ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អ្នកច្បាប់បកស្រាយ អំពីតួនាទី សិទ្ធិ និងករណីយកិច្ច អាជ្ញាសាលា ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា

No comments


អាជ្ញាសាលាជាអ្វី? បង្កើតឡើងនៅពេលណា?


អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោក នាង ស៊ីណាវឌ្ឍនៈ ឲ្យដឹងថា អាជ្ញាសាលា គឺជាមន្ត្រីសាធារណៈដែលរដ្ឋបង្កើតឡើងក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការ។ វិជ្ជាជីវ:នេះត្រូវបាន បង្កើតឡើងជាលើកដំបូង នៅឆ្នាំ១៩៣៨ ក្នុងរបបអាណានិគមននិយមបារាំង ក្រោមព្រះរាជក្រឹត «ស្តីពីការបង្កើត និងលក្ខន្តិក:នៃអាជ្ញាសាលា»។ ប៉ុន្តែ វិជ្ជាជីវ: អាជ្ញាសាលា មិនត្រូវបានគេយកមកអនុវត្តន៍នោះទេ ក្នុងសម័យ ខ្មែរក្រហម (១៩៧៥-១៩៧៩)។ កត្តានេះបាន បណ្តាលឱ្យអ្នកច្បាប់ និងពលរដ្ឋទូទៅ នាពេលបច្ចុប្បន្នហាក់មិនសូវស្គាល់ ឬ យល់ច្បាស់អំពីវិជ្ជាជីវៈនេះនៅឡើយទេ។ លោកបន្តថា នៅពេលដែលមិនទាន់មាន អាជ្ញាសាលា ការអនុវត្តសេចក្ដីសម្រេចរបស់តុលការជាទូទៅ គឺត្រូវពឹងផ្អែកលើព្រះរាជអាជ្ញាតាមរាជធានីខេត្ត។


ក្រោយពេលក្រមនីតិវិធីរដ្ឋប្បវេណីថ្មី បានប្រកាសឲ្យអនុវត្តន៍ឆ្នាំ ២០០៧ ទើបគេឃើញមានពាក្យ «អាជ្ញាសាលា» ត្រូវបានយកមកប្រើប្រាស់ជាថ្មីឡើងវិញ។ លោកបន្ថែមមកដល់បច្ចុប្បន្នអាជ្ញាសាលានៅកម្ពុជាមានត្រឹមតែ ២៧ រូបប៉ុណ្ណោះ ដែលជាជំនាន់ទី១ បណ្ដុះបណ្ដាលចេញពីរាជបណ្ឌិតសភាតុលការ។

បើទោះបីជាមានការយឺតបន្តិចក្នុងការបង្កើតវិជ្ជាជីវៈនេះឡើងក៏ពិតមែន ប៉ុន្តែវាជាការល្អប្រសើរផងដែរ ជាងពេលដែលមិនមានវិជ្ជាជីវៈនេះសោះ ព្រោះប្រទេសនានា ស្ទើរពេញសកលលោកគេមានរួចទៅហើយ។

អាជ្ញាសាលាមានតួនាទីអ្វីខ្លះ?

ត្រង់ចំណុចនេះដែរ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ុន លៀងហេង ធ្លាប់បានថ្លែងថា តួនាទីរបស់អាជ្ញាសាលា គឺពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ និងរក្សាការពារ។ ក្នុងនោះមានអាជាអាទិ៍ ការប្រគល់អចលនៈ ឬចលនវត្ថុដោយបង្ខំ និងការអនុវត្តដោយបង្ខំចំពោះសិទ្ធិប្រាតិភោគ (សិទ្ធិដែលទទួលបានការសងត្រលប់ពីកូនបំណុលមកវិញ)។

លោក ស៊ុន លាងហេង មានប្រសាសន៍ថា៖ «នៅពេលមានសាលក្រមសាលដីការ របស់តុលាការចេញរួចមកហើយ ដែលសម្រេចឲ្យកូនបំណុលសងប្រាក់ ប៉ុន្តែកូនបំណុលមិនព្រមសង ម្ចាស់បំណុលត្រូវធ្វើពាក្យសុំអនុវត្តដោយបង្ខំមួយទៀត ដោយយកសាលក្រម សាលដីការហ្នឹងធ្វើជាមូលដ្ឋាន ហើយដាក់ពាក្យសុំមកអាជ្ញាសាលា ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ថាទ្រព្យសម្បត្តិហ្នឹងជាអ្វី? នៅពេលដែលមានវត្តមានពាក្យសុំរបស់គាត់ហ្នឹងមក អាជ្ញាសាលាហើយ អាជ្ញាសាលានឹងចុះរឹបអូសទ្រព្យសម្បត្តិទាំងអស់ហ្នឹងលក់ឡៃឡុងសងម្ចាស់បំណុល»។

ទោះបីយ៉ាងនេះក្ដី លោកបន្ថែមថា នៅមានតួនាទីមួយទៀត គឺជាការអនុវត្តដោយបង្ខំលើសិទ្ធិនៃការបញ្ចាំ ភាសាច្បាប់ហៅថា «អនុប្បទានប្រាតិភោគ»។ លោកបានលើកឧទាហរណ៍ថា ក្នុងករណីដល់ថ្ងៃកំណត់សងប្រាក់ហើយ តែបែរជាកូនបំណុលមិនយកប្រាក់មកបង់ដើម្បីធានាទ្រព្យដែលខ្លួនបានបញ្ចាំទេ ម្ចាស់បំណុលចាំបាច់ត្រូវជូនដំណឹងទៅអាជ្ញាសាលា ដើម្បីយកទ្រព្យនោះទៅលក់ឡៃឡុងសងទៅម្ចាស់បំណុលស្របតាមនីតិវិធី ។

លោកបានសង្កត់ធ្ងន់ថាបើក្រឡេកមើលទិដ្ឋភាពនៃការអនុវត្តជាក់ស្ដែង គឺគេមិនអនុវត្តន៍ដូច្នេះឡើយ។ ជាទូទៅម្ចាស់បំណុល គឺមិនធ្វើដូច្នេះឡើយ មានន័យថានៅពេលដែលដល់ថ្ងៃកំណត់ត្រូវសងប្រាក់ ហើយកូនបំណុលមិនយកប្រាក់មកសងទេ នោះម្ចាស់បំណុលនឹងរឹបអូសយកទ្រព្យនោះដោយខ្លួនឯងតែម្ដង ដែលប្រការនេះគឺជាទង្វើធ្វើផ្ទុយនឹងច្បាប់។

លោក ស៊ុន លាងហេង បន្ថែមថាក្រៅពីតួនាទីខាងលើ ក្នុងនោះគេក៏ឃើញមានតួនាទីមួយទៀតដែរគឺ « តួនាទីរក្សាការពារ»។ តួនាទីនេះ មានគោលដៅរក្សាការពារ ដែលជាវិធានបណ្ដោះអាសន្នសម្រាប់យកទៅអនុវត្តន៍ដោយបង្ខំ នៅពេលមិនទាន់មានសេចក្ដីសម្រេចចេញពីតុលាការ ក្នុងន័យការពារកុំឲ្យមានការលក់ ឬជួល និងផ្ទេរទ្រព្យដែលកំពុងជាប់វិវាទ ទៅតតិយជន(ជនទី៣) ក្នុងខណៈពេលដែលបណ្ដឹងរបស់គូភាគី ស្ថិតក្នុការដោះស្រាយនៅតុលាការ។

តើអាជ្ញាសាលា មានសិទ្ធិ និងករណីយកិច្ចអ្វីខ្លះ?

ជាទូទៅអាជ្ញាសាលាមានសិទ្ធិក្នុងការស្នើកងកម្លាំងអាជ្ញាធរសាធារណៈ បើសិនជាខ្លួនពិបាកអនុវត្តន៍សេចក្ដីសម្រេចរបស់តុលការ ក្នុងករណីមានឧបសគ្គរារាំងការអនុវត្តសាលក្រមជាដើម។ អាជ្ញាសាលាក៏អាចចុះស្រាវជ្រាវស្វែងរក ឆែកឆេរ ទ្រព្យ វត្ថុ ដើម្បីរឹបអូសពីកូនបំណុលបានដែរ។ យ៉ាងណានៅមានសិទ្ធិផ្សេងទៀតដូចជា សិទ្ធិក្នុងរឿងក្ដី សិទ្ធិលុបចោលនៃការរឹបអូស និងសិទ្ធិលុបចោលការអនុវត្តជាដើម។

ក្រោយពេលបំពេញការងារចប់ អាជ្ញាសាលាមានក៏ករណីកិច្ចធ្វើកំណត់ហេតុននៃការបំពេញមុខងាររបស់ខ្លួនផងដែរ ហើយករណីយកិច្ចដែលពិសេសនោះគឺ ត្រូវប្រកាសទ្រព្យនៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចែងនៅក្នុងច្បាប់ «ស្ដីពីការប្រឆាំងអំពើពុករលួយ»។

ជារួមមកវិញទោះបីជាតួនាទីដែលបានលើកឡើងខាងលើ គឺអាជ្ញាសាលាជាអ្នកទទួលអនុវត្តន៍ក៏ដោយចុះ តែនៅមានតួនាទីមួយចំនួនក៏មានការពាក់ព័ន្ធនឹងតួនាទី ព្រះរាជអាជ្ញាណៈ ឬមន្ត្រីនគរបាលយុត្តិធម៌ដែរ។ អត្ថបទនេះគ្រាន់តែបង្ហាញតួនាទីមុខងារសំខាន់ៗ របស់ អាជ្ញាសាលា ដែលលអ្នកច្បាប់បានបកស្រាយប៉ុណ្ណោះ។ យ៉ាងណាមិញ​តួនាទី​ជាក់លាក់ និង​ស៊ីជម្រៅ​ជាង​នេះ នឹងត្រូវ​កំណត់ដោយ​ច្បាប់​បន្ថែម៕

No comments :