ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ប្រវត្តិ «ធនាគារជាតិនៃកម្ពុជា» និងមុខងារប្រតិបត្តិការក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ​

No comments



ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤ ពោលគឺ ១ឆ្នាំក្រោយពីខ្មែរទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ នៅឆ្នាំ ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយកសាងជាតិនៃរបបសង្គមរាស្ត្រ និយម រដ្ឋាភិបាលបានធ្វើការកែទម្រង់ប្រព័ន្ធធនាគារ ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃសេដ្ឋកិច្ចជាតិនាសម័យនោះ។ រដ្ឋបាលខ្មែរក្រោមការដឹកនាំរបស់សម្ដេច សីហនុ បានប្រែក្លាយធនាគារជាតិនៃកម្ពុជា ពីទម្រង់ស្ថាប័នពាក់កណ្តាលស្វយ័តទៅជាធនាគាររដ្ឋក្រោម ទម្រង់ជាស្ថាប័នសាធារណៈ ដែលមានលក្ខណៈឧស្សាហកម្ម និង ពាណិជ្ជកម្ម។ 

ជាការសោកស្ដាយនៅថ្ងៃទី ១៧ មេសា ១៩៧៥ ក្រោយពេលដែលកងកម្លាំងខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញហើយ ធនាគារជាតិនៃកម្ពុជានាពេលនោះត្រូវបាន គេកម្ទេចចោល និងបញ្ឈប់ទាំងស្រុងនូវ «រូបិយវត្ថុប្រាក់រៀលជាតិ» ដោយមិនឲ្យចរាចរឡើយ។ ​រហូតមកដល់ការផុតរលត់ទៅនៃរបបខ្មៅងងឹតនេះ ទើបធនាគារជាតិនៃកម្ពុជា បានរៀបចំឡើងវិញ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស នៅថ្ងៃទី ១០ ខែតុលា ១៩៧៩ ដោយកែប្រែឈ្មោះថា "ធនាគារជាតិ នៃប្រជាជនកម្ពុជា" ។ ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងជីវភាពរស់នៅរបស់ប្រជាជនដែលទើបងើបពីសង្គ្រាមថ្មីៗ។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកនោះ ត្រូវបានគេរុះរើ និងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩០។

ក្រោយពីមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ របត់នយោបាយកម្ពុជាបានផ្លាស់ប្ដូរ ពីរបបសេដ្ឋកិច្ចផែនការ មកជារបបសេដ្ឋកិច្ចទីផ្សារសេរី។ ប្រការនេះតម្រូវឲ្យ ធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំ និងត្រួតពិនិត្យ ដោយ បានបង្កើតច្បាប់ និងប្រកាសផ្សេងៗ ជាបន្តបន្ទាប់។ 

ជាក់ស្ដែងនៅថ្ងៃទី ២៦ មករា ១៩៩៦ រដ្ឋសភា បានអនុម័តច្បាប់មួយ ដែលកំណត់បេសកកម្មរបស់ធនាគារជាតិកម្ពុជា ។

មុខងារទូទៅរបស់ធនាជាតិនៃកម្ពុជាមានដូចជា៖

១. កំណត់ គោលនយោបាយរូបិយវត្ថុ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២. ត្រិះរិះ អនុវត្ត និងត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់ឲ្យសម្រេចទៅតាម គោលដៅដែលបានកំណត់។

៣. ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផល ហើយ លើកសំណើ និងវិធានការជូនរដ្ឋាភិបាល។

៤. ផ្តល់ ឫ ដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង គ្រឹះ ស្ថានឯទៀត ដែលពាក់ព័ន្ធដូចជា ស្នងការគណនី គ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញ បទបញ្ជា និងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ។

៥. ត្រួតពិនិត្យប្រព័ន្ធទូទាត់ និងកែលម្អប្រសិទ្ធភាពនៃការ ទូទាត់អន្តរ-ធនាគារ ។

៦. ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុប្រាក់រៀលជាតិ ។

៧. ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយ ដែលជាលទ្ធផលនៃការចូលរួមរបស់ រដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នអន្តរជាតិ សាធារណៈក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។

៨ . តម្លើងតារាងជញ្ជីងទូទាត់។

៩ . ចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណទេយ្យជាមួយប្រទេសក្រៅ។

១០.ចូលរួមក្នុងការបង្កើត និងការត្រួតពិនិត្យទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។

១១.ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថាន ដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់ សង្ហារឹមប័ណ្ណ ត្បូងថ្ម និង លោហធាតុមានតម្លៃព្រមទាំងចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនេះ៕

រចនាសម្ព័ន្ធគ្រប់គ្រង



No comments :