ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

យុទ្ធសាស្ត្រចិនគឺ យកកម្ពុជាការពារវៀតណាម

No comments




បច្ចុប្បន្ននេះរដ្ឋាភិបាលក្រុងភ្នំពេញហាក់មានភាពស្និទ្ធស្នាលជាខ្លាំងជាមួយ រដ្ឋាភិបាលក្រុងប៉េកាំង។ បើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៦ បានបញ្ជាក់ថា ចិននឹងផ្ដល់លុយឥតសំណង ៦០០លានដុល្លារមកកម្ពុជា។ ចំនួននេះនៅមិនទាន់គិតបំណុលដែលរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច ជំពាក់ចិន ហើយត្រូវបានលោក ស៊ីជីងពីង សម្រេចលុបចោលនោះទេ។ ទោះបីយ៉ាងនេះក្ដីមុននឹងឈានដល់ដំណាក់កាលនៃទំនាក់ទំនងស្អិតរមួតនេះ កម្ពុជា និងចិន ធ្លាប់ហែលឆ្លងប្រវត្តិសាស្ត្រជាមួយគ្នាច្រើនអន្លើណាស់មកហើយ។

ផ្អែកតាមនិក្ខេបបទថ្នាក់បណ្ឌិតឆ្នាំ ២០១៥ របស់លោកសាស្ត្រាចារ្យ ប៊ុន ធឿន ដែលជាអតីតមន្ត្រីរាជបណ្ឌិតសភា បានរំលឹកថាមូលហេតុដែលចិនផ្ដើមទំនាក់ទំនងការទូតបែបយុទ្ធសាស្ត្រជាមួយកម្ពុជា គឺចិនចង់ឲ្យកម្ពុជា ប្រឡូកក្នុងភ្លើងសង្គ្រាមវៀតណាម (១៩៥៤-១៩៧៥)។ ក្នុងន័យនេះហើយ ទើបកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច សីហនុ សម្រេចជួយ ហូ ជីមិញ បណ្ដេញពួកប្រទេសមហាអំណាចលោកសេរីចេញពីអាស៊ី មាន អាមេរិក បារាំង អង់គ្លេស ជាដើម។

គេនៅចាំបានថា បារាំងបានទន់ដៃរួចទៅហើយមុននឹងធ្វើសង្គ្រាមជាមួយកងទ័ពវៀតមិញ ព្រោះបារាំងដែលកាលណោះទើប ចាញ់សង្គ្រាមជាមួយអាល្លឺម៉ង់(១៩៤៤) គ្មានកម្លាំងខ្លាំងដើម្បីទប់ទល់ជាមួយពួកវៀតមិញ ម្ចាស់ស្រុកនោះទេ។ ​ដោយមើលឃើញពីស្ថានការណ៍បែបនេះ ប្រទេសបារាំង បានប្រគល់ឯករាជ្យទាំងបង្ខំទៅឲ្យកម្ពុជា និងឡាវ ក្នុងអំឡុងឆ្នាំ ១៩៥៣ និងបើកឲ្យមានសន្និសិទចរចាមួយផងដែរ។

នៅក្នុងសន្និសិទនោះ ចិនបានផ្ដល់ទំនុកចិត្តដល់កម្ពុជា ឲ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនធ្វើការចរចាជាមួយពួកវៀតមិញ។ ចាប់ពីពេលនោះមកចិនចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សមកក្នុងតំបន់ឥណ្ឌូចិន ជាពិសេសមកលើកម្ពុជារបស់សម្ដេច សីហនុ។ ព្រោះចិនមិនអាចឈានទៅគ្រប់គ្រងវៀតណាមបានទេ បើគ្មានកម្ពុជា និងម្យ៉ាងដោយសារវៀតណាមមាន សហភាពសូវៀតគាំទ្រ ផងដែរ។

នៅក្នុងការធ្វើទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំងតែងតែអះអាងម្ដងហើយម្ដងទៀត នូវការគាំទ្ររបស់ខ្លួនជានិច្ចចំពោះ កម្ពុជា ប្រឆាំង នឹងការឈ្លានពានរបស់អាមេរិក និងវៀតណាមខាងត្បូង តាមរយៈជំនួយសេដ្ចកិច្ច យោធា ចាប់តាំងពីឆ្នាំ ១៩៦៤។ ប៉ុន្តែក្រោយពីរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០ ជំហរចិនបានប្រែប្រួលក្នុងការគាំទ្រសម្ដេច សីហនុ។

តាមរយៈសៀវភៅ «Le Mal Cambodgien របស់ Marie Alexandrine Martin បានរំលឹកពីថ្នាក់ដឹកនាំចិននៅពេលនោះ ដោយបានប្រាប់សេនាប្រមុខ លន់ នល់ ថា «ការដួលរំលំរបស់សម្ដេច សីហនុ ជាកិច្ចផ្ទៃក្នុងមួយ បើសិនជាលោក សុខចិត្តយល់ព្រមផ្ដល់ការគាំទ្រផ្នែកការទូត និងដឹកជញ្ជូនសម្ភារៈសឹកឲ្យពួកអ្នកប្រយុទ្ធវៀតមិញ»។

ប៉ុន្តែលោក លន់ នល់ បានបដិសេធចោលនូវសំណើទាំងនេះ ហើយក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង រួចផ្ដាច់ទំនាក់ទំនងទូតនៅពេលនោះតែម្ដងទៅ ដោយងាកមកអោបក្រសោបជាមួយពួកចលនាកុម្មុយនីស្តខ្មែរក្រហមវិញ។​

ក្នុងពេលវៀតណាមកំពុងធ្វើសង្គ្រាមដ៍ខ្លាំងក្លាជាមួយអាមេរិក អំឡុងទសវត្សរ៍ទី ៦០ និង ៧០ ចិននៅតែព្យាយាមអូសទាញវៀតណាម តាមរយៈជំនួយដែរ។​ គ្រាន់តែ ២០ឆ្នាំដំបូងនៃទំនក់ទំនង រវាងចិន និងវៀតណាម ក្នុងឆ្នាំ ១៩៧៨ ជំនួយជាង ១៤ពាន់លានដុល្លារត្រូវបានចិនឲ្យទៅវៀតណាមដើម្បីធ្វើសង្គ្រាម...។

ទាំងនេះគឺគ្រាន់តែជាទំនាក់ទំនងខ្លះ ៗ រវាងប្រទេស ចិន កម្ពុជា វៀតណាម ប៉ុណ្ណោះ យ៉ាងណាមិញនៅអត្ថបទក្រោយើង នឹងលើកយកយុទ្ធសាស្ត្រ រវាងចិន វៀតណាម ចំពោះកម្ពុជា មកបង្ហាញជាបន្តបន្ទាប់ទៀត៕

No comments :