លួនឯងនោះទេ !
ពួកប៉ូលីសពីរនាក់នាំគ្នាខ្សឹបៗនិយាយដាក់គ្នា
-បើតាមដឹងលោក ក្រៃយ៉ាង មិនដែលអនុគ្រោះដល់អ្នកណាទេ
បើហ៊ានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គាត់នោះ ។
-អើ...បើដឹងហើយនៅដល់ណាទៀត?ឬក៏ពួកឯងចង់ទះមូសជំនួសអាល្អិតអំបាញ់មិញនេះ
?
មេប៉ូលីសម្នាក់ចេញមុខបន្ទរ
ចុះកាលបើពួកយើងធ្វើឱ្យចោររួចខ្លួននេះ
តើយើងមានអីទៅបកស្រាយប្រាប់ថ្នាក់លើ? កូនចៅនាំគ្នាសួរទៅមេវិញ
- ស៊ីបាយក្រហម និងស៊ីបាយសរតើអាណាស្រួលជាងវើយ
!
គេទាំង៥នាក់ពិភាក្សាហើយមូលមតិគ្នា !
អើយសម្រេចចឹងចុះ
-----------------------------
នៅក្នុងសួនច្បារបុផ្ផារីកចម្រុះពណ៌ចោលក្លិនក្រអូបសព្វសាយឈ្ងុយឈ្ងប់ឈួលដល់នាសា ធ្លាក់ខ្យល់រំភើយរដូវរំហើយ នាឆ្នាំ១៩៥៥ មេអំបៅហិចហើរឆាប់ចុះ ឆាបឡើងស្រង់លំអងផ្កានៅក្នុងសួនដែលមានរុក្ខជាតិតូចធំគ្រប់ពណ៌ ។
នារីតូចច្រឡឹងស្លៀកខាគូទខ្លីពាក់អាវយឺតពណ៌ស រត់ប្រឡែងដេញចាប់មេអំបៅនៅក្នុងសួនចោលសំណើចក្អាកក្លាយស្រួយស្រិប
សត្វសេកស្ទុះហើរទ្រុយ ស្រីតូចស្រែកដោយអំណរ !
- ឯងរត់មិនរួចទេ ប្រគល់ខ្លួនឱ្យយើងមកបើមិនចង់ហត់
!
ស្ទើរតែចប់វាចាមិនទាន់_នាងរត់មកដល់កន្លែងសត្វស្លាបហើយជាស្រេច ស្រាប់តែនាងស្រែកដោយភ្ញាក់ :
-អ្នកឯងជានរណា ?
យុវជនជំទើសើចស្ញេញ បញ្ចេញធ្មេញសស្គុះដូចផ្កាម្លិះ
រង្វង់មុខសែនស្អាតសង្ហាវ័យប្រមាណជា១៨ឆ្នាំប៉ុណ្ណោះបានបន្លឺ
វាចាមួយៗ ហើយសម្លឹងឥតព្រិចភ្នែកពីគុម្ពផ្កាដែលលាក់ខ្លួន
!
-ខ្ញុំមិនរត់ទេអ្នកនាងតូច
តែសូមនាងតូចកុំចាប់ខ្ញុំអី ខ្ញុំខ្លាចណាស់
!
ស្រីតូចដ៏សែនស្រស់បំព្រងបើកភ្នែកធំៗដែលខ្មៅក្រិប
ភក្ត្រាមូលក្រឡង់ក្របួចមាត់ទំនងមិនស្លូតប៉ុន្មានទេ
តែរស្មីនេត្រាភ្លឺល្អពន់ពេកណាស់នាងមានវ័យប្រមាណជា១៦ឆ្នាំ
សម្លុតយកតែមែនទែន
- អ្នកឯងជាចោរឬ ?
កម្លោះតូចគ្រវីក្បាលទាំងលើកដៃរា
- ទេ...ខ្ញុំគ្រាន់តែយករបស់គេដែលដាក់ប្រហែសចោលទេតើ
មិនបានលួចគេទេ !
ស្រីតូចខិលធ្វើមុខមាំ
-មិនមែនចោរ តែលួចរបស់គេ ស្រួលហើយខ្ញុំចាប់យកទៅ
ឱ្យប៉ាដើម្បីយករង្វាន់សិន !
អ្នកប្រុសជំទើមានអាការៈស្លន់ស្លោ
តែបើពិនិត្យក្រសែភ្នែក
គឺមុតស្រួច បបេមាត់ញញឹមលាក់គំនួចខិល
លួចមើលស្រីដោយកន្ទុយភ្នែក !
- មិនបាច់យករង្វាន់ពីប៉ានាងទេ
ខ្ញុំនឹងជូនរង្វាន់សម្រាប់ជីវិតណា
នាងតូចបោះជំហានថយក្រោយ ទាំងនិយាយធ្ងន់
- រង្វាន់ស្អី? អ្នកឯងចង់ព្រហើនឬ ? ត្រូវដឹងថានេះជាវិមានរបស់លោកប្រធានតុលាការកំពូលក្រុងភ្នំពេញ ដែលពុំមានអនុគ្រោះដល់ជនខិលខូចឡើយ ជាសំណាងអ្នកឯងហើយដែគេចផុតពីទារុណកម្មរបស់ពួកតម្រួតខាងក្រៅ តែបែជាមកចូលគុកដោយខ្លួនឯងនៅទីនេះសោះ !
កំលោះតូចសើចយ៉ាងពិរោះ និយាយដោយពើងទ្រូងយ៉ាងក្លាហានណាស់
:
-អាយុ១៨ឆ្នាំទៅហើយ ក្នុងឋានៈជាកូនមហាចោរ ខ្ញុំមិនដែលចេះញញើតនឹងគុកឡើយ ព្រោះវាគ្រាន់តែបន្ទប់តូចមួយប៉ុណ្ណោះ ដែលខ្ញុំចេញចូលសឹងថាដូចជាបន្ទប់ទឹកទៅហើយ។ តាមពិតមកពីខ្ញុំធុញនឹងភាពអផ្សុកដោយមានអ្នកយាមខ្វាត់ខ្វែងដូចជាអធិរាជ ទៅណាមកណាមានគេហែហម សូម្បីតែទៅបត់ជើងក៏មានគេហែដែរណាអ្នកនាងតូច ! ទើបខ្ញុំមកលេងនៅទីនេះ ។
គេបន្ទាបសម្លេងតិចៗដោយក្រសែភ្នែកញញឹមយ៉ាងស្រស់ ឱ !បើពេញកំលោះវិញពិតជាទេវបុត្រកំពូលស្នេហ៍ហើយ
- លែងខ្ញុំទៅណាស្រីតូច... ចាំថ្ងៃក្រោយខ្ញុំទៅលួចយកកូនបក្សីដ៏ស្អាតមកជូននាងតូចណា
!
នាងតូចបុត្រីតុលាការកំពូលច្រត់ចង្កេះនិយាយយ៉ាងមាំ
:
- មួយម៉ាត់លួច ពីរម៉ាត់ឆក់
អ្នកឯងកំពុងតែភ្លេចខ្លួនថាបាន
សារភាពកំហុសនៅចំពោះមុខអនាគតព្រះរាជអាជ្ញាហើយ !
យើងស្អប់ណាស់ជនខិលខូចទុច្ចរិតលួចប្លន់ភាពសុខសាន្តរបស់ប្រជាជន
!
កំលោះតូចលៀនអណ្តាតទៅឱ្យវិញ :
– អនាគតព្រះរាជអាជ្ញាផងហ្ន៎ ឱ ! ស្រីតូចច្រមក់អើយ ព្រះរាជអាជ្ញាក្រមុំ វាត្រូវនឹងចោរកំលោះណា
- បងលាសិនហើយ ...
- អូនរង់ចាំទទួលបងផង បងនឹងមកវិញ
- ចោរៗៗៗ ចោៗៗ ពូៗៗៗ ជួយ
នាងតូចស្រែកដូចជាកញ្ចែប្រាប់ទៅកងសន្តិសុខយាមកាមក្នុងវិឡា។
- បងនឹងឈរនៅចំពោះមុខឱ្យអូនកាត់ក្តីឱ្យបង បាយ...បាយ...
!
- ឈប់សិន អាចោរព្រាន ចាប់_ពូសែពចោរ...
!
តែកំលោះតូចរហ័សដូចពានរ ហក់ភ្លែតតោងទ្វារដែក ទោះមានបន្លាមុតស្រួចក៏ធ្វើអ្វីគេពុំបានដែរ ។
ញាក់មុខដ៏ស្រស់ដាក់នាងតូចរួចលោតចេញទៅក្រៅបាត់លឿនស្លេវ។
សម្រិបជើងជាច្រើនរត់មកដល់ សម្លេងបុរសចាស់ម្នាក់លាន់ឡើង :
-ចោរនៅឯណានាងតូច??
ស្រីតូចដ៏ឆ្នើមខាំមាត់_ដើរចេញយឥតមានស្តីមួយម៉ាត់សោះឡើយ
ពួកតម្រួតគ្រវីក្បាលនឹងចរិតរបស់ស្រីតូចនេះ
សន្តិសុខមួយដកដង្ហើមធំទំនងដូចជាហត់សម្បើមណាស់ ។
--------------
- ពុកអើយ ពុក...!
សម្លេងមនុស្សចាស់ ក្អកឃុងៗស្រែកពីខាងក្នុងផ្ទះមក ។
- អ្នកណាគេ សេណី មែនទេ_កូនមកវិញហើយឬ ?
កំលោះតូចនិយាយថ្នមៗ :
- បាទ...គឺកូនពុក កូនមកវិញហើយ !
បុរសចំណាស់បើកភ្នែកស្ទើរតែគ្មានរស្មីសម្លឹងមើលមកបុត្រា
ទាំងទឹកមុខស្ងប់ស្ងួត :
គេលើកកាបូបមួយបង្ហាញ !
- កូនធ្វើតាមបណ្តាំពុកឥតមានចន្លោះទេ
កាបូបនេះជារបស់
ជំទាវម្នាក់ពាក់មាសពេជ្រជ្រែកខ្លួន អមដោយអង្គរក្ស
ដែលដើរយ៉ាងព្រហើននៅចំពោះមុខ ឧត្តមសេណី
- តែនៅគេចមិនផុតពីដៃរហ័សរបស់កូនទេ
មហាចោរចំងក់ក្បាលសើចយ៉ាងស្ងួត :
- ល្អណាស់សេណី...ពុកមិនអស់សង្ឃឹមឡើយ
ចាក់ចេញមកមើលកូន តើមានរបស់ដែលពុកប្រាថ្នាដែរឬទេ ?
មាស ពេជ្រ ប្រាក់ធ្លាក់មករពុយៗ ពីក្នុងកាបូបយួរ
មេចោរធំខំសម្លឹង រួចធ្វើមុខស្ងួតគ្រវីក្បាលទាំងនិយាយទៀត
:
ចាក់ឱ្យអស់មកសេណី !
- អស់ហើយពុក !
មេចោរដាក់ខ្លួនគេងទៅវិញដោយដកដង្ហើមធំ....
សេណីខំខ្វះកាបូបចេញក្រដាសមួយសន្លឹកមកទៀត
នោះគឺជាដីកាបញ្ជាឱ្យរឹបអូសភូមិមួយកន្លែងក្នុងទំហំដី១០០ហិកតា
។
- ពុក...នេះ នរិន គឺជាឈ្មោះចៅក្រមដែលស៊ីញ៉េលើដីកា រឹបអូសដីប្រជាជនទេតើ ហើយមានឈ្មោះ ចក្រី វុទ្ធ ជាដើមបណ្ដឹងផងពុក ។
-....ពុទ្ធោ គឺវានេះហើយកូន ! វាជានរណាពុក ?
-តើភូមិនោះនៅឯណា ? មេចោសួរទាំងទឹកមុខបារម្ភ ។
ដូចជានៅភូមិបុរីកីឡា អក្សរមើលមិនច្បាស់ទេពុក
រាងរលុបៗ ។
សម្លេងក្អក កាន់តែខ្លាំង ធ្លាក់ឈាមទាំងដុំៗ
យុវបុរសក្មេងលើត្រកងបិតា
- ពុក...ពុក...យ៉ាងម៉េចទៅហើយពុក ?
មេចោរបន្ធូរដង្ហើមបន្តិច :
- ណី...កូនត្រូវនាំពុកចូលទៅក្នុងបន្ទប់ក្រោមដីសម្ងាត់របស់យើងទៅ
ពុកពិបាកទ្រាំណាស់ !
កំលោះយើងស្ទាក់ស្ទើរ !
- តែពុក...
ឯងចង់ប្រឆាំងនឹងពុកឬ ?
- ទេ...តែកូនបារម្ភពីសុខភាពរបស់ពុក ខ្ញុំនឹងទៅរកពេទ្យ
!
មេចោរចាប់ដៃកូនជាប់ ស្ដាប់ពុកទៅណាកូន ។
បុរសចំណាស់ខំប្រឹងងើប កំលោះតូចលើកត្រកងបិតា
រួចចុចគន្លឹះសម្ងាត់ រំពេចនោះកញ្ចក់ទូរដាក់សម្លៀកបំពាក់ក៏ប្រែក្លាយទៅជាច្រកផ្លូវមួយមួយរំពេច ។
ពន្លឺ ច្រាល នៃលោហធាតុដ៏មានតម្លៃក្រាល មាស...ពេជ្រ
គឺជាទ្រព្យសម្បត្តិដែលមហាចោរប្រមូលបានយ៉ាងច្រើនមហាសាល ។
-សេណី...ជាង១០ឆ្នាំហើយដែលពុកនិងកូនបានប្រព្រឹត្តិនូវអំពើថោកទាប ឆក់ប្លន់ពីពពួកអ្នកមានទុរយសគៀបស៊ីពីលើរាស្ដ្រ
-បាទពុក កូនដឹងហើយ !
គាត់ចង្អុលទៅលើដុំថ្មមួយដុំ !
- ដាក់ពុកចុះទៅកូន !
កម្លោះតូចធ្វើតាមសម្ដីឪពុក
មេចោរឥតឈ្មោះសម្លឹងមើលទៅពិដាននៃបន្ទប់
ក្នុងអាកាសធាតុត្រជាក់
តែមានពន្លឺព្រះច័ន្ទច្រាលៗតិចៗ ជះចូលមកក្នុង !
-ហ៊ី...ពេលវេលាបានកន្លងហួសទៅហើយ តែភាពឈឺចាប់នៅតែដក់ជាប់ជានិច្ចក្នុងរាងកាយរបស់ពុកជានិច្ច
កូនប្រុសមាសឪពុកពេលដែលអត់ពីពុកទៅ កូនត្រូវរស់នៅក្នុងភាពថ្លៃថ្នូរជាកុលបុត្រខ្មែរដ៏មានតម្លៃសម្រាប់ទ្រទ្រង់ប្រទេសជាតិ
សេណីខំលេបទឹកមាត់ទាំងទុក្ខព្រួយលុតជង្គង់ពីក្រោយឪពុក
:
- ទេ...ពុកត្រូវតែរស់នៅជាមួយកូនណាពុក សេណីត្រូវការពុក
!
មេចោរលូកដៃ ដែលពោរពេញទៅដោយស្នាមសាក់ប្រឡាក់ដោយឈាម មកអង្អែលក្បាលកូនខំញញឹម
-ពុកអរគុណកូនណាស់ដែលកូនមានសមានចិត្តលើពុក តែកូនត្រូវយល់អ្វីៗវាមានដំណើរមិនទៀងទាត់ទេកូន
ឯងត្រូវបន្តការតាមរកវត្ថុនោះឱ្យឃើញណាកូន !
បើរកមិនឃើញទេ គឺកូនអស់មានវាសនានឹងជួបបងប្អូនរបស់កូនហើយ ! អូយ...អឺក ....
មេចោរឱបដើមទ្រូង បាត់សម្ដីលែងតបត
សេណីស្ទុះមកត្រកង..
មេចោរបន្ត :
- .....ពុកចុកក្នុងទ្រូងណាស់
ត្រូវចាំបណ្តាំពុកកូន
ឯងត្រូវរើភូមិគ្រឹះនេះ ហើយទៅកសាងភូមិឋានតូចល្មមនៅឯក្រុងតាខ្មៅវិញទៅណាកូនណា...អូយ...
!
- ពុកឈប់មានប្រសាសន៍ទៅពុកហត់ណាស់ហើយ !
គាត់រាដៃឃាត់កូនប្រុស :
- ទុកឱកាសឱ្យពុកនិយាយជាមួយកូនឱ្យបានច្រើន ណី !
មាសប្រាក់ទាំងអស់នេះកូនត្រូវបែងចែកឱ្យគ្នីគ្នាយើង ឱ្យគេទៅកសាងអនាគតថ្មីទៅចុះកូនព្រោះពួកគេដើរតាមពុកច្រើនឆ្នាំហើយ តែបើនរណាគេស្ម័គ្រចិត្តរស់នៅជាមួយកូនឯង
ណីត្រូវមានចិត្តសន្តោសដល់គេផងណាកូន ហើយត្រូវតាមរកបងប្អូនកូនឱ្យឃើញ រួចយកមកនៅជុំគ្នាកុំពឹងពាក់នឹងនរណាឱ្យសោះ ជាពិសេសកុំរវល់នឹងប្រព័ន្ធតុលាការ ជៀសឱ្យឆ្ងាយ ព្រោះតែពួកមន្ត្រីច្បាប់គ្មានបានការទាំងនោះ ទើបឯងនិងពុកត្រូវរស់វេទនាលាក់ខ្លួនបែបនេះ ។
ទ្រព្យសម្បត្តិរបស់ពុក
អាចឱ្យកូនរស់នៅបានដោយសុខស្រួលហើយជាមួយនឹងបងប្អូន...អូយ....!
- ពុក !
កំលោះតូចស្រក់ទឹកភ្នែកអាណិតបិតា
បុរសកម្សត់លើកហត្ថា
ញ័រទទ្រើកជូតទឹកភ្នែកឱ្យកូន !
- តាមរកឱ្យឃើញម្ចាស់នៃអក្សរនោះ៖ វាហ្នឹងហើយដែល...
(សូមរង់ចាំអានភាគ ៣ ចេញក្នុងពេលឆាប់ៗនេះ)
No comments :
Post a Comment