ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

បទល្មើសនយោបាយមានក្នុងក្រមព្រហ្មទណ្ឌដែរឬទេ?

No comments





សញ្ញាណនៃពាក្យ «បទល្មើសនយោបាយ» ត្រូវបានច្បាប់កម្ពុជាទទួលស្គាល់ និងយកមកប្រើប្រាស់ នៅពេលមានព្រឹត្តិការណ៍ណាមួយកើតឡើង ដែលអាជ្ញាធរយល់ថាបានបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់រដ្ឋាភិបាល នោះជនបង្កនឹងត្រូវព្រះរាជអាជ្ញាចោទប្រកាន់ ហើយចាប់ខ្លួនជាដើម។ 

នៅសប្តាហ៍នេះ «នាទីរត់ឲ្យទាន់ច្បាប់» នៃសារព័ត៌មានតោះអាន នឹងលើកយកចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនយោបាយ មកបង្ហាញជូនលោកអ្នក។

បើគេពិនិត្យទៅលើមាត្រា ៥៧៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា «បត្យាប័ន(ការបញ្ជូនអ្នកទោសឆ្លងប្រទេស) មិនអាចធ្វើបានទេ កាលណាអំពើដែលត្រូវចោទប្រកាន់មានលក្ខណៈនយោបាយ។ ហើយ អំពើហិង្សា ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់បូរណៈភាពខាងរូបកាយ ឬដល់សេរីភាពបុគ្គល មិនត្រូវចាត់ទុកជាបទល្មើសនយោបាយទេ។

ត្រង់មាត្រានេះ ច្បាប់បានសំដៅទៅលើ «អំពើដែលមានលក្ខណៈនយោបាយផង» និង «បទល្មើសនយោបាយផង»។ ប៉ុន្តែ​ បទបញ្ញត្តិទាំងនេះពុំបានឲ្យនិយមន័យជាក់លាក់ស្ដីពីបទល្មើសនយោបាយនៅឡើយទេ។ ពោលគឺគ្រាន់តែបានផ្ដល់ជាឧទាហរណ៍អំពីបទល្មើសមួយចំនួនដែលមិនត្រូវចាត់ទុកថា ជាបទល្មើសនយោបាយតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ សូម្បីតែសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងបួនដែលកម្ពុជា បានចុះហត្ថលេខាជាមួយ ថៃ ចិន ឡាវ និងកូរ៉េ ក៏ពុំឃើញកំណត់ន័យ បទល្មើសនយោបាយដែរ ចំពោះការធ្វើឃាត ឬការបំពារបំពានលើរូបកាយរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬសមាជិកគ្រួសារនៃវរៈជនទាំងនោះ។ 

ដើម្បីធ្វើជាករណីសិក្សា គេអាចមើល តុលាការនៃប្រទេសហ្គាណាឆ្នាំ ១៩៧០ ដោយបានផ្ដល់ទឡ្ហីករណ៍នៅក្នុងសេចក្ដីសម្រេចថា ដើម្បីបង្កើតជាបទល្មើសនយោបាយ គឺត្រូវតែមានការរំខានដល់នយោបាយ ឬជាការប្រព្រឹត្ត អាចជាការប្រយុទ្ធគ្នារវាងបណ្ដាគណបក្សនានា ប្រឆាំងទៅនឹងការដឹកនាំរដ្ឋាភិបាលក្នុងស្រុក។ 

ងាកមក ប្រទេសស្វីសវិញ នៅក្នុងឆ្នាំ ១៨៩២ រដ្ឋបានអនុម័តច្បាប់មួយ ហើយចែងថា មិនត្រូវចាត់ទុកជាបទល្មើសនយោបាយទេ បើសិនជាអំពើប្រព្រឹត្តនោះជាបទល្មើសព្រហ្មទណ្ឌសាមញ្ញ។ ទោះបីជាមានមូលហេតុ ឬគោលបំណងចេញពីនយោបាយក៏ដោយ។ មិនតែប៉ុណ្ណោះសន្ធិសញ្ញាខ្លះថែមទាំងបានកំណត់ថា បទល្មើសដែលបង្កភាពអនាធិបតេយ្យក្នុងការធ្វើបាតុកម្ម ឬមានគោលបំណងបណ្ដេញអង្គការនយោបាយ មិនគួរចាត់ទុកជាបទល្មើសនយោបាយទេ។ 

ចំណែកឯវចនានុក្រមច្បាប់អង់គ្លេស-ខ្មែរ ឆ្នាំ១៩៩៧ បានឲ្យនិយមន័យថា ជាអំពើមួយដែលធ្វើឡើងក្នុងគោលបំណងនយោបាយ ឬ មកពីមូលហេតុនយោបាយ។ ក្នុងន័យនេះត្រូវមានលក្ខណៈជាការធ្វើរដ្ឋប្រហារផ្ដួលរំលំរបបនយោបាយចាស់។ 

និយាយជារួមបទល្មើសនយោបាយ គឺជាសញ្ញាណមួយដែលមានលក្ខណៈស្មុគស្មាញមិនសូវច្បាស់ ដែលធ្វើឲ្យគេពិបាកសន្មត តែចំពោះតុលការវិញប្រហែលជាមិនពិបាកឡើយ។ ព្រោះចៅក្រមមានឆន្ទានុសិទ្ធិពិសេស ក្នុងឃុំខ្លួន ចោទប្រកាន់ សម្រេចក្ដី ចំពោះបុគ្គលណាម្នាក់បាន ក្រោមហេតុផលនយោបាយ៕

No comments :