នៅពេលលែងលះគ្នាតើ ប្ដី-ប្រពន្ធ ត្រូវចែកទ្រព្យសម្បត្តិយ៉ាងណាដើម្បីយុត្តិធម៌ ?
ផ្អែកតាមមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី ការចែកទ្រព្យសម្បត្តិចំពោះប្ដី-ប្រពន្ធ ដែលព្រមព្រៀងគ្នាថាលែងលះត្រូវធ្វើឡើងដោយយុត្តិធម៌នៅចំពោះមុខតុលាការ ៖
១-ជម្រើសទី១ ចៅក្រមនឹងទុកពេលឱ្យប្ដីប្រពន្ធទាំងពីរពិភាក្សាគ្នាក្នុងការបែកចែកទ្រព្យនោះ ។
២-ក្នុងករណីដែលមិនអាចពិភាក្សាគ្នា ឬនិយាយមិនត្រូវគ្នាទេ គេត្រូវចែកទ្រព្យនោះតាមចំណុចនីមួយៗ ដូចខាងក្រោម ៖
ក- ប្ដី ឬប្រពន្ធ ត្រូវទទទួលទ្រព្យសម្បត្តិរបស់ខ្លួនដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ (ភាសា ច្បាប់គេហៅថា “ទ្រព្យដោយឡែក” មាត្រា ៩៧២) មានន័យថា នរណាមានទ្រព្យប៉ុន្មានមុន ពេលរៀបការ ត្រូវទទួលយកទ្រព្យទំហំប៉ុននោះវិញក្រោយពេលលែងលះរួច ។
ខ-បន្ថែមពីលើទ្រព្យដោយឡែក ប្ដី ឬប្រពន្ធ មានចំណែកយកទ្រព្យរួមទៀតម្នាក់ពាក់កណ្ដាល (ទ្រព្យរួមគឺជាទ្រព្យដែលមានក្នុងអំឡុងពេលប្ដី-ប្រពន្ធរួមរស់នៅជាមួយគ្នា) មានន័យថា ក្រោយចែកទ្រព្យដោយឡែករៀងៗខ្លួនហើយ តុលាការនឹងយកទ្រព្យរួមទាំងអស់ ដែលប្ដីប្រពន្ធ នោះរកបានមកចែកជាពីរចំណែកទៀត ឱ្យទៅភាគីម្ខាងៗ ។
បញ្ជាក់៖ប្រសិនបើមានការទាមទារចំពោះទ្រព្យរួមនេះពីភាគីខាងប្ដី ឬប្រពន្ធ ណាដែលចង់បានទ្រព្យច្រើនជាង ចៅក្រមនឹងពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែងនៃ ប្ដី ឬប្រពន្ធនោះ ។ ការពិនិត្យមើលនេះ តុលាការអាចពិចារណាទៅលើ៖ ទំហំនៃការរកចំណូល, ការថែរក្សាទ្រព្យ, ស្ថានភាពអាយុ, កម្រិតជីវភាព, ស្ថានភាពផ្លូវចិត្ត, ការប្រកបរបរវិជ្ជាជីវៈ, លទ្ធភាពធ្វើការងារភាគីណាម្នាក់, និងជាពិសេសគឺផ្អែកលើផលប្រយោជន៍របស់កូនប្រសិនបើប្ដី-ប្រពន្ធមានកូនក្នុងបន្ទុក ។
សម្គាល់៖ គេហកិច្ច ឬកិច្ចការងារផ្ទះត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះ ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment