និតិពន្ធដារ សារពើពន្ធ និងធុរកិច្ច
បច្ចុប្បន្ននេះ កម្ពុជាមានច្បាប់ពន្ធដារបែបទំនើប និងរីកចម្រើនធួនល្មម ជាអាទិ៍ ច្បាប់ ស្ដីពីសារពើពន្ធត្រូវ បានបង្កើតឡើងនាឆ្នាំ១៩៩៧ និងបទបញ្ញត្ដិផ្សេងៗទៀត ដែលបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ។ ការរៀបចំបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមាត្រា ៥៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលចែងថា ការ យកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត។ ជាការពិត យើងសង្កេតឃើញ រដ្ឋបានកសាងច្បាប់ និងលិខិតបទដ្ឋានជាច្រើន ដើម្បីធ្វើឱ្យការប្រមូលពន្ធពីប្រជាពលរដ្ឋមានលក្ខណៈនីត្យានុកូល។
តាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ដែលបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យនៅ ចន្លោះឆ្នាំ ១៩៦៧-១៩៦៨ ពន្ធ គឺជាសួយ-អាករដែលប្រជានិករខ្មែរត្រូវបង់តាមកំណត់។
តាមលោក Gaston Jèze ពន្ធ ត្រូវបានកំណត់និយមន័យថាជាតាវកាលិកគិតជាប្រាក់កាស ដែលប្រមូល ពីបុគ្គលឯកជននានាតាមរយៈអំណាចសាធារណៈ ជាលក្ខណៈស្ថាពរនិងគ្មានអ្វីជាថ្នូរ ក្នុងគោលបំណងដើម្បីបំពេញ បន្ទុកសាធារណៈ1។ តាមរយៈនិយមន័យនេះ ពន្ធ បង្ហាញនូវសារជាតិផ្សេងៗ ជាអាទិ៍ ៖
- ពន្ធ គឺជាការកាត់យកមុន។
- ពន្ធ គឺជាការកាត់យកមុនដោយបង្ខំតាមមធ្យោបាយនៃអំណាចសាធារណៈ។
- ពន្ធ គឺជាការកាត់យកមុនជាស្ថាពរ។
- ពន្ធ គឺជាការកាត់យកមុនដោយគ្មានការតបស្នង ឬគ្មានអ្វីជាថ្នូរ។
ពន្ធ Tax គឺជាការបង់ដោយបង្ខំ ដែលកំណត់ដោយរដ្ឋាភិបាលទៅលើរូបវន្ដបុគ្គល សាជីវកម្ម ឬសហគ្រាស ហើយគ្មានផ្ដល់សេវាកម្មទៅឱ្យអ្នកបង់ពន្ធទាំងនោះ ដោយផ្ទាល់វិញឡើយ។ ពលរដ្ឋគ្រប់រូបត្រូវបង់ពន្ធ ដោយផ្អែក លើចំណូល ដែលគេរកបាន ឧទាហរណ៍ ពន្ធលើប្រាក់បៀវត្ស និងដោយផ្អែកលើចំណាយដែលគេចាយ ឧទាហរណ៍ អាករលើតម្លៃបន្ថែម អាករលើផលរបរ អាករបំភ្លឺសាធារណៈជាដើម2។
ច្បាប់ជាធរមានរបស់កម្ពុជាបច្ចុប្បន្ន មិនបានកំណត់និយមន័យនៃ «ពន្ធ» នោះទេ។ ប៉ុន្ដែ ច្បាប់ ស្ដីពីសារ ពើពន្ធឆ្នាំ ១៩៩៧ គ្រាន់តែបានចែងថា ពាក្យ ពន្ធ Tax មានន័យថា ពន្ធ direct tax និងអាករ indirect Tax ទាំងឡាយ3 ។ ជាទូទៅ ពន្ធនានា គឺជាពន្ធផ្ទាល់ direct Tax លើកលែងតែពន្ធគយ customs duties ដែលជាពន្ធ ប្រយោល indriect tax ដូចគ្នាទៅនឹងអាករនានាដែរ។
ពន្ធដារឆ្លុះបញ្ចាំងអំពីការបែងចែកឡើងវិញនូវចំណូលជាតិ ដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីប្រមូលចំណូល មួយផ្នែកពីគ្រប់សមាសភាពសេដ្ឋកិច្ច ដូចជា ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម សិប្បកម្ម សេវាកម្ម ការប្រើប្រាស់… ក្នុងការផ្សារភ្ជាប់ជាមួយនឹងសិទ្ធិអំណាចនយោបាយ និងជាវិភាគទាន ទាំង រូបវន្ដបុគ្គល និងនីតិបុគ្គល។
ពន្ធ Tax គឺជាវិភាគទានហិរញ្ញវត្ថុ financial contribution ជាកាតព្វកិច្ច ដែលរដ្ឋ ឬស្ថាប័នរដ្ឋ (អាជ្ញាធរ ដែនដី ឬគ្រឹះស្ថានសាធារណៈ) ត្រូវប្រមូលដោយមានការកំណត់ដាច់ខាត និងដោយគ្មានបដិភាគអ្វីទាំងអស់ ដើម្បី យកមកបំពេញចំណាយសាធារណៈ public expense4។
ពន្ធ Tax មិនមែនជាការបង់ដោយស្ម័គ្រចិត្ដ ឬជាអំណោយនោះទេ ប៉ុន្ដែជាវិភាគទានដោយបង្ខំ ដោយអនុ-លោមទៅតាមអំណាចនីតិប្បញ្ញត្ដិ legislative power និងមានការគាំទ្រដោយអំណាចនីតិប្រតិបត្ដិ executive power និងតុលាការ judiciary ។ ពន្ធ គឺជាវិភាគទាន contribution ដែលប្រជាពលរដ្ឋត្វ្រូវចូលរួម ដោយមាន ការចាប់បង្ខំពីរដ្ឋាភិបាល។
សរុបសេចក្ដីមក ពន្ធ គឺជាកាតព្វកិច្ចគិតជាប្រាក់កាស ដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗបង្កើតឡើងដើម្បី ដាក់បន្ទុកឱ្យប្រជាពលរដ្ឋបំពេញ និងដើម្បីបង្កើត ឬបង្កើនចំណូលថវិកាជាតិ ហើយរដ្ឋាភិបាលនឹងប្រគល់មកប្រជា-ពលរដ្ឋវិញ ជាលក្ខណៈប្រយោល ជាអាទិ៍ តាមរយៈការផ្គត់ផ្គង់សេវាសាធារណៈនានាដោយឥតគិតថ្លៃ ឬដោយ អនុវត្ដគោលការណ៍បដិការនៃការផ្ដល់សេវាសាធារណៈ។
រដ្ឋ បង្កើត និងប្រមូលពន្ធ ក្នុងគោលបំណងជាច្រើន ដូចជា ៖
ដើម្បីទប់ទល់នឹងចំណាយយ៉ាងច្រើនរបស់រដ្ឋ រដ្ឋាភិបាលត្រូវការប្រាក់ចំណូលដ៏ជាក់លាក់មួយ។ ពន្ធជា ប្រភពចំណូលដ៏សំខាន់របស់ជាតិ (ចំណូលសារពើពន្ធ)។ រដ្ឋាភិបាលយកចំណូលពន្ធ ទៅធានាឱ្យការចំណាយ សាធារណៈនានា ដូចជា ការសាងសង់សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ សួនច្បារ កន្លែងកំសាន្ដ។ល។ ការ ប្រមូលពន្ធបានច្រើនធានានូវនិរន្ដរភាព នៃការចំណាយនានារបស់រដ្ឋ។ បន្ថែមពីលើនេះ ប្រសិនបើចំណូលពន្ធ ចាយមិនអស់ និងនៅសល់ រដ្ឋអាចសន្សំទុកដើម្បីធ្វើការសងបំណុលរបស់ខ្លួន។
ខ. មុខងារសេដ្ឋកិច្ចនៃពន្ធ
ពន្ធ ត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាព សេដ្ឋកិច្ចរដ្ឋ។ ពន្ធ ត្រូវបានចាត់ទុកថា ជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍ដល់សង្គម រួម។ ពន្ធដារ ជះឥទ្ធិពលដល់សេដ្ឋកិច្ច ពីរផ្នែក ជាអាទិ៍ ៖
- ការផលិត production ៖ ពន្ធការពារឧស្សាហកម្មក្នុងស្រុក។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់ នោះចំណង ឬ លទ្ធភាពនៃការវិនិយោគថយចុះ ក៏ប៉ុន្ដែ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះ ចំណង ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ។
- ការប្រើប្រាស់ consumption ៖ ពន្ធ ជះឥទ្ធិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ ប្រសិន បើអត្រាពន្ធ មានការប្រែប្រួល។ ប្រពន្ធ័ពន្ធដែលល្អ គឺប្រពន្ធ័ពន្ធ ដែលធ្វើឱ្យគម្លាតរវាងអ្នកមាន និង អ្នកក្រនៅជិតបំផុត។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ ដូចជា គ្រឿងឧបភោគ-បរិភោគប្រចាំថ្ងៃ កម្រត្រូវបាន គិតពន្ធ។
ពន្ធជំរុញឱ្យមានការអភិវឌ្ឍរដ្ឋបាលកណ្ដាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណូលពន្ធ ត្រូវបានចំណាយ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្ដអារាម ទីធ្លាសាធារណៈ…) ការពង្រឹងសន្ដិសុខជាតិ ការបម្រើឱ្យវិស័យការពារជាតិ និង ពង្រឹងប្រសិទ្ធភាពនៃសេវា សាធារណៈផ្សេងៗទៀត។ ជាវិបាក ពន្ធដារ ជំរុញការអភិវឌ្ឍរដ្ឋបាលកណ្ដាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ ពន្ធការពារសុខភាពរបស់មនុស្ស ជាក់ស្ដែង ទំនិញ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដូចជា សុរា បារី ត្រូវបានយកពន្ធច្រើន ធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
សរុបមក ពន្ធដារ បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ រដ្ឋាភិបាលប្រមូល ពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រងរដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ។ ពន្ធដារ បានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើន ចំណែកឯ អ្នកមានចំណូលតិច ត្រូវបង់ពន្ធតិច។
ចំណាត់ថ្នាក់នេះ ត្រូវបានប្រើប្រាស់ដោយគណនេយ្យសាធារណៈ។ គេអាចចាត់ថ្នាក់ពន្ធ ទៅតាមការរៀប ចំរដ្ឋបាលរបស់រដ្ឋ ជាអាទិ៍ ពន្ធដែលប្រមូលដោយរដ្ឋបាលកណ្ដាល (រាជរដ្ឋាភិបាល) និង ពន្ធ ដែលប្រមូលដោយ សមូហភាពដែនដី ដែលរួមមាន រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ និងរដ្ឋបាលសង្កាត់។ ជាក់ស្ដែង ពន្ធ ដែលប្រមូលចូលថវិកាជាតិ មានដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញជាដើម រីឯ ពន្ធ ដែលត្រូវបាន បញ្ញត្ដឱ្យប្រមូលចូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចជា ពន្ធលើអចលនទ្រព្យ ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី ពន្ធ លើដីធ្លីមិនបានប្រើប្រាស់ ជាដើម។
ពន្ធ ត្រូវបានធ្វើចំណាត់ថ្នាក់សេដ្ឋកិច្ច ដោយផ្អែកលើធាតុផ្សំសេដ្ឋកិច្ចជាប់ពន្ធ។ ធាតុផ្សំសេដ្ឋកិច្ចជាប់ពន្ធ រួមមានចំណូល និងចំណាយរបស់រូបវន្ដបុគ្គល ឬនីតិបុគ្គល។ ជាវិបាក យើងសង្កេតឃើញថាមានវត្ដមាននៃពន្ធ លើប្រាក់ចំណូលបុគ្គល ដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ជាដើម។ បន្ថែមពីលើនេះ អាជ្ញាធរ សាធារណៈ ក៏បានបង្កើតពន្ធលើការចំណាយផងដែរ ជាឧទាហរណ៍ អាករបំភ្លឺសាធារណៈ អាករលើការស្នាក់នៅ អាករលើតម្លៃបន្ថែម។
ពន្ធលើវត្ថុ in rem Tax គឺជាពន្ធដែលគិតលើទ្រព្យសម្បត្ដិរបស់អ្នកជាប់ពន្ធ ដោយមិនយកចិត្ដទុកដាក់លើ រូបបុគ្គលរបស់អ្នកជាប់ពន្ធទេ។ ពន្ធលើវត្ថុ រួមមាន ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាដើម។
ចំណែកឯ ពន្ធលើបុគ្គលin personae Tax គឺជាពន្ធដែលយករូបបុគ្គលធ្វើជាមូលដ្ឋាននៃការកំណត់ពន្ធ ពោលគឺយកចិត្ដទុកដាក់ទៅលើលទ្ធភាពបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ពន្ធលើបុគ្គលជាពន្ធដែលពិចារណាលើស្ថានភាព ជីវភាពគ្រួសារ ឬ ទ្រព្យធនរបស់អ្នកជាប់ពន្ធ ដើម្បីគិតពន្ធលើប្រាក់ចំណូល ផលិតផល ឬមូលធន។ បុគ្គលដែល ទទួលបានប្រាក់ចំណូលតិច ត្រូវបង់ពន្ធតិច រីឯបុគ្គលមានប្រាក់ចំណូលច្រើនត្រូវបង់ពន្ធច្រើន។ ពន្ធលើបុគ្គលមាន ដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ជាដើម។
ពន្ធសមាមាត្រ proportional Tax គឺជាពន្ធដែលអនុវត្ដកម្រិតអត្រាពន្ធថេរ ទោះបីមូលដ្ឋានកំណត់ពន្ធ មានការប្រែប្រួលយ៉ាងណាក្ដី។ ដោយឡែក ពន្ធកំណើនតាមថ្នាក់ progressive tax អនុវត្ដអត្រាពន្ធកើនឡើងជា លំដាប់ កាលណាមូលដ្ឋានគិតពន្ធមានទំហំកាន់តែធំ។
អត្រាពន្ធ tax rate គឺជាការកម្រិតទៅលើមូលដ្ឋានគិតពន្ធដើម្បីធ្វើជាបង្អែកក្នុងការគណនា ប្រាក់ពន្ធ។ អត្រាពន្ធ Tax រាតេ ត្រូវបានបែងចែកជាប្រភេទដូចជា ៖
- អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ proportion-percentage tax rate ៖ ជាអត្រាពន្ធ ប្រមូល តាមសមាមាត្រជាភាគរយទៅលើមូលដ្ឋ្ឋានគិតពន្ធនៃប្រភេទពន្ធនីមួយៗ។ អត្រាពន្ធគិតតាមសមាមាត្រ ជាភាគរយ គឺជាកម្រិតប្រមូលពន្ធថេរ ដែលត្រូវប្រមូលថេរទៅលើឯកតាផលិតផល អចលនទ្រព្យផ្សេងៗ ដែលត្រូវជាប់ពន្ធ។ ឧទាហរណ៍ៈ ពន្ធលើប្រាក់ចំណេញត្រូវគិតតាមអត្រាពន្ធ ៣០% ចំពោះកិច្ចសន្យា បែងចែកផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិ។ អត្រាអាករលើតម្លៃបន្ថែមគឺ ១០%។ ពន្ធប្រថាប់ត្រា ជាប់អត្រា ៤%។ ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី ១០%។ ពន្ធលើអចលនទ្រព្យ ០.១% និងពន្ធលើដីធ្លីមិនបាន ប្រើប្រាស់ ២%។
- អត្រាពន្ធកំណើនតាមថ្នាក់ progressive tax rate ៖ គឺជាអត្រាពន្ធដែលគណនាទៅតាមភាគរយ ដែល កើនឡើងជាបន្ដបន្ទាប់ ព្រមជាមួយនឹងការកើនឡើងនៃចំណូលជាប់ពន្ធរបស់បុគ្គលជាប់ពន្ធ។ ជាក់ស្ដែង មាត្រា ២០ នៃច្បាប់ស្ដីពីសារពើពន្ធឆ្នាំ ១៩៩៧ កំណត់អត្រាពន្ធលើប្រាក់ចំណេញ ដោយផ្អែកលើកំណើន នៃប្រាក់ចំណេញដូចខាងក្រោម ៖
ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ | អត្រាពន្ធ | |||
ពី | ០រៀល | ដល់ | ៦.០០០.០០០រៀល | ០% |
ពី | ៦.០០០.០០០រៀល | ដល់ | ១៥.០០០.០០០រៀល | ៥% |
ពី | ១៥.០០០.០០១រៀល | ដល់ | ១០២.០០០.០០០រៀល | ១០% |
ពី | ១០២.០០០.០០០១រៀល | ដល់ | ១៥០.០០០.០០០រៀល | ១៥% |
លើសពី ១៥០.០០០.០០០រៀល | ២០% |
ពន្ធ អាចត្រូវបានគេធ្វើការបែងចែកជាពីរប្រភេទគឺ ពន្ធផ្ទាល់ direct tax និង ពន្ធប្រយោល indirect tax ។ បំណែងចែកនេះ មានលក្ខណៈបុរាណ និងត្រូវបានយកមកអនុវត្ដច្រើន នៅក្នុងការរៀបចំប្រព័ន្ធពន្ធដារនៃ ប្រទេសនីមួយៗ។
ពន្ធផ្ទាល់ direct tax គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គល ឬទ្រព្យសម្បត្ដិ។ ទ្រព្យសម្បត្ដិដែលជាប់ពន្ធ រួមមានចលនទ្រព្យ និងអចលនទ្រព្យ។ រីឯបុគ្គលជាប់ពន្ធ រួមមានរូបវន្ដបុគ្គល និង នីតិបុគ្គល ដែលមានស្ថានភាពគតិយុត្ដជាពាណិជ្ជករ អាជីវករ ឬកម្មសិទ្ធិករ ជាដើម។ ពន្ធផ្ទាល់ រួមមានជាអាទិ៍ ៖
– ពន្ធលើប្រាក់ឈ្នួលផ្ទះ និងដី tax on real property rental គឺជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួល ដែល ទទួលបានមកពីការជួលផ្ទះ ឬដីធ្លី real property rental/lease។ កម្មសិទ្ធិករនៃអចលនទ្រព្យជួល មាន កាតព្វកិច្ចត្រូវបង់ពន្ធនេះ។
– ពន្ធលើដីធ្លីមិនបានប្រើប្រាស់ tax on unused land គឺជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរ មិនប្រើប្រាស់។ កម្មសិទ្ធិករនៃដីធ្លីមិនបានប្រើប្រាស់នោះ ដែលជាអ្នកកាន់កាប់ និង គ្រប់គ្រងអចលនទ្រព្យនោះដោយមានបណ្ណ័កម្មសិទ្ធិស្របតាមបញ្ញត្ដិច្បាប់ មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
- ពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេរកម្មសិទ្ធិ) registration tax គឺជាប្រភេទពន្ធមួយដែលគិតលើការផ្ទេរ កម្មសិទ្ធិ ឬ សិទ្ធិប្រើប្រាស់ក្រោមរូបភាពជាការទិញលក់ ការផ្ទេរពីម្នាក់ទៅម្នាក់ ការដោះដូរនៃចលនទ្រព្យ movable និងអចលនទ្រព្យ real property។ អ្នកទទួលការផ្ទេរកម្មសិទ្ធិនៃទ្រព្យនោះ មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
- ពន្ធប៉ាតង់ patent tax គឺជាពន្ធ ដែលកំណត់លើសកម្មភាពអាជីវកម្មគ្រប់ប្រភេទ។ ពន្ធនេះប្រែប្រួលទៅ តាមកម្រិតផលរបរសរុបប្រចាំឆ្នាំ នៃការជួញដូរនោះ។ អាជីវករ មានកាតព្វកិច្ចបង់ពន្ធលើសកម្មភាព អាជីវកម្មរបស់ខ្លួន។
-ពន្ធលើប្រាក់បៀវត្ស tax on salary គឺជាប្រភេទពន្ធដែលយកដោយផ្ទាល់លើបៀវត្សរបស់បុគ្គលម្នាក់ៗ។ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្ដបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃ ការបំពេញសកម្មភាពការងារ។
-ពន្ធលើប្រាក់ចំណេញ tax on profit គឺជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុន ដែលបានមកពីសកម្មភាពផលិតកម្ម អាជីវកម្ម និងសេវាកម្មជាដើម។
-ពន្ធអប្បបរមា minimum tax គឺជាពន្ធមួយដាច់ដោយឡែកនិងផ្សេងពីពន្ធលើប្រាក់ចំណេញ។ ពន្ធ អប្បបរមានេះ ត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមាន លក្ខណសម្បត្ដិគ្រប់គ្រាន់តាមអត្រា ១ ភាគរយ លើផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានា វៀរ លែងតែអាករលើតម្លៃបន្ថែម value added tax (VAT)។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយ ដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
- ពន្ធតែមប្រិ៍ stamp tax គឺជាតម្លៃតែមប្រិ៍សារពើពន្ធ។
- ពន្ធលើអចលនទ្រព្យ tax on real property គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យ ដូចជា ដី ផ្ទះ អគារ និងសំណង់ផ្សេងៗជាដើម។
- ពន្ធសត្ដឃាត slaughter tax គឺជាពន្ធដែលអនុវត្ដចំពោះការសម្លាប់គោ ក្របី និងជ្រូកដើម្បីយកសាច់។
-ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ tax on means of transportation and vehicles គឺជាពន្ធដែលអនុវត្ដលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ។
ពន្ធប្រយោល indirect tax គឺជាប្រភេទពន្ធ ដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញ ឬសេវា។ បន្ថែមពី លើនេះ ពន្ធប្រយោលគ្របដណ្ដប់លើសកម្មភាពផលិតផងដែរ ពីព្រោះទំនិញត្រូវបានដាក់ឱ្យឆ្លងកាត់ចលនាផលិតកម្ម។ អ្នកប្រើប្រាស់ទំនិញ ឬសេវា គឺជាបុគ្គលរងពន្ធ មានន័យថា គាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ ទំនិញ ឬសេវា ដែលអ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូល និងបង់ជូនរដ្ឋនាពេលក្រោយ។ ជាវិបាក អ្នកលក់ ឬ អ្នកផ្គត់ផ្គង់ ត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញ ឬតម្លៃសេវានីមួយៗ ដោយបញ្ជាក់ប្រាប់អ្នកប្រើប្រាស់ឱ្យបានច្បាស់ លាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ជូនរដ្ឋ នាពេលក្រោយ។
ពន្ធប្រយោល ត្រូវបង់ដោយមិនគិត ពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ។ ពន្ធនេះ ប្រែប្រួលទៅតាម ប្រភេទនៃផលិតផល ឬសេវាដែលបានប្រើប្រាស់។ ពន្ធប្រយោលរួមមានជាអាទិ៍ ៖
-អាករបំភ្លីសាធារណៈ public light tax គឺជាប្រភេទពន្ធប្រយោល ដែលគិតទៅលើតម្លៃសុរាមេរ័យ និង បារី ដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ដើម្បីបង់ជូនរដ្ឋជា បន្ដ នាពេលក្រោយទៀត។
-អាករលើការស្នាក់នៅ accomodation tax គឺជាប្រភេទពន្ធប្រយោល ដែលគិតលើតម្លៃសរុបនៃការ ជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទួលកាត់ទុក ដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្ដ នាពេលក្រោយទៀត។
- អាករលើផលរបរ turnover tax គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ច ផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់។ អាករនេះអនុវត្ដចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ។
-អាករពិសេសលើទំនិញ និងសេវាមួយចំនួន specific tax on certain merchandises and services គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាមួយចំនួន ដែលប្រែប្រួលទៅតាមប្រទេស នីមួយៗ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជា បន្ដនាពេលក្រោយ។
-អាករលើតម្លៃបន្ថែម value added tax គឺជាប្រភេទពន្ធប្រយោលដែលយកទៅលើតម្លៃបន្ថែមលើ ទំនិញ សេវាកម្ម ដែលឆ្លងកាត់តាមដំណាក់កាលផលិតកម្ម ចរាចរ និងការប្រើទំនិញ ឬសេវាទាំងនោះ។ អ្នកផលិត អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជា បន្ដនាពេលក្រោយ។ ផ្ទុយពីអាករលើផលរបរ អាករលើតម្លៃបន្ថែមនេះ អនុវត្ដចំពោះអ្នកជាប់ពន្ធតាម របបស្វ័យប្រកាសតែប៉ុណ្ណោះ។
-ពន្ធនាំចេញនាំចូល ឬ ពន្ធគយ Tax on import-export/ customs excise and duties គឺជាប្រភេទ ពន្ធប្រយោល ដែល កម្រិត ទៅលើ ទំនិញនាំចេញ-នាំចូល ដោយឆ្លងកាត់ច្រកព្រំដែន។ អ្នកនាំចេញ-អ្នកនាំ ចូល ត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់ និងបង់ជូន រដ្ឋ នា ពេល ក្រោយ។
នៅក្នុងសេដ្ឋកិច្ចទីផ្សារ ការប្រកួតប្រជែងបណ្ដាលឱ្យមានអ្នកមាន និងអ្នកក្រ។ អ្នកមានអាចបង់ពន្ធបាន ច្រើន រីឯអ្នកក្រមិនសូវមានលទ្ធភាពបង់ពន្ធទេ។ យើងពិនិត្យឃើញថាការបង់ពន្ធតិច ឬច្រើន គឺអាស្រ័យលើ ចំណូលបុគ្គលម្នាក់ៗ។ ជាវិបាក រដ្ឋត្រូវធ្វើច្បាប់ដើម្បីកំណត់របបពន្ធ Tax regimes ដល់អ្នកដែលមានកាតព្វកិច្ច បង់ពន្ធ Taxpayer។
យោងតាមមាត្រា ៤ នៃច្បាប់ស្ដីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ការកំណត់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្ដតាមរបបពិត real regime របបបំព្រួញ simplified regime និង របបម៉ៅការ estimated regime។
ថ្វីត្បិតបទបញ្ញត្ដិនេះ គឺជាវិធានដោយឡែក ដែលចែងតែអំពីរបបកំណត់ពន្ធលើប្រាក់ចំណេញក៏ដោយ វិធាននេះ ត្រូវបានគេយកមកប្រើប្រាស់ស្ទើរតែដូចវិធានទូទៅមួយទៅហើយ ដោយសារតែនត្ថិភាពនៃបទបញ្ញត្ដិទូទៅ ស្ដីពីការកំណត់របបពន្ធ។ ដូចនេះ របបកំណត់ពន្ធនៃប្រទេសកម្ពុជាមានបីគឺ របបពិត real regime របប ម៉ៅការ estimated regime និងរបបបំព្រួញ simplified regime។
ដើម្បីចាត់បញ្ចូលអ្នកជាប់ពន្ធ taxpayer ឱ្យស្ថិតក្នុងរបបកំណត់ពន្ធ tax regime ណាមួយខាងលើនេះ វិធាន និងនីតិវិធីមួយ នឹងត្រូវកំណត់ដោយអនុក្រឹត្យ ដោយផ្អែកលើទ្រង់ទ្រាយអាជីវកម្ម the legal form of enterprise ប្រភេទសកម្មភាព អាជីវកម្ម the type of business activity និងកម្រិតផលរបរ ។ ជាការពិតចាប់តាំង ពីការចូលជាធរមាននៃច្បាប់ ស្ដីពីសារពើពន្ធឆ្នាំ ១៩៩៧ រហូតមកដល់បច្ចុប្បន្ននេះ យើងមិនទាន់ឃើញមានវត្ដមានអនុក្រឹត្យណាមួយ ដែលកំណត់របបពន្ធលើប្រាក់ចំណេញ ឬកំណត់របបពន្ធជាទូទៅ នោះទេ។ ប៉ុន្ដែ យើងឃើញមានប្រកាសលេខ ៥៣៩ ប្រក.សហវ.ពដ ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០០០ ស្ដីពីពន្ធ លើប្រាក់ចំណេញ និងប្រកាសលេខ ១០៥៩ សហវ.ប្រក.ពដ ចុះថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០០៣ ស្ដីពីពន្ធលើប្រាក់ ចំណេញដែលបានបញ្ញត្ដិ អំពីរបបកំណត់ពន្ធលើប្រាក់ចំណេញ5 ។
យោងតាមជំពូកទី ១២ របបកំណត់ពន្ធ នៃប្រកាសលេខ ១០៥៩ សហគ្រាសណាមួយ ត្រូវជាប់ពន្ធតាម របបពិត គឺអាស្រ័យដោយទ្រង់ទ្រាយគតិយុត្ដនៃសហគ្រាស the legal form of enterprise ឬកម្រិតផលរបរ the level of turnover ឬប្រភេទសកម្មភាពអាជីវកម្ម the type of business activity. ដូចនេះ សហគ្រាស នឹងត្រូវជាប់ពន្ធតាមរបបពិត ប្រសិនបើខ្លួនមានលក្ខខណ្ឌណាមួយ។
ឃ.១.១. ទ្រង់ទ្រាយគតិយុត្ដ ៖ រាល់សហគ្រាស ដែលមិនមែនជាសហគ្រាសឯកបុគ្គល sole proproitorship គឺ ត្រូវជាប់ពន្ធតាមរបបពិត ទោះបីសហគ្រាសនោះមានសកម្មភាពអាជីវកម្មប្រភេទអ្វី ឬកម្រិតផលរបរ ប៉ុន្មានក៏ដោយ។ សហគ្រាសពាណិជ្ជ កម្មទាំងនោះមានជាអាទិ៍ សហគ្រាសរដ្ឋ ក្រុមហ៊ុនចម្រុះ ក្រុមហ៊ុនឯកជន សមូហភាពសាធារណៈ ឬអង្គការឯកជនដែលធ្វើសកម្មភាពស្វែងរកប្រាក់ចំណេញ ឬដែលទទួលប្រាក់ចំណូលពី បេតិកភណ្ឌខ្លួន…។ ដូចនេះ សហគ្រាសឯកបុគ្គលអាច ជាប់ពន្ធតាមរបបពិត គឺផ្អែកលើកម្រិតផលរបរ ឬប្រភេទ សកម្មភាពអាជីវកម្មខាងក្រោម។
ឃ.១.២. កម្រិតផលរបរ ៖ សហគ្រាសមានផលរបរ turnover ក្នុងរយៈពេល ០៣ ខែប្រតិទិនជាប់គ្នាណាមួយ three consecutive calendar months ចាប់ពី ១២៥ លានរៀលឡើងទៅ សម្រាប់ការផ្គត់ផ្គង់ទំនិញ the supply of goods ឬការផ្គត់ផ្គង់ចម្រុះ mixed supply ឬចាប់ពី ៦០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់ សេវា the supply of services ឬចាប់ពី ៣០ លានរៀល ឡើងទៅ សម្រាប់ការធ្វើកិច្ចសន្យានានាជាមួយរដ្ឋ government contract។ ការផ្គត់ផ្គង់ចម្រុះ គឺការផ្គត់ផ្គង់ ទំនិញបូកនឹងការផ្គត់ផ្គង់សេវា (ក្នុងករណីដែលសហគ្រាសធ្វើការផ្គត់ផ្គង់ទំនិញផង និងផ្គត់ផ្គង់សេវាផង)។
សហគ្រាសដែលក្នុងពេលចាប់ផ្ដើមរយៈពេល ៣ ខែជាប់គ្នាណាមួយ មានមូលដ្ឋានជឿជាក់ថា ក្នុងរយៈ ពេល ៣ ខែប្រតិទិនជាប់គ្នានោះសហគ្រាស នឹងមានផលរបរចាប់ពី ១២៥ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់ ទំនិញ ឬ ការផ្គត់ផ្គង់ចម្រុះ ឬចាប់ពី ៦០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវា ឬមានផលរបរចាប់ពី ៣០ លានរៀល ឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ។
សហគ្រាសដែលមានផលរបរប្រចាំឆ្នាំ annual turnover ចាប់ពី ៥០០ លានរៀលឡើងទៅសម្រាប់ការ ផ្គត់ផ្គង់ទំនិញ ឬការផ្គត់ផ្គង់ចម្រុះ ឬមានផលរបរប្រចាំឆ្នាំបានពីការផ្គត់ផ្គង់សេវាចាប់ពី ២៥០ លានរៀលឡើងទៅ ឬមានផលរបរប្រចាំឆ្នាំ សម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋចាប់ពី ១២៥ លានរៀលឡើងទៅ។ ផលរបរ turnover គឺជាផលរបរដែលគិតរួមបញ្ចូលនូវពន្ធអាករគ្រប់ប្រភេទ turnover inclusive of all taxes។
សហគ្រាសឯកបុគ្គល ជាសហគ្រាសនីហរណ-អាហរណ ឬជា គម្រោងវិនិយោគមានលក្ខណសម្បត្ដិគ្រប់គ្រាន់ (គ.ល.គ)Qualified Investment Project (QIP)។
ជាគោលការណ៍ តាមទ្រង់ទ្រាយរបស់ខ្លួន សហគ្រាសឯកបុគ្គលមិនជាប់ពន្ធតាមរបបពិតទេ ប៉ុន្ដែសហគ្រាស ឯកបុគ្គលនេះអាចជាប់ពន្ធតាមរបបពិត ប្រសិនបើសហគ្រាសឯកបុគ្គលមានកម្រិតផលរបរដូចខាងលើ ឬ សហគ្រាសឯកបុគ្គលនោះ គឺជាគម្រោងវិនិយោគមានលក្ខណសម្បត្ដិគ្រប់គ្រាន់(QIP)។ ជាវិបាក ប្រសិនបើសហគ្រាស ឯកបុគ្គលមានផលរបរទាបជាង ការកំណត់ខាងលើនេះទេ សហគ្រាសនោះ នឹងជាប់ពន្ធតាមរបបម៉ៅការ។
របបម៉ៅការ estimated regime គឺសម្រាប់តែសហគ្រាស ដែលមិនត្រូវបំពេញលក្ខខណ្ឌជាប់ពន្ធតាមរបបស្វ័យប្រកាសខាងលើ។ អ្នកជាប់ពន្ធតាមរបបម៉ៅការ estimated regime taxpayer គឺជាអ្នកជាប់ពន្ធតូចៗដែលស្ថិតក្រោមកម្រិតអប្បបរមាដែលត្រូវចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស real regime taxpayer និងត្រូវកំណត់ឲ្យបង់ពន្ធជាស្ថេរវន្ត ក្នុងរយៈពលេកំណត់មួយ(៣ខែ ឬ ៦ខែ)នៃឆ្នាំប្រតិទិន។នៅក្នុងរបបនេះមានសហគ្រាសចំនួន ៤៨ ៥១០ ។ ចំណូលដែលប្រមូលបានពីសហគ្រាសតាមរបបម៉ៅការមានប្រមាណ ១៥ភាគរយ នៃចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន។ នៅក្នុងប្រព័ន្ធនេះ អគ្គនាយដ្ឋានពន្ធដារ General Department of Taxation (GDT) ផ្ទាល់ បានរៀបចំមូលដ្ឋានត្រូវបង់ពន្ធ ស្របតាមបញ្ជីទាំងឡាយដែលប្រគល់មកដោយការប៉ាន់ប្រមាណ ។ ជាក់ស្តែងណាស់ដែលថា ប្រព័ន្ធនេះ នឹងត្រូវចំណាយច្រើន ដើម្បីគ្រប់គ្រងឲ្យបានប្រសើរល្អ6
នៅក្នុងប្រទេសកម្ពុជា ការប្រមូលពន្ធតាមរបបបំព្រួញ simplified regime មិនទាន់មានបទបញ្ញត្ដិណា មួយ ឬ សេចក្ដីណែនាំសម្រាប់ការអនុវត្ដន៍នៅឡើយទេ។
ក. គោលការណ៍នីត្យានុកូលភាពនៃពន្ធ ៖ ពន្ធ ត្រូវបង្កើតឡើងដោយច្បាប់។ ច្បាប់ រួមបញ្ចូលរដ្ឋធម្មនុញ្ញ កិច្ចព្រម ព្រៀងអន្ដរជាតិ ច្បាប់សភា និងបទបញ្ជានានាដែលចេញដោយស្ថាប័ននីតិប្រតិបត្ដិ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បញ្ញត្ដ ក្នុងមាត្រា ៥៧ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ ថា ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត ។ មានច្បាប់ចែងទើបមានពន្ធ មានពន្ធទើបមានការប្រមូលពន្ធ ។
តាមស្មារតីនៃបទបញ្ញត្ដិខាងលើនេះ រដ្ឋសភា និងព្រឹទ្ធសភា ជាស្ថាប័នមានសមត្ថកិច្ចក្នុងការកសាងបទ-ដ្ឋានគតិយុត្ដពន្ធដារ។ យើងសង្កេតឃើញមានការអនុម័តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗតាំងពីឆ្នាំ ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះ។ ច្បាប់ ស្ដីពីសារពើពន្ធ ដែលជានិយាមគោលនៃពន្ធដារខ្មែរសព្វថ្ងៃនេះ ត្រូវបាន បង្កើតឡើងនាឆ្នាំ ១៩៩៧។ ដើម្បីធានាបាននូវការប្រតិបត្ដិតាមគោលការណ៍នីត្យានុកូលភាពនៃការយកពន្ធ រាជ-រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ប្រកាស និងសារាចរ(ណែនាំ)ជាច្រើន។
តែទោះជាយ៉ាងណាក៏ដោយ ច្បាប់ពន្ធដារ ដែលបង្កើតឡើងត្រូវគោរពឆន្ទៈរបស់ប្រជារាស្ដ្រ និងការពារ ផលប្រយោជន៍រាស្ដ្រ ពីព្រោះសភា និងរដ្ឋាភិបាល គឺសុទ្ធតែជាស្ថាប័នដែលបង្កើតឡើងដោយ និងតំណាងឱ្យប្រជា-ពលរដ្ឋ។ កថាខណ្ឌទី ៣ មាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ចែងថា អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល …។
ខ. គោលការណ៍សមភាពនៃពន្ធ ៖ ការប្រមូលពន្ធពីប្រជាពលរដ្ឋខ្មែរ ត្រូវអនុលោមតាមគោលការណ៍សមភាព។ គោលការណ៍នេះ បង្ហាញថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋស្មើៗគ្នា។ ផ្អែកតាមគោលការណ៍ នីត្យានុកូលភាព ពន្ធគឺជាច្បាប់។ មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បញ្ញត្ដថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់…។ ជាវិបាក ពន្ធដែលបានបង្កើតឡើង ត្រូវដាក់ឱ្យអនុវត្ដចំពោះ ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ នយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
តាមការអង្កេតជាបឋម យើងយល់ថា គោលការណ៍សមភាព មានគោលដៅចំពោះប្រជាពលរដ្ឋខ្មែរ។ ផ្ទុយទៅវិញ ប្រសិនបើពិនិត្យឱ្យស៊ីជម្រៅនោះ ជនបរទេស ក៏អាចក្លាយជាកម្មវត្ថុនៃការអនុវត្ដច្បាប់សារពើពន្ធ កម្ពុជាផងដែរ ពីព្រោះនីតិនិពន្ធ មិនកំណត់ថាជនជាតិខ្មែ្មរ ឬបរទេសទេ ដែលត្រូវបង់ពន្ធតាមច្បាប់ខ្មែរ ប៉ុន្ដែបាន បញ្ញត្ដពីស្ថានភាពគតិយុត្ដរបស់អ្នកជាប់ពន្ធ taxpayer ជា និវាសនជន resident ឬ អនិវាសនជន non-resident ទៅវិញ។ ដូចនេះ ដែនកំណត់អនុវត្ដគោលការណ៍សមភាព គ្របដណ្ដប់លើជនជាតិខ្មែរ និងបរទេសទាំងឡាយណា ដែលបានទទួលសេវាសាធារណៈពីរដ្ឋបាលកម្ពុជា។
គ. គោលការណ៍សេរីភាព ៖ នីតិសារពើពន្ធ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សេរីភាពពាណិជ្ជកម្ម ឧស្សាហកម្មឡើយ។ មាត្រា ៦១ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាល ដោយយកចិត្ដទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន។ រដ្ឋយកចិត្ដទុកដាក់ជួយដោះស្រាយមធ្យោបាយ ផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
ឃ. គោលការណ៍ភាពចាំបាច់នៃពន្ធ ៖ ពន្ធត្រូវប្រមូលដើម្បីធានានូវនិរន្ដរភាពនៃចំណាយសាធារណៈ។ ចរិត លក្ខណៈចាំបាច់នៃពន្ធ បង្កើតឱ្យមាននូវអំណាចធម្មានុរូបលើការត្រួតពិនិត្យសារពើពន្ធ និងលើការដាក់ទណ្ឌកម្ម ចំពោះអំពើគេចវេសពន្ធ។
ង. គោលការណ៍ភាពប្រចាំឆ្នាំនៃពន្ធ ៖ ការប្រមូលពន្ធ ត្រូវធ្វើសម្រាប់រយៈពេល ១ ឆ្នាំៗ។ ប៉ុន្ដែ នីតិនិពន្ធអាច បង្កើតច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដោយអនុញ្ញាតឱ្យយកហួសឆ្នាំដែលច្បាប់នោះបានចែង។ បន្ថែមពីលើនេះ គោល-ការណ៍ភាពប្រចាំឆ្នាំ មិនធ្វើជាឧបសគ្គនៃការសងបំណុលពន្ធ ដែលកន្លងមកអ្នកជាប់បានបង់មិនគ្រប់។
ក. គោលការណ៍ដែនដី ៖ ដូចបានលើកបង្ហាញជូនខាងលើរួចមកហើយ ពន្ធ គឺជាច្បាប់។ តាមគោលការណ៍ដែនដីនៃ ច្បាប់ ច្បាប់សារពើពន្ធកម្ពុជា ត្រូវដាក់ឱ្យអនុវត្ដតែលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។ ដែនដីសារពើពន្ធ គឺជាអធិបតេយ្យភាពសារពើពន្ធ។ ប៉ុន្ដែ អំណាចសារពើពន្ធអាចលាតសន្ធឹងហួសដែនអធិបតេយ្យភាពកម្ពុជាបាន ប្រសិនបើកម្ពុជាបង្កើតសន្ធិសញ្ញា ឬ អនុសញ្ញាជាមួយបរទេស។ កិច្ចព្រមព្រៀងអន្ដរជាតិទាំងនេះមានឧត្ដមានុភាព លើច្បាប់ជាតិ។
ខ. គោលការណ៍នៃភាពមិនប្រតិសកម្ម ៖ ដើម្បីធានាបាននូវសន្ដិសុខគតិយុត្ដដល់អ្នកជាប់ពន្ធ ដែលជាប្រធាននៃនីតិ ច្បាប់សារពើពន្ធ មិនត្រូវអនុញ្ញាតឱ្យអនុវត្ដប្រកបដោយអានុភាពប្រតិសកម្មឡើយ។ ច្បាប់នេះត្រូវមានអានុភាព សម្រាប់អនាគតតែប៉ុណ្ណោះ។
កថាភាគទី ១. អ្នកជាប់ពន្ធ អ្នកជាប់ពន្ធ taxpayer គឺជាបុគ្គល (រូបវន្ដបុគ្គល natural personឬនីតិបុគ្គល Legal entity) ដែលមាន កាតព្វកិច្ចត្រូវបង់ពន្ធ (មាត្រា ៨៨ នៃច្បាប់ ស្ដីពីសារពើពន្ធឆ្នាំ ១៩៩៧)7។ យោងតាមមាត្រា ៩១ នៃច្បាប់ ស្ដីពី សារពើពន្ធនេះ អ្នកជាប់ពន្ធមានសិទ្ធិ និង កាតព្វកិច្ច ដូចខាងក្រោម ៖
-ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ (មាត្រា ១០១ នៃ ច្បាប់ ស្ដីពីសារពើពន្ធ LOT) -ដាក់លិខិតប្រកាសសារពើពន្ធ តាខ ដចេលារាតិៀន និង ផ្ដល់ព័ត៌មានតាមការតម្រូវនៃបទបញ្ញត្ដិស្ដីពី ពន្ធដារ (មាត្រា ១០៤ ថ្មី នៃច្បាប់ ស្ដីពីវិសោធនកម្ម នៃច្បាប់ ស្ដីពីសារពើពន្ធ និងមាត្រា ១០៨ នៃច្បាប់ ស្ដីពី សារពើពន្ធ) -បង់ពន្ធតាមកាលបរិច្ឆេទកំណត់ (មាត្រា ១០៧ នៃច្បាប់ ស្ដីពីសារពើពន្ធ) -កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្ដិការ books of account and supporting documents និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ (មាត្រា ៩៨ នៃច្បាប់ ស្ដីពីសារពើពន្ធ) -បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធ tax administration តាមកាលបរិច្ឆេទ ដែលមានចុះនៅក្នុងលិខិត ជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ (មាត្រា ៩៩ នៃច្បាប់ ស្ដីពីសារពើពន្ធ) -បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាល បរិច្ឆេទ ដូចមានចែងនៅក្នុងបទបញ្ញត្ដិស្ដីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយ- លក្ខណ៍អក្សរ (មាត្រា ១១៦ ១២៥ ១២៦ ១៣០ ១៣១ និង ១៣២ នៃច្បាប់ ស្ដីពីសារពើពន្ធ) -ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និង -ត្រូវមានកិច្ចសហប្រតិបត្ដិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច។
-ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មាន ដែលអ្នកជាប់ពន្ធបានផ្ដល់ជូនរដ្ឋបាលសារពើពន្ធ (មាត្រា ៩៩ នៃច្បាប់ ស្ដីពីសារពើពន្ធ) ទទួលបានការផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការ នៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្ដកាតព្វកិច្ចសារពើពន្ធ (មាត្រា ៩៦ នៃច្បាប់ ស្ដីពីសារពើ ពន្ធ មាត្រា ៩៥ ថ្មី នៃច្បាប់ ស្ដីពីវិសោធនកម្ម នៃច្បាប់ស្ដីពីសារពើពន្ធ) -ទទួលបានការពន្យល់រាល់សេចក្ដីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ -ប្ដឹងតវ៉ា ចំពោះរាល់សេចក្ដីសម្រេចរបស់រដ្ឋបាលសារពើពន្ធ (មាត្រា ១១៨ ១២០ ១២១ ១២២ និង ១២៤ នៃច្បាប់ ស្ដីពីសារពើពន្ធ) -បង់ពន្ធមិនឱ្យលើសពីបទបញ្ញត្ដិស្ដីពីពន្ធដារកំណត់ (មាត្រា ១០៧ នៃច្បាប់ ស្ដីពីសារពើពន្ធ) -មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើស ដើម្បីផ្ដល់យោបល់អំពីកិច្ច ការសារពើពន្ធ (មាត្រា ១០៦ នៃច្បាប់ ស្ដីពីសារពើពន្ធ) -ទទួលបានការអនុវត្ដដោយមានតម្លាភាព និង មិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ និង -ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្ដកាតព្វកិច្ចសារពើពន្ធ។
មូលដ្ឋានកំណត់ពន្ធ tax base គឺជារាល់ខ្ទង់ចំណូលទាំងឡាយដែលចំណុះឱ្យសកម្មភាពអាជីវកម្ម ពាណិជ្ជ កម្ម ផលិតកម្ម សិប្បកម្ម សេវាកម្ម និងសកម្មភាពផ្សេងៗទៀតដែលត្រូវបានចាត់ទុកថាជាមូលដ្ឋាននៃការគណនា ពន្ធ tax computation។ មូលដ្ឋានកំណត់ពន្ធ tax base ប្រែប្រួលទៅតាមប្រភេទពន្ធនីមួយៗ។ គេអាចកំណត់ទៅលើប្រភេទពន្ធ នីមួយៗផ្សេងៗគ្នា ដោយផ្អែកលើមូលដ្ឋានកំណត់ពន្ធខុសៗគ្នា។ ឧទាហរណ៍ ៖ ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី (មូលដ្ឋាន កំណត់ពន្ធ គឺប្រាក់ឈ្នួលផ្ទះ និងដី) ពន្ធលើប្រាក់បៀវត្ស (មូលដ្ឋានគិតពន្ធគឺ ប្រាក់បៀវត្ស) ពន្ធលើប្រាក់ចំណេញ (មូលដ្ឋានកំណត់ពន្ធគឺ ប្រាក់ចំណេញ) ពន្ធប៉ាតង់ (មូលដ្ឋានគិតពន្ធគឺ ចំណូលសរុបប្រចាំឆ្នាំ annual turnover)។
ឯកតាគិតពន្ធ tax unit គឺជាឯកតាដែលត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជាមធ្យោបាយទូទាត់ពន្ធ។ នៅ ប្រទេសកម្ពុជា គឺប្រាក់រៀល។ ប្រការ ១ នៃប្រកាសលេខ ៥៧៦ សហវ.ពដ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៥ ស្ដីពីការប្រមូលពន្ធអាករ ជាប្រាក់រៀលចែងថា នាយកដ្ឋានពន្ធដារ (អគ្គនាយកដ្ឋានពន្ធដារ) និងគ្រប់អង្គភាព ពន្ធដារទាំងអស់ ត្រូវធ្វើការប្រមូលពន្ធអាករគ្រប់ប្រភេទពីអ្នកជាប់ពន្ធជាប្រាក់រៀល។
គ. តម្លៃគិតពន្ធ តម្លៃគិតពន្ធ
គឺជាថ្លៃទីផ្សារ ឬ ថ្លៃ CIF(Cost Insurance and Freight)8 ឬជាតម្លៃដែលត្រូវបាន កំណត់ឡើងដោយអង្គការគយ (ចំពោះប្រភេទទំនិញដែលត្រូវបានអនុញ្ញាតឱ្យធ្វើការនាំចេញនាំចូល) តម្លៃគិតពន្ធ កំណត់ឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស គណៈកម្មការវាយតម្លៃដីមិនប្រើប្រាស់។
ជាគោលការណ៍ រាល់សកម្មភាពសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម សិប្បកម្ម និងកសិកម្ម សុទ្ធតែត្រូវបានរាជការយកពន្ធ ដើម្បីរៀបចំឱ្យមានសន្ដិសុខសង្គម និងអនុញ្ញាតឱ្យចលនាសេដ្ឋកិច្ច ទាំងនោះធ្វើដំណើរប្រកបដោយភាពរលូន និងសុវត្ថិភាព។ នៅក្នុងការកសាងនីតិរដ្ឋ ការប្រមូលពន្ធនេះត្រូវបញ្ញត្ដដោយច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលជាអ្នកជាប់ ពន្ធ ទទួលយកនូវកាតព្វកិច្ចបង់ពន្ធនេះ។ ប៉ុន្ដែ ច្បាប់ទាំងនោះ ក៏បង្កើតបទបញ្ញត្ដិពាក់ព័ន្ធនឹងការលើកលែងពន្ធ តាខ ខេមេផតិៀន ផងដែរ។ ការលើកលែងពន្ធ តាខ ខេមេផតិៀន អាចមានលក្ខណៈទាំងស្រុង ឬមួយចំណែក ផ្អែកលើ លក្ខណសម្បត្ដិរបស់អាជីវកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជា ការលើកទឹកចិត្ដដល់វិនិយោគិន ក្នុងស្រុក និងបរទេស ឬការជំរុញឱ្យមានសកម្មភាពកាន់តែខ្លាំងឡើងលើវិស័យអាទិភាពណាមួយ ដែលស្ថិតនៅក្នុង ក្របខ័ណ្ឌនៃការអភិវឌ្ឍប្រទេសជាតិ។
ការបង់ពន្ធអាករនានាត្រូវធ្វើឡើងតាមទម្រង់បែបបទ ដែលកំណត់ដោយច្បាប់ជាធរមាន។ បែបបទបង់ ពន្ធ សំដៅដល់ ការដាក់លិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធដារ តាមការកំណត់នៃប្រភេទពន្ធនីមួយៗ និងវិធី-សាស្ដ្រប្រមូលប្រាក់ពន្ធ។ ជាក់ស្ដែង ច្បាប់កំណត់ថា ម្ចាស់អាជីវកម្មដ្ឋាននានា ត្រូវដាក់លិខិតប្រកាសពន្ធ tax declartion និងបង់ពន្ធប៉ាតង់ជូនរដ្ឋបាលសារពើពន្ធ tax administration នៃទីកន្លែងដែលអាជីវកម្មដ្ឋានរបស់ ខ្លួនតាំងនៅនៅដើមឆ្នាំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣១ ខែ មីនា។
1Charles Aimé et Marc Rochedy, Droit fiscal, Dalloz-Serey, Aide-mémoire, 9e édition, 2005, page 1
2ដកស្រង់ចេញពីសៀវភៅ ការគ្រប់គ្រង ដោយ អ៊ឹម សុផល បោះពុម្ពលើកទី២ ដោយវិទ្យាស្ថានជាតិនៃកម្ពុជា ទំព័រទី១។
4បណ្ឌិត ហង់ ជួន ណារ៉ុង និងប៉ាទ្រីក ហ្សីលបែ-ដឺវ៉ាល់ឡុង ហិរញ្ញវត្ថុសាធារណៈ គ្រឹះស្ថានបោះពុម្ពផ្សាយព្រះវិហារ បោះពុម្ពលើកទី១ ឆ្នាំ ២០០៩ ទំព័រ ២១ ។
6បណ្ឌិត ហង់ជួន ណារ៉ុន និងប៉ាទ្រីក ហ្សីលបែ-ដឺវ៉ាល់ឡុង ហិរញ្ញវត្ថុសាធារណៈ គ្រឹះស្ថានបោះពុម្ពផ្សាយព្រះវិហារ បោះពុម្ពលើកទី១ ឆ្នាំ២០០៩ ទំព័រ២២
8CIF(Cost insurance and freight) តម្លៃទំនិញ កាធានារ៉ាប់រង និងថ្លៃដឹកទំនិញ ៖ អ្នកលក់ជាអ្នកបង់ថ្លៃដឹកជញ្ជូនអន្ដរជាតិ ។ អ្នកនាំចេញជាអ្នកបង់ ថ្លៃដឹកទំនិញ ថ្លៃធានារ៉ាប់រង និងថ្លៃចំណាយផ្សេងៗទៀត ចាប់ពីចំណុចចាប់ផ្ដើម រហូតដល់គោលដៅដែលត្រូវដឹកទំនិញទៅ (សៀវភៅមគ្គទេសក៍ស្ដីពី នីតិវិធី នៃការនាំចេញ ដោយក្រសួងពាណិជ្ជកម្ម និងសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ(IFC) ឆ្នាំ ២០០៨ ទំព័រ ៣)។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment