វិភាគបទល្មើស៖ បណ្ដឹងបរិហាកេរ្តិ៍
វិភាគដោយ ណារ៉ូ
នាំមកជូនដោយ ពូ ពិសី
បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ មានន័យថាបន្ទាត់ព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់យើងត្រូវមានកម្រិតត្រឹមការប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការបរិហារកេរ្តិ៍នោះធ្វើជាសាធារណៈ។
ប្រសិនបើលោកអ្នកចង់បានអត្ថបទនេះយកទៅប្រើប្រាស់សូមទាក់ទងមកម្ចាស់ស្នាដៃជាមុនសិន
ការបរិហារកេរ្តិ៍ត្រូវបានធ្វើឡើងនៅទីកន្លែងសាធារណៈ ឬតាមមធ្យោបាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮ ឬឃើញសុះសាយជាសាធារណៈ ដូចជាតាមរយៈ កាសែត វិទ្យុ ទូរទស្សន៍ ឬ អ៊ិនធើណែតជាដើម (ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទាទោសទេ)។
ហេតុដូច្នេះហើយបានជាក្រមព្រហ្មទណ្ឌខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនមានបទ បរិហារកេរ្តិ៍ជាឯកជន ទេ។ អនុលោមតាមក្រមព្រហ្មទណ្ឌដដែល បទបរិហារកេរ្តិ៍ គឺជាបទល្មើសលហុ តែមិនមានទោសពន្ធនាគារទេ (មាត្រា ៤៨ កថាខណ្ឌ ២ នៃក្រមព្រហ្មទណ្ឌ និយមន័យនៃបទលហុ)។
អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ពី
មួយសែន រៀលទៅដប់លានរៀល និងត្រូវសងសំណងខូចខាតដល់ជនរងគ្រោះដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ
ក៏ប៉ុន្ដែសំណងនៃខូចខាតដល់ជនរងគ្រោះមិនដូចគ្នានោះទេ ឧទាហរណ៍ បរិហាកេរ្ដិ៍ទៅលើបុគ្គលដែលសាធារណជនទទួលស្គាល់
មានជាអាទិ៍ តារាចម្រៀង តារាសម្ដែង ការខូចខាតនៃកិត្ដិយសរបស់ពួកគាត់អាចមានទំហំច្រើនជាងបុគ្គលធម្មតា
ប៉ុន្ដែករណីនេះមិនមែនជាការរើសអើងផ្នែកសិទ្ធិសេរីភាព ឬក៏ក្រុមបុគ្គលណាមួយឡើយ
ក៏ព្រោះតែក្រុមដែលសាធារណជនទទួលនោះអាចត្រូវបានធ្លាក់ប្រជាប្រិយភាព ឬអាចត្រូវបានក្រុមហ៊ុនដែលជួលពួកគាត់ឱ្យធ្វើការផ្សព្វផ្សាយផលិតផលណាមួយ
រួចត្រូវលុបចោលកិច្ចសន្យានោះដោយការបរិហាកេរ្ដិ៍ខាងលើផងដែរ។
ទាំងនេះជាផលប៉ះពាល់ដែលធ្វើឱ្យទំហំនៃការខូតខាតមិនដូចគ្នា។
ខ្លឹមសារមាត្រា
៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖គ្រប់ការអះអាងបំផ្លើស ឬ
ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។ត្រូវពិន័យជាប្រាក់ពី
១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល
បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖
១. តាមសំដី
ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២.តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។
៣.តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារជន។
តើគ្រប់ការបរិហារកេរ្តិ៍សុទ្ធតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ? ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន
ដោយសាររដ្ឋធម្មនុញ្ញ (មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ) និង ការពារសេរីភាពក្នុងការនិយាយ
ក្នុងការសរសេរ (មាត្រា ៤ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន)។
បទបញ្ញត្តិស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។
១.ការនិយាយ ឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២.ការនិយាយ ឬការសរសេរនោះជាការពិត
៣.ការនិយាយ ឬការសរសេរនោះជាសេចក្តីថ្លែងមតិ។
តើអ្វីទៅដែលហៅថា“សុទ្ធចិត្ត”? សុទ្ធចិត្ត តាមភាសាសាមញ្ញ
គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។
ក្នុងន័យបរិហារកេរ្តិ៍ សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ
បានបន្លឺពាក្យធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ដោយសារគាត់ចង់ឱ្យអ្នកដទៃទៀតដឹងពីរឿងអ្វីមួយ
ក៏ប៉ុន្ដែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត
ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ(អចេតនា)។ ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។
ប៉ុន្តែ តុលាការនៃប្រទេសបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសម្ដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា?(ខ្ញុំភ្លេចឯកសារយោង ហើយ)
១.ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍ឡើយ។
នេះមានន័យថាជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួនបានស្អប់គាត់
ឬមានគំនុំជាមួយគាត់ពីមុនមកនោះទេ។
២.ពាក្យសម្ដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះ ធ្វើឡើងក្នុងគោលដៅសមស្រប
ដូចជាក្នុងគោលដៅចង់ឱ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែលសំខាន់ ដើម្បីតែសុខុមាលភាពរបស់សហគមន៍
ឬ សង្គម ឬ ប្រទេស។
៣.ពាក្យសម្ដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះ ត្រូវបានគាត់អង្កេតយ៉ាងម៉ត់ចត់
ជាមួយប្រភព និងឯកសារយោងនានា គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យរបស់ខ្លួនឯងនោះឡើយ។
ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទណាមួយ គាត់បានព្យាយាមស្វែងរកប្រភពមួយចំនួនដើម្បីបញ្ជាក់អំពីព័ត៌មានរបស់គាត់ដោយភ្ជាប់ជាមួយគ្នានេះអត្ថបទនោះត្រូវជាការពិតផងដែរ។
ទោះបីជាគេព្យាយាមស្វែងរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះព័ត៌មានដែលផ្សាយនោះក៏នៅតែមិនពិតហើយបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាងណាក្តី ក្នុងករណីបែបនេះអ្នកកាសែតនោះនៅទទួលបានគុណប្រយោជន៍ពីកត្តាមួយគឺកត្តាសុទ្ធចិត្តដែរ។
៤.ពាក្យសម្ដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះ
មានតុល្យភាព ឬមានការថ្លឹងថ្លែង។ នេះមានន័យថា
គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។
ឧទាហរណ៍ ក្នុងករណីអ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ ត្រូវតែបង្ហាញពីព័ត៌មានដែលបានផ្តល់ឱ្យដោយមន្ត្រីនោះដែរ ដើម្បីអាចឱ្យគាត់មានឱកាសបំភ្លឺពីករណីរបស់គាត់ផងដែរ។
ម្យ៉ាងវិញទៀត ការប្រើសម្ដីត្រូវឱ្យល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន
ឬជាជនក្បត់ជាតិនោះទេ ក៏ព្រោះតែអ្នកកាសែតមិនមែនជាអង្គតុលាការទេ
ព្រោះផលវិបាកនឹងកើតមានឡើងនាពេលដែលអ្នកកាសែតបានផ្សាយថាជនម្នាក់បានប្រព្រឹត្ដអំពើឃាតកម្មទៅលើជនរងគ្រោះ
សម្ដី ឬការសរសេរ ត្រូវបានផ្សាយអស់រយៈពេលជាមួយឆ្នាំកន្លងផុតទៅ ក្រោយមកតុលាការរកមិនឃើញថាបុគ្គលនោះបានប្រព្រឹត្ដអំពើឃាតកម្មឡើយ
និងបានសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ក៏ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់គាត់ត្រូវបានអ្នកកាសែតសរសេរថាជាឃាតករៗពេញៗមាត់កាលពីឆ្នាំមុន។
តើពាក្យពិតជាបទបរិ
ហារកេរ្តិ៍ដែរឬទេ? ជាចំណុចគោល អ្វីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។
តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឱ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ។
មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែល
និយាយឬសរសេរការពិតនោះទេ។
(ក៏ប៉ុន្ដែត្រូវបានគេប្រើប្រាស់ថាជាការញុះញង់ទៅវិញ
ពិចារណាសិនមុននឹងនិយាយជាសាធារណៈ ពាក្យថាញុះញង់)
តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ? រដ្ឋធម្មនុញ្ញ មាត្រា ៤១
ធានាសេរីភាពក្នុងការសំដែងមតិ។
ដូច្នេះច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។
បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ មាត្រានេះផ្តន្ទាទោសតែការថ្លែងពី
“អំពើ”
គឺអ្វីដែលបានធ្វើ ឬព្រឹត្តិការណ៍ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសលើការថ្លែងមតិទេ។
មានសំណួរចោទសួរថាអ្វីជា “អំពើ” អ្វីជា “មតិ”?
អំពើកើតឡើងដោយមនុស្សធ្វើសកម្មភាព និយាយរួមគឺជាព្រឹត្តិការណ៍កើតឡើងដោយស្នាដៃអ្នកណាមួយ(យើងមិននិយាយពីបាតុភូតធម្មជាតិនៅ ទីនេះទេ)។ ដូច្នេះ ព្រឹត្តិការណ៍ជាអ្វីដែលយើងអាចផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន ឬពិតជាមិនបានកើតឡើងទេ?
មតិមិនមែនជាព្រឹត្តិការណ៍ទេ។
មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍ណាមួយ។
ដូច្នេះ គេមិនអាចថាមតិមួយពិតឬមិនពិតទេ តែគេអាចនិយាយថា
“មតិរបស់លោកអាចទទួលយកបាន ឬមិនអាចទទួលយកបាន” “មតិរបស់លោកសមរម្យដែរ” ឬ
“មតិរបស់លោកមិនសមរម្យទេ”។
ឧទាហរណ៍ នៃ “អំពើ” ៖ កាលពីខែមីនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍ នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ
ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។ អំពើ៖
គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅទឹកផុស
ព្រោះគេអាចមើលតាមរបាយការណ៍សារព័ត៌មាន ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។
មតិ ៖ នេះជាមតិរបស់មនុស្សម្នាក់
ថាការបណ្តេញចេញនេះមិនសមរម្យ។
មនុស្សខ្លះថាមិនសមរម្យបើគិតទៅតាមការកាន់កាប់ដីយូរមកហើយ រីឯមនុស្សខ្លះទៀតថាសមរម្យ
បើយោងទៅតាមការសម្រេចរបស់សាលក្រមតុលាការ ព្រោះមានសំអាងហេតុ និងអង្គច្បាប់។
មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។
តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន? អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន
លុះត្រាតែជននោះយល់ឃើញថា កិតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។
ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ
ព្រះរាជអាជ្ញាមិនអាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។
កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ពីបទបរិហារកេរ្តិ៍
ជំនួសឱ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។
បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ(មាត្រា៣០៩ នៃក្រមព្រហ្មទណ្ឌ)។
តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់? កិត្តិយសត្រូវបានប៉ះពាល់នៅពេល
ពាក្យសម្ដីដែលប្រើនោះធ្វើឱ្យជនរងគ្រោះនោះ ចុះថយ
ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឱកាសការងារ ឱកាសសេដ្ឋកិច្ច។ល។
ឧទាហរណ៍
ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ ធ្វើឱ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជនរបស់គេ។
ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឱ្យជននោះបាត់បង់ការរាប់អានពីអ្នកដទៃ
ធ្វើឱ្យសង្គមស្អប់ខ្ពើម ឬបាត់បង់ការងារ។
ប្រសិនបើលោកអ្នកចង់បានអត្ថបទនេះយកទៅប្រើប្រាស់សូមទាក់ទងមកម្ចាស់ស្នាដៃជាមុនសិន
No comments :
Post a Comment