សៀវភៅណែនាំ ស្ដីពី ការរៀបចំគម្រោងក្រុង ស្រុក
ចុចទីនេះទាញយកឯកសារ ។
គម្រោងមានលក្ខណៈជាសំណុំនៃលទ្ធផល ដែលរួមគ្នាដើម្បីសម្រេចទិសដៅមួយ។ លទ្ធផល គឺជាអ្វីមួយដែលបានបង្កើតឡើងដោយគម្រោង ហើយដែលយើងអាចរាប់ ឬវាស់វែងបាន។ គម្រោងមួយអាចមាន៖
- លទ្ធផលខុសៗគ្នា នៅទីតាំងតែមួយ (ឧទាហរណ៍ៈ ទំនប់មួយខ្សែ ទ្វារទឹកមួយកន្លែង និងប្រឡាយមួយខ្សែ បង្កើតបានជាគម្រោងមួយហៅថា គម្រោងប្រព័ន្ធធារាសាស្ត្រ) ។
- លទ្ធផលជាច្រើនដូចៗគ្នា នៅទីតាំងផ្សេងគ្នា (ឧទាហរណ៍ៈ អណ្តូង នៅ ៥ ភូមិ) ។
គម្រោងដែលត្រូវបានអនុវត្តដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន ត្រូវតែឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់។ ថវិកាដែលបានវិភាជន៍សម្រាប់គម្រោងទាំងនោះ ត្រូវឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។
គម្រោងមួយត្រូវមានៈ
- ឈ្មោះមួយ។ ជាការសំខាន់ក្នុងការផ្តល់ឈ្មោះមួយឲ្យគម្រោង ដើម្បីញែកវាឲ្យដាច់ពីគម្រោងផ្សេងទៀត។
- ប្រភេទគម្រោង (ឧទាហរណ៍ៈ “ផ្គត់ផ្គង់ទឹកស្អាតជនបទ” “គមនាគមន៍ជនបទ”)
- រយៈពេលនិងគម្រោងថវិកា (គម្រោងថវិកាដកស្រង់ចេញពីកម្មវិធីវិនិយោគឃុំ សង្កាត់)
- យ៉ាងហោចណាស់មានទីតាំងមួយ។ ជាធម្មតា ទីតាំង ជាភូមិមួយ ឬភូមិច្រើនជាងមួយ។
- យ៉ាងហោចណាស់មានលទ្ធផលមួយ។
លទ្ធផលមួយត្រូវមានៈ
- ប្រភេទលទ្ធផលមួយ
- ទីតាំងមួយ។ ចំពោះគម្រោងឃុំ សង្កាត់ លទ្ធផលមួយត្រូវបានកំណត់ថា ជាទីតាំងនៅភូមិមួយ។ ប្រសិនបើគម្រោងមួយមានសកម្មភាពដូចគ្នានៅ ២ ភូមិ យើងរាប់ ២ លទ្ធផល។
- ឯកតាមួយសម្រាប់ការវាស់វែង។
- បរិមាណមួយ។
កំណត់សម្គាល់ៈ
- ជាទូទៅ គម្រោងជាច្រើនអាចស្ថិតក្នុងប្រភេទគម្រោងតែមួយ។ ប្រសិនបើលទ្ធផលនៅក្នុងកម្មវិធីវិនិយោគឃុំ សង្កាត់ គឺជាផ្លូវក្រាលក្រួសក្រហម ហើយលទ្ធផលមួយផ្សេងទៀត គឺជាអណ្តូងស្នប់ នោះលទ្ធផលទាំងនេះ ត្រូវតែដាក់នៅក្នុងគម្រោង ២ ផ្សេងគ្នា គឺ “គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ” និង “គម្រោងផ្លូវលំជនបទ” ។
- ចំពោះគម្រោងសេវាកម្មមួយចំនួនអាចរួមបញ្ចូលគ្នានូវសកម្មភាព ឬលទ្ធផលនានា ដែលមិនស្ថិតនៅក្នុងប្រភេទគម្រោងតែមួយ។ គម្រោងសេវាកម្មប្រភេទនេះអាចរួមបញ្ចូលគ្នានូវសេវាកម្ម សម្ភារៈ ទំនិញ និងឬការងារសាងសង់តូចតាច ដើម្បីសម្រេចបាននូវទិសដៅរួមរបស់គម្រោង។
- លទ្ធផលនានាដែលរួមគ្នាដើម្បីសម្រេចទិសដៅតែមួយ ត្រូវដាក់ជាមួយគ្នានៅក្នុងគម្រោងមួយ។ ឧទាហរណ៍ៈ
- លូ ស្ពាន និងក្រាលក្រួសក្រហមនៅលើផ្លូវមួយខ្សែ ត្រូវដាក់ជាមួយគ្នានៅក្នុងគម្រោងមួយ។
- គម្រោងកសិកម្មចម្រុះដែលរួមមានលទ្ធផលជា កសិករទទួលបាននូវការបណ្តុះបណ្តាល ស្រះសម្រាប់ចិញ្ចឹមត្រី រោងជីកុំប៉ុស្តិ ទ្រុងចិញ្ចឹមសត្វ កសិករទទួលបាននូវគ្រាប់ពូជ កូនត្រី ពូជសត្វ និងសម្ភារៈសម្រាប់ការសាងសង់នានា។ លទ្ធផលទាំងអស់នេះត្រូវដាក់បញ្ចូលទៅក្នុងគម្រោងតែមួយ ពីព្រោះលទ្ធផលទាំងអស់នេះរួមគ្នាសម្រេចបាននូវទិសដៅតែមួយ គឺកសិកម្មចម្រុះ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឧទាហរណ៍អំពីគម្រោង និងលទ្ធផលៈ
ប្រភេទគម្រោង | លទ្ធផល |
គមនាគមន៍ជនបទ | ដាក់លូ ៨ កន្លែង សាងសង់ស្ពាន ១ កន្លែង និងក្រាលក្រួសក្រហមប្រវែង ៥ គ.ម សម្រាប់ផ្លូវមួយខ្សែឆ្លងកាត់ ៣ ភូមិៈលូ ២ កន្លែង ស្ពានមួយកន្លែង និងក្រាលក្រួសក្រហម ២ គ.ម ស្ថិតនៅភូមិ “ក”លូ ៤ កន្លែង និងកា្រលក្រួសក្រហម ២ គ.ម ស្ថិតនៅភូមិ “ខ”លូ ២ កន្លែង និងក្រាលក្រួសក្រហម ១ គ.ម ស្ថិតនៅភូមិ “គ” |
ផ្គត់ផ្គង់ទឹកស្អាត | អណ្តួងលូចំនួន ៨ នៅក្នុងភូមិ ៣ និងអណ្តួងស្នប់ចំនួន ១២ នៅក្នុងភូមិ ៤ |
ការអប់រំ | សាងសង់សាលារៀន ២ បន្ទប់ បំពាក់សង្ហារឹម អណ្តួងមួយ និងបង្គន់អនាម័យចំនួន ២ នៅសាលារៀនមួយ |
ការអប់រំសម្រាប់មនុស្សពេញវ័យ | ថ្នាក់អក្ខរកម្មនៅ ៣ ភូមិ |
សហគមន៍ជលផល | រចនាសម្ព័ន្ធ និងលក្ខន្តិកៈគ្រប់គ្រងសហគមន៍ ផែនទីសហគមន៍ បង្គោលបេតុងបោះកំណត់ព្រំប្រទល់សហគមន៍ ៣០០ ដើម ការចុះបញ្ជីសហគមន៍័ និងកិច្ចព្រមព្រៀង ផែនការគ្រប់គ្រងសហគមន៍ (ការពារកូនឈើព្រៃលិចទឹក ការអភិវឌ្ឍវារីវប្បកម្ម ទេសចរណ៍ធម្មជាតិ…។ល។) |
បញ្ជាក់ៈ
- សកម្មភាពរដ្ឋបាលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មិនមែនជាគម្រោងទេ។
- ប្រតិបត្តិការ ឬការថែទាំលទ្ធផលគម្រោងឃុំ សង្កាត់ វាមិនមែនជាគម្រោងមួយថ្មីដាច់ដោយឡែកនោះទេ តែវាជាសកម្មភាពជាបន្តនៃគម្រោងឃុំ សង្កាត់នោះ។
- ប្រតិបត្តិការ ឬការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលមិនមែនជាលទ្ធផលនៃគម្រោងឃុំ សង្កាត់ គួរតែត្រូវចាត់ទុកថាជាគម្រោងថ្មីនៅក្នុងឆ្នាំទី ១ ប៉ុន្តែប្រតិបត្តិការ ឬសកម្មភាពថែទាំបន្តលើគម្រោងដដែលនេះ នៅឆ្នាំបន្តបន្ទាប់នោះ វាមិនមែនជាគម្រោងថ្មីទេ។
- ការផ្តល់សេវាកម្ម គួរត្រូវចាត់ទុកថាជាគម្រោងថ្មីនៅឆ្នាំទី ១ ប៉ុន្តែចំពោះសកម្មភាពផ្តល់សេវាកម្មដដែលនេះ ដល់អ្នកទទួលផលដដែលនៅឆ្នាំបន្តបន្ទាប់នោះ វាមិនមែនជាគម្រោងថ្មីទេ។
- ពេលវេលាសម្រាប់អនុវត្តគម្រោង អាចមានរយៈពេលច្រើនជាងមួយឆ្នាំ។ ប្រសិនបើគម្រោងមានទំហំធំពេកសម្រាប់អនុវត្តក្នុងរយៈពេលមួយឆ្នាំ នោះក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើការសម្រេចឲ្យអនុវត្តតាមផ្នែកៗនៃគម្រោងក្នុងឆ្នាំនីមួយៗសម្រាប់រយៈពេល ២ ឬ ៣ ឆ្នាំ។
ប្រភព៖
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment