៤ ជំហានឆ្ពោះទៅរកការកសាង និងអភិវឌ្ឍអាជីពវិជ្ជាជីវៈ
បន្ទាប់ពីបានឆ្លងកាត់ជីវិតជាសិស្ស និស្សិត និងទទួលបានការបណ្តុះបណ្តាលដ៏ហ្មត់ចត់ អ្នកនឹងត្រូវបានគេជ្រើសរើសឲ្យចូលក្នុងសមាជិកក្រុមការងារនៃក្រុមហ៊ុន ឬស្ថាប័នណាមួយជាក់ជាពុំខាន ។ អ្នកប្រហែលជាគិតថាលទ្ធផលនោះគឺជាសំណាងរបស់អ្នក ក៏ប៉ុន្តែតាមពិតវាអាចកើតឡើងបានគឺអាស្រ័យលើអ្វីៗដែលអ្នកមាន ឬបានធ្វើ និងដោយសារតែអ្នកជាមនុស្សឆ្លាតវៃស័ក្តិសមនឹងទទួលបានវា។ ដូចនេះអ្នកគួរតែមានមោទនៈ ភាព និងសរសើរហើយដឹងគុណចំពោះមនុស្សនៅជុំខ្លួនអ្នកដែលបានជួយគាំទ្រ និងលើកទឹកចិត្តឲ្យអ្នកខិតខំប្រឹងរហូតសម្រេចបានលទ្ធផលនោះ ។ តែយ៉ាងណាក៏ដោយជោគជ័យខាងលើនេះ វាគ្រាន់តែជាចំណុចចាប់ផ្តើមនៃដំណើរអាជីពការងារដ៏វែងឆ្ងាយរបស់អ្នកទៅខាងមុខទៀតប៉ុណ្ណោះ ។
ដូចគ្នានឹងការរត់ប្រណាំងដែរ ដំណើរការកសាងនិងអភិវឌ្ឍអាជីពមាន ០៤ដំណាក់កាលគឺ ១.ការរៀបចំ/ ហ្វឹកហាត់ត្រៀមខ្លួន ២.ការចាប់ផ្តើម ៣.ដំណើរការនៃការប្រកួត និង ៤.ការបញ្ចប់ឬលទ្ធផលនៃការប្រកួត ៖
១. ការត្រៀមខ្លួនសម្រាប់អាជីពការងារដោយមានគម្រោងប្រកបដោយគោលដៅច្បាស់លាស់ អាចវាស់វែងបាន អាចសម្រេចបាន និងមានភាពប្រាកដប្រជាក្នុងពេលវេលាដ៏ជាក់លាក់ឬសមរម្យណាមួយ
ដើម្បីធ្វើឲ្យមានការរីកចម្រើនក្នុងអាជីពការងារទៅអនាគត អ្នកត្រូវតែចាប់ផ្តើមអភិវឌ្ឍខ្លួន និងអាជីពការងារតាមរយៈការបង្កើតនូវក្តីសុបិននៃអាជីពរបស់អ្នក ជាមួយនឹងការការស្វែងយល់ពីអាជីព និងខ្លួនឯង ដើម្បីអភិវឌ្ឍខ្លួនឲ្យសមស្របទៅនឹងអាជីពការងារក្នុងក្តីសុបិនរបស់អ្នក ។
១.១. ការបង្កើតការងារក្នុងក្តីសុបិន ឬអាជីពទៅអនាគតៈ ចូរស្វែងរកឲ្យឃើញនូវការងារក្នុងក្តីសុបិនឬអាជីពទៅអនាគតរបស់អ្នក ដោយការសួរនូវសំណួរមួយចំនួនដូចជាៈ តើការងារឬអាជីពអ្វីដែលអ្នកនឹងចាប់យកសម្រាប់ជីវិតរបស់អ្នកទៅអនាគត? តើអ្នកពិតជាចូលចិត្តការងារឬអាជីពនោះខ្លាំងទេ? តើការងារឬអាជីពនោះស័ក្តិសមនឹងអ្នកដែរឬទេ? ហើយប្រសិនបើអ្នកអាចរកចម្លើយឃើញយ៉ាងច្បាស់លាស់ និងសុទ្ធតែវិជ្ជមាន បន្ទាប់មកអ្នកត្រូវតែចាប់ផ្តើមសម្រួចគោលដៅ និងត្រៀមកសាងខ្លួនដើម្បីការងារឬអាជីពនោះ ។ ប៉ុន្តែប្រសិន បើអ្នកមានចម្លើយមិនច្បាស់លាស់ឬអវិជ្ជមានខ្លះ ចូរព្យាយាមស្វែងរក និងកំណត់នូវការងារឬអាជីពផ្សេងៗទៀត ដោយសួរនូវសំណួរដដែលខាងលើ រហូតទាល់តែអ្នកបានចម្លើយជាក់លាក់ ដែលធ្វើឲ្យអ្នកអាចស្វែងរកឃើញនូវការងារក្នុងក្តីស្រមៃ ឬអាជីពអនាគតរបស់អ្នកយ៉ាងពិតប្រាកដ ។
១.២. ការស្វែងយល់ពីការងារក្នុងក្តីសុបិន ឬអាជីពទៅអនាគតៈ អ្នកត្រូវតែសិក្សាស្វែងពីការងារក្នុងក្តីសុបិន ឬអាជីពទៅអនាគតរបស់អ្នកពាក់ព័ន្ធនឹង៖
១.២.១. លក្ខខណ្ឌ ស្ថានភាព និងបរិយាកាសអាជីពនោះ
១.២.២. ការងារ/ភារៈកិច្ច ឬការទទួលខុសត្រូវសំខាន់ៗសម្រាប់អាជីពនោះ
១.២.៣. គុណវុឌ្ឍិជំនាញបច្ចេកទេស ចំណេះដឹង និងលទ្ធភាពដែលតម្រូវឲ្យមានសម្រាប់អាជីព
១.២.៤. បុគ្គលិកលក្ខណៈដែលសមស្របនឹងអាជីពនោះ
១.២.៥. ដំណើររីកចម្រើននៃអាជីពនោះទៅអនាគត
១.៣. ការស្វែងយល់ពីខ្លួនរបស់អ្នកៈ នៅពេលដែលត្រូវបានគេសួរថា “តើអ្នកស្គាល់ពីខ្លួនអ្នកទេ?” មានមនុស្សជាច្រើនឆ្លើយថា “ទេខ្ញុំមិនស្គាល់ខ្លួនឯងទេ” ហើយប្រសិនគាត់ឆ្លើយថា “បាទ/ចា៎” គាត់អាចនឹងឆ្លើយបន្តទៀតថា ប៉ុន្តែ“ខ្ញុំស្គាល់ខ្លួនឯងមិនច្បាស់ទេ” ។ ដូចនេះបើអ្នកគិតថាអ្នកក៏ដូចអ្នកទាំងនោះដែរ ចូរអ្នកព្យាយាមសួរខ្លួនឯងនូវសំណួរទាំងនេះ តើអ្វីខ្លះដែលអ្នកចូលចិត្តធ្វើ? តើអ្នកពូកែខាងជំនាញឬផ្នែកអ្វី? តើបុគ្គលិកលក្ខណៈ និងចង់បានលក្ខណៈនៃខ្សែជីវិត (Lifestyle) របស់អ្នកយ៉ាងដូចម្តេច? ជាលទ្ធផលបន្ទាប់ពីទទួលបានចម្លើយ អ្នកនឹងបានដឹងពី៖
១.៣.១. អាជីពដែលស័ក្តិសម និងគោលដៅអនាគតរបស់អ្នក
១.៣.២. ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក
១.៣.៣. តម្រូវការការកសាងសមត្ថភាពរបស់អ្នក
១.៤. ការកសាង និងការអភិវឌ្ឍខ្លួនៈ នេះគឺជាដំណាក់កាលដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ ពោលគឺលទ្ធផលវានឹងអាស្រ័យលើអ្វីដែលអ្នកបានវិនិយោគក្នុងការអភិវឌ្ឍខ្លួន ទាំងពេលវេលា ការខិតខំព្យាយាម និងថវិកាជាដើម ។ បន្ទាប់ពីបានដឹងពីអ្វីដែលអ្នកចង់ធ្វើនៅអនាគត ចូររៀបចំគម្រោង និងចាប់ផ្តើមអនុវត្តទៅមុខៈ
១.៤.១. ការដុសខាត់ និងសម្រួចចំណេះដឹងៈ ចូរឲ្យប្រាកដក្នុងចិត្តថាអ្នកអាចនឹងទទួលបានជំនាញរឹងដ៏ពិតប្រាកដ ដែលអ្នកអាចហាត់រៀនតាមរយៈការសិក្សានៅតាមសកលវិទ្យាល័យ មជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញបច្ចេកទេស កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី សិក្ខាសាលា និងតាមរយៈការសិក្សាអង្កេតតាមវិធីសាស្រ្តផ្សេងៗ បន្ទាប់មកអ្នកត្រូវហ្វឹកហាត់ៗ ដើម្បីឈានទៅរកភាពពូកែ ឧត្តមភាព ឬភាពល្អឥតខ្ចោះ ។
១.៤.២. ការអភិវឌ្ឍបុគ្គលិកលក្ខណៈ ចូរអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់អ្នកដោយការរៀនបំពេញការងារជាក្រុម និងរស់នៅជាក្រុម និងធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង ។ ចូរអ្នកចាំទុកក្នុងចិត្តថា ការរស់នៅគ្រាន់តែដើម្បីបំពេញ/ផ្គាប់ចិត្តអ្នកដទៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍តូចចិត្តឬកន្តោចកន្តែង (Lonely) ខណៈដែលការរស់នៅគ្រាន់តែដើម្បីបំពេញ/ផ្គាប់ចិត្តខ្លួនឯងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវបានគេបោះបង់ចោល ឬរស់នៅក្រៅក្រុមឬក្រៅសង្គម (isolate) ដូចនេះ អ្នកត្រូវតែរៀនបំពេញការងារ និងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយគ្នាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
១.៤.៣. ការកសាងបណ្តាញទំនាក់ទំនងៈ វាគឺជាការពិតដែលថាគ្មាននរណាម្នាក់គឺជាដីកោះមួយដុំដាច់ដោយឡែកពីគេនោះទេ និងខណៈដែលក្តីសុបិននៃជោគជ័យរបស់បុគ្គលម្នាក់ៗគឺវាលំបាក់នឹងសម្រេចដោយគ្មានការជួយជ្រោមជ្រែងពីអ្នកដទៃ ទាំងក្នុងជីវិតផ្ទាល់ខ្លូន និងអាជីពការងារ ។ សព្វថ្ងៃនេះមានវិធីសាស្រ្តច្រើនណាស់ក្នុងក្នុងការកសាងបណ្តាញទំនាក់ទំនងដូចជាបណ្តាញសង្គម Linkedin, Facebook, Skillpage…., ការចូលរួមកម្មវិធីទំនាក់ទំនងអាជីវកម្ម សមាគម ឬក្រុមអ្នកវិជ្ជាជីវៈនានាជាដើម ។
ចូរអ្នកចាំថា ទ្រឹស្តីនឹងប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើ ហើយការអនុវត្តនឹងបង្រៀនអ្នកពីរបៀបធ្វើអ្វីៗ បន្ទាប់់ មកអ្នកនឹងទទួលបានបទពិសោធន៍ ។ ក្នុងរយៈពេលត្រឹមតែមួយនាទី អ្នកដទៃអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍អាចហោះបាន ប៉ុន្តែអ្នកនឹងត្រូវការជាច្រើនខែឆ្នាំដើម្បីរៀន និងអនុវត្តពីរបៀបហោះហើរ ។ បន្ទាប់មកពេលខ្លះអ្នកនឹងមិនអាចហោះហើរបានដូចដែលគេប្រាប់អ្នកនោះទេ។ ដូចនេះកុំគ្រាន់តែសប្បាយរីករាយត្រឹមតែស្តាប់ ប៉ុន្តែចូររីករាយនឹងការអនុវត្តដើម្បីទទួលបានបទពិសោធន៍ និងលទ្ធផលពិតប្រាកដ ។ បើពុំដូច្នោះទេ អ្នកនឹងបានក្លាយត្រឹមតែមនុស្សពូកែតែនិយាយ តែមិនពូកែធ្វើឡើយ ។ ដូចនេះនៅចុងបញ្ចប់នៃការត្រៀមខ្លួនសម្រាប់ អាជីពការងារក្នុងអំឡុងពេលនៃជីវិតសិក្សា និងជីវិតប្រឡូកក្នុងសង្គមដើម្បីរៀនសូត្រ អ្នកត្រូវតែប្រាកដ និង ប្តេជ្ញាឲ្យក្លាយជាមនុស្សដែលប្រកបដោយធនធានដ៏មានតម្លៃ និងទេពកោសល្យល្អៗ ដោយមាននូវ សរសរ ស្តមបួនគឺ ១.ជំនាញ/ទេពកោសល្យដ៏ចំណាន ២.គំនិត/ភាពវៃឆ្លាតដ៏អស្ចារ្យ ៣.ភាពអ្នកដឹកនាំខ្ពស់ និង៤.បុគ្គលិកលក្ខណៈល្អប្រពៃ សម្រាប់ចាប់ផ្តើមអាជីព។
២. ការចាប់ផ្តើមអាជីពប្រកបដោយភាពជឿជាក់ និងគោលដៅច្បាស់លាស់
នៅក្នុងជីវិតអ្នកនឹងជួបនូវផ្លូវបំបែកជាច្រើន ដែលអ្នកត្រូវតែសម្រេចចិត្តជ្រើសរើសយកផ្លូវតែមួយ សម្រាប់ដើរ ។ ឧទាហរណ៍ៈ
បន្ទាប់ពីការសិក្សានៅវិទ្យាល័យៈ អ្នកត្រូវសម្រេចចិត្ដថា ជួយឪពុកម្តាយធ្វើស្រែចម្ការ ចាប់ផ្តើម អាជីពណាមួយ បន្តការសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស ឬនៅសកលវិទ្យាល័យណាមួយ
ដំណាក់កាលនៃការជ្រើសរើសជំនាញសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេក ទេស ឬនៅសលកវិទ្យាល័យៈ បន្ទាប់ពីបានឆ្លងកាត់ការសម្រេចចិត្តក្រោយការបញ្ចប់ការសិកសិក្សានៅវិទ្យាល័យ របត់ជីវិតរបស់អ្នកអាចនឹងត្រូវបានកំណត់នៅពេលនេះផងដែរ ។
ដំណាក់កាលចាប់ផ្តើមអាជីពៈ នៅក្នុងដំណាក់កាលនេះ លក្ខណៈនៃខ្សែជីវិត (Lifestyle) ទៅអនាគតរបស់អ្នកត្រូវបានកំណត់សារជាថ្មី ។ វាអាចនឹងខុសពីជំនាញសិក្សាដែលអ្នកបានជ្រើសរើស ហើយទិសដៅទាំងអស់អាចនឹងប្រែប្រួល ។
ដំណាក់ជ្រើសរើសដៃគូជីវិត (ស្វាមី/ភរិយា) គោលដៅរបស់អ្នកអាចនឹងប្រែប្រួល ប្រសិនបើអ្នកមិនរឹងមាំគ្រប់គ្រាន់ក្នុងការតស៊ូសម្រេចវា នៅពេលគ្មានការគាំទ្រពីដៃគូជីវិត ហើយផ្ទុយទៅវិញជីវិតអាពាហ៍អាពិពាហ៍អាចនឹងបរាជ័យ ប្រសិនបើអ្នកនៅតែជំនៈសម្រេចគោលដៅ ខណៈមានការប្រឆាំងដាច់ខាតពីដៃគូជីវិតរបស់អ្នក ។
ហេតុនេះ អ្នកត្រូវតែមានការប្រយ័ត្នប្រយែងក្នុងការធ្វើការសម្រេចចិត្តក្នុងការចាប់ផ្តើមជ្រើសរើសជំនាញ និងអាជីពដំបូង ឬដៃគូជីវិត ពីព្រោះនៅពេលដែលអ្នកធ្វើការសម្រេចចិត្តខុស អ្នកអាចនឹងបរាជ័យ និងថែមទាំងត្រូវដូរគោលដៅ ហើយត្រូវចាប់ផ្តើមពីចំណុចសូន្យឬបាទដៃទទេឡើងវិញ ។ នៅគ្រប់ពេលដែលអ្នកផ្លាស់ប្តូរគោលដៅ គឺវាពិតជាមានបញ្ហាប្រឈមច្រើនណាស់ ប៉ុន្តែវាកាន់តែអាក្រក់ជាងនេះទៅទៀតប្រសិនបើអ្នកមិនបានដឹងនូវអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក ។ ដូចនេះអ្នកត្រូវតែរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសម្រេចចាប់ផ្តើមអាជីពមួយ ដោយការគិតគូរឲ្យបានល្អិតល្អន់ និងចាប់ផ្តើមវាប្រកបដោយទំនុកចិត្តខ្ពស់បំផុតដើម្បីអនាគតដ៏រុងរឿងរបស់អ្នក ។
៣. ការអភិវឌ្ឍអាជីពប្រកបដោយថាមពល /ឆន្ទៈខ្ពស់ សេចក្តីក្លៀវក្លា និងមធ្យោបាយឆ្លាតវៃ និងសុចរិត
៣.១. ការស្វែងយល់ពីស្ថាប័ន/ក្រុមដែលអ្នកកំពុង ឬនឹងបំពេញការងារជាមួយៈ
តាមពិត មុនពេលជ្រើសរើសការងារ ឬសម្រេចចិត្តក្នុងការចូលរួមជាមួយនឹងក្រុម ឬស្ថាប័នណាមូយ អ្នកត្រូវតែសិក្សាជាមុនឲ្យបានច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយការស្វែងយល់របស់អ្នកក៏មានកម្រិតដែរ ហើយអាចនឹងទទួលបានព័ត៌មានឬយល់ឃើញខុស ។ ដោយផ្អែកតាមតារាងខាងក្រោម ចូរអ្នកស្វែងរកឲ្យឃើញថាតើ ស្ថាប័នឬក្រុមហ៊ុនរបស់អ្នកឋិតក្នុងស្ថានភាពមួយណា A, B, C ឬក៏ D ។
ស្ថានភាព D: ស្ថាប័នដែលមានស្ថានភាពបែបនេះ គឺជាស្ថាប័នមួយដែលគ្មាននរណាម្នាក់ចង់ ទៅបម្រើការងារ ឬនៅបម្រើការងារបានយូរឡើយ ដូចនេះបើអ្នកបានជួបស្ថាប័នបែបនេះ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកអាចចូលរួម ឬមានលទ្ធភាពកែប្រែស្ថានភាពនោះទេ បើមិនអាចទេ ចូរអ្នកចាកចេញ ដោយពុំគួរចំណាចពេលយូររាប់ឆ្នាំជាមួយនឹងស្ថាប័នបែបនោះឡើយ។
ស្ថានភាព C: ស្ថានភាពនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ និងរីករាយ ជាពិសេសសម្រាប់អ្នកដែលពុំសូវចូលចិត្តការប្រកួតប្រជែង ប៉ុន្តែបើតាមពាក្យស្លោកមួយបានពោលថា “A smooth sea never made a skilled mariner.” សមុទ្រដែលស្ងប់ស្ងាត់មិនអាចធ្វើឲ្យនាវិកពោរពេញដោយជំនាញឡើយ ពោលគឺមានន័យថាប្រសិនបើអ្នកពុំបានឆ្លងកាត់ស្ថានភាពលំបាក ស្មុកស្មាញ និងពុះពារតស៊ូ នោះអ្នកមិនអាចក្លាយជាមនុស្សដ៏ពូកែម្នាក់ឡើយ ។ ដូចនេះចូរកុំភ្លេចចំណាយពេលកសាងសមត្ថភាព អភិវឌ្ឍ និងត្រួសត្រាយផ្លូវសម្រាប់អាជីពដោយខ្លួនឯងបន្ថែម បើពុំដូចនោះទេ អ្នកនឹងខាតពេលវេលាក្នុង ការរីកចម្រើន និងមានអារម្មណ៍សោកស្តាយនៅពេលក្រោយជាក់ជាពុំខាន ។
ស្ថានភាព B: ស្ថាប័នបែបនេះអាចនឹងធ្វើឲ្យអ្នកចង់ចាកចេញពីក្រុមហ៊ុន ឬស្ថាប័ននោះជាច្រើនលើក ដោយសារអារម្មណ៍ធុញថប់ តប់ប្រមល់ ឬជួបនឹងការលំបាក់ក្នុងការទាក់ទងគ្នារវាងក្រុមការងារ ឬថ្នាក់ដឹកនាំ ប៉ុន្តែចូរអ្នកគិតឡើងវិញឲ្យបានល្អិតល្អន់ ។ នៅចុងក្រោយ វានឹងជួយអ្នកក្លាយទៅជាមនុស្សដែលមានការអភិវឌ្ឍ និងគុណតម្លៃខ្ពស់។ ហេតុនេះចូរអ្នកខិតខំហ្វឹកហាត់ជំនាញទំនាក់ទំនងបន្ថែមឲ្យអស់ពីលទ្ធភាពក្នុងការដើរតួជាមនុស្សម្នាក់ដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវបរិយាកាសការងារ និងវប្បធម៌ល្អៗរបស់ក្រុមហ៊ុន ហើយអ្នកនឹងក្លាយជាមនុស្សដ៏ពូកែទាំងជំនាញរឹង និងជំនាញទន់ ។
ស្ថានភាព A: នេះគឺជាស្ថានភាពមួយដែលគ្រប់គ្នាចង់បាន ប៉ុន្តែវាលំបាកណាស់សម្រាប់ការបង្កើត និងស្វែងរកស្ថាប័នដែលមានស្ថានភាពបែបនេះ ។ ដូចនេះប្រសិនបើអ្នកបានជួបស្ថាប័នបែបនេះ ចូរអ្នកខិតខំប្រឹងប្រែងអភិវឌ្ឍអាជីពរបស់អ្នកនៅទីនោះឲ្យយូរតាមដែលអាចធ្វើទៅបាន។
៣.២. ការអភិវឌ្ឍអាជីពប្រកបដោយថាមពល /ឆន្ទៈខ្ពស់ និងសេចក្តីក្លៀវក្លា
ជាថ្មីម្តងទៀត ចូរអ្នកកុំបំពេញការងារដោយផ្អែកតែទៅលើប្រាក់កម្រៃ ឬអារម្មណ៍ ហើយដោយគ្មានការប្តេជ្ញា គ្មានការទទួលខុសត្រូវខ្ពស់ ឬគ្មានគោលការណ៍ផ្ទាល់ខ្លួន ពោលគឺគ្មានភាពជាម្ចាស់ការ ។ ដោយ ពុំគិតថាអ្នកស្រឡាញ់ឬមិនស្រឡាញ់ការងារ ក្រុមការងារ ឬស្ថាប័នរបស់អ្នក នៅពេលអ្នកបំពេញការងារ ជាពិសេសនៅពេលដែលអ្នកជិតនឹងចាកចេញ អ្នកមិនធ្វើជាមនុស្សគ្មានការទទួលខុសត្រូវឡើយ គឺត្រូវតែខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ប្រសិនបើអ្នកពិតជាពុំសប្បាយចិត្តនឹងការងារ ឬស្ថាប័នរបស់អ្នក អ្នកត្រូវតែស្វែងរកដំណោះស្រាយពីក្រុមការងារឬថ្នាក់ដឹកនាំ ហើយបើពុំបានលទ្ធផល និងអ្នកពុំអាចទ្រាំបានទេ អ្នកគួរតែដើរចេញ ។ ចូរធ្វើខ្លួនឲ្យក្លាយជាមនុស្សដែលមានប្រយោជន៍ច្រើនបំផុត និងទទួលបានការស្រឡាញ់រាប់ អានពីអ្នករួមក្រុម និងថ្នាក់ដឹកនាំតាមរយៈការខិតខំអភិវឌ្ឍខ្លួន និងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងភាពឆ្លាតវៃ។ ការធ្វើដូចនេះ អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
៣.២.១. ការអភិវឌ្ឍខ្លួនប្រកបដោយប្រសិទ្ធភាព
៣.២.២. ការបង្កើតបាននូវទម្លាប់ និងអត្តចរិតល្អ ដែលជាទ្រព្យដ៏មានតម្លៃមួយសម្រាប់ជីវិតអ្នក
៣.២.៣. ការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និងស្នាដៃ/កេរដំណែលសម្រាប់ស្ថាប័ន អ្នកគ្រប់ គ្រង មិត្តរួមការងារ ដែលនេះនឹងផ្តល់ឲ្យនូវគុណតម្លៃសម្រាប់ការងារ ឬជីវិតរបស់អ្នកទៅអនាគត។
៣.៣. ការអភិវឌ្ឍអាជីពប្រកបដោយគុណតម្លៃ និងគុណធម៌
ចូរប្រើប្រាស់នូវសមត្ថភាពរបស់អ្នកប្រកបដោយគុណធម៌ អ្នកមិនត្រូវបណ្តោយខ្លួនឲ្យមានភាពងាយស្រួលទាក់ទាញដោយអំណាចទឹកប្រាក់ ឬទ្រព្យសម្បត្តិនោះទេ ។ នៅក្នុងជីវិត អ្នកអាចប្រើវិធីសាស្រ្តទាំងល្អ និងអាក្រក់ដើម្បីសម្រេចលទ្ធផល ទទួលបានលាភការ ឬជោគជ័យ ។ ក៏ប៉ុន្តែអ្នកត្រូវតែចាំថា វាពិតណាស់ដែលថាមធ្យោបាយអាក្រក់ក៏អាចជួយឲ្យអ្នកសម្រេចគោលដៅបាន ប៉ុន្តែវាមិនមានអាយុកាលយូរអង្វែង និងគ្មាននិរន្តភាពឡើយ ដែលប្រការនេះវាប្រៀបដូចនឹងសមីការគណនេយ្យដែរ ដែលអាចស្រាយបង្ហាញដូចរូបមន្ត និងតារាងខាងក្រោមៈ
ថ្ងៃនេះអ្នកអាចណែនាំខ្លួនទៅកាន់អ្នកដទៃថាអ្នកជាមនុស្សបែបណាក៏បានតាមតែអ្នកចង តែផ្ទុយទៅវិញនៅថ្ងៃស្អែកមានតែគុណតម្លៃពិតរបស់អ្នកទេ ដែលនឹងធ្វើឲ្យអ្នកដទៃស្គាល់អ្នកថាជាមនុស្សបែបណានោះ ។
៣.៤. ការរក្សាភាពរីកចម្រើន និងជោគជ័យនៃអាជីពដោយការឲ្យតម្លៃទាំងអាជីពការងារ និងជីវិតគ្រួសារ
មនុស្សអស្ចារ្យគឺកើតពីកំណើត ប៉ុន្តែក៏អាចរៀនសូត្របានដែរ ហើយអ្នកក៏អាចធ្វើឲ្យខ្លួនអ្នកក្លាយជា មនុស្សអស្ចារ្យបានដែរ ។
តាមពិតទៅវាមិនមែនគ្រាន់តែជាការរៀបចំកាលវិភាគ ឬការបែងចែកពេលវេលាសម្រាប់ការងារ និងជីវិតគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែសំខាន់នៅត្រង់ថាតើអ្នកអាចអ្នកទទួលបាននូវការគាំទ្រពីគ្រួសារ និងមនុស្សនៅជុំវិញអ្នកបានកម្រិតណា។ បើពុំដូចនោះទេ វានឹងពុំអាចទទួលបានជោគជ័យឡើយ ពីព្រោះជីវិតគឺពោរពេញ ដោយភាពពុំទៀងទាត់ និងជម្រើស (យកមួយចោលមួយ-trade off) ។ អ្នកអាចនឹងប្រឈមនឹងការមិនគោរព សន្យាជាមួយនឹងគ្រួសារពាក់ព័ន្ធនឹងដំណើរកំសាន្ត ឬការជួបជុំគ្រួសារ ដោយសារការណាត់ជួប ការជួបប្រជុំបន្ទាន់ ឬបញ្ហាដែលត្រូវដោះស្រាយបន្ទាន់នៅកន្លែងការងារ ខណៈពេលខ្លះអ្នកត្រូវចាកចេញពីកន្លែងការងារ បន្ទាន់ព្រោះកិច្ចការគ្រួសារក៏មានដែរ ។ ដូចនេះអ្នកត្រូវតែធ្វើយ៉ាងណាឲ្យមនុស្សនៅជុំវិញខ្លួនយោគយល់ និងចូលរួមជាមួយអ្នក ដូចនេះ ៖
៣.៤.១. ចូរជជែកពិភាក្សា ទាក់ទង និងសែ្វងរកការគាំទ្រពីគ្រួសារ និងមនុស្សនៅជុំវិញខ្លួនៈ មនុស្សជាច្រើន ឬអ្នកតែងតែចង់ឲ្យអ្នកដទៃយល់ និងគាំទ្រខ្លួន ប៉ុន្តែអ្នកពុំព្រមជជែកពិភាក្សា ហើយនៅពេលអ្នកពុំទទួលបានការគាំទ្រ អ្នកបែរជាមានអារម្មណ៍កន្តោចកន្តែង ឬសន្មតថាគ្មាននរណាម្នាក់ឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់ខ្លួន ខណៈដែលអ្នកមិនបានដឹងថាមនុស្សនៅជុំវិញខ្លួនអ្នកអាចនឹងមានអារម្មណ៍ដូចអ្នកដែរ គឺគិតថាអ្នកមិនបានឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់គេដែរ ឬថែមទាំងមិនបានដឹងថាគ្រប់គ្នាព្រួយបារម្ភពីអ្នកស្ទើរគ្រប់ពេលវេលា ។ ទោះជាយ៉ាងក៏ដោយ ប្រសិនបើអ្នកចាប់ ផ្តើមទាក់ទង និងជជែកពិភាក្សា នោះអ្នកនឹងយោគយល់ និងគាំទ្រគ្នាទៅវិញទៅមក ហើយបញ្ហាតូចៗនឹងមិនត្រូវបានសន្សំទុកក្នុងចិត្ត ខណៈដែរបញ្ហាធំៗនឹងមិនត្រូវបានប្រឈម និងដោះស្រាយដោយអ្នកម្នាក់ឯងទៀតទេ ប៉ុន្តែក្រុមគ្រួសារ ឬមិត្តរួមគ្នារបស់អ្នកនឹងចូលរួមជាមួយអ្នកជាពុំខាន។
៣.៤.២. ចូរផ្តើមធ្វើនូវរឿងតូចតាចដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់ អ្នកចំពោះគ្រួសារៈ អ្នកអាចនឹងរវល់ខ្លាំងណាស់ចំពោះកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃធ្វើការ ឬថែមទាំងនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏មាន នោះអាចជាហេតុធ្វើឲ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ឬដៃគូជីវិតរបស់អ្នក ។ កត្តានេះនឹងក្លាយទៅជាការដោះសារមួយដ៏ពេញនិយមសម្រាប់ មនុស្សជាច្រើនក្នុងការខកខានទាក់ទង ឬពុំធ្វើអ្វីៗដើម្បីបង្ហាញការយកចិត្តទុកដាក់ ឬក្តីស្រឡាញ់ចំពោះមនុស្សនៅជុំវិញខ្លូន ឬគ្រួសារ ។ បើអ្នកក៏គិតដូច្នេះដែរ ចូរអ្នកសាកល្បងពិចារណាឡើងវិញ ថាតើអ្នកពិតជាគ្មានពេលសូម្បីតែពីរ ឬបីនាទីដើម្បីធ្វើរឿងតូចតាចខ្លះសម្រាប់មនុស្សជាទីស្រឡាញរបស់អ្នក (ឪពុកម្តាយ ប្តីប្រពន្ធ កូនៗ ឬដៃគូជីវិត...) ដូចជាការថើប ការនិយាយសំដីផ្អែមល្ហែម ការទូរសព្ទទាក់ទងសួរសុខទុក្ខឬនិយាយលេង ការទិញចំណីរហូបចុកតិចតួច សម្ភារៈ ឬនំខួបកំណើត... ដើម្បីបង្ហាញការយកចិត្តទុកដាក់ និងក្តីស្រឡាញ់របស់អ្នក នៅមុនពេលចាកចេញពីផ្ទះសម្បែង ក្នុងពេលធ្វើដំណើរទៅជួបអតិថិជន/ដៃគូអាជីវកម្ម/អ្នកពាក់ព័ន្ធ ដំណើរត្រលប់មកផ្ទះ ឬពេលមកដល់ផ្ទះជាដើម ។
៣.៤.៣. ចូរប្រើប្រាស់នូវក្តីស្រឡាញ់ពិត និងបេះដូងស្មោះត្រង់របស់អ្នកសម្រាប់ប៉ះប៉ូវចំពោះពេលវេលាដែលអ្នកខកខានក្នុងការមើលថែ ឬជួបជុំគ្រួសារៈ ភាពស្មោះត្រង់ និងសេហ្នា/ក្តីស្រឡាញ់ពិតរបស់អ្នកនឹងធ្វើឲ្យអ្នកដទៃមើលឃើញតាមរយៈសកម្មភាព និងការយកចិត្តទុកដាក់របស់អ្នក ។ ប្រសិន បើអ្នកមិនមានភាពស្មោះត្រង់ ឬក្តីស្រឡាញ់ពិតប្រាកដចំពោះអ្នកដទៃ អ្នកនឹងមិនអាចទទួលបានសុភមង្គលពិតប្រាកដ និងក៏មិនអាចទទួលបានការគាំទ្រយូរអង្វែងឡើយ។
៣.៤.៤. ចូរស្រឡាញ់និងយកចិត្តទុកដាក់ក្រុមគ្រួសាររបស់អ្នក តែមិនត្រូវខ្ជះខ្ជាយពេលវេលានោះឡើយ ចូរស្រឡាញ់ការងាររបស់អ្នកតែមិនត្រូវស្រឡាញ់ការធ្វើឲ្យខ្លួនឲ្យមើលទៅជាមនុស្សដ៏រវល់ម្នាក់ឡើយៈ ការចំណាយពេលវេលាជាមួយគ្រួសារគឺសំខាន់ណាស់តែការចំណាយពេលវេលាជួយឲ្យសមាជិក និងក្រុមគ្រួសារទាំងមូលកាន់តែរីកចម្រើននិងរុងរឿងគឺរឹតតែសំខាន់ថែមទៀត ដូចនេះអ្នកត្រូវតែធ្វើអ្នកនៅជុំវិញខ្លួនចូលរួម និងរីករាយជាមួយនឹងបេសកកម្មរបស់អ្នក ។ ជាងនេះទៅទៀត អ្នកត្រូវតែប្រាកដថា អ្នកគឺមិនមែនគ្រាន់តែរីករាយនឹងសកម្មភាពដែលធ្វើឲ្យគេមើលឃើញថាអ្នករវល់ ប៉ុន្តែមិនបានធ្វើអ្វីដែលអស្ចារ្យនិងសម្រេចបានលទ្ធជាផ្លែផ្កាអ្វីនោះទេ ។ ផ្ទុយទៅវិញចូរបង្ហាញថាអ្នក ពិតជាស្រឡាញ់ការងាររបស់អ្នក ប្រកបដោយឆន្ទៈ ចំណង់មុះមុតនិងបំពេញកិច្ចការប្រកបដោយមធ្យោបាយដ៏ឆ្លាតវៃមួយ ។ បន្ទាប់មកអ្នកគួរតែផ្តល់ឱកាសឲ្យសមាជិកគ្រួសាររបស់អ្នកបានស្វែងយល់ និងថែមទាំងចូលរួមជាមួយអ្នកក្នុងជីវិតអាជីពការងារតាមរយៈការចូលរួមកម្មវិធីជប់លៀង ដំណើរកំសាន្តការងារជាដើម ប្រសិនបើការធ្វើដូចនេះមិនប៉ះពាល់ដល់បទដ្ឋានការងារ ឬក៏មិនរំលោភនឹងច្បាប់ ឬបទបញ្ជាផ្ទៃក្នុងស្ថាប័នទេនោះ។ ជាលទ្ធផលអ្នកនឹងទទួលបានការគាំទ្រ និងធ្វើឲ្យពួកគាត់រីករាយនឹងស្នាដៃ សមទ្ធផល និងថែមទាំងក្លាយជាកម្លាំងលើកទឹកចិត្តដ៏មានឥទ្ធិពលសម្រាប់អ្នកទៀងផង។
៤. ការបញ្ចប់អាជីពប្រកបដោយការបន្សល់ទុកនូវស្នាដៃ ឬកេរដំណែលគួរឲ្យកោតសរសើរ
ចូរសួរខ្លួនអ្នកថា តើអ្នកនឹងចង់បន្សល់ទុកនូវទុកនូវស្នាដៃ ឬកេរដំណែលអ្វីខ្លះដល់គ្រួសារ មិត្តរួមការងារ ស្ថាប័ន ឬសង្គមជាតិ? បន្ទាប់មកចូរគិតអំពីវា អ្នកនឹងរកឃើញនូវរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដូចជា សមទ្ធផលការងារ ការចែករំលែក កិត្តិយស និងក្តីស្រឡាញ់ជាដើម ពោលគឺ៖
៤.១. អ្នកមិនត្រូវគ្រាន់តែរីករាយនឹងប្រាប់អ្នកដទៃថា អ្នកមានបទពិសោធន៍បំពេញការងារ ឬការងារនោះបានយូរឆ្នាំ ប៉ុន្តែពុំអាចប្រាប់អ្នកដទៃថា អ្នកបានសម្រេចឬបន្សល់ទុកសមទ្ធផលធំៗ ឬល្អៗសម្រាប់ការងារ ឬស្ថាប័ន មិត្ររួមការងារ គ្រួសារ ឬប្រទេសជាតិនោះឡើយ។ អ្នកត្រូវតែខិតខំប្រឹងបំពេញការងារដើម្បីសម្រេចបានលទ្ធផលដ៏ល្អបំផុត ធ្វើឲ្យស្ថាប័នអ្នករីកចម្រើន ធ្វើឲ្យជីវិតនិងជីវភាពរស់នៅរបស់អ្នកបានល្អប្រសើរ និងថែមទាំងត្រូវចូលរួមជួយសង្គមជាតិឲ្យបានរីកចម្រើនផងដែរ ។
៤.២. គ្មាននរណាម្នាក់អាចធ្វើការ ឬរស់បានជារៀងរហូតឡើយ ដូចនេះអ្នកត្រូវតែបង្កើត និងជួយឲ្យមាននូវអ្នកស្នងតំណែងដ៏ពូកែ ដែលអ្នកធានាបាននូវការផ្ទេរការងារឬតំណែងប្រកបដោយជោគជ័យ ។ ក្នុងន័យនេះគឺអ្នកមានកាតព្វកិច្ចបង្ហាត់បង្រៀន ឬចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់អ្នកជំនាន់ ក្រោយឬអ្នកបន្តវេនរបស់អ្នកឲ្យបានច្រើនបំផុត ប្រកបដោយទឹកចិត្តទូលាយ និងរីករាយនៅពេលឃើញការរីចម្រើនបន្ទាប់ពីខ្លួនចាកចេញពីតំណែងឬស្ថាប័នណាមួយ ។
៤.៣. ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ គឺជាគ្រឿងផ្សំដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ជីវិត ដូចនេះ ចូរផ្តល់ឲ្យអ្នកដទៃឲ្យបានច្រើនបំផុតដើម្បីឲ្យជីវិតរស់នៅប្រកបដោយសុភមង្គលនិងសន្តិភាព។
៤.៤. កិត្តិយស និងគុណតម្លៃគឺត្រូវការពេលវេលាច្រើនណាស់សម្រាប់កសាង ដូចនេះវាពិតជាមាន តម្លៃណាស់ប្រសិនបើអ្នកអាចបន្សល់វាទុកសម្រាប់ក្រុមគ្រួសារ ឬនរណាម្នាក់ ។ សូមកុំបន្សល់ទុកឲ្យក្រុមគ្រួសារ ស្ថាប័នណាមួយ ឬប្រទេសជាតិទទួលរងនូវក្តីអាម៉ាស់ឬក្តីស្អប់ខ្ពើមដោយសារទង្វើអពយស និងអគុណធម៌របស់អ្នកឡើយ។
ជីវិតប្រៀបនឹងខ្សែកោងអាចចុះអាចឡើង ។ ចូរអ្នកត្រៀមខ្លួនជាស្រេចក្នុងការពុះពារប្រឈមនឹងបញ្ហា ឬឧបសគ្គទាំងឡាយ ហើយរៀនរស់នៅប្រកបដោយក្តីសង្ឃឹម និងភាពរីករាយទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។
សូមជូនពរឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពរបស់អ្នកទៅអនាគត!
ពីខ្ញុំ ស គីណាល់
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment