បាក់ឌុបហើយទៅណា?
លទ្ធផលប្រលងគឺមានតែពីរទេ ធ្លាក់ឬជាប់។
លទ្ធផលបាក់ឌុបមិនមែនជាការកំណត់វាសនាទាំងស្រុងទេ តែវាជាចំណុចចាប់ផ្តើមនៃការរស់នៅដោយទំនួលខុសត្រូវចំពោះខ្លួនឯងពិតប្រាកដមួយ។ ជាពេលដែលយើងមានលទ្ធភាពក្នុងការជ្រើសរើសអនាគតដោយដៃយើងផ្ទាល់។
គោលដៅ
វានឹងផ្លាស់ប្តូរនៅពេលដែលយើងមានចំណេះដឹង ហើយវាកាន់តែពិតប្រាកដ នៅពេលយើងមានចំណេះពិតប្រាកដ។ ឧទាហរណ៍៖ ពេលរៀនវិទ្យាល័យចង់ធ្វើគ្រូ ដល់ពេលរៀនចប់ចង់ធ្វើគ្រូឧត្តម+…… ហើយពេលធ្វើគ្រូឧត្តមយូរៗក៏បែកគំនិតចង់ធ្វើនាយកសាលា។ល។
“មែនទែនទៅរឿងទាំងអស់នេះ គួរណាស់តែភាគីពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់ឱ្យខ្លាំង ព្រោះវាជារឿងដដែលៗ ដោយហេតុថាក្មេងៗមិនទទួលបានព៍ត័មានគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបានល្អ។ ព្រោះជម្រើសច្រើនដែលមិនច្បាស់លាស់ ក៏មិនប្រាកដថាល្អដែរ វាអាចធ្វើឱ្យគាត់រារែក ពិបាកសម្រេច”
រៀនអ្វី?
អ្នកជាប់
សួរខ្លួនឯងសិនថា យើងចង់ក្លាយជាអ្វី? ពូកែអ្វី? ចូលចិត្តអ្វី? បើមិនច្បាស់សួរអ្នកដែលឆ្លងកាត់មុនសិនទៅ។ គេអត់ចិត្តអាក្រក់ទេ។
រើសមុខវិជ្ជាណាក៏ល្អដែរ តែត្រូវប្រាកដថាប្អូននឹងខិតខំប្រឹងប្រែងឱ្យខ្លាំង ហើយកុំភ័យថាអត់ការងារធ្វើ ឱ្យតែចេះពិតប្រាកដ ការងារជាច្រើនរង់ចាំអ្នកពូកែៗទៅធ្វើ តាមជំនាញរៀងៗខ្លួន។ រៀនគណនេយ្យឱ្យច្បាស់ថាធ្វើការងារកើត។ រៀនវិស្វករ ត្រូវធានាថាជំនាញហ្នឹងត្រូវតែចេះច្បាស់លាស់ ហើយធ្វើកើត កុំរៀនអង់គ្លេសចប់ហើយឆ្លើយថា Yes, I are។
រើសសាលាណាក៏ល្អដែរ តែបើសាលាក៏ល្អ យើងក៏ល្អ នោះនឹងកាន់តែប្រសើរ។ បើសាលាខ្សោយ សិស្សល្អ នៅតែល្អប្រសើរ ហើយបើសាលាខ្សោយ សិស្សក៏ខ្សោយ នោះប្រាដកជាស្ពៃហើយ។ ចង់បានន័យថា បើយើងមិនប្រឹងប្រែង ទោះសាលាណាក៏ដូចសាលាណាដែរ ព្រោះស្រុកយើងមិនទាន់មានការដាក់ពិន្ទុថាសាលាខ្លាំងជាគេ ឬខ្សោយជាងគេទេ។ ដល់ដំណាក់កាលហ្នុងមានតែពឹងលើទេព្យកោសល្យផ្ទាល់ខ្លួនហើយ។ ចូលចិត្តអីធ្វើការងារហ្នឹងទៅ ខំប្រឹងម្តងបន្តិចៗ ទោះទៅយឺតតែ ឱ្យច្បាស់ថានឹងមិនថយក្រោយទេ នោះនឹងទទួលបានជោគជ័យមិនខានទេ។
អ្នកប៊ិះជាប់
សម្រេចខ្លួនឯងទៅថា ត្រូវរៀនទី១២ទៀត ឬរៀនបរិញ្ញាបត្ររង។
អ្នកជាប់បាក់ឌុប និងអ្នកអត់ជាប់ ត្រូវដាក់ពាក្យរកការងារធ្វើដូចគ្នា។ ការងារជាច្រើនមិនបានសួរថាប្អូនជាប់ឬធ្លាក់បាក់ឌុបទេ។ ព្រោះគេត្រូវការបទពិសោធន៍ ហើយត្រូវការចំណេះដឹងពិតប្រាកដ។ គេអត់សួរថា កាលនៅរៀនប្អូនបានរូបវិទ្យានិទ្ទេសអ្វី? គណិតនិទ្ទេសអ្វី? អក្សរសាស្ត្រខ្មែរនិទ្ទេសអ្វី? តំណែងធំត្រូវការបទពិសោធន៍ច្រើន និងចំណេះធ្វើ ឯតំណែងតូចត្រូវការចំណេះដឹង និងការសិក្សារ។
រៀនត?
អាចរកមើលសាលាណាដែលមិនត្រូវការយកសញ្ញាបត្របាក់ឌុប ហើយរើសមុខវិជ្ជាដែលខ្លួនស្រឡាញ់ រួចត្រៀមប្រលងស្វ័យរិនជាការស្រេច។ ខ្លីខ្លី!
រៀនបរិញ្ញារង រួចបន្តបរិញ្ញាបត្រ និងអនុបណ្ឌិត... គេអត់រើសអើងទេ សំខាន់មានលុយបង់សាលា។
ចង់កែរខ្លួន?
ស្រេចតែខ្លួនយើងទេ ព្រោះពីមុនអាចថាភ្លេចខំ ឬខំមិនទាន់ត្រូវ។ តើមានអ្នកណាដឹងថាស្អែកទៅជាយ៉ាងណានោះទេ កុំថាឡើយដល់មួយឆ្នាំនោះ។
អត់លុយ ហើយអត់អាហាររូបករណ៍?
ធ្វើការសិនទៅ រកការងារណាដែលមានពេលរៀនខ្លះ សន្សំចំណេះបន្តិចម្តងៗ និងសន្សំលុយទុកបង់សាលា។ យឺតតែមិនបោះបង់ នោះនឹងទទួលជោគជ័យ។
***មកភ្នំពេញដើរឱ្យមានបី៖ ភាសាបរទេស កុំព្យូទ័រ(Word, Excel, Power Point) និងជំនាញទំនាក់ទំនង។បីនេះត្រូវតែចេះដាច់ខាត។ កុំសរសេរដាក់ហ្វេសប៊ុកឡើងរអិល ដល់ពេលទៅសម្ភាសន៍និយាយមិនចេញ កុំព្យូទ័រជំនាញកប់ តែកប់ខាងហ្គេម កុំពូកែរទំនាក់ទំនងតែរឿងចែចង់ស្រី។
មួយទៀតគឺត្រូវរៀនវគ្គបណ្តុះបណ្តាលខ្លីៗឱ្យបានច្រើន និងត្រូវតាមជំនាញដែលយើងកំពុងរៀន។
យើងអាចរើសមុខវិជ្ជាខុស តែដាច់ខាតកុំធ្វើការងារខុសពីចំណង់ចំណូលចិត្ត និងទេពកោសល្យខ្លួនឯង។
មេ ភូមិ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment