ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

វិភាគ៖ សៀមមិនមែននៅពីក្រោយការបែកបាក់បន្ទាយលង្វែកទេ

4 comments



នៅក្នុងទស្សនៈទូទៅគេតែងនាំគ្នាយល់ថា ការបែកក្រុងលង្វែក គឺបណ្ដាលមកពីការលោភលន់របស់ប្រជារាស្ត្រខ្មែរនាំគ្នាទៅកាប់ឆ្កាគុម្ភឬស្សី ដើម្បីយកប្រាក់ឌួងធ្វើឱ្យបាត់បង់ឬស្សីដែលជាជញ្ចាំងការពារក្រុងដ៏រឹងមាំ ។

ចំពោះបញ្ហានេះទំនងជាអ្នកសរសេរប្រវត្តិសាស្ត្របានមើលឃើញស្លាកស្នាមគុម្ភឬស្សីជាច្រើនដែលដុះជុំវិញតំបន់នោះ ទើបសន្និដ្ឋានទាំងងងឿល តាមរយៈការសរសេរអត្ថបទឱ្យសមទៅនឹងទីកន្លែងជាក់ស្ដែង ដូចដែលគេធ្លាប់និពន្ធរឿងព្រេងនិទានភ្នំនាងកង្រីជាដើម  ដែលគេនិពន្ធឱ្យសមដូចទៅនឹងទិដ្ឋភាពធម្មជាតិជាក់ស្ដែង ។

ចំពោះរឿងក្រុងលង្វែកវិញទំនងក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ គេអាចវិភាគចំណុចមួយចំនួនដូចខាងក្រោម៖

ទី១. ឯកសារខ្លះបានបរិយាយថាសៀមបានបាចប្រាក់ឌួងចូលទៅក្នុងគុម្ភឬស្សី ។ ត្រង់ចំណុចនេះយើងគួរឆ្ងល់ថាតើសៀមធ្វើម្ដេចទើបបញ្ជូនប្រាក់ឌួងចូលទៅក្នុងគុម្ភឬស្សីដ៏ក្រាស់ឃ្មឹកបាន ? តើបាចដោយដៃ ឬឬដាក់ប្រាក់ឌួងចូលក្នុងកាណុងកាំភ្លើងបាញ់ ? ហើយបើដាក់ចូលក្នុងកាំភ្លើង តើកាំភ្លើងធំប្រភេទណាដែលអាចបាញ់ប្រាក់ឌួងបាន ?តាំងពីសម័យបុរាណមកដល់ពេលនេះ តើមានប្រទេសណាផលិតកាំភ្លើងដើម្បីបាញ់ប្រាក់ឌួងបានហើយឬនៅ ?

ទី២. គេតែងអះអាងថាទ័ពសៀមចូលមកក្នុងបន្ទាយលង្វែកមិនរួចដោយសារជាប់គុម្ភឬស្សីក្រាស់ៗ ចុះព្រះមហាក្សត្រ-កងទ័ព-ប្រជារាស្ត្រខ្មែរដែលរស់នៅទីនោះ តើពួកគាត់ចេញចូលបន្ទាយលង្វែកបានដោយរបៀបណា ? ចុះនៅខេត្តផ្សេងៗទៀតរបស់កម្ពុជា ពុំមានកងទ័ពឬប្រជារាស្ត្ររស់នៅទេឬ?

ទី៣. រឿងព្រេងពាក់ព័ន្ធនឹង “ព្រះគោព្រះកែវ” ។ មានគេតំណាលថាមានស្ត្រីម្នាក់ពរពោះកូនក្នុងផ្ទៃ ស្រាប់តែឃ្លានផ្លែស្វាយ រួចក៏ឡើងបេះ ។ មិនប្រយ័ត្នស្រាប់តែរអិលជើងធ្លាក់ចុះមក ប្រសូតបាន “ព្រះគោមួយអង្គ និងព្រះកែវមួយអង្គ” រួចក៏មរណៈភាពទៅ ។ រឿងនេះបើយើងវិភាគទៅ គឺថាមានភាពអឆ្ឆារិយៈហួសហេតុពេក ព្រោះមានកូនគោឯណាទៅកើតក្នុងពោះមនុស្ស ?តើនៅដោយរបៀបណា បើមានទាំងកូនគោផង មានទាំងកូនមនុស្សផងនោះ ?

តើធ្លាប់មានរឿងទេដែលរាប់ពាន់ឆ្នាំមកនេះមនុស្សធ្លាប់កើតបានកូនគោ ? ជាងនេះទៅទៀតរឿងនេះក៏បានលើកឡើងថា ព្រះគោ បានទៅជល់នឹងគោយន្តរបស់សៀមចាញ់ ហើយក៏ហោះទៅប៉ះនឹងខ្សែសីមារបស់សៀមរួចក៏ធ្លាក់ចុះមកដី ពេលនោះសៀមក៏ចាប់បានព្រះគោ រួចក៏នាំយកទៅស្រុកសៀមបាត់ ។

វិភាគ៖ តើក្នុងសម័យនោះសៀមពិតជាមានគោយន្តមែនឬ ? ហើយបើសៀមមានមែន តើព្រះគោពិតជាល្ងង់ទៅជល់នឹងគោយន្តនោះមែនឬ ? រឿងព្រេងនិទាននេះត្រូវបានពលរដ្ឋខ្មែរមានជំនឿយ៉ាងប់ងល់ ព្រមទាំងកសាងរូបចម្លាក់ដើម្បីគោរពបូជាទៀតផង ។
បើរឿងទាំងនេះមិនមែនជាការពិតទេ តើការបែកបាក់ក្រុងលង្វែកកើតឡើងដោយរបៀបណា?

ដើម្បីចង់ដឹងច្បាស់ថាក្រុងលង្វែកបែកបាក់ដោយរបៀបណានោះ គេមិនអាចសិក្សាតែប្រវត្តិសាស្ត្រខ្មែរមួយបាននោះទេ តែគេត្រូវសិក្សាទៅលើប្រវត្តថៃផងដែរ ដើម្បីយកមកបំពេញចន្លោះប្រហោងឱ្យគ្នា ។ ហើយគេត្រូវពិនិត្យទៀតថារវាងកំណត់ត្រាពង្សាវតាខ្មែរ និងពង្សាវតាសៀម មានភាពដូច ឬខុសគ្នាត្រង់ចំណុចណាខ្លះ ។

ឆ្លងកាត់ការសិក្សាយ៉ាងស៊ីជម្រៅរួចមកបានបញ្ជាក់យ៉ាងច្បាស់ថា ការបែកបាក់ក្រុងលង្វែកពុំមានកើតឡើងដោយសាររាស្ត្រខ្មែរចូលទៅកាប់ឆ្កាគុម្ភឬស្សីយកប្រាក់ឌួងនោះទេ មូលហេតុពិតប្រាកដនៃការបែកក្រុងលង្វែក គឺកើតឡើងដោយសារមូលហេតុពីរ៖
ទី១ ដោយសារភាពភ័យខ្លាចបាត់បង់អំណាចរាជបល្ល័ងរបស់ព្រះបរមឥន្ទ្ររាជាទី២ ។
ទី២ ដោយសារការផ្ចាញ់ផ្ចាល់គ្នារវាងមន្ត្រីធំៗក្នុងព្រះរាជវាំង ។
ទី៣ កើតឡើងដោយសារព្រះរាជាបានផ្ទេររាជសម្បត្តិទៅឱ្យព្រះរាជបុត្រដែលមានព្រះជន្មត្រឹមតែ១២ វស្សា ដោយពុំបានឆ្លងកាត់ក្រុមប្រឹក្សាមន្ត្រី។

មូលហេតុខាងលើបានធ្វើឱ្យមន្ត្រីក្នុងវាំងផ្ដើមមិនសប្បាយចិត្តនឹងការសម្រេចព្រះទ័យរបស់ព្រះអង្គ ដោយពួកមន្ត្រីទាំងនោះផ្ដើមបោះបង់ចោលរាជកិច្ចលែងរវល់ទៅនឹងកិច្ចការប្រទេសជាតិ ។
បើយោងទៅលើឯកសារប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ថា៖ ព្រះជ័យជេដ្ឋាទី១ ដែលជាបុត្ររបស់ព្រះបរមឥន្ទ្ររាជាទី២ មានព្រះជន្មទើប១២ វស្សា ត្រូវព្រះបិតាផ្ទេររាជបល្ល័ងថ្វាយ ដោយកិច្ចការជាតិទាំងអស់ស្ថិតក្នុងការសម្រេចរបស់ព្រះបរមឥន្ទ្ររាជាទី២ ដដែល ។

 ការផ្ទេររាជបល្ល័ងទៅឱ្យបុត្រទាំងវ័យក្មេងបែបនេះ ក៏ព្រោះតែខ្លាចអំណាចត្រូវធ្លាក់ទៅលើអនុជរបស់ទ្រង់ ការនេះធ្វើឱ្យមន្ត្រីៗមិនសប្បាយចិត្ត តែមិនហ៊ានប្រឆាំង ដូច្នេះពួកគេក៏នាំគ្នាធ្វើព្រងើយនឹងកិច្ចការជាតិជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យមានភាពអនាធិបតេយ្យទូទាំងប្រទេស ចុងក្រោយបរមឥន្ទ្ររាជាទី២ ដែលជាស្ដេចដាក់រាជ្យបានសម្រេចបោះបង់ខេត្តមួយចំនួនចោលដែលនៅជាប់ព្រំដែនភាគខាងលិចជាមួយសៀម ។

ត្រង់ចំណុចនេះចំពោះអ្នកសរសេរប្រវត្តិសាស្ត្រមួយចំនួនហាក់ដូចជាដាក់កំហុសស្ទើទាំងស្រុងទៅលើរាស្ត្រខ្មែរនាសម័យនោះ ថាមានភាពលោភលន់នាំគ្នាទៅកាប់ឆ្កាព្រៃឬស្សី ដើម្បីយកប្រាក់ឌួង ធ្វើឱ្យសៀមវាយបែកក្រុងលង្វែក។

ការលើកឡើងទាំងនេះផ្ទុយពីការពិតទាំងស្រុង ត្បិតថាប្រាក់ឌួងត្រូវការផលិតឱ្យប្រើប្រាស់ក្នុងទីផ្សារសៀមក្នុងរាជកាលព្រះរាមាទី១ នៅឆ្នាំ១៧៨២ នៃគ.ស  ចំណែកឯទ័ពសៀមបានវាយក្រុងលង្វែកតាំងពីឆ្នាំ១៥៩៣ នៃ គ.ស ដូច្នេះបើយើងឃើញថាប្រាក់ឌួងត្រូវគេប្រើប្រាស់ក្រោយការវៃក្រុងលង្វែកជាងមួយរយឆ្នាំ ។
.....................សូមតាមដានបន្តនៅអត្ថបទទី២ ដែលជាភាគបញ្ជប់ ។


4 comments :

Bunheng said...

Please give the original author credit since you used his article without any permutations.
I enjoy reading it.
Thanks.

Bunheng said...

Please give the original author credit since you used his article without any permissions.
I enjoy reading.
Thanks.

Unknown said...

Thanks you Bunheng , I just heard from youtube, so can you tell me which source ?

Anonymous said...

Where can I find the second part of this article.