ប្រវត្ត៖ របបគ្រប់គ្រងរដ្ឋាភិបាលកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី1 ទ្រង់យាងឡើងសោយរាជ្យនៅឆ្នាំ២០០៤ ក្រោយពីព្រះបិតារបស់ព្រះអង្គ ព្រះបាទ នរោត្ដម សីហនុ2 ទ្រង់ដាក់រាជ្យសម្បត្តិ។ រីឯ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន3 បានកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។
នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសកម្ពុជាបានអនុម័តទម្រង់រដ្ឋាភិបាល ថ្មីនេះ នៅឆ្នាំ១៩៩៣។4 តារាងខាងក្រោមនេះ បង្ហាញពីរបបនយោបាយផ្សេងៗគ្នានៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ១៥០ឆ្នាំ កន្លងមកនេះ។ឆ្នាំ១៩៩៣-បច្ចុប្បន្ន | ព្រះរាជាណាចក្រកម្ពុជា | រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស |
ឆ្នាំ១៩៩១-ឆ្នាំ១៩៩៣ | រដ្ឋកម្ពុជា | អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) |
ឆ្នាំ១៩៨៩-ឆ្នាំ១៩៩១ | សាធារណរដ្ឋកម្ពុជា | រដ្ឋាភិបាលនៃរដ្ឋកម្ពុជា |
ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៩ | សាធារណរដ្ឋប្រជាមានិតកម្ពុជា | បន្ទាប់ពីការត្រួតត្រារបស់ប្រទេសវៀតណាម |
ឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩ | កម្ពុជាប្រជាធិបតេយ្យ | សម័យខ្មែរក្រហម |
ឆ្នាំ១៩៧០-ឆ្នាំ១៩៧៥ | សាធារណរដ្ឋខ្មែរ | សង្គ្រាមសុីវិលបន្ទាប់ពីរដ្ឋប្រហារយោធា ដោយ លន់ នល់ |
ឆ្នាំ១៩៥៣-ឆ្នាំ១៩៧០ | ព្រះរាជាណាចក្រកម្ពុជា | រដ្ឋបាលរបស់ នរោត្តម សីហនុ |
ឆ្នាំ១៩៤១-ឆ្នាំ១៩៤៥ | ក្រោមការត្រួតត្រារបស់ប្រទេសជប៉ុន | អំឡុងសង្គ្រាមលោកលើកទី២ |
ឆ្នាំ១៨៦៣-ឆ្នាំ១៩៥៣ | អាណាព្យាបាលបារាំងនៃកម្ពុជា | ផ្នែកនៃសហព័ន្ធឥណ្ឌូចិនបារាំង |
យោងទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អំណាចរដ្ឋាភិបាល ត្រូវបានបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និង អំណាចតុលាការ។ គណៈរដ្ឋមន្ត្រី មានអំណាច នីតិប្រតិបត្តិ រួមមាន នាយករដ្ឋមន្ត្រី និងគ្រប់ក្រសួងទាំងអស់។ សភា មានអំណាចនីតិប្បញ្ញត្តិ ខណៈដែលអំណាចតុលាការជារបស់តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាជម្រះក្តីរាជធានី-ខេត្ត។ សភា ដែលកើតពីរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបានដឹកនាំដោយប្រធានមួយរូប និងអនុប្រធាន២រូប ជ្រើសតាំងដោយការបោះឆ្នោតយកសំឡេងភាគច្រើនដាច់ខាត នៃសមាជិកសភា នៅមុនសម័យប្រជុំនៃនីតិកាលនីមួយៗ។
យោងទៅតាមគោលការណ៍នៃការបែងចែកអំណាច ដូចមានចែងក្នុងមាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញ អំណាចនីមួយៗ នៃរដ្ឋាភិបាល ត្រូវឯករាជ្យពីគ្នា ដើម្បីធានាថា ស្ថាប័នមួយ មិនអាចអនុវត្តអំណាចដាច់ខាតលើច្បាប់។ យ៉ាងណាក៏ដោយ ការបែងចែកអំណាចនេះ ស្ថិតនៅជាមួយនឹង “ប្រព័ន្ធនៃការពិនិត្យនិងតុល្យភាព” ដូចដែលមានតម្រូវដោយរដ្ឋធម្មនុញ្ញ (មាត្រា ៧៨ និងមាត្រា ៩៨) ដែលជាហេតុធ្វើឲ្យអំណាចនីតិប្រតិបត្តិមានទំនាក់ទំនង ជិតស្និតជាមួយនឹងសភា។
ប្រទេសកម្ពុជា គឺជារដ្ឋមិនអាចបំបែកបាន មានន័យថា អធិបតេយ្យភាពនៃប្រទេស មិនស្ថិតនៅក្រោមប្រទេសណាផ្សេងទេ។ ខណៈដែលការគ្រប់គ្រង ប្រទេសនេះ ត្រូវបានបែងចែកជារាជធានី (ដែលមានរចនាសម្ព័ន្ធរដ្ឋបាល ដូចនឹងខេត្តដែរ) ខេត្ត ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់5 ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋាភិបាលមូលដ្ឋាន នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលថ្នាក់ជាតិ។ ស្វ័យភាពខាងរដ្ឋបាល និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាលក្រោមជាតិ គឺអាស្រ័យទៅនឹងកម្រិតនៃការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ យល់ព្រមដោយគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។6 ហេតុដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តសិទ្ធិអំណាច ក្នុងនាមរដ្ឋាភិបាលថ្នាក់ជាតិ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment