ស្វែងយល់ពីកិច្ចសន្យាការងារ
កុងត្រាការងារ (Contract) គឺជាកិច្ចសន្យា ដែលបង្កើតឲ្យមានការទាក់ទងគ្នា រវាងបុគ្គលិក ឬកម្មករ ជាមួយនឹងនាយកក្រុមហ៊ុន ឬថៅកែសហគ្រាស។ កិច្ចសន្យានេះ ត្រូវស្ថិតក្រោមវិធានច្បាប់ ដោយគូភាគីអាចធ្វើទៅតាមទម្រង់បែបបទនានានៃទម្លាប់បាន។ កិច្ចសន្យានេះ អាចធ្វើជាលាយលក្ខណ៍អក្សរ ឬដោយមាត់ទទេ គឺមានអនុភាពដូចគ្នា។ ជាកិច្ចបន្ទាប់ខ្ញុំសូមពន្យល់ពាក្យគន្លឹះដែលប្រើក្នុងអត្ថបទនេះជាមុនសិន៖
និយោកជក= អ្នកដឹកនាំ, អ្នកបង្គាប់ ឬ ប្រើឲ្យគេធ្វើការងារផ្សេងៗ ឬហៅបានថា នាយកក្រុមហ៊ុន ។
និយោជិត = អ្នកដែលគេប្រើឲ្យធ្វើការ; បុគ្គលិក កូនឈ្នួល; ភ្នាក់ងារ ដែលធ្វើការក្រោមបង្គាប់ចៅហ្វាយនាយក្នុងគ្រឹះស្ថានឯកជន ឬ ក្នុងក្រសួងរាជការ។
តើគេបង្កើតកិច្ចសន្យាការងារដើម្បីអ្វី?
ជារួមគេបង្កើតកិច្ចសន្យាមួយ ដើម្បីធានាផលប្រយោជន៍គ្នាទៅវិញ ទៅមក រវាងនិយោជិត និងនិយោជក។ មានន័យថា បើភាគីខាងណា មិនអនុវត្តកាតព្វកិច្ចទេ នោះគេអាចចាត់វិធានការទៅតាមផ្លូវច្បាប់បាន។ ទោះបើកិច្ចសន្យានោះ ធ្វើដោយមាត់ទទេក្ដី ត្រូវចាត់ទុកដូចជាមានការព្រមព្រៀងគ្នាដូច្នេះដែរ ដោយអនុវត្តទៅតាមលក្ខខណ្ឌ ដែលមានចែង ក្នុងបទបញ្ជាការងារ ទោះបីជាមិនមានបញ្ជាក់ច្បាស់លាស់ក៏ដោយ។ គ្មាននរណាម្នាក់ អាចបង្ខិតបង្ខំឲ្យយើងចុះហត្ថលេខាលើកិច្ចសន្យា ដោយខ្វះឆន្ទៈផ្ទាល់ខ្លួនបានឡើយ។ និយោជក ឬនាយកក្រុមហ៊ុន មិនអាចកំណត់ថិរវេលា លើសរយៈពេល ២ឆ្នាំបានទេ ចំពោះកិច្ចសន្យាការងារលើបុគ្គលិកម្នាក់ៗ តែកិច្ចសន្យានេះ អាចបន្ត ឬ ធ្វើសារជាថ្មីបាន នៅពេលកិច្ចសន្យាចាស់ផុតរយៈពេលកំណត់។ ក្រៅពីម៉ោងធ្វើការ កម្មករ និយោជិត ឬបុគ្គលិក អាចធ្វើការងារផ្សេងបាន ដែលមិនប្រណាំងប្រជែងនឹងសហគ្រាស ឬ ក្រុមហ៊ុនខ្លួន។ ត្រូវចាត់ទុកជាមោឃៈដោយពេញច្បាប់ នូវលក្ខខណ្ឌណាមួយនៃកិច្ចសន្យា ដែលហាមឃាត់ បុគ្គលិក មិនឲ្យធ្វើការងារផ្សេង ឬសកម្មភាពអ្វីមួយ បន្ទាប់ពីកិច្ចសន្យានោះបានផុតរលត់ទៅ។
និយោជក ឬនាយកក្រុមហ៊ុនត្រូវធ្វើអ្វីខ្លះ នៅពេលចុះកិច្ចសន្យា?
នៅពេលចុះកិច្ចសន្យា និយោជក ត្រូវជូនដំណឹងដល់និយោជិត ឲ្យបានច្បាស់អំពីចំណុចសំខាន់ៗ ក្នុងកិច្ចសន្យា ដែលមិនអាចបន្លំ ឬលាក់លៀមបាននោះទេ។ បើសិនជាកិច្ចសន្យាការងារនោះ មានថិរវេលាកំណត់ នយោជក ត្រូវធ្វើជាលាយលក្ខណ៍អក្សរ បើមិនធ្វើទេ នោះកិច្ចសន្យានឹងក្លាយជាកិច្ចសន្យាគ្មានកំណត់វេលា មានន័យថានិយោជិត ឬបុគ្គលិក អាចបន្តធ្វើការនៅគ្រឹះស្ថាន ឬក្រុមហ៊ុន ដោយគ្មានកំណត់វេលា។
អ្វីទៅជាបុគ្គលិកបណ្ដែត ក្នុងកិច្ចសន្យាការងារ?
ជាទូទៅ នៅពេលបុគ្គលិក ទើបចូលធ្វើការថ្មី នាយកក្រុមហ៊ុន ត្រូវទុករយៈពេល ៣ខែយ៉ាងតិច ឬលើសពីនេះ សម្រាប់សាកល្បងបុគ្គលិក។ ពលរដ្ឋខ្មែរហៅថា«បុគ្គលិកបណ្ដែត» ប៉ុន្តែការធ្វើបែបនេះ គឺនៅមិនទាន់ត្រឹមត្រូវគ្រប់គ្រាន់តាមច្បាប់នៅឡើយទេ។ យោងតាមមាត្រា ៦៨ នៃ«ច្បាប់ស្ដីពីការងារ» ឆ្នាំ ១៩៩៧ បានកំណត់ថា៖ ត្រូវទុករយៈពេល ១ ខែសម្រាប់បុគ្គលិកធម្មតា, រយៈពេល ២ខែ សម្រាប់បុគ្គលិកជំនាញ និង ៣ខែ សម្រាប់និយោជិត។ តែក្នុងករណីជាក់ស្ដែង គេឃើញក្រុមហ៊ុនមួយចំនួន មិនបានកំណត់រយៈពេល ទៅតាមច្បាប់ឲ្យគ្រប់ជ្រុងជ្រោយឡើយ។ ក្នុងកំឡុងពេលសាកល្បង សោយហុយទៅមកសម្រាប់កម្មករ និយោជិត ត្រូវស្ថិតក្នុងបន្ទុកនិយោជកខាងក្រុមហ៊ុនទាំងអស់។
តើគេអាចព្យួរកិច្ចសន្យាការងារជាបណ្ដោះអាសន្នបានទេ?
កិច្ចសន្យាការងារ អាចព្យួបានដោយអនុវត្តទៅតាមលក្ខខណ្ឌដូចជា៖ អវត្តមាននៃកម្មករ និយោជិត បុគ្គលិក ពេលមានជំងឺ ដែលថិរវេលាកំណត់ត្រឹម ៦ខែ ប៉ុន្តែអាចពន្យារហូតដល់មានអ្នកមកជំនួស។ វេលានៃការចូលបំពេញការងារ នឹងត្រូវបានលើកលែងក្នុងពេលមានគ្រោះថ្នាក់ការងារ ឬមានជំងឺក្នុងវិជ្ជាជីវៈ។ ក្នុងឳកាសឈប់សម្រាកនេះ និយោជក ក៏ត្រូវគិតប្រាក់ឈ្នួល និងថ្លៃធ្វើដំណើរសម្រាប់និយោជិតផងដែរ។ និយោជក អាចបញ្ចប់ការព្យួរកិច្ចសន្យាបាន លុះត្រាណាតែវេលានៃកិច្ចសន្យា បានហួសកាលកំណត់ និងមានការជូនដំណឹងជាមុន។
តើគូភាគី អាចរំលាយកិច្ចសន្យាមុនពេលកំណត់បានទេ?
មាត្រា ៧៣ នៃច្បាប់ការងារ បានចែងថា៖ កិច្ចសន្យាការងារ ដែលមានថិរវេលាកំណត់ ត្រូវផុតរលត់តាមធម្មតានៅពេលកាលកំណត់មកដល់។ ប៉ុន្តែកិច្ចសន្យានេះ អាចរំលាយមុនកាលកំណត់តាមការព្រមព្រៀងរបស់ភាគីទាំងសងខាងបាន។ ការរំលាយកិច្ចសន្យា ដោយឆន្ទៈរបស់ថៅកែ ឬ នាយកក្រុមហ៊ុន តែឯកឯង មុនកាលកំណត់ និយោជិត ឬបុគ្គលិក អាចប្ដឹងទាមទារជំងឺចិត្ត ដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្មួល ដែលកម្មករនិយោជិត ត្រូវបានទទួលរហូតដល់ចប់កិច្ចសន្យា។ បើសិនជានិយោជិត ឬ បុគ្គលិក ចង់លាឈប់ពីការងារខ្លួន ត្រូវជូនដំណឹងទៅនិយោជក ឬនាយកក្រុមហ៊ុន ១០ថ្ងៃមុន ចំពោះកិច្ចសន្យាមានថិរវេលាលើសពី ៦ខែ។ រយៈពេលជូនដំណឹងនេះ ត្រូវកំណត់ ១៥ថ្ងៃ ចំពោះកិច្ចសន្យាការងារ មានថិរវេលាលើសពី ១ឆ្នាំ។ នៅពេលបញ្ចប់កិច្ចសន្យា និយោជក ត្រូវផ្ដល់ឲ្យបុគ្គលិក កម្មករ នូវប្រាក់បំណាច់ ដែលសមាមាត្រនឹងប្រាក់ឈ្នួលផងដែរ។ បើគ្មានការកំណត់ណាមួយទេ ប្រាក់បំណាច់នេះ យ៉ាងតិចត្រូវស្មើនឹង ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិត បុគ្គលិក បានបើក ក្នុងរយៈពេលនៃកិច្ចសន្យា។ គ្រប់ករណីនៃការរំលាយកិច្ចសន្យាការងារ បុគ្គលិក ឬនិយោជិត អាចតម្រូវឲ្យនិយោជកចេញវិញ្ញបនប័ត្រ បញ្ជាក់ការងារដល់ខ្លួនបាន។
តើគេត្រូវចែងពីអ្វីខ្លះ នៅក្នុងកិច្ចសន្យាការងារ?
ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់មួយដ៍ល្បី លោកមេធាវី អ៊ន ហ៊ីង មានប្រសាសន៍ថានៅក្នុងកិច្ចសន្យាការងារ គេត្រូវចែងអំពី៖ លក្ខខណ្ឌការងារ កម្មវត្ថុនៃការបំពេញមុខងារ តម្លៃនៃប្រាក់ឈ្នួល និងពេលវេលានៃការងារ។
លោកមេធាវី អ៊ន ហ៊ីង ៖ «ចឹងកិច្ចសន្យាហ្នឹង គេសម្ដៅទៅលើ ខ្លឹមសារ លក្ខខណ្ឌការងារ និងតម្លៃ ចឹងលក្ខខណ្ឌការងារមានន័យថាការងារយើងធ្វើអី ធ្វើការម៉ោងណាយ៉ាងម៉េច? ខ្លះធ្វើវេនយប់ ខ្លះធ្វើវេនថ្ងៃ ចឹងយើងដាក់ទៅថាលក្ខខណ្ឌការងារតម្លៃយ៉ាងមិច? សំខាន់កន្លែងហ្នឹង និយាយជារួម»។
បើសិនជាកិច្ចសន្យាធ្វើត្រឹមផ្ទាល់មាត់ បើមានករណីវិវាទ តើគេត្រូវដោះស្រាយបែបណា?
លោកមេធាវីបន្តថា បើនិយោជក ឬនាយកក្រុមហ៊ុន ទទួលយកលក្ខខណ្ឌការងារផ្ទាល់មាត់ ដោយមិនចែងជាលាយលក្ខណ៍អក្សរទេ នោះច្បាប់បានកំណត់ថា នឹងក្លាយទៅជាកិច្ចសន្យាដែលគ្មានថិរវេលាកំណត់។ ដូច្នេះ បើសិនជានិយោជក ចង់បញ្ឈប់បុគ្គលិក ខាងក្រុមហ៊ុន ចាំបាច់ត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់ ដូចបុគ្គលិកដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែរ រួមមានដូចជា ការជូនដំណឹង អមជាមួយកំហុសនៃការបញ្ឈប់។ តែប្រសិនបើគ្មានកំហុសទេ នយោជក ឬក្រុមហ៊ុន ត្រូចេញសំណងខូតខាតនៃអត្ថប្រយោជន៍ទៅបុគ្គលិកវិញតាមលក្ខខណ្ឌការងារ។
តើកិច្ចសន្យាការងារ តម្រូវឲ្យមានមេធាវី ឬ មានសាក្សី ទេ?
លោកមេធាវីបន្ថែមថា ច្បាប់មិនតម្រូវឲ្យមានភាគីទី ៣ ដឹងឮទេ គឹមានតែ បុគ្គលិក និងនាយកក្រុមហ៊ុន គ្រប់គ្រាន់ហើយ។ សំខាន់គឺមានស្នាមមេដៃ ឬហត្ថលេខាទទួលស្គាល់។
ប្រសិនបើ និយោជក ឬនាយកក្រុមហ៊ុន ធ្វើផ្ទុយនឹងច្បាប់ តើត្រូវចាត់វិធានការដូចម្ដេច?
ក្នុងករណីភាគីខាងក្រុមហ៊ុនអនុវត្តផ្ទុយនឹងច្បាប់ កម្មករ បុគ្កលិក អាចប្ដឹងដើម្បីទាមទារសំណងនៃការខូចខាត ទៅតាមចំនួនថ្ងៃនៃវេលាធ្វើការ។ ហើយស្ថាប័នដែលអាចដោះស្រាយបានរួមមាន ក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬតុលាការ។
សរុបមកឆ្លងកាត់ការបកស្រាយតាមមាត្រានៃអង្គហេតុច្បាប់ និងអនុសាសន៍របស់មេធាវីជំនាញ យើងឃើញថាកិច្ចសន្យាការងារ គឺមានចំណងទាក់ទងយ៉ាងសំខាន់ជាមួយនឹងក្រុមហ៊ុន ទោះបីជាកិច្ចសន្យានោះ ធ្វើជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ក្ដី។ ដូច្នេះ ដើម្បីជៀសវាងនូវវិវាទ ដែលអាចកើតឡើងជាយថាហេតុ គូភាគី ត្រូវបង្កើនការយកចិត្តទុកដាក់ និងស្វែងយល់ឲ្យច្បាស់ អំពីចំណុចផ្សេងៗ ដែលមានចែងក្នុងកិច្ចសន្យា មុនពេលផ្តិតមេដៃ ឬចុះហត្ថលេខាទទួល៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment