ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

មេធាវី អ៊ន ហ៊ីង ៖ ប្ដីលួ​ចលុយប្រពន្ធ មិនមានទោសទេ

No comments




លោកអ្នកនាងជាទីមេត្រី !

ការរៀបអាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តី ដែលស្របតាមច្បាប់ នឹងធ្វើឲ្យកើតមាននូវចំណងគតិយុត្តិមួយ រវាងអ្នកទាំងពីរ ភាសាច្បាប់គេហៅថា «សហព័ទ្ធ»​។ ទំនាក់ទំនងនេះ នាំឱ្យកើតមាននូវសិទ្ធិ និងករណីយកិច្ចទៅលើទ្រព្យសម្បត្តិ ដែលប្ដីប្រពន្ធ នោះរកបានក្នុងអំឡុងពេលរួមរស់ជាមួយគ្នា។ ប្រសិនបើ ប្ដី លួចលុយ ឬទ្រព្យសម្បត្តិណាមួយ ដែលជាកម្មសិទ្ធិប្រពន្ធ តើប្ដីអាចនឹងជាប់ចោទពីបទលួចដែលមានចែងនៅក្នុងព្រហ្មទណ្ឌ រហូតជាប់ពន្ធនាគារដែរឬទេ?

ដើម្បីស្រាយចម្ងល់នៅក្នុង «នាទីរត់ឲ្យទាន់ច្បាប់ របស់សារព័ត៌មានតោះអាន» នាសប្ដាហ៍នេះ នឹងលើកយកចំណុចសំខាន់ៗ ពាក់ព័ន្ធនឹង «អំពើលួច» មកបង្ហាញ ដោយមានការចូលរួមបកស្រាយពីលោក មេធាវី អ៊ន ហ៊ីង ដែលជាសាស្ត្រាចារ្យ នៅសាលាច្បាប់ដ៏ល្បី។

ជាទូទៅទ្រព្យសម្បត្តិរបស់សហព័ទ្ធត្រូវបែងចែកជាពីរប្រភេទ៖

ទី១.គឺទ្រព្យដែលរកបានក្នុងពេលរៀបការ ភាសាច្បាប់គេហៅថា «ទ្រព្យរួម»។

ទី២.គឺទ្រព្យដោយឡែក ។ ទ្រព្យដោយឡែកត្រង់ចំណុចនេះគឺសំដៅទៅលើទ្រព្យដែល ប្ដី ឬប្រពន្ធ មានមុនពេលរៀបការជាមួយគ្នា។ ទោះបីជាអ្នកទាំងពីរលែងលះគ្នាទ្រព្យនោះក៏នៅតែជាកម្មសិទ្ធិម្ចាស់ដើមដដែល។ ដូច្នេះការលួចទ្រព្យគ្នាទៅវិញ ទៅមកអាចនឹងកើតមានឡើងពិបាកជៀសផុត។ ពេលខ្លះមានបុគ្គលមួយចំនួន មិនទាំងដឹងថាខ្លួនឯងកំពុងតែប្រព្រឹត្ត អំពើលួច ផង។

អ្វីទៅជាអំពើលួច?

អំពីលួច គឺជាសកម្មភាពដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ ២០០៩ មាត្រា ៣៥៦ បានចែងថា “អំពើលួចត្រូវដាក់ពន្ធនាគារចាប់ពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចូលរដ្ឋចាប់ពី ១លាន ដល់ ៦លានរៀល។ ក្នុងករណីបើសិនជាអំពើលួចដោយប្រើហិង្សា នោះទោសដែលត្រូវផ្ដន្ទា នឹងកើនពី ៣ ទៅ ១០ឆ្នាំ ឬអាចធ្ងន់រហូតដល់ ៣០ឆ្នាំ ប្រសិនបើអំពើហិង្សាធ្វើឲ្យជនរងគ្រោះស្លាប់”។

ចំពោះមាត្រាដែលបានលើកឡើងខាងលើ គ្រាន់តែបង្ហាញពី អំពើលួចរបស់អ្នកដទៃដែលគ្មានទំនាក់ទំនងផ្លូវច្បាប់ជាមួយគ្នាប៉ុណ្ណោះ។ ចំណែកឯប្ដីប្រពន្ធ ដែលបានរៀបការជាមួយគ្នា ហើយចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមនីតិវិធី ច្បាប់បានទទួលស្គាល់ថា ជាទំនាក់ទំនងស្ថិតក្នុងផ្លូវច្បាប់។ ដូច្នេះការលួចទ្រព្យសម្បត្តិគ្នាទៅវិញទៅមករវាងប្ដី និងប្រពន្ធ​ គឺមិនច្បាប់មិនកំណត់ឲ្យមានទោសនោះទេ។

ការបកស្រាយដូច្នេះក៏ព្រោះតែផ្អែកតាមមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ ដែលមានចែងអំពីអភ័យឯកសិទ្ធិគ្រួសារ។ «អភ័យឯកសិទ្ធិគ្រួសារ» គឺជាសិទ្ធិពិសេសមួយ ជួយឲ្យបុគ្គលដែលជា សហព័ទ្ធ (ប្ដី ឬប្រពន្ធ) រួចផុតពីការចោទប្រកាន់ ចំពោះអំពើលួច ដែលខ្លួនបានប្រព្រឹត្ត។ មានន័យថា បើសិនជាប្ដីលួចលុយពីប្រពន្ធ គឺមិនមានទោសនោះទេ ហើយប្រពន្ធដែលលួចលុយរបស់ប្ដី ក៏មិនត្រូវជាប់ទោសដែរ។

ហេតុអ្វីបានជាគេមិនផ្ដន្ទាទោសចំពោះការលួចទ្រព្យរវាងប្ដី និងប្រពន្ធ?

ត្រង់ចំណុចនេះលោកមេធាវី អ៊ន ហ៊ីង មានប្រសាសន៍ថា «ព្រោះ​លុយអស់ហ្នឹង គេសន្មត់ដូចជាលុយរួមចឹង វាជាទ្រព្យសម្បត្តិរបស់ប្ដី ឬប្រពន្ធ ដែលរកស៊ីបាន។ ចឹងបើលួចលុយខ្លួនឯងជាប់គុកម៉េចកើត ហោប៉ៅស្រី ក៏ជាលុយរួម ហោប៉ៅប្ដី​ ក៏ជាលុយរួម»។

លោកមេធាវីបន្ថែមថា ប្រកាសំខាន់មួយទៀត ដែលច្បាប់មិនចាប់កំហុសចំពោះអំពើលួចទ្រព្យរបស់សហព័ទ្ធ គឺដោយសារតែសម្មភាពនេះ តែងតែកើតឡើងច្រើនក្នុងសង្គមគ្រួសារ ដោយរាប់ចាប់ពីឪពុកម្ដាយរហូតដល់ ប្ដី និងប្រពន្ធ។ ដូច្នេះប្រសិនបើអ្នកច្បាប់កំណត់ឲ្យមានការផ្ដន្ទាទោសចំពោះការលួចទ្រព្យគ្នាទៅវិញទៅមកក្នុងគ្រួសារ គឺអាចនឹងធ្វើឲ្យមាន គំនុំខឹងគ្នា និងភាពមិនចុះសម្រុងកើតឡើង។

សរុបជារួមមកការលួចលុយ គ្នាទៅវិញទៅមករវាងប្ដី និងប្រពន្ធ មិនត្រូវបានច្បាប់កំណត់ថាឲ្យមានទោសនោះទេ។ ទោះបីយ៉ាងនេះក្ដី«អំពើលួច» មិនមែនជាទង្វើល្អឡើយ បើសិនជាអាចជៀសបានកុំប្រព្រឹត្ត ហើយគួរតែព្យាយាមបើកចិត្តឲ្យទូលាយ និយាយស្នើសុំទៅភាគីម្ខាងទៀត អំពីបំណងដែលចង់បានថវិកានោះវិញទើប ជាការល្អសម្រាប់សុភមង្គលគ្រួសារ៕

No comments :