ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ហេតុអ្វីបានជាសំណុំរឿងខ្លះ តុលាការអាចតម្កល់រឿងទុកមិនជម្រះក្ដី?

No comments

លោកអ្នកនាងជាទីមេត្រី ! កាលពីសប្ដាហ៍មុនៗ គេបានស្វែងយល់ច្រើនករណី រួចមកហើយអំពីវិវាទឯកជនផ្សេងៗ ដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណីជាដើម។ សប្ដាហ៍នេះក្នុងនាទី «រត់ឲ្យទាន់ច្បាប់» របស់សារព័ត៌មានតោះអាននឹងលើកយកចំណុចសំខាន់ៗ ពាក់ព័ន្ធនឹង«ការតម្កល់រឿងទុកឥតចាត់ការ» នៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមកបង្ហាញវិញម្ដង។

ជាទូទៅរឿងក្ដីព្រហ្មទណ្ឌ ដែលត្រូវបានមន្ត្រីនគរបាល បញ្ជូនទៅសាលាដំបូងរាជធានីខេត្ត គឺមានព្រះរាជអាជ្ញា ជាអ្នកទទួលបន្ទុក។ ជាការពិតក្នុងរឿងក្ដីព្រហ្មទណ្ឌ ជនល្មើសជៀសមិនផុតពីការចោទប្រកាន់នោះទេ។ ការចោទប្រកាន់ក្នុងតំណាក់កាលនេះគេអាចបែងចែកជាពីរ៖ ទី១ ការចោទប្រកាន់ចេញពីជនរងគ្រោះ(ដើមបណ្ដឹង) និងទី២ ការចោទប្រកាន់ចេញពីព្រះរាជអាជ្ញា។ 

តែមុននឹងឈានដល់ការចោទប្រកាន់ ទៅលើជនណាម្នាក់តាមពាក្យបណ្ដឹង ព្រះរាជអាជ្ញានឹងបើកការស៊ើបអង្កេតទៅលើរឿងក្ដីនោះជាមុនសិន។ ប្រសិនបើព្រះរាជអាជ្ញារកមិនឃើញ ភស្ដុតាង ឬសេចក្ដីសម្អាងច្បាប់ពិតប្រាកដ ដែលអាចបញ្ជាក់ក្នុងរឿងក្ដីទេ ព្រះរាជអាជ្ញានឹងមិនបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីបើកសវនាការជំនុំជម្រះឡើយ។ ត្រង់ចំណុចនេះគេហៅបានថាជា «ការតម្កល់រឿងទុកឥតចាត់ការ» គេអាចពិនិត្យមើលមាត្រា ៤០ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ ដើម្បីបញ្ជាក់បន្ថែម។

ចុះហេតុអ្វីបានជាព្រះរាជអាជ្ញាអាចតម្កល់រឿងទុកឥតចាត់ការបាន?


តាមរយៈស្ថាប័នអយ្យាការដែលជាបងប្អូនបង្កើតនឹងស្ថាប័នតុលាការ គេបានសម្រេចផ្ដល់ឆន្ទានុសិទ្ធិដល់ព្រះរាជអាជ្ញាក្នុងការថ្លឹងថ្លែងថា គួរចោទប្រកាន់ ឬមិនចោទប្រកាន់ចំពោះអំពើណាមួយដែលបានបង្កការខូចខាត។


តាមមាត្រា ២នៃក្រមព្រហ្មទណ្ឌ បានបញ្ជាក់ថា បទល្មើសគឺសំដៅដល់អំពើដែលនាំឲ្យខូចខាត និងចលាចលដល់សង្គម។ ពេលខ្លះវិវាទឯកជនមួយចំនួន ដែលនាំឲ្យមានការខូចខាត ដូចជាខ្ចីលុយមិនសងជាដើម ម្ចាស់បំណុលបានទៅប្ដឹងតុលាការឲ្យចាប់ កូនបំណុលចូលពន្ធនាគារ ដោយហេតុថាខ្ចីលុយមិនសងហើយ រត់ចោលស្រុកទៀត។ ក្នុងករណីនេះ ព្រះរាជអាជ្ញានឹងតម្កល់រឿងទុកឥតចាត់ការ ព្រោះថាជាសំណុំរឿងរដ្ឋប្បវេណី។ ជាគោលការណ៍ព្រះរាជអាជ្ញាមានសមត្ថកិច្ចតែលើសំណុំរឿងព្រហ្មទណ្ឌប៉ុណ្ណោះ។ យ៉ាងណាមិញវិវាទឯកជននៅតែត្រូវបានដោះស្រាយតាមរយៈមេធាវី ឬតុលការជាដើម ដោយគ្មានការជាប់ពន្ធនាគារចំពោះជនដែលត្រូវគេប្ដឹងនោះទេ បើសិនជារឿងក្ដីរដ្ឋប្បវេណីវិវាទឯកជនពិតមែន។

មានអំពើមួយចំនួនគឺជាបទល្មើសព្រហ្មទណ្ឌ បានប្រព្រឹត្តយ៉ាងច្បាស់ ចុះហេតុអ្វីតុលាការនៅតែឥតចាត់ការ?

ជាការពិតនៅក្នុងច្បាប់ព្រហ្មទណ្ឌ មានបទល្មើសមួយចំនួនពិតជាមានចែងក្នុងច្បាប់ក៏ពិតមែន ប៉ុន្តែកាលៈទេសៈនៃការប្រព្រឹត្ត និងទំហំខូចខាត ពេលខ្លះអាចមិនបង្កជាភាពវឹកវរដល់សង្គមនោះទេ ដូច្នេះប្រសិនបើចោទប្រកាន់គឺមានតែបន្ថែមបន្ទុកដល់សង្គមទៅវិញទេ។ 

ឧ. ក្មេងក្រីក្រម្នាក់អាយុ ១៤ឆ្នាំ មានប្អូនតូចៗ ក្នុងបន្ទុក ២នាក់ ដោយសារតែឃ្លានពេក គេក៍បានសម្រេចចិត្តទៅលួចមាន់ស្ងោពីអ្នកលក់តាមចឹញ្ចើមផ្លូវមួយ។ 

តាមអង្គហេតុនេះ ក្មេងម្នាក់នោះពិតជាបានប្រព្រឹត្តអំពើចូលក្នុងបទល្មើសលួចពិតមែន ប៉ុន្តែបើពិនិត្យទៅអំពើនេះ គឺធ្វើឡើងដោយបង្ខំ ចំណែកឯទំហំខូចខាតក៍តូច ដូច្នេះប្រសិនបើតុលាការ ឬព្រះរាជអាជ្ញាចោទប្រកាន់គឺគ្មានបានផលអ្វីមកវិញឡើយ។


ក្រៅពីមូលហេតុខាងលើតើមាននៅមានអ្វីទៀតទេ?

ព្រះរាជអាជ្ញាក៏មិនអាចចោទប្រកាន់បានដែរ ចំពោះអាជ្ញាធរសាធារណៈ ដែលបានប្រព្រឹត្តអំពើអ្វីមួយ ដូចជា៖ ចុះរុះរើកម្ទេចផ្ទះប្រជាពលរដ្ឋ យកដីឲ្យក្រុមហ៊ុន ធ្វើជាដីសម្បទានជាដើម។ មូលហេតុគឺមកពីអាជ្ញាធរទាំងនោះអនុវត្តតាមបញ្ជាពីថ្នាក់លើ។ ដូច្នេះសំណុំរឿងដែលប្ដឹងដោយអង្គការ ឬប្រជាពលរដ្ឋចំពោះបញ្ហានេះ តុលាការ ឬព្រះរាជអាជ្ញាអាចតម្កល់រឿងទុកឥតចាត់ការបាន។ 

កិច្ចការពារខ្លួនដោយស្របច្បាប់ក៍ជាមូលហេតុនៃការមិនចោទប្រកាន់ តម្កល់រឿងទុកឥតចាត់ការដែរ។ ផ្អែកតាម មាត្រា ៣៣ នៃក្រុមព្រហ្មទណ្ឌ សំណុំរឿងនឹងត្រូវតម្កល់មិនចាត់ការក្នុងករណីដែលបុគ្គលណាមួយ បានប្រព្រឹត្តបទល្មើសក្នុងស្ថានភាពការពារខ្លួនដោយចាំបាច់។ គេនៅចាំបានថាកាលពីថ្ងៃទី ៣ និងទី ៤ មករា ឆ្នាំ ២០១៤ កម្មករជាច្រើននាក់ ដែលធ្វើបាតុកម្មនៅសួនឧស្សាហ៍កម្មកាណាឌីយ៉ាផ្លូវវេងស្រេងជាដើម ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ បាញ់សម្លាប់។ ក្នុងសំណុំរឿងនេះព្រះរាជអាជ្ញាអាចនឹងតម្កល់មិនចាត់ការបានដូចគ្នាប្រសិនបើរកឃើញថាអាជ្ញាធរការពារខ្លួនដោយស្របច្បាប់។ ប៉ុន្តែតាមរយៈអង្គការសិទ្ធិមនុស្សជាច្រើនដែលបានចុះទៅសង្កេតព្រឹត្តិការណ៍នោះផ្ទាល់ បានបញ្ជាក់ថា បាតុករមានត្រឹមដំថ្ម និងដំបងប៉ុណ្ណោះ ចំណែកឯសមត្ថកិច្ចគឺមានអាវុធ ដូច្នេះបើផ្អែកតាមក្រមព្រហ្មទណ្ឌ កិច្ចការពារខ្លួន ដែលមានវិសមាមាត្រអាវុធ ម្ខាងមានដុំថ្ម ម្ខាងមានអាវុធគឺមិនត្រូវនោះទេ។

សរុបមកវិញការតម្កល់រឿងទុកឥតចាត់ការ គឺជាឆន្ទានុសិទ្ធិពិសេសរបស់ព្រះរាជអាជ្ញា ដោយព្រះរាជអាជ្ញាត្រូវបង្ហាញសម្អាងហេតុ អង្គច្បាប់ច្បាស់លាស់។ យ៉ាងណាទោះបីជាតម្កល់រឿងទុកមិនចាត់ការក្ដី ភាគីពាក់ព័ន្ធនៅតែអាចដាក់ពាក់ប្ដឹងបដិសេធសេចក្ដីសម្រេចនោះទៅ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន។ ការតវ៉ានេះមានរយៈពេល ២ខែ៕

No comments :