ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

រឿងនិទាន “រលកជីវិត”

1 comment


កំសួលខ្យល់ព្យុះជីវិតបានបោកផ្ទប់រូបខ្ញុំទៅជ្រាំងម្ខាងនៃឧបសគ្គរាប់រយជំពូក ដែលពិបាកនឹងហែលឆ្លង។ កាលពីជាង២០ឆ្នាំមុន ខ្ញុំបានកើត និងរស់នៅជំរុំយោធាមួយក្នុងអំឡុងទសវត្សទី៩០ នាជាយក្រុងភ្នំពេញ ។

រៀងរាល់ព្រឹកខ្ញុំតែងឃើញទាហានរត់ជាជួរៗ អមដោយសម្លេងប្រកាសកែនកម្លាំង សន្ធឹកកង់រថពាសដែកហាក់ដូចជាបានស្រែកប្រាប់ថា “ថ្ងៃដឹងក្ដីរបស់ខ្ញុំបានមកដល់ហើយ” ។ មានក្មេងៗដែលជាកូនយោធិនរស់នៅក្នុងបន្ទាយមិនច្រើនទេ ជីវិតបែបនេះមិនប្រកួតប្រជែងគ្រប់វិនាទីដូចក្មេងនៅទីក្រុងឡើយ ។

យ៉ាងណាមិញជីវិតត្រូវរសាត់ពីទីកន្លែងមួយ ទៅកន្លែងមួយឥតឈប់ឈរ​ ។ បញ្ហាអាក្រក់បានមកបាំងមុខខ្ញុំ ហើយបាំងស្ទើរគ្រប់ជ្រុង បៀបដូចជារលកសមុទ្រដ៏ធំដែលមិនអាចហែលឆ្លង ។

តថភាពនៃមជ្ឈដ្ឋានជុំវិញ បូកផ្សំនឹងឧបសគ្គរាប់រយជំពូក ពិតជាជះឥទ្ធិពលច្រើនដល់ការគិត និងឥរិយបថ។ កាលពីមុនខ្ញុំរស់នៅបែបឯកោនិយម “ប្រើការគិតគំនិតខ្លួនឯង” ជាជាងស្វែងយល់ពីអ្នកជុំវិញខ្លួន ខ្ញុំចូលចិត្តគិត ហើយពេលខ្លះគំនិតមានលក្ខណៈប្លែកខុសពីធម្មតា ។ ដោយសារខ្ញុំបានអានបទពិសោធន៍ជីវិតច្រើនជាងបានទន្ទិញអក្សរក្នុងសៀវភៅ និងលូតលាស់ក្នុងបរិស្ថានខុសពីក្មេងទូទៅ ទើបខ្ញុំមានរបៀបគិតមួយដែលប្លែកពីមនុស្សស្របាលគ្នា ។

-------

រហូតមកដល់បច្ចុប្បន្នរលកជីវិតខ្ញុំ បានប្រសើរខ្លះហើយ តែមិនទាន់ដល់ត្រើយទេ ហើយត្រើយរបស់ខ្ញុំក៏មិនដឹងថានៅទីណាដែរ ។ ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចដឹងច្បាស់នៅពេលនេះគឺ «ខ្ញុំមានរបៀបគិតមួយ ដែលមានលក្ខណៈច្បាស់លាស់ជាង២០ឆ្នាំមុន» ហើយពីពេលនេះតទៅ “ផ្លូវណាគួរដើរ និងមិនគួរដើរ” ខ្ញុំអាចយល់បាន ។ ខ្ញុំមិនហ៊ាននិយាយថា ខ្ញុំល្អនោះទេ ហើយរឹតតែមិនហ៊ានគិតថា ខ្ញុំជាមនុស្សជោគជ័យនោះដែរ ។


ជាការពិតណាស់ ១៨ មីនា ជាថ្ងៃកំណើត បានបង្កើតជាចង្កៀងអុចមើលមេរៀននៃរលកជីវិត ។ អរគុណលោកពុក អ្នកម៉ែដែលបានផ្តល់ឱកាសឱ្យកូនបានអានមេរៀនជីវិតដោយខ្លួនឯង ៕

1 comment :

Anonymous said...

Good article