ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

តាមច្បាប់ តើបុគ្គលិកអាចលាឈប់ពីក្រុមហ៊ុន ដោយគ្មានការជូនដំណឹងបានទេ?

No comments


លោកអ្នក​នាង​ជាទី​មេត្រី ! ក្នុង​នាទី​ «រត់​ឱ្យទាន់​ច្បាប់» ​ថ្ងៃនេះ  សូម​លើក​អង្គហេតុច្បាប់ ពាក់ព័ន្ធនឹង «ការលាឈប់ពីការងារ របស់បុគ្គលិក» ដែលមានចែងនៅក្នុងច្បាប់ការងារ មកពន្យល់ ដោយមានការចូលរួមបកស្រាយបន្ថែមពីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យច្បាប់​ លោក ម៉ៅ ប៊ុណ្ណា ។

ជាទូទៅបើសិនជាបុគ្គលិកចង់លាឈប់ពីក្រុមហ៊ុន ឬខាងភាគីក្រុមហ៊ុនចង់បញ្ឈប់បុគ្គលិក គេចាំបាច់ត្រូវជូនដំណឹងជា មុន។ ការជូនដំណឹងនេះ គឺត្រូវអនុលោមទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យាការងារ ទោះបីកិច្ចសន្យានោះធ្វើឡើងដោយមានលិខិតស្នាម ឬត្រឹមមាត់ទទេក្ដី។ ​ផ្អែកតាមច្បាប់ ការលាឈប់របស់បុគ្គលិក មានន័យថាជាការ «រំលាយកិច្ចសន្យាការងារ» ដែលខ្លួនបានព្រមព្រៀងជាមួយក្រុមហ៊ុន។

សម្រាប់កិច្ចសន្យាដែលធ្វើឡើងត្រឹមមាត់ទទេ ការជូនដំណឹងនៃការលាឈប់ គឺត្រូវធ្វើលាយលក្ខណ៍អក្សរ ទៅឲ្យភាគីក្រុមហ៊ុន ដែលមានថេរវេលាដូចតទៅ៖ 

៧ ថ្ងៃ បើបុគ្គលិកធ្វើការជាប់ក្នុងក្រុមហ៊ុនតិចជាង ៥ខែ។ 

១៥ ថ្ងៃ សម្រាប់បុគ្គលិកធ្វើការជាប់ក្នុងរយៈពេលចាប់ពី ៦ខែ ដល់ ២ឆ្នាំ។ 

១ ខែ បើកម្មករនយោជិតបានធ្វើការក្នុងក្រុមហ៊ុន ឬសហគ្រាសលើសពី ២ ឆ្នាំដល់ ៥ឆ្នាំ។ 

២ ខែ ចំពោះ កម្មករ បុគ្គលិក ដែលធ្វើការជាប់ក្នុងក្រុមហ៊ុនសហគ្រាសលើស ៥ឆ្នាំរហូតដល់ ១០ឆ្នាំ។ 

៣ ខែ សម្រាប់កម្មករនយោជិតដែលធ្វើការលើសពី១០ឆ្នាំ។ 

ចុះបើ «បុគ្គលិក» លាឈប់ពីការងារដោយឆន្ទៈផ្ទាល់ខ្លួនតែឯកឯង តើគេអាចទាមទរសំណងពីក្រុមហ៊ុនបានដែរឬទេ?

ត្រង់ចំណុចនេះគេអាចក្រឡេកទៅពិនិត្យ «ច្បាប់ស្ដីពីការងារ» ដែលរដ្ឋសភាអនុម័តក្នុងឆ្នាំ ១៩៩៧ ត្រង់មាត្រា ៧៣ បានកំណត់ន័យថា បើកសិទ្ធិឲ្យភាគីក្រុមហ៊ុន ទទួលបានជំងឺចិត្តស្មើ នឹងការខូតខាតដែលបានផ្ដល់ឲ្យបុគ្គលិក បើសិនជាការរំលាយកិច្ចសន្យាពីសំណាក់បុគ្គលិកនោះ បានធ្វើឡើងតែឯកឯង។ 

ចុះបើបុគ្គលិកលាឈប់ពីការងារដោយគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមកភាគីក្រុមហ៊ុនទេ តើជាការត្រឹមត្រូវដែរ ឬទេ? 

ត្រង់ប្រការនេះលោកសាស្រ្តាចារ្យ ម៉ៅ ប៊ុណ្ណា បញ្ជាក់ថា៖ «គឺត្រូវយកបទបញ្ជាផ្ទៃក្នុងហ្នឹងយកមកអនុវត្ត ហើយបើសិនជាបទបញ្ជាផ្ទៃក្នុងហ្នឹងគាត់បានសរសេរច្បាស់លាស់។ បើមានការឈប់ដោយឯកឯងក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលឲ្យ យើងអាចអនុវត្តតាមហ្នឹងបាន»។

តែប្រសិនបើភាគីក្រុមហ៊ុនបញ្ឈប់បុគ្គលិកដោយឆន្ទៈតែម្ខាង ដោយគ្មានកំហុសធ្ងន់វិញ ភាគីក្រុមហ៊ុនត្រូវតែសងថ្លៃខូចខាតជំងឺចិត្ត នូវប្រាក់បំណាច់បណ្ដេញចេញនោះ។ ប្រាក់នេះ ក៍ត្រូវបើកឲ្យបុគ្គលិកដែរ ក្នុងករណីបញ្ឈប់ដោយជំងឺ។ជាកិច្ចបន្ថែមក្នុងមាត្រា ៩១ បានកំណត់ថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឲ្យភាគីម្ខាងទៀតទាមទារសងសោហ៊ុយជំងឺចិត្តបាន។ 

លើសពីនេះទៅទៀត មាត្រា ៩២ នៃច្បាប់ដដែល បានបញ្ជាក់បន្ថែមថា កាលណាកម្មករនយោជិត ឬបុគ្គលិក បានចូលទៅធ្វើការកន្លែងថ្មីទៀត ក្រោយពីបានរំលាយកិច្ចសន្យា ឬលាឈប់ពីការងាររបស់ខ្លួនដោយរំលោភច្បាប់ ភាគីក្រុមហ៊ុនថ្មីត្រូវទទួលខុសត្រូវរួមគ្នាចំពោះការខាតបង់នៃភាគីក្រុមហ៊ុនដើម ប្រសិនបើរកឃើញមានភស្តុតាងថា ក្រុមហ៊ុនថ្មីបានធ្វើអន្តរាគមន៍ក្នុងសកម្មភាពលាឈប់នៃបុគ្គលិកនោះ៕


No comments :