ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

លក្ខខ័ណ្ឌស្របច្បាប់ ដើម្បីរៀបអាពាហ៍ពិពាហ៍

No comments



អាពាហ៍ពិពាហ៍គឺជាចំណងមនោសញ្ចេតនានៃកិច្ចសន្យា រវាងបុរស និងស្ត្រីម្នាក់ ស្ម័គ្រចិត្តជ្រើសគ្នាជាស្វាមីភរិយា ដើម្បីកសាងគ្រួសារ ស្របតាមគោលការណ៍ច្បាប់។ ដូច្នេះដើម្បីឲ្យអាពាហ៍ពិពាហ៍មានអនុភាព គេត្រូវគោរពលក្ខខ័ណ្ឌដូចខាងក្រោម៖
លក្ខខ័ណ្ឌទូទៅ

ជាមនុស្សដែលមានភេទផ្ទុយគ្នា (ចំពោះភេទដូចគ្នាច្បាប់មិនទទួលស្គាល់ឡើយ)។

ជាបុរស និងនារីដែលមានអាយុ ១៨ឆ្នាំឡើងទៅ។ ផ្អែកតាមមាត្រា ៩៤៨ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានកំណត់ ថា បុរស និងនារី ដែលមិនទាន់ដល់នីតិភាព ពោលគឺអាយុ ១៨ឆ្នាំ មិនអាចរៀបការបានឡើយ។ ប៉ុន្តែ ករណីដែលភាគីម្ខាងមានអាយុ ១៨ឆ្នាំ ហើយភាគីម្ខាងទៀតជាអនីតិជនអាយុមិនតិចជាង ១៦ឆ្នាំ គឺអាចរៀបអាពាហ៍ពិពាហ៍បាន ដោយមានការយល់ព្រមពីឪពុកម្ដាយ ឬអាណាព្យាបាល។

​ក្រោយពីទទួលការយល់ព្រមពីអាណាព្យបាលរួចហើយ គូរសង្សាទាំងពីរអាចទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីមន្ត្រីអត្រានុកូលដ្ឋាន ដែលមានមេឃុំ ឬចៅសង្កាត់បាន។​ នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន អ្នកទាំងពីរត្រូវតែប្រកាសដោយផ្ទាល់ថា ខ្លួនយល់ព្រមរួមរស់ជាមួយគ្នាដោយមិនមានការបង្ខំឡើយ។

តែមុននឹងឈានដល់ការចុះសំបុត្រអាពាហ៍ពិពាហ៍គេក៏ត្រូវមានលិខិតបញ្ជាក់ថាខ្លួនពិតជានៅលីវផងដែរ។ ដែលលិខិតនេះចេញដោយមន្ត្រីអត្រានុកូលដ្ឋានលំនៅឋានភាគីខាងប្រុស។

ក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺត្រូវតែធ្វើឡើងនៅលំនៅឋាន ភាគីខាងនារីជាភរិយា ដោយមានសាក្សីគ្រប់អាយុរៀបការពីរនាក់។

ជាលក្ខខ័ណ្ឌប្រពៃណី កូនត្រូវគោរព និងយល់ស្របតាមឪពុកម្ដាយក្នុងការរើសគូរស្រករ ប៉ុន្តែក្នុងច្បាប់គេមិនតម្រូវដូច្នេះឡើយ មានន័យថាឲ្យតែបុរស ឬស្ត្រី ដែលមានអាយុ ១៨ឆ្នាំ គឺអាចរៀបអាពាហ៍ពិពាហ៍បានហើយ។ 

លក្ខខណ្ឌសម្រាប់អ្នកមិនទាន់គ្រប់អាយុ

បើសិនជាគូរសង្សារដែលចង់រៀបអាពាហ៍ពិពាហ៍ ហើយមិនទាន់គ្រប់អាយុក្លាយជានីតិជនទេ ភាគីទាំងពីរ ចាំបាច់ត្រូវមានយល់ព្រមពីសំណាក់អ្នកមានអំណាចមេបា ឬអាណាព្យាបាល ជាដើម។ តែប្រសិនបើមានការជំទាស់ពីអាណាព្យាបាលណាមួយ គឺមិនចោទជាបញ្ហាទេ អ្នកមិនទាន់ដល់អាយុនោះនៅតែអាចរៀបការបាន សំខាន់ឲ្យតែមានការយល់ព្រម ពីតែអាណាព្យាបាលណាម្ខាងក្នុងចំណោមភាគីទាំងពីរ គឺគ្រប់គ្រាន់ហើយ។

តែប្រសិនបើអាណាព្យាបាលទាំងសងខាងបដិសេធមិនយល់វិញ អ្នកទាំងពីរ អាចទាមទារទៅតុលាការឲ្យសម្រេចសេចក្ដីជំនួសការយល់ព្រមនោះបាន។

សម្រាប់អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស

បើមានបំណងចង់រស់រៀបការរវាងពលរដ្ឋខ្មែរដែលរស់នៅបរទេស អាចដាក់ពាក្យសុំ ជូនដំណឹងជាសាធារណៈ និងចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ នៅចំពោះមុខឯកអគ្គរាជទូត ឬកុងស៊ុល របស់កម្ពុជា នៅប្រចាំនៅប្រទេសនោះ។

លក្ខខ័ណ្ឌហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍

ផ្អែកតាមមាត្រា ៩៤៩ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា បុគ្គល ដែលកំពុងមានប្ដី ឬប្រពន្ធ មិនអាចរៀបអាពាហ៍ពិពាហ៍បានទៀតទេ។​ ប្រសិនបើចង់រៀបអាពាហ៍ពិពាហ៍លុះត្រាតែ ក្រោយពេលលែងលះបាន ១២០ ថ្ងៃ ទើបនារីនោះអាចរៀបការទៀតបាន។ ចំណែកបុរសវិញ គឺអាចរៀបការភ្លាមបានក្រោយពេលលែងលះចប់ជាស្ថាពរតាមរយៈសាលក្រម។

ហាមដាច់ខាតចំពោះញាតិលោហិតផ្ទាល់ ឬសាខាញាតិក្នុង ៣ថ្នាក់។ មានន័យជៀសវាងរៀបការជាមួយបងប្អូនឯង ឪពុកម្ដាយ ជីដូនជីតា ចៅ ចៅទូត។

ប្រការសំខាន់មួយទៀតគឺ ការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធខ្សែផ្ទាល់ ឬហៅតាមភាសាសាមញ្ញថា «បងប្អូនសាច់ថ្លៃ»ក៍ត្រូវបានច្បាប់ហាមឃាត់ដែរ។

ហាមចំពោះបុគ្គលអសមត្ថភាពផ្លូវភេទ មិនអាចបង្កកំណើតបាន ឬអ្នកកើតជំងឺ កាចសាហាវផ្សេងៗ មហារីកជាដើម។ ដូច្នេះហើយបានជាមុនពេលរៀបអាពាហ៍ពិពាហ៍គេតែងតែតម្រូវឲ្យមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

ហាមចំពោះជនមានបញ្ហាស្មារតី។

ប្រសិនបើមានការបង្ខិតបង្ខំ នោះអាពាហ៍ពិពាហ៍មិនអាចស្របច្បាប់បានទេ៕

និយាយជារួមមកលក្ខខណ្ឌទាំងនេះគឺជាគោលការណ៍គ្រឹះសម្រាប់តម្រូវក្នុងការរៀបអាពាហ៍ពិពាហ៍ ចំណែកឯសេចក្ដីលម្អិតនឹងមានចែងនៅក្នុងច្បាប់៕

No comments :