ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

សេចក្ដីពន្យល់អំពី៖ ច្បាប់ប្រឆាំងភេវរកម្មនៅកម្ពុជា

No comments


ក្នុងរយៈកាល ១០ឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនបានរងគ្រោះដោយសារអំពើភេរវកម្ម ជាក់ស្ដែងកាលពីថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ អាគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូយ៉កត្រូវបានក្រុមភេរវករកម្ទេច ដែលហេតុការនោះ បានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងដល់មនុស្សជាតិ។ ដោយមើលឃើញដូច្នេះទើបក្រសួងយុត្តិធម៌កម្ពុជា បានចាប់ដៃជាមួយក្រសួងអគ្គរដ្ឋអាជ្ញាអូស្ត្រាលី បានបង្កើតឲ្យមានច្បាប់ស្ដីពី«ការប្រឆាំងនឹងភេរវកម្ម»ឡើង ដោយច្បាប់នេះបានប្រើរយៈពេល ៣ឆ្នាំទម្រាំបានកើតជារូបរាងនៅថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០០៧។ 

ដូចដែលបានដឹងហើយថាអំពើភេរវរកម្មខ្លះ មិនកើតនៅតាមអាគារដ្ឋបាលនោះទេ អាចកើតនៅព្រលានយន្តហោះជាដើម តើគេនឹងយកមាត្រាអ្វីមកអនុវត្តចំពោះករណីនេះ?

ត្រង់ចំណុចនេះគេអាចយកមាត្រា១៥ មកបំភ្លឺបាន ប្រសិនបើបុគ្គលដែលស្ថិតក្នុងអាកាសយាន ហើយដណ្ដើមកាន់កាប់យន្តហោះ ដោយប្រើហិង្សា ឬដោយវិធីផ្សេង ទោសដែលត្រូវដាក់គឺចន្លោះពី ១៥ ទៅ៣០ឆ្នាំ។ ហើយប្រសិនបើអំពើហិង្សានោះបណ្ដាលឲ្យមនុស្សស្លាប់ភេវរករ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវីត។ ពាក់ព័ន្ធនឹងចំណុចនេះត្រង់មាត្រា ១៨ ក៏មានចែងផងដែរអំពីការដាក់ឧបករណ៍គ្រោះថ្នាក់ ឬអាចហៅថាជាគ្រាប់បែកនៅលើយន្តហោះ បុគ្គលដែលប្រព្រឹត្តនឹងត្រូវដាក់ពន្ធនាគារពី ៥ទៅ ១៥ឆ្នាំ។

ប្រសិនបើមានការសម្លាប់បុគ្គលអន្តរជាតិក្នុងទឹកដីកម្ពុជា តើអាចចាត់ទុកជាអំពើភេរវកម្មទេ? ហើយការផ្ដន្ទាទោសនឹងត្រូវអនុវត្តយ៉ាងដូចម្ដេច?

បុគ្គលអន្តរជាតិសំដៅលើ៖ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​ រដ្ឋមន្ត្រីការបរទេស ឬអគ្គរាជទូត...ជាដើមនៃប្រទេសណាមួយដែលស្ថិតក្នុងទឹកដីកម្ពុជា ដោយបុគ្គលទាំងនេះត្រូវបានច្បាប់អន្តរជាតិការពារ ដូច្នេះប្រសិនបើត្រូវបានគេសម្លាប់ អ្នកដែលប្រព្រឹត្តនឹងត្រូវដាក់ពន្ធនាគារពី ២០ ទៅ ៣០ឆ្នាំ ឬអស់មួយជីវិតបើអំពើនោះធ្ងន់ធ្ងរ។ ហើយប្រសិនបើអំពើនោះបែរមកជាការចាប់ពង្រត់ ឬបង្ខាំងទុកបុគ្គលអន្តរជាតិវិញ គេចាំបាច់ត្រូវផ្ដន្ទាទោសពី ៥ ទៅ១០ឆ្នាំ ជាធរមាន សូម្បីតែការគំរាមកំហែងក្ដីក៏ត្រូវបានចាត់ទុកជាអំពើប៉ុនប៉ងផងដែរ។

តើការចាប់ចំណាំខ្មាំងត្រូវចាត់បញ្ចូលក្នុងច្បាប់នេះដែរ ឬទេ?

ការចាប់ចំណាំខ្មាំងត្រូវបានធ្វើឡើងដោយអំពើ ឃុំឃាំងបុគ្គលណាម្នាក់ដោយគំរាមសម្លាប់ ឬអំពើណាមួយ ក្នុងគោលបំណងបង្ខំឲ្យស្ថាប័ននីតិបញ្ញត្តិ រដ្ឋាភិបាល និងអំណាចនៃតុលាការកម្ពុជា ធ្វើតាមលក្ខខណ្ឌណាមួយ ជាថ្នូរនឹងការដោះលែងចំណាត់ខ្មាំង ដូច្នេះអំពើនេះត្រូវដាក់ពន្ធនាគារពី ២០ ទៅ ៣០ឆ្នាំ ឬអស់មួយជីវិត។

ចុះចំណែកឯការប្រើប្រាស់សារធាតុនុយក្លេអ៊ែរ តើច្បាប់កម្ពុជាអនុញ្ញាតទេ?

ផ្អែកតាមមាត្រា ៤៥ បានកំណត់ថាបុគ្គលណាដែលផលិត ទិញ លក់ កាន់កាប់ ដោយចេតនានូវអាវុធនុយក្លេអ៊ែរ អាវុធគីមី ឬសារធាតុជីវសាស្ត្រ ត្រូវផ្ដន្ទាទោសពី ២០ ទៅ៣០ ឆ្នាំឬអស់មួយជីវិត។ ដូច្នេះយោងមាត្រានេះកម្ពុជាមិនអាចអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរក្នុងទឹកដីខ្លួនឡើយ។

ក្រៅពីអំពើខាងលើ តើនៅមានអំពើអ្វីផ្សេងទៀតទេ?

ការកេណ្ឌមនុស្សក្នុងគោលបំណងភេវរកម្ម ឬបង្កើតឲ្យមានអង្កការចាត់តាំង ជាដើមក៏គេចាត់ថ្នាក់ថាជាបទល្មើសក្នុងអំពើភេវរកម្មផងដែរ។ 

សរុបជារួមអំពើភេវរកម្មគឺជាសកម្មភាពដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះច្បាប់នេះមានវិសាលភាពគ្រប់ដណ្ដប់ទូទាំងប្រទេស ទាំងលើដីគោក អាកាស និងផ្លូវទឹក៕

No comments :